Grand News Asia Close

ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ជូនប្រជាពលរដ្ឋ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ 332
ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ជូនប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ជូនប្រជាពលរដ្ឋ។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត និងសមាជិកគណៈរដ្ឋមន្រ្តីឡាវ នៅកម្ពុជានាឱកាសនេះ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាបងប្អូន អ្នកភូមិផងរបងជាប់គ្នានិងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង កាន់តែរឹងមាំនិងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់។

វត្តមានរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នៅកម្ពុជានាពេលនេះបន្ទាប់ពី លោកស្រី ផានី យ៉ាថូតូ (Pany Yathotou) អនុប្រធានប្រធានាធិបតី បានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងវត្តមានរបស់ លោក ខាំបៃ ដាំឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងក្រោយពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីឆ្នាំ២០២៣ និងកាលពីពេលថ្មីៗនេះ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៥

បន្ថែមពីនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏គ្រោងយាង និងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាងមុខនេះផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជន ទំាងពីរមិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ថែមទៀតផង។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានអបអរសារទរពីការរីកចម្រើនរបស់ប្រទេសឡាវ ពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពលដល់ការរីកចម្រើនខាងសេដ្ឋកិច្ច ដែលនោះបានធ្វើឱ្យមិត្តឡាវប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។

លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានថ្លែងអំណរគុណជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មមាញឹក ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត នៅក្នុងឱកាសនេះ។ លោកបណ្ឌិត បានអបអសារទរចំពោះសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកបានអបអរសាទរពីភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ជោគជ័យទំាងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកបណ្ឌិតនាយករដ្ឋមន្រ្តីឡាវ ក៏បានថ្លែងអំណរគុណដែលកម្ពុជាតែងតែជួយឧបត្ថម្ភនិងគំាទ្រ ដល់ដល់ប្រទេសឡាវ តំាងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ជំនួយជាវ៉ាក់សំាងការពារកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសឡាវ។
លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីជោគជ័យយ៉ាងធំធេងនៃដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនៅកម្ពុជា នាឱកាសនេះ។ នៅក្នុងនោះរដ្ឋាភិបាលប្រទេសទំាងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបីបន្ថែមទៀត លើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៣ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២៣។

សម្តេចប្រធានរដ្ឋសភានិងលោកបណ្ឌិត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទំាងពីរបានចុះហត្ថលេខា ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទំាងសងខាង។ កម្ពុជានិងឡាវចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្រ្ត ឱ្យបានកាន់តែល្អប្រសើរ និងស្អិតរមួតនៅគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងនោះរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និងកាន់តែសំខាន់ឡើងនៅក្នុងពេលបច្ចុប្បន្ន ដែលពិភពលោកបច្ចុប្បន្នស្ថិតនៅភាពស្មុគស្មាញ ការប្រឈមកាន់តែខ្លំាងលើបញ្ហាភូមិសាស្រ្តនយោបាយនោះ។

សម្តេចប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាលឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍ ការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទំាពីរ ក៏ដូចជាការតភ្ជាប់ប្រទេសទំាងពីរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ ផងដែរ៕

អត្ថបទទាក់ទង