Grand News Asia Close

វិភាគអន្តរជាតិ៖ ស្ដេចគ្រឿងញៀន El Mencho ដែលក្បាលមានតម្លៃ ១៥លានដុល្លារ

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1011
វិភាគអន្តរជាតិ៖ ស្ដេចគ្រឿងញៀន El Mencho ដែលក្បាលមានតម្លៃ ១៥លានដុល្លារ វិភាគអន្តរជាតិ៖ ស្ដេចគ្រឿងញៀន El Mencho ដែលក្បាលមានតម្លៃ ១៥លានដុល្លារ

#Op-Ed

(វ៉ាស៊ីនតោន)៖ កងកម្លាំងម៉ិកស៉ិកបានសម្លាប់ស្ដេចគ្រឿងញៀន Nemesio Oseguera Cervantes ឬគេស្គាល់ថា El Mencho នៅក្នុងប្រតិបត្តិការដ៏ប្រថុយប្រថានមួយ នៅក្នុងរដ្ឋ Jalisco ស្ថិតនៅភាគខាងលិចនៃប្រទេសម៉ិកស៉ិក កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ កងកម្លាំងសន្តិសុខបានរកឃើញកន្លែងលាក់ខ្លួនរបស់ El Mencho នៅក្នុងផ្ទះមួយស្ថិតនៅក្នុងទីក្រុង Tapalpa បន្ទាប់ពីទទួលបានព័ត៌មានស៊ើបសម្ងាត់ពាក់ព័ន្ធនឹងមនុស្សម្នាក់ដែលស្ដេចគ្រឿងញៀននេះទុកចិត្តបំផុត។

កងទ័ពម៉ិកស៉ិកបានបើកប្រតិបត្តិការវាយឆ្មក់នៅព្រឹកព្រលឹមស្រាងៗកាលពីថ្ងៃអាទិត្យ បង្កឱ្យមានការបាញ់ប្រហារគ្នាអស់រយៈពេលជាច្រើនម៉ោង និងអំពើហិង្សាកើតឡើងនៅតាមរដ្ឋជាច្រើន។ ការសម្លាប់ សេ្ដចគ្រឿងញៀន El Mencho គឺជាជោគជ័យធំចុងក្រោយបំផុតមួយរបស់រដ្ឋាភិបាលម៉ិកស៉ិក ចាប់តាំងពីអាជ្ញាធរម៉ិកស៉ិក និងអាមេរិកបានចាប់ខ្លួនអតីតសេ្ដចគ្រឿងញៀន Joaquin Guzman ឬ El Chapo កាលពីជិត១០ឆ្នាំមុន។ ខាងក្រោមនេះជាចំណុចសំខាន់គួរដឹងពីប្រតិបត្តិការចាប់ខ្លួន El Mencho៖

* តើ El Mencho ជានរណា?
El Mencho កើតនៅខែកក្កដា ឆ្នាំ១៩៦៦ ក្នុងរដ្ឋ Michoacán ស្ថិតនៅភាគខាងលិចនៃប្រទេសម៉ិកស៉ិក។ El Mencho ដែលមានឈ្មោះដើម Oseguera ក្រោយមកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួញដូរគ្រឿងញៀនចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០។ នេះបើតាមរដ្ឋបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ហៅកាត់ថា DEA។ ក្នុងឆ្នាំ១៩៩៤ ឧក្រិដ្ឋជនរូបនេះ ត្រូវបានតុលាការអាមេរិកក្នុងរដ្ឋ California កាត់ទោសដាក់គុក៣ឆ្នាំ ក្នុងពន្ធនាគារអាមេរិកពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៉ីន។

បន្ទាប់ពីត្រូវបានដោះលែង El Mencho បានត្រឡប់ទៅកាន់ម៉ិកស៉ិកវិញដោយបម្រើការងារជាមន្ត្រីប៉ូលិសម្នាក់នៅក្នុងរដ្ឋ Jalisco។ តែធ្វើជាប៉ូលិសបានមួយរយៈពេលខ្លី El Mencho ក៏បែកគំនិតងាកទៅ ប្រឡូកចូលក្នុងពិភពឧក្រិដ្ឋកម្មគ្រឿងញៀនវិញ។ នៅឆ្នាំ២០០៩ El Mencho បានបង្កើតក្រុមឧក្រិដ្ឋជនគ្រឿងញៀនមានឈ្មោះថា Jalisco New Generation Cartel ឬហៅកាត់ថា JNGC និងបានប្រែ ខ្លួនក្លាយ JNGC ទៅជាក្រុមឧក្រិដ្ឋជនគ្រឿងញៀនដ៏មានឥទ្ធិពល និងដ៏សាហាវឃោរឃៅមួយនៅក្នុងប្រទេសម៉ិកស៊ិក។

សហរដ្ឋអាមេរិកបានចាត់ទុក JNGC មានឥទ្ធិពលដូចគ្នាទៅនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa របស់អតីតសេ្តចគ្រឿងញៀន El Chapo ដែរ។ តាមរដ្ឋបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនអាមេរិក DEA JNGC មានបណ្ដាញនៅគ្រប់រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងរដ្ឋចំនួន២១ ក្នុងចំណោមរដ្ឋទាំង៣២ របស់ម៉ិកស៉ិក។ បន្ទាប់ពីក្លាយជាស្ដេចគ្រឿងញៀនម្នាក់ El Mencho បានចាប់ផ្ដើមបោះលុយវិនិយោគយ៉ាងច្រើនលើនាវាមុជទឹកដែលជននេះប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀនចេញពីតំបន់អាមេរិកខាងត្បូងចូលទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមទស្សនាវដី្ត Rolling Stone។ Rolling Stone ដោយផ្អែកលើអតីតមន្ត្រីម្នាក់របស់ DEA បានឱ្យដឹងទៀតថា El Mencho បានជួលវិស្វករនាវារុស្ស៉ីឱ្យជួយរចនានាវាមុជទឹក។

JNGC មានឈ្មោះល្បីក្នុងពិភពឧក្រិដ្ឋកម្មគ្រឿងញៀនដោយសារតែពួកគេមិនញញើតឡើយក្នុងការវាយប្រហារលើកងកម្លាំងសន្តិសុខម៉ិកស៉ិក។ តួយ៉ាងក្នុងឆ្នាំ២០១៥ ក្រុមឧក្រិដ្ឋជននេះបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅក្នុងរដ្ឋ Jalisco។ ចំណែក ក្នុងឆ្នាំ២០១៥ ពួកគេបានព្យាយាមសម្លាប់អតីតមេប៉ូលិសទីក្រុង Mexico City លោក Omar Garcia Harfuch ដែលឥលូវបានក្លាយជា លេខាធិការសន្តិសុខសហព័ន្ធ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរម៉ិកស៉ិកបានបញ្ជូនមេឧក្រិដ្ឋជនម្នាក់របស់ JNGC ឈ្មោះ Antonio Oseguera Cervantes ដែលជាបងប្រុសរបស់ El Mencho ទៅកាន់សហរដ្ឋអាមេរិក។ ការបញ្ជូនខ្លួននេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសចាត់ទុកក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៨ ក្នុងតំបន់អាមេរិកឡាទីន ក្នុងនោះរួមមាន JNGC ជាអង្គការភេរវករ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានប្រកាសផ្ដល់រង្វាន់ ១៥លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការចាប់ខ្លួន El Mencho ផងដែរ។

* តើប្រតិបត្តិការចាប់ខ្លួន El Mencho ដំណើរការទៅយ៉ាងដូចម្ដេច?
ក្រោយតាមប្រមាញ់អស់ជាច្រើនឆ្នាំ នៅទីបំផុតទៅ អាជ្ញាធរម៉ុកស៉ិក កាលពីថ្ងៃ២០ ខែកុម្ភៈបានទទួលព័ត៌មានសម្ងាត់ពីទីតាំងលាក់ខ្លួនរបស់ El Mencho។ ដើម្បីតាមចាប់ខ្លួនស្ដេចគ្រឿងញៀននេះ ក្រុមមន្ត្រីសន្តិសុខ មិនបានតាមដានលំហូរហិរញ្ញវត្ថុ ឬបណ្ដាញជួញដូរគ្រឿងញៀននោះទេ។ ប៉ុន្តែពួកគេបានតាមដានសកម្មភាពស្រីស្នេហ៍ម្នាក់របស់លោក El Mencho។ តាមអាជ្ញាធរម៉ិកស៉ិក ស្រីស្នេហ៍រូបនេះហើយដែលនាំពួកគេ ទៅរកកន្លែងលាក់ខ្លួនរបស់ El Mencho នៅតំបន់ព្រៃភ្នំមួយក្នុងទីក្រុង Tapalpa នៃរដ្ឋ Jalisco។

ភ្លាមៗនោះ អាជ្ញាធរម៉ិកស៉ិកបានចាប់ផ្ដើមបើកប្រតិបត្តិការដោយឡោមព័ទ្ធទីតាំងមួយស្ថិតនៅជាយទីក្រុង Tapalpa។ កងកម្លាំងពិសេសគាំទ្រដោយកងឆ្មាំជាតិ ឧទ្ធម្ភាគចក្រយោធា និងយន្ដហោះយោធាបានបិទផ្លូវ ចេញចូលទីតាំងនោះនៅមុនព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែកុម្ភៈ។ ដើម្បីកុំឱ្យបែកការ កងកម្លាំងម៉ិកស៉ិកបានបញ្ជូនកងទ័ពថ្មើរជើងឱ្យធ្វើប្រតិបត្តិការដោយមានការគាំទ្រតិចតួចឧទ្ធម្ភាគចក្រ។

នៅក្នុងប្រតិបត្តិការនោះ កងកម្លាំងម៉ិកស៉ិកបានបាញ់សម្លាប់សមាជិកក្រុម JNGC ជាច្រើននាក់។ El Mencho និងកងអង្គរក្សមួយចំនួនបានរត់ចូលទៅក្នុងព្រៃមួយជាទីដែលការបាញ់ប្រហារគ្នាលើកទី២ បានកើតឡើង។ កងទ័ពម៉ិកស៉ិកបានរកឃើញ El Mencho ដែលរងរបួសធ្ងន់រួមជាមួយអង្គរក្ស ២នាក់ទៀត។ ពួកគេត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Guadalajara។ តែដោយសារ El Mencho និងអង្គរក្សទាំង២នាក់បានស្លាប់នៅតាមផ្លូវ កងកម្លាំងម៉ិកស៉ិកបានសម្រេចចិត្តបង្វែរផ្លូវហោះហើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Morelia ជាទីដែលយន្ដហោះមួយគ្រឿងរបស់កងទ័ពអាកាសម៉ិកស៉ិកកំពុងរង់ចាំដឹកពួកគេ បន្តឆ្ពោះទៅកាន់ទីក្រុង Mexico City។ ការបង្វែរផ្លូវហោះហើរនេះធ្វើឡើងដើម្បីបញ្ចៀសអំពើហិង្សាក្នុងទីក្រុង Guadalajara ដែលជាសំបុកមួយរបស់ក្រុម JNGC។

គួរបញ្ជាក់ថា ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថាប្រតិបត្តិការតាមប្រមាញ់ស្ដេចគ្រឿងញៀន El Mencho ធ្វើឡើងដោយកងកម្លាំងម៉ិកស៉ិក។ តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានសរសេរនៅលើ X ដែរថា សហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋាភិបាលម៉ិកស៉ិក ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការ៕

-Fresh News-

អត្ថបទទាក់ទង