Grand News Asia Close

រុស្ស៉ីថា F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរបាន និងបន្តព្រមានកុំឱ្យផ្តល់យន្តហោះចម្បាំងនេះ ដល់អ៊ុយក្រែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 132
រុស្ស៉ីថា F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរបាន និងបន្តព្រមានកុំឱ្យផ្តល់យន្តហោះចម្បាំងនេះ ដល់អ៊ុយក្រែន រុស្ស៉ីថា F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរបាន និងបន្តព្រមានកុំឱ្យផ្តល់យន្តហោះចម្បាំងនេះ ដល់អ៊ុយក្រែន

(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក មានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយលោកបានព្រមានថា ការផ្គត់ផ្គង់ពួកវាឱ្យទៅ​ទីក្រុងកៀវ មុខជានឹងធ្វើឱ្យជម្លោះកាន់តែកើនកម្តៅខ្លាំងឡើងមិនខានទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមក្រសួងការបរទេសរុស្ស៉ី លោក ឡាវរ៉ូវ បានលើកឡើងដូចខាងលើ ក្នុងសុន្ទរកថាមួយ នៅមូលដ្ឋានយោធាក្នុងទីក្រុងឌូស្ហាន់បេ (Dushanbe) នៃប្រទេសតាហ្ស៉ីគីស្ថាន។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវចាំទុកថា ការកែច្នៃមួយ​នៃយន្តហោះចម្បាំង F-16 គឺអាចធ្វើឱ្យវាមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរបាន។ បើពួកគេពុំយល់ពីរឿងនេះទេ នោះពួកគេគ្មានតម្លៃ ក្នុងនាមជាអ្នកយុទ្ធសាស្រ្ត និងអ្នករៀបចំផែនការយោធាឡើយ»។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំយន្តហោះចម្បាំង F-16 នេះជាយូរមកហើយ។ លោក ហ្សេលេនស្គី បាននិយាយថា វត្តមាន F-16 ជាមួយពីឡុតអ៊ុយក្រែន នឹងបម្រើជាសញ្ញាដ៏ជាក់ច្បាស់មួយពីពិភពលោក ដែលបង្ហាញថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនឹងត្រូវទទួលបរាជ័យ ដោយចៀសមិនផុត។

កាលពីខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់បណ្តាមេដឹកនាំក្រុមប្រទេស G7 ថា ទីក្រុងវ៉ាស៉ីនតោនគាំទ្រចំពោះ​កម្មវិធីរបស់ក្រុមប្រទេសលោកខាងលិច ស្តីពីការផ្តល់ការបណ្តុះបណ្តាលឱ្យក្រុមពីឡុតអ៊ុយក្រែន ចេះបើកយន្តហោះចម្បាំង F-16។ យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅ​ឡើយទេ ជុំវិញលទ្ធភាពទីក្រុងវ៉ាស៉ីនតោនបញ្ជូនយន្តហោះចម្បាំងនេះឱ្យអ៊ុយក្រែន៕ (Fresh News)

អត្ថបទទាក់ទង