Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីកិច្ចប្រជុំជាបន្តបន្ទាប់នៅថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៖

រយៈពេលជាង១សប្តាហ៍ចុងក្រោយនេះ មានកិច្ចប្រជុំថ្នាក់យោធភូមិភាគកម្ពុជា-ថៃកម្រិត(RBC) ចំនួន៣លើកហើយ គឺនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនរវាងយោធភូមិភាគទី៣ (ភាគីកម្ពុជា) និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត (ភាគីថៃ) នៅឯច្រកអន្តរជាតិ ចាំយាម-ហាតលឹក ក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏មានកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនរវាងយោធភូមិភាគទី៤ (ភាគីកម្ពុជា) និងកងទ័ពភូមិភាគទី២ (ភាគីថៃ) នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃទី២៧ ដល់២៩ ខែមករា ឆ្នាំ២០២៦ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែន រវាងយោធភូមិភាគទី៥ (ភាគីកម្ពុជា) និងកងទ័ពភូមិភាគទី១ (ភាគីថៃ) ក៏បានបើកធ្វើដែរនៅឯច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ។

កិច្ចប្រជុំ RBC ជាបន្តបន្ទាប់ដូចបានជម្រាបជូនខាងលើសុទ្ធតែបានប្រព្រឹត្តទៅក្រោមការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងខាងភាគីកម្ពុជានិងភាគីថៃ ហើយកិច្ចប្រជុំទាំងនេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ដើម្បីឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

ប៉ុន្តែ ដោយសារតែកិច្ចប្រជុំពិសេស RBC ជាបន្តបន្ទាប់នេះ នៅមិនទាន់រកឃើញចំណុចរួមគ្នានៅឡើយ ដូច្នេះ ភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាដើម្បីរកការឯកភាពគ្នានាពេលខាងមុខដែលឈានទៅការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ។ ទោះជាមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយក៏ដោយ ក៏កិច្ចប្រជុំជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការជួបប្រជុំ ដើម្បីជជែកគ្នាជំនួសឱ្យការប្រយុទ្ធគ្នាដោយអាវុធ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងនានាដែលបានធ្វើជាមួយគ្នាកាលពីពេលកន្លងទៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកឡើងវិញថា កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្រេចបានសេចក្តីប្រកាសរួមមួយ ដែលបង្កើតឱ្យមានបទឈប់បាញ់ចាប់ពីវេលាម៉ោង ១២:០០ ថ្ងៃត្រង់ថ្ងៃដដែលរហូតមកទល់បច្ចុប្បន្ន ហើយបានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

យោងស្មារតីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានដាក់កំណត់ទូតសាជាថ្មីទៀត ជូនទៅភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោលព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ នៃខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា ភាគីកម្ពុជា មិនថាក្នុងកម្រិត JBC, GBC ឬ RBC ទេ សុទ្ធតែមានឆន្ទៈគោរពនិងអនុវត្តដោយស្មោះត្រង់បំផុតនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាឯកសារកិច្ចព្រមព្រៀងនានា ដែលមានកាលពីពេលកន្លងទៅដោយគោរព និងអនុវត្តគ្រប់ចំណុចទាំងអស់ពីព្រោះវាមានភាពប្រទាក់ក្រឡាគ្នា ដោយមិនអាចអនុវត្តតែចំណុចណាមួយ ហើយមើលរំលងចំណុចផ្សេងទៀតបានឡើយ។ យើងក៏សូមអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តដូចគ្នាដែរ ដើម្បីឈានទៅសម្រេចគោលដៅរួម គឺការកសាងសន្តិភាពយូរអង្វែងនៅតាមព្រំដែន ដូចដែលភាគីទាំងពីរបានប្តេជ្ញាចិត្ត និងដែលជាក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ ក៏ដូចជាសហគមន៍តំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង