Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 967

ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ

ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ​ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិ​នី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។

[ចប់សេចក្តីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី៦ និងសូមអរគុណចំពោះ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ ព្រមទាំងអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់អាណត្តិ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការដឹកនាំសមាគម នាពេលកន្លងទៅប្រកបដោយជោគជ័យ និងភាពរឹងមាំ។

ជាការពិត មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព​ គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត។ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈ សកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ហើយដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះទឹកចិត្តស្រឡាញ់ និងការលះបង់របស់សិល្បករគ្រប់ៗរូប។

ខ្ញុំសូមឯកភាពចំពោះការលើកឡើងដោយសង្ខេបរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ពាក់ព័ន្ធនឹងតួនាទីគន្លឹះរបស់សិល្បករគ្រប់ទម្រង់ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះ ទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ នេះ។

ជាងនេះទៅទៀត សិល្បករខ្មែរដ៏ច្រើនរាប់មិនអស់ នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានា ក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើងឱ្យលេចធ្លោ តាមរយៈ ទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់ បុរាណជាច្រើន ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ ឱ្យនៅដិតដាម ជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប។

សិល្បករខ្មែរ តាមរយៈ ស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជាទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។

ក្នុងយុគសកលូបនីយកម្ម ជាពិសេស ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការិនី កាន់តែមានសារ:សំខាន់ សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឱ្យកាន់តែខ្លាំងក្លាឡើង។ ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនក៏បានកើតឡើង ដូចជា កង្វះខាតធនធានមនុស្ស ការបាត់បង់សិល្បករដែលមានវ័យចំណាស់ៗ តាមវ័យ និងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ​ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារ រួមទាំងការហូរចូលនៃចរន្តវប្បធម៌បរទេស ដែលអ្វីៗទាំងអស់នេះ ទាមទារនូវសេចក្តីក្លាហាន ក្នុងការប្រឈមជាមួយនឹងភាពរឹងមាំ ដោយឈរលើស្មារតីជាតិរបស់សិល្បករគ្រប់ៗរូប ដើម្បីតំណាងនូវអ្វីដែលជាទេពកោសល្យរបស់ខ្លួនឯងផង ជាតម្លៃរបស់សង្គមដែលខ្លួនរស់នៅផង និងជាកិត្តិយសប្រទេសជាតិ ដែលខ្លួនមានកំណើត និងរស់នៅផង។

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!

វឌ្ឍនភាពរបស់សមាគមសិល្បករខ្មែរ នៅក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ មានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្តែ បញ្ហា និងភាពរអាក់រអួលដោយចេតនា ឬអចេតនា តែងតែកើតមានចៀសមិនផុត។ ដើម្បីចូលរួមតម្រង់ទិស និងពង្រឹងដំណើរការរបស់សមាគមសិល្បករខ្មែរ ឱ្យសម្រេចបានជោគជ័យតាមផែនការ ព្រមទាំងដើម្បីជាមូលដ្ឋាននៃក្រមសីលធម៌ សម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈដោយភាពថ្លៃថ្នូរ និងជោគជ័យរបស់សិល្បករគ្រប់រូប ហើយក្លាយជាវឌ្ឍនភាពរួមរបស់វិស័យសិល្បៈទាំងមូលរបស់ជាតិ ខ្ញុំសូមរំឭក និងផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ដំណើរការផ្លូវការរបស់សមាគម គឺពឹងផ្អែកលើឯកសារគតិយុត្តនានាដែលជាឯកសារគោល សម្រាប់ការប្រព្រឹត្តទៅរបស់សមាគម។ ខ្ញុំសង្ឃឹមថា វត្តមានក្រុមប្រឹក្សាភិបាលដែលមានសមាជិកមកពីអន្តរវិស័យ និងក្លាយជាគ្រឹះដ៏រឹងមាំ ទ្រទ្រង់សមាគម ឱ្យដំណើរការប្រព្រឹត្តទៅបានដោយជោគជ័យ និងមានប្រសិទ្ធភាព​។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់សមាគម ត្រូវធ្វើការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ព្រមទាំងគិតគូរពីផែនការសកម្មភាពរយៈពេលខ្លី មធ្យម វែង របស់សមាគម ដែលជាកត្តាគន្លឹះនៃជោគជ័យរបស់​សមាគម។

ទី២. សមាគមសិល្បករខ្មែរ បានក្លាយជាថ្នាលដ៏ធំនៃការប្រមូលផ្តុំសិល្បករឆ្នើមល្បីៗ និងមានទេពកោសល្យ​ខ្ពស់ ដែលខ្ញុំមានជំនឿថា នាថ្ងៃអនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាថ្នាលសម្រាប់ការបណ្តុះបណ្តាល ផ្ទេរចំណេះដឹង បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។

ទី៣. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ គឺជាគំរូ ជាតួអង្គ ដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេងៗ ជាពិសេស ឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ ដែលជាការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងនូវសម្ពាធសង្គម។ ដូច្នេះ សមាគមសិល្បករខ្មែរត្រូវធ្វើការសហការឱ្យបានជិតសិ្ធទ្ធជាមួយក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប។

ទី៤. ក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត ការបង្កើតមាតិកា និងការសម្តែងទាំងឡាយណា ដែលមានចរិតមិនល្អសម្រាប់សង្គមឬវប្បធម៌ជាតិរបស់យើង។ លើសពីនេះ សមាគមក៏ត្រូវគិតគូរ និងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រី មនុស្សចាស់ ជនពិការ និងអនាម័យ បរិស្ថាន ជាដើម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ជាពិសេស បន្តយកចិត្តទុកដាក់ដល់សិល្បករ សិល្បការិនី វ័យចាស់ជរាដែលមានជីវភាពលំបាកដូចដែលបានធ្វើកន្លងមកនេះ។

[ចប់សេចក្តីអធិប្បាយ២]

ទី៥. ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែកថ្មី សប្បាយ និងការទាក់ទាញ ដើម្បីឱ្យមានការចាប់អារម្មណ៍ និងការគាំទ្រ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ។

ទី៦. ឃ្លាមួយដែលគេតែងនិយាយ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ រៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែ ជាតួអង្គ ដែលមានបទពិសោធ និងជាគំរូ ដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(១) ការបង្កើតថ្មី ការអភិវឌ្ឍថ្មី ត្រូវមានក្រឹត្យក្រមតាមបែបកម្ពុជា

អម្បាញ់មិញ ខ្ញុំទស្សនារបាំ ល្ខោនផ្សេងៗ និងទម្រង់ផ្សេងៗនៃវប្បធម៌សិល្បៈរបស់យើង ហើយចុងចប់ មានវគ្គមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ ហើយអត្ថន័យធំណាស់ គឺការដឹងគុណរបស់សិល្បៈជំនាន់ក្រោយទៅដល់វីរសិល្បករ សិល្បការិនី ដែលជាលោកគ្រូអ្នកគ្រូ(បង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ) ដែលបន្តវេនដឹកនាំ។ កិច្ចការនេះ គឺត្រូវធ្វើគ្រប់ជំនាន់។ ថ្ងៃនេះ ប្រធានបទរបស់យើង គឺស្នងមរតក តាមពាក្យស្លោក “រក្សា​ចាស់ បង្កើតនិងអភិវឌ្ឍថ្មី”។ នេះគឺជាពាក្យត្រឹមត្រូវ ហើយជាអ្វីដែលត្រូវធ្វើជាប់ជាប្រចាំ។ យើងមិនអាចបំភ្លេចមូលដ្ឋានសមិទ្ធផលដែលមានស្រាប់ មិនអាចភ្លេចសមិទ្ធផលដែលជំនាន់មុនបន្តទុកឱ្យនោះទេ ទោះបីជាមានការវិវត្ត ការអភិវឌ្ឍយ៉ាងណាក៏ដោយ។ នៅក្នុងសិល្បៈ យើងមិនហាមថាមិនឱ្យអភិរក្ស មិនអាចអភិវឌ្ឍនោះទេ ប៉ុន្តែការបង្កើតថ្មី ការអភិវឌ្ឍថ្មីជាពិសេស ត្រូវមានក្រឹត្យក្រម ដែលថាសកលភាវូបនីយកម្មនៃវប្បធម៌សិល្បៈ។ កម្ពុជាក៏ធ្វើការអភិវឌ្ឍ ប៉ុន្តែអភិវឌ្ឍបែបកម្ពុជា​ (ដោយ)យើងមិនចម្លងវប្បធម៌ពីប្រទេសណា ពីក្នុងកុន Hollywood មកដាក់នៅកម្ពុជាទេ។ យើងធ្វើការអភិវឌ្ឍតាមសង្គមបែបទំនើប ប៉ុន្តែបែបកម្ពុជានៅក្នុងការអភិវឌ្ឍនេះត្រូវថែរក្សា(អភិរក្ស)។

(២) ទន្ទឹមនឹងសិល្បៈជាច្រើនទម្រង់រីកចម្រើន ទម្រង់សិល្បៈខ្លះមានហានិភ័យប្រឈមទៅនឹងការបាត់បង់

ខ្ញុំមានការសប្បាយរីករាយ ទន្ទឹមនឹងឃើញការរីកចម្រើនក្នុងច្រើនវិស័យ ក្នុងនោះ សិល្បករ សិល្បការិនីរបស់យើង បានដើរតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សា ជួយថែទាំសិល្បៈវប្បធម៌របស់យើង។ នៅក្នុងន័យនេះ ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តិច។ ទន្ទឹមនឹងឃើញការរីកចម្រើនរបស់សិល្បៈជាច្រើនទម្រង់ យើងក៏មានទម្រង់សិល្បៈខ្លះ ដែលមានហានិភ័យប្រឈមទៅនឹងការបាត់បង់ ដោយសារកត្តាខ្វះទីផ្សារ ឬក៏កត្តាណាមួយ។ ឧទាហរណ៍ជាក់ស្ដែង ល្ខោនយីកេ ដែលមានខ្លះនៅទីនេះ, ល្ខោកអាប៉េ ល្ខោនបាមោជ្ជទ័យ ល្ខោននិយាយ ក៏មានកម្រិតទាប​ នៅពេលដែលវិស័យផ្សេងៗ យើងឃើញមានការរីកចម្រើន និងការរុញច្រាន។ ខ្ញុំឃើញក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសមាគមផ្សេងៗបានខំលើកតម្កើង។

(៣) មានក្រុមស្រាវជ្រាវពីទម្រង់សិល្បៈនានា ប៉ុន្តែហាក់ដូចជាលែងមានការផ្សព្វផ្សាយ

ទៅលើកិច្ចការនេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរ ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលកន្លងទៅបានខិតខំស្រាវជ្រាវចងក្រង និងផ្សព្វផ្សាយ ឬសំដែងនូវសិល្បៈមួយចំនួន (ដូចជា) ល្ខោននិយាយ និងល្ខោនយីកេ ល្ខោនអាប៉េ ប៉ុន្តែការប្រើប្រាស់និងការផ្សព្វផ្សាយនៅមានកម្រិត។ ល្ខោនបាមោជ្ជទ័យ តាមលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ថា កាលពីជាង ១០ឆ្នាំមុន យើងនៅមានសម្ដែងខ្លះ ឥឡូវហាក់ដូចជាបាត់ឈឹង។ យើងមានក្រុមស្រាវជ្រាវនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប៉ុន្តែការផ្សព្វផ្សាយ យើងហាក់ដូចជាបាត់។ កិច្ចការទាំងអស់នេះ ដែលយើងត្រូវយកចិត្តទុករួមគ្នា។

(៤) អភិវឌ្ឍអ្វីដែលមានឱ្យកាន់តែទំនើប រួមទាំងការចុះបញ្ជីសម្បត្តិវប្បធម៌អរូបី ជាបេតិកភណ្ឌពិភពលោក

ទន្ទឹមនឹងការបង្កើតថ្មី និងអភិវឌ្ឍឱ្យកាន់តែទំនើបនូវអ្វីដែលយើងមាន រួមទាំងការចុះបញ្ជីជាសម្បត្តិបេតិក​ភណ្ឌវប្បធម៌អរូបី បេតិកភណ្ឌពិភពលោក ដើម្បីមនុស្សជាតិ ដើម្បីពិភពលោកបានដឹងអំពីអរិយធម៌យើង។ (យើងត្រូវ)រួមគ្នាថែរក្សា ប៉ុន្តែត្រូវយកចិត្តទុកដាក់ថាការអភិរក្សនិងការថែរក្សាមិនឱ្យបាត់បង់នូវទម្រង់ដែលហានិភ័យខ្ពស់ខ្លាំង។ ក្នុងន័យនេះ ខ្ញុំក៏សូមអរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាបែបនេះ។ សូមអរគុណដល់បណ្តាអង្គការសង្គមមួយចំនួនដែលបានចូលរួមក្នុងការខិតខំកៀរគរ ធនធាន និងថែរក្សាវិស័យសិល្បៈរបស់យើង។ សូមអរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ/ការិនី ដែលខិតខំថែរក្សាទម្រង់សិល្បៈទាំងអស់នោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមានការជួយជ្រោមជ្រែង នេះគឺជាកិច្ចការរួមដែលត្រូវធ្វើទាំងអស់គ្នា។

(៥) ចងក្រងស្រាវជ្រាវ ធ្វើការផ្សព្វផ្សាយ និងបំផុសតាមស្រទាប់មហាជន

កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សា គឺ (ទី១) ត្រូវរួមគ្នាស្រាវជ្រាវចងក្រង ជាពិសេសថែរក្សាអ្នកដែលនៅសេសសល់។ បើសិនជាយើងមិនប្រើប្រាស់ទេ យើងមិនរៀបចំទេ អាចបាត់បង់ ព្រោះអ្នកដែលនៅចេះ បន្តិចទៀតគាត់មានវ័យចំណាស់ (ហើយ)នឹងបាត់បង់។ ឯកសារនឹងអាចបាត់ទៅជាមួយ។ អញ្ចឹងតិចច្រើនត្រូវរួមគ្នាប្រមូលផ្តុំនូវអ្នកដែលសេសសល់ ឯកសារសេសសល់ ចងក្រងបន្ថែមទៀត។ (ទី២) ធ្វើការផ្សព្វផ្សាយតាមរយៈការចងក្រងក្រុមហ្វឹកហាត់ និងសម្តែង។ ឯកសារមាន អ្នកចងក្រងមាន តែត្រូវដាក់ឱ្យអនុវត្តរស់រវើកតាមរយៈការផ្សព្វផ្សាយ តាមរយៈការចងក្រងក្រុមហ្វឹកហ្វឺនសម្តែង។ (ទី៣) បំផុសស្រទាប់មហាជន យុវជន នៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីយើងធ្វើយ៉ាងណាឱ្យមានសកម្មភាពរស់រវើក នេះគឺជាក្រឹត្យក្រមដែលយើងត្រូវធ្វើ។

(៦) បង្កើតសមិទ្ធផលសិល្បៈផ្អែកលើមូលដ្ឋានវប្បធម៌ អភិវឌ្ឍទាំងសិល្បៈសហសម័យទាំងអាចច្នៃបាន

ក្នុងន័យនេះ ខ្ញុំសូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តយកចិត្តទុកដាក់ខ្លាំងទៅលើទម្រង់សិល្បៈ ដែលមានហានិភ័យខ្ពស់ ដោយក្នុងពេលជាមួយគ្នា (ទី១) បង្កើតសមិទ្ធផលផ្សេងៗនៅក្នុងសិល្បៈរបស់យើង ផ្អែកទៅលើមូលដ្ឋានវប្បធម៌ … (ទី២) ធ្វើការអភិវឌ្ឍដើម្បីឱ្យរីកចម្រើនបន្ថែមទៀត ទាំងសហសម័យ ទាំងសិល្បៈដែលយើងអាចច្នៃបាន ដើម្បីឱ្យមានការទាក់ទាញស្របទៅតាមស្ថានភាពបច្ចុប្បន្ន។ ប៉ុន្តែការរក្សាចាស់គឺជាកិច្ចការសំខាន់ ក្នុងនោះការអភិរក្សទម្រង់សិល្បៈ ឬមួយប្រភេទសិល្បៈខ្លះដែលអាចបាត់បង់ នៅក្នុងពេលខាងមុខ នេះគឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ … យើងកុំបង្កើតឱ្យបានថ្មី ហើយមានតែថ្មី តែបាត់ចាស់។ យើងត្រូវមានអ្វីនៅក្នុងដៃ ហើយរួមគ្នាបង្កើតឱ្យបានច្រើន ដើម្បីវប្បធម៌រស់រវើកតទៅ …។

(៧) សិល្បករ/ការិនី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួយគ្នាផ្សព្វផ្សាយសិល្បៈគ្រប់ទម្រង់

នៅក្នុងន័យនេះ ខ្ញុំសូមអរគុណចំពោះបងប្អូនសិល្បករ/ការិនី ដែលកន្លងទៅគឺឃើញបានផ្សព្វផ្សាយ ខិតខំប្រឹងប្រែង នៅក្នុងការចងក្រងប្រមូលផ្តុំ កន្លែងខ្លះគឺលទ្ធភាពផ្ទាល់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយ គ្រប់ទម្រង់ទាំងអស់តិចច្រើន។ ឥឡូវមានមធ្យោបាយអាចផ្សព្វផ្សាយតាមរយៈហ្វេកប៊ុក ឬ TikTok របស់ខ្លួន។ សុំចូលរួមធ្វើ។ បងប្អូនខ្លះបានផ្សព្វផ្សាយទៅដល់ឆាកអន្តរជាតិ នាំយកសិល្បៈវប្បធម៌ទាំងកុនផងទៅថ្នាក់អន្តរជាតិ តាមរយៈការចូលរួមពិធីផ្សេងៗ។ ថ្ងៃមុន នៅទិវាដូចជាមហោស្របសិល្បៈនៅប្រទេសបារាំង ឃើញមានសិល្បករ/ការិនី យើងច្នៃសម្លៀកបំពាក់ម៉ូដខ្មែរទៅចូលរួម។ យើងចូលរួមសម្តែងតាមវេទិកាផ្សេងៗ។ ក្រសួងក៏មានរបាំព្រះរាជទ្រព្យចេញទៅក្រៅ។

(៨) សិល្បករ/ការិនី ជាគំរូមានឥទ្ធិពលចំពោះសម្រាប់យុវជន

នេះគឺជាកិច្ចការដែលរួមគ្នាធ្វើដើម្បីផ្សព្វផ្សាយ។ យើងផ្សព្វផ្សាយរៀងៗខ្លួន តាមហ្វេកប៊ុក តាមមធ្យោបាយរបស់យើង។ សិល្បករ/ការិនីដែលជា Idol ដែលមាន Fan រាប់ម៉ឺនរាប់សែននាក់ អ្វីដែលយើងផូស្តគឺជាគំរូធំមួយ។ អ្វីដែលបងប្អូន Idol ផូស្តអំពីវប្បធម៌សិល្បៈ យុវជនរាប់សែនរាប់លាននាក់នឹងធ្វើតាម។ នេះជាឥទ្ធិពលធំណាស់។ ក្នុងន័យនេះ យើងត្រូវរួមគ្នាបង្កើត អភិវឌ្ឍ ហើយអភិរក្ស ហើយជាពិសេសថែរក្សានូវអ្វីដែលជិតបាត់បង់។ នៅក្នុងន័យនេះ ខ្ញុំបានឱ្យស្រាវជ្រាវ។ កន្លងទៅយើងខិតខំធ្វើការច្រើន ប៉ុន្តែកន្លែងខ្លះដោយសារកត្តាទីផ្សារ កន្លែងខ្លះដោយសារកត្តាផ្សេងៗ ការចាប់អារម្មណ៍ពីមហាជនមិនសូវមាន ដែលធ្វើឱ្យហានិភ័យកាន់តែខ្ពស់។

(៩) បង្កើតមូលនិធិអភិរក្សទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់​

ក្នុងន័យនេះក្រសួងវប្បធម៌ដើម្បីពិនិត្យលទ្ធភាពដាក់វិធានដើម្បីចូលរួម។ ខ្ញុំបានសម្រេចបង្កើតមូលនិធិមួយដើម្បីចូលរួមអភិរក្សក្រុមទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់​ដើម្បីថែរក្សាតទៅទៀត។ ក្នុងន័យជំរុញលើកទឹកចិត្ត និងផ្ដល់លទ្ធភាព ជាពិសេសផ្ដោតលើទម្រង់ដែលងាយរងហានិភ័យ។ ទម្រង់ដែលអាចរីកចម្រើនហើយ ទម្រង់សិល្បៈដែលមាន(ភាព)រស់រវើក យើងជំរុញបន្ដទៀតឲ្យកាន់តែមានការច្នៃប្រឌិតបន្តទៀត ប៉ុន្ដែទម្រង់ដែលរងហានិភ័យនិងការបាត់បង់ ឬទម្រង់ខ្លះបានបាត់មួយរយៈខ្លីហើយដូចល្ខោនបាមោជ្ជទ័យ ត្រូវស្រាវជ្រាវឡើងវិញ ចងក្រងឡើងវិញ ដើម្បីទុក​ផ្សព្វផ្សាយ ឲ្យយុវជន កុមារ សិស្សានុសិស្សបានស្គាល់​។

(១០) វប្បធម៌/សិល្បៈកេរដំណែលដូនតា ទោះមានឬមិនមានទីផ្សារ ទាំងអស់គ្នាមានកាតព្វ​កិច្ចរក្សាឲ្យមានជីវិត

មិនចាំបាច់ទាល់តែមាន​ទីផ្សារទើបអាចរស់ទេ។ មានរបស់ខ្លះអាច(ពឹងលើ)ទីផ្សារឲ្យរស់ដោយចីរភាព ប៉ុន្ដែរបស់ខ្លះជាពិសេសវប្បធម៌ សិល្បៈដែលជាកេរដំណែលដូនតា ទោះបីមានទីផ្សារ ឬមិនមានទីផ្សារ ជាកាតព្វ​កិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវតែរក្សាឲ្យមានជីវិតរស់នៅកុំឲ្យបាត់សាបសូន្យ … សម័យឥឡូវជាសម័យទីផ្សារ សម័យដែលដំណើរការចាំបាច់ត្រូវមានចីរភាព ប៉ុន្ដែកន្លែងណាខ្វះខាត រដ្ឋ សប្បុរសជន និងយើងគ្រប់គ្នាមានកាតព្វកិច្ចចូលរួមដោយមិនគិតពីអត្ថប្រយោជន៍និងទីផ្សារ ព្រោះជាតម្លៃធំណាស់នៃការថែរក្សានូវក្ដេរិ៍ដំណែលដូនតាយើង គ្មានទំហំថវិកាណាអាច(យកមក)គិតគូរបានទេ។ យើងត្រូវតែរួមចំណែកការពារ(កេរតដំណែលដូនតា)ឲ្យបាន។

(១១) ក្បាច់គុនកងយោធពលខេមរភូមិន្ទ ផ្សំពីគុនខ្មែរ ល្បុក្កតោ និងយុទ្ធក្រមខម

ខ្ញុំសូមចូលរួមជាមួយក្រសួង​វប្បធម៌ (ធ្វើកិច្ចការខាងលើ)តាមការបង្កើតមូលនិធិនេះ។ ខ្ញុំសូមអំពាវនាវឲ្យសមាគមសិល្បករខ្មែរ ក៏ដូចជាសមាគមនានាក្នុងវិស័យសិល្បៈរួមគ្នាថែរក្សានិងអភិរក្ស លើកស្ទួយការចាប់អារម្មណ៍ ជាពិសេសការការពារនិងស្រាវជ្រាវឡើងវិញនូវទម្រង់ជាច្រើនដែលបាត់បង់ទៅហើយ។ ខ្ញុំធ្លាប់មានបទពិសោធនេះម្ដងកាលពីនៅកងទ័ព។ ខ្ញុំបានដឹកនាំចងក្រង «ក្បាច់គុនកងយោធពលខេមរភូមិន្ទ»។ កន្លងទៅកងទ័ពយើងមានក្បាច់គុន ប៉ុន្ដែពីមុនយើងអត់បានបញ្ចូល។ អញ្ចឹង យើងក៏បាន​ហ្វឹកហ្វឺន ការ៉ាតេ តៃក្វាន់ដូ ក្បាច់អីផ្សេង។ ថ្ងៃមួយ ខ្ញុំមកពីប្រជុំនៅក្រៅប្រទេស អង្គុយមើលកុនមួយដែលទ័ព​ហុងកុងហ្វឹកហ្វឺនកុងហ៊្វូ។ ខ្ញុំគិតថា កម្ពុជាយើងមានល្បុក្កតោ និងក្បាច់គុនមួយចំនួន ដែលគប្បីជំរុញចូលក្នុងកងទ័ព​។ ត្រូវប្រមូលផ្ដុំរៀបចំ។ ពេលនោះ យើងបានធ្វើការជាមួយគុនខ្មែរ ល្បុក្កតោ និងយុទ្ធក្រមខម រៀបចំធាតុផ្សំ រៀបចំជាឯកសារនេះ។ ឯកសារនេះ មិនអាចរស់បានទេ ប្រសិនបើគ្មានផែនការជំរុញអនុវត្ដ។ យើងដាក់ឲ្យអនុវត្ដនៅក្នុងកងទ័ព ក៏ចាប់ផ្ដើមមានចរន្ដ​។ ឥឡូវយើងមានការថែរក្សា។ មានសមាគមច្រើនជាល្បុក្កតោ គុនខ្មែរ យុទ្ធក្រមខម បានដើររស់រវើក ចូលរួមបែបនេះ ការប្រមូលចងក្រង ផ្សព្វផ្សាយ និងដាក់ឲ្យដើរ(អនុវត្ដ)។

(១២) បង្កើតវេទិកាលើកកម្ពស់ការយល់ដឹងពីវប្បធម៌និងសិល្បៈឱ្យដល់កូនខ្មែរជំនាន់ក្រោយ

ថ្ងៃមុន បានជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនបុរាណខ្មែរយើង មិនមែនមានតែប៉ុណ្ណឹងទេ។ ក្បាច់ខ្លះមានស្រងែពេន មានអីផ្សេងៗ ចង់បាត់ហើយ។ អញ្ចឹង មានតែរកវិធីដើម្បីគាស់ឡើងវិញ រៀបចំថែរក្សា។ ទោះបីមិនមានអ្នក​ហ្វឹកហ្វឺនច្រើនក៏ដោយក៏ត្រូវថែរក្សា។ កំពុងតែគិតគូរឲ្យមានការប្រកួតក្បាច់គុនមួយ គេហៅថាក្បាច់គុនចម្រុះ។ គេមាន MMA នៅស្រុកគេ ក្បាច់គុនអីក៏គេវាយ ការ៉ាតេ តៃក្វាន់ដូ យូដូ វាយបាន ប្រ​កួត​បាន។ ខ្ញុំកំពុងឲ្យឯកឧត្តម ថោង ខុន (ឯកឧត្តម) វ៉ាត់ ចំរើន រៀបចំការប្រកួតសេរី ប៉ុន្ដែឲ្យតែក្បាច់គុនខ្មែរទេ។ ប្រកួតក្នុងហ្នឹង ចង់​គុនខ្មែរ ល្បុក្កតោ ខម ស្រងែពេន​ ស្អីផ្សេងៗ ឲ្យចូលមកប្រកួតដើម្បីឲ្យរស់រវើកឡើងវិញ។ ខ្ញុំគិតថា វប្បធម៌និងសិល្បៈយើងដូចគ្នា។ បង្កើតវេទិកា បង្កើតការចាប់អារម្មណ៍ បង្កើតដើម្បីឲ្យដឹង។ ល្ខោននិយាយ ល្ខោនយីកេ ល្ខោនបាមោជ្ជទ័យ ល្ខោនអាប៉េ សិល្បៈផ្សេងទៀតដែលយើងអាចស្រាវ​ជ្រាវឃើញ គឺចងក្រងដាក់ឲ្យប្រើប្រាស់បែបនេះ ព្រោះកូនខ្មែរជំនាន់ក្រោយក៏ចង់ដឹង យើងក៏ចង់ធ្វើ។

(១៣) ច្នៃទម្រង់សិល្បៈពីដើមមករូបភាពផ្សេង ដោយថែរក្សាផង ដើម្បីអោយកាន់តែរីកចំរើនផង

នេះគឺជាយន្តការដែលស្របជាមួយនឹងពាក្យស្លោកយប់នេះ “រក្សាចាស់ បង្កើតថ្មី អភិវឌ្ឍថ្មី”។ បង្កើត និងអភិវឌ្ឍថ្មីនេះនៅក្នុងសិល្បៈវប្បធម៌ មិនមែនថាហាមមិនឲ្យអភិវឌ្ឍទេ។ ត្រូវជំរុញឲ្យមានការអភិវឌ្ឍ តែអភិវឌ្ឍបែបកម្ពុជា ផ្អែកទៅលើមូលដ្ឋាននៃវប្បធម៌ អត្តសញ្ញាណជាតិ​។ យើងមិនចម្លងវប្បធម៌អ្នកណាមកដាក់ ដើម្បីយើងធ្វើជារបស់យើងនោះទេ។ យើងត្រូវធ្វើខ្លួនឯង។ វប្បធម៌របស់យើងមានអាចច្នៃបាន រស់រវើក។ ខ្ញុំឃើញល្ខោនសហសម័យ របាំសហសម័យ សម្ដែងអម្បាញ់មិញនេះ គឺយើងអាចយកទម្រង់សិល្បៈពីដើមមកច្នៃក្នុងរូបភាពផ្សេងដើម្បីថែរក្សា(ផងដើម្បីអោយកាន់តែរីកចំរើនផង)។ នៅតែខ្មែរដដែល។ លេងបទថ្មី តែងរឿងថ្មី យីកេរឿងថ្មី ក៏អាចជាយីកេ អត់មានអ្នកណាដណ្ដើមទេ។

(១៤) ថែរក្សានិងផ្សព្វផ្សាយវប្បធម៌/សិល្បៈ មិនត្រឹមតែតាមការហ្វឹកហ្វឺនក្នុងសាលាវិចិត្រសិល្បៈទេ តែតាមសកម្មភាពតារាដែលមានប្រជាប្រីយ៍ភាព

ខ្ញុំសង្ឃឹមថាសមាគមសិល្បករខ្មែរ នឹងចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាសមាគម អង្គការផ្សេងៗ ដើរតួនាទីអប់រំ អភិរក្ស និងជួយលើកស្ទួយវិស័យសិល្បៈ ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងបងប្អូនទាំងអស់ ជាពិសេស សិល្បករ/ការិនីគ្រប់ទម្រង់ទាំងអស់ ជាពិសេសជួយជំរុញ(ឱ្យនៅគង់វង់មកវិញ)នូវអ្វីដែលជិតបាត់បង់។ សិល្បករ/ការិនីរបស់យើង គឺជា idol ធំណាស់សម្រាប់យុវជន។ លោកគ្រូ អ្នកគ្រូ វីរសិល្បករ/ការិនី គឺជាឃ្លាំងវប្បធម៌ ដែលរក្សាទុកពីជំនាន់មុន ដែលលោកគ្រូ អ្នកគ្រូពីជំនាន់មុនផ្ទេរជូនលោកគ្រូ អ្នកគ្រូ។ ឥឡូវលោកគ្រូ អ្នកគ្រូក្លាយជាគ្រូតា គ្រូយាយ ផ្ទេរបន្តទៀតដើម្បីចែករំលែក។ សិល្បៈមិនត្រឹមតែហ្វឹកហ្វឺនក្នុងសាលាវិចិត្រសិល្បៈនោះទេ ត្រូវជំរុញអនុវត្តឲ្យបានទូលំទូលាយគ្រប់ទាំងអស់ ជាពិសេស សិល្បករ/ការិនី បងប្អូនដែលជាតារាដែលមានប្រជាប្រីយភាព អ្នកតាមច្រើន សូមជួយផ្សព្វផ្សាយបែបនេះ។

(១៥) រដ្ឋជាមួយនិងឯកជន ឬរដ្ឋនិងអង្គការសង្គមស៊ីវិល ឬគ្រប់វិស័យរួមគ្នាគិត ធ្វើ និងទទួលខុសត្រូវការពារ អភិរក្ស វប្បធម៌ និងសិល្បៈ

មិនថាសិល្បៈគ្រប់ជំនាន់ណាទេ គឺរួមគ្នាបន្ត ព្រោះបើខ្មែរយើងមិនថែសិល្បៈខ្មែរ អត់មានអ្នកណាមកថែឲ្យយើងទេ។ បើមួយជំនាន់ទៅមួយជំនាន់(ចេះតែ)ក្លាយខ្លាំងពេក ឬមួយបាត់អត្តសញ្ញាណ យើងនឹងបាត់(អស់)ហើយ។នេះ​ជាអ្វីដែលសិល្បៈ វប្បធម៌ សាសនា ភាសាខ្មែរ ក្នុងនោះ ថ្ងៃនេះ សមាគមដែលនៅទីនេះជាឧទាហរណ៍មួយនៃការប្រមូលផ្ដុំចងក្រង ជាដៃគូមួយរបស់រាជរដ្ឋាភិបាល។ ខ្ញុំតែងតែនិយាយថា ភាពជាដៃគូរវាងរដ្ឋជាមួយនឹងវិស័យឯកជន ឬមួយរដ្ឋជាមួយនឹងអង្គការសង្គមស៊ីវិល ឬរដ្ឋជាមួយគ្រប់វិស័យដើម្បីរួមគ្នាជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវរួមគ្នា ក្នុងវិស័យការពារ អភិរក្ស វប្បធម៌ សិល្បៈរបស់យើង។ បងប្អូននៅទីនេះ ជាតួអង្គសំខាន់ណាស់ដើម្បីយើងរួមគ្នាធ្វើ។ ខ្ញុំសូមអំពាវនាវដល់មហាជនចូលរួមថែរក្សា និងលើកស្ទួយដល់ទម្រង់សិល្បៈបុរាណខ្មែរគ្រប់ទម្រង់ ព្រោះវាជាព្រលឹងជាតិរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៣]

ក្នុងស្មារតីនេះ ខ្ញុំលើកទឹកចិត្តសមាគមសិល្បករខ្មែរ បន្តបើកចំហ និងពង្រឹងកិច្ចសហការ គាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីព ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ និងដើរតួនាទី ជាអ្នកសម្របសម្រួល ផ្តល់ប្រឹក្សាយោបល់ តម្រង់ទិស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោមទម្រង់ជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ លិខិតគាំទ្រ ឬ ការស្នើសុំគ្រឿងឥស្សរិយយស ជាដើម។ ជាមួយនេះ, សមាគមសិល្បករខ្មែរ ក៏ត្រូវធ្វើការណែនាំ កែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថ ដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការ ផលប៉ះពាល់ជាយថាហេតុ មកលើសិល្បៈ វប្បធម៌ ប្រពៃណីជាតិ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់សាជាថ្មីជូនចំពោះលោកអ៊ំ លោកតា លោកយាយ ដែលជាវីរសិល្បករពីជំនាន់មុន អ្នកដែលសល់ពីសង្គ្រាម សល់ពីប៉ុលពត បានបន្តនូវកេរ្តិ៍ដំណែលដែលលោកតា លោកយាយ បានហ្វឹកហ្វឺនពីមុនសង្គ្រាមថែរក្សាពូនជ្រំដើម្បីរស់រវើកឡើងវិញ ចែករំលែកទៅដល់លោកគ្រូ អ្នកគ្រូ សិល្បករយើងជំនាន់ក្រោយ ហើយសិល្បករយើងជំនាន់នេះគឺនឹងបន្តថែទាំពូនជ្រំដើម្បីឲ្យសិល្បករជំនាន់កូន ជំនាន់ចៅរបស់យើងនៅតែចូលរួមនិងមានលទ្ធភាពថែរក្សាអត្តសញ្ញាណជាតិរបស់យើងតាមរយៈសិល្បៈ វប្បធម៌ សូមអរគុណណាស់ចំពោះការងារនេះ។

[ចប់សេចក្តីអធិប្បាយ៤]

ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

គោលនយោបាយស្តីពីសិល្បៈវប្បធម៌ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង ៦ចំណុច ដោយរួមបញ្ចូលទាំងអាទិភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា បញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមសំដៅទៅដល់ការការពារមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជននោះទេ ប៉ុន្តែ ប្រែក្លាយវិស័យនេះ ឱ្យក្លាយជាកម្លាំងមួយ ដែលនឹងចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច។

យោងលើក្របខណ្ឌនៃគោលនយោបាយទាំងនេះ ខ្ញុំសូមស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញនូវសកម្មភាពជាក់ស្តែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដានវាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព ដើម្បីធ្វើឱ្យវិស័យនេះ ក្លាយជាជោគជ័យមួយក្នុងចំណោមជោគជ័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ សមាគមសិល្បករខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈ ទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈដ៏ថ្លៃថ្លារបស់ជាតិយើងផង។

ទោះជាថ្ងៃនេះ យើងពុំបានជួបជុំអស់ ជាមួយសិល្បករ ដែលមានចំនួនរហូតដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេស និងក្រៅប្រទេស ក៏ខ្ញុំយល់ថា ជំនួបថ្ងៃនេះ គឺជាសក្ខីភាពនៃវេទិកា សម្រាប់សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ដល់គ្រប់តួអង្គនៃវិស័យសិល្បៈ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេស ការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធដល់យុវជនបន្តវេន។

ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្តងទៀត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសិល្បករខ្មែរ និងសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមការគាំទ្ររបស់ក្រុមប្រឹក្សាភិបាល ដែលបានធ្វើឱ្យសមាគមសិល្បករខ្មែរ ក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា អ្នកឧកញ៉ា នឹងដឹកនាំសមាគមនេះ ទៅរកទំព័រថ្មី នៃភាពសកម្មបន្ថែមទៀត កសាងនូវសមិទ្ធផលបន្ថែមពីសមាគមដែលបានកសាងពីអាណត្តិមុនៗនេះ និងទទួលបានជោគជ័យបន្ថែមទៀត។

ជាទីបញ្ចប់ ជាមួយការលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានសិល្បករ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពូមីង បងប្អូនសិល្បករ សិល្បការិនីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យថ្មីៗ ក្នុងអាជីពការងារ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ​ កុំបីឃ្លៀងឃ្លាត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

(១៦) ឯកភាពជាគោលការណ៍សំណើលើកលែងពន្ធការផលិតស្នាដៃវប្បធម៌ ជួយសមាគមសិល្បករខ្មែរហានិភ័យខ្ពស់ ១០ម៉ឺន/ឆ្នាំ រយៈពេល ៥ឆ្នាំ និងលោកជំទាវទីមួយជាប្រធានក្រុមប្រឹក្សាភិបាល

អម្បាញ់មិញអ្នក

ឧកញ៉ាប្រធានសមាគមបានសុំលើកលែងពន្ធដល់សមាគមសិល្បករខ្មែរ លើកលែងពន្ធចំពោះការផលិតស្នាដៃវប្បធម៌របស់សមាគមសិល្បករខ្មែរ។ ខ្ញុំឯកភាពជាគោលការណ៍ ហើយចាំជជែកជាមួយនឹងខាងពន្ធដារជាក់ស្តែងលំអិតដើម្បីជួយនៅក្នុងការងារនេះ។ ដើម្បីជូនដល់ដំណើរការចូលរួមនេះ ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរក្នុងរយៈពេល ៥ ឆ្នាំ ក្នុងមួយឆ្នាំគឺ ១០ម៉ឺនដុល្លារផងដែរ។ អម្បាញ់​មិញ បន្ថែមលើនេះ ក៏ជួយបង្កើតនូវមូលនិធិទ្រទ្រង់ជាពិសេសទៅលើទម្រង់សិល្បៈដែលមានហានិភ័យនៅក្នុងការបាត់បង់នេះដើម្បីធ្វើការងារ។ មុនមកទីនេះខ្ញុំបាន lobby អ្នកសំខាន់មួយឱ្យធ្វើប្រធានក្រុមប្រឹក្សាភិបាល។ ប្រពន្ធរបស់ខ្ញុំគាត់ព្រមធ្វើ ព្រោះគាត់ចាប់អារម្មណ៍ក្នុងវិស័យវប្បធម៌។ គាត់ធ្វើការមួយចំនួនជាមួយលោកជំទាវ(រដ្ឋមន្ត្រីអំពី)រឿងស្រាវជ្រាវអំពីសូត្រ។ គាត់ទទួលការងារនេះ។ រឿងមនុស្សធម៌គាត់យកទាំងអស់​។ អាហារូបករណ៍អីជូនគាត់ទាំងអស់ …។

(១៧) ក្រៅពីទឹកដី, វប្បធម៌ សិល្បៈ សាសនា ភាសាហ្នឹងឯងជាការបញ្ជាក់អត្តសញ្ញាណជាតិ

ខ្ញុំសង្ឃឹមថាសប្បុរសជនទាំងអស់ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនទាំងអស់ នឹងបន្តចូលរួមគាំទ្រទៅដល់សិល្បករ ទម្រង់សិល្បៈរបស់យើងគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ចូលមកក្នុងជាមួយសមា​គម​សិល្បករខ្មែរ ឬមួយក៏តាមយន្តការណា ឬមួយតាមរូបភាពដែលអាចធ្វើទៅបាន។ សុំបន្តរួមគ្នា ដើម្បីទុកឲ្យកូនចៅយើង។ ទៅណាក៏គេសួរថាខ្មែរ យើងទៅណាក៏ឃើញសិល្បៈខ្មែរ របាំព្រះរាជទ្រព្យសម្តែងនៅប៉ារីស យើងមានមោទនរួចទៅហើយ។ ឃើញល្ខោនខោលរបស់យើងសម្តែងនៅ Canne យើងមោទនរួចទៅហើយ។ ឃើញសិល្បកររបស់យើងដើរកម្រាលព្រំក្រហមនៅ Canne យើងក៏សប្បាយចិត្ត គាំទ្ររួចទៅហើយ។ ខ្មែរតែមួយរួមគ្នាបែបនេះ។ មួយដៃមួយជើង យើងអាចរួមគ្នាបាន។ អត្តសញ្ញាណជាតិមួយគ្មានអីក្រៅពីវប្បធម៌ សិល្បៈ សាសនា ភាសាហ្នឹងឯង បន្ថែមទៅលើទឹកដីរបស់យើង។

ល្ងាចនេះ យើងចូលរួមអបអរសាទរជាថ្មីជូនអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ ផ្ដល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បៈខ្មែរសម្រាប់អាណត្តិទី៦ ហើយក៏សូមអរគុណសាជាថ្មីចំពោះលោកជំទាវ ចន ចន្ទលក្ខិណា ប្រធានសមាគមអាណត្តិទី៥ ដែលបានធ្វើសកម្មភាពច្រើននៅក្នុងការជួយទៅដល់សមាគមរបស់យើងកន្លងទៅ។ សូមអរគុណដល់អតីតថ្នាក់ដឹកនាំរបស់សមាគមសិល្បករខ្មែរយើងគ្រប់អាណត្តិទាំងអស់។ សង្ឃឹមថាការដឹកនាំនឹងបន្តបង្កើនពូនជ្រំនូវសមិទ្ធផលថ្មីតាមរូបភាពរក្សាសមិទ្ធផលដែលកសាងបានមកដល់ពេលនេះ បង្កើតនិងអភិវឌ្ឍថ្មីសមិទ្ធផលក្នុងវិស័យសិល្បៈតទៅទៀត។ អញ្ចឹងសុំតែប៉ុណ្ណេះចុះ ព្រោះគេថានិយាយត្រឹមម៉ោង៦ បាយឆ្អិនហើយ។ សូមអរគុណ ហើយសូមជូនពរ។

[ចប់សេចក្តីអធិប្បាយ៥]

អត្ថបទទាក់ទង