ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ
ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ
(វ៉ាស៊ីនតោន)៖ រយៈពេល៣ថ្ងៃមកនេះ សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់បានក្លាយជាទៅជាសង្រ្គាមមួយដែលគូភាគីម្ខាងៗបានព្យាយាមវាយបំបាក់កម្លាំង និងធនធាន គ្នាទៅវិញទៅមកបន្តិចម្ដងៗ។ ការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៉ីរ៉ង់ បាន និងកំពុងដាក់សម្ពាធលើប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក និងប្រទេសជាដៃគូ រាប់ពីបារ៉ែន រហូតដល់អេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យស្ដុកអាវុធថយចុះ។ លទ្ធផលនៃការប្រយុទ្ធគ្នាគឺអាស្រ័យលើថាតើភាគីណាមួយអស់គ្រាប់មុន។
ដ្រូនប្រយុទ្ធអ៉ីរ៉ង់ Shahed-136 បានបន្តវាយប្រហារលើគោលដៅនៅទូទាំងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ និងចូលដល់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្មានថ្ងៃមកនេះ អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ហេដ្ឋារចនាសម្ព័ន្ធប្រេង និងអគារស៊ីវិល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនដោយសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីកំពូលៗរបស់អ៉ីរ៉ងជាច្រើននាក់។ តាមអេមីរ៉ាតអារ៉ាប់រួម ប្រព័ន្ធការពារដែនអាកាសផលិតដោយ សហរដ្ឋអាមេរិក Patriot បានបាញ់ស្ទាក់កម្ទេចដ្រូន Shaheds និងមីស៊ីលរបស់អ៉ីរ៉ង់មួយផ្នែកធំបានដោយជោគជ័យ ពោលគឺអត្រាស្ទាក់ចាប់ជោគជ័យមានដល់ទៅ៩០ភាគរយ។ ប៉ុន្តែ ការប្រើ គ្រាប់មីស៊ីលមួយគ្រាប់មានតម្លៃ ៤លានដុល្លារ ទៅបាញ់កម្ទេចដ្រូនមួយគ្រឿងមានតម្លៃ ២០ ០០០ដុល្លារ វាជាបញ្ហាមួយដែលបានបង្កភាពស្មុគស្មាញដល់អ្នករៀបចំផែនការយោធា នៃក្រុមប្រទេសលោកខាងលិចចាប់តាំងពីដើមទីនៃសង្រ្គាមអ៊ុយក្រែនមកម្ល៉េះ នោះគឺ «អាវុធមានតម្លៃថោកអាចបំផ្លាញធនធានដែលត្រៀមទុកសម្រាប់ទប់ទល់នឹងការគំរាមកំហែងធំៗ ដូចជាមីស៊ីលជាដើម»។
ក្នុងន័យនេះប្រសិនបើសង្រ្គាមនៅតែបន្តដូចសព្វថ្ងៃ អ៉ីរ៉ង់ ឬសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការខ្វះខាតគ្រាប់ក្នុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ។ ថាតើនរណាអាចទ្រំាបានយូរជាង នឹងក្លាយជា អ្នកមានប្រៀបយ៉ាងពិតប្រាកដ។ ក្រុម Proxy ឬចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ត្រូវបានអ៉ីស្រាអែលសំពងយ៉ាងចាស់ដៃក្នុងសង្រ្គាមហ្កាហ្សា ហើយសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ក៏រងការខូចខាត ដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលក្នុងសង្រ្គាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ដែរ។ ចាប់តាំងពីនោះមក អ៉ីរ៉ង់បានចាប់ផ្ដើមព្រមានជារឿយៗពីផលវិបាក និងការខាតបង់ នៃការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ពីព្រោះអ៉ីរ៉ង់ដឹងថាប្រទេសអារ៉ាប់ដែលគាំទ្រលោក ត្រាំមិនចង់ជាប់ផុងក្នុងសង្រ្គាមនោះទេ។ ជាក់ស្ដែង មុននឹងស្លាប់ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ធ្លាប់បានព្រមានថាការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់នឹងបង្កទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។
លោកស្រី Kelly Grieco ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Stimson Center បាននិយាយថា «យុទ្ធសាស្ត្របំបាក់កម្លាំងសត្រូវឱ្យចុះខ្សោយបន្តិចម្ដងៗជាមធ្យោបាយល្អមួយក្នុងការគិតរបស់អ៉ីរ៉ង់។ ដ្បិតពួកគេបានគណនាថាកាលណាប្រព័ន្ធការពារដែនអាកាសអាចនឹងអស់ ឬថយចុះគ្រាប់មីស៊ីល វានឹងធ្វើឱ្យឆន្ទៈនយោបាយរបស់បណ្ដាប្រទេសអារ៉ាប់ចុះខ្សោយ ហើយជំរុញឱ្យពួកគេដាក់សម្ពាធលើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការ មុននឹងអ៉ីរ៉ង់ខ្លួនឯងអស់គ្រាប់មីស៊ីល ឬដ្រូន»។ ការវិភាគផ្ទៃក្នុងមួយដែលសារព័ត៌មាន Bloomberg បានឃើញ បានឱ្យដឹងថាស្ដុកគ្រាប់មីស៊ីល នៃប្រព័ន្ធការពារដែនអាកាស Patriot របស់កាតាអាចទ្រាំបានរយៈពេល៤ថ្ងៃ ប្រសិនបើជាប្រើប្រាស់ក្នុងកម្រិតដូចបច្ចុប្បន្ន។ កាតាត្រូវបានរាយការណ៍ដែរថាបានជំរុញជាលក្ខណៈឯកជនឱ្យបិទបញ្ចប់ សង្រ្គាម។
បន្ទាប់ពីធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលកាលពីឆ្នាំមុន អ៉ីរ៉ង់ត្រូវបានវាយតម្លៃថានៅមានមីស៊ីលបាលិស្ទីគ ២០០០គ្រាប់។ តែបើតាមការវិភាគដោយលោកស្រី Becca Wasser ជាអ្នកជំនាញខាងកិច្ចការ យោធានៃសារព័ត៌មាន Bloomberg Economics អ៉ីរ៉ង់មានស្ដុកដ្រូន Shahed ក្នុងចំនួនដ៏ច្រើន ខណៈរុស្ស៉ីដែលជាអ្នកផលិតដ៏សំខាន់មួយដែរនោះមានសមត្ថភាពផលិតដ្រូន Shahed ក្នុងអត្រា រាប់រយគ្រឿងក្នុងមួយថ្ងៃ។ លោកស្រី Wasser បន្ថែមទៀតថាអ៉ីរ៉ង់បានបាញ់គ្រាប់ជាង ១២០០គ្រាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយក្នុងនោះភាគច្រើនជាដ្រូន Shahed។ នេះមានន័យថាអ៉ីរ៉ង់អាចសន្សំសំច្ចៃមីស៊ីលបាលិស្ទីគសម្រាប់បន្តការវាយប្រហារ។ ដោយឡែកនិយាយពីខាងសហរដ្ឋអាមេរិកវិញ លោកស្រី Wasser យល់ថាអ្នករៀបចំការវាយប្រហារទំនងជាមិនបាន បញ្ជូនគ្រាប់គ្រប់គ្រាន់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបន្តធ្វើប្រតិបត្តិការរយៈពេល៤សប្ដាហ៍ ឬយូរជាងនេះដូចដែលលោក ត្រាំ បានអះអាងនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា «នេះមិនមែនជាអ៉ីរ៉ាក់ ហើយវាក៏មិនមែនជាសង្រ្គាមគ្មានទីបញ្ចប់នោះដែរ»។ និយាយពីការការពារវិញ អ៉ីរ៉ង់នៅមានមធ្យោបាយតិចតួចប៉ុណ្ណោះ។ ពីព្រោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ បានបំផ្លាញប្រព័ន្ធការពារដែនអាកាស ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៉ី S-300។ ដូច្នេះហើយទើប យន្ដហោះចម្បាំងអាមេរិក និងអ៉ីស្រាអែលអាចធ្វើប្រតិបត្តិការក្នុងដែនអាកាសអ៉ីរ៉ង់ ដោយមិនមានសេចក្ដីរាយការណ៍ពីឧបសគ្គអ្វីទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូក្នុងតំបន់មជ្ឈិមបូព៌ាប្រើប្រាស់ជាចម្បងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ដែលបាញ់ចេញ គ្រាប់មីស៊ីល PAC-3។ បើតាមក្រុមហ៊ុន Lockheed Martin បើទោះជាមន្ទីរបញ្ចកោណបានជំរុញបង្កើនការផលិតក៏ពិតមែន តែមានមីស៊ីល PAC-3 ជាង ៦០០គ្រាប់ប៉ុណ្ណោះត្រូវបានផលិត ក្នុងឆ្នាំ២០២៥។ ផ្អែកលើចំនួនគ្រាប់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ដែលត្រូវបានរាយការណ៍ថាត្រូវបានបាញ់ទម្លាក់ វាអាចមានមីស៊ីលរាប់ពាន់គ្រាប់ទំនងជាត្រូវបាញ់ចេញក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏ធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ដែលជាខែលមួយត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ដើម្បីស្ទាក់បំផ្លាញមីស៊ីលទំនើបៗ និងហោះក្នុងល្បឿនលឿន។ នេះមានន័យថា THAAD មិនទំនងជាត្រូវបានប្រើក្នុងសង្រ្គាមប៉ុន្មានថ្ងៃមកនេះទេ ខណៈមីស៊ីលមួយគ្រាប់នៃប្រព័ន្ធនេះមានតម្លៃដល់ទៅ ១២លានដុល្លារ។
សហរដ្ឋអាមេរិកក៏បានប្រើប្រាស់ផងដែរយន្ដហោះចម្បាំងបំពាក់មីស៊ីល Advanced Precision Kill Weapon System ដែលមួយគ្រាប់មានតម្លៃចន្លោះពី ២០ ០០០ ដល់ ៣០ ០០០ដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលថ្លៃចំណាយលើការធ្វើប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងផង។ ការអភិវឌ្ឍប្រព័ន្ធប្រឆាំងដ្រូនមិនទាន់មានភាពទូលំទូលាយទេក្នុងតំបន់មជ្ឈិមបូព៌ា រីឯការប្រើប្រាស់ ប្រព័ន្ធឡាស៊ែរ កាំភ្លើងស្វ័យប្រវត្តិ ឬសូម្បីតែដ្រូនមួយចំនួនទៀតអាចជាមធ្យោបាយចំណាយតិចដើម្បីការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីសំន្សំសំច្ចៃអាវុធទំនើបៗ សម្រាប់ទល់នឹងការគំរាមកំហែងធំៗ។ ប្រព័ន្ធអាវុធឡាស៊ែរ Iron Beam ផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល Rafael អាចដោះស្រាយបញ្ហាទាំងនេះ។ ប៉ុន្តែកងកម្លាំងស្វ័យការពារអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថាខ្លួនមិនទាន់បានប្រើប្រព័ន្ធអាវុធនេះក្នុងសង្រ្គាមនៅឡើយទេ។ ប្រសិនបើការវាយប្រហាររបស់អ៉ីរ៉ង់ក្នុងកម្រិតដូចបច្ចុប្បន្ននៅតែបន្តធ្វើឡើង ស្ដុកគ្រាប់មីស៊ីល PAC-3 នៅក្នុងតំបន់អាចនឹងថយចុះគួរឱ្យបារម្ភក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ តែព្រមពេលជាមួយគ្នា បើបាញ់មីស៊ីល ឬដ្រូនក្នុងកម្រិតដូចគ្នានេះ នោះអ៉ីរ៉ង់ក៏ប្រឈមមុខនឹងការធ្លាក់ចុះស្ដុកដូចគ្នាដែរ ហើយបើរឿងបែបនេះកើតឡើងមែន សង្រ្គាមអាចឈានចូលដំណាក់កាលជាប់គាំង។
លោក Ankit Panda ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា «ក្នុងពេលដំណាលគ្នា ស្ដុកមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ ប្រហែលជានឹងថយចុះ តែរបបអ៉ីរ៉ង់ខ្លួនឯងប្រហែលជានៅតែមានសមត្ថភាពបន្តរស់រានមានជីវិត បើទោះជាស្ថិតក្នុងភាពចលាចលក៏ដោយ។ នេះហាក់ដូចជាលទ្ធផលមួយដែលផ្អែកលើ ៦០ម៉ោងដំបូង នៃសង្រ្គាមនេះ»៕ -Fresh News-






