Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីជួបជុំសំណេះសំណាល និងពិសាអាហារ សាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 108

 

CNV:

ថ្ងៃនេះ យើងមានឱកាសបានមកជួបជុំគ្នាម្តងទៀត នៅក្រោមបរិយាកាសដ៏សែនរីករាយ និងមានសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត!

ជារៀងរាល់ឆ្នាំ ខ្ញុំនិងភរិយាតែងតែពិនិត្យតាមដានរាល់ព្រឹត្តិការណ៍កីឡា ជាពិសេស សុខទុក្ខកីឡាករ កីឡាការិនីដែលបាន និងកំពុងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត។ ជាមួយនេះ ក្រោមម្លប់ និងគុណតម្លៃនៃសន្តិភាពបានកំណត់គោលដៅនៃយុទ្ធនា​ការអប់រំសង្គមនិងផ្សព្វផ្សាយប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡាមួយមុខ” “កម្ពុជាស្អាត” “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន”។

កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ​ ទើបសម្រេចចិត្តយកឆ្នាំ​២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​ អាស៊ានប៉ារ៉ាហ្គេម។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសាដើម្បីត្រៀមខ្លួន ប្រកបដោយសមត្ថភាព​ ពេញលេញ និងកៀរគរធនធានចាំបាច់​គ្រប់គ្រាន់ ​សម្រាប់រៀបចំ​ការប្រកួតកីឡា​ថ្នាក់​តំបន់​ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកប​ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។ ក្នុងស្មារតីនេះ ខ្ញុំតែងតែដាស់តឿនឲ្យមហាគ្រួសារកីឡា ក្រសួងស្ថាប័ន​ អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គម-វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។

កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺជាមោទនភាពជាតិដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡា ដែលមានវត្តមានចូលរួមនាពេលនេះ។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និង ភ្ញៀវជាតិ-អន្តរជាតិ​ ដើម្បី​ទទួលបានបទ​ពិសោធន៍​​ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

[ចាប់ផ្ដើមអត្ថាធិប្បាយ ១]

(១) ផឹកទឹកត្រូវនឹកទៅដល់ប្រភព ទទួលទានផ្លែឈើត្រូវនឹកទៅដល់អ្នកដាំដើម

ខ្ញុំគួរតែបញ្ជាក់នៅត្រង់ទីនេះបន្តិចថា យើងរៀបចំបាននូវស៊ីហ្គេមឆ្នាំ២០២៣នេះ យើងគប្បីនឹកឃើញទៅដល់គុណូបការៈ​គុណដ៏ថ្លៃថ្លារបស់ព្រះករុណាអតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋនៅពេលនោះ ដែលព្រះអង្គខិតខំកសាងនូវមូលដ្ឋាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលពេលនោះសម្រាប់ការធ្វើ GANEFO។ បើទោះបីជាយើងឆ្លងកាត់សង្រ្គាម ការបែកបាក់ និងវិនាសកម្មនៃរបប ប៉ុល ពត ក៏ប៉ុន្តែស្ដាតអូឡាំពិកនៅតែជាមូលដ្ឋានដ៏ល្អមួយសម្រាប់ផ្ដល់ឲ្យយើងនូវការប្រកួតក្នុងឆ្នាំ២០២៣នេះ ដែលយើងប្រើពាក្យថា «ផឹកទឹកត្រូវនឹកទៅដល់ប្រភព ទទួលទានផ្លែឈើត្រូវនឹកទៅដល់អ្នកដាំដើម»។ មូលដ្ឋានកីឡាមួយចំនួនទៀត បាននិងកំពុងស្ថិតនៅជាមរតក​សម្រាប់យើងក្នុងការប្រកួតនៅពេលនេះ។

មួយផ្នែកទៀត ខ្ញុំក៏មិនភ្លេចយកឱកាសនេះដើម្បីថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស ប្រធានាធិបតី Xi Jinping ដែលបានផ្ដល់នូវជំនួយនូវស្តាតដ៏ស្រស់សម្រាប់ការប្រកួតស៊ីហ្គេមនៅពេលនេះ។ យើងអាចនិយាយបានដោយត្រង់ៗថា ប្រសិនបើគ្មានជំនួយឧបត្ថម្ភនូវស្តាតដ៏ធំមួយនេះទេ យើងក៏លំបាកក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ឬយ៉ាងហោចណាស់យើងក៏ត្រូវទាញយកថវិកាជាតិដ៏តិចតួចរបស់យើង ខ្សត់ខ្សោយរបស់យើង ទៅបំពេញឲ្យតម្រូវការនៃការកសាងមូលដ្ឋានសម្រាប់ការប្រកួត។ យើងក៏បានធ្វើមូលដ្ឋាននៃការប្រកួតដោយថវិកាជាតិរបស់យើងនាពេលនេះ ក៏ប៉ុន្តែ ខ្ញុំអាចនិយាយបានថា មរតកដើមដែលបន្សល់ទុកដោយព្រះករុណាព្រះប្រមុខរដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បូកនឹងជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋប្រជាមានិតចិន បូកជាមួយនឹងមូលដ្ឋានសម្ភារដែលយើងកសាងបានដោយខ្លួនឯង ទើបយើងបង្កើតឲ្យមាននូវស្ថានភាពដូចថ្ងៃនេះ។

(២) ពន្យារការធ្វើម្ចាស់ផ្ទះដល់ឆ្នាំ២០២៣ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ដូចដែលខ្ញុំបានបញ្ជាក់ជារឿយៗហើយថា ហេតុអ្វីបានជាកម្ពុជាត្រូវរងចាំរហូតដល់ឆ្នាំ២០២៣ ទើបនឹងចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះ? ចំណុចនេះ ខ្ញុំបានពន្យល់និងសុំការយោគយល់ពីប្រជាជនកម្ពុជារបស់យើង។ ពេលនោះយើងត្រូវការនូវថវិកាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូចជាការកសាងផ្លូវ ថ្នល់ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន។ យើងសន្សំទុកប្រាក់កាក់នោះធ្វើកិច្ចការទាក់ទងនឹងការអភិវឌ្ឍជាមុន។ កីឡាក៏ជាប្រភេទនៃការអភិវឌ្ឍ ប៉ុន្តែការទ្រទ្រង់របស់យើងដែលទទួលបានពីការលូតលាស់រីកចម្រើននៃសេដ្ឋកិច្ចជាតិ​ វាក៏បានជម្រុញឲ្យយើងមានស្ថានភាពដូចពេលនេះ។

(៣) រៀបចំមន្ទីរពេទ្យមានកន្លែងឯកទេសព្យាបាលកីឡាករ/ការិនី

ខ្ញុំក៏គួរតែបញ្ជាក់ជូនកីឡាករ/ការិនី ឲ្យបានជ្រាបថា រយៈពេលកន្លងទៅនេះ ដោយសារតែបានឃើញនូវស្ថានភាពដ៏លំបាករបស់កីឡាករ/ការិនីនៅក្នុងពេលប្រកួត ខ្ញុំបានសម្រេចជាមួយនឹងក្រសួងសុខាភិបាល រៀបចំឲ្យមានមន្ទីរពេទ្យសម្រាប់ព្យាបាលកីឡាករ​/ការិនីរបស់យើង ដែលមានការរងរបួសបន្ទាប់ពីការប្រកួត ជាពិសេស កីឡាបាល់ទាត់និងកីឡាប្រដាល់។ ខ្ញុំមិនមែនសំដៅត្រឹមតែ ២ នោះទេ។ យើងសំដៅទៅដល់កីឡាគ្រប់ប្រភេទទាំងអស់ ដែលមានការពាក់ព័ន្ធ ហើយយើងនឹងមានទីកន្លែងព្យាបាលឯកទេស។ មុននេះខ្លះទៅព្យាបាលនៅគ្លីនិកឯកជន ខ្លះទៅព្យាបាលនៅកន្លែងនេះ/នោះ មិនទៀងទាត់។ ចាប់ពីពេលនេះតទៅ យើងមានកន្លែងសម្រាប់ព្យាបាលកីឡាករ/ការិនីរបស់យើង ដើម្បីធានាឲ្យពួកគេទទួលបាននូវការថែទាំពេញលេញ។

(៤) ក្រសួងពាក់ព័ន្ធរៀបចំគោលនយោបាយឧបត្ថម្ភដល់កីឡាករ/ការិនីរបួសឬពិការ ដោយការប្រកួត

ជាមួយនោះ ខ្ញុំក៏សូមឲ្យក្រសួងដែលមានការពាក់ព័​ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈ​កម្មាធិការរៀបចំកីឡាអូឡាំពិកកម្ពុជា ធ្វើការរួមគ្នាដើម្បីពិនិត្យអំពីលក្ខខណ្ឌខ្លះទាក់ទងទៅនឹងកីឡា។ ពេលដែលមានការប្រកួត ហើយត្រូវរបួសក្លាយខ្លួនជាជនពិការ តើពួកគេនឹងត្រូវទទួលអ្វីខ្លះយ៉ាងណា? កងទ័ព នគរ​បាលរបស់យើង នៅពេលដែលមានប្រតិបត្តិការ ហើយពលីឬក៏របួស ពិការ សុទ្ធតែត្រូវមានប្រាក់របប។ នៅពេល ចូលប្រកួត កីឡាករ/ការិនីតំណាងឲ្យកិត្តិយសជាតិ ឬក៏ប្រកួតនៅក្នុងក្របខណ្ឌនៃការទទួលខុសត្រូវរបស់យើង។ នៅពេលដែលមានរបួស ឬពិការ តើយើងត្រូវរៀបចំគោលនយោបាយរបស់ពួកគេយ៉ាងណា? នេះជាការបញ្ជាក់បន្ថែម ដើម្បីភាពជឿជាក់របស់កីឡាករ/ការិនីរបស់យើង ក្នុងការឈានឡើងទៅរកភាពខ្លាំងរបស់ខ្លួន ក្រោមក្របខណ្ឌជាតិរបស់យើង។

[បញ្ចប់អត្ថាធិប្បាយ ១]

ពេលវេលានៅសេសសល់មកដល់ពេលនេះ គឺមានតែ ៣២ ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបើកជាផ្លូវការនឹងចូលមកដល់នាថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣។ ពេលវេលាសម្រាប់ម្ចាស់ផ្ទះ នាដំណាក់កាលចុងក្រោយនេះ ត្រូវការចាំបាច់នូវកម្លាំងសាមគ្គីភាពផ្ទៃក្នុងការងារ គោរពវិន័យការងារ និងតួនាទី ភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់​។ ដូច្នេះ ដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះ ខ្ញុំសូមដាក់ចេញនូវបទបញ្ជានិង ជាគោលការណ៍សំខាន់ៗដូចខាងក្រោម៖

១. ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសុខដុមរមនាការងារក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ជាពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។

២. គណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដូច្នេះ ក្នុងដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឲ្យដោះស្រាយចំណាយមុន ទើបរៀបចំសក្ខីបត្រ​ទូទាត់ក្រោយ ដោយត្រូវមានការឯកភាពជាគោលការណ៍របស់ សម្តេចពិជ័យសេនា ប្រធាន គ.ជ.ប.អ។ ក្នុងករណីចាំបាច់ សម្តេចពិជ័យសេនា អាចស្នើសុំគោលការណ៍​ ឬការណែនាំពីនាយករដ្ឋមន្រ្តី។

៣. រដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។

៤. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការ និងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគេជ័យ។

៥. សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ ​គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនី ក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី។

៦. ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួត សូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ​។

[ចាប់ផ្ដើមអត្ថាធិប្បាយ ២]

(៥) កីឡាករជាង ១២ ០០០ នាក់ រួមទាំងអ្នកគាំទ្រ, ស្នើសុំការយោគយល់បើមានការកកស្ទះ

យោងតាមរបាយការណ៍របស់ឯកឧត្ដម ថោង ខុន កីឡាករ/ការិនីមកពីគ្រប់ប្រទេស គឺមានរហូតទៅដល់ជាង ១២ ០០០ នាក់។ ដូច្នេះ គ្រាន់តែការធ្វើដំណើរ មធ្យោបាយធ្វើដំណើរ និងការស្នាក់នៅ វាមិនមែនជាការងាយស្រួលទេ។ នេះអាចនិយាយបានថា ជាការទទួលភ្ញៀវទ្រង់ទ្រាយធំ ដែលយើងមិនធ្លាប់មានពីមុនមក។ យើងត្រូវរក្សានូវស្ថានដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរនានារបស់កីឡាករមកពីបណ្ដាប្រទេសផ្សេង​ៗ រាប់ទាំងកីឡាករក្នុងប្រទេសយើងផងដែរ។ តម្រូវការនៅទីក្រុងភ្នំពេញនេះ ច្បាស់ណាស់ថានឹងមានការកកស្ទះចរាចរណ៍។ ខ្ញុំក៏សុំស្នើសុំការយោគយល់ពីសំណាក់ប្រជាជននៅក្នុងរាជធានីភ្នំពេញ នៅពេលដែលមានការជាប់គាំងណាមួយ ដើម្បីយើងចេញដំណើរដឹកកីឡាករពីប្រទេសនានាទៅតំបន់ប្រកួត និងចេញពីតំបន់ប្រកួតទៅកាន់កន្លែងស្នាក់នៅ។ ច្បាស់ជាមានជួបប្រទះនូវបញ្ហា។ សុំការយោគយល់។ យើងធ្វើជាម្ចាស់ផ្ទះ យើងត្រូវមានការទទួលខុសត្រូវមួយ ដើម្បីធានានូវកម្មវិធីប្រកួតនិងធានាសុវត្ថិភាពសម្រាប់កីឡាករ/ការិនី ដែលមានរហូតទៅដល់ជាង ១២ ០០០ នាក់ បូកបន្ថែមទៅដោយអ្នកគាំទ្រទាំងឡាយមកកាន់ប្រទេសយើង។

[បញ្ចប់អត្ថាធិប្បាយ ២]

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណចំពោះវត្តមានចូលរួមក្នុងពិធីដ៏រីករាយនាពេលនេះ ហើយខ្ញុំនឹងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទនភាពជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជាមួយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងមហាគ្រួសារកីឡាជាតិយើងដើម្បីធ្វើឲ្យព្រឹត្តិការណ៍ “កម្ពុជាឆ្នាំ ២០២៣” ទទួលបានជោគជ័យដ៏ធំធេង និងធានាឲ្យ “ក្រុមជម្រើសជាតិកម្ពុជា” សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដែលបានរៀបចំត្រៀមការប្រកួតបានយ៉ាងរលូន និងមានវឌ្ឍនភាពល្អប្រសើរ។ ខ្ញុំសូមអរគុណដល់សហព័ន្ធកីឡាជាតិ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍ​បច្ចេក​ទេសកីឡារបស់ខ្លួនគួរជាទីសង្ឃឹម ឈានទៅរកឧត្តមភាពក្នុងការប្រកួតក្នុងនាមម្ចាស់ផ្ទះ។ ខ្ញុំសូមថ្លែងអំណរ គុណដល់ក្រុមហ៊ុនឧបត្ថម្ភគាំទ្រទាំងអស់ ដែលរួមចំណែកជួយដល់ព្រឹត្តិការណ៍ និងគោលការណ៍សន្សំសំចៃ​ផង។

[ចាប់ផ្ដើមអត្ថាធិប្បាយ ៣]

(៦) មិនតម្រូវឲ្យមានការលក់សំបុត្រ តែចាំបាច់តម្រូវឲ្យមានសំបុត្របង្ហាញកៅអីនិងទីតាំងអង្គុយ

នៅក្នុងឱកាសនេះ ខ្ញុំក៏សូមឆ្លៀតឱកាសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលចូលមើលស៊ីហ្គេម ទាំងពេលបើកនិងបិទ មិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ។ ក៏ប៉ុន្តែយើងត្រូវតែរៀបចំសណ្ដាប់ធ្នាប់ឲ្យបានត្រឹមត្រូវ។ សំ​បុត្រត្រូវតែមាន តែសំបុត្រនោះមិនត្រូវបង់ថ្លៃទេ ទាំងភ្ញៀវជាតិនិងអន្តរជាតិ។ ពួកយើងមិនទទួលដោយការលក់ដោយតម្លៃណាមួយនោះទេ។ ហេតុផលអ្វីបានជាត្រូវមានសំបុត្រ? យើងត្រូវដឹងថាស្តាតក្នុងពិធីបើក និងពិធីបិទ គឺមានទំហំធំណាស់។ ប្រសិនបើប្រជាជនដែលចូលទៅទស្សនា មិនបានដឹងពីទីតាំងកន្លែងដែលខ្លួនត្រូវអង្គុយនៅទីណាទេ កៅអីលេខប៉ុន្មាន នៅតំបន់ណា ត្រូវចូលតាមច្រកទ្វារណា? វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ ព្រោះមនុស្សទាំងអស់គឺទៅកាន់ទីកន្លែងតែមួយ។ ដូច្នេះមិនបានបែងចែកឲ្យបានត្រឹមត្រូវជាមួយនឹងតំបន់ដែលទីកន្លែង រហូតទៅដល់ដណ្ដើមកៅអីគ្នាអង្គុយ នេះវាមិនមែនជារឿងល្អទេ។ ខ្ញុំបានណែនាំការងារនេះនៅក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តី ដែល CAMSOC បានដឹកនាំ បន្តទទួលធ្វើការងារនេះ។ (ការទស្សនា)គ្រប់សហព័ន្ធកីឡាទាំងអស់ ក៏មិនត្រូវទទួលការបង់ថ្លៃ ក៏ប៉ុន្តែយើងមានកន្លែងកំណត់ មិនអាចមកមួយពេល ទីកន្លែងមួយ លើសចំណុះនោះទេ។ ដូច្នេះហើយបានជាខ្ញុំចាំបាច់ត្រូវតែបញ្ជាក់ឲ្យបានច្បាស់អំពីបញ្ហានេះ។

(៧) មិនតម្រូវឲ្យមានការលក់សិទ្ធិផ្សព្វផ្សាយបន្តនូវព្រឹត្តិការណ៍ប្រកួត

ការផ្សព្វផ្សាយទៀតសោត មិនតម្រូវឲ្យមានការបង់ថ្លៃនោះទេ។ យើងមិនមែនត្រូវការប្រាក់កាសដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬការផ្សព្វផ្សាយណាមួយពីកម្ពុជាទេ។ តម្រូវការចាំបាច់របស់យើងនៅពេលនេះមិនមែនប្រាក់លក់សំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ។ តម្រូវការចង់ឲ្យពិភពលោកស្គាល់កម្ពុជាតែម្ដង។ ដូច្នេះការផ្សព្វផ្សាយពីមុនដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយដែលខ្ញុំបានបញ្ចេញសារ ត្រូវតែបញ្ចប់។ ក៏បានបញ្ចប់រួចហើយដែល តែខ្ញុំគ្រាន់តែបញ្ជាក់ថា ហេតុអីបានជាមិនឲ្យទិញសំបុត្រ តែត្រូវការសំបុត្រ។ សំបុត្រត្រូវតែមាន ដើម្បីកំណត់ទីតាំងកន្លែងអង្គុយ ហើយនិងតំបន់ដែលត្រូវចូលទៅ ព្រោះមានច្រកទ្វារច្រើនណាស់។ អ្នកណាចូលតាមច្រកទ្វារណាៗ ទៅកៅអីលេខប៉ុន្មាន នៅទីតាំងតំបន់ណា? ត្រូវតែមានយ៉ាងដូច្នេះ បើមិនដូច្នោះទេនៅពេលដែលមានឧបទ្ទវហេតុកើតឡើង វាបង្កើតទៅជាបាត់សណ្ដាប់ធ្នាប់តែម្ដង។ សូមប្រជាពលរដ្ឋមេត្តាយោគ​យល់សម្រាប់ការរៀបចំមួយនេះ។ មិនមានការទិញសំបុត្រ ប៉ុន្តែត្រូវតែមានសំបុត្រដោយឥតគិតថ្លៃ ដើម្បីកំណត់ទីតាំងចូល ទីតាំងកន្លែងអង្គុយរបស់ខ្លួន។

(៨) រំពឹងជោគជ័យនៃកីឡាករទាំងពិការនិងមិនពិការ ដោយការហ្វឹកហាត់និងប្រកួតក្នុងផ្ទះខ្លួនឯង

ល្ងាចនេះ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ខ្ញុំសុំស្នើឲ្យកីឡាករ/ការិនីរបស់យើងរាំលេងឲ្យសប្បាយ។ អង្គុយយូរ ប្រហែលជាត្រជាក់សាច់ដុំ នាំគ្នាឡើងមករាំសប្បាយរីករាយ។ សុំអ្នកភ្លេងត្រៀមបទ «ផ្លូវទៅផ្ទះម្ដាយក្មេក»។ ​ឆ្នាំនេះ អ្នកទាំងអស់គ្នានឿយហត់ណាស់ហើយក្នុងការហ្វឹកហាត់ ក៏ប៉ុន្តែ យើងត្រូវតែមានការហ្វឹកហាត់បន្ថែមទៀត ដើម្បីធានាជោគជ័យ ហើយជោគជ័យរបស់យើងមិនមែនបានមកពីការប្រកួតដោយខ្វះបច្ចេកទេស ខុសបច្ចេកទេសឬរហូតទៅដល់ប្រើប្រាស់នូវសារធាតុញៀនទេ ទាំងកីឡាដែលធម្មតា​និងបងប្អូនកីឡាពិការ។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះ ខ្ញុំរង់ចាំទទួលយកនូវមេដាយដែលមានចំនួនច្រើនដែលចេញពីកីឡាពិការរបស់យើង ព្រោះថាជារៀងរាល់ឆ្នាំ នៅព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺកីឡាជនពិការរបស់យើង តែងទទួលបាននូវមេដាយច្រើន។ បើតាមដែល ឯកឧត្ដម យី វាសនា បាននិយាយ អាចមានមេដាយរហូតដល់ពាក់កណ្ដាលលើសទ្វេដង។ ខ្ញុំរង់ចាំ ហើយខ្ញុំក៏សង្ឃឹមថារង់ចាំនូវកីឡាករ/ការិនីយើងនៅទីនេះ នឹងទទួលបានមេដាយទ្វេដង បើប្រៀបធៀបទៅនឹងការប្រកួតតាមប្រទេសនានា ព្រោះយើងប្រកួតក្នុងផ្ទះរបស់យើង។

[បញ្ចប់អត្ថាធិប្បាយ ៣]

ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរសម្រាប់វឌ្ឍនភាពនៃការរៀបចំសម្រាប់ស៊ីហ្គេម និងវឌ្ឍនភាពនៃការហ្វឹកហាត់របស់កីឡាករ/ការិនីទាំងអស់ ខ្ញុំសូមប្រសិទ្ធពរជូនចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា កីឡាករ កីឡាការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,

At the meeting with sportsmen/women of Cambodia

[Unofficial Translation]


CNV:

(1) Drinking water, one must think of the source …

[…] The fact that we have been able to organized the 2023 SEA Games so far, we should remind ourselves of the noble merits of the former King and the Head of State […] the Olympic Stadium is still a good base for sports/games competitions in this 2023 (Sea Games). We use the words “Drinking water, one must think of the source, eating the fruit, one must think of the grower” […] we thank the People’s Republic of China, especially President Xi Jinping, for providing the stadium, which will be the main venue for the SEA Games […] the legacy left by His Majesty the Head of State, Samdech Preah Norodom Sihanouk, Preah Borom Ratanakaod, plus the support of the People’s Republic of China, and with the material base that we built ourselves, we have made this preparation possible […]

(2) Build a hospital with specialized treatment facilities and work out policies to support athletes

[…] I have often stated why Cambodia has to wait until 2023 to host this games event. I have explained and asked for understanding from our Cambodian people that we needed funds to build the necessary infrastructure to accelerate socio-economic development, such as roads, canals, hospitals, schools. We save that money to work on national economic development […] and (in addition to hosting this event,) with the Ministry of Health, I decided to set up a hospital to treat injured players after the game […] from now on we have a place to treat our players to ensure that they will receive full care […] Let the Ministry of Education, Youth and Sports, the Olympic Committee of Cambodia work together to review the policy conditions for athletes who become disabled (due to competition). What will they receive? […] to (establish) the credibility of the player […] (who) enters the competition to represent the national honor […]

(3) There will be more than 12,000 athletes/players, including fans

According to His Excellency Thong Khon, there are going to be more than 12,000 athletes/players from all over the region. Therefore, travel, means of transportation and accommodation will not be simple. It can be said that it is a large-scale reception that we have never had before […] there will definitely be traffic jams. I ask for the understanding of the people in Phnom Penh […] as hosts, we have a responsibility to ensure the program and ensure the safety of the more than 12,000 athletes/players plus their fans […]

(4) SEA Games tickets are free for all spectators and free-of-charge live broadcast

[…] Spectators can access the SEA Games – both opening and closing events – free of charge. But we must organize it properly. Tickets must be available, but they are free of charge, for both national and international spectators […] I instructed this work to CAMSOC at the cabinet meeting […] No charge will be required for live broadcast rights. We do not need money from ticket sales or any live broadcast rights of local and/or overseas TV networks (for the upcoming 32nd Southeast Asian (SEA) Games and the 12th ASEAN Para Games). Our need is to let the world know Cambodia […]

(5) Expect the success of players with and without disabilities for training and competing at home This evening, after the program is over, I would like to ask our players to dance for fun. Let our muscles reflex and dance happily. I am asking the musicians to prepare the song “Road to the mother-in-law’s house”. This year you are all tired of training, but we must have more training to ensure success, and our success does not come from the lack of technical competition or even the use of drugs – both normal sports and disabled sports. This year I look forward to receiving a large number of medals from our Paralympics, because every year at the SEA Games and Para Games, our Paralympics receive a lot of medals. According to His Excellency Yi Veasna, there can be more than half the medals. I hope and am waiting for our players here to succeed and double the number of medals (we used to receive from) competitions in other countries because we compete at home […]./.

អត្ថបទទាក់ទង