Grand News Asia Close

សម្តេចធិបតី៖ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាល និងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា និងបានកំពុងអនុវត្តជាមួយគ្នា

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានជាតិ 1021
សម្តេចធិបតី៖ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាល និងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា និងបានកំពុងអនុវត្តជាមួយគ្នា សម្តេចធិបតី៖ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាល និងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា និងបានកំពុងអនុវត្តជាមួយគ្នា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។

ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។

បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាល និងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា និងបានកំពុងអនុវត្តជាមួយគ្នា។

បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។

កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតអោយប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។

មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃនៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ ១០០% និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេស និងស្របតាមសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀងនានាជាធរមាន និងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នា។

ហេតុដូច្នេះ នៅពេលដែលកងទ័ពយោធភូមិភាគទី១ថៃ បានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) ដែលរួមទាំងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ផងនោះ គឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិ។

ខ្ញុំសង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ នេះជាវិធីសាស្ត្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត ព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ។

ការវាស់វែងបានលទ្ធផលយ៉ាងណា កម្ពុជានឹងគោរពតាម។ ខ្ញុំសង្ឃឹមថាប្រទេសថៃ នឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា។


——————
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង