Grand News Asia Close

១២- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងគោះ​ត្រឡោក |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 124
១២- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងគោះ​ត្រឡោក | ១២- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងគោះ​ត្រឡោក |

ល្បែង​គោះត្រឡោក ជា​ល្បែង​មួយ​យ៉ាង​ដែល​មនុស្ស​ប្រុស​ជំទង់ៗ​ឬ​ចំណាស់ៗ​ដែល​គេ​លេង​ក្នុង​ពេល​ណា​ក៏បាន តែ​គេ​ច្រើន​តែ​លេង​ក្នុង​ពេល​លើក​ជំ​នូន​-​ស៊ី​ស្លា ឬ​មង្គលការ​កូន គឺ​ពេល​ហែកូនប្រុស​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោង​នៅផ្ទះ​ខាង​ស្រី ក្នុងពេលនោះ គេ​តែង​រក​អ្នកចេះ​គោះត្រឡោក មក​លេង​ជា​កម្សាន្ត។​

មនុស្ស​អ្នកលេង​មាន​តែ​ម្នាក់​ទេ ។ មុន​នឹង​លេង គេ​យក​ត្រឡោក​ល្អៗ​២ ទំហំ​ប៉ុនគ្នា មក​កាន់​នៅ​ដៃស្ដាំ ១ ដៃ​ឆ្វេង ១ ហើយ​គេ​អង្គុយ ឬ​ឈរ គោះ​ប្រជល់​គ្នា​តាម​ចង្វា​ក់ មាន ៧ គឺ​:
​ ​ទី​១ គោះ​លើ​ក្បាល​
​ ​ទី​២ គោះ​ខាងមុខ​
​ ​ទី៣ គោះ​ខាងក្រោម​ឃ្លៀក​ស្ដាំ​
​ ​ទី៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង​
​ ​ទី៥ គោះ​ខាងក្រោម​ជើង​ស្ដាំ​
​ ទី៦ គោះ​ខាងក្រោម​ជើងឆ្វេង​
​ ​ទី៧ គោះ​ខាងក្រោយ​ខ្នង​

​ ​សកម្មភាព​របស់​អ្នក​គោះ​បែប​អង្គុយ ដូច​ក្នុង​រូបភាព​នេះ​:

លុះ​គោះ​គ្រប់ ៧ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ សាជាថ្មី​ឡើង​ទៀត តាម​លំដាប់​ហូរហែ​ទៅ ។​ បើ​គោះ​បែប​ឈរ គេ​គោះ​បណ្ដើរ ច្រៀង​បណ្ដើរ​តាម​បទ ឬ​ទំនុក​ដែល​គេ​ចេះ ។ នៅពេល​ហែ​កូនកំលោះ​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោងការ ឬ​នាំ​កូនក្រមុំ​ចុះ​ពី​ផ្ទះ​ទៅ​ចូល​រោង​ខាង​ប្រុស គេ​តែង​គោះ​បែប​ឈរ គឺ​អ្នក​គោះ​ត្រឡោក គេ​ឈរ​រេ​រាំ​ធ្វើ​ជា​ស្ទាក់​មុខ​កូន​ក​ម្លោះ មិន​ឲ្យ​ឡើង​ទៅលើ​ផ្ទះ​ខាង​ស្រី ឬ​កូនក្រមុំ​មិនឲ្យ​ចូល​ទៅ​រោង​ខាង​ប្រុស ។ បើ​ម្ដាយ​ឪពុក​នៃ​សាមីខ្លួន​ទាំង​សងខាង​អាណិត​គ្នា កុំឲ្យ​ឈរ​យូរពេក ខ្លាច​នឿយហត់ ឬ​ខ្មាស់​គេ គេ​យក​វត្ថុ​អ្វីមួយ​មាន​ស្រា​និង​សាច់​ក្លែម ឬ​ប្រាក់​ជា​ដើម​តាម​សម​គួរ សូម​អ្នក​គោះត្រឡោក​នោះ បើ​អ្នក​គោះ​គេ​សុខចិត្ត​ព្រម​បើក​ឱ្យទៅ ទើប​ចូល​ទៅ​បាន ។​

ល្បែង​នេះ ជា​ល្បែង​មួយ​យ៉ាង នាំ​ឱ្យអ្នក​ទស្សនាកើត​សេចក្ដី​រីករាយ ហើយ​ជា​ល្បែង​ដែល​រាប់​ចូល​ក្នុង​ការ​ហាត់ប្រាណ នាំឱ្យ​ដៃ​កើត​សាច់ដុំ និង​ឱ្យដៃ​រហ័សរហួន ៕

អត្ថបទទាក់ទង