Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាចំណុចខ្ទាស់ ក្នុងកិច្ចចរចាសន្តិភាពអាមេរិក-​អ៉ីរ៉ង់?

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ទស្សនៈ-Opinion 1022
វិភាគអន្តរជាតិ៖ អ្វីទៅជាចំណុចខ្ទាស់ ក្នុងកិច្ចចរចាសន្តិភាពអាមេរិក-​អ៉ីរ៉ង់? វិភាគអន្តរជាតិ៖ អ្វីទៅជាចំណុចខ្ទាស់ ក្នុងកិច្ចចរចាសន្តិភាពអាមេរិក-​អ៉ីរ៉ង់?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងមួយ ចាប់តាំងពីបានព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមេសាកន្លងទៅ ដោយមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កជាវិបត្តិថាមពលសកលនៅឡើយទេ។ ភាពតានតឹងបាន និងកំពុងឡើងកម្ដៅ ខណៈអ៉ីរ៉ង់បន្តរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz រីឯសហរដ្ឋអាមេរិកបដិសេធដកការបិទខ្ទប់លើកប៉ាល់មានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់។ ភាគីទាំងសងខាងថែមទាំងបន្តបាញ់ប្រហារ ដាក់គ្នាទៅវិញទៅមកទៀតផងក្នុងខែឧសភានេះ បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាកិច្ចចរចាដើម្បីបិទបញ្ចប់អរិភាពកំពុងដំណើរការទៅមុខក៏ដោយ។

តែការពិតទៅ វានៅមានចំណុចខ្ទាស់សំខាន់ៗមួយចំនួននៅក្នុងលក្ខខណ្ឌទាមទាររវាងភាគីទាំងសងខាង ស្របពេលទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងសម្លឹងឃើញកិច្ចព្រមព្រៀងរយៈពេលខ្លីមួយ ដែលនឹងត្រួសត្រាយផ្លូវឈានទៅរកការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងទុកឱ្យចំណុចខ្ទាស់ដូចជាអនាគតកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវលើកយកទៅចរចានៅពេលក្រោយ។

ដូច្នេះមកទល់នឹងពេលនេះ តើសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅខ្ទាស់គ្នាលើចំណុចអ្វីខ្លះ?

* ច្រកសមុទ្រ Hormuz
អ៉ីរ៉ង់បានចាប់ផ្ដើមបិទខ្ទប់ច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហាររួមគ្នាដែលធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការបិទខ្ទប់នេះបានធ្វើឱ្យ តម្លៃថាមពលឡើងថ្លៃ ជាហេតុបង្កទៅជាអតិផរណាដែលកំពុងដាក់លើបណ្ដារដ្ឋាភិបាល និងអ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបាន និងកំពុងព្យាយាមដាក់ សម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនមានការយកថ្លៃឆ្លងកាត់អ្វីទាំងអស់ តាមរយៈការអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់។

ការបិទខ្ទប់គ្នាទៅវិញទៅមកនេះហើយ បានបង្កទៅជាស្ថានភាពជាប់គាំង។ អ៉ីរ៉ង់បាននិយាយថានឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ រហូតទាល់តែសហរដ្ឋអាមេរិកលុបចោលការបិទខ្ទប់ របស់ខ្លួន។ តែលោក ត្រាំបាននិយាយម្ដងហើយម្ដងទៀតថាការបិទខ្ទប់របស់សហរដ្ឋអាមេរិកនឹងបន្តចូលជាធរមាន លុះត្រាតែកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា។ តាមក្រុមអ្នកជំនាញ អ៉ីរ៉ង់ទំនងជានឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញដោយងាយៗនោះទេ ប្រសិនបើមិនមានសម្បទានពីសហរដ្ឋអាមេរិកទេនោះ។ អ៉ីរ៉ង់ក៏បានលើកឡើងជាច្រើនដងមកហើយដែរថាខ្លួន មានបំណងរក្សាការគ្រប់គ្រងលើច្រកសមុទ្រដ៏សំខាន់មួយនេះក្នុងរយៈពេលវែង។ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសបារាំង លោក Mohammad Amin-Nejad បានកត់សម្គាល់ថាអ៉ីរ៉ង់កំពុងចរចា ជាមួយអូម៉ង់ថាតើត្រូវបង្កើតប្រព័ន្ធយកថ្លៃឆ្លងកាត់ជាអចិន្ត្រៃយ៍ដោយបៀបណា?

* កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់
សហរដ្ឋអាមេរិកចង់ឱ្យអ៉ីរ៉ង់បោះចោលសមត្ថភាពនុយក្លេអ៊ែរ លើកលែងតែសម្រាប់រោងចក្រថាមពល នៅក្នុងទីក្រុង Bushehr តែប៉ុណ្ណោះដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់ បានប្រកែករាប់ឆ្នាំមកហើយថាខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយទទូចថាខ្លួនមានសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់គោលដៅស៊ីវិល។ តែបណ្ដារដ្ឋាភិបាលលោកខាងលិចមួយចំនួន ជាពិសេស រដ្ឋបាលលោក ត្រាំ មិនជឿទុកចិត្តលើអ៉ីរ៉ង់ឡើយ។ បើតាមសេចក្ដីរាយការណ៍របស់កាសែតអាមេរិក Wall Street Journal រដ្ឋាបាលលោក ត្រាំ ចង់ឱ្យអ៉ីរ៉ង់បញ្ឈប់សកម្មភាពចម្រាញ់ អ៊ុយរ៉ាញ៉ូមរយៈពេល ២០ឆ្នាំ តែអ៉ីរ៉ង់ចង់បានតិចជាងនេះ។ ក្រៅពីនេះ ស្ដុកអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ងដែលត្រូវបានចម្រាញ់រួចក៏ជាបញ្ហាខ្ទាស់ដ៏ស្មុគស្មាញផងដែរ។ ពេលវេលាចុងក្រោយបំផុតដែល ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មានសមត្ថភាពផ្ទៀងផ្ទាត់ស្ដុកអ៊ុយរ៉ាញ៉ូមអ៉ីរ៉ង់ គឺនៅពេលមុនពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥។ ក្រុមមន្ត្រីអធិការកិច្ច IAEA បានវាយតម្លៃថាអ៉ីរ៉ង់មានស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួមកម្រិត ៦០ភាគរយចំនួន ៤៤១គីឡូក្រាម ហើយប្រសិនបើបន្តចម្រាញ់ឱ្យដល់កម្រិត ៩០ភាគរយ នោះអ៉ីរ៉ង់អាចនឹង មានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់។

លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់ត្រូវតែបោះបង់ចោលអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ដោយត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ឬប្រទេសទី៣ណាមួយដែលអាមេរិកអាចទទួលយកបាន។ កន្លងមក អ៉ីរ៉ង់ធ្លាប់បាន ផ្ទេរអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតទាប ទៅកាន់រុស្ស៉ី ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ ប៉ុន្តែឥលូវ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានចេញសេចក្ដីណែនាំមួយថាអ៊ុយរ៉ាញ៉ូមចម្រាញ់រួចជិតដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ មិនគួរត្រូវបានបញ្ជូនទៅបរទេសនោះទេ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu វិញ បាននិយាយថាសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់មិនទាន់បិទបញ្ចប់នៅឡើយទេ លុះត្រាតែអាចលុបបំបាត់ចោលការគំរាមកំហែង នុយក្លេអ៊ែរពីអ៉ីរ៉ង់ ហើយកិច្ចព្រមព្រៀងណាមួយដែលមិនបំពេញនូវលក្ខខណ្ឌចាំបាច់នេះទេ អាចនឹងជំរុញឱ្យអ៉ីស្រាអែលធ្វើប្រតិបត្តិការយោធាឡើងវិញ។

* ជម្លោះនៅលីបង់
អ៉ីរ៉ង់បានទទូចថាកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាម ក៏ត្រូវតែបញ្ឈប់សង្រ្គាមនៅលីបង់ផងដែរ ជាទីដែលអ៉ីស្រាអែលកំពុងវាយប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ សហរដ្ឋអាមេរិក បាន និងកំពុងដឹកនាំកិច្ចចរចាដាច់ដោយឡែកពីគ្នា សំដៅព្យាយាមបន្ធូរបន្ថយជម្លោះនៅលីបង់ ជាមួយការជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ដ៏ផុយស្រួយមួយរវាងអ៉ីស្រាអែល និងហេសបូឡា ដែលបានចូលជាធរមានកាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ រដ្ឋាភិបាលលីបង់ និងអ៉ីស្រាអែលបានជួបចរចាគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងខែឧសភានេះ និងមានគម្រោងជួបចរចាគ្នាបន្តទៀត នៅខែមិថុនាខាងមុខ។ ក្រុមហេសបូឡាមិនមែនជាភាគីក្នុងកិច្ចចរចានេះទេ។ កិច្ចចរចាមិនទាន់អាចសម្រេចបានលទ្ធផលជាដុំកំភួនអ្វីទេ ហើយអ៉ីស្រាអែល និងហេសបូឡានៅតែបន្តវាយប្រយុទ្ធគ្នា ស្ទើររាល់ថ្ងៃ។ លោក Netanyahu ក្នុងខែឧសភានេះបានប្រកាសថាអ៉ីស្រាអែលនឹងបង្កើនការវាយប្រហាររបស់ខ្លួនលើក្រុមហេសបូឡា។ ការទាមទារដ៏សំខាន់មួយរបស់អ៉ីស្រាអែល គឺចង់ឱ្យ ហេសបូឡារំសាយអាវុធ តែចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះបានទាត់ចោលការរំសាយអាវុធ។ រដ្ឋាភិបាលលីបង់កន្លងមកក៏ធ្លាប់បានបរាជ័យដែរក្នុងការជំរុញការរំសាយអាវុធហេសបូឡា។

* ទណ្ឌកម្ម មីស៊ីលបាលិស្ទីគ និងចលនាប្រដាប់អាវុធ (Proxy)
លក្ខខណ្ឌផ្សេងទៀតរបស់អ៉ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ក្នុងនោះរួមមានការដកទណ្ឌកម្មសេដ្ឋកិច្ច និងការបញ្ចេញទ្រព្យសម្បត្តិអ៉ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក។ អ៉ីរ៉ង់ក៏បានទាមទារដែរ នូវសំណងជួសជុលការខូចខាតដោយសារសង្រ្គាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ព្រមទាំងការដកកងទ័ពអាមេរិកចេញពីតំបន់ក្បែរអ៉ីរ៉ង់។ ចំណែក សហរដ្ឋអាមេរិកវិញ បានទាមទារឱ្យអ៉ីរ៉ង់រឹតត្បិតលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់ខ្លួន រួមទាំងបញ្ឈប់ការបំពាក់អាវុធ និងផ្ដល់ហិរញ្ញវត្ថុទៅឱ្យចលនាប្រដាប់អាវុធក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ហេសបូឡានៅលីបង់ និងហ៊ូទីនៅយេម៉ែនដែលចលនាប្រដាប់អាវុធទាំង២នេះត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវករ។ អ៉ីរ៉ង់មើលឃើញថាបណ្ដាញប្រដាប់អាវុធរបស់ខ្លួនជាសម្ព័ន្ធភាពមួយដែលគេហៅថា axis of resistance ដែលជាឈ្នាន់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ អ៉ីរ៉ង់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិគ្មានការងារធ្វើមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈលោក ត្រាំកំពុងស្ថិតនៅក្រោមសម្ពាធនយោបាយ និងបញ្ហាសេដ្ឋកិច្ច នៅក្នុងស្រុក ដើម្បីរកផ្លូវប្រញាប់បិទបញ្ចប់សង្រ្គាម ឱ្យបានមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦។ ការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់បានធ្វើឱ្យតម្លៃថាមពលតួយ៉ាងដូចជាប្រេងឡើងថ្លៃ ជាហេតុបង្កឱ្យមានអតិផរណាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិក ដែលបានធ្វើឱ្យអត្រាគាំទ្ររបស់លោក ត្រាំធ្លាក់ចុះ។ ម្លោះហើយក្រុមអ្នកជំនាញខ្លះយល់ថាលោក ត្រាំ អាចនឹងមានឆន្ទៈ ធ្វើការសម្រុះសម្រួល ឬបន្ធូរបន្ថយការទាមទារអតិបរមាមួយចំនួនរបស់លោក ហើយយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយដែលទុកឱ្យចំណុចខ្ទាស់សំខាន់មួយចំនួន ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទទាក់ទង