Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិនចេញមុខជួយអ៉ីរ៉ង់?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1019
វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិនចេញមុខជួយអ៉ីរ៉ង់? វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិនចេញមុខជួយអ៉ីរ៉ង់?

(ហុងកុង)៖ ខណៈសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងព្រួតដៃគ្នាវាយប្រហារលើអ៉ីរ៉ង់ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិននៅក្នុងតំបន់មជ្ឈិមបូព៌ា សម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ និងអំពាវនាវឱ្យប្រជាជនអ៉ីរ៉ង់ ងើបឡើងបះបោរផ្ដួលរំលំរដ្ឋាភិបាលតេហេរ៉ង់ ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មត្រឹមតែតាមរយៈសេចក្ដីថ្លែងការណ៍ថ្កោលទោសប៉ុណ្ណោះ។ សង្រ្គាមនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងបង្កហានិភ័យ ជាច្រើនដល់ចិន ក្នុងនោះរួមមានទាំងអាចបង្កការរាំងស្ទះដល់ប្រេងដែលចិនត្រូវនាំចូលដឹកឆ្លងកាត់តាមច្រកសមុទ្រ ​Hormuz និងលាតត្រដាងពីដែនកំណត់នៃការគាំទ្ររបស់ចិនចំពោះប្រទេសជាដៃគូដែល ប៉េកាំងចង់បានឱ្យមកឈរនៅខាងខ្លួនដើម្បីប្រជែងនឹងការគ្រប់គ្រងពិភពលោករបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា បាននិយាយថាវាជារឿងមិនអាចទទួលយកបានឡើយដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់ខណៈកំពុងធ្វើកិច្ចចរចា ហើយវាកាន់តែមិនអាចទទួលយកបានចំពោះការធ្វើឃាតមេដឹកនាំម្នាក់នៃរដ្ឋអធិបតេយ្យមួយ ព្រមទាំងញុះញង់ឱ្យមានការផ្លាស់ប្ដូររបបដឹកនាំ។ «ចិនគាំទ្រភាគីអ៉ីរ៉ង់នៅក្នុងការការពារអធិបតេយ្យរបស់ខ្លួន សន្តិសុខ បូរណភាពទឹកដី និងសេចក្ដីថ្លៃថ្នូររបស់ជាតិ»។ នេះជាការលើកឡើងរបស់លោក Wang Yi ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃចន្ទ ទី២ ខែមីនា។ មកទល់នឹងពេលនេះអ្វីដែលចិនអាចផ្ដល់ឱ្យអ៉ីរ៉ង់ នោះគឺការគាំទ្រតាមរយៈពាក្យសម្ដី។ ក្រុមអ្នកវិភាគបាននិយាយថាចិនទំនងជានឹងប្រកាន់គោលជំហរក្នុងនាមជាអ្នកការពារសណ្ដាប់ធ្នាប់អន្តរជាតិ និងចៀសវាង ការប្រឡូកប្រឡាក់នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ខណៈត្រៀមខ្លួនធ្វើការជាមួយមេដឹកនាំថ្មីរបស់អ៉ីរ៉ង់ នៅក្រោយសង្រ្គាមបញ្ចប់។ លំនាំបែបនេះគឺស្រដៀងគ្នាទៅនឹងការគាំទ្រមានដែនកំណត់របស់ប៉េកាំងចំពោះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាដែលជាសម្ព័ន្ធមិតជិតស្និទ្ធមួយដែររបស់ចិន នៅពេលយោធាអាមេរិកចូលទៅចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ដល់លើគ្រែកាលពីខែមករាកន្លងទៅ។

ម្យ៉ាងវិញទៀត នេះក៏អាចនឹងក្លាយជាការព្យាករមួយលើគោលជំហររបស់ចិនផងដែរ ក្នុងករណីដែលសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងយោធាប្រឆាំងគុយបាដែលទីក្រុងប៉េកាំងចាត់ទុកថាជាមិត្តដែកថែប។ ខណៈសហរដ្ឋអាមេរិកបន្តកម្ចាត់ដៃគូភូមិសាស្ត្រនយោបាយរបស់ចិនម្ដងមួយៗ កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងការកសាងក្រុមចម្រុះមួយនៃក្រុមប្រទេសមានចិត្តគំនិតដូចគ្នា នឹងកាន់តែជួបការលំបាក។ លោក ស៊ី ជីនពីងបានលើកកម្ពស់យុទ្ធនាការដ៏មានមហិច្ឆតាជាច្រើនដូចជាគំនិតផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលដែលសុទ្ធសឹងតែគូសបញ្ជាក់ពីចក្ចុវិស័យនៃ ការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយជំនួសឱ្យសណ្ដាប់ធ្នាប់គ្រប់គ្រងដោយលោកខាងលិច។ ចិន និងរុស្ស៉ីបានជួយជ្រោមជ្រែងឱ្យអ៉ីរ៉ង់ក្លាយជាសមាជិកប្លុកប្រទេសពហុភាគីចំនួន២ ដូចជាក្រុមប្រទេស BRICS​ ដែលផ្ដោតលើសេដ្ឋកិច្ចកាលពីឆ្នាំ២០២៤ និងអង្គការកិច្ចសហប្រតិបត្តិកសៀងហៃដែលផ្ដោតលើសន្តិសុខកាលពីឆ្នាំ២០២៣។ ប៉ុន្តែសមាជិកភាពក្នុងប្លុកទាំង២នេះនៅចុងបញ្ចប់មិនអាចជួយការពារសន្តិសុខរបស់ អ៉ីរ៉ង់បានឡើយ។

តែទោះជាបែបនេះក្ដី សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់បានផ្ដល់អត្ថាប្រយោជន៍ខ្លះៗឱ្យចិនដែរ។ ជាក់ស្ដែងសហរដ្ឋអាមេរិកកំពុងប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំង ខណៈស្ដុកអាវុធកំពុងថយចុះ ជាពិសេសអាចមានទាំងប្រភេទអាវុធដែលអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងជម្លោះណាមួយជាមួយចិនជុំវិញកោះតៃវ៉ាន់។ សហរដ្ឋអាមេរិកក៏បាន និងកំពុងផ្ដល់ឱកាសឱ្យចិន បានឃើញពីអាវុធថ្មីៗបំផុត និងយុទ្ធសាស្ត្ររបស់យោធាអាមេរិកផងដែរ។ កាន់តែសំខាន់ជាងនេះ សហរដ្ឋអាមេរិកបានបង្វែរធនធានយោធាចេញពីតំបន់អាស៊ី ជាការផ្លាស់ប្ដូរមួយអាចនឹងមានរយៈពេលយូរ ប្រសិនបើសង្រ្គាមអ៉ីរ៉ង់មិនបញ្ចប់ភ្លាមៗ។ មិនតែប៉ុណ្ណោះការវាយប្រហារលើអ៉ីរ៉ង់បានផ្ដល់ឱកាសឱ្យចិនបង្ហាញថាសហរដ្ឋអាមេរិកជាមេដឹកនាំនូវអ្វីដែលរដ្ឋមន្ត្រីការបរទេសចិនហៅថា «ជាការវិលត្រឡប់ ទៅរកច្បាប់ព្រៃ»។ «នៅក្រោមទស្សនៈរបស់ចិន នេះជាឧទាហរណ៍បង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រភពបង្កអស្ថិរភាព រីឯយើងវិញជាប្រភពនៃស្ថិរភាព»។ នេះជាការគូសបញ្ជាក់របសលោក Andrea Ghiselli ជាសាស្ត្រាចារ្យនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យ University of Exeter។

តាមក្រុមអ្នកជំនាញ ចិនមិនចេញមុខជួយអ៉ីរ៉ង់គឺមានមូលហេតុជាច្រើន។ ក្នុងនោះការវាយប្រហាររបស់អ៉ីរ៉ង់លើបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិក វាជារឿងឈឺក្បាលមួយសម្រាប់ចិន។ កាលពីឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីតបានលក់ប្រេងឆៅឱ្យចិនច្រើនជាងអ៉ីរ៉ងទៅទៀត ហើយការវិនិយោគរបស់ចិនទៀតសោតនៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏លើសពីការវិនិយោគរបស់ចិននៅអ៉ីរ៉ង់ដែរ។ ដូច្នេះប្រសិនបើចិនចេញមុខ ឬចូលជួយអ៉ីរ៉ង់វាយប្រហារលើប្រទេសអារ៉ាប់ នោះចិនអាចនឹងខាតប្រយោជន៍ធំ ព្រោះវាអាចធ្វើឱ្យខូចទំនាក់ទំនងជាមួយក្រុមប្រទេសអារ៉ាប់។ នៅត្រង់ចំណុចនេះ លោក Wang Yi បានសម្រាលការព្រួយបារម្ភនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr bin Hamad al-Busaidi កាលពីថ្ងៃទី២ ខែមីនា ដោយសង្កត់ធ្ងន់ថា «ការរីករាលដាលនៃសង្រ្គាម មិនបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងដល់បណ្ដាប្រទេសអារ៉ាប់នោះទេ»។

បើតាមលោក Tuvia Gering ជាអ្នកស្រាវជ្រាវម្នាក់ពីចិនមកពីវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិក្នុងប្រទេសអ៉ីស្រាអែល តាមពិតទៅសង្រ្គាមបានបង្កផលវិបាកដល់ផលប្រយោជន៍ស្នូលរបស់ចិនរួចទៅហើយ នោះគឺប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល។ អ្នកជំនាញរូបនេះមិនគិតនោះទេថាក្នុងពេលបច្ចុប្បន្ន ចិនអាច ឬមានឆន្ទៈចង់ធ្វើសកម្មភាពជាក់ស្ដែង ប៉ុន្តែចិននឹងតាមឃ្លាំមើកថាតើសង្រ្គាមនឹងនាំអ៉ីរ៉ង់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលទៅកាន់ទិសដៅណា? ចិន និងអ៉ីរ៉ង់ រួមជាមួយរុស្ស៉ី និងកូរ៉េខាងជើងត្រូវបានក្រុមមន្ត្រីលោកខាងលិចមួយចំនួនចាត់ទុកថាជាបក្សសម្ព័ន្ធមួយដែលមានគោលដៅប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្ត។ មានឧទាហរណ៍មួយចំនួននៃកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមពួកគេ ដូចជាការគាំទ្ររបស់ចិន និងកូរ៉េខាងជើងចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ប៉ុន្តែការគាំទ្រជាសមូហភាពរបស់ពួកគេចំពោះ អ៉ីរ៉ង់វិញគឺមានដែនកំណត់។ រុស្ស៉ី និងអ៉ីរ៉ង់បានធ្វើកិច្ចសហប្រតិបត្តិនឹងគ្នាលើការផលិតអាវុធ តួយ៉ាងដូចជាដ្រូនប្រយុទ្ធ Shahed ដែលរុស្ស៉ីបានចម្លងតាម និងបានប្រើក្នុងការវាយប្រហារលើបណ្ដាទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។

ចិនបានផ្ដល់សមាសធាតុអេឡិចត្រូនិក និងវត្ថុធាតុដើមដែលត្រូវបានប្រើប្រាស់ក្នុងអាវុធរបស់រុស្ស៉ី និងអ៉ីរ៉ង់។ កាលពីឆ្នាំ២០២១ ចិន និងអ៉ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលក្នុងនោះចិនប្ដេជ្ញាចិត្ត បោះទុនវិនិយោគ ៤០០ពាន់លានដុល្លារនៅក្នុងប្រទេសអ៉ីរ៉ង់សម្រាប់រយៈពេល២៥ឆ្នាំ។ ប៉ុន្តែភាពរីកចម្រើនមានការយឺតយ៉ាងដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ចិន និងអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានប្រើប្រព័ន្ធដ៏ស្មុគស្មាញមួយដើម្បីទិញលក់ប្រេងរវាងប្រទេសទាំង២ សំដៅគេចពីទណ្ឌកម្មអាមេរិក។ ទំនាក់ទំនងរវាងប៉េកាំង និងអ៉ីរ៉ង់មិនមានតុល្យភាពទេ ដោយតេហេរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើចិន។ ចិនបានទិញជិត ៩០ភាគរយនៃប្រេងដែលអ៉ីរ៉ង់នាំចេញ តែបរិមាណនេះស្មើត្រឹម១២ភាគរយប៉ុណ្ណោះនៃប្រេងសរុបដែលចិននាំចូល។

ការគំរាមរបស់អ៉ីរ៉ង់លើការបិទច្រកសមុទ្រ Hormuz ជាច្រកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ពីតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើង។ ចិនបានចាត់វិធាការជាច្រើនដើម្បីការពារខ្លួនឯងពីផលប៉ះពាល់ បង្កឡើងដោយប្រេងឡើងថ្លៃជាមួយការបង្កើតយុទ្ធសាស្ត្រស្ដុកប្រេងបម្រុងថ្នាក់ជាតិ លើកកម្ពស់ការប្រើប្រាស់រថយន្ដអគ្គីសនី និងបច្ចេកវិទ្យាដទៃ៕

-Fresh News-

អត្ថបទទាក់ទង