Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៤ “បុរសសង្ហាដើរបញ្រ្ចាសទិសប្រឆាំងកូវីដ-១៩”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 78
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៤ “បុរសសង្ហាដើរបញ្រ្ចាសទិសប្រឆាំងកូវីដ-១៩” សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៤ “បុរសសង្ហាដើរបញ្រ្ចាសទិសប្រឆាំងកូវីដ-១៩”

ភ្នំពេញ៖ សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។

ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។

ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១៤ « បុរសសង្ហាដើរបញ្រ្ចាសទិសប្រឆាំងកូវីដ-១៩ »
ភាពលេចធ្លោដ៏អស្ចារ្យរបស់សម្តេច ហ៊ុន សែន នៅឆ្នាំ២០២០ គឺក្រោយការអនុញ្ញាតឱ្យនាវាវេស្ទ័រដាំ(MS Westerdam) ចូលចត នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុន Holland America Line របស់នាវាវេស្ទ័រដាំ សរសេរសារនៅលើ Facebook ផ្លូវការរបស់ខ្លួនថា ពួកគេសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឱ្យនាវារបស់ខ្លួនចូលចតនៅកំពង់ផែព្រះសីហនុ។ ជាមួយគ្នានោះនៅថ្ងៃទី១៤ ខែកុម្ភៈ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter សម្តែងនូវការដឹងគុណ ចំពោះការបង្ហាញចេញនូវសាមគ្គីភាពនិងមនុស្សធម៌ របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការអនុញ្ញាត និងទទួលស្វាគមន៍នាវាទេសចរណ៍ MS Westerdam ដែលគ្មានកន្លែងសំចតអស់រយៈពេល២សប្តាហ៍។

លោកបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។ លោក Tedros សរសេរថា៖
“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវា MS Westerdam ចូលចតនៅខេត្តព្រះសីហនុ។ នេះជាការបង្ហាញនូវការស្វាគមន៍ប្រកបដោយសាមគ្គីភាព ក្នុងគ្រាដែលពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលបឈ្ឈប់ការរីករាលដាលមេរោគ កូវីដ-១៩។ ទាំងនេះជាកាយវិការដ៏សប្បុរស របស់សម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដែលបានទៅដល់កំពង់ផែខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ MS Westerdam អមដោយផ្កាកុលាប ដែលជាការបញ្ជាក់អំពីថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day)។ ខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះការបង្ហាញចេញនូវសាមគ្គីភាព និងមនុស្សធម៌”។

ភាពក្លាហានដែលពោរពេញដោយការទទួលខុសត្រូវ ប្រកបដោយទឹកចិត្តមនុស្សធម៌ សម្តេចក៏ទទួលបានមហាកិត្តិយសពីប្រជាជនចិនដែរ ដែលពួកគេដាក់រហស្សនាមឱ្យសម្តេចថាជាបុរសសង្ហា ជាងគេលើលោក និងដើរបញ្រ្ចាសពិភពលោក ក្នុងករណីប្រឆាំងវីរុសកូរ៉ូណាឬកូវីដ ។
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដដែល ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការ នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្ញើលិខិតកោតសរសើរជូនចំពោះ សម្តេចហ៊ុន សែន ដែរ។ ពីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ លោកសរសេរដោយប្រើក្បាលលិខិតថា លិខិតកោតសរសើរចំពោះកម្ពុជា…
“ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបប្រកបដោយមនុស្សធម៌គួរឱ្យកត់សម្គាល់ចំពោះស្ថានភាពដ៏លំបាកនៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។ យើងពិតជាមានមោទនភាពណាស់ ចំពោះការបង្ហាញចេញរបស់កម្ពុជា នូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតឱ្យធ្វើតាម និងផ្តល់នូវការជួយ គាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា អង្គការទេសចរណ៍ពិភពលោក សូមកោតសរសើរដោយស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលកន្លងមកនៅតែលតោលលើសមុទ្រ។ សូមសម្តេចនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ”។នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប្រ៊ុយណូ បូដាត (Bruno BODARD) ស្ថាបនិក និងជាអគ្គនាយកអង្គការអន្តរជាតិឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមានចិត្តដ៏ជ្រាលជ្រៅរបស់សម្តេច ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំ MS Westerdam ចូលចតនៅកម្ពុជា។ លោក ប្រ៊ុយណូ បូដាត លើកឡើងថា កាយវិការប្រកបដោយសប្បុរសរបស់ សម្តេច ហ៊ុន សែន បង្ហាញឱ្យពិភពលោកទាំងមូលឃើញថា

ប្រទេសកម្ពុជា គឺជាប្រទេសមួយគោរពសិទ្ធិមនុស្ស គិតគូរអំពីសុខភាព និងជាតួអង្គដ៏សំខាន់ និងដ៏រឹងមាំក្នុងតំបន់ ក្នុងការធានាសន្តិភាព និងស្ថិរភាព។

ការស្ងើចសរសើររបស់អគ្គនាយកអង្គការអន្តរជាតិ ឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចហ៊ុន សែន។ ក្នុងលិខិតនោះលោក ប្រ៊ុយណូ បូដាត កត់សម្គាល់ថា ការរាតត្បាតនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ“កូរ៉ូណា” ឬ “COVID-19” មិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសចិនតែមួយប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយសារតែការថយចុះយ៉ាងខ្លាំងនៃការធ្វើដំណើរ ដែលពិតជាជះឥទ្ធិពលជាដំបូងដល់វិស័យទេសចរណ៍។ ប្រការនេះធ្វើឱ្យរូបលោកមានក្តីកង្វល់អំពីការថយចុះនៃសកម្មភាពទេសចរនៅកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា និងខេត្តព្រះសីហនុផងដែរ។ ព្រោះតែការសង្ស័យរឿងជំងឺផ្លូវដង្ហើមបង្កដោយមេរោគ “កូរ៉ូណា” ធ្វើឱ្យប្រទេសជាច្រើនបដិសេធមិនឱ្យនាវាទេសចរណ៍ខ្នាតធំរបស់អាម៉េរិក “MS Westerdam” ចូលចតឡើយ។ នាវានោះត្រូវធ្វើដំណើរលើលម្ហសមុទ្រអស់រយៈពេល១២ថ្ងៃ ប៉ុន្ដែ សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យនាវានោះចូលចតនៅកម្ពុជា បន្ទាប់ពីមានសំណើរបស់ក្រុមហ៊ុន។

លោក ប្រ៊ុយណូ បូដាត រម្លឹកថា លោកសែនរំភើប និងស្ងើចសរសើរចំពោះកាយវិការដ៏ក្លាហានរបស់សម្តេច ហ៊ុន សែន ដោយលោកបញ្ជាក់បន្ថែមថា នេះជាមូលហេតុដែលធ្វើឱ្យលោក និងក្រុម ការងារទាំងអស់មានក្តីរំភើប និងស្ងើចសរសើរចំពោះសកម្មភាពដ៏ក្លាហាន និងវិជ្ជមានរបស់សម្តេច ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅខេត្តព្រះសីហនុ បន្ទាប់ពីបានជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាយូរ…។ អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក សូមបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះកាយវិការដ៏ទន់ភ្លន់នេះ ជូនចំពោះសម្តេច ហ៊ុន សែន ហើយដែលធ្វើឱ្យពួកគេទាំងអស់គ្នាមានមោទនភាពជាខ្លាំង។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏បាន សរសេរនៅលើបណ្ដាញ Twitter ដែរថា៖
“សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត ចំពោះការទទួលយកនាវា MS- Westerdam ឱ្យចូលចតនៅកំពង់ផែរបស់អ្នក។ សហរដ្ឋអាម៉េរិក នឹងចងចាំនូវកាយវិការ ដ៏សុភាពរាបសារបស់អ្នក”។

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវា MS Westerdam ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ចំពោះសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ពិសេសទៀតនោះ អនុញ្ញាតឱ្យកប៉ាល់ចូលចតនៅខេត្តព្រះសីហនុ។ លោកថ្លែងថា សម្តេចហ៊ុន សែន មានបេះដូងមនុស្សធម៌ ក្នុងទំហំធំជាងការភ័យខ្លាច និងការរើសអើង។

មេដឹកនាំកម្ពុជា មិនត្រឹមតែអនុញ្ញាតឱ្យនាវាខ្នាតធំនេះចូលចតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះ ដល់មាត់ច្រកចេញពីនាវា ដោយចាប់ដៃពួកគេរហូតដល់ឱបស្វាគមន៍តាមបែបបស្ចិមប្រទេស ដោយគ្មានពាក់ម៉ាស់ទៀតផង។ កាយវិការរបស់សម្តេច ទទួលការសាទរ និងការកោតសរសើរពីប្រធានអង្គការសុខភាពពិភពលោក និងបណ្តាស្ថានទូតបរទេស ដែលមានជនជាតិរបស់ខ្លួននៅក្នុងនាវានោះយ៉ាងកក់ក្តៅ ជាពិសេសគឺការកោតសរសើរ និងការដឹងគុណបំផុតពីសំណាក់ភ្ញៀវទេសចរនៅក្នុងនាវាតែម្តង។

បន្ទាប់មកថ្ងៃទី១៨ ខែកុម្ភៈដដែលក្នុងជំនួបសម្តែងការគួរសមជាមួយនឹងសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ នេះជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ នេះជាកាយវិការមនុស្សធម៌ពិតៗរបស់សម្តេច ហ៊ុន សែន គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្សកំពុងតែត្រូវការជាចាំបាច់។ ជាមួយនឹងកាយវិការនេះ លោកក៏បានសហការជាមួយនឹងស្ថាប័នកម្ពុជា ពិសេសក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយលោកបញ្ជាក់ថា សហរដ្ឋ-អាម៉េរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា៖“អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ហើយជាងនេះទៀត ការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឱ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើកប៉ាល់ MS Westerdam នេះ មិនអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុង ព្រះសីហនុទេ មិនដឹងថានាវានេះត្រូវទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើកប៉ាល់នោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន…។ កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាមានអ្នកជំងឺក្ដីក៏កម្ពុជានៅតែឱ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចត កាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណា ជួយសង្គ្រោះអ្នកជំងឺនៅលើកប៉ាល់ ហើយក៏ដូចជាជួយសង្គ្រោះប្រជាជនដែលនៅក្នុងនាវានោះ មិនឱ្យឆ្លងពីអ្នកជំងឺដែលមានមេរោគកូរ៉ូណា”៕

អត្ថបទទាក់ទង