កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ
កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ
#Opinion
ទោះបីជាស្ថានភាពនៅតាមបណ្តោយព្រំដែនមិនបានកម្រើកឡើងវិញនិងមានសភាពស្ងប់ស្ងាត់មួយរយៈក្តី បន្ទាប់ពីកងទ័ពថៃបានអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ជម្លោះ គឺជាការ «រៀបចំទឹកដីឡើងវិញ»ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការរំលោភបំពានពីភាគីកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏កម្ពុជាមិនអាចទទួលយកទង្វើនេះបានឡើយ។
ការអះអាងនេះគឺបានបង្ហាញយ៉ាងច្បាស់ពីការឈ្លានពានបូរណភាពទឹកដីកម្ពុជាយ៉ាងពិតប្រាកដពីភាគីថៃ។ ម្យ៉ាងទៀត ការលើកឡើងនេះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងលើអធិបតេយ្យភាពទឹកដី ខណៈដែលភាគីថៃព្យាយាមប្រើប្រាស់កម្លាំងទ័ពដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅនឹងកន្លែង ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅយ៉ាងសុខសាន្តជាច្រើនជំនាន់មកហើយ។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា អធិបតេយ្យភាពទឹកដីត្រូវកំណត់ដោយឯកសារច្បាប់ជាប្រវត្តិសាស្ត្រដែលទទួលស្គាល់រួមគ្នាជាអន្តរជាតិ ជាពិសេសគឺអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀមដែលអាណានិគមបានបន្សល់ទុកមក។ ជំហររបស់កម្ពុជាគឺផ្អែកលើគោលការណ៍ច្បាប់ ចៀសវាងការប្រើប្រាស់ការអះអាងជាឯកតោភាគី ឬការព្យាយាមកែប្រែប្រវត្តិសាស្ត្រតាមអំពើចិត្តរបស់ថៃ ដើម្បីបម្រើឱ្យមហិច្ឆតាឈ្លានពានដោយកម្លាំងរបស់ខ្លួននោះឡើយ។ កម្ពុជាសង្កត់ធ្ងន់ថា ផែនទីដែលបានខណ្ឌសីមារវាងប្រទេសទាំងពីររួចហើយនិងបានតម្កល់ទុក និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ដែលត្រូវយកធ្វើជាភស្តុតាងមកដោះស្រាយ និងមិនអាចរំលោភបំពានបានឡើយ។
ការដែលកងទ័ពថៃទទួលស្គាល់ថា សហគមន៍កម្ពុជាបានចូលមករស់នៅក្នុងតំបន់នោះ «លើសពី ៤០ ឆ្នាំ» រួចមកហើយនោះ គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញថា ប្រតិបត្តិការយោធាបច្ចុប្បន្នរបស់ថៃ មិនមែនជាសកម្មភាពការពារខ្លួនចំពោះមុខនោះទេ។ ផ្ទុយទៅវិញ វាគឺជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពដែលមានស្ថិរភាពជាយូរអង្វែង(Status Quo) តាមរយៈការប្រើប្រាស់កម្លាំងយោធា។ សកម្មភាពនេះមិនត្រឹមតែរំលោភលើសិទ្ធិរស់រានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរផ្ទុយពីស្មារតីនៃភាពជាអ្នកជិតខាងល្អទៀតផង។
យោងតាមច្បាប់អន្តរជាតិ គ្មានរដ្ឋណាមួយមានសិទ្ធិ «រៀបចំឡើងវិញ» នូវទឹកដីដែលមានជម្លោះតាមរយៈការលុកលុយដោយកម្លាំងយោធា ឬការបណ្តេញប្រជាពលរដ្ឋដែលបានតាំងទីលំនៅអស់ជាច្រើនជំនាន់នោះឡើយ។ រាល់បញ្ហាពាក់ព័ន្ធនឹងការកំណត់បន្ទាត់ព្រំដែន ត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាស្ថាប័នស្របច្បាប់មានភារកិច្ចពិភាក្សា និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើបច្ចេកទេសសុទ្ធសាធ។
បើថៃពិតជាចង់លើកតម្កើងដំណោះស្រាយជម្លោះព្រំដែនក្នុងជំហរសន្តិភាព ដោយតាំងខ្លួនធ្វើជាអ្នកជិតខាងល្អ និងការគោរពច្បាប់ពិតប្រាកដមែន កម្ពុជាសូមអំពាវនាវយ៉ាងទទូចឱ្យភាគីថៃ បញ្ឈប់នូវរាល់សកម្មភាពឯកតោភាគីតាមរយៈកម្លាំងប្រដាប់អាវុធ ហើយវិលត្រឡប់មកតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការដោះស្រាយវិវាទតាមផ្លូវការទូត និងការគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ គឺជាផ្លូវតែមួយគត់ដើម្បីធានានូវសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូលផងដែរ៕
ដោយ៖ ឌី វីរៈ





