Grand News Asia Close

គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1017
គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ គម្រោងសាងសង់របងព្រំដែនរបស់ភាគីថៃ ចន្លោះបង្គោលលេខ 52-59 ត្រូវបានបំភ្លឺ

(បាត់ដំបង)៖ ប្រភពព័ត៌មានច្បាស់ការមួយ បានផ្តល់សេចក្ដីបំភ្លឺជាសាធារណៈ ជុំវិញគម្រោងដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ ដើម្បីសាងសង់របងព្រំដែន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមប្រភពដែលអាចទុកចិត្តបាន ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគី កម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោល ព្រំដែនលេខ 52-59។ ភាគីទាំងពីរបានឯកភាពធ្វើផ្លូវល្បាតព្រំដែននៅក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ចាប់ពីបង្គោលលេខ 52 ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈូសឆាយធ្វើផ្លូវមកដល់ បង្គោលលេខ 54។

ប្រភពដដែលបានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោល ទាំងខ្សែព្រំដែន តាំងពីខែមីនា ឆ្នាំ២០០៨ និងថែមទាំងបានចុះបោះបង្គោលបណ្តោះអាសន្នរួចរាល់ដែលបង្គោលនីមួយៗមានគម្លាតពីគ្នា ៥០ម៉ែត្រ ដើម្បីបង្ហាញពីភាពច្បាស់លាស់ នៃខ្សែព្រំដែនលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ដូច្នេះ ផ្អែកតាមទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភាពបច្ចេកទេស កាលបើភាគីថៃមានផែនការធ្វើរបងនៅតំបន់នេះ ហើយធ្វើនៅក្នុងទឹកដីថៃនោះ មិនមានអ្វីខុសឆ្គងទេ។

ទោះយ៉ាងណា ប៉ុន្តែប្រសិនបើភាគីថៃធ្វើរបង ឬធ្វើសកម្មភាពផ្សេងទៀតនៅកំណាត់ខ្សែព្រំដែនណា ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នា សកម្មភាពទាំងអស់នោះគឺជាការរំលោភលើច្បាប់អន្តរជាតិ រំលោភលើសន្ធិសញ្ញា អនុសញ្ញា ផែនទី MOU និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។

ប្រភពបន្តថា សកម្មភាពរបស់យោធាថៃ ដែលបានធ្វើនាពេលកន្លងមកក៏ដូចជា កំពុងបន្តធ្វើក្រោយមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នៅលើទីតាំងមួយចំនួននៅក្នុង បូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា គឺជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលមានជាធរមាន៕

-Fresh News-

អត្ថបទទាក់ទង