វិភាគអន្តរជាតិ៖ អ្វីទៅជាក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ហើយតើនរណាខ្លះចូលរួម?
#វិភាគអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំពិភពលោករាប់សិបនាក់ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកដែលមានគោលដៅដោះស្រាយជម្លោះសកល។ ប៉ុន្តែ ក្រុមមន្ត្រីការទូតបាននិយាយថាការបង្កើតក្រុមប្រឹក្សានេះនឹងធ្វើឱ្យខូចដល់ការងាររបស់អង្គការសហប្រជាជាតិ។ ខណៈសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានខ្លះឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន និងខ្លះទៀតបាន បដិសេធការអញ្ជើញរបស់លោក ត្រាំ បណ្ដាប្រទេសដទៃក្នុងនោះរួមមានទាំងប្រទេសមានទំនាក់ទំនងមិនសូវល្អជាមួយទីក្រុងវ៉ាស៊ីនតោន ដូចជាបេឡារុសបែរជាទទួលយកការអញ្ជើញទៅវិញ។
* ដូច្នេះតើអ្វីទៅជាក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ?
លោក ត្រាំបានស្នើជាលើកដំបូងឱ្យបង្កើតក្រុមប្រឹក្សាសន្តិភាពកាលពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងគ្រាដែលរូបលោកបានប្រកាសពីផែនការសន្តិភាពរបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ ក្រោយមកទៀត ទើបលោក ត្រាំ បានបញ្ជាក់ច្បាស់ៗថាក្រុមប្រឹក្សាសន្តិភាពមិនមែនមានគោលដៅត្រឹមតែដោះស្រាយបញ្ចប់សង្រ្គាមហ្កាហ្សាប៉ុណ្ណោះទេ តែគឺដោះស្រាយជម្លោះផ្សេងទៀតនៅជុំវិញពិភពលោកតែម្ដង។ តាមសេចក្ដីចម្លងនៃធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាពដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ លោក ដូណាល់ ត្រាំ នឹងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិភាព ហើយក្រុមប្រឹក្សានេះដែរមានភារកិច្ច លើកកម្ពស់សន្តិភាព និងដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព រដ្ឋជាសមាជិកនឹងត្រូវបានកំណត់អាណត្តិត្រឹម ៣ឆ្នាំ តែបើចង់បានកៅអីអចិន្ត្រៃយ៍ ត្រូវបង់វិភាគទាន ១ពាន់លានដុល្លារដើម្បីទ្រទ្រង់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាព។
សេតវិមានបានតែងតាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បេសកជនពិសេសរបស់លោក ត្រាំ លោក Steve Witkoff អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair និង កូនប្រសារប្រុសរបស់លោក ត្រាំ លោក Jared Kushner ជាក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាព។
* តើមានប្រទេសណាខ្លះបានទទួលយកការអញ្ជើញរបស់លោក ត្រាំ?
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានឱ្យដឹងកាលពីថ្ងៃទី២១ ខែមករាថាមេដឹកនាំពិភពលោក ៣៥រូបបានយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព នៅក្នុងចំណោមមេដឹកនាំ ៥០រូប ឬលិខិតអញ្ជើញចំនួន ៥០ច្បាប់ ដែលត្រូវបានផ្ញើ។ ប្រទេសទាំងនោះដែលបានទទួលយកការអញ្ជើញរបស់លោក ត្រាំ រួមមានសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ដូចជាអ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ហ្ស៊កដានី កាតា និងអេហ្ស៉ីប។ សមាជិក NATO មានតួកគី និងហុងគ្រី ខណៈអាហ្សង់ទីន ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូណេស៊ី កូសូវ៉ូ អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន ប៉ារ៉ាហ្កាយ និងវៀតណាម ក៏បានយល់ព្រម ទទួលយកការអញ្ជើញរបស់លោក ត្រាំដែរ។
ប្រទេសដទៃទៀតដែលបានទទួលយកការអញ្ជើញដែរនោះរួមមាន អាមេនី និងអាស៊ែបៃហ្សង់ដែលប្រទេសទាំង២នេះបានទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពី ខែសីហា ឆ្នាំមុន បន្ទាប់ពីមានជំនួបជាមួយលោក ត្រាំនៅឯសេតវិមាន។ លើសពីនេះទៅទៀត ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលបណ្ដាប្រទេសលោកខាងលិចមិនចង់រាប់រក ដោយសារតែការរំលោភបំពានសិទ្ធិមនុស្ស និងការគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានទទួលយកការអញ្ជើញរបស់លោក ត្រាំ ស្របពេលមានសញ្ញានៃភាពល្អប្រសើរឡើងនៃទំនាក់ទំនងរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមីនស្ក៍។ រុស្ស៉ីវិញដែលកំពុងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកក្រោមអាណត្តិរបស់លោក ត្រាំ មិនទាន់ឆ្លើយតបថាទទួល ឬមិនទទួលយកការអញ្ជើញរបស់លោក ត្រាំ នៅឡើយទេ។ រីឯចិន និងកម្ពុជាក៏មិនទាន់ផ្ដល់ចម្លើយតបនៅឡើយដែរ។ រុស្ស៉ី និងចិនសុទ្ធតែមានអំណាចវេតូនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះប្រទេសទាំង២ទំនងជានឹងប្រយ័ត្នប្រយែង ខ្លាំងចំពោះគំនិតផ្ដួចផ្តើមណាមួយដែលពួកគេយល់ថាអាចបំផ្លាញអំណាចរបស់ពួកគេនៅអង្គការពិភពលោកដូចជា UN។ លោក ត្រាំដែលតែងតែរិះគន់ UN ថាជាស្ថាប័នគ្មានប្រសិទ្ធភាព បាននិយាយ សម្រាលការព្រួយបារម្ភដែលថារូបលោកចង់ឱ្យក្រុមប្រឹក្សាសន្តិភាពដើរតួនាទីជំនួស UN។ «ខ្ញុំជឿថាអ្នកគួរតែឱ្យ UN បន្តធ្វើប្រតិបត្តិការ ពីព្រោះសក្តានុពលមានវិសាលភាពធំធេង»។ នេះជាការលើកឡើងរបស់ លោក ត្រាំ។ គេមិនដឹងថាលោក ត្រាំនិយាយមែន ឬក៏នេះគ្រាន់តែជាការឌឺដង ឬយ៉ាងណានោះទេ?
* តើមានប្រទេសណាខ្លះបានបដិសេធការអញ្ជើញ ឬមិនទាន់ផ្ដល់ចម្លើយ?
ក្រុមប្រឹក្សាសន្តិភាពដែលបាន និងកំពុងលេចចេញជារូបរាងឡើងចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងប្រេះឆាជុំវិញដែនដី Greenland ពន្ធគយ និងបញ្ហាជាច្រើនផ្សេងទៀត បានជំរុញ ឱ្យសម្ព័ន្ធមិត្តជិតស្និទ្ធមួយចំនួនរបស់សហរដ្ឋអាមេរិកដែលមិនមានផាសុខភាពដោយសារតែគោលនយោបាយ America First របស់លោក ត្រាំ មានការប្រុងប្រយ័ត្នក្នុងការឆ្លើយតប។ ន័រវែស និងស៊ុយអែត បានបដិសេធទទួលយកការអញ្ជើញ ខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីតាលី លោក Giancarlo Giorgetti បាននិយាយថាការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពមើលទៅទំនងជារឿងពិបាកមួយ។
ជាឧទាហរណ៍៖ កាសែតអ៉ីតាលី Corriere della Sera បានរាយការណ៍ថាការចូលរួមក្នុងក្រុមមួយដឹកនាំដោយមេដឹកនាំនៃប្រទេសមួយអាចនឹងបំពានលើរដ្ឋធម្មនុញ្ញរបស់អ៉ីតាលីដែលកំណត់ថាអ៉ីតាលី អាចចូលរួមក្នុងអង្គការណាដែលអាចឱ្យអ៉ីតាលីទទួលបានលក្ខខណ្ឌស្មើមុខស្មើមាត់ជាមួយបណ្ដារដ្ឋដទៃទៀត។ បារាំងវិញក៏បានបង្ហាញពីបំណងបដិសេធការអញ្ជើញដែរ ជាហេតុធ្វើឱ្យលោក ត្រាំ ក្ដៅស្លឹកត្រចៀក និងគំរាមយកពន្ធគយ២០០រយលើស្រាក្រហម និងស្រាសាំស្ប៉ាញរបស់បារាំង រហូតទាល់តែទីក្រុងប៉ារីសចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក។ ក្រៅពីសម្ព័ន្ធមិត្តអាមេរិកទាំងនេះ កាណាដាបាននិយាយថាខ្លួនយល់ព្រមជាគោលការណ៍ទទួលយកការអញ្ជើញ តែមិនទាន់មានការបញ្ជាក់លម្អិតអ្វីទេ។ សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកផ្សេងទៀតដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន មិនទាន់បានផ្ដល់ចម្លើយ ឬបង្ហាញជំហរជាសាធារណៈទៅនឹងការអញ្ជើញរបស់លោក ត្រាំនៅឡើយទេ បើទោះជាអ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថាលោកអធិការបតី Friedrich Merz នឹងមិនចូលរួមក្នុងពិធីចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាសន្តិភាពនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯវេទិការសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ទេក៏ដោយ។
ដោយឡែក អ៊ុយក្រែនបាននិយាយថាមន្ត្រីការទូតរបស់ខ្លួនកំពុងវាយតម្លៃលើការអញ្ជើញ តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាវាជារឿងដ៏លំបាកមួយសម្រាប់លោក ក្នុងការសម្រៃថាអ៊ុយក្រែនត្រូវចូលរួមក្នុងក្រុមប្រឹក្សាណាមួយដែលមានវត្តមានរុស្ស៉ីនៅក្នុងនោះដែរ បន្ទាប់ពីសង្រ្គាមជិត៤ឆ្នាំមកនេះ។ កាលពីថ្ងៃទី២១ ខែមករា បុរីវ៉ាទីកង់បានឱ្យដឹងថាសម្ដេចប៉ាប Leo ដែលជាសម្ដេចប៉ាបជាជនជាតិអាមេរិកដំបូងបំផុត និងជាអ្នករិះគន់គោលនយោបាយមួយចំនួនរបស់លោក ត្រាំ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពផងដែរ ហើយបុរីវ៉ាទីកង់កំពុងសិក្សា និងវាយតម្លៃលើការអញ្ជើញនេះ។
* តើក្រុមប្រឹក្សាសន្តិភាពមានអំណាចដល់កម្រិតណា?
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្ដល់អាណត្តិឱ្យក្រុមប្រឹក្សាសន្តិភាពរហូតដល់ឆ្នាំ២០២៧ និងផ្តោតតែទៅលើការដោះស្រាយបញ្ហានៅហ្កាហ្សាតែប៉ុណ្ណោះ។ រុស្ស៉ី និងចិនបានបោះឆ្នោតអនុបវាទ ដោយលើកឡើងថាដំណោះស្រាព្រាងឡើងដោយសហរដ្ឋអាមេរិកមិនបានផ្ដល់ឱ្យ UN នូវតួនាទីច្បាស់លាស់មួយនៅក្នុងអនាគតនៃតំបន់ហ្កាហ្សានោះទេ។ ដំណោះស្រាយរបស់ សហរដ្ឋអាមេរិកបានស្វាគមន៍ការបង្កើតក្រុមប្រឹក្សាសន្តិភាពក្នុងនាមជារដ្ឋបាលបណ្ដោះអាសន្នដែលនឹងកំណត់ក្របខណ្ឌការងារ និងធ្វើការសម្របសម្រួលលើមូលនិធិសម្រាប់ការអភិវឌ្ឍតំបន់ហ្កាហ្សាឡើងវិញ នៅក្រោមផែនការសន្តិភាពហ្កាហ្សារបស់លោក ត្រាំ រហូតទាល់តែអាជ្ញាធរប៉ាឡេស្ទីនធ្វើកំណែទម្រង់ដល់កម្រិតមួយដែលអាចទទួលយកបាន។ ដំណោះស្រាយដដែលក៏បានអនុញ្ញាតផងដែរឱ្យ ក្រុមប្រឹក្សាសន្តិភាពដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិជាបណ្ដោះអាសន្នក្នុងតំបន់ហ្កាហ្សា។ ក្រុមប្រឹក្សាសន្តិភាពត្រូវបានតម្រូវឱ្យរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន សមាជិក១៥ប្រទេស ជារៀងរាល់៦ខែម្ដងអំពីវឌ្ឍនភាពរបស់ខ្លួន។
ប៉ុន្តែបើនិយាយហួសពីតំបន់ហ្កាហ្សា វាមិនទាន់ច្បាស់នោះទេថាតើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំមានអំណាចដល់កម្រិតណា? ហើយគេក៏មិនទាន់ដឹងថាតើក្រុមប្រឹក្សានេះនឹងធ្វើប្រតិបត្តិការដូចម្ដេចជាមួយ អង្គការសហប្រជាជាតិ និងបណ្ដាអង្គការអន្តរជាតិដទៃទៀតនោះដែរ? ធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពបាននិយាយថាប្រធានក្រុមប្រឹក្សា គឺលោក ត្រាំ នឹងមានអំណាចប្រតិបត្តិយ៉ាងធំ ក្នុងនោះរួមមានទាំង អំណាចដើម្បីវេតូប្រឆាំងនឹងការសម្រេចចិត្តទាំងឡាយ រួមទាំងដកសមាជិកណាមួយចេញពីក្រុមប្រឹក្សាសន្តិភាពនៅក្រោមលក្ខខណ្ឌមួយចំនួន។ បើតាមធម្មនុញ្ញរបស់ខ្លួន ក្រុមប្រឹក្សាសន្តិភាពនឹងធ្វើសកម្មភាពកសាងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ៕
-Fresh News-






