Grand News Asia Close

កូរ៉េខាងត្បូងដាក់ទណ្ឌកម្ម លើក្រុមលុកលុយផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ក្រោយការបង្ហោះផ្កាយរណបបរាជ័យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 134
កូរ៉េខាងត្បូងដាក់ទណ្ឌកម្ម លើក្រុមលុកលុយផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ក្រោយការបង្ហោះផ្កាយរណបបរាជ័យ កូរ៉េខាងត្បូងដាក់ទណ្ឌកម្ម លើក្រុមលុកលុយផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ក្រោយការបង្ហោះផ្កាយរណបបរាជ័យ

(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបានប្រកាសពីការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងក្រុមលុកលុយផ្នែកព័ត៌មានវិទ្យា ឬក្រុមហែគឃើ (hacker) មួយហៅថា Kimsuky ដោយចោទថា ក្រុមនេះមានជាប់ពាក់ព័ន្ធ ក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបដែលទទួលបរាជ័យ របស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រុមហែគឃើកូរ៉េខាងជើង រួមទាំងក្រុម Kimsuky បានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ក្នុងដំណើរការអភិវឌ្ឍផ្កាយរណបរបស់កូរ៉េខាងជើង តាមរយៈការលួចបច្ចេកវិទ្យាទំនើបៗ ស្តីពីការអភិវឌ្ឍសព្វាវុធ ផ្កាយរណប និងវិស័យអវកាស»។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្តថា ការដាក់ទណ្ឌកម្មថ្មីចុងក្រោយនេះ ស្តែងឱ្យឃើញពីឆន្ទៈរបស់ទីក្រុងសេអ៊ូល ក្នុងការធ្វើឱ្យកូរ៉េខាងជើងត្រូវតែតបស្នងតម្លៃ សម្រាប់សកម្មភាពបង្កហេតុរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីពុធសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍ដំបូងបំផុតរបស់ខ្លួន ទៅកាន់គន្លងទីអវកាស ប៉ុន្តែវាបានបញ្ចប់ទៅដោយភាពបរាជ័យ ក្រោយគ្រាប់រ៉ុក្កែតនិងផ្កាយរណបបានធ្លាក់ចូលទៅក្នុងសមុទ្រ។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបាននិយាយថា ការបាញ់បង្ហោះណាមួយរបស់ទីក្រុងព្យុងយ៉ាង ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៉ីលបាលិស្ទីគ គឺជាការរំលោភលើ​សេចក្តីសម្រេចជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខជាត នៃអង្គការសហប្រជាជាតិ។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងបានចេញមុខច្រានចោល ការថ្កោលទោសពីសំណាក់ទីក្រុងវ៉ាស៉ីនតោន និង​ប្រទេសដទៃទៀត មកលើការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ដោយនិយាយថា ទីក្រុងព្យុងយ៉ាងមានសិទ្ធិអធិបតេយ្យក្នុងការអភិវឌ្ឍ​វិស័យអវកាស ហើយបានប្តេជ្ញាថានឹងព្យាយាមសាជាថ្មី ដើម្បីនាំយកផ្កាយរណបស៉ើបការណ៍ ទៅដាក់ក្នុងគន្លងអវកាសឱ្យបាន៕ Fresh News

អត្ថបទទាក់ទង