Grand News Asia Close

ការបកស្រាយមិនមែនការប្ដឹងថ្មី៖ គោលការណ៍បែងចែកលំហូរទឹក ទល់នឹងផែនទីភ្ជាប់លេខ ១

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1015
ការបកស្រាយមិនមែនការប្ដឹងថ្មី៖ គោលការណ៍បែងចែកលំហូរទឹក ទល់នឹងផែនទីភ្ជាប់លេខ ១ (ឆ្វេង) តុលាការ​យុត្តិធម៌អន្តរជាតិ JCJ, (ស្ដាំ) ទាហានថៃ​ដាក់​ផ្លាក​ឈ្មោះ​ផ្លូវ​មួ​នៅ​ភូមិជោគជ័យ។ FB

#វិភាគសង្គម

ក្នុងបរិបទដែលវិវាទកម្ពុជា–ថៃ នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនតាមបន្ទាត់ព្រំដែន នៅតែបន្ត​បង្កើត​ភាពតាន​តឹង សំណួរដែលសង្គមជាច្រើនលើកឡើងគឺ៖ តើកម្ពុជា អាចប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានឬទេ? ឬអាចស្នើឲ្យ ICJ បកស្រាយបន្ថែមបានទេ?

មានអ្នកខ្លះយល់ថា អាច ខណៈអ្នកខ្លះយល់ថា មិនអាច។ ប៉ុន្តែការទៅ ICJ មិនមែនជារឿងអារម្មណ៍ ឬជាជម្រើស​នយោបាយ​ទេ។ វាជាការសម្រេចចិត្តផ្លូវច្បាប់ ដែលត្រូវពិចារណាយ៉ាងម៉ត់ចត់ និងរៀបចំសំណុំរឿងឲ្យរឹងមាំ។

ផ្អែកលើប្រវត្តិសាស្ត្រឆ្នាំ ១៩០៤–១៩០៧ សន្ធិសញ្ញា ១៩០៦ សន្ធិសញ្ញាវ៉ាស៊ីនតោន ១៩៤៦ និងសាលដីកា ICJ ឆ្នាំ ១៩៦២ និង ២០១៣ អាចមើលឃើញថា កម្ពុជា​មានច្រកផ្លូវច្បាប់យ៉ាងហោចណាស់ ៣ ដើម្បីដោះស្រាយ​វិវាទ​ជុំវិញប្រាសាទ​ព្រះវិហារ និង​បន្ទាត់​ព្រំដែន។

ក្នុងនាមខ្ញុំជាអ្នកច្បាប់មួយរូប ខ្ញុំយល់ឃើញថា កម្ពុជា​អាចទៅ ICJ បាន ប្រសិនបើជ្រើសរើសច្រកផ្លូវត្រឹមត្រូវ និងរៀប​ចំ​អង្គហេតុ–អង្គច្បាប់ និងភស្តុតាងឲ្យបានម៉ត់ចត់។

ច្រកផ្លូវទាំង ៣

១. សន្ធិសញ្ញាវ៉ាស៊ីនតោន ឆ្នាំ ១៩៤៦

បន្ទាប់ពីសង្គ្រាមលោកលើកទី២ ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដែលកំណត់ឲ្យត្រឡប់ទៅស្ថានភាពដើម និង​គោរព​ខ្សែ​ព្រំដែនដែលកំណត់តាំងពីឆ្នាំ ១៩០៤–១៩០៧។ និយាយឲ្យសាមញ្ញ គឺថា ថៃត្រូវគោរពព្រំដែនដែលមានស្រាប់ មិន​អាច​ផ្លាស់​ប្តូរតាមចិត្តបានឡើយ។ ក្នុងច្បាប់អន្តរជាតិ រដ្ឋមួយមិនអាច​បដិសេធកាតព្វកិច្ចសន្ធិសញ្ញា​ដែលខ្លួនបាន​ចុះហត្ថលេខា​បានទេ។ បើ​មានការមិនគោរព នោះអាចក្លាយជាជម្លោះផ្លូវច្បាប់។

២. គោលការណ៍ Estoppel

Estoppel មានន័យថា រដ្ឋមួយមិនអាចនិយាយផ្ទុយពីអ្វីដែលខ្លួនធ្លាប់ទទួលស្គាល់ និងអនុវត្តអស់រយៈពេលយូរបានឡើយ។ ជាច្រើនទសវត្សរ៍មកហើយ ថៃបានទទួលយកបន្ទាត់ព្រំដែន និងមិនបានតវ៉ាជាក់លាក់។ បើថ្ងៃនេះបដិសេធវិញ នោះអាចផ្ទុយពីគោលការណ៍ good faith ក្នុងច្បាប់អន្តរជាតិ។ គោលការណ៍នេះបង្ហាញថា កម្ពុជា​មិនកំពុងទាមទារអ្វីថ្មីទេ ប៉ុន្តែសុំឲ្យគោរពអ្វីដែលធ្លាប់ទទួលស្គាល់រួចហើយ។

៣. មាត្រា ៦០ – បណ្ដឹងបកស្រាយ

សាលដីកា ឆ្នាំ ១៩៦២ និង ២០១៣ ជាសេចក្ដីសម្រេចស្ថាពរ និងចងកាតព្វកិច្ចភាគីទាំងពីរ។ តាមមាត្រា ៦០ បើមានវិវាទ លើ “អត្ថន័យ” ឬ “វិសាលភាព” នៃសាលដីកា តុលាការអាចបកស្រាយបាន ដោយមិនចាំបាច់មានការយល់ព្រមថ្មីពីថៃ។ បើថៃបដិសេធ Annex I Map ឬប្រើផែនទីឯកតោភាគី នោះវាជាវិវាទលើការបកស្រាយ មិនមែនជាវិវាទអធិបតេយ្យភាព ថ្មីឡើយ។ ក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការបានយកផែនទីភ្ជាប់លេខ ១ ជាមូលដ្ឋាន ដូច្នេះ វាជាផែនទីព្រំដែន មិនមែន ត្រឹមតែ​ជា​ផែនទីប្រាសាទនោះទេ។

ច្រកទាំងអស់សុទ្ធតែផ្ដល់ឱកាសឲ្យកម្ពុជាទៅ ICJ បាន តែក្នុងអត្ថបទនេះ ខ្ញុំសូមផ្តោតលើច្រកទី ៣ ព្រោះវាជាច្រក​ដែល​មាន​លំនឹង និងទម្ងន់ច្បាប់ខ្លាំងបំផុតសម្រាប់កម្ពុជា។

ប្ដឹងដើម្បីឈ្នះ មិនមែនប្ដឹងដើម្បីសម្ដែង

ICJ មិនមែនជាវេទិកានយោបាយទេ ប៉ុន្តែជាវេទិកាច្បាប់។ វាទាមទារការរៀបចំអង្គហេតុ អង្គច្បាប់ និងការទាមទារឲ្យ​ច្បាស់លាស់៖ ត្រូវស្នើឲ្យតុលាការបកស្រាយអ្វី ទាមទារអ្វី និងមានភស្តុតាងគាំទ្រយ៉ាងដូចម្តេច។

បើកម្ពុជាបើកសំណុំរឿងថ្មីលើអធិបតេយ្យភាព តុលាការអាចមិនទទួលយក ដោយសារថៃមិនទទួលស្គាល់យុត្តាធិការថ្មី។ ហេតុនេះ ច្រកដែលមានប្រសិទ្ធភាពជាងគេ គឺស្នើឲ្យ ICJ បកស្រាយសាលដីកាដែលមានស្រាប់ តាមមាត្រា ៦០ នៃលក្ខន្តិកៈ ICJ។

ផែនទីភ្ជាប់លេខ ១ មិនមែនជាផែនទីប្រាសាទតែប៉ុណ្ណោះ។ ក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការ ICJ មិនបានសម្រេច​ត្រឹមថា “ប្រាសាទព្រះវិហារ ស្ថិតនៅលើទឹកដីកម្ពុជា” ប៉ុណ្ណោះទេ។ តុលាការបានផ្តល់ទម្ងន់ខ្ពស់ទៅ ផែនទីភ្ជាប់លេខ ១ (Annex I Map) និងយកវាមកធ្វើជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ។

ចំណុចសំខាន់គឺ៖ ផែនទីភ្ជាប់លេខ ១ មិនមែនជាផែនទីបង្ហាញទីតាំងប្រាសាទតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីកំណត់ បន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលតុលាការបានទទួលស្គាល់ក្នុងមូលហេតុផ្លូវច្បាប់នៃសាលដីកា។

តុលាការបានសង្កេតឃើញថា ថៃបានទទួលយកផែនទីនេះដោយស្ងៀមស្ងាត់ និងមិនបានតវ៉ារយៈពេលយូរ។ ក្នុងច្បាប់អន្តរជាតិ នេះបង្កើតអំណាចផ្លូវច្បាប់ និងកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។

មូលហេតុផ្លូវច្បាប់ និងសេចក្តីសម្រេចចុងក្រោយ

សាលដីកាមានពីរផ្នែកសំខាន់៖ មូលហេតុផ្លូវច្បាប់ និងសេចក្តីសម្រេចចុងក្រោយ

សេចក្តីសម្រេចចុងក្រោយ គឺផ្នែកដែលប្រកាសលទ្ធផលជាផ្លូវការ និងមានអំណាចផ្លូវច្បាប់ចងភាគីដោយផ្ទាល់។ ប៉ុន្តែ មូលហេតុផ្លូវច្បាប់ គឺជាគ្រឹះដែលតុលាការបានពន្យល់ និងវិភាគ ដើម្បីឈានទៅដល់សេចក្តីសម្រេចនោះ។ នៅក្នុងផ្នែកនេះ តុលាការបានពិនិត្យយ៉ាងច្បាស់លើផែនទីភ្ជាប់លេខ ១ និងអាកប្បកិរិយារបស់ថៃ។

ក្នុងបរិបទ មាត្រា ៦០ ការបកស្រាយមិនអាចផ្អែកតែលើពាក្យក្នុងសេចក្តីសម្រេចចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែត្រូវយក​មូលហេតុផ្លូវ​ច្បាប់​មកពិនិត្យ ដើម្បីកំណត់ “អត្ថន័យ” និង “វិសាលភាព” ពិតប្រាកដនៃសាលដីកា។

គោលការណ៍បែងចែកលំហូរទឹក ទល់នឹង ផែនទីភ្ជាប់លេខ ១

មុនសាលដីកា ឆ្នាំ ១៩៦២ ភាគីថៃបានយកគោលការណ៍បែងចែកលំហូរទឹក មកធ្វើជាមូលដ្ឋានអះអាងថា បន្ទាត់ព្រំដែនគួរ​ត្រូវ​កំណត់ទៅតាមបន្ទាត់កំពូលភ្នំ។

ប៉ុន្តែក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការ ICJ មិនបានផ្អែកលើគោលការណ៍នេះទេ។ ន័យផ្លូវច្បាប់នៃសាលដីកា ឆ្នាំ ១៩៦២ គឺថា តុលាការ ICJ បានផ្អែកលើផែនទីភ្ជាប់លេខ ១ ជាមូលដ្ឋានសម្រាប់សម្រេចវិវាទ ហើយដោយហេតុនេះ ផែនទីនោះ​ត្រូវ​បាន​ចាត់ទុកថាមានអាទិភាពលើគោលការណ៍បែងចែកលំហូរទឹក ក្នុងក្របខណ្ឌករណីប្រាសាទព្រះវិហារ។

ដូច្នេះ ប្រសិនបើ​បច្ចុប្បន្ន​ ថៃនៅបន្ត​យកគោលការណ៍បែងចែកលំហូរទឹក ឬផែនទីដែលគូរឡើងដោយឯកតោភាគី មកកំណត់វិសាលភាពនៃតំបន់ជ្រោយភ្នំ និងតំបន់តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ នោះវាអាចត្រូវបានចាត់ទុកថា ជាការ​បកស្រាយ​ដែលមិនស្របនឹងមូលហេតុផ្លូវច្បាប់នៃ​សាលដីកា ឆ្នាំ ១៩៦២ និង​មិនស្រប​នឹងអំណាចផ្លូវច្បាប់ដែលសាលដីកា​នោះបានបង្កើតឡើង។

តំបន់ជ្រោយភ្នំ (Promontory) និងវិវាទសព្វថ្ងៃ

តំបន់ជ្រោយភ្នំ ឬចំណុចដីខ្ពស់ដែលលេចចេញពីជួរភ្នំ (promontory) គឺជាតំបន់ភូមិសាស្ត្រសំខាន់ ដែលប្រាសាទ​ព្រះវិហារស្ថិត​នៅលើនោះ។ ដូច្នេះ វិវាទសព្វថ្ងៃមិនមែនស្ថិតត្រឹម “ទីតាំងប្រាសាទ” ទេ ប៉ុន្តែពាក់ព័ន្ធនឹងវិសាលភាព​នៃ​តំបន់ជុំវិញប្រាសាទ និងតំបន់មួយចំនួនផ្សេងទៀតតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលថៃអះអាងថាជាទឹកដីរបស់ខ្លួន និងបានដណ្ដើម​កាន់កាប់ឡើងវិញ។

ថៃអះអាងថា ផែនទីភ្ជាប់លេខ ១ មានវិសាលភាពត្រឹមតែទីតាំងប្រាសាទប៉ុណ្ណោះ ហើយមិនរួមបញ្ចូលតំបន់ជ្រោយភ្នំ (promontory) ដែលប្រាសាទស្ថិតនៅលើនោះទេ។ ទន្ទឹមនឹងនេះ ថៃក៏អះអាងថា តំបន់ដែលខ្លួនកំពុងកាន់កាប់បច្ចុប្បន្ន គឺជាទឹកដីដែលខ្លួន “បាត់បង់” ទៅកម្ពុជា។ ការអះអាងនេះផ្អែកលើផែនទីដែលថៃគូរឡើងដោយឯកតោភាគី និងការ​បកស្រាយ​ផ្ទុយពីផែនទីភ្ជាប់លេខ ១ ដែលតុលាការ ICJ បានយកមកធ្វើជាមូលដ្ឋានក្នុងសាលដីកា ឆ្នាំ ១៩៦២។

ជាការពិត សាលដីកា ICJ ឆ្នាំ ១៩៦២ និងសាលដីកាបកស្រាយបន្ថែម ឆ្នាំ ២០១៣ មិនបានកំណត់ឲ្យបានច្បាស់លាស់អំពី “វិសាលភាព” ​នៃតំបន់ជុំវិញប្រាសាទ ឬតំបន់ជ្រោយភ្នំនោះទេ។ ភាពមិនច្បាស់លាស់នេះ​បានបង្កើតឱកាសឲ្យមានការបក​ស្រាយ​ផ្ទុយគ្នា និងបណ្តាលឲ្យវិវាទកើតឡើងជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ដោយហេតុនេះ វិវាទសព្វថ្ងៃមិនមែនជាការទាមទារអធិបតេយ្យភាពថ្មីឡើយ ប៉ុន្តែជាវិវាទលើ “វិសាលភាព” នៃសាលដីកា​ដែល​មាន​ស្រាប់។ កម្ពុជា អាចស្នើសុំឲ្យ ICJ បកស្រាយបន្ថែមតាម មាត្រា ៦០ នៃលក្ខន្តិកៈ ICJ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ផែនទី​ភ្ជាប់លេខ ១ គឺជាផែនទីកំណត់ទីតាំងត្រឹមតែ​ប្រាសាទ ឬជាផែនទីកំណត់បន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលមានអំណាចផ្លូវច្បាប់ និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។

ប្រសិនបើ ICJ បញ្ជាក់ច្បាស់លើចំណុចនេះ វានឹងបិទច្រកនៃការបកស្រាយឯកតោភាគី ធ្វើឲ្យបន្ទាត់ព្រំដែន​មាន​ភាពច្បាស់​លាស់តាមច្បាប់អន្តរជាតិ និងជាគន្លឹះសម្រាប់បញ្ចប់វដ្តវិវាទដែលកើតឡើងដដែលៗតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

មាត្រា ៦០៖ អំណាចបកស្រាយដែលមានស្រាប់ មិនមែនយុត្តាធិការថ្មី

មាត្រា ៦០ នៃលក្ខន្តិកៈ ICJ បញ្ជាក់យ៉ាងច្បាស់ថា សាលដីកា ICJ គឺជាសាលដីកាចុងក្រោយ និងមិនអាចប្តឹងឧទ្ធរណ៍បាន។ ប៉ុន្តែបើមានវិវាទអំពី “អត្ថន័យ” ឬ “វិសាលភាព” នៃសាលដីកា តុលាការមានសមត្ថកិច្ចបកស្រាយបន្ថែម តាមសំណើ​របស់​ភាគីណាមួយ។

នេះមិនមែនជាការបើកសំណុំរឿងថ្មីទេ។ មិនមែនជាការស្នើសុំអធិបតេយ្យភាពថ្មីទេ។ ហើយ​មិនមែន​ជាការ​ទាមទារ​យុត្តាធិការថ្មី​ពីតុលាការ​ឡើយ។

វាគឺជាការអនុវត្តបន្តនៃយុត្តាធិការដែលតុលាការបានប្រើរួចហើយក្នុងសំណុំរឿងដើម។ អំណាចបកស្រាយនេះ​កើតចេញ​ពីសាលដីកា​ដែលមានស្រាប់ ហើយភាគីមិនអាចគេចផុតពីវា ដោយការមិនយល់ព្រមថ្មីឡើយ។

ន័យផ្លូវច្បាប់គឺច្បាស់៖ ប្រសិនបើមានការបកស្រាយផ្ទុយគ្នាដែលប៉ះពាល់ដល់អំណាចផ្លូវច្បាប់ និងកម្លាំង​ចងកាតព្វកិច្ច​នៃសាលដីកា តុលាការមានសមត្ថកិច្ចក្នុងការបញ្ជាក់ឡើងវិញ ដើម្បីធានាថា សេចក្តីសម្រេច​របស់ខ្លួនត្រូវ​បានគោរព​យ៉ាង​ពេញលេញ។

ក្នុងបរិបទវិវាទសព្វថ្ងៃ សំណួរមិនមែនស្ថិតនៅលើការបើក merits case ថ្មីឡើយ ប៉ុន្តែស្ថិតនៅលើការបញ្ជាក់​ឲ្យច្បាស់​អំពីវិសាលភាព​នៃសាលដីកាដែលមានស្រាប់—ដើម្បីបិទច្រកនៃការបកស្រាយឯកតោភាគី និងរក្សាភាពអធិបតេយ្យភាព​នៃ​អំណាច​ផ្លូវច្បាប់របស់តុលាការ។

សេចក្តីសន្និដ្ឋាន

នៅចុងក្រោយ សំណួរមិនមែនថា កម្ពុជា “អាច” ទៅ ICJ ឬអត់ទេ។ សំណួរពិតប្រាកដគឺ៖ កម្ពុជា នឹង​ប្រើយន្តការផ្លូវច្បាប់​អន្តរជាតិ ដោយយុទ្ធសាស្ត្រដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពដែរឬទេ។

វិវាទសព្វថ្ងៃមិនមែនជាការទាមទារអធិបតេយ្យភាពថ្មីឡើយ។ វាជាវិវាទលើវិសាលភាពនៃសាលដីកាដែលមានស្រាប់—សាលដីកាដែលមាន​អំណាចផ្លូវច្បាប់ និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។

បើមានការបកស្រាយផ្ទុយគ្នាលើផែនទីភ្ជាប់លេខ ១, ​បើមានការប្រើផែនទីឯកតោភាគី ដើម្បីកាត់បន្ថយវិសាលភាព​នៃសាលដីកា, ​បើមានការយកគោលការណ៍បែងចែកលំហូរទឹកមកជំនួសមូលដ្ឋានដែលតុលាការបានទទួលស្គាល់, នោះវិវាទមិនមែនស្ថិតនៅលើដីថ្មីឡើយ—វាស្ថិតនៅលើការបកស្រាយសាលដីកាដែលមានស្រាប់។ ដូច្នេះ មាត្រា ៦០ មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាច្រកផ្លូវច្បាប់ដែលបើកទ្វារទៅ ICJ សម្រាប់កម្ពុជា៕

លោក​មេធាវី ឡុង បញ្ញាវុឌ្ឍ គឺជា​ប្រធាន​ក្រុមហ៊ុន​មេធាវី PAN & Associates Law Firm។ ទស្សនៈ​ដែល​លើក​ឡើង​ក្នុង​អត្ថបទនេះ​ជាមតិ​យោបល់​របស់​លោក​ផ្ទាល់។

-Phnom Penh Post-
———————

អត្ថបទទាក់ទង