Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពស្តីពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ៖

បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដីសហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់មួយរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់សារសំខាន់ដល់សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

វត្តមានរបស់សម្តេចមហាបវរធិបតីក្នុងកិច្ចប្រជុំនេះពិតជាមានសារសំខាន់សម្រាប់កម្ពុជានៅត្រង់ថា ក្រៅពីអត្ថន័យសន្តិភាពដែលឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពក៏ជាឱកាសដែលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ រម្លឹកឡើងវិញពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិពិតជាមិនបំភ្លេច ហើយបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនដោយបំពានច្បាប់អន្តរជាតិ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋខ្មែរជាង ៧ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ គឺជាបញ្ហាក្តៅគគុកមួយដែលពិភពលោកកំពុងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace) ក៏ជាឱកាសដែលប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសជាច្រើន ក៏ដូចជាភាគីពាក់ព័ន្ធ លើកឡើងអំពីសារសំខាន់នៃការបញ្ចប់ជម្លោះប្រដាប់អាវុធ ការសង្គ្រោះជីវិតមនុស្ស និងការកសាងឡើងវិញពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ក៏ដូចជាការផ្សព្វផ្សាយអំពីគុណតម្លៃនៃសន្តិភាព។ ក្នុងន័យនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពនេះ គឺជាយន្តការថ្មីមួយទៀតបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹងនិងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ដែលមានជម្លោះឬសង្គ្រាម រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យឥស្សរជនអាម៉េរិក និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសមួយចំនួនទៀត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងនោះរួមមានជាអាទិ៍ អនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីសង្គ្រាម និងអនុទីប្រឹក្សាសន្តិសុខជាតិនៃសហរដ្ឋអាម៉េរិក និងឯកអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ព្រមទាំងរដ្ឋមន្ត្រីការបរទេសតួកគី និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាអាត្លង់ទិច ជាដើម។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានបង្ហោះសារមួយដែលមានន័យថា «សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន! សហរដ្ឋអាម៉េរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព»។ សារនេះសបញ្ជាក់ពីផ្លែផ្កានៃការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លុះបញ្ចាំងពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាសន្តិភាពសាកល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក៏បានតាមដានបេសកកម្មការទូតរបស់សម្តេចធិបតីដោយយកចិត្តទុកដាក់ និងបានផ្តល់ការគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងដំណើរបំពេញបេសកកម្មការងារការទូតលើឆាកអន្តរជាតិនាពេលនេះជាពិសេសពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលរងការបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ដោយបង្ហាញជំហរច្បាស់លាស់របស់កម្ពុជាប្រាប់សហគមន៍អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ថា គុណតម្លៃសន្តិភាពនិងការគោរពច្បាប់អន្តរជាតិ គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន។ ដោយឈរលើគោលការណ៍នេះ កម្ពុជាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ព្រមទាំងអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ក៏ដូចជាកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ

អត្ថបទទាក់ទង