Grand News Asia Close

វិភាគអន្តរជាតិ៖ តើអឺរ៉ុប នឹងឈរខាងសហរដ្ឋអាមេរិក ក្នុងសង្រ្គាមជាមួយចិន ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 290
វិភាគអន្តរជាតិ៖ តើអឺរ៉ុប នឹងឈរខាងសហរដ្ឋអាមេរិក ក្នុងសង្រ្គាមជាមួយចិន ឬ? វិភាគអន្តរជាតិ៖ តើអឺរ៉ុប នឹងឈរខាងសហរដ្ឋអាមេរិក ក្នុងសង្រ្គាមជាមួយចិន ឬ?

(វ៉ាស៊ីនតោន)៖ កាលពីប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្យាយាមបង្ហាញពីសាមគ្គីភាព នៅពេលដែលនិយាយដល់ចិន។ ទាំង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល សុទ្ធតែបានព្រមានចិនកុំឱ្យផ្ដល់អាវុធដល់រុស្ស៉ី សម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ហើយក៏បានបង្ហាញជំហរ ប្រឆាំងទៅនឹងរាល់ការប៉ុនប៉ងកែប្រែស្ថានភាពដើមនៅជុំវិញដែនកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុងប៉េកាំងចាត់ទុកថាត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។​

ប៉ុន្តែ ខណៈមេដឹកនាំអាមេរិក និងបណ្ដាមេដឹកនាំអឺរ៉ុបភាគច្រើនមានគំនិតដូចគ្នាចំពោះបញ្ហាទាក់ទងនឹងចិនក៏ពិត តែប្រជាជនរបស់ពួកគេមិនមានគំនិត ឬការយល់ ឃើញដូចគ្នានោះទេ។ បើតាមការសិក្សាស្រាវជា្រវថ្មីមួយចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងការបរទេស (ECFR) កាលពីថ្ងៃទី៧ ខែមិថុនានេះ ប្រជាជនអឺរ៉ុបភាគច្រើនមើលឃើញចិនថាជា «ដៃគូមួយដ៏ចាំបាច់» ផ្ទុយពីប្រជាជនអាមេរិកដែលយល់ថាចិនគឺជាសត្រូវ ឬជាគូប្រជែង។ លើសពីនេះទៅទៀត ការសិក្សានេះដដែលក៏បានបង្ហាញដែរថានៅក្នុងករណីមានជម្លោះ ឬសង្រ្គាមណាមួយរវាងសហរដ្ឋអាមេរិក និងចិន ផ្ទុះឡើងលើកោះតៃវ៉ាន់ ប្រជាជនអឺរ៉ុបភាគច្រើន ចង់ឱ្យប្រទេសរបស់ពួកគេនៅឱ្យឆ្ងាយពីជម្លោះនេះទៀតផង។

ការសិក្សារបស់ ECFR ត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍ជាមួយមនុស្សច្រើនជាង ១៦,០០០នាក់ នៅក្នុងប្រទេសចំនួន ១១ ជាសមាជិកសហភាពអឺរ៉ុប និង បានផ្ដល់ការយល់ឃើញផ្ទុយគ្នាពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន និងអ្វីដែលអាចនឹងកើតឡើងនៅតៃវ៉ាន់។ ទាំងតៃវ៉ាន់ និងអ៊ុយក្រែន សុទ្ធតែត្រូវបាន ប្រទេសជាមហាអំណាច នៅក្បែររបងផ្ទះបដិសេធមិនទទួលស្គាល់ភាពជារដ្ឋឯករាជ្យ និងអធិតេយ្យ។ តែនេះមិនមែនជារឿងអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ពោលគឺរឿង គួរឱ្យភ្ញាក់ផ្អើល នោះគឺក្នុងពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាន់យកជំហរតឹងរ៉ឹងចំពោះចិន ដោយចាត់ទុកប៉េកាំងជាគូប្រជែងភូមិសាស្ត្រនយោបាយ ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី២១នេះ ព្រមទាំងប្ដេជ្ញាការពារកោះតៃវ៉ាន់ប្រឆាំងនឹងការប្រើកម្លាំងយោធាវាយប្រហារណាមួយពីចិន មេដឹកនាំអឺរ៉ុបឯណេះ វិញ បានបង្ហាញជំហរចម្រុះគ្នា។ រាប់ចាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យមាន «ការកាត់បន្ថយហានិភ័យ» នៅក្នុង ទំនាក់ទំនងរវាងសហភាពអឺរ៉ុបជាមួយចិន រហូតដល់លោកប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលប្រកាន់ជំហរផ្សះផ្សា និងចាត់ទុកចិនជា «ជាដៃគូយុទ្ធសាស្ត្រ» មួយ។

ការយល់ឃើញផ្ទុយគ្នាបែបនេះ ក៏មាននៅក្នុងចំណោមសាធារណមតិផងដែរ។ ការសិក្សាមួយធ្វើឡើងដោយវិទ្យាស្ថានអាមេរិក Pew Research បានបង្ហាញថា ប្រជាជនអាមេរិក ៥២ភាគរយ ចាត់ទុកចិនជា «គូប្រជែង» និង៣៨ភាគរយ មើលឃើញចិនជា «សត្រូវ»។ ប៉ុន្តែ គោលជំហររបស់ប្រជាជនអឺរ៉ុបចំពោះចិន មាន ភាពចម្រុះគ្នា ដោយ៤៣ភាគរយ យល់ថាចិន ជា «ដៃគូដ៏ចំាបាច់មួយ» ខណៈ២៤ភាគរយ ចាត់ទុកចិនជា «គូប្រជែង» និង១១ភាគរយចាត់ទុកចិន ជា «សត្រូវ» បើទោះជាការពិត ប្រជាជនអឺរ៉ុបភាគច្រើនទទួលស្គាល់ថាចិនគឺជាដៃគូជិតស្និទ្ធរបស់រុស្ស៉ី ដែលអឺរ៉ុបភាគច្រើនលើសលប់ចាត់ទុកថាជា «គូប្រជែង ឬជាសត្រូវ»របស់អឺរ៉ុបក៏ដោយ។

អាចមកពីបែបនេះហើយ ទើបនៅពេលត្រូវបានសាកសួរថាតើប្រទេសរបស់ពួកគេ គួរតែធ្វើការឆ្លើយតបបែបណា ក្នុងករណីជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីកោះតៃវ៉ាន់ ផ្ទុះឡើង ប្រជាជនអឺរ៉ុបភាគច្រើនដល់ទៅ ៦២ភាគរយ បាននិយាយថាចង់ឱ្យប្រទេសរបស់ពួកគេប្រកាន់ជំហរអព្យាក្រឹត។ លោក Pawel Zerka ជាមន្ត្រីគោលនយោបាយជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ECFR បានប្រាប់ទស្សនាវដ្ដីអាមេរិក TIME ថាគោលជំហរនេះមិនមែនឆ្លុះបញ្ចំងពីអារម្មណ៍របស់ប្រជាជន អឺរ៉ុប ចំពោះសហរដ្ឋអាមេរិក (ដែលប្រទេសអឺរ៉ុបស្ទើរតែទាំងអស់ទទួលស្គាល់ជាសម្ព័ន្ធមិត្ត និងជាដៃគូដ៏ជិតស្និទ្ធ) ឬបូរណភាពទឹកដីរបស់តៃវ៉ាន់នោះឡើយ។

លោក Zerka បានគូសបញ្ជាក់ដូច្នេះថា «សំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ និងចិន នៅតែជាគំនិតអរូបីសម្រាប់ប្រជាជនអឺរ៉ុប ដែលមើលឃើញថាវាមិនអាចប្រៀបធៀបគ្នា បាននោះគឺ៖ សង្រ្គាមនៅអ៊ុយក្រែន ជាសង្រ្គាមនៅក្បែរមាត់ទ្វារផ្ទះរបស់ពួកគេ និងត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខុសប្លែកពីតៃវ៉ាន់ដែលនៅសែនឆ្ងាយ រីឯសង្រ្គាមក៏មិនទាន់ផ្ទុះឡើង ហើយក៏មិនដឹងថានឹងផ្ទុះឡើងនៅពេលណា»? ទស្សនយល់ឃើញនេះមានលក្ខណៈដូចគ្នាទៅនឹងជំហររបស់លោក ម៉ាក្រុង ដែលនៅ បន្ទាប់ពីបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីខែមេសាកន្លងទៅ លោកបានក្រើនរំឮកដល់អឺរ៉ុបកុំឱ្យក្លាយជាអ្នកតាមហែរហមសហរដ្ឋអាមេរិក ក្នុង សំណុំរឿងតៃវ៉ាន់។ បើតាមលោក ម៉ាក្រុង អឺរ៉ុបត្រូវដកខ្លួននៅឱ្យឆ្ងាយកុំឱ្យកៀបខ្លួនជាប់នៅចំកណ្ដាលនៃជម្លោះ (តៃវ៉ាន់) ដែលមិនមែនជាជម្លោះរបស់អឺរ៉ុប។

តែក្នុងពេលនោះដែរ ការអត្ថាធិប្បាយបែបនេះរបស់លោក ម៉ាក្រុង ទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសហភាពអឺរ៉ុបមួយចំនួន តួយ៉ាងដូចជាលីទុយអានី ដែល កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយតៃវ៉ាន់ និងអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងមួយលើទឹកដីរបស់ខ្លួន។ យ៉ាងណាក៏ដោយ គោលជំហររបស់ អឺរ៉ុបចំពោះចិនអាចនឹងមានការប្រែប្រួលគ្រប់ពេល ជាពិសេសបើចិនចេញមុខគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដោយបើកចំហ ហើយរឿង មួយនេះចិនដឹងច្បាស់ជាងនរណាៗទាំងអស់។ ខណៈចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៉ីក៏ពិតមែន តែមកទល់នឹងពេលនេះទីក្រុងប៉េកាំងមិនបានផ្ដល់ការ គាំទ្រផ្នែកយោធាដល់ទីក្រុងមូស្គូនោះទេ។ នៅត្រង់ចំណុចនេះ នៅពេលត្រូវបានសាកសួរថាប្រសិនបើចិន ពិតជាបានផ្ដល់អាវុធឱ្យរុស្ស៉ីដូចដែលសហរដ្ឋអាមេរិក អះអាងមែន ប្រជាជនអឺរ៉ុប ៤១ភាគរយនិយាយថាពួកគេគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងចិន បើទោះជាវាអាចនឹងបង្កការខូចខាតដល់សេដ្ឋកិច្ចលោកខាងលិច ក៏ដោយ។

គួរបញ្ជាក់ថា បើតាមលោក Pawel Zerka ស្របពេលដែលរុស្ស៉ីមានរូបភាពអាក្រក់នៅក្នុងទស្សនយល់ឃើញរបស់ប្រជាជនអឺរ៉ុប ការយល់ឃើញដូចគ្នានេះ ក៏អាច នឹងកើតឡើងចំពោះចិនដូចគ្នាដែរ ប្រសិនបើទីក្រុងប៉េកាំងប្រើប្រាស់កម្លាំងយោធាវាយប្រហារលើតៃវ៉ាន់។ ប៉ុន្តែ ដរាបណាសង្រ្គាម ឬជម្លោះនៅតៃវ៉ាន់ នៅតែស្ថិត ក្នុងការព្យាករ ឬការគិត នោះទំនោររបស់អឺរ៉ុបចំពោះចិន គឺពិបាកក្នុងការវាយតម្លៃណាស់។ នៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង បណ្ដាប្រទេសអឺរ៉ុបភាគច្រើន ក៏ធ្លាប់ មើលឃើញរុស្ស៉ីជាដៃគូដែរ មិនមែនជាគូប្រជែង ឬសត្រូវដូចពេលឥលូវនេះទេ។ តែសង្រ្គាមបានកែប្រែទស្សនយល់ឃើញទាំងស្រុងរបស់អឺរ៉ុប ដូច្នេះមើលទៅ មានតែរឿងបែបនេះកើតឡើងលើតៃវ៉ាន់ដែរ ទើបគេអាចឃើញថាតើការយល់ឃើញ និងជំហររបស់អឺរ៉ុបចំពោះចិនអាចនឹងប្រែប្រួល ដែរឬក៏យ៉ាងណា៕ Fresh News

 

អត្ថបទទាក់ទង