Grand News Asia Close

វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន ទាញមេរៀនអ្វីពីសង្រ្គាមអ៉ីរ៉ង់?

ដោយ៖ Morm Sokun ​​ | 21 ម៉ោងមុន ទស្សនៈ-Opinion 1024
វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន ទាញមេរៀនអ្វីពីសង្រ្គាមអ៉ីរ៉ង់? វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន ទាញមេរៀនអ្វីពីសង្រ្គាមអ៉ីរ៉ង់?

បង្កើតរូបភាពសម្រាប់អត្ថបទព័ត៌មានវិភាគអន្តរជាតិ (រូបភាពត្រូវតែគ្មានអក្សរ) ដូចខាងក្រោម:
(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន នឹងរៀនសូត្រពីមេរៀនមួយនៃសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ នោះគឺអាវុធនុយក្លេអ៊ែរជាអ្នកធានាដ៏សំខាន់បំផុត មិនអាចខ្វះបាននៃការរស់រានមានជីវិតនៃរបបដឹកនាំរបស់លោក។ ទីក្រុងព្យុងយ៉ាងបានថ្កោលទោសការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ថាជាសកម្មភាពឈ្លានពានខុសច្បាប់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីភាពត្រឹមត្រូវនៃសង្រ្គាមដោយនិយាយថាទីក្រុងតេហេរ៉ង់ខិតកាន់តែជិតទៅរកការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ ជាការអះអាងមួយដែលអ៉ីរ៉ង់បានច្រានចោល។

មកទល់នឹងពេលនេះ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានលក្ខណៈទំនើបឆ្ងាយជាងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ កូរ៉េខាងជើងបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនលើក និងត្រូវបានគេជឿថាកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់។ វិបត្តិនៅអ៉ីរ៉ង់ទំនងជានឹងពង្រឹងទស្សនៈមួយដែលថាសហរដ្ឋអាមេរិកនឹងវាយប្រហារលើប្រទេសណាដែលខ្លួនចាត់ទុក ជាសត្រូវ និងផ្ដាច់ការដែលមិនមានអាវុធនុយក្លេអ៊ែរជាខែលការពារខ្លួន។ ត្រង់ចំណុចនេះ ច្បាស់ណាស់ លោក គីម ជុងអ៊ុននឹងចងចាំមិនភ្លេចទេពីជោគវាសនារបស់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein និងអតីតមេដឹកនាំលីប៊ី Muammar Qaddafi។ ក្នុងបទអត្ថាធិប្បាយជាច្រើន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានអះអាងថាការកំញើញដោយនុយក្លេអ៊ែរ ជាមធ្យោបាយដ៏សំខាន់បំផុតដើម្បីបញ្ចៀសកុំឱ្យមានវាសនាដូចអតីតមេដឹកនាំទាំង២។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានព្យាយាមលួងលោមបញ្ចុះបញ្ចូលផង និងប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច រួមទាំងសម្ពាធអន្តរជាតិផងដើម្បីឱ្យលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ។ តែវិធីសាស្រ្តទាំងអស់នេះបានទទួលបរាជ័យ។ លោក គីម ជុងអ៊ុន តែងតែបដិសេធជារឿយៗកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ហើយជ្រើសរើសយកការបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្ន មេដឹកនាំកូរ៉េខាងជើងអាចនឹងយកសង្រ្គាមដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាធ្វើជាទឡ្ហីករណ៍ថាការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ និងការពង្រឹងសមត្ថភាពយោធាជាជម្រើសដ៏ត្រឹមត្រូវបំផុត។ បើតាមក្រុមអ្នកជំនាញ ប្រហែលជាលែងមានអ្វីអាចបញ្ចុះបញ្ចូលឱ្យលោក គីម បញ្ឈប់ការអភិវឌ្ឍឃ្លាំងអាវុធរបស់លោក បាននោះទេ។ ម្លោះហើយ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគួរតែបញ្ចុះបញ្ចូលឱ្យលោក គីម ជឿថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាចនឹងនាំមកនូវផលវិបាកដ៏មហន្តរាយចំពោះ របបដឹកនាំរបស់លោក។

លោក Ankit Panda ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace បាននិយាយថាសព្វថ្ងៃ ការសម្រេចចិត្តគឺអាស្រ័យលើសេអ៊ូល និងវ៉ាស៊ីនតោន។ ពោលគឺប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមិនមានយុទ្ធសាស្ត្រអ្វីថ្មីទេ នោះកូរ៉េខាងជើងនឹងនៅតែបន្តមហិច្ឆតារបស់ខ្លួនក្នុងការធ្វើទំនើបកម្មកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក គីម ជុងអ៊ុនបានស្ថិតនៅក្នុងជំហរមួយយ៉ាងរឹងមាំ។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរុស្ស៉ី និងចិន កូរ៉េខាងជើងអាចប្រឈមមុខ នឹងសម្ពាធនៃទណ្ឌកម្ម ហើយមិនសូវមានឆន្ទៈធ្វើសម្បទានសម្រាប់ការសម្រុះសម្រួលឡើយ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងជើង និងរុស្ស៉ីបានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងយោធាជាមួយការចុះ សន្ធិញ្ញាការពារគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត បើទោះជាមិនសូវចេញមុខចេញមាត់ ចិននៅតែជាអ្នកផ្ដល់ដង្ហើមសេដ្ឋកិច្ច និងការទូតដ៏សំខាន់របស់កូរ៉េខាងជើង។ សម្ព័ន្ធត្រីភាគីនេះបានបង្ហាញ កាន់តែច្បាស់ អំឡុងព្យុហយាត្រាយោធាមួយក្នុងទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលមេដឹកនាំនៃប្រទេសទាំង៣ កៀកដៃគ្នាដើរនៅឯទីលាន Tiananmen។

ឃ្លាំងអាវុធនុយក្លេអ៊ែរមិនត្រឹមតែមិនអាចក្លាយជាប្រធានបទនៃកិច្ចចរចាប៉ុណ្ណោះទេ តែវាក៏ជាគោលនយោបាយធានារ៉ាប់រងមួយដែលការពាររបបដឹកនាំរបស់លោក គីម ជុងអ៊ុនផងដែរ។ ជាក់ស្ដែង នៅពេលបង្ហាញមុខកូនស្រីឈ្មោះ Kim Ju Ae ដែលកូរ៉េខាងត្បូងជឿថាអាចនឹងក្លាយជាអ្នកស្នងតំណែងពីឪពុកជាសាធារណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក គីម បានរើសយកពេលវេលា បង្ហាញមុខកូនស្រីអំឡុងការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM Hwasong-17 ដោយលោក និងកូនស្រីដើរនៅពីមុខមីស៊ីលដែលត្រៀមនឹងបាញ់សាកល្បង។ នេះជានិមិត្តរូប និងជាសារមួយ ដែលលោក គីមចង់បង្ហាញថាអ្នកជំនាន់ក្រោយរបស់កូរ៉េខាងជើងនឹងស្នងមរតកអាវុធនុយក្លេអ៊ែរ ដើម្បីធានាការពារអាយុជីវិតយូរអង្វែងនៃរបបដឹកនាំរបស់លោក។ តាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥០គ្រាប់ និងមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ៤០គ្រាប់បន្ថែម។ កូរ៉េខាងជើងក៏កំពុងបន្តអភិវឌ្ឍ និងធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិកផងដែរ។

ផ្អែកស្ថានការណ៍ពិភពលោកសព្វថ្ងៃ ការទូតនៅតែជាជម្រើសអាចធ្វើទៅកើត ប៉ុន្តែប្រហែលជាត្រូវធ្វើតាមលក្ខខណ្ឌរបស់លោក គីម តែប៉ុណ្ណោះ។ លោក គីម ជុងអ៊ុនធ្លាប់បានបង្ហើបពីលក្ខខណ្ឌដែល លោកមានបំណងទទួលយកសម្រាប់កិច្ចចរចា។ នៅឯមហាសន្និបាតគណបក្សពលករកាលពីខែកុម្ភៈកន្លងទៅ លោកបានប្ដេជ្ញាថានឹងកសាងសមត្ថភាពយោធាឱ្យកាន់តែខ្លាំងលើសដើម។ ប៉ុន្តែលោកក៏បានបន្ថែមដែរថាប្រសិនបើសហរដ្ឋអាមេរិកលុបចោលគោលនយោបាយអរិភាពរបស់ខ្លួន នោះវានឹងមិនមានហេតុផលអ្វីដែលយើងមិនស្វែងរកទំនាក់ទំនងល្អប្រសើរនឹងគ្នានោះទេ។ ក្រុមអ្នកជំនាញយល់ បច្ចុប្បន្នគឺជាពេលដែលគេត្រូវទទួលស្គាល់ការពិតថាកូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគួរតែផ្លាស់ប្ដូរ ឆ្ពោះទៅរកគោលនយោបាយមួយនៃការរួមរស់ជាមួយគ្នាប្រកបដោយស្ថិរភាព និងផ្ដោតលើការកំញើញទប់ស្កាត់ ជាជាងការរំសាយអាវុធនុយក្លេអ៊ែរ ខណៈជំរុញលើកទឹកចិត្តទំនាក់ទំនងការទូត ជាប្រក្រតីតាមរយៈការទំនាក់ទំនងគ្នាជាប្រចាំ។

ដូច្នេះមេរៀនដែលលោក គីម ជុងអ៊ុនទាញយកចេញពីសង្រ្គាមអ៉ីរ៉ង់ នោះគឺប្រទេសផ្ដាច់ការមួយដែលមិនមានអាវុធនុយក្លេអ៊ែរគឺងាយនឹងត្រូវគេវាយប្រហារ រីឯប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ប្រៀបដូចជាមានយ័ន្តស័ក្តិសិទ្ធការពារខ្លួន។ គោលជំនឿបែបនេះនឹងកាន់តែពង្រឹងការសង្ស័យច្រើនខ្លាចរងការវាយប្រហារ និងការប្ដេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ៕

-Fresh News-

អត្ថបទទាក់ទង