សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធី បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ១, ២០២៣ ក្រោមប្រធានបទ កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា
សម្តេច ឯកឧត្តម លោកជំទាវ
ឯកឧត្តម ប៊ូវៀនខាម វង្សតារា (BoviengKhan Vongdara) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបើក “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើក ទី ១, ២០២៣” ក្រោមប្រធានបទ “កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូនៃក្រសួងស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញមកចូលរួមក្នុង ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ២០២៣ សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង“ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១, ២០២៣” ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីចក្ខុវិស័យ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។ ខ្ញុំក៏សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ខ្ញុំសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំផែនការបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព កំណត់ប្រធានបទស្រាវជ្រាវឱ្យបានជាក់លាក់ ដោយទទួលបានលទ្ធផល អាចយកមកអនុវត្តបាន និងជំរុញការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាសមស្របទាន់ពេល និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ផ្អែកតាមនេះ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក “បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី”។
លើសពីនេះ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង ៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ហើយក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន ៣ បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង ៣).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៊ីសម្រាប់បណ្តុះនវធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យា នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាអាទិ៍ វិនិយោគិន គ្រាប់ពូជក្នុងស្រុក មូលនិធិទុនឯកជន មូលនិធិបណ្តាក់ទុន មជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី និងកន្លែងធ្វើការរួមគ្នា។ ជាមួយនេះ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាលពិសេសសម្រាប់មុខជំនាញ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) បង្កើតការិយាល័យទំនាក់ទំនងផ្ទាល់ជាមួយសហគ្រាស និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖
ទី១. រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី២. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវជំរុញការរៀបចំក្របខណ្ឌគតិយុត្ត ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឱ្យឆ្លើយតបបានពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជា ការប្រែប្រួលនៃនិន្នាការតំបន់ និងសកល។
ទី៣. រាជរដ្ឋាភិបាលជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា។
ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់គ្រឹះស្ថានឧត្តមសិក្សា បន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មី សំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងនវធុរកិច្ចនៅកម្ពុជា។
ទី៥. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្តល់គ្រាប់ពូជមូលធនដល់សហគ្រិន និងនវធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្តាក់ទុនជាដើម។
ជាទីបញ្ចប់ជាមួយនឹងការប្រកាសបើក “ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី១, ២០២៣” នាពេលនេះ ខ្ញុំសូមជូនពរ “ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិ លើកទី ១, ២០២៣” ទទួលបានជោគជ័យ និងសម្រេចបានផ្លែផ្កា ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ សូមមានផាសុកភាពល្អ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។
សូមអរគុណ!