Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លិខិតអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1011
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លិខិតអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លិខិតអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា

…………….

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកនិងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព នេះគឺជាកតិត្តិយសសម្រាប់ឯកឧត្តមក្នុងការអញ្ជើញសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រត្តិសាស្ត្រ ដើម្បីសន្តិភាព។ ឯកឧត្តម ប៉ែន បូណា បានថ្លែងដូចនេះ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ នៅក្នុងឱកាសនៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស « ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថាយោងលិខិតអញ្ជើញផ្លូវការចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូនិងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុក ថាមានសារៈសំខាន់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល៕