Grand News Asia Close

តើរឿងអាស្រូវផ្លូវភេទ Epstein អាចធ្វើឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសរបូតតំណែង ឬ?

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1015
តើរឿងអាស្រូវផ្លូវភេទ Epstein អាចធ្វើឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសរបូតតំណែង ឬ? តើរឿងអាស្រូវផ្លូវភេទ Epstein អាចធ្វើឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសរបូតតំណែង ឬ?
(ឡុងដ៍)៖ ការបញ្ចេញឯកសារនៃសំណុំរឿងអាស្រូវផ្លូវភេទ Epstein ដោយក្រសួងយុត្តិធម៌អាមេរិកកាលពីសប្ដាហ៍មុន បង្កឱ្យមានព្រឹត្តិការណ៍ជាច្រើនកើតឡើងជាបន្តបន្ទាប់ដែលកំពុងដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បើទោះជាការពិតលោកមិនដែលស្គាល់ឧក្រិដ្ឋជនផ្លូវភេទ Jeffrey Epstein ក៏ដោយ។ លោក Starmer កំពុងរងសម្ពាធជុំវិញការតែងតាំង លោក Peter Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកទាំងដែលបានដឹងរួចទៅហើយថាលោក Mandelson មានទំនាក់ទំនងជាមួយឧក្រិដ្ឋជន Epstein។
លោក Starmer ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យចុះចេញពីតំណែង បានសូមអភ័យទោសចំពោះជនរងគ្រោះដែលត្រូវបានរំលោភបំពានដោយឧក្រិដ្ឋជន Epstein សម្រាប់ការជឿទុកចិត្តលើពាក្យកុហករបស់លោក Mandelson។ ប៉ុន្តែលោកបានបញ្ជាក់ថាមិនមានគម្រោងលាលែងចេញពីតំណែងនោះទេ។
មកទល់នឹងពេលនេះ គណៈរដ្ឋមន្ត្រីរបស់លោក Starmer បានបង្ហាញការគាំទ្រដល់លោកនាយករដ្ឋមន្ត្រីដែលកំពុងប្រឈមនឹងការខឹងសម្បារពីគណបក្សប្រឆាំង និងសមាជិកមួយចំនួននៅក្នុងគណបក្សពលកររបស់លោកផ្ទាល់ពាក់ព័ន្ធនឹងការតែងតាំងលោក Mandelson។ សម្ពាធបានកើនឡើងរឹតតែខ្លាំង បន្ទាប់ពីមន្ត្រីជំនិត២នាក់របស់លោក Starmer គឺប្រធានខុទ្ទការល័យ លោក Morgan McSweeney និងនាយកផ្នែកទំនាក់ទំនង លោក Tim Allan លាលែងចេញពីតំណែង។ មិនតែប៉ុណ្ណោះសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធគឺលោក Anas Sarwar ក៏បានអំពាវនាវឱ្យ លោក Starmer ចុះចេញពីតំណែងផងដែរ។ «ការបង្វែរចំណាប់អារម្មណ៍ចាំបាច់ត្រូវតែបញ្ចប់ ហើយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលត្រូវតែផ្លាស់ប្ដូរ»។ នេះជាការលើកឡើងរបស់លោក Sarwar។
* តើលោក Peter Mandelson ជានរណា?
បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស នៅខែកក្កដា ឆ្នាំ២០២៤ លោក Starmer បានតែងតាំងលោក Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូ ឆ្នាំដដែល ជាតំណែងមួយដែលលោកបានពិព័ណ៌នានៅពេលនោះថាជាមហាកិត្តិយស។ លោក Starmer បានបណ្ដេញលោក Mandelson ចេញពីតំណែងជាឯកអគ្គរាជទូតកាលពីខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងឡុងដ៍បាននិយាយថាព័ត៌មានថ្មីៗបានបង្ហាញពីទំនាក់ទំនងរបស់លោក Mandelson ជាមួយឧក្រិដ្ឋជនផ្លូវភេទ Epstein។ ការបញ្ចេញឯកសារ Epstein រាប់លានទំព័រ ដោយក្រសួងយុត្តិធម៌អាមេរិកកាលពីពេលថ្មីៗនេះបានបង្ហាញកាន់តែច្បាស់ទៅទៀតពីទំនាក់ទំនងនេះ រហូតដល់មានការចោទប្រកាន់ថាលោក Mandelson បានបញ្ជូនឯកសារដ៏រសើបមួយអំពី ទីផ្សាររបស់រដ្ឋាភិបាលអង់គ្លេសទៅឱ្យ Epstein បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើទៅកាន់ទូរទស្សន៍អង់គ្លេស Sky News កាលពីខែមករា លោក Mandelson បានសូមអភ័យទោសសម្រាប់ការបន្តរក្សាទំនាក់ទំនងជាមួយ Epstein បើទោះជាក្រោយឧក្រិដ្ឋជនរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធក្នុងឆ្នាំ២០០៨ ក៏ដោយ។
* ប្រតិកម្មពីទីផ្សារ
លោក Charlie Lloyd ជាប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Shackleton Advisers បាននិយាយថាភាពមិនច្បាស់លាស់នៃអនាគតរបស់លោក Starmer មិនមែនជារឿងល្អចំពោះ ទីផ្សារមូលបត្របំណុលរបស់ចក្រភពអង់គ្លេសនោះទេ ជាពិសេសក្នុងពេលអតិផរណា ត្រូវបានរំពឹងថានឹងធ្លាក់ចុះនៅប៉ុន្មានខែខាងមុខ ហើយធនាគារកណ្ដាលអង់គ្លេសហាក់ដូចជាកំពុងត្រៀមខ្លួន កាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗ ឬអាចនៅខែមីនាខាងមុខ។ លោកបន្ថែមទៀតថាការលាលែងចេញពីតំណែងណាមួយរបស់លោក Starmer អាចនឹងជំរុញឱ្យមានការប្រកួតប្រជែងនៅក្នុង គណបក្សពលករ ដើម្បីយកតំណែងជាមេដឹកនាំជំនួសលោក Starmer ដែលនេះអាចនឹងបង្កឱ្យមានភាពច្របូកច្របល់រយៈពេលខ្លី នៅក្នុងទីផ្សារមូលបត្របំណុលរបស់អងគ្លេស និងធ្វើឱ្យអត្រាការប្រាក់កើនឡើង។
* តើនរណាខ្លះអាចជំនួសតំណែងលោក Starmer?
លោក Starmer បានប្រកាសថាលោកគ្មានគម្រោងលាលែងចេញពីតំណែងនោះទេ។ តែប្រសិនបើលោកលាលែងចេញពីតំណែងដោយប្រការណាមួយ នោះការប្រកួតប្រជែងគ្នាដណ្ដើមតំណែងជា មេដឹកនាំជំនួសលោក Starmer អាចនឹងចាប់ផ្ដើមធ្វើឡើងតាមវិធីដែលមានការរៀបចំការបោះឆ្នោតជាបន្តបន្ទាប់រហូតដល់នៅសល់បេក្ខជនតែម្នាក់។ ក្នុងករណីដែលលោក Starmer មិនព្រម លាលែងចេញពីតំណែង តែមានបេក្ខជនម្នាក់ទទួលបានការគាំទ្រគ្រប់គ្រាន់ និងលេចមុខឡើងជាគូប្រជែងរបស់លោក នោះវានឹងជំរុញឱ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដោយក្នុងនោះ នាយករដ្ឋមន្ត្រី និងបេក្ខជនជាគូប្រជែងនឹងត្រូវមានឈ្មោះនៅលើសន្លឹកឆ្នោត។ នីតិវិធីទាំង២នេះសុទ្ធតែត្រូវចំណាយពេលច្រើនសប្ដាហ៍។
នៅក្នុងចំណោមបេក្ខជនមានសក្ដានុពលអាចជំនួសតំណែងលោក Starmer ក្នុងនោះរួមមានលោកស្រី Angela Rayner ដែលបានលាលែងចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងពន្ធ រដ្ឋមន្ត្រីសុខាភិបាល លោក Wes Streeting និងអតីតមេដឹកនាំគណបក្សពលករ លោក Ed Miliband។ លោក Andy Burnham ដែលបច្ចុប្បន្ន ជាចៅហ្វាក្រុង Greater Manchester ក៏ត្រូវបានគេចាត់ទុកជាបេក្ខជនមានសក្ដានុពលម្នាក់ដែរ។ ប៉ុន្តែទោះជាលោក Burnham កំពុងឡើងកូដប្រជាប្រិយភាពក៏ពិតមែន ក៏ក្រុមអ្នកវិនិយោគ នៅតែមានការព្រួយបារម្ភថាលោកអាចនឹងងាកចេញពីកិច្ចប្រឹងប្រែងរបស់លោក Starmer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក គឺលោកស្រី Rachel Reeves នៅក្នុងការជំរុញហិរញ្ញវត្ថុសាធារណៈ របស់ចក្រភពអង់គ្លេស។
លោក Kallum Pickering ជាប្រធានក្រុមអ្នកសេដ្ឋកិច្ចមកពីក្រុមហ៊ុន Peel Hunt បាននិយាយថាលោក Burnham កំពុងឡើងប្រជាប្រិយភាព ប៉ុន្តែថាតើភាពជោគជ័យនៃគោលនយោបាយ សេដ្ឋកិច្ចតំបន់របស់លោកអាចនាំទៅរកភាពជោគជ័យនៃគោលនយោបាយថ្នាក់ជាតិដែរឬក៏យ៉ាងណា គឺជារឿងមួយដែលគេត្រូវរង់ចាំមើល។ តាមលោក Pickering លោកស្រី Rayner កំពុងបន្តស្ថិត នៅក្រោមការស៊ើបអង្កេតនៅឡើយជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងពន្ធដែលការណ៍នេះអាចនឹងកាត់បន្ថយឱកាសរបស់លោកស្រី ហើយអាចនឹងប្រថុយធ្វើឱ្យមានការនិយាយពីមាត់មួយទៅមាត់ថានាយករដ្ឋមន្ត្រីមានរឿងអាស្រូវ ឡើងកាន់តំណែងជំនួសនាយករដ្ឋមន្ត្រីមានរឿងអាស្រូវ។ តែទោះជាបែបនេះក្ដី លោក Pickering យល់ថាប្រជាប្រិយភាពរបស់លោកស្រីនៅក្នុងគណបក្សអាចនឹងឱ្យ លោកស្រីមានសមត្ថភាពបង្រួបបង្រួមកម្លាំងនយោបាយអ្នកឆ្វេងនិយមជាមួយកម្លាំងនយោបាយប្រកាន់ផ្លូវកណ្ដាល៕
-Fresh News-

អត្ថបទទាក់ទង