អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! »
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វីដេអូផ្លូវការមួយមានរយៈពេលជាង៩នាទី ដែលសហការផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមចំណងជើងថា មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! ត្រូវបានបញ្ចេញផ្សាយ ។
វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។
ខ្លឹមសារនៃវីដេអូនេះ បានលើកឡើងថា សន្តិភាពអាចត្រូវបានអ្នកខ្លះមើលស្រាល ឬបំភ្លេចចោលគុណតម្លៃរបស់វានៅពេលដែលពួកគេស្កប់ស្កល់នឹងសន្តិភាព ប៉ុន្តែនៅពេលបាត់បង់សន្តិភាពចេញពីដៃ ហើយជំនួសវិញដោយសង្គ្រាម ពេលនោះទើបចាប់ផ្តើមភ្ញាក់រលឹក សោកស្តាយ និងដង្ហោយរកសន្តិភាព។ ប្រទេសមួយដែលមានសន្តិភាពអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែការប្តូរពីសង្គ្រាមទៅសន្តិភាពវិញនោះ គឺពិតជាត្រូវការរយៈពេលយូរខ្លាំងណាស់ ហើយពេលខ្លះ គេក៍ត្រូវប្រើពេលតជំនាន់មនុស្សក៏មិនទាន់រកបានផង។
សង្គ្រាមថ្មីនេះបានផ្ទុះឡើងខណៈ ដែលសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រកទីបញ្ចប់ឃើញនៅឡើយផងនោះ។ អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅក្នុង សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបង្កជាវិបត្តិថ្មីទៀតចំពោះសុខុមាលភាពរបស់មនុស្សជាតិនិងពិភពលោកទាំងមូល។ ដូច្នេះ ប្រជាជននៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាយើងដែរ ត្រូវតែរំលឹកខ្លួនឯងជាប្រចាំថា «គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់»។ បទពិសោធន៍កម្ពុជាខ្លួនឯង និងសង្គ្រាមដែលបាននិងកំពុងកើតឡើងចំពោះមុខយើងនាពេលបច្ចុប្បន្ន គឺជាសូរជួងដែលបន្លឺឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរថា «កុំឲ្យភ្លេចខ្លួន កុំភ្លេចគុណសន្តិភាព និងកុំភ្លេចគុណបិតាស្ថាបនិកសន្តិភាព»។
សារចុងក្រោយ៖ «សូមកុំមើលស្រាលសន្តិភាពឱ្យសោះ តែត្រូវអរគុណសន្តិភាព ជាពិសេសអរគុណបិតាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនិតនិងដឹកនាំអនុវត្តដោយផ្ទាល់ដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តដឹកនាំប្រទេសតាមគំរូវីរភាពដ៏អស្ចារ្យនេះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕
សូមទស្សនាវីដេអូ៖