Grand News Asia Close

ទស្សនៈ៖ ជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលទល់នឹងការចោទប្រកាន់ខុសពីការពិតរបស់ក្រុមប្រឆាំង

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-Opinion ព័ត៌មានជាតិ 1131
ទស្សនៈ៖ ជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលទល់នឹងការចោទប្រកាន់ខុសពីការពិតរបស់ក្រុមប្រឆាំង ទស្សនៈ៖ ជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលទល់នឹងការចោទប្រកាន់ខុសពីការពិតរបស់ក្រុមប្រឆាំង
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគិតចាប់តាំងពីសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រូវបានគេប្រសិទ្ធនាមមួយបែបទៀតថាសម័យ «តេជោ-ធិបតី»បាននិងកំពុងបន្តអនុវត្តន៍នូវគោលនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់និងចាំបាច់សម្រាប់ប្រទេសជាតិដោយផ្តោតសំខាន់បំផុតគឺខឿនការពារសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
សមិទ្ធផលដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាននោះគឺការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនិងការបង្រួបបង្រួមជាតិដែលបាននាំឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។ សុខសន្តិភាពនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការរីកចម្រើននិងស្ថិរភាពជាតិ។
បើទោះបីជាប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបានដឹងច្បាស់នូវឥស្សរភាពដ៏លេចធ្លោរកាត់ថ្លៃពុំបានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុការពារនិងបម្រើឧត្តមប្រយោជន៍ជាតិដោយស្មោះសនិងឥតងាករេយ៉ាងណាក្តី ក៏ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនដែលកំពុងនិរទេសខ្លួនពីព្រោះតែពួកគេបរាជ័យក្នុងការដណ្តើមអំណាចពីគណបក្សប្រជាជនកម្ពុជាមិនបានសម្រេច ក៏បានបន្តនូវយុទ្ធនាការវាយប្រហាររិះគន់បន្ទាបបន្ថោកនិងតិះដៀលមកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលតាមតែទំនើងចិត្តរបស់ពួកគេ ។
យ៉ាងណាមិញ សូម្បីតែបញ្ហាជម្លោះព្រំដែនដែលកម្ពុជាបានរងគ្រោះដោយសារទង្វើឈ្លានពានរបស់ថៃក្នុងមហិច្ឆតាវាតទីនិងការបំផ្ទុះសង្គ្រាមទន្ទ្រានចង់បានទឹកដីកម្ពុជាហើយត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងតាមរយៈកម្លាំងកងទ័ពដ៏មោះមុតអង់អាចក្លាហានបានពលិកម្មច្បាំងទប់ទល់និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីមិនឱ្យបាត់បង់យ៉ាងណាក្តី ក៏ក្រុមប្រឆាំងនៅតែព្យាយាមចោទប្រកាន់ហើយបាននិយាយមួយបង្កាច់ទម្លាក់កំហុសក្រោមហេតុផលកេងចំណេញនយោបាយប្រជាភិថុតិដ៏ខ្មៅកខ្វក់របស់ខ្លួនថា«ថ្នាក់ដឹកនាំរដ្ឋាភិបាលបានព្រមព្រៀងកាត់ដីឱ្យប្រទេសជិតខាងធ្វើឱ្យបាត់បង់ទឹកដីជាដើមឬចោទថារដ្ឋាភិបាលបញ្ជាឱ្យកងទ័ពនៅសមរភូមិមុខដកថយជាដើម»។
ការចោទប្រកាន់ដោយអគតិទាំងអស់នេះ សុទ្ធតែជារឿងមិនពិតក្នុងន័យមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រមុខដឹកនាំប្រទេសនិងគ្មានមូលដ្ឋានច្បាស់លាស់និងគ្មានភស្ដុតាងផ្លូវការណាមួយអាចផ្ទៀងផ្ទាត់បានឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរយ៉ាងរឹងមាំនិងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងតាមវិធានការការទូត កិច្ចព្រមព្រៀងទ្វេភាគីនិងច្បាប់អន្តរជាតិដែលវិធានការទាំងនេះគឺអាវុធមួយដ៏ស្ងប់ស្ងាត់និងហាក់មិនឃើញមានសកម្មភាពអ្វីនោះទេ តែបានបង្កប់នូវអត្ថន័យយ៉ាងស៊ីជម្រៅនិងត្រូវប្រើរយៈពេលយូរទើបឃើញលទ្ធផលនិងមានភាពរឹងមាំបានយូរអង្វែង។ ក្នុងបញ្ហាជម្លោះព្រំដែននេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់និងគ្រប់ដំណាក់កាលនៃកិច្ចប្រជុំឬការចរចាគឺសុទ្ធតែធ្វើឡើងដោយបង្ហាញជាសាធារណៈទាំងអស់គ្មានការលាក់បាំងទេហើយការចរចាសំងាត់ណាផ្សេងក្រៅពីកិច្ចប្រជុំនោះក៏គ្មានដែរ។
 
ដូច្នេះហើយទើបបានជារដ្ឋាភិបាលតែងតែធ្វើការអង្វរកប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានការអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាលព្រោះរាជរដ្ឋាភិបាលធ្វើអ្វីៗតែងតែតម្កល់ផលប្រជាតិជាធំនិងមិនមានបំណងណាមួយក្នុងការកាត់ទឹកដីឲ្យទៅប្រទេសជិតខាងណាមួយនោះទេ។ ចំពោះកិច្ចការកំណត់និងការបោះបង្គោលព្រំដែនគោគ គឺជាការងារដ៏ស្មុគស្មាញដែលត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត ហើយដំណើរការនេះត្រូវការទាំងពេលវេលា ទាំងភាពអត់ធ្មត់ ដោយមានការគិតគូរប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់បំផុតដើម្បី ចៀសវាងនូវការកើតមានកំហុសអចេតនាណាមួយ។ ការដោះស្រាយបញ្ហានេះទៀតសោត គឺកម្ពុជានៅបន្តប្រកាន់យកជំហរនៃដំណោះស្រាយព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមានដោយមិនអាចចេះតែធ្វើតាមការនឹកឃើញឬតាមអារម្មណ៍ដូចក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់នោះទេ។
ភាពច្បាស់លាស់និងម៉ឺងម៉ាត់តែមួយគត់របស់រាជរដ្ឋាភិបាលដែលតែងតែប្រកាន់ខ្ជាប់នោះគឺការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីឲ្យបានគង់វង្សដោយមិនអនុញ្ញាតឱ្យជនណាឬប្រទេសណាមករំលោភបំពានបានឡើយ។ ដូចនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំយល់ថា ការរិះគន់ឬការបង្ហោះព័ត៌មានខុសពីការពិតដែលកើតចេញពីមជ្ឈដ្ឋានពួកអគតិមួយក្តាប់តូចនេះមិនអាចបំផ្លាញសេចក្តីពិត សុចរិត និងងឆន្ទៈមនសិការជាតិពិតប្រាកដនិងសមិទ្ធផលសម្រេចបានរបស់រដ្ឋាភិបាលបានឡើយ។ កម្ពុជាដែលមានការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្នានគឺបាននិងកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាព ការជឿទុកចិត្ត ឯកភាពផ្ទៃក្នុងជាតិជាធ្លុងមួយនិងដែលអាចធ្វើឱ្យកម្ពុជារឹងមាំនិងឈានឆ្ពោះទៅរកបាននូវសុខសន្តិភាពមួយពេញលេញនិងយូរអង្វែងបាន។
 
ដូចអំណះអំណាងដែលបានរៀបរាប់មកនេះ ខ្ញុំពិតជាមានមោទនភាពជាខ្លាំងចំពោះជាតិ ចំពោះរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក៏ដូចជាទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋក្នុងការរួមគ្នាការពារទឹកដីក៏អាចបញ្ជាក់បានថា រាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិយ៉ាងពិតប្រាកដ ដើម្បីធានាបានថាប្រទេសកម្ពុជានឹងបន្តឈានទៅមុខក្នុងផ្លូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើនជារៀងរហូត៕
ដោយ៖ សំ ដានីរ៉ា

អត្ថបទទាក់ទង