Grand News Asia Close

វិភាគអន្តរជាតិ៖ សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអាមេរិក-រុស្ស៉ីនឹងផុតកំណត់ តើអ្វីទៅជាគ្រោះថ្នាក់សម្រាប់ពិភពលោក?

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1014
វិភាគអន្តរជាតិ៖ សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអាមេរិក-រុស្ស៉ីនឹងផុតកំណត់ តើអ្វីទៅជាគ្រោះថ្នាក់សម្រាប់ពិភពលោក? វិភាគអន្តរជាតិ៖ សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអាមេរិក-រុស្ស៉ីនឹងផុតកំណត់ តើអ្វីទៅជាគ្រោះថ្នាក់សម្រាប់ពិភពលោក?

(ឡុងដ៍)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សន្ធិសញ្ញានុយក្លេអ៊ែរ New START នឹងត្រូវផុតកំណត់។ បើមិនមានអ្វីប្រែប្រួលទេ នេះនឹងក្លាយជាលើកដំបូងបំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ ដែលនឹងលែងមានការដាក់កម្រិត ចងភ្ជាប់ដោយច្បាប់លើកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរសហរដ្ឋអាមេរិក និងរុស្ស៉ី ខណៈមិនមានកិច្ចព្រមព្រៀងផ្សេងណាមួយកំពុងស្ថិតនៅក្រោមកិច្ចចរចាឡើយ។ មិនតែប៉ុណ្ណោះ វាក៏នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយក្នុងពេលជាង ៥ទសវត្សរ៍មកនេះនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរទ្វេភាគី និងជាការឱ្យសញ្ញាមួយពីការដើរចេញពីការដាក់កំហិតនុយក្លេអ៊ែរដែលនឹងធ្វើឱ្យពិភពលោកកាន់តែប្រឈមមុខនឹងគ្រោះថ្នាក់។

*​ អ្វីទៅជាសន្ធិសញ្ញា New START?
New START ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០ ក្នុងទីក្រុង Prague ដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev។ New START បានចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ហើយរហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ទើបសហរដ្ឋអាមេរិកក្រោមអាណត្តិរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន បានឯកភាពគ្នាលើ ការបន្តសុពលភាពនៃសន្ធិសញ្ញានេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៉ីបានប្រកាសថាខ្លួនបានសម្រេចចិត្តផ្អាកការអនុវត្តរបស់ខ្លួននៅក្រោមសន្ធិសញ្ញា New START។ New START មានប្រភពដើមចេញពីសន្ធិសញ្ញាមួយមានឈ្មោះថា START I ដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush និងអតីតមេដឹកនាំសូវៀត លោក Mikhail Gorbachev កាលពីឆ្នាំ១៩៩១ និងបានផុតកំណត់នៅខែធ្នូ ឆ្នាំ២០០៩។

ពាក្យ START គឺជាពាក្យកាត់នៃពាក្យពេញ Strategic Arms Reduction Treaty ឬសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ។ ចំណុចសំខាន់នៃសន្ធិសញ្ញា New START គឺការចែងកំណត់ពីការដាក់កំហិតឱ្យទាំងអាមេរិក និងទាំងរុស្ស៉ីអាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬរយៈចម្ងាយឆ្ងាយមិនឱ្យលើសពី ១៥៥០គ្រាប់។ ក្រៅពីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ New START ក៏កំណត់ផងដែរពីចំនួនមីស៊ីល និងយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិក និងរុស្ស៉ីអាចមានច្រើនបំផុតត្រឹម ៨០០ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅក្រោមសន្ធិសញ្ញានេះ ការរាប់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរគឺមានរបៀបរាប់អាស្រ័យលើថា តើក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានដាក់ពង្រាយលើមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬនៅលើយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។ ជាឧទាហរណ៍៖ ប្រសិនបើក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានបំពាក់លើមីស៊ីល ICBM (មិនថាជាប្រភេទមីស៊ីលបានចេញពីដី ឬចេញពីនាវាមុជទឹក) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់ នោះគេត្រូវរាប់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនីមួយៗដែលត្រូវបានបំពាក់លើមីស៊ីលនោះ។ ពោលគឺធ្វើយ៉ាងណាឱ្យ មិនអាចឱ្យលើសពី ១៥៥០គ្រាប់ឡើយ។

ដោយឡែក ក្នុងករណីយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរវិញ គេត្រូវរាប់ចំនួនយន្ដហោះដោយកំណត់ថាយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រឿង គឺស្មើនឹងគ្រាប់បែកនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយមួយគ្រាប់ មិនថាយន្ដហោះ នោះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់ក៏ដោយ។

* តើការផុតកំណត់មានន័យយ៉ាងណា?
នៅពេលដែលគ្មានសន្ធិសញ្ញា New START អ្វីដែលគេព្រួយបារម្ភនោះគឺហានិភ័យនៃការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរ ជាពិសេសប្រសិនបើសហរដ្ឋអាមេរិក និងរុស្ស៉ីចាប់ផ្ដើមបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមលើមីស៊ីលដែលមាន ស្រាប់ ឬក៏បង្កើនការផលិតប្រព័ន្ធអាវុធថ្មីៗមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមក្រុមអ្នកជំនាញ ថ្វីបើការបង្កើនការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរទ្រង់ទ្រាយធំនឹងមិនកើតឡើងក្នុងពេលភ្លាមៗទេក៏ដោយ តែបើគ្មានការដាក់កម្រិត និងតម្លាភាព នោះវានឹងធ្វើឱ្យពិបាកក្នុងការប៉ាន់ស្មានពីចេតនារបស់មហាអំណាចទាំង២ដែលនឹងបង្កផលលំបាកក្នុងការគ្រប់គ្រងវិបត្តិណាមួយ។

ផលវិបាកនេះអាចនឹងលើសពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី។ តួយ៉ាងសព្វថ្ងៃ ចិនបាន និងកំពុងពង្រីក ព្រមទាំងធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ ដូច្នេះការលុបចោលការរឹតត្បិតណាមួយលើ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងរុស្ស៉ី នោះវានឹងធ្វើឱ្យចុះខ្សោយនូវទឡ្ហីករណ៍នៃការរឹតត្បិតអាវុធនុយក្លេអ៊ែរនៅជុំវិញពិភពលោក ក៏ដូចជាពង្រឹងការយល់ឃើញថាពួកមហាអំណាចធំៗកំពុងដើរត្រឡប់ទៅ រកការប្រកួតប្រជែងគ្នាដោយបើកចំហ រីឯរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរផ្សេងទៀតនឹងតាមមើលយ៉ាងយកចិត្តទុកដាក់។ បន្ថែមពីលើនេះ កាលបរិច្ឆេទផុតកំណត់ក៏ជារឿងសំខាន់មួយដែរ។ ការផុតកំណត់របស់ New START នឹងកើតឡើងនៅមុនសន្និសីទត្រួតពិនិត្យឡើងវិញឆ្នាំ២០២៦លើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT។ រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតត្រូវបានរំពឹងថានឹងបង្ហាញពីភាពរីកចម្រើនស្ដីពីការរំសាយ និងគ្រប់គ្រងអាវុធ។ ប៉ុន្តែការរលាយបាត់ណាមួយនៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយគេបំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដោយមិនមានសន្ធិសញ្ញាថ្មីមកជំនួសទេ វានឹងក្លាយជាការបញ្ជូនសារថាពួកមហាអំណាចនុយក្លេអ៊ែរកំពុងបោះបង់ចោលការរឹតត្បិត។ ការណ៍នេះអាចនឹងបង្កឱ្យមានការខ្វែងគំនិតគ្នារវាងរដ្ឋមានអាវុធនុយក្លេអ៊ែរ និងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ព្រមទាំងធ្វើឱ្យការជឿទុកចិត្តលើសន្ធិសញ្ញា NPT ចុះខ្សោយ។

តាមក្រុមអ្នកជំនាញ New START មិនមែនជាដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់ការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៉ីនោះទេ។ តែទោះជាបែបនេះក្ដី សន្ធិសញ្ញានេះបានផ្ដល់មូលដ្ឋានគ្រឹះមួយនៃភាពដែល អាចព្យាករបានអំពីការធ្លាក់ចុះដុនដាបក្នុងទំនាក់ទំនងរវាងពួកមហាអំណាច។ ការបណ្ដោយឱ្យសន្ធិសញ្ញា New START ផុតកំណត់ នឹងលុបបំបាត់ចោលនូវមូលដ្ឋានគ្រឹះមួយនេះ។ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន កំហុសឆ្គងតិចតួចអាចនឹងបង្កទៅជាគ្រោះថ្នាក់ធំគ្រប់បានពេលវេលា។ ដូច្នេះការរក្សាទុកសន្ធិសញ្ញាមួយដែលដាក់កម្រិតការរឹតត្បិតគ្នាទៅវិញទៅមក នៅតែជាជម្រើសដ៏ល្អប្រសើរជាជាងការរុញច្រានពិភពលោកឱ្យធ្លាក់ចូល ទៅក្នុងការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់៕

-Fresh News-

អត្ថបទទាក់ទង