Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើបំបែកបំបាក់កម្លាំងសាមគ្គីជាតិរបស់ខ្មែរខ្លះជំនាន់នេះ នឹងបង្កការឈឺចាប់ដល់កូនចៅជំនាន់ក្រោយយ៉ាងណា?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1009
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើបំបែកបំបាក់កម្លាំងសាមគ្គីជាតិរបស់ខ្មែរខ្លះជំនាន់នេះ នឹងបង្កការឈឺចាប់ដល់កូនចៅជំនាន់ក្រោយយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទង្វើបំបែកបំបាក់កម្លាំងសាមគ្គីជាតិរបស់ខ្មែរខ្លះជំនាន់នេះ នឹងបង្កការឈឺចាប់ដល់កូនចៅជំនាន់ក្រោយយ៉ាងណា?

#អ្នកជំនាញអារ្យធម៌ខ្មែរ

(ភ្នំពេញ)៖ ថ្មីៗនេះបើពោលដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអំពាវនាវដល់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យរួបរួម កម្លាំងសាមគ្គីជាធ្លុងមួយក្នុងគ្រាដ៏លំបាកនេះ គីដើម្បីការពារជាតិ មាតុភូមិពីសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជាយើងទាំងកំរោល និងសាហាវព្រៃផ្សៃបំផុត។ ទន្ទឹមនឹងនេះយើងឃើញសកម្មជននយោបាយខ្មែរខ្លះ បែរជាឆ្លៀតឱកាសធ្វើសកម្មភាពដោយប្រើវោហាសាស្ត្ររបស់ខ្លួនគាំទ្រនូវទង្វើរបស់ចោរសៀមឈ្លានពានទៅវិញ ដោយផ្សព្វផ្សាយបង្ហោះតាមបណ្ដាញសង្គមធ្វើការញុះញង់បំបែកបំបាក់កម្លាំងសាមគ្គីជាតិដើម្បីតែផលប្រយោជន៍បុគ្គលខ្លួន ក្រុមគ្រួសារខ្លួន និងបក្ខពួកខ្លួនមួយក្តាប់តូចបន្ដិចបន្ដួចប៉ុណ្ណោះ។

តើទង្វើបំបែកបំបាក់សាមគ្គីជាតិរបស់ខ្មែរខ្លះជំនាន់នេះ នឹងបង្កការឈឺចាប់ដល់កូនចៅជំនាន់ក្រោយយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ជាការពិតប្រាកដណាស់, បើនិយាយអំពីសង្គ្រាមឈ្លានពានសៀមមកលើកម្ពុជា និងការបំបែកបំបាក់កម្លាំងសាមគ្គីជាតិរបស់អ្នកនយោបាយខ្មែរខ្លះ គឺមានប្រវត្តិចាប់តាំងពីការធ្លាក់ចុះនៃចក្រភពអង្គរ ពិសេសសម័យលង្វែក ជាតថភាពប្រវត្តិសាស្រ្តខ្មែរនៃការបំបែកបំបាក់កម្លាំងសាមគ្គីជាតិនិងការចុះខ្សោយអស់រយៈពេល៥០០ឆ្នាំដ៏យូរអង្វែងមកនេះ គឺបណ្ដាលមកពីទង្វើខ្មែរខ្លះក្បត់ជាតិសាសន៍ខ្លួនឯងទៅបម្រើសត្រូវចោរសៀមឈ្លានពានគឺជាភស្ដុតាងជាក់ស្ដែង។

ដោយហេតុថានៅពេលដែល “កម្លាំងជាតិ” ឬ “សាមគ្គីភាពផ្ទៃក្នុង” ត្រូវបានបែកបាក់ ផលវិបាកទាំងនេះមិនមែនត្រឹមតែធ្លាក់មកលើសង្គមមនុស្សដែលជំនាន់ខ្លួនកំពុងរស់នៅប៉ុណ្ណោះទេ តែវាបានបន្សល់ទុកនូវ “កេរដំណែលតៗជំនាន់នៃភាពទន់ខ្សោយនេះ”នឹងបន្តដល់កូនចៅជំនាន់ក្រោយៗទៀតមិនឈប់ឈរ។ រហូតទម្រាំស្រុកទេសយើងមានការបង្រួបបង្រួមជាតិ សន្ដិភាពពេញបរិបូណ៍ទ្បើងវិញនាចុងស.វទី២០ នៅចុងខែធ្នូ ឆ្នាំ១៩៩៨ កន្លងមកថ្មីៗនេះ ដែលបានធ្វើឲ្យមាតុភូមិអង្គរដ៏ស្រស់បវរនៃយើងបានទទួលពន្លឺចែងចាំងឡើងវិញ និងសាយភាយទៅកាន់ពិភពលោកម្ដងទៀត។

លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងបរិការណ៍នេះ បើនិយាយអំពីទង្វើរបស់ចោរសៀមឈ្លានពានទាំងកំរោល និងព្រៃផ្សៃម្ដងហើយម្ដងទៀតមកលើកម្ពុជា និងទង្វើបំបែកបំបាក់កម្លាំងសាមគ្គីជាតិនាពេលនេះ គឺមិនខុសពីសម័យលង្វែកនោះឡើយ។ ពីព្រោះយើងឃើញមានសកម្មជននយោបាយខ្មែរខ្លះ បែរជាទៅបម្រើឲ្យសត្រូវចោរសៀមឈ្លានពានដោយធ្វើការបំបែកបំបាក់កម្លាំងសាមគ្គីជាតិខ្លួនទៅវិញ ដោយគ្រាន់តែដើម្បីផលប្រយោជន៍បុគ្គលខ្លួន ក្រុមគ្រួសារ និងបក្ខពួកខ្លួនបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយទង្វើនេះ គឺពិតជាបង្កដល់ការឈឺចាប់បំផុតបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

ហេតុនេះចំពោះកេរដំណែលបំបែកបំបាក់កម្លាំងជាតិបន្សល់ធ្វើឲ្យកូនចៅជំនាន់ក្រោយឈឺចាប់យ៉ាងធំធេងនោះគឺ៖

​១៖ ការបាត់បង់ឱកាសក្នុងការប្រកួតប្រជែង ​នៅពេលដែលជាតិសាសន៍មួយបែកបាក់ ពេលវេលានិងថាមពលរបស់ជាតិត្រូវបានខ្ជះខ្ជាយទៅលើជម្លោះផ្ទៃក្នុង។ កូនចៅយើងត្រូវចំណាយពេលវេលាមកដោះស្រាយវិវាទចាស់ៗ ដែលធ្វើឲ្យពួកគេដើរយឺតជាងគេក្នុងសកលលោក ខណៈពេលដែលប្រទេសដទៃកំពុងតែបោះជំហាននិងវិវត្តន៍ទៅមុខ។

​២៖ វិបត្តិផ្លូវចិត្ត និងអត្តសញ្ញាណ ​កូនចៅដែលធំដឹងក្តីក្នុងសង្គមដែលបែកបាក់ នឹងមានការសង្ស័យលើខ្លួនឯង ហើយបាត់ជំនឿលើខ្លួនឯង។ ពួកគេរស់នៅទាំងមានសម្ពាធពីកំហុសដែលពួកគេមិនបានសាង ប៉ុន្តែពួកគេបែរជាត្រូវមកទទួលខុសត្រូវលើផលវិបាកដែលសាងដោយមនុស្សជំនាន់មុនបន្សល់ទុក។

​៣៖ ភាពងាយរងគ្រោះពីមជ្ឈដ្ឋានខាងក្រៅ ​ប្រវត្តិសាស្ត្របានបង្ហាញថា កាលណា”កម្លាំងជាតិ” ឬ “សាមគ្គីភាពផ្ទៃក្នុង” ត្រូវបានបែកបាក់និងចុះខ្សោយ ឥទ្ធិពលពីខាងក្រៅនឹងងាយស្រួលជ្រៀតជ្រែកចូលផ្ទៃក្នុង កេងចំណេញនយោបាយនិងផលប្រយោជន៍ជាតិ។ កូនចៅជំនាន់ក្រោយអាចនឹងត្រូវរងសម្ពាធបាត់បង់ឯករាជ្យភាព ឬសិទ្ធិស្វ័យសម្រេចលើជោគវាសនាខ្លួនឯង។

​៤៖ការបំបែកគឺជារឿងងាយ ឯការស្តារឡើងវិញគឺពិតជាមានការលំបាក ហើយ ការផ្សះផ្សាឲ្យកម្លាំងជាតិមកជួបជុំគ្នាវិញ ជួនកាលត្រូវប្រើពេលរាប់ទសវត្សរ៍ ឬរាប់រយឆ្នាំ។ នេះមានន័យថា កូនចៅជំនាន់ក្រោយត្រូវចំណាយពេលពេញមួយជីវិតរបស់ពួកគេ ដើម្បីតែជួសជុលកំហុសរបស់មនុស្សជំនាន់មុន។

ដូច្នេះចំពោះកម្លាំងសាមគ្គីភាពជាតិស្អិតរមួត មិនមែនគ្រាន់តែជាពាក្យស្លោកសម្រាប់ឲ្យអ្នកនយោបាយទន្ទេញចាំមាត់ដូចសេកនោះទេ ប៉ុន្តែវាគឺជា “អាវក្រោះ” និងជា “ទុន” ដ៏មានសារៈសំខាន់និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការពារជាតិ ពីការឈ្លានពានពីខ្មាំងសត្រូវខាងក្រៅ ដែលយើងត្រូវបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ។ ដើម្បីឲ្យពួកគេមានជីវិតរស់នៅពោរពេញទៅដោយភាពរឹងមាំ មានឯករាជ្យភាព មានសិទ្ធិស្វ័យសម្រេចលើជោគវាសនាខ្លួនឯង មានជីវិតរស់នៅពោរពេញទៅដោយភាពថ្លៃថ្នូរនិងពេញមុខពេញមាត់នៅលើឆាកអន្តរជាតិ៕

-Fresh News-

អត្ថបទទាក់ទង