រាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលបានទទួលរងការខូចខាតដែលមានជាអាថ៌ សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលប៉ះពាល់ខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្ដែង។
ឆ្លៀតក្នុងឱកាសថ្លែងក្នុងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បណ្ដារប្រទេសជាមិត្ដ និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានផ្ដល់ជំនួយជាសម្ភារៈ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសសឹក ជាពិសេសការស្ដារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជុសជុលហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សង្ឃឹមថា បណ្ដារប្រទេសជាមិត្ដ និងដៃគូអភិវឌ្ឍន៍ដទៃទៀតនឹងបន្ដជួយដល់កិច្ចដំណើរការរបស់កម្ពុជាឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ជាពិសេសការស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។
ជាថ្មីម្ដងទៀតសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះចលនាមហាជនដ៏ផុសផុលនៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ដ ក៏ដូចជាការផ្ដល់ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាជូនដល់វីរៈកងទ័ព វីរៈនគរបាលជួរមុខ និងបងប្អូនភៀសសឹកកន្លងមក ជាពិសេសស្មារតីស្នេហាជាតិមាតុភូមិ និងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ៕






