Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 571

(ភ្នំពេញ)៖ នៅ ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ជាខួប៥ឆ្នាំហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានបង្ហោះសារអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ»។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។

សូមបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។

ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។

ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។

ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។

ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ និងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។

បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕

អត្ថបទទាក់ទង