Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1014
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ ឯកឧត្តមបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានមកជាមួយគ្នា។ សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន។ សម្ដេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចបន្ថែមថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ឱ្យបំពេញបេសកកម្មការងារប្រកបដោយជោគជ័យ៕

អត្ថបទទាក់ទង