Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយនេះ រួមមាន ១៦ ចំណុច ដែលក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់។ ខ្ញុំសូមអនុញ្ញាតចែករម្លែកខ្លឹមសារទាំង ១៦ចំណុច ដោយសង្ខេបខ្លះដើម្បីជាការយល់ដឹងទាំងអស់គ្នាដូចតទៅ៖

១. ភាគីទាំងពីរ ឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (…) ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។

២. ភាគីទាំងពីរ ឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។

៣. ភាគីទាំងពីរ ឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរ ឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន(…)។

៤. ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន។

៥. ភាគីទាំងពីរ ឯកភាពគ្នាថា នឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទាំងមូល។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង ហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។

៦. ភាគីទាំងពីរ ឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរ ឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។

៧. ភាគីទាំងពីរ ឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។

៨. ភាគីទាំងពីរ ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

៩. ភាគីទាំងពីរ បញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ(តាមអនុសញ្ញាអូតាវ៉ា)។ ភាគីទាំងពីរ នឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួល (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានព្រមព្រៀងគ្នា(…)។

១០. ភាគីទាំងពីរ ឯកភាពគ្នាគោរពតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ(…)។

១១. ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។

១២. ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។

១៣. ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរ យល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

១៤. ភាគីទាំងពីរនឹងរក្សាខ្សែបណ្តាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន។ ប្រសិនបើចាំបាច់ តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹងកន្លែងដោយប្រសិទ្ធភាព។

១៥. ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀតដើម្បីឱ្យបានដឹងនិងដើម្បីសម្រួលដល់ប្រតិបត្តិការដោះមីនមនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នា ស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពរលូន ដោយគ្មានការរារាំង ឬការយល់ច្រឡំណាមួយឡើយ។

១៦. ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ ដើម្បីធានាបាននូវការទប់ស្កាត់ និងការគ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង