Grand News Asia Close

៣- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចាប់កូនខ្លែង |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 289
៣- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចាប់កូនខ្លែង | ៣- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចាប់កូនខ្លែង |

ល្បែង​ចាប់​កូន​ខ្លែង​ ជា​ល្បែង​របស់​កុមារា​កុមារី​ជំទង់​ៗ តែង​តែ​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ​ពេល​ទំនេរ​។
សកម្ម​ភាព​របស់​អ្នក​លេង​ដូច​រូប​​នេះ ៖

ល្បែង​នេះ​ពេល​លេង​គេចាត់​ម្នាក់​ដែល​មាន​មាឌ​មាំ​ធំ ឲ្យ​ធ្វើ​ជា​មេ​​ហ្វូង​ហៅ​ថា​មេមាន់​, ចាត់​ច្រើន​នាក់​ឲ្យ​ធ្វើ​ជាកូន​មាន់​ហើយ​គេ​ចាត់​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​ខ្លែង ចាំ​ចាប់​កូន​មាន់​។ ម្នាក់​ៗ​គេយក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន​ការពារ​កុំ​ឲ្យ​របូត​សំ​លៀក​។​
គេ​នាំ​គ្នា​បង្កាត់​ភ្លើង​ឲ្យ​បាន​ជា​ភ្នក់​តូច​ ដោយ​គំទេចឧស​ហើយ​ម្នាក់​ដែល​ធ្វើ​មេ​មាន់​​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នារហូត​ដល់​អស់​ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំភ្នក់​ភ្លើង។ ជា​មួយ​គ្នា​នេះ​ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឲ្យ​ន័យ​ទៅ​ខ្លែង​ថា៖

ចាប់​កូន​ខ្លែង​ប្រឡែង​កូន​អក  ពពេច​ញ៉ែក​ញ៉ក​កូន​អញ​តែ​មួយ។
ជីក​អន្លុង​ដាំ​ត្រកួន  ទន្សាយ​រត់​ពួន​ត្រ​កួន​ឡើង​លាស់។
ទៀន​១ គូតាំង​យូ​បាំង​ព្រះ លើក​ដៃ​សំពះ​ ដូនៗ​សុំ​ភ្លើង។

ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បាន​ឮ​មាន់​​និង​កូន​មាន់​ស្រែក​ដូច្នោះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់​ភ្លើង​ ហើយ​និយាយ​សុំ​ភ្លើង​ថា​«ដូនៗសុំភ្លើង !» ។
មាន់​ឆ្លើយ​ថា ៖ រលត់
ខ្លែង​សុំ​ថា ៖ សុំ​មួយ​អង្កត់
មាន់​ឆ្លើយ​ថា ៖ រលាយ
ខ្លែង​សុំថា ៖ សុំទឹកបាយ
មាន់​ឆ្លើយថា ៖ ឆ្កែ​លិទ្ធ
ខ្លែង​សុំថា ៖ សុំ​កាំបិត
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ប្រុង
ខ្លែង​សុំថា ៖ សុំ​ល្ហុង
​មាន់​ឆ្លើយថា​ ៖ មិន​ទាន់​ដាំ
ខ្លែង​សុំថា ៖ សុំ​ថ្នាំ
​មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ហាល
ខ្លែង​សុំថា ៖ សុំ​ផាល​
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​សិត
ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់​ភ្លើង​នោះ ។

ចំណែក​មេមាន់​ក៏​នាំ​គ្នា​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធ​ជុំវិញ​ខ្លែង​និង​ភ្នក់​ភ្លើង ហើយ​ស្រែក​ច្រៀង​ទាំង​មេ​ទាំង​កូន​ថា៖
ចាប់​កូន​ខ្លែង​ប្រឡែង​កូន​មាន់​(បន្ទរ) អាឡយ ៗ
បើ​មេ​ទៅ​ទាន់ យក​មាន់​ទៅ​លាក់​ (បន្ទរ) អាឡយ ៗ
លាក់​ទុក​ឯណា​លាក់​ក្បាល​ដំណេក (បន្ទរ) អាឡយ ៗ
រលឹក​ពីដេក វាយ​មាន់​តូង​តាង ។

មាន់​ច្រៀង​ចប់​ក៏ឈប់​ឈរ​តម្រៀប​គ្នា។
ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​ម្តង​ទៀតថា​«ដូន​ៗ​សុំ​ភ្លើង»
មាន់​ឆ្លើយ​ថា «ក្អែក​ពាំ​ទៅទម្លាក់​ក្នុង​ទឹក​ទន្លេ​បាត់​ទៅ​ហើយ» រួច​ក៏​ដើរ​ព័ទ្ធ​ជុំ​វិ​ញ​ខ្លែង​និង​ភ្នក់​​ភ្លើង ហើយ​ច្រៀង​តទៅទៀត​ថា៖
ប្អូន​វេញ​ខ្សែសូត្រ​ បង្ហូត​ខ្សែគោម (បន្ទរ) អាឡយ ៗ
ខ្លែង​អើយ​កុំ​លោម​ មិន​បាន​មាន​ទេ (បន្ទរ) អាឡយ​ ៗ
ហើយ​ឈរ​ស្ងៀម ។

ខ្លែង​ក៏និយាយ​ទទូច​សុំ​កូន​ថា៖
ខ្លែង​សុំ​ថា ៖ ដូនៗ ឲ្យ​សុំ​កូន​មុខ
មាន់ឆ្លើយថា ៖ ឪពុក​មិន​ឲ្យ
ខ្លែង​សុំ​ថា ៖ សុំ​កូន​ក្រោយ
មាន់​ឆ្លើយ​ថា ៖ កំ​បាក់​កំបែក​យក​ចុះ
ខ្លែង កាល​បាន​ឮ​មេ​មាន់​ថា ឲ្យ​កូនណា​កំបាក់​កំបែក​ដូច្នេះ ក៏តាំង​ដេញ​ចាប់​បេះ​យក​កូន​ណា​ដែល​នៅ​ក្រោយ​គេ, ឯមេ​មាន់​ខំ​ប្រឹង​ការ​ពារ​កូន​របស់​ខ្លួន​កុំ​ឲ្យ​​គេ​បេះ​យក​បាន, ឯ​កូន​មាន់​ ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់​ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះ​យក​ខ្លួន​ម្នាក់​ៗ បាន ។ ជួន​ក៏​ខ្លែង​បេះ​យក​កូន​បាន​ម្តង​ ១ ម្តង ២ ទាល់​តែ​អស់​ជួន​ក៏​បេះបាន​តែ​ ១ ។ តែ​គេ​មាន​ល័ក្ខខ័ណ្ឌ​មួយ​ថា​ បើ​កូន​ណា​របូត​ចេញ​ពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង​ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិន​ត្រូវ​ចាប់​គេ​ទេ ។ កាល​អស់​កម្លាំង​ហត់​រៀង​ខ្លួន​ហើយ ក៏ឈប់​សម្រាក​បន្តិច​ ហើយ​ផ្លាស់​ប្តូរ​គ្នា​លេង​ត​ទៅ​ទៀត គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់ ។
ប៉ុន្តែល្បែង​បែប​ដូច​គ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាម​របៀប​លេង​ថា «​ល្បែង​ខ្លែង​ចាប់​កូន​មាន់ » ក៏មាន ។
ល្បែង​នេះ ជា​ការ​បង្ហាត់​មនុស្ស​ឲ្យ​ចេះ​ប្រុង​ស្នៀត ប្រុងស្មារតី​ឲ្យ​រហ័ស​រហួន​ ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង ។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង