Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីសង្រ្គាមស៊ីរី ចាប់កក្រើកឡើងវិញ?

ដោយ៖ ម៉ម សុគន្ធ ​​ | ម្សិលមិញ ម៉ោង 14:40 pm ទស្សនៈ-នយោបាយ 309
វិភាគអន្តរជាតិ៖ ហេតុអ្វីសង្រ្គាមស៊ីរី ចាប់កក្រើកឡើងវិញ? វិភាគអន្តរជាតិ៖ ហេតុអ្វីសង្រ្គាមស៊ីរី ចាប់កក្រើកឡើងវិញ?

(វ៉ាស៊ីនតោន)៖​ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កងកម្លាំងឧទ្ទាមស៊ីរីបានបើកប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើលមួយប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar al-Assad។ ក្រោមការដឹកនាំរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ Hayat Tahrir al-Sham ហៅកាត់ថា HTS ក្រុមឧទ្ទាមនៅភាគពាយព្យស៊ីរី បានវាយរុលយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ ទម្លុះចូលភាគខាងលិចនៃទីក្រុង Aleppo។ ហើយដោយមានការបាញ់តដៃប្រឆាំងតិចតួចពីកងកម្លាំងនៃរបបស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្រុមឧទ្ទាមស៊ីរីបានវាយដណ្ដើមកាន់កាប់ទីក្រុង Aleppo ជាទីក្រុងធំទី២ របស់ស៊ីរី។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមឧទ្ទាមបានគ្រប់គ្រងផ្លូវ highway យុទ្ធសាស្ត្រ M5 ដែលមានប្រវែង ១០០គីឡូម៉ែត្រតភ្ជាប់ទីក្រុង Aleppo និងទីក្រុងដាម៉ាស (Damascus)។ នេះជាការវាយលុកលើកដំបូងបំផុតរបស់ក្រុមឧទ្ទាមស៊ីរី និងជាការប្រែប្រួលដ៏សំខាន់បំផុតមួយផងដែរនៅលើសមរភូមិ ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ។

* ហេតុអ្វីបានជាសង្រ្គាមស៊ីរី កក្រើកឡើងវិញ?
នៅមុនការវាយលុករបស់ក្រុមឧទ្ទាម សមរភូមិសង្រ្គាមនៅក្នុងប្រទេសស៊ីរីបានស្ងប់ស្ងាត់អស់ពេលជាង៤ឆ្នាំមកហើយ។ ដើម្បីរក្សាសមរភូមិទាំងនោះ រុស្ស៉ី អ៉ីរ៉ង់ និងហេសបូឡា បានការពាររបបដឹកនាំរបស់លោក Assad ខណៈតួកគីផ្ដល់ការគាំទ្រដល់ក្រុមឧទ្ទាមដែលកំពុងគ្រប់គ្រងទឹកដីនៃផ្នែកភាគខាងជើងស៊ីរី រីឯសហរដ្ឋអាមេរិករក្សាវត្តមានកងទ័ពរបស់ខ្លួន នៅភាគឦសាន និងភាគខាងកើតស៊ីរី។ ការផ្ទុះកក្រើកសាជាថ្មីនៃសង្រ្គាមស៊ីរី កើតមានឡើងចំពេលសម្ព័ន្ធមិត្តរបស់លោក Assad តួយ៉ាងអ៉ីរ៉ង់ និងហេសបូឡា បានថមថយចុះឥទ្ធិពល គួរឱ្យកត់សម្គាល់។ ប៉ុន្មានខែថ្មីៗនេះ អ៉ីស្រាអែលបានកម្ទេចមេដឹកនាំហេសបូឡាជាច្រើននាក់ និងបានទម្លុះចូលទីតាំងសំខាន់ៗនៅក្នុងប្រទេសអ៉ីរ៉ង់ ជាពិសេសក្រោយពេល មេដឹកនាំហាម៉ាស លោក Ismail Haniyeh ត្រូវបានរាយការណ៍ថាត្រូវបានចារកម្មអ៉ីស្រាអែលសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់កាលពីចុងខែកក្កដា។

នៅប៉ុន្មានម៉ោងមុននឹងក្រុមឧទ្ទាមស៊ីរីបើកការវាយលុកលើកងកម្លាំងលោក Assad ហេសបូឡាបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែល តែកងកម្លាំងអ៉ីស្រាអែល បានសន្យាថានឹងរារាំងការដឹកជញ្ជូនអាវុធឱ្យហេសបូឡា និងបន្តដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើការដឹកជញ្ជូនអាវុធនៅស៊ីរី និងលីបង់។ ចំណែក រុស្ស៉ីវិញដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ លោក Assad កំពុងជាប់ដៃក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាមប្រឆាំងអ៊ុយក្រែន រួមទាំងភាពចលាចលនៅប្រទេសហ្ស៊កហ្ស៉ី។ តាមពិតទៅ នៅមុនក្រុមឧទ្ទាមស៊ីរីបើកការវាយលុក រុស្ស៉ីបានព្យាយាម ជំរុញឱ្យតួកគី និងស៊ីរីផ្សះផ្សារភ្ជាប់ទំនាក់ទំនងជាប្រក្រតីនឹងគ្នាឡើងវិញ។ ប៉ុន្តែ លោក Assad បានធ្វើឱ្យរុស្ស៊ីខកចិត្ត ដោយរូបលោកបានទាត់ចោលការផ្សះផ្សារជាមួយតួកគី។ បើតាមក្រុមអ្នកវិភាគ ដូចជាលោកស្រី Natasha Hall ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកកម្មវិធីមជ្ឈិមបូព៌ាមកពីមជ្ឈមណ្ឌលសម្រាប់ការយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន តួកគីប្រហែលជាបាន បើកភ្លើងបៃតងឱ្យក្រុមឧទ្ទាមដែលខ្លួនគាំទ្របើកការវាយលុក ដើម្បីដាក់សម្ពាធឱ្យរបបស៊ីរី ពិចារណាឡើងវិញ។ ក្នុងបរិបទនេះហើយ ទើបកងកម្លាំងរដ្ឋាភិបាលស៊ីរីបានទម្លាក់គ្រាប់បែកលើភាគពាយ្យ នៃប្រទេសអស់រយៈពេលជាច្រើនសប្ដាហ៍ ដើម្បីកំញើញកុំឱ្យក្រុមឧទ្ទាមឆ្លៀតឱកាស ឬទាញយកប្រយោជន៍ក្នុងពេលដែលរបបលោក Assad កំពុងចុះខ្សោយ ហើយរុស្ស៉ី និងអ៉ីរ៉ង់ រួមទាំងហេសបូឡា សុទ្ធតែកំពុងជាប់រវល់ដោះស្រាយបញ្ហារបស់ពួកគេរៀងៗខ្លួន។ ក្រុមឧទ្ទាមប្រហែលជាបានត្រៀមផែនការវាយលុកជាច្រើនខែ ប៉ុន្តែការទម្លាក់គ្រាប់បែករបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ទំនងក្លាយជា ការលើកទឹកចិត្តឱ្យក្រុមឧទ្ទាម បើកការវាយលុកតែម្ដង។

* តើក្រុមឧទ្ទាមស៊ីរី អាចគ្រប់គ្រងទីក្រុង Aleppo និងពង្រីកយុទ្ធនាការប្រឆាំងរបបស៊ីរី ឬ?
ជាការពិតណាស់ អ្វីដែលគេពិបាកប្រកែក នោះគឺខ្សែបន្ទាត់សមរភូមិបានប្រែប្រួល ហើយស៊ីរីបានក្លាយជាតំបន់សង្រ្គាមដ៏សកម្មមួយសាជាថ្មី។ តែទោះជាយ៉ាងណា វាដូចជាលឿនពេក ក្នុងការសន្និដ្ឋាន ឬវាយតម្លៃពីជ័យជម្នះរបស់ក្រុមឧទ្ទាមស៊ីរី បើទោះជាពួកគេបានដណ្ដើមកាប់កាន់ទីក្រុង Aleppo និងតំបន់មួយចំនួននៅជុំវិញទីក្រុង Hama ក៏ដោយ។ មកទល់បច្ចុប្បន្ន អ្វីដែលគេបានដឹងគឺថា ក្រុមឧទ្ទាមមួយដែលមានប្រភពដើមចេញពីក្រុមអាល់កៃដា រួមជាមួយក្រុមអ្នកប្រយុទ្ធគាំទ្រដោយតួកគី និងកងកម្លាំងឃើដ បានចូលគ្រប់គ្រងទីក្រុង Aleppo និងកំពុងវាយលុកឆ្ពោះទៅកាន់ទីក្រុង Hama និងទីក្រុងដទៃទៀត។ ក្រុមឧទ្ទាម Hayat Tahrir al-Sham ដែលកើតចេញពីអតីតសាខាក្រុមអាល់កៃដា ឬគេស្គាល់ថា Jabhat al Nusra គឺជាក្រុមដ៏ចម្បងដែលនៅពីក្រោយការវាយលុក ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ នៅក្នុងទីក្រុង Aleppo កងកម្លាំងរដ្ឋាភិបាលស៊ីរីបានដកថយចេញឆ្ងាយទៅហើយ។ ដូច្នេះថាតើក្រុមឧទ្ទាមអាចនឹងពង្រឹងជ័យជម្នះរបស់ពួកគេបាន ឬក៏អត់ គឺវា អាស្រ័យលើការឆ្លើយតបពីរបបស៊ីរី រុស្ស៉ី ហេសបូឡា និងក្រុមប្រដាប់អាវុធដទៃទៀតគាំទ្រដោយអ៉ីរ៉ង់ ដែលអាចនឹងធ្វើអន្តរាគមន៍ដើម្បីជួយលោក Assad ស្របពេលមានសេចក្ដីរាយការណ៍ថារុស្ស៉ី ចាប់ផ្ដើមទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាម។

ការទម្លាក់គ្រាប់បែកតែមួយមុខគឺមិនគ្រប់គ្រាន់អាចបង្រ្កាបក្រុមឧទ្ទាមបានឡើយ។ ម្យ៉ាង ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរីមិនមានសមត្ថភាព ឬគ្មានឆន្ទៈបង្រ្កាបការបះបោរ ហើយហេសបូឡាកំពុងគិតពី រឿងខ្លួនឯងជាមួយអ៉ីស្រាអែលផងនោះ រុស្ស៉ីអាចនឹងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនៅស៊ីរី។ រុស្ស៉ីក៏មានវត្តមានកងទ័ពនៅស៊ីរីដែរ ម្លោះហើយវាច្បាស់ណាស់ថារុស្ស៉ីត្រូវតែការពារទីតាំងរបស់ខ្លួន នៅស៊ីរី ប៉ុន្តែវាមិនទាន់ប្រាកដថាតើមានបញ្ចូលទាំងការការពារលោក Assad ដែរឬក៏យ៉ាងណានោះទេ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង