Grand News Asia Close

៥- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់កន្សែង |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 374
៥- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់កន្សែង | ៥- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់កន្សែង |

ល្បែង​លាក់​កន្សែង​ ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​​បុរាណ​កាល​តែង​លេង​សម្រាប់​ទី​កំសាន្ត​សប្បាយ​ នៅ​ពេលយប់​ខែ​ភ្លឺ​​ក្នុង​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់​នឿយ​ម្តង​ៗ ។
មុន​ដំ​បូង​ពួក​ក្មេង​ៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើង​ទៅ​ឲ្យ​អង្គុយ​ច្រ​ហោង​ដំកង់​ជា​វង់​មូល​ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាល​ជង្គង់​ក្នុង​ទី​ណា​មួយដែល​ជា​ទី​វាល​ស្រឡះ​រាប​​ស្មើ​ល្អ ។ ហើយ​គេ​យក​កន្សែង​ ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ​ទុក​ជា​យ​បន្តិច​សម្រាប់​កាន់​យួរ​បាន​ ហៅ​ថា​កន្សែង​ មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ​ ដើរ​ព័ទ្ធ​ជុំ​វិញ​យ៉ាង​លឿន​ ពី​ខាង​ក្រោយ​ខ្នង​អ្នក​អង្គុយ​​បញ្ឆោត​អ្នក​អង្គុយ​មិន​ឲ្យ​ដឹង​ខ្លួន​ថា​គេ​លាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​ណា ។​
សកម្មភាព​របស់​អ្នក​លេង​ដូច​រូប​ភាព​ ៖

ល្បែង​នេះ​មាន​ត្រ​ណមយ៉ាង​តឹង​រ៉ឹង​មិន​ឲ្យ​អ្នក​លេង​ងាក​ក្រោយ​ ឬ​លូក​ដៃ​ទៅ​ខាង​ក្រោយ​ខ្នង​បើ​អ្នក​ណា​មួយ​ហ៊ាន​ងាក​ ឬ​លូក​ស្ទាប់​ខាង​ក្រោយ​ខ្នង​ អ្នក​លាក់​គេ​មាន​អំណាច​ដាក់​ទណ្ឌ​កម្ម​អ្នក​នោះ​មិន​ឲ្យ​ឡើង​លាក់​កន្សែង​ ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេច​ភ្នែក​ក៏​បាន​ ស្រច​តែ​គេ​ដាក់​ទោស​យ៉ាង​ណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់​ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ​២-៣ ជុំ​ហើយ មើល​តែ​អ្នក​ណា​អង្គុយ​បែប​ភ្លេច​ខ្លួន​គេ​ក៏​ដាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ​ ដើម្បី​ឲ្យ​ឆាប់​មក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើអ្នក​ដែល​ត្រូវ​គេ​លាក់​កន្សែង​ពី​ក្រោយ​ខ្នង​នោះ​មិន​ដឹង​ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្តង​ទៀត​ចាប់​យក​កន្សែង​នោះ​បាន​មុន​គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ​ ត្រូវ​មាន​អំណាច​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​ត ។
តែ​បើ​អ្នក​អង្គុយ​ដឹង​ខ្លួន​ថា​គេ​លាក់​ចំ​ក្រោយ​ខ្នង​ខ្លួន​ ហើយ​ចាប់​យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់​ គេ​ចាត់​ទុក​អ្នក​អង្គុយ​នោះ​ជា​ឈ្នះ​ត្រូវ​មាន​អំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែ​បើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​អ្នក​កាន់​កន្សែង​នោះ​ មិន​ត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រឡឹង​អ្នក​អង្គុយ​ដំ​កង់​ ដើម្បី​នឹង​លាក់​ត​ទៅ​ទៀត​គឺថា អ្នក​លាក់​ពី​មុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល ។
គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​។ ជួន​កាល​អ្នក​ខ្លះ​មិន​ដែល​បាន​ឡើង​លាក់​កន្សែង​នឹង​គេ​ម្តង​សោះ​ក៏​មាន​ ព្រោះ​គេ​លាក់​កន្សែង​ក្រោយ​ខ្នង​ខ្លួន​ខ្លួន​មិន​ដឹង​ រវល់​តែគេ​គក់​ខ្នង​បាន​រាល់​ពេល ។
ល្បែង​នេះ​គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង​ រហ័ស​រហួន​ ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ ហាត់​ទម្លាប់​ខ្លួន​ប្រុង​ស្មារតី​ជានិច្ច ។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង