Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 315
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត,  សម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
លោក ANTHONY GILL តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ, ក្រោមកម្ចីឥណទានសម្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី»។ ខ្ញុំសូមចូលរួមត្រេកអរ ចំពោះសមិទ្ធផលថ្មីសម្រាប់ប្រជាជនកែប។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ បានជួបជាមួយនឹងលោកតា លោកយាយ បងប្អូន អ៊ំ ពូ មីង ក្មួយៗពេលចូលមក អញ្ជើញមកតាំងពីព្រឹកមកពីឆ្ងាយនៅខេត្តកែបយើងនេះ។ កែបដូចជា(មានប្រជាជនប្រមាណ)២ម៉ឺននាក់។ ថ្ងៃនេះមកចង់កន្លះ(នៃប្រជាជនខេត្ត)កែបហើយ ដើម្បីអបអរសារនៅក្នុងសមិទ្ធផលរួមរបស់យើង។ ចូលមកអម្បាញ់មិញសប្បាយចិត្តផង អន់ចិត្តផង។ សប្បាយចិត្តចូលមកជួបអ៊ំគាត់ថាក្មេងជាងរូបថត ក្មេងជាងក្នុងទូរទស្សន៍ ខំតែសប្បាយចិត្ត។ ដើរដល់មុខប្រហែលជា ៥ជំហាន ក្មួយស្រីហៅតា។ គិតទៅ មិនដឹងថាអ៊ំត្រូវឬមួយក្មួយត្រូវទេ។ គិតថាអ៊ំត្រូវចុះ ព្រោះគាត់ថាក្មេង។ ដល់ក្មួយហៅតា ដូចចង់ធ្លាក់ថ្លើមបន្តិច។ ទោះយ៉ាងណាក៏សប្បាយចិត្តនៅថ្ងៃនេះ។ មិនមែនកំហុសក្មួយស្រីទេ ដោយសារភ្លេច​​លាបសក់។ បើលាបអត់អីទេ បើលាបអាចហៅពូ តែអត់លាបហៅតា។

(១) វិថីតេជោសន្តិភាព ឆ្នេរអង្កោល ជាសរសៃឈាមតភ្ជាប់ទៅសហគមន៍សិប្បកម្ម កសិកម្ម និងទេស​ចរណ៍

សូមអរគុណចំពោះការចូលរួមដើម្បីយើងអបអរសាទរសមិទ្ធផល ដែលមិនមែនសម្រាប់តែអ្នកកែបទេ តែគឺសម្រាប់ប្រជាជនទាំងមូល។ អ្នកពីក្រៅខេត្តមកធ្វើដំណើរទស្សនា ភ្ញៀវទេសចរជាតិអន្តរជាតិក៏មក។ សំខាន់ផ្លូវ/វិថី(តេជោសន្តិភាព ឆ្នេរអង្កោល) មិនមែនសម្រាប់តែប្រើក្នុងវិស័យទេសចរទេ ប៉ុន្តែជាសរសៃឈាមតភ្ជាប់សហគមន៍ផ្សេងៗនៅខេត្តកែប ដែលនឹងប្រើប្រាស់ផ្លូវនេះ បើកច្រកផ្លូវនេះដើម្បី​ឱ្យទេសចរ ប្រជាពលរដ្ឋអាចទៅដល់ភូមិ ទៅដល់សហគមន៍។ ឧទា​ហរណ៍ ការកសាងវិថី(តេជោសន្តិភាព ឆ្នេរអង្កោល ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី)នេះអាចតភ្ជាប់ទៅដល់សហគមន៍ផលិតអំបិល និង/ឬសហគមន៍នេសាទ។ យើងអាចរៀបចំជាផលិតផលទេសចរផ្សេងៗ (ថែមទៀតផង)។ នេះគឺជាសក្ដានុពលដែលយើងរៀបចំថ្ងៃនេះ។ សមិទ្ធផលថ្មីនេះ ក៏ផ្នែកមួយនៃការកសាងនូវសមិទ្ធផលនៅទូទាំងប្រទេសរបស់​យើង។

[បញ្ចប់សេចក្ដីអធិប្បាយ១]

តាមរយៈរបាយការណ៍ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនបានលើកឡើងមុននេះបន្តិច, វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាន និង កំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០ គ្រួសារ ​។ ក្នុងនោះ, ការរៀបចំសាងសង់ផ្លូវជិះកង់ និង ផ្លូវថ្មើរជើង ប្រកបដោយសោភ័ណភាព របៀបរៀបរយ និង ផាសុកភាពនេះ ក៏សុទ្ធសឹងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកកម្សាន្ត និង សម្រាកលំហែកាយផងដែរ ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(២) កំពុងសិក្សាកសាងផ្លូវជិះកង់តាមខេត្តមាត់សមុទ្រទាំង ៤

តា​មរយៈផែនការរបស់ឯកឧត្តម សាយ សំអាល់ (យើងមាន)គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ ដែលថ្ងៃក្រោយមិនត្រឹមតែកែប(មួយ)ទេ តែតភ្ជាប់(បណ្តា)ខេត្តរបស់យើងនៅមាត់សមុទ្រទៀត។ យើងកំពុងសិក្សាលើលទ្ធភាពថាទៅថ្ងៃក្រោយ អ្នកជិះកង់(អាចជិះ)ពីកែប រហូតទៅដល់កោះកុង តាមមាត់សមុទ្រជាបន្តទៀត។ យើងមានតែ៤ខេត្តទេ ហើយមានសក្ដានុពលនៃខេត្តមួយៗ អាចពិនិត្យមើល ព្រោះជាការទាក់ទាញសំខាន់។ ឥឡូវអ្នកជិះកង់ច្រើន។ អ្នកខ្លះអាចជិះកង់ពីភ្នំពេញមកលេងនៅកែប (បាន)សុខភាពផង ផាសុកភាព ហើយថែមទាំងការធ្វើដំណើរផ្សេងៗទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ២]

វិថីនេះ ក៏ជាខ្សែផ្លូវ  តភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ តភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២ ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និង ច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន នៅក្នុងខេត្តកែប។ អញ្ចឹងគឺភ្ជាប់ទាំងខេត្ត ផ្ទៃក្នុងខេត្តនិងខេត្តកំពត ដូចជានៅច្រកព្រំដែនដើម្បីយើងបើកច្រកបន្ថែម។

ផ្អែកលើសមិទ្ធផលការងារទាំងនេះ ខ្ញុំសូមឆ្លៀតឱកាសនេះ, កោតសរសើរជូនឯកឧត្តម ប៉េង ពោធិ៍នា ក៏ដូចជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ និងជាពិសេសក្រសួងដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការជំរុញបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលជាគោលដៅសំខាន់ របស់រាជរដ្ឋាភិបាល។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ធានាកា​រីក​ចម្រើនសេដ្ឋកិច្ចដោយចីរភាព

ពីអាណត្តិមុនៗ (រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្ររួមមាន) មនុស្ស ផ្លូវ ទឹក ភ្លើង។ ការរៀបចំកសាងផ្លូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។ នេះគឺជាគោលការណ៍និងជាមូលដ្ឋានមួយ ធានានូវកា​រីក​ចម្រើនសេដ្ឋកិច្ចដោយចីរភាព និងផលប្រយោជន៍ផ្ទាល់ដល់ប្រជាពល​រដ្ឋ​យើង ក្នុងការដឹកជញ្ជូននិងប្រើប្រាស់ និងបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត នៅមូលដ្ឋាន។ ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអរគុណនិង(ធ្វើការ)បូកសរុប(កិច្ចការនិងលទ្ធផលរបស់រាជរដ្ឋាភិបាល)មួយឆ្នាំជាងនេះ។ យើងសម្ពោធសមិទ្ធផលច្រើន។ យើងមិនទាន់និយាយកិច្ចការតូចតាចទេ។ យើងនិយាយពីកិច្ចការធំៗ ទាំងផ្លូវស្ពាន។ ថ្ងៃនេះ យើងមានផ្លូវ ១២គីឡូជាងជាសមិទ្ធផលធំរបស់ខេត្តកែបក្នុងវិស័យទេសចរណ៍។ យើងកំពុងធ្វើការសាងសង់ព្រែក​ជីក​ហ្វូណ​ន រៀបចំកំពុងផែព្រះសីហនុ ពង្រីកផែ បូកជាមួយការរៀបចំនិងពង្រឹងបន្ថែមប្រព័ន្ធភស្តុភារកម្ម។ ក្នុងរយៈពេលជិត ១៥ខែនេះ រដ្ឋាភិបាលថ្មីបានធ្វើ(អោយសំរេចនូវកិច្ចការជា)ច្រើន ដែលជាគោលនយោបាយបង្កើនសមិទ្ធផល​​។

(៤) បើមិនធ្វើ ហេតុអ្វីមានសមិទ្ធផលថ្មីសម្ពោធ? និងគប្បីធ្វើការវិភាគបែបវិទ្យាសាស្ត្រ កុំតាមបែបស៊ីអារម្មណ៍

ខ្ញុំសូមផ្ដាំផ្ញើទៅតា James Sok។ ខ្ញុំហៅឱ្យចំតែម្ដង។ ម្សិលមិញ ខ្ញុំឃើញវីដេអូមួយ ហើយប្រហែលជាវីដេអូចាស់ទេ ដែលមានអ្នកបញ្ជូនមកឱ្យខ្ញុំ។ គាត់និយាយថា “រដ្ឋាភិបាលអាណត្តិថ្មី ធ្វើអីអត់បានទាំងអស់ ក្រៅពីទៅសម្ពោធសមិទ្ធផលបន្តិចបន្តួច។ ពិសេស រដ្ឋមន្ត្រីតាមស្ថាប័ន/ក្រសួង ចង់៣០ ចំណុះរដ្ឋាភិបាល ក្នុង ១៥ខែដំបូងនេះ គឺអត់ធ្វើអីទាំងអស់។ ដេកស្ដូក លើកលែងតែ១ឬ២ ជាពិសេស ពោធិ៍នា ត្រូវមាត់ច្រើនជាងគេ។ អ្វីដែលធ្វើអោយខ្ញុំហួសចិត្តគឺ៖

ទីមួយ (ថា)រដ្ឋាភិបាលអត់ធ្វើអីទេ ប៉ុន្តែដើរសម្ពោធសមិទ្ធផល … ថាអត់ធ្វើអីទាំងអស់ដើរតែសម្ពោធ។ អញ្ចឹងខ្ញុំអត់យល់ដែរ។ បើអត់ធ្វើអី មានសមិទ្ធផល(ថ្មី)ឯណា (ដើម្បីបានមក)សម្ពោធ?

ទីពីរ នៅមួយ​ចំហៀងផែនដីម្នាក់ នៅអង្គុយក្នុងបន្ទប់ហើយវាយតម្លៃសភាពការថា អត់ដើរទៅមុខ។ ខ្ញុំគ្មានអីប្រ​ឆាំងជាមួយគាត់ទេ។ ការបញ្ចេញទស្សនៈរបស់គាត់ ជាសិទ្ធរបស់គាត់។ ការតាំងខ្លួនជាអ្នកវិភាគដើម្បីរិះគន់ស្ថាប​នា ខ្ញុំស្វាគមន៍ ប៉ុន្តែឱ្យច្បាស់លាស់។ វិភាគបែបវិទ្យាសាស្ត្រ កុំវិភាគស៊ីអារម្មណ៍។ ការវិភាគស៊ីអារម្មណ៍នេះ គឺបង្កើតនូវសមិទ្ធកម្មថាអាក្រក់ យកអ្វីដែលជាភស្ដុតាងចំនុចអាក្រក់ៗ យកមកភ្ជាប់ ហើយទាត់ចោលស្អីៗផ្សេងទៀតទាំងអស់។

(៥) James Sok គួរមកស្រុកខ្មែរជួបនិងសួររដ្ឋមន្ត្រីដែលគាត់ថាខ្សោយ និងមិនធ្វើអី

បើជាការវិភាគបែបវិទ្យាសាស្ត្រ គេមិនទាន់ធ្វើការសន្និដ្ឋានទេ។ គេប្រមូលទិន្នន័យមកសិន ប្រមូលមកធ្វើការវិភាគគ្រប់ជ្រុងជ្រោយសិន ទើបធ្វើការ​​សន្និដ្ឋាន។ បើជាអ្នកវិភាគពិតប្រាកដ ចង់ផ្ដល់ព័ត៌មាន​ស្ថាបនា ខ្ញុំស្វាគមន៍តា Sok។ ខ្ញុំកាន់តែស្វាគមន៍ទៀត ឱ្យតា Sok មកស្រុកខ្មែរ ដើម្បីជួបជាមួយរដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ ហើយទៅស្ដាប់តែម្ដង។ ខ្ញុំដឹងថា លោកតា James Sok គាត់បានព័ត៌មានខ្លះពីអ្នកស្រុកខ្មែរ ប៉ុន្តែសូម្បីតែអ្នកផ្ដល់ព័ត៌​មាន​នេះ ក៏មិនមែនជាអ្នកបានព័ត៌​គ្រប់ជ្រុងជ្រោយដែរ។ ជួនកាលមើលឃើញ​ចំណុច​អវិជ្ជមានតាមហ្វេសប៊ុក។ សូមអញ្ជើញមក។ កុំខ្លាច។ អត់មានអ្នកចាប់ទេ។ សូមតា Sok មកលេងស្រុកខ្មែរមក។

ជួបជាមួយរដ្ឋមន្ត្រីដែលតា Sok​ ថាអត់បានការ ខ្សោយជាងគេ អត់ធ្វើអីទាំងអស់ ដើម្បីស្ដាប់មើលថា តើគេបានធ្វើអីខ្លះ ១៥ខែនេះ ទាំងជាការដាក់ចេញនូវគោលនយោបាយអនុវត្តផែនការសកម្មភាព និងទាំងជាសមិទ្ធផលទាំងអស់ដែលសំរេចបាន។ បើថាចង់ដាក់ live ក៏ដាក់ កុំខ្លាច។ អត់រឿងអីលាក់លៀមទេ។ ខ្ញុំលើកមកនេះ ដើម្បីការពារមន្ត្រីរបស់ខ្ញុំ ការពារក្រសួងស្ថាប័នដែលខិតខំប្រឹងប្រែង។ ខ្ញុំស្វាគមន៍ចំពោះការស្វែងយល់ឱ្យបានច្បាស់លាស់។ កុំឱ្យដល់រដូវ low season ​រិះគន់(ថាមិនមានទេសចរ)មិនចេះចប់ តាមហ្វេសប៊ុក។ តា Sok ចេញប៉ុន្មានឃ្លីប។ ដល់រដូវ high season មានទេសចរពេញសៀមរាប អត់មាននិយាយមួយម៉ាត់

(៦) កាវាយប្រហារលើរដ្ឋមន្ត្រី ជាការវាយប្រហារលើមន្ត្រីដែលប្រឹងប្រែងសំរេចការងារ

សមិទ្ធផលផ្លូវដែលយើងសម្ពោធថ្ងៃនេះ មិនគ្រាន់តែជាសមិទ្ធផលតែមួយគត់ក្នុងវិស័យសាធារណៈការនិងដឹកជញ្ជូនទេ។ ក្រសួង(ផ្សេងៗក៏បានចូលរួម)រៀបចំផែនការអនុវត្តគោលដៅច្រើនណាស់ ហើយកំពុងជំរុញចរចាបន្ថែមទៀត។ ពាណិជ្ជកម្មក៏ដូចគ្នា។ អ្នកដែលតា Sok ឧស្សាហ៍វាយប្រហារមាន ២-៣នាក់ មានឯកឧត្តម ប៉េង ពោធិ៍នា, លោកជំទាវ ចម និម្មល (ថាក្មេងមិនទាន់បាត់ធុំខ្លិនទឹកដោះ)។ មកមើលថា តើគេធ្វើបានអីខ្លះ។ ជាក្រ​សួងឬស្ថាប័នមួយ បើវាយប្រហារមិនមែនចំតែលើរដ្ឋមន្ត្រីទេ។ គឺវាយប្រហារមន្ត្រីទាំងអស់ដែលខិតខំប្រឹងប្រែងក្នុង​​រយៈពេលមួយឆ្នាំនេះ ក្នុងការចរចាពាណិជ្ជកម្ម និងការពង្រីកទីផ្សារ។ គាត់អត់មានទិន្នន័យច្បាស់លាស់ ថាតើការនាំចេញកើនដូចម្តេច បើកច្រកកម្រិតណាខ្លះ។​​ មកៗ ខ្ញុំស្វាគមន៍។ ការធ្វើបែបនេះ ដើម្បីឱ្យគាត់យល់។ ជួនកាលគាត់អង្គុយពីខាងក្រៅ អង្គុយពីឆ្ងាយ មើលពីសម្បកក្រៅ (ឃើញថា)វាអត់កម្រើក។ ប៉ុន្តែមិនមែនបានន័យថាគេមិនធ្វើការទេ។ វាគ្រាន់តែថាគាត់អត់មានព័ត៌មានគ្រប់គ្រាន់ដើម្បីយកទៅ(វិភាគ)។ បានន័យថា (ការវិភាគរបស់គាត់ជាការ)វាយ(ប្រហារ)តាមអារម្មណ៍។

(៧) គប្បីស្វែងយល់ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលបានបូកសរុបពីថ្ងៃ ២២ សីហា ២០២៤

ខ្ញុំស្វាគមន៍តា James Sok (មកប្រទេស)។ ជិះយន្តហោះមក។ ខ្ញុំស្វាគមន៍។ ចង់ជួបរដ្ឋមន្ត្រីណា ចង់មើលក្រសួងណា ទៅយកព័ត៌មានឱ្យ​ច្បាស់ ដើម្បីធ្វើការសន្និដ្ឋានឱ្យច្បាស់លាស់ បើមានចេតនាជាអ្នកវិភាគពិតប្រាកដ អ្នកវាយតម្លៃពិតប្រាកដ ជួយស្ថាបនាពិតប្រាកដ។ តែបើថាជាអ្នកវិភាគស៊ីអារម្មណ៍ គឺដឹងតែពីចង្អុលតែរឿងអាក្រក់ហើយ។ ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤ ខ្ញុំបានធ្វើការបូកសរុបលទ្ធផលសង្ខេបមួយចំនួន គឺអ្វីខ្លះ(ដែលរដ្ឋាភិបាលបានធ្វើ)ទៅលើ​ច្រើនវិស័យ ដូចជាសុខាភិបាលអប់រំកំណែទម្រង់រដ្ឋបាលសាធារណៈ, ការចាត់វិធានការវះកាត់និងការក​សាង និងដាក់ចេញគោលនយោបាយគ្រប់វិស័យជួយវិស័យឯកជន, កសិកម្មឧស្សាហកម្មលក់ដូរអចលនទ្រព្យ។ យើងដាក់ចេញជាបន្តបន្ទាប់។​

ប៉ុន្តែប្រហែលជាគាត់អត់មើលទេ ទើបបានជាចេញមក(និយាយ)ដដែលៗ។ ខ្ញុំចាប់អារម្មណ៍ប៉ុណ្ណេះជូនដំណឹង។ បើចង់បានចង់ដឹង គ្មានអីលាក់លៀមទេ មកយកព័ត៌មានឱ្យបានច្បាស់ សមិទ្ធផលដែលយើងមាន។ ជិះមកមើល។ ហេតុអីបានជាខ្ញុំ​ហៅគាត់ឱ្យជិះមកស្រុកខ្មែរ ព្រោះបើនៅយកតែព័ត៌មានគេបញ្ជូនទៅឱ្យតាមសំបុត្រ តាមក្រដាស ក្នុងពេលដែលគាត់នៅចម្ងាយសឹងតែ ១ម៉ឺនគីឡូម៉ែត្រឯណោះ មួយចំ​ហៀងផែនដី គាត់នឹងមើលមិនឃើញទេ។ ចុះមកតែម្តង ខ្ញុំចេញលុយដឹកគាត់ដើរមើលទូទាំងប្រទេស។ ឱ្យដើរ ឱ្យឃើញ កុំឱ្យចេះតែថាពីឆ្ងាយមក ហើយចង្អុលបង្ហាញថាអ្វីខ្លះដែលយើងបានធ្វើក្នុងរយៈពេល ១៥ខែនេះ បន្ត​មកពីអ្វីដែលយើងបានធ្វើរាប់អាណត្តិមកនេះ

(៨) វិថីតេជោសន្តិភាព ឆ្នេរអង្កោល ធ្វើអោយរចនាសម្ព័ន្ធខេត្តកែបបានប្រសើរឡើង ​និងបង្កើតជាចរន្តសេដ្ឋកិច្ច

ជាក់ស្តែង ការកសាងសមិទ្ធផលថ្ងៃនេះ ផ្លូវនៅទីនេះ ១២គីឡូម៉ែត្រ តើគិតថាជាសមិទ្ធផលតូចឬ? មិនដូចនោះទេ។ ផ្លូវ ១២គីឡូម៉ែត្រនេះ បើគិតជាផ្លូវទូទាំងប្រទេសរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រ អាចគិតថាតូច ប៉ុន្តែផលវាផ្តល់ឱ្យអ្នកកែបធំធេងណាស់។ ម្យ៉ាង វាទាក់ទងទៅនឹងមុខមាត់ និងការទាក់ទាញហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកែបឱ្យកាន់តែប្រសើរឡើង និងក្នុងការរៀបចំតំបន់ទេសចរណ៍ផ្សេងទៀត។ ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ អាចធ្វើដំណើរ បានធូរជាងមុន។ ខ្ញុំធ្លាប់មកពីមុន។ មិនមាន(ផ្លូវទេ)។ ក្រោយមក បានផ្លូវដី។ ឥឡូវបានផ្លូវកៅស៊ូ។ តើប្រ​ជាជនអ្នកអង្គោល អ្នកខេត្តកែបសប្បាយចិត្តទេ?

ខ្ញុំជឿថាមុខជាសប្បាយចិត្តហើយបានផ្លូវកៅស៊ូ AC នោះ។ ផ្លូវភ្លៀងផ្លូវអីក៏មិនជាបញ្ហា។ កុំតែជិះលឿនរអិល។ (វិថីតេជោសន្តិភាព ឆ្នេរអង្កោល) ភ្ជាប់លទ្ធភាពបង្កើតសេដ្ឋកិច្ច សហគមន៍ស្រែអំបិល សហគមន៍នេសាទ អាចបង្កើតកញ្ចប់ទេសចរណ៍ផ្សេងៗ នាំភ្ញៀវធ្វើដំណើរទៅលេង រុញទៅដល់មូលដ្ឋាន បានផលសម្រាប់ជាតិ សម្រាប់ខេត្តជាប់មាត់សមុទ្រ។ នេះជាសមិទ្ធផលដែលត្រូវបន្តជំរុញ។ អង្គុយពីឆ្ងាយ មើលអត់ដឹងទេ។ ខ្ញុំមកមួយភ្លែត ក៏មិនយល់ពីផលប្រយោជន៍នៅទីនេះដែរ។

បើប្រជាជនអ្នកត្រូវប្រើផ្លូវនេះរាល់ថ្ងៃ ប្រហែលជាអាចដឹងថាតើក្រោយពីផ្លូវពង្រីក ធ្វើជាកៅស៊ូហើយ តើការធ្វើដំណើរបានកាត់បន្ថយ(ពេលដូចម្តេច) … ប្រជាពលរដ្ឋដែលនៅផ្ទាល់អាចដឹងពីទំហំផលនៃផ្លូវនេះ។ សម្រាប់អ្នកដែលមើលទូរទស្សន៍ពីចង្ងាយ ជិះមកម្តងម្កាល គិតថាផ្លូវនេះដូចតែផ្លូវដទៃទេ។ ផ្លូវនេះតែ ១២គីឡូ ប៉ុន្តែអ្នកដែលរស់នៅទីនេះបានអាស្រ័យផល ដោយផ្លូវនេះជួយសម្រួលបង្កើតជាចរន្តសេដ្ឋកិច្ច ចំណូល គឺនឹងទទួលស្គាល់ថាផ្លូវនេះបានផលច្រើនដល់ពួកគាត់។ នេះគឺជាផលនៃការកសាងគឺគោលដៅ សម្រាប់ឱ្យប្រជាជននៅមូលដ្ឋានបានផលអតិបរមាដែលអាចធ្វើទៅបាន

(៩) បងប្អូនខ្មែរចេញពីប្រទេសមុនសង្គ្រាមនិងឆ្នាំ១៩៨០៖ ប្រទេស “មានការរីកចំរើនខុសពីការគិត”

អញ្ចឹង អ្នកដែលអង្គុយរាប់ម៉ឺនគីឡូប្រហែលជាមិនឱ្យតម្លៃទេ។ អញ្ចឹងបានជាឱ្យគាត់ជិះយន្តហោះមក កុំឱ្យនៅរាប់ម៉ឺនគីឡូ អង្គុយមើលតាមទូរទស្សន៍ អង្គុយវិភាគ ដែលកូនឆ្កែមករំខានធ្វើអោយបែកអារម្មណ៍ ទៅគិតរឿងអីផ្សេង។ គាត់ចិញ្ចឹមកូនឆ្កែប៉ុន្មានឯនោះ មិនដឹងឈ្មោះអីខ្ញុំភ្លេចបាត់ហើយ។ សូំមកលេងស្រុកខ្មែរតែម្តង ហើយខ្ញុំជួបបងប្អូនដែលនៅអាមេរិក នៅបារាំង ពេលដែលមកស្រុកខ្មែរត្រឡប់ទៅវិញ គាត់ថាខុសពីការគិត។​​ អ្នក​ខ្លះទៅតាំងពីមុនសង្គ្រាម អ្នកខ្លះទៅជំនាន់សង្គ្រាម អ្នកខ្លះទៅឆ្នាំ ១៩៨០ មិនដែលមក។ គិតថាប្រទេសយើង(គ្មានការរីកចម្រើន)។ ឥឡូវ សូម្បីតែផ្លូវរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ដែលយើងនាំទៅមើលផ្លូវព្រំដែន ប្រ​ជា​ពលរដ្ឋ(ទៅ)រាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យចេញទៅរាប់រយនាក់ ក៏ទាំងមន្ត្រីរាជការមួយចំនួន អ្នកភ្នំពេញអត់ដែលទៅ អត់ដឹងថាយើងមានផ្លូវទៅដល់ព្រំដែនផង។ គាត់ព្រួយបារម្ភនៅពេលដែលគេបំផុសរឿង CLV-DTA។ គាត់ថាតិចបាត់មែនខេត្តហ្នឹង។ ដល់ទៅមើលមានឯណា ទៅដល់មណ្ឌលគិរី សុទ្ធតែអូតែលនៅទីនោះ ទៅដល់ខេត្តរតនគិរីមានសកម្មភាពសេដ្ឋកិច្ចកសិកម្ម ផ្លូវព្រំដែនយើងធ្វើកៀកទៅដល់។ អញ្ចឹង ការទៅដល់(ឃើញជាក់ស្ដែង ទើបដឹងការពិត)។ ​

(១០) តម្រូវការនៃសង្គមជាតិតែងតែមានការវិវត្តជានិច្ច

អ្នកមីងម្នាក់គាត់ផ្តល់ការសម្ភាសន៍ថា​ លឺ ១ពាន់ដង មិនស្មើមកឃើញ ១ម្តង។ គាត់មកមើលម្តងគាត់លែងភ័យ គាត់ច្បាស់តែម្តង។ នេះគឺជា​​ការវាយតម្លៃពិតប្រាកដក្រោយពីការទទួលព័ត៌មាន។ អញ្ចឹង ខ្ញុំសូមផ្តាំទៅលោកតា ជេម សុខ មកលេងស្រុកខ្មែរមក ហើយចូលទៅមើលគ្រប់កន្លែងទាំងអស់ ទៅជួបជាមួយរដ្ឋមន្ត្រី ជាមួយមន្ត្រីជំនាញគ្រប់ក្រសួងស្ថាប័ន ដែលតាថាអត់មានធ្វើសកម្មភាពអី ដេកស្តូក ១៥ខែនេះ។ ទៅអង្គុយស្តាប់ ទៅអង្គុយមើល មានសំណួរសួរទៅ ត្រូវការយកទៅវិញទៅឡាយអីយ៉ាងម៉េចទៅធ្វើទៅ។ ប៉ុន្តែយ៉ាងហោចណាស់មកជាក់ស្តែង ហ៊ានស៊ីហ៊ានសង ហើយបើថាមក អត់មានអីលាក់លៀមទេ។ យើងមិនថាយើងធ្វើបានទាំងអស់ក្នុងរយៈពេល ១៥ខែ ឬមួយក៏ ៣០ ឬ៤០ឆ្នាំទេ។ តម្រូវការនៃសង្គមជាតិវាមានការវិវត្តរហូត។ ប្រទេសណាក៏នៅតែធ្វើរហូតដែរ។ សូម្បីតែនៅអាមេរិកក៏ធ្វើរហូតដែរ។ រាប់រយឆ្នាំមកហើយ នៅតែធ្វើផ្លូវ នៅតែធ្វើប្រព័ន្ធអប់រំនៅតែធ្វើកសាងសាលារៀន នៅតែកសាងមន្ទីពេទ្យ នៅតែកែទម្រង់ដើម្បីឱ្យខ្លាំង។ យើងនៅតែបន្តធ្វើ។ សមិទ្ធផលដែលយើងបន្តខិតខំប្រឹងប្រែងនេះ គឹដើម្បីបំពេញនូវការខ្វះខាត ដែលប្រជាជនមិនទាន់មាន។

(១១) សមិទ្ធផលរួម ដើម្បីផលប្រយោជន៍រួម គឺផលប្រយោជន៍​ប្រជាជន និងប្រទេសជាតិ

ពីមុនអត់មានអីយើងធ្វើមួយជំហានទៅជាផ្លូវដី។ ឥឡូវយើងធ្វើជាផ្លូវកៅស៊ូ។ យើងមើល ជិះមកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កន្លែងនេះគឺជាដីវាល។ ពេលផ្លូវនេះតភ្ជាប់ហើយ សកម្មភាពសេដ្ឋកិច្ចកើត។ ខ្ញុំមិនភ្ញាក់ផ្អើលទេ បើសិនជា ១០ឆ្នាំទៅមុន នឹងមាន Resort និងមានសកម្មភាពសេដ្ឋកិច្ច និងកើតផ្ទះ កើតអូតែល កើតអីនៅតាមផ្លូវនេះ។ នេះគឺជាការកសាងជាជំហានៗ។ យើងត្រូវតែទទួលស្គាល់ការពិត។ កសាងប្រទេសមួយត្រូវការពេលវេលា។ យើងត្រូវការរួមគ្នាជំរុញបន្តទៅទៀត ត្រូវការផ្តល់យុត្តិធម៌ដល់អ្នកដែលខំធ្វើ។ ក្រសួងសាធារណការ ខិតខំប្រឹងប្រែងជំរុញគ្រប់បែបយ៉ាងទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស កសាងហើយថែរក្សាហើយ ជួសជុលហើយ ជំ​រុញឱ្យដើរថែទាំជាប់។ នេះគឺជាអ្វីដែលសមិទ្ធផលថ្ងៃគឺជាសមិទ្ធផលធំធេង ដែលកើតពីការរួមគ្នាជាដៃគូរវាង ADB និងរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសាធារណការ ជាមួយរដ្ឋបាលខេត្តកែប អាជ្ញាធរស្ថាប័នពាក់ព័ន្ធ និងខាងអ្នកសង់ផ្លូវ។ អ្វីដែលយើងបានទទួលជាសមិទ្ធផលរួម ដើម្បីផលប្រយោជន៍រួម គឺផលប្រយោជន៍​ប្រជាជន និងប្រទេសជាតិរបស់យើង ដែលយើងត្រូវអបអរសាទរ ហើយត្រូវទទួលស្គាល់ ផ្តល់ឱកាស។ សូមអរគុណសាជាថ្មីចំពោះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាំងពីអាណត្តិមុន អាណត្តិនេះ ក៏ដូចជាមន្ត្រីជំ​នាញ​ទាំងអស់ រួមទាំងមន្ទីររបស់យើង ខេត្តរបស់យើងទាំងអស់នៅក្នុងការកសាង។

(១២) បើជាអ្នកវិភាគដែលរិះគន់ដើម្បីស្ថាបនា ក៏សូមស្វាគមន៍

ស្តាប់ទៅចង់ក្តៅស្លឹកត្រចៀក។ និយាយរហូត។ ខ្ញុំវាមិនចង់កាន់មេក្រូ​នៅហ្នឹងឆ្លើយ ប៉ុន្តែឥឡូវជ្រុលជាអញ្ចឹង (ក៏និយាយបន្តិចទៅចុះ)។ ខ្ញុំមិនផ្ចាញ់ផ្ចាល់ទេ។ ហៅមកតែម្តងទៅ។ មកមើលខ្លួនឯងតែម្តងទៅ។ មកសួរអ្នកអង្កោល អ្នកនៅតាមផ្លូវហ្នឹង អ្នកកែប ថាតើក្រៅពីផ្លូវនេះនៅក្នុងរយៈពេល ១ឆ្នាំនេះ មានធ្វើអីខ្លះ ផ្លូវបេតុង ផ្លូវអី ហើយក្រៅពីហ្នឹងមានធ្វើអីទៀត សកម្មភាពសេដ្ឋកិច្ច វិស័យទេសចរណ៍ធ្វើអីខ្លះ? ឆ្នាំទៅធ្វើបុណ្យសមុទ្រមួយនៅទីនេះ ឆ្នាំនេះធ្វើនៅកំពត ហើយយើងធ្វើស្អីខ្លះទៀតដើម្បីជំរុញឱ្យខេត្តកែបកាន់តែទាក់ទាញ។ មកមើលតែម្តង។ ខ្ញុំគិតថា នេះជាវិធីតែមួយគត់។ ខ្ញុំមិនដឹងបកស្រាយយ៉ាងម៉េច មានតែហៅមកមើលផ្ទាល់។ មិនចង់ចាញ់ឈ្នះទេ តែបើគាត់ជាអ្នកវិភាគរិះគន់ស្ថាបនា ខ្ញុំស្វាគមន៍។ បើថាស៊ីអារម្មណ៍ ចាំតែវាយទេ ខ្ញុំអត់និយាយរកទេ។ ប៉ុន្តែតា សុក ថាគាត់ជាអ្នករិះគន់ស្ថាបនា គាត់ចង់បានទិន្នន័យ គាត់ប្រមូលទិន្នន័យពីភ្នាក់ងាររបស់គាត់។ ខ្ញុំមិនដឹងអ្នកណាទេដែលផ្តល់ព័ត៌មាន។ ខ្ញុំថាព័ត៌មានដែលឱ្យទៅប្រហែលជាអត់គ្រប់ជ្រុងជ្រោយ អាចពីអារម្មណ៍នៃការមើលឃើញមួយជ្រុងរបស់អ្នកផ្តល់ព័ត៌មានឱ្យគាត់។ យកល្អមកជួបតែម្តង មើលតែម្តង …។

(១៣) ធនាគារអភិវឌ្ឍអាស៊ី ដើរតួជាដៃគូលើច្រើនវិស័យជាមួយរដ្ឋាភិបាល

ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ចាប់តាំងពីកម្ពុជាចូលជាសមាជិកធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងឆ្នាំ ១៩៦៦ ជាពិសេសចាប់ពីឆ្នាំ ១៩៩២ ពោលគឺត្រឹមមួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគិតមកដល់បច្ចុប្បន្ន, មានវិស័យសំខាន់ៗជាច្រើន ដូចដែល ឯកឧត្តម តំណាង ADB បានលើក។ ក្រៅពីវិស័យសាធារណការនេះមាន វិស័យថាមពល កសិកម្ម ធនធានធម្មជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈ និងច្រើនវិស័យទៀតដែលធនាគារដៃគូបានដើរតួនាទី។ ​អញ្ចឹងតាមរយៈឯកឧត្តម លោក ANTHONY GILL ដែលបានចូលរួមថ្ងៃនេះ ខ្ញុំក៏សូមផ្តាំផ្ញើរអរគុណទៅដល់ថ្នាក់ដឹកនាំ និងស្ថាប័ន ADB ដែលជាដៃគូ និងសង្ឃឹមបន្តជាដៃគូដើម្បីកសាងអភិវឌ្ឍយូរអង្វែងតទៅ​មុខទៀត។

[ចប់សេចក្តីអធិប្បាយ៣]

បើយើងពិនិត្យមើលអំពីសក្ដានុពលខេត្តកែបនេះ គឺមានភាពសម្បូរបែប និង លក្ខណៈអំណោយផលពីធម្មជាតិសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, ជាពិសេស ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍វប្បធម៌ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅទេសចរណ៍បែបធម្មជាតិប្រណិតកម្រិតខ្ពស់ និង មានធនធានជាច្រើនគួរឱ្យកត់សម្គាល់, ដូចជា ធនធានធម្មជាតិ និងបរិស្ថានក្នុងតំបន់ឧទ្យានជាតិកែប តំបន់ឆ្នេរ និង តំបន់កោះ ដែលប្រមូលផ្ដុំទៅដោយជីវៈចម្រុះ និង ជាមូលដ្ឋាន សម្រាប់អភិវឌ្ឍវិស័យអេកូទេសចរណ៍, វិស័យកសិកម្ម, នេសាទ និង សិប្បកម្ម ដែលមានអំណោយផលពីធម្មជាតិ និង សម្រាប់អភិវឌ្ឍវិស័យកសិទេសចរណ៍ និង សំណង់បេតិកភណ្ឌ និង បុរាណដ្ឋានជាច្រើន ដែលជាមូលដ្ឋានក្នុងការទាក់ទាញទេសចរណ៍បែបប្រវត្តិសាស្ត្រ និង វប្បធម៌ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(១៤) ខេត្តកែប អភិវឌ្ឍមកដល់បច្ចុប្បន្ន កើតពីការលះបង់រួមគ្នា និងកត្តាសន្តិភាព

ចំណុចនេះមិនខុសពីនៅតំបន់ផ្សេងៗដែរ។ ខេត្តកែបមានសក្តានុពលច្រើនដែលមានអំណោយផល ទីតាំងភូមិសាស្ត្រ ទីតាំងធម្មជាតិ។ យើងមានព្រៃភ្នំ យើងមានកោះ យើងមានសមុទ្រ ហើយយូរឆ្នាំមកហើយ ដីនៅទីនេះមិនខុសពីកន្លែងនៅផ្នែកផ្សេងៗ នៃប្រទេសកម្ពុជានោះទេ។ រាប់លានឆ្នាំនៃការកកើតដីនៅទីនេះ ក្រោយមកបានប្រជាពលរដ្ឋយើងមកកកើតទីតាំងលំនៅដ្ឋាន។ សម័យច្រើនណាស់បានផ្លាស់ប្តូរនៅប្រទេសយើង ប៉ុន្តែដែលកែបអាចអភិវឌ្ឍមកដល់ថ្ងៃនេះ និងរីកចម្រើនទៅមុខទៀត ក៏មានប្រវត្តិរបស់កែប ដែលត្រូវឆ្លងកាត់ពេលសប្បាយមុនសង្គ្រាម ពេលវេទនាសម័យសង្គ្រាម ក៏ដូចជាសម័យ ប៉ុល ពត។ មានសង្គ្រាមស៊ីវិលបន្តមកទៀត។ យើងអាចអភិវឌ្ឍបាននៅពេលដែលប្រទេសបានបង្រួបបង្រួមឡើងវិញ។ អញ្ចឹង កត្តាដែលអាចឱ្យកែបក្លាយទៅជាកែបរាល់ថ្ងៃ មានសក្តានុពលដល់ប៉ុណ្ណេះ កសាងអភិវឌ្ឍប៉ុណ្ណេះ និងមានមូលដ្ឋានសម្រាប់អភិវឌ្ឍបន្តទៀត មិនមែនជាការចៃដន្យ ឬមិនមែនដោយកត្តាដែលទេវតាចារមកឱ្យថាត្រូវតែអញ្ចឹងនោះទេ។ វាកើតឡើងពីការលះបង់ វាកើតឡើងពីការរួមគ្នា វាជាដំណើររឿងនៃការលះបង់ និងការសាមគ្គីឯកភាពជាតិ ដើម្បីយើងរួមគ្នាបញ្ចប់សង្គ្រាម រួមគ្នាកសាងប្រទេសឡើងវិញ នេះគឺជាកត្តាជាក់ស្តែងនិងស្ថានភាពជាក់ស្តែង

(១៥) បើគ្មានសន្តិភាព កែបតូចមួយក៏អាចជាជម្រកអស្ថេរភាពវាយប្រហារគ្នា

តើកត្តាអ្វីខ្លះដែលអាចឱ្យកែបរស់រានមានជីវិតមកដល់ម៉ោងនេះ? មានកត្តាមួយចំនួនដែលខ្ញុំសូមលើក។ កត្តាសំខាន់គឺកត្តាសន្តិភាព និងស្ថេរភាព។ ពាក្យនេះប្រហែលជាលឺហើយលឺទៀត សូម្បីនៅបដាក៏មានដែរ។ យើងមិនអាចបាត់តម្លៃពាក្យនេះបានទេ។ បើគ្មានសុខសន្តិភាពកុំថាកែប អាចមកដល់ទីនេះ កុំថាមានមនុស្សមកលេង កែបក៏ដូចជានៅតាមបណ្តាខេត្តជាច្រើននៅក្នុងប្រទេសរងផលប៉ះពាល់ដោយសារសង្គ្រាម។  ភ្នំវល្លិ៍ដែលឥឡូវជា resort ជាចំការម្រេច។ ឥឡូវគេដាំទាំងម្រេចនៅហ្នឹង។ ថ្ងៃមុនឯកឧត្តមអភិបាលខេត្តរអ៊ូ ថាគេដាំម្រេចនៅភ្នំវល្លិ៍ តែដាក់ម្រេចកំពត។ អាចតវ៉ាអាហ្នឹងបាន ប៉ុន្តែវាអត់អីទេ។ តិចទៀតយើងបង្កើត GI មួយរបស់ខេត្តកែប ម្រេចកែបទៅ។ តែយើងអាចនិយាយបែបនេះបាន។ មានផ្លូវកាត់ទៅ។

ថ្ងៃមុនខ្ញុំមកបុណ្យសមុទ្រនៅកែប។ មកដល់លើហ្នឹង pilot របស់ខ្ញុំ ឯកឧត្តម ប៉ុណ្ណារិទ្ធិ គាត់រាយការណ៍ថា “សម្តេចកាលជំនាន់ច្បាំងគ្នា ខ្ញុំហោះមកហ្នឹងដែរ។ នៅក្រោមហ្នឹងគឺព្រៃឡើងក្រាស់ តែកាលហ្នឹងមិនបានហោះដើម្បីដឹកសម្តេចមកលេងបុណ្យសមុទ្រទេ។ មកកាលហ្នឹងខ្ញុំដឹកគ្រាប់ គឺបើកទ្វារទម្លាក់គ្រាប់បែក ព្រោះខាងខ្មែរក្រហមនៅខាងក្រោមហ្នឹង (មាន)ព្រៃក្រាស់”។

អញ្ចឹងគឺដឹកគ្រាប់លើឧទ្ធាម្ភាគចក្រមកទម្លាក់ដើម្បីសម្លាប់ខ្មែរម្ខាងទៀត ព្រោះច្បាំងគ្នា។ ឆ្នាំកៅសិបប៉ុន្មាននេះ ដូចទេសចរមកពីអូស្ត្រាលី និងប៉ុន្មាននាក់ ត្រូវបានចាប់យកទៅសម្លាប់នៅភ្នំវល្លិ៍, ដូចមានអូស្ត្រាលី អង់គ្លេស និងបារាំងមួយទៀត។ អញ្ចឹងកុំថា មកលេងកែបបុណ្យសមុទ្រវិលល្ងាច។ តែអត់មានសន្តិភាពហើយ សូម្បីតែទឹកដីកែបតូចមួយក៏មានដែននៃជម្រកអស្ថេរភាពវាយគ្នាដែរ។ កុំថាតែជនជាតិខ្មែរ សូម្បីតែបរទេសក៏ត្រូវរងការសម្លាប់។ អស្ថេរភាពគ្មានអ្នកណាមកទេ។ ហេតុនេះហើយបានជាយើងត្រូវតែ ការពារសន្តិភាពឲ្យបានដាច់ខាត ដើម្បីយើងទាំងអស់គ្នា។

(១៦) បាត់សន្តិភាព ខ្មែរសម្លាប់ខ្មែរ មានអសន្តិសុខ វេទនាទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា ខាតបង់ទាំងអស់គ្នា

មានគេទៅប្តឹង ប្រទេសមួយចំនួនថា រដ្ឋាភិបាលខ្មែរនេះឲ្យតែនិយាយគឺការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ហើយថាពាក្យហ្នឹងគឺជាពាក្យគំរាមបក្សប្រឆាំង គំរាមអ្នកប្រឆាំង។ ខ្ញុំថាអត់ទេ តែបាត់សន្តិភាព មិនមែនតែបក្សប្រឆាំង អ្នកប្រឆាំងទេ ប្រជាពលរដ្ឋទូទាំងប្រទេស កុំថាឡើយមន្ត្រី កុំថាឡើយអ្នកគាំទ្រគណបក្សប្រជាជន បក្សណាក៏ដោយក៏សុទ្ធតែរងគ្រោះដោយសារសង្គ្រាមដែរ។ កុំនិយាយអំពីគណបក្សនយោបាយ។ បើប្រទេសវាយគ្នា កាប់ចាក់គ្នាហើយ គឺខ្មែរសម្លាប់ខ្មែរ អសន្តិភាព រលាយទាំងអស់គ្នា វេទនាទាំងអស់គ្នា ស្លាប់ទាំងអស់គ្នា ខាតបង់ទាំងអស់គ្នា។ អញ្ចឹងការពារសន្តិភាព មិនមែនសំដៅទៅលើគំរាមអ្នកណានោះទេ ប៉ុន្តែជាការរំលឹកដើម្បីយើងទាំងអស់គ្នារួមគ្នាការពារផលប្រយោជន៍បានរស់នៅក្នុងសេចក្តីសុខសាន្ត។

នៅសល់តែ ៣ ថ្ងៃទៀតទេ យើងបុណ្យអុំទូក ដើម្បីឲ្យបុណ្យអុំទូក។ យើងអាចធ្វើបានក្នុងបរិស្ថានប្រកបដោយសុខដុមរមនីយកម្ម និងសន្តិភាព សាមគ្គីឯកភាពជាតិ កុំឲ្យបែកបាក់ដូចពេលមុនៗទៀត។ នេះគឺជាការការពារសន្តិភាព។ រឿងតែប៉ុណ្ណឹង។ កុំឲ្យពេលចូលឆ្នាំម្តងៗ ដូចកាលគេចាក់វីដេអូនៅក្នុងជំនាន់ លន់ នល់ អ្នកភ្នំពេញចេះតែរាំទៅ ដល់អ្នកវាយនៅសមរភូមិចេះតែស្លាប់ទៅ។ ពេលវេលាជាមួយគ្នា ក្មេងៗដូចគ្នា។ ក្មេងមួយចំនួនសំណាងនៅភ្នំពេញបានរាំលេង។ នៅពេលជាមួយគ្នា ក្មេងៗ យុវជនជំទង់ខ្មែរភាគីសងខាងកំពុងសំលាប់គ្នានៅព្រំដែន។ ពេលបុណ្យអុំទូក បុណ្យចូលឆ្នាំភ័យព្រួយខ្លាចភាគីម្ខាងទៀតចូលមកដាក់គ្រាប់បែក បង្កៃពេញក្រុង។ យើងធ្លាប់ឆ្លងកាត់ហើយ។

(១៦) ប្រែក្លាយអតីតសមរភូមិជាចំការម្រេច ដំឡូង resort បែបធម្មជាតិ មានមនុស្សច្រើនមកលេង

ពេលអត់មានវត្តមាននៃសន្តិភាព ជាពេលដែលយើងបែកបាក់។ ឥឡូវខ្ញុំសួរថាប្រជាពលរដ្ឋអ្នកកែបចង់ឲ្យវប្បធម៌នៃការកាប់សម្លាប់គ្នាពេលបុណ្យទាន ច្បាំងគ្នាសម្លាប់គ្នានៅព្រំដែន កើតមាននៅស្រុកខ្មែរទៀតទេ? អញ្ចឹងរួមគ្នាការពារសន្តិភាព ដើម្បីយើងរស់បានសេចក្តីសុខ បានទាំងអស់គ្នា។ ខ្ញុំនិយាយហើយនិយាយទៀត … ខ្ញុំនិយាយដដែលៗ រហូតទាល់តែថាអ្នកហ្នឹងស្តាប់ទៅដេកលក់ក៏ស្រមៃឃើញពាក្យសន្តិភាពដែរ។ កុំឲ្យស្រមៃឃើញសង្គ្រាម។ ងើបឡើងដេកអត់ឆ្អែតទេ។ តែបើស្រមៃឃើញសន្តិភាព ល្អូកល្អឺន ទៅដើរលេងកោះទន្សាយ ទេសចរណ៍ គឺដេកឆ្អែត។ តែបើដេកបានបន្តិច លឺតែកាប់គ្នា លឺតែគ្រាប់ហោះមក ភ្ញាក់កណ្តាលយប់ហ្នឹងឯង។

អញ្ចឹង កុំឲ្យមានសុបិន្តអាក្រក់ យើងសុខចិត្តថែរក្សាសន្តិភាព ដើម្បីមានសុបិន្តល្អទាំងអស់គ្នា។ កសាងសមិទ្ធផលរួមគ្នា ក្មេងៗ ក្មួយៗ រៀនសូត្រមានឱកាសរកការងារនៅក្នុងប្រទេស មិនថានៅទីណារៀនជំនាញផ្សេងៗ ចូលក្នុងកងទ័ព ចូលក្នុងកងកម្លាំងប្រដាប់អាវុធ ជាការស្ម័គ្រចិត្តដើម្បីការពារជាតិ ថែរក្សាសណ្តាប់ធ្នាប់ កុំឲ្យត្រូវបង្ខំចាប់ចូលដូចក្នុងសម័យសង្គ្រាម វាយគ្នា … មិនរួចខ្លួនទេអ្នកកែប។ អ្នកកែបក៏មានស្លាប់នៅលើសមរភូមិច្រើនដែរ ហើយជាពិសេសនៅភ្នំវល្លិ៍នេះគឺទឹកដីហ្នឹងតែម្តង។ អញ្ចឹងកុំឲ្យកើតឡើងវិញ ប្រែក្លាយអតីតសមរភូមិទៅជាកន្លែងដាំម្រេច ដាំដំឡូង ធ្វើ resort បែបធម្មជាតិ (កុំអោយនៅ)ជាកន្លែងដែលទេសចរមិនហ៊ានមក ព្រោះអាចត្រូវគេចាប់និងសម្លាប់ តែអោយទៅជាកន្លែងដែលមានមនុស្សមកលេងមកច្រើន …។

(១៧) រដ្ឋាភិបាលដែល ៨,២លាននាក់បានបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ តាមរដ្ឋធម្មនុញ្ញជារដ្ឋាភិបាលខុសច្បាប់?

លជាមួយគ្នានេះ យើងឃើញថា មានអ្នកមួយចំនួន(នៅតែប៉ុនប៉ង)មិនចេះចប់ក្នុងការបបួលមនុស្សធ្វើម៉េចឲ្យបែកបាក់គ្នា។ ប៉ុន្មានថ្ងៃនេះ ឃើញមានការបង្កើតចលនាមិនចេះចប់។ ប៉ុន្មានខែនេះ ចលនាក្រៅប្រទេស ឥឡូវមានរដ្ឋាភិបាលស្រមោល ឃើញនាយករដ្ឋមន្ត្រីនោះតែម្នាក់ឯង និងហ្វេសប៊ុកមួយ។ គាត់តាំងខ្លួនជានាយករដ្ឋមន្ត្រីនៅអឺរ៉ុបខាងលិច។ គេទៅបង្កើតរដ្ឋាភិបាលស្រមោល។ គេថារដ្ឋាភិបាលនៅស្រុកខ្មែរគឺជារដ្ឋាភិបាលខុសច្បាប់។ នៅពេលដែល ៨,២ លាននាក់ បានទៅបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ តាមរដ្ឋធម្មនុញ្ញ គេថាជារដ្ឋាភិបាលខុសច្បាប់ តែនៅពេលគេបង្កើតម្នាក់ឯង ហើយមានអ្នកគាំទ្រតាមហ្វេសប៊ុក តាម TikTok គេថាគេជារដ្ឋាភិបាលត្រូវច្បាប់។ (នេះមិនមានអ្វីជាការ)បង្កើតរឿង(នោះទេ)។

ម្សិលម្ង៉ៃឃើញមានការបង្កើតចលនាតស៊ូ។ ប៉ុន្មានថ្ងៃមុន ឃើញលោកស្រីម្នាក់ (មូរ សុខហួរ) បង្កើតចលនាប្រ​ជា​ធិបតេយ្យ និងធ្វើប្រធាន (តែ)បានតិច។ ឥឡូវធ្លាក់តួនាទីមកអនុប្រធានវិញហើយ ព្រោះលោក សម រង្ស៊ី បង្កើត​ចលនាថ្មីមួយហើយធ្វើប្រធាន។ ខ្ញុំមិនដឹងថាបង្កើតធ្វើអី។ ប៉ុន្តែ បើយើងមើល វាអត់មានអីថ្មីទេ។ គោលដៅនៅតែដដែល គឺបង្កើតអីប្លែក។ ខ្ញុំគិតថាអាចមានបញ្ហាមួយ ដោយសារក្នុងរយៈពេលមួយឆ្នាំនេះ ជាពិសេសក្នុង៦ ខែចុងក្រោយនេះ គឺចលនាដែលប្រជាពលរដ្ឋក្នុងប្រទេសធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល​ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ទាំងមន្ត្រីជាន់ខ្ពស់របស់គាត់ ក្នុងនិងក្រៅប្រទេស។ អ្នកគាំទ្រសំខាន់របស់គាត់ រាប់ទាំង(ឈ្មោះ)អសូរកាយ។

(១៨) អ្នកបង្កើតចលនា តាំងខ្លួនជានាយករដ្ឋមន្ត្រី កំពុងមើលងាយអ្នកបោះឆ្នោត ៨,២លាននាក់ ពីឆ្នាំ ២០២៣

ប៉ុន្មានថ្ងៃមុន លោកស្រី Sofie Anderson នៅអាឡឺម៉ង់ ពូកែជេរណាស់។ ឯកឧត្តម រិន វីរៈស្គាល់។ គឺម្នាក់ហ្នឹងជេរឯកឧត្តម រិន វីរៈ ខ្លាំងណាស់ សុទ្ធតែក្បាលពោះកំប៉ោង យកម្ជុលទៅចាក់ ធ្លាយមកអីយ៉ាងម៉េច។ ឥឡូវសូម្បីអ្នកគាំទ្រគាត់ ដើរចោលពីគាត់ ដោយសារអស់ជំនឿ។ អញ្ចឹងហើយដាច់ខាតត្រូវតែបង្កើតអីថ្មី ដើម្បីទាក់ទាញ ដើម្បីជាចលនាប្រមូលថវិកា​ ប្រ​មូលបច្ច័យ ប្រមូលអីខ្ញុំមិនដឹងទេ។ ប៉ុន្តែការបង្កើតព្រឹត្តិការណ៍ ហើយភ្លាមឡើងថា “យើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ”។ អញ្ចឹងបានន័យថា គាត់បោះមិនឈ្នះ គាត់ទៅបង្កើតចលនា តាំងខ្លួនគាត់ជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី … បានន័យថាយ៉ាងម៉េច? បានន័យថាកំពុងតែមើលងាយអ្នកបោះឆ្នោត មើលងាយប្រជាពលរដ្ឋខ្មែរ ៨,២ លាននាក់ រួមទាំងអ្នកកែបប្រមាណជិត ៣ ម៉ឺននាក់ ដែលទៅបោះឆ្នោតកាលពីឆ្នាំ ២០២៣។

សន្លឹកឆ្នោតរបស់យើងបានន័យថា គាត់លែងឲ្យតម្លៃហើយ។ រដ្ឋធម្មនុញ្ញមួយទាំងមូលដែលគាត់ធ្លាប់ចូលស្បថ ការពារដែលនោះ ឥឡូវលែងឲ្យតម្លៃហើយ។ ដោយសារគាត់ធ្វើអីប្រើតាមរូបមន្តបោះឆ្នោត។ បើរូបមន្តនេះមិនឈ្នះ គាត់ចោទគេរហូត។ ទីបំផុតគ្រប់គ្រងបក្សខ្លួនឯងមិនបាន ចលនាខ្លួនឯងមិនបាន។ គេចាប់ផ្តើមដើរចោលអស់។ នាំគ្នាបបួលមនុស្ស ឱ្យឈប់គោរព ឈប់ជឿទៅលើឆន្ទៈប្រជាពលរដ្ឋ ៨ លាននាក់ដែលបោះឆ្នោត ឈប់ឲ្យជឿទុកចិត្ត ទាត់ចោលនូវឆន្ទៈរបស់អ្នកកែបជាងជិត ៣ ម៉ឺននាក់ដែលទៅបោះឆ្នោត ថាបោះឆ្នោតហ្នឹងអត់បានការទៀតទេ។ នេះហើយជាអ្នកដែលចង់បានអំណាចផ្តួលរដ្ឋាភិបាល។ អញ្ចឹង បោះឆ្នោតលែងបានហើយ។

(១៩) ការប៉ុនប៉ងដុតប្រទេសថ្ងៃ ៩វិច្ឆិកា២០១៩ ថ្ងៃ១៨សីហា២០២៤ បាត់បង់ជំនឿនិងការគាំទ្រ

អញ្ចឹងគាត់មកលើកនេះរាងស្លូតបន្តិច …​ ពីមុនបបួល(ធ្វើរឿងថ្ងៃ) ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជិតអុំទូក ដុតប្រទេសតែម្តង។ រៀបចំមនុស្សសុទ្ធតែអ្នកស្ម័គ្រស្លាប់។ ថ្ងៃ ១៨ សីហា(២០២៤) បំផុសមនុស្សរុញក្មេងៗនៅជប៉ុននៅអី។ ឥឡូវទាំងក្មេងៗដែលជឿគាត់ ទាំង ​ហៃ វណ្ណា ទាំង សិទ្ធ អី ដែលថ្ងៃ ១៨ មេក្លោងបំផុសមនុស្សឲ្យ(ធ្វើបាតុកម្ម) ដែលជឿគាត់ងប់ ឥឡូវភ្ញាក់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាល ជួបជាមួយសម្តេចតេជោ។ គេអស់ជំនឿលើគាត់។ សូម្បីតែក្មេងៗក៏គាត់ប្រើលែងបានដែរ។ វាមានរហូតដល់លោកស្រី មូរ សុខហួរ ខំហោះទៅកូរ៉េ ខំបំផុសបោកប្រាស់ប្រជាពលរដ្ឋ បោកប្រាស់ពលករនៅទីនោះ រឿង CLV-DTA។ សួរតែមួយម៉ាត់ទេថា តើរឿង CLV-DTA ឬកិច្ចសហប្រតិបត្តិការនេះវាអាក្រក់ដូចលោកស្រីគិតមែនទេ? ហេតុអីបានជា២៥ ឆ្នាំ ពេលដែលលោកស្រីនៅជាសមាជិកសភា បក្សរបស់លោកស្រីនៅសមា​ជិកសភា មិនយករឿងហ្នឹងមកនិយាយ ថែមទាំងនៅស្ងៀម ហើយគេប្រជុំរាល់ឆ្នាំគ្មានប្រតិកម្ម។

(២០) រាជរដ្ឋាភិបាលហ៊ានដកខ្លួនចេញពីកិច្ចសហប្រតិបត្ដិការ CLV-DTA ដើម្បីឆ្លើយតបកង្វល់ប្រជាជន

ប្រហែលជារឿងនេះគ្មានអីខុស។ លោកស្រីគ្រាន់តែចង់ចំណេញនយោបាយ​។ អ្វីដែលខុសគឺយកឱកាសដើម្បីបំផុត​ឲ្យក្មេងៗ ឲ្យយុវជន ឲ្យប្រជាពលរដ្ឋ ដែលព្រួយបារម្ភអំពីរឿងទឹកដី។ រាជរដ្ឋាភិបាលបានស្តាប់ប្រជាពលរដ្ឋ យើងបានខិតខំធ្វើកិច្ចការ ការកសាងអភិវឌ្ឍន៍ផ្លូវព្រំដែន ការធានានូវអធិបតេយ្យភាពទឹកដី ការជំរុញការអភិវឌ្ឍន៍ខេត្តទាំង ៤ នៃទិសឦសាន សុទ្ធតែជាគោលបំណងនៅក្នុង ២៥ឆ្នាំ ដែលយើងបានដាក់ចេញមក។ (នៅឆ្នាំ)១៩៩៩ សម្តេចតេជោ បានចូលរួមបង្កើតដើម្បីជំរុញខេត្តឦសានឲ្យកាន់តែរីកចម្រើនបានលឿន ដោយប្រើប្រាស់ធនធានជាតិផង ធនធានរបស់ដៃគូផង តាមរយៈយន្តការ(CLV-DTA)នេះ។

យើងជំរុញការកសាងផ្លូវព្រំដែន និងការតភ្ជាប់ថែមទៀត​ ដើម្បីធានាអធិបតេយ្យជាតិ។ ចុងក្រោយនេះដើម្បីកុំឲ្យប្រជាពលរដ្ឋនៅមានភាពហ្មងសៅ កុំឲ្យថា មួយថាដកខ្លួនចេញពី CLV-DTA មួយក្រុមថាមិនដក … កុំឲ្យប្រជាជនមានការបារម្ភ ទោះបីការគិតគូរពិតប្រាកដគ្មានធ្វើឲ្យបាត់បង់(ទឹកដី) ដែលយើងបានពន្យល់ច្រើនមកហើយ រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅយើងបានជូនដំណឹងតាមនីតិវិធីទៅភាគវៀតណាម ឡាវ ដើម្បីយើងដកខ្លួនចេញពីកិច្ចសហប្រតិបត្ដិការ CLV-DTA នេះ។ ភាគីពីរទៀតគាត់បន្ដធ្វើការជាមួយគ្នាទៀតធ្វើចុះ។ ដើម្បីឲ្យខ្មែរយើងកុំឲ្យរឿងបន្ដិចៗក្នុងចិត្តនឹង រឿងមិនទាន់ច្បាស់លាស់ ទោះបីរដ្ឋាភិបាលខំពន្យល់ និងធានាយ៉ាងណាក៏ដោយ។ អញ្ចឹង យើងបញ្ចប់រឿងនេះដើម្បីកុំឲ្យហ្មងសៅក្នុងទឹកដី និងអារម្មណ៍របស់ប្រជាពលរដ្ឋ។ យើងធានា យើងហ៊ានអះអាង ហ៊ានធ្វើ ដើម្បីឆ្លើយតបទៅនឹងកង្វល់​របស់ប្រជាជន

(២១) ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស​យល់ពីឆន្ទៈនិងភាពស្មោះត្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង CLV-DTA

ធ្វើប៉ុណ្ណេះហើយ នៅតែមានការចិញ្ចឹមចលនា។ ខ្ញុំជឿថា អ្វីដែលគាត់ធ្វើគាត់ឃើញពីខែសីហា ពេលនោះ ប្រជាពលរដ្ឋមិនទាន់ដឹង មិនយល់ ក៏មានការចេញមកច្រើននៅកូរ៉េ។ ទៅលើកនេះបានប៉ុន្មាននាក់។ គាត់ពូ​កែថតរូបណាស់។ ១០០នាក់ថតឃើញ ១០ ០០០ នាក់, ១០ ០០០ នាក់ ថតឃើញ ១០០នាក់។ ខ្ញុំសូមសរសើរវិធីសាស្ដ្ររបស់គេ។ ខ្ញុំប្រាប់ខាងហ្វេសប៊ុករបស់យើងថា មើល(ឲ្យ)ពូកែថត(ដូចគេ)។ គេពង្រាយ(មនុស្ស)គេអី​ហ្នឹង ព្រោះយើងអ្នកធ្វើ យើងមិនសូវពូកែតាក់តែង ឬគូសអីឲ្យដូចទេ។ យើងធ្វើពិតប្រាកដ ហើយអ្នកធ្វើពិតប្រាកដច្រើនតែមិនមានពេលបកស្រាយ។ ដូចដែលឯកឧត្តម ប៉េង ពោធិ៍នា ក្រសួងសាធារណៈការនោះ ដែលតាសុខ ថាអត់ធ្វើអីទាំងអស់ កូនក្មេងអត់ទាន់បាត់ធុំក្លិនទឹកដោះ តាមពិតធ្វើ ១៥ខែនេះ ដាក់ចេញនូវគោលនយោបាយជំរុញការចរ​ចាផ្សេងៗ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងប្រទេស និងជាមួយប្រទេសជិតខាង កសាងឲ្យបានច្រើន ហើយយើងនឹងបន្ដរុញតទៅទៀត …។

ខ្ញុំសូមអរគុណប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសដែលបាន​យល់ពីឆន្ទៈនិងភាពស្មោះត្រង់របស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងរឿង CLV-DTA នេះ ត្បិតយើងមិនដែលក្នុងពេលមួយណាធ្វើឲ្យបាត់បង់នូវទឹកដី អធិបតេយ្យភាពជាតិនោះទេ ទាំងតាមរយៈការចូលរួមគាំទ្រ​រាជរដ្ឋាភិបាលក្នុងការសម្រេចចិត្តកន្លងទៅនេះ ក៏ដូចជាការបដិសេធការចូលរួមតាមការអំពាវនាវ​បន្តទៀត​របស់ក្រុមជ្រុលនិយម ដែលខំយករឿងនេះដុតបន្ដទៀត។ តាមរយៈការបង្ហាញជាក់ស្ដែង ប្រជាជនអស់ជំនឿហើយគេលែងទៅចូលរួម។ សូម្បីតែលោកស្រី មូរ សុខហួរ ខ្លួនឯងជិះយន្ដហោះទៅដល់កូរ៉េ ក៏មិនមានអ្នកចេញទៅគាំទ្រ ព្រោះប្រជាជនបានយល់ បានឃើញ និងទទួលបាននូវភាពកក់ក្ដៅពីវិធានការរបស់រាជរដ្ឋាភិបាល។ ធ្វើអ្វីក៏ដោយយើងត្រូវការឯកភាពជាតិ។ អ្នកដែលមានទស្សនៈចង់ធ្វើសកម្មភាពតែង​តែមានហើយ តែសំខាន់ប្រជាជនពលរដ្ឋ​ ដើម្បីការពារផលប្រយោជន៍(ជាតិ) ការពារសុខសន្ដិភាព ហើយរួមគ្នាកសាង។ នេះសកម្មភាពនៅលើដីជាក់ស្ដែង ដែលប្រជាពលរដ្ឋ យុវជន ពលករនៅក្រៅប្រ​ទេសបានដឹង បានយល់ ជឿទុកចិត្ត ហើយរដ្ឋាភិបាលបានឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលចង់បានហើយ។

(២២) ផែនការថ្ងៃ ៩វិច្ឆិកា២០១៩ និង ១៨សីហា២០២៤ គឺធ្វើសកម្មភាពហិង្សាប្រឆាំងនិងផ្ដួលរាជរដ្ឋាភិបាល តាមរូបមន្ដមិនប្រជាធិបតេយ្យ ខុសពីរដ្ឋធម្មនុញ្ញ

គេប្រឹងចិញ្ចឹមចលនាបែបនេះ … យកចលនា CLV-DTA មកចិញ្ចឹម ហើយចិញ្ចឹមទៀត ទោះបីបាត់ជំនឿបន្ដិចម្ដងៗ ដោយ​សារ​តែគេអស់អីនិយាយ។ មនុស្សចេះតែដើរចេញពីគេ​រហូត។ ទីបំផុតទៅបង្កើតចលនានេះ ចលនានោះ យន្ដការនេះ​យន្ដការនោះ។ ធ្វើអីធ្វើចុះ ត្បិតជាសិទ្ធិសេរីភាព ប៉ុន្ដែកុំឲ្យលើសច្បាប់ ជាពិសេសកុំបំពុល ឬធ្វើចលនាដែលឈាន​ទៅដល់ការកៀរគរមនុស្ស ឬរៀបចំផែនការដូចថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ឬ ១៨ សីហា ២០២៤ ដែលរៀបចំដើម្បីជំរុញប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសធ្វើសកម្មភាពហិង្សា ដើម្បីប្រឆាំង ផ្ដួលរាជរដ្ឋាភិបាល តាមរូបមន្ដមិនប្រជាធិបតេយ្យខុសពីរដ្ឋធម្មនុញ្ញ។ កុំបង្កើតនូវអស្ថិរភាព​ និងអសន្ដិសុខ ឈានទៅដល់ការបែកបាក់ជាតិ។ សូមកុំបង្កើត(ស្ថានភាព)បែបនេះ។ ប្រសិនបើអនុវត្ដលើសសិទ្ធិសេរីភាពរបស់ខ្លួន ឈានទៅដល់ការធ្វើខុសច្បាប់ហើយ រាជរដ្ឋាភិបាលគ្មានជំរើសអីក្រៅពីការអនុវត្ដច្បាប់ ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាពជាតិ នោះទេ។

វាជាអ្វីដែលរាជរដ្ឋាភិបាលនឹងប្ដេជ្ញាចិត្តនឹងបន្ដធ្វើ។ (រាជរដ្ឋាភិបាល)ប្ដេជ្ញាចិត្តជាមួយប្រជាជន ១៧ លាន នាក់មិនឲ្យប្រទេសជាតិយើងបាត់នូវសន្ដិភាព ស្ថិរភាព ឬមួយមាននៅអសន្ដិសុខឡើងវិញនោះទេ គឺធ្វើយ៉ាងណាធ្វើឲ្យប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យរាជរដ្ឋាភិបាលមួយប្រាំឆ្នាំ្ដម្ដង ដើម្បីមកធ្វើគោលនយោបាយដឹកនាំថែរក្សានូវសេចក្ដីសុខ និងដឹកនាំប្រទេសរីកចំរើន។ យើងត្រូវឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជន ហើយប្ដេជ្ញាចិត្តមិនឲ្យមនុស្សមួយចំនួនតូចមកបំផ្លាញសន្ដិភាពតាមរយៈការយករឿងមិនពិត មកបំផុសនិងជំរុញប្រជាពលរដ្ឋមួយចំនួនឲ្យធ្វើសកម្មភាពហិង្សា ឬមួយធ្វើសកម្មភាពខុសច្បាប់ដូចកាលពីថ្ងៃ ១៨ សីហា (២០២៤) កន្លងទៅនេះ។ មិនមែនបាតុកម្មសំដែងមតិទេ។ គេជំរុញយុវជន ពិសេសក្មេងៗ យកដាវសាមម៉ូរ៉ៃ ជំពាម ប្រើគ្រាប់ប៉ាដាង យកដប​មានប្រេងសាំង ដើម្បីគប់ទៅលើសមត្ថកិច្ច រហូតមានផែនការយកដ្រូនច្នៃគ្រាប់បែកមកទំលាក់លើកម្លាំងរបស់យើងទៀត។ សួរថាកងកំលាំងជាអ្នកណា? ជាប្រជាពលរដ្ឋ កូនចៅប្រជាពលរដ្ឋ។ គាត់បំពេញភារកិច្ច ដើម្បីថែរក្សានូវស្ថិរភាព។ ការរៀបចំថ្ងៃនោះ ឈានទៅដល់ការដើរបបួលគ្នាទៅដុតផ្ទះរបស់មន្ដ្រីនេះ ឬរបស់ជនជាតិនេះ។ តើនេះឬជាសកម្មភាពស្របច្បាប់ឬ?

(២៣) អនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិជ្រុលនាំឱ្យមានការបែក​បាក់និងអស្ថិរភាព ត្រូវប្រឈមនឹងច្បាប់

សូម្បីនៅប្រទេសអង់គ្លេស ចាប់ជាង ១០០០ នាក់ឯណោះ គ្រាន់តែអ្នកចេញទៅតាមផ្លូវ ដុតអូតែល ដុតអីហ្នឹង។ សិទ្ធិសេរីភាព ការបញ្ចេញមតិ ប៉ុន្ដែបើជ្រុលឈានទៅមានការបែក​បាក់ ធ្វើឱ្យអស្ថិរភាពហើយ គឺត្រូវប្រឈម(នឹងច្បាប់)ហើយ។ ប្រសិនបើមានការអំពាវនាវ ការបំផុសប្រជាពលរដ្ឋ ឲ្យធ្វើសកម្មភាពបែបនេះ មិនថានៅទីណា រួមទាំងអ្នកកែបផង ដើម្បីទៅដុតប្រទេសខ្លួនឯង ធ្វើសកម្មភាពជ្រុល​និយម​ ហិង្សា ធ្វើឲ្យបាត់បង់សេចក្ដីសុខរបស់អ្នកកែប របស់ប្រទេសយើង។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នាប្រឆាំងនូវការអំពាវនាវបែបនោះ តាមរយៈការមិនចូលរួមតាមការអំពាវនាវបែបនោះ។ តាមរយៈការថែរក្សានូវសកម្មភាព ជីវភាពរស់នៅ ស្ថិរភាព សុខសន្ដិភាពក្នុងប្រទេសរបស់យើង និងឯកភាពជាតិរបស់យើង នេះជាការបញ្ជូនសារជាក់ស្ដែង។ នេះជាអ្វីដែលយើងអាចឈានទៅដល់ការថែរក្សាបានយូរអង្វែង។ ខ្ញុំធ្លាប់លឺថាស្រុកខ្មែរតែ​មួយ​ចំអិនកំពឹសទេ សុខ(សន្ដិភាព)មិនបានយូរទេ បន្ដិចទៀតសង្គ្រាមបែកបាក់ទៀតហើយ។ ខ្ញុំថាកំពឹស តែកំពឹសនេះ​ជាកំពឹសដែក មិនមែន​ម្សៅទេ(ដែល)ដាក់បន្ដិចឆ្អិន ឬទុកយូរវាខ្លោច។ ប៉ុន្ដែកំពឹសដែក គឺមិនឆ្អិនមិនអីទាំងអស់គឺរក្សានូវធាតុដើម បានន័យថា បើប្រជាពលរដ្ឋយើងរួមគ្នាថែរក្សាសុខសន្ដិភាព គោរពតាមរដ្ឋធម្មនុញ្ញ អនុវត្ដច្បាប់ គោរពគ្នាទៅវិញទៅមក ដោយទទួលខុសត្រូវ នេះហើយជាការថែរក្សាប្រទេសរបស់យើងនូវសន្ដិភាព ស្ថិរភាព ដូចជាកំពឹសដែកដែលយើងភ្លើងមកដុត ដាក់ក្នុងខ្ទះខ្លាញ់ក៏មិនឆ្អិន។ យើងត្រូវរក្សានូវនិរន្ដរភាពសន្ដិភាពគឺប្រជាពលរដ្ឋហ្នឹងហើយ(ជាអ្នកចូលរួម)។

(២៤) មេដឹកប្រទេសនានាមានការព្រួយបារម្ភពី Fake News និង AI

ខ្ញុំសូមឲ្យការធ្វើសកម្មភាពសិទ្ធិសេរីភាពនេះ ឲ្យមានការទទួលខុសត្រូវជាពិសេសតាមបណ្ដាញ​សង្គម​របស់​យើង។ រឿងនេះ ខ្ញុំទៅប្រជុំនៅក្រៅប្រទេស ជួបជាមួយមេដឹកក្រៅប្រទេស ម្នាក់ៗគឺមានការព្រួយបារម្ភជាមួយនឹងរឿង Fake News និង AI។ ឥលូវចេញពី Fake News ទៅ AI។ AI ហ្នឹងបង្កើតមនុស្សម្នាក់មុខដូចយើង រាងដូចយើង ដាក់សំលេងយើងបាន។ គេព្រួយ។ ជួនកាលអ្នកហ្នឹងអត់ដឹងរឿងអីទេ។ ឧទាហរណ៍ យករូប ឯកឧត្តម ប៉េង ពោធិ៍នា ផូស្ដនៅលើហ្វេសប៊ុក ហើយសំលេងរបស់គាត់ដែលធ្លាប់និយាយតាមទីសាធារណៈ កាត់​បញ្ចូលបន្ដ ហើយបង្កើតរូបឯកឧត្តម ប៉េង ពោធិ៍នា ចេញសារមួយទៅលួចសេ្នហាជាមួយអ្នកណាម្នាក់។ ប្រាកដជាឆេះផ្ទះមែនទែនហើយ។ ប៉ុន្ដែម្ចាស់ខ្លួនមិនដឹងសោះ។ ឥឡូវនេះកាន់តែដូចមែនទែន។ ល្ងាចមិញនេះ ប៉ុស្ដិ៍ Channel News Asia តាម TikTok បង្ហាញមនុស្សម្នាក់បង្កើត influencer ម្នាក់ ហើយ influencer ហ្នឹងមានអ្នកតាមដានចង់ ២០លាននាក់។ ដល់គេសំភាសន៍ជាក់ស្ដែង influencer ហ្នឹងមិនមែនមនុស្ស​ពិតប្រាកដទេ គឺជា AI ដែលគេបង្កើតឡើង។ ដូចមនុស្សពិតប្រាកដអញ្ចឹង។ សម្ដីសម្ដៅ គាត់ទៅ Gym អីដូចមនុស្សពិត។ កាត់ background អត់​មានអ្នកណាដឹង។ អ្នកតាមដានគាត់ ២០លាននាក់ អត់អ្នកណាដឹង(ថាAI) ហើយគេសួរថាអ្នកហ្នឹងធ្វើអី? អត់អ្នកណាដឹង ហើយដូចមនុស្សពិតប្រាកដ។ Fake News ដូចគ្នា។

ពេលខ្លះបង្កើតរឿងហ្នឹងតូច ប៉ុន្ដែរឿងខ្លះវាធំ។ សូម្បីនៅអឺរ៉ុបខាងលិច ​ដូចនៅប្រទេសអង់គ្លេសអីក៏មានច្បាប់របស់គេ។ អ្នកប្រមូលមនុស្សទី១ មានចេតនាហៅគេទៅដុតផ្ទះអីនឹងគឺជាប់ទោស។ ទី២ គឺដាក់ព័ត៌មានខុស។ ថ្ងៃមុន នៅអង់គ្លេសដែលផ្ទុះ(ចលាចល) រវាងប្រជាពលរដ្ឋជាមួយនឹងខាងសន្តិសុខ ហ្នឹងដោយសារព័ត៌មានក្លែងក្លាយមិនពិតមួយ។ វាមានករណីក្មេងស្រីជនជាតិអង់គ្លេសម្នាក់ ដែលត្រូវបានគេចាក់នៅលើផ្លូវស្លាប់ ដោយសារព័ត៌មានមួយ មានអ្នកតាមស្ដាប់ច្រើន។ គេដាក់ថា ក្មេងស្រីនេះស្លាប់ដោយសារជនអន្ដោប្រវេសន៍ខុសច្បាប់អារ៉ាប់ម្នាក់។ ​ជន​ជាតិអង់គ្លេសចេញទៅ ចាប់ផ្ដើមពីមនុស្សរយនាក់ ដល់ពាន់នាក់ ចេញទៅវ៉ៃដុតអូតែលតែម្ដង។ ការពិតមិនមែនចាក់ដោយ​ជនអន្ដោប្រវេសន៍ខុសច្បាប់អារ៉ាប់ទេ គឺអ្នកផ្សេង។ ប៉ុន្ដែដោយសារព័ត៌មានវាដាក់អញ្ចឹងធ្វើឲ្យ(ចលាចល)ដុតប្រទេសទម្រាំដឹងចប់បាត់ វាឆេះប្រទេសបាត់ទៅហើយ។ ព័ត៌មានមិនពិតដែលគេកំពុងព្រួយបារម្ភ និងរៀបចំច្បាប់ដើម្បីការពារ។

(២៥) មិនមានការលក់សាលាតិចណូ តែបង្កើតសាខាមួយទៀត នៅផ្លូវឈ្នះ-ឈ្នះ

ម្សិលមិញ VOD ចេញមកថា រដ្ឋាភិបាលដោះដូរលក់តិចណូ។ (រដ្ឋាភិបាល)អត់ទាំងដឹងអីផង។ អ្នកចូលខមិ្មនថា​លក់អស់ហើយ។ លេងព័ត៌មានក្លែងក្លាយថារដ្ឋលក់តិចណូ ដោះដូរអីបែបនេះ។ អត់ទេ។ សាលាតិចណូ នៅដដែល គ្រាន់តែ​សាលានេះឥឡូវសិស្សកើន។ អញ្ចឹងគេបង្កើតសាខាមួយទៀតនៅផ្លូវឈ្នះ-ឈ្នះ នោះ។ អញ្ចឹង​សា​លានេះក៏ទុក ហើយ​បង្កើតសាខាបន្ថែមទៀត។ ស្រាប់តែ VOD ចេញមករដ្ឋដោះដូរលក់តិចណូ ហើយគេដាក់តាមព័ត៌មានដែលច្បាស់ការសុំលាក់មុខ។ លេងសុទ្ធតែអញ្ចឹង! (ហេតុ)អីលាក់មុខ? តែហ៊ានប្រាប់រដ្ឋាភិបាលធ្វើបាប។ តាមពិតបង្កើតរឿង។ ឃើញសាលាតិចណូ ចេញបំភ្លឺ និងក្រសួងអប់រំចេញបំភ្លឺ ប៉ុន្ដែវាពិបាក នៅពេលដែលព័ត៌មានមិនពិតមានមនុស្សមើលរាប់សែននាក់។ ដល់ពេលបំភ្លឺមើលតែ ៤-១០នាក់ ឬ ១ពាន់នាក់។ អញ្ចឹងវាបង្កើតរឿងអត់​ប្រយោជន៍ ធ្វើឲ្យមនុស្សមានការភ័យបារម្ភ។ បានន័យថា សិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវការព័ត៌​មានពិត ត្រូវបានបំផ្លាញដោយ Fake News។ ប្រជាពលរដ្ឋម្នាក់ៗដែលជាអ្នកទទួលព័ត៌មានមានសិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីដឹងពីប្រទេសរបស់ខ្លួន។ ហើយ VOD នេះអស់សិទ្ធិហើយ តែមិនចោលសណ្តាន …។

(២៦) សារព័ត៌មានមិនមែនត្រូវគ្រប់ពេលទេ ប៉ុន្តែនៅពេលដែលខុស ត្រូវផ្សាយការកែតម្រូវ

ជាសារព័ត៌មានវិជ្ជាជីវៈមិនមែនត្រូវគ្រប់ពេលទេ ប៉ុន្តែនៅពេលដែលខ្លួនខុស ត្រូវផ្សាយការកែសម្រួល ពេលដែលខ្លួនដឹងថាការពិតយ៉ាងណា ទទួលស្គាល់ដើម្បីឲ្យសាធារណៈដែលមើលខ្លួនឯងនេះបានយល់ច្បាស់។ ហ្នឹងបើយើងមានចេតនាពិតប្រាកដ។ ប៉ុន្តែ បើអ្នកឯងមានចេតនាអាក្រក់ គឺដាក់អាក្រក់ហើយ។ ទោះបី(ដឹង)ការពិត ក៏រុញចោល។ ហ្នឹងដូចកាលពីមុនអញ្ចឹង។ VOD នេះបានលើករឿងថា “ខ្ញុំមានសិទ្ធិ ស៊ីញ៉េជំនួសរាជរដ្ឋាភិបាល”​ ដែលមិនមែនជាការពិត។ ពេលនោះខ្ញុំមិនទាន់ជានាយករដ្ឋមន្រ្តី។ ពេលដែលយើងឲ្យព័ត៌មានពិត មិនព្រមកែ។ បានន័យថារុញបន្ថែមទៀត។ ចំអកបន្ថែមទៀត។ បានន័យថា គេមានចេតនាចង់កេងចំនេញនយោបាយតាមរយៈព័ត៌មានមិនពិត អញ្ចឹងត្រូវទទួលខុសត្រូវ។

ថ្ងៃមុន ខ្ញុំជួបជាមួយនឹងប្អូន ម៉ិច ដារ៉ា នៃ Cambodia Daily។ ខ្ញុំស្គាល់គាត់យូរហើយ។ ខ្ញុំថា ប្អូនឯងដាក់រាជរដ្ឋាភិបាល ២ដំបង ហើយប្អូនឯងនៅតែរួចខ្លួនទៀត ដោយសារការយោគយល់។ ដាក់មួយដំបងដំបូងពេលដែល ម៉ិច ដារ៉ា ផ្សាយព័ត៌មានមិនពិតពីរឿងការបំផ្លាញភ្នំឈើកាច់បាភ្នំ ដែលជាបេតិកភណ្ឌរបស់យើង។ គេដាក់រូបមកថារាជរដ្ឋាភិបាលបានឲ្យក្រុមហ៊ុនវាយថ្ម វាយឡើងខ្ទេចបាក់ភ្នំហ្នឹងបាត់។ តាមពិតភ្នំនេះ ត្រូវចុះជាបេតិកភណ្ឌប្រ​មាណ​ជាង ១០០ ហិកតា ហើយការពារ។ ភ្នំនៅដដែលហ្នឹង ធ្វើឲ្យប្រជាជនមានការភាន់ច្រឡំ។ ក្រោយមកខ្លួនឯងដឹងថាអាហ្នឹងច្រឡំទៀត អត់ព្រមចេញ អត់ព្រមកែបំភ្លឺ។ អញ្ចឹងរដ្ឋាភិបាលត្រូវការបញ្ជាក់ភាពស្មោះត្រង់របស់ខ្លួន ត្រូវប្តឹងដើម្បីឲ្យអ្នកឯងកែខ្លួន។ បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋគិតថាហ្នឹងជារឿងពិត។ គាត់បង្ហាញព័ត៌មានមិនពិត ប្រជាពលរដ្ឋជេររាជរដ្ឋាភិបាលម្តងទៅ យល់ខុសម្តងទៅ។ ឲ្យគាត់កែនៅក្នុង page របស់គាត់ គាត់មិនព្រម។ ខ្ញុំមិនដឹងថាគាត់មានចេតនាអីទេ។ ដល់អញ្ចឹងរដ្ឋាភិបាលប្តឹង។ មួយដំបងដំបូង គាត់ធ្វើឲ្យប្រជាជនយល់ច្រឡំជា​មួយ​រាជរដ្ឋាភិបាលរឿងឈើកាច់បាភ្នំ ថាយើងបានបំផ្លាញភ្នំ។ តាមពិតអត់សោះ។ ការពិតភ្នំនៅដដែល។ ចូលក្នុងបេតិភណ្ឌរដ្ឋត្រូវការពារឲ្យបានដាច់ខាតទៀត អាហ្នឹង ១ ។

ដល់ពេលយើងអនុវត្តច្បាប់ត្រូវមួយដំបងទៀត។ ម៉ិច ដារ៉ា បង្កើតរឿងថា រដ្ឋាភិបាលឃាត់ខ្លួន ដោយសារសរសេររឿងគ្រឿងញៀនណាឆ្កុយឯណោះទៅ។ រដ្ឋាភិបាលត្រូវមួយដំបងទៀត។ អយុត្តិធម៌ណាស់។ ប៉ុន្តែគោលនយោបាយរាជរដ្ឋាភិបាលគ្មានរឿងអីទៅដាក់ទោសអ្នកដែលដឹងកំហុសនោះទេ។ ក្រោយមក ម៉ិច ដារ៉ា ព្រមទទួល។ ដំបូងគាត់ទទួលថាព័ត៌មានខុស តែគាត់មិនព្រមចេញថាគាត់ខុសដើម្បីបង្ហាញសុំទោសជាសាធារណៈ។ ដូចខ្ញុំនិយាយអញ្ចឹង ពេលដែលគាត់និយាយ គាត់ដាក់សារទៅ គេមើលគាត់រាប់សែននាក់ ដល់ពេលអ្នកផ្សេងខំបកស្រាយថាអ្នកហ្នឹងនិយាយមិនពិត ទាល់តែគាត់ទៅជួយបំភ្លឺ។ សារព័ត៌មានដែលចេញព័ត៌មានខុស បងប្អូនជាច្រើន គាត់ដឹងរឿងចេញសារទៅវិញបញ្ជាក់ថា ព័ត៌មានពីមុនខ្ញុំអត់បានដឹង ព័ត៌មានពិតប្រាកដ(អញ្ចេះ)។

(២៧) សូមអោយកែតម្រូវតាមការពិត ដើម្បីការពារសុច្ចរិតភាព

ហ្នឹងយើងអត់មានចាប់កំហុសទេ។ សិទ្ធិរបស់គាត់។ ខុសដោយអចេតនា គាត់សារភាព។ អញ្ចឹង រឿងនេះដូចគ្នា។ អ្វីដែលយើងដាក់ឲ្យ(អោយកែតម្រូវ)នេះ គឺការថែរក្សាសុច្ចរិតភាពរបស់យើង។ អញ្ចឹងគាត់បានសុំទោស។ យើងក៏បានឲ្យចេញ។ យើងអត់មានហាមអីទេ។ មិនមែនរដ្ឋាភិបាលជាតុលាការទេ។ ខាងមេធាវីខាងអីបានចរចាឲ្យនៅក្រៅឃុំ។ រដ្ឋាភិបាលក៏គ្មានអីទៅជំទាស់ ឬមួយខឹងនោះទេ។ អញ្ចឹងមេធាវីគេធ្វើការទៅ។ ខ្ញុំប្រាប់មិត្តបរទេសថា រដ្ឋាភិបាលសុំឲ្យតែ ម៉ិច ដារ៉ា ជួយបញ្ជាក់ថាខ្លួនបានធ្វើខុស ធ្វើឲ្យប្រជាជនយល់ច្រឡំ សុំឲ្យជួយតែប៉ុណ្ណឹង។ អញ្ចឹងតាមរយៈមេធាវី តាមរយៈយន្តការ រដ្ឋាភិបាលគ្មានទៅចងកំហឹងអីទេ រឿងនីតិវិធីច្បាប់តើ។ រឿង fake news រឿងដាក់ព័ត៌មាន(មិនពិត)នេះ គឺសុំរួមគ្នាដើម្បីទទួលខុសត្រូវ។ នៅទីនេះ (ប្រៀបបានថាមានអ្នក)សារព័ត៌មាន ដែលជាង ១ម៉ឺននាក់ហើយមានទូរស័ព្ទ។ អ្នកដែល(ជាអ្នកសារព័ត៌មាន)អនឡាញហ្នឹងច្រើនណាស់។ ខ្ញុំសុំគាំទ្រ ខ្ញុំសូមអរគុណចំពោះការផ្សព្វផ្សាយរបស់បងប្អូននូវព័ត៌មានជាច្រើន។ កន្លែងខ្លះការដោះស្រាយ (ក៏អាស្រ័យនឹង)ព័ត៌មានរបស់យើង គឺបានព័ត៌មានពីអ្នកសារព័ត៌មានបង្ហាញបញ្ហាផ្សេងៗ តាមមូលដា្ឋនដែលយើងអាចចាត់តាំងលឿន។ ប៉ុន្តែសុំឲ្យមានការទទួលខុសត្រូវ ព័ត៌មានឲ្យសុក្រឹត ព័ត៌មានឲ្យប្រាកដប្រជា ព័ត៌មានមិនបម្រើអីផ្សេង។

(២៨) រួមគ្នាថែរក្សាការអភិវឌ្ឍខ្លួន និងការអភិវឌ្ឍប្រទេស

បើសិនជាខុសសុំកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានគ្រប់សុំផ្សាយទៅ ដើម្បីបង្ហាញថាខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈអព្យាក្រឹត្យ។ ការប្រើប្រាស់ព័ត៌មាន ដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ចឬមួយអីមួយត្រូវចៀសឲ្យផុត ព្រោះជួនកាលឈ្លោះគ្នាលេងតាមព័ត៌មានទៅប្រកាច់បង្ខូចម្នាក់ផ្សេងៗទៀត។ ហ្នឹងគេអាចប្តឹងបាន។ អញ្ចឹងសុំឲ្យមានការថែរក្សាសិទ្ធិសេរីភាព ស្ថេរភាព សន្តិភាព និងការទទួលខុសត្រូវវាទៅជាមួយគ្នា។ ខ្ញុំមិនសូវលើករឿងឆ្លើយតបបែបនេះនៅវេទិកាសារធារណៈទេ ប៉ុន្តែថ្ងៃនេះបើជ្រុលនិយាយរឿង តាសុខ ខ្ញុំនិយាយទាំងអស់តែម្តង និយាយឲ្យគ្រប់តែម្តង។

ពេលខ្លះយើងអង្គុយស្ងៀម ក៏គេវាយរហូត ដូចបាវសាក់អញ្ចឹង។ ភាពអយុត្តិធម៌មកលើយើងគឺដោយសារយើងស្លូត ក៏ជាន់ថែម។ ឥឡូវខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់តែម្តងថា “អនុវត្តសិទ្ធិសេរីភាព ប៉ុន្តែកុំរំលោភព្រំដែនច្បាប់ ធ្វើសកម្មភាពដោយអហិង្សាការបញ្ចេញទស្សនៈ ប៉ុន្តែឲ្យមានការទទួលខុសត្រូវ កុំធ្វើអ្វីមួយចាត់តាំង ឬប្រមូលមនុស្ស ប្រមូលប្រជាពលរដ្ឋទៅធ្វើសកម្មភាពដែលនាំឲ្យមានការខូចខាតនូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ឬឈានទៅដល់ការបែកបាក់ប្រទេសដូចថ្ងៃ ១៨ សីហា”

​រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះរដ្ឋាភិបាលបានស្បថស្បែនៅថ្ងៃចូលតំណែងរួចហើយថាការពាររដ្ឋធម្មនុញ្ញ និងការពារផលប្រយោជន៍សុខសន្តិភាពប្រទេសជាតិ និងការឯកភាពជាតិរបស់យើង ត្រូវតែធ្វើឲ្យបាន នេះគឺជាការការពារដាច់ខាត។ បើអស់លោកបង្កើតចលនាខាងក្រៅលែងជឿលើការបោះឆ្នោត កុំរុញប្រទេសតាមរូបភាពបំផ្លាញណាមួយអី ឬមួយការចង់ដណ្តើមអំណាចតាមរូបភាពអ្វីផ្សេង។ ប្រជាពលរដ្ឋនៅក្នុងប្រទេស ៥ឆ្នាំ តាមរដ្ឋធម្មនុញ្ញ​យើង បញ្ចេញមតិម្តង។ ក្រៅពីនេះ រួមគ្នាថែរក្សាអភិវឌ្ឍខ្លួន និងអភិវឌ្ឍប្រទេសរបស់ខ្លួន។ នេះគឺជាកត្តាទី១ ដែលខ្ញុំសុំលើកនៅថ្ងៃនេះ។

(២៩) មានសុខសន្តិភាព មានស្ថេរភាពហើយ តែត្រូវមានគោលនយោបាយនិងទិសដៅត្រឹមត្រូវ

ឥឡូវយើងត្រឡប់មករឿងកែបរបស់យើង។ ក្រៅពីការពារបរិស្ថាន ទី២ មកដល់ពេលនេះ ដោយសារការដាក់ចេញនិងអនុវត្តទិសដៅនយោបាយសំខាន់របស់រាជរដ្ឋាភិបាលច្រើនអាណត្តិ ក្នុងនោះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ដែលយើងបានធ្វើមកដល់ម៉ោងនេះ (យើងកំពុងតែពិចារណាថាដែលមាន)ការវិនិយោគទាំងក្នុងខេត្តកែបទាំងការតភ្ជាប់ ជំរុញឲ្យខេត្តកែបទន្ទឹមនឹងបានផលផ្លែផ្កានៃសន្តិភាព តើយើងត្រូវយកផ្លែផ្កានេះទៅធ្វើម្ហូបអ្វី ដើម្បីឲ្យប្រជាពលរដ្ឋអ្នកកែបកាន់តែមានសុខភាពល្អ ហូបបានកាន់តែបរិបូរណ៌? មានសុខសន្តិភាព មានស្ថេរភាពហើយ បើគ្មានគោលនយោបាយត្រឹមត្រូវគ្មានទិសដៅធ្វើត្រឹមត្រូវទេ អាចចោលនូវឱកាសមាស ដើម្បីរុញប្រទេសយើងឲ្យកាន់តែអភិវឌ្ឍ បិទគម្លាតជាមួយប្រទេសផ្សេងៗក្នុងតំបន់។ អញ្ចឹងការដាក់ចេញនូវគោលនយោបាយនេះ ដូចជាការកំណត់មុខម្ហូបពេលបេះផ្លែផ្កាមក យកមកធ្វើអ្វីដើម្បីបានផលប្រយោជន៍? … ស្អែកត្រូវធ្វើនេះ ឲ្យប្រជាជនឲ្យកូនចៅនៅក្នុងផ្ទះបានសប្បាយ ដូចជារដ្ឋាភិបាលបានបញ្ចប់សង្រ្គាមហើយ ដាក់គោលនយោបាយច្រើននៅក្នុងនោះ គឺត្រូវការគោលនយោបាយអភិវឌ្ឍខេត្តនីមួយៗ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជាមូលដ្ឋាននៅក្នុងការបង្កើតនូវវិស័យដែលអាចទាញសក្តានុពលនៅទីនេះ ដូចជាវិស័យទេសចរណ៍ជាដើម ដើម្បីយកមកចិញ្ចឹមខេត្តមួយ។ ជំរុញការអភិវឌ្ឍឱកាសសម្រាប់ប្រជានេសាទនៅខាងស្រែអំបិល សិប្បកម្មប្រពៃណីរបស់យើងដែលមាននៅទីនេះ។

(៣០) បន្តកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងសិក្សាសង់ផ្លូវឆ្អឹងជំនីរបន្ថែម

អញ្ចឹងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត យើងធ្វើបានដូចជានៅថ្ងៃនេះ។ មួយទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ អម្បាញ់មិញឯកឧត្តម ប៉េង ពោ​ធិ៍នា បានលើកហើយ។ ផ្លូវជាតិលេខ ៣ ផ្លូវ ៤១ ផ្លូវ ៣១ ផ្លូវ ៣៣ តភ្ជាប់ជាមួយខេត្តផ្សេងៗ។ ខេត្តតូចមែន តែផ្លូវជាតិបុកមកច្រើន គឺដើម្បីបង្កើតសសៃឈាមឲ្យច្រើនរុញឈាមទៅតាមតំបន់ផ្សេងៗនៅខេត្តកែប ទុកឲ្យប្រជាពលរដ្ឋកាន់តែមានឱកាសធ្វើដំណើរកាន់តែច្រើន សម្បូរបែប។ កាលមុនមានផ្លូវតែមួយជិះអត់វង្វេង ឥឡូវផ្លូវច្រើនអាចវង្វេង។ ហ្នឹងដូចខ្ញុំ(និយាយ) កាលទៅព្រះវិហារ ពីស្ទឹងត្រែងមកព្រះវិហារ ឲ្យមេប៉ូលីសម្នាក់នាំខ្ញុំ។ យប់វង្វេងផ្លូវ។ ដល់បន្ទោស ថាមេប៉ូលីសម៉េចនៅហ្នឹងយូរហើយអត់ស្គាល់ផ្លូវ។ គាត់បន្ទោសថា មកពីផ្លូវធ្វើច្រើនខ្សែ។ គេហៅខ្ញុំបង។  គេថា បងឯងមើល! ខ្ញុំមិនដែលវង្វេងទេ។

កាលមុនមានផ្លូវកៅស៊ូតែមួយខ្សែគត់។ ជិះមកដល់ហ្នឹងផ្លូវដីផ្លូវអីកុំទៅត្រូវហើយ តពីស្ទឹងត្រែងមកដល់ត្បែងតែម្តង។ ដល់ពេលគេធ្វើផ្លូវច្រើនជិះវង្វេងផ្លូវកៅស៊ូច្រើនពេក។ អញ្ចឹងមកកែប ប្រយ័ត្នវង្វេងផ្លូវ ដោយសរសៃផ្លូវច្រើន។ ក្រសួងសាធារណៈការដឹកជញ្ជូនធ្វើផ្លូវមេ ផ្លូវជាតិ។ ឥឡូវឲ្យសិក្សាបន្ថែម ពីការសង់ផ្លូវឆ្អឹងជំនីរច្រើនទៀត ព្រោះជួនកាល យើងទៅសៀមរាប ទៅកំពង់ធំ បើហួសពីស្ពានព្រែកក្តាមទៅ ទៅដល់កំពង់ឆ្នាំង ហួសពីកំពង់ឆ្នាំង បើមិនជិះសាឡង់ ទាល់តែហួសដល់សៀមរាបហើយបកមួយជុំ។ បើមិនអញ្ចឹងជិះសាឡង់។ បើភ្លៀងអីអត់ទៀត។ អញ្ចឹង យើងកំពុងតែធ្វើផ្លូវ ៥០សេ តភ្ជាប់។ ផ្លូវនៅតាមខេត្តមួយចំនួន ជួនកាលផ្លូវជាតិវែងពេក យើងត្រូវការធ្វើផ្លូវឆ្អឹងជំនីរតភ្ជាប់។ អញ្ចឹងនៅខេត្តកែបដូចគ្នា។ នេះជាមូលដ្ឋាន(នៃការរៀបចំ) ព្រោះពេលដែលធ្វើផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ចអញ្ចឹងរុញផ្លូវតភ្ជាប់ឲ្យកាន់តែច្រើន។

(៣១) អនុសាសន៍ ៥ សំរាប់ខេត្តកែប ប្រែក្លាយជាខេត្តដុំពេជ្រនៃទេសចរណ៍

មួយទៀត ព្រែកជីកហ្វូណនក៏នឹងជួយដល់ទីនេះ។ ព្រែកជីកហ្វូណន ដែលយើងកំពុងបើកការដ្ឋានប្រហែលជា ៣ ខែមុននេះ សង់ហើយ ប្រហែលជិតកែប។ អញ្ចឹង មិនថាអ្នកភ្នំពេញជិះកាណូតមកលេងកែបទេ អ្នកកែបជិះកាណូតទៅលេងភ្នំពេញក៏បាន។ ដង្ហើមសេដ្ឋកិច្ចមកទីនេះបាន។ នេះគឺការកសាង។ យើងមានគោលនយោបាយសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការសំខាន់មួយផ្សេងទៀតដែលខេត្តត្រូវយកចិត្តទុកដាក់ហើយអាចទាញផលបាន។ ថ្នាក់ជាតិជាដៃគូអាចជួយបានមួយកម្រិត ប៉ុន្តែអ្វីដែលសំខាន់ គឺក្នុងខេត្តខ្លួនឯង ត្រូវប្រែក្លាយខេត្តទៅជាខេត្តដុំពេជ្រនៃទេសចរណ៍។ ច្នៃសក្តានុពលដែលយើងមានទាំងភ្នំ ទាំងព្រៃ ទាំងសមុទ្រ ទាំងសក្តានុពលជីវៈចម្រុះរបស់យើងនៅក្នុងផ្ទៃសមុទ្រ ផ្លូវសមុទ្រដើម្បីយើងធានាបាន៖

ទី១ សោភណ្ឌភាពការរៀបចំក្រុង ការរៀបចំស្រុក ការរៀបចំតំបន់ Zoning នគររូបនីយកម្ម និងសំណង់បានល្អជាកត្តាសំខាន់។ ប្រទេសច្រើនណាស់ដែលពី ១០ ទៅ ២០ ឆ្នាំមុន សក្តានុពលធម្មជាតិច្រើន។ ដល់ពេលការតម្រង់ទិសអត់ត្រូវ ២០ ទៅ ៣០ ឆ្នាំក្រោយហាក់ដូចជាធ្លាក់តម្លៃ បាត់តម្លៃវិញ ដោយសារការរៀបចំអត់ត្រូវនៅតំបន់មួយចំនួន។ អញ្ចឹងការរៀបចំតំបន់នេះ យើងបានដាក់គោលដៅពីមុនមកជាទេសចរណ៍ធម្មជាតិ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម សំណង់ ក៏ដូចជាកត្តាការអភិវឌ្ឍផ្សេងៗ។ សូមរៀបចំជា Zoning ឲ្យបានច្បាស់ ដើម្បីកុំឲ្យកែបថ្ងៃក្រោយក្លាយទៅជាខេត្តព្រះសីហនុ ឬក្រុងព្រះសីហនុ ចូលមកកែប សុទ្ធតែផ្ទះធំៗ បាត់ភ្នំអស់ … យើងមិនហាមមិនឲ្យមានអគារ ឬអីៗទេ តែអាចមាននៅតំបន់មួយចំនួន ដូចជាក្នុងក្រុងអីឬមួយយ៉ាងណា តែតំបន់ផ្សេងទៀតត្រូវរក្សាធម្មជាតិ ឬភ្នំ … បើថាអភិវឌ្ឍវិស័យទេសចរណ៍ Eco-Tourism ការអភិវឌ្ឍថែរក្សាព្រៃឈើកម្រិតណា យើងរៀបចំកម្រិតណា រៀបចំ Zoning ឲ្យច្បាស់ ដើម្បីរយៈពេលវែង។ យើងមានផែនការមេរួចហើយ។

ទីពីរ គឺសណ្ដាប់ធ្នាប់ អនាម័យ។ តូចច្រឡឹង តែតូចក៏ចង្អៀត។ អញ្ចឹងការរៀបចំសណ្ដាប់ធ្នាប់នេះ ឲ្យទៅជាតូចច្រឡឹង ឬតូចចង្អៀត គឺអាស្រ័យទៅលើការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ។ បន្ទប់តូច អញ្ចឹងបានជាបន្ទប់ខ្លះនៅផ្ទះទំនើបឥឡូវ គឺបន្ទប់តូចៗណាស់ តែគេជួលអ្នកដេគ័រខាងក្នុង ធ្វើឲ្យចូលទៅ អត់មានអារម្មណ៍ថាធុញថប់។ ផ្ទះតែ ៤ ឬ ៥ម៉ែត្រ ដូចគ្នាទេ គេដេគ័រ បើដេគ័រមិនស្រួល រៀបមិនស្រួល គេចូលទៅ ធុញថប់។ ក្រុងយើងក៏ដូចគ្នា ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សំខាន់ហើយ នៅផ្លូវនេះ គឺរៀបចំទាំងផ្លូវជិះកង់ កន្លែងចតឡានអី កន្លែងអីផ្សេងៗជាដើម។ ការរៀបចំ ខ្ញុំឃើញខេត្តធ្វើបានច្រើន សូមបន្តរៀបចំធ្វើទៀត ដើម្បីធ្វើយ៉ាងណាយើងរំដោះកន្លែងនេះ។ អនាម័យ ការរៀបចំអនុគម្រោងនៅទីនេះ កន្លែងចាក់សំរាម កន្លែងដុតសំរាម។ នៅក្នុងក្រុងក៏ដូចគ្នា ត្រូវរៀបចំយ៉ាងណាដើម្បី​ឲ្យស្អាត គ្រាន់តែចូលមកដល់ត្រឹមព្រំប្រទល់ ដឹងតែខេត្តកែបតែម្ដង។ ចូលមកគឺប្លែក ត្រជាក់ភ្នែក អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ល្អ។

ទីបី សន្តិសុខ សុវត្ថិភាព។ តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មាននរណាចង់មកកែប ល្បីខាងចោរប្លន់ ចោរលួច ឬមួយក៏មកមានបញ្ហានោះទេ។ ការងារនេះត្រូវធ្វើសកម្មភាពគ្រប់គ្រងឲ្យបាន បញ្ហាល្បែងស៊ីសង ក្មេងទំនើង ចោរកម្មផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងស្រុក និងខេត្ត ក៏ដូចជាទេសចរមកពីខាងក្រៅមានអារម្មណ៍ល្អ មានសុវត្ថិភាព មកលេងដោយមិនមែននូវបាតុភាពអីផ្សេងៗ។ ជាពិសេស មើលវត្តមាននៃសង្គមងងឹត ក្រុមជនបរទេសដែលមកជួលផ្ទះ ជួលអី លួចបើកឆបោកអនឡាញហ្នឹង ធ្វើឲ្យបាន គ្រប់គ្រងឲ្យជាប់ មានករណីចន្លោះប្រហោង យើងបានចាត់វិធានការហើយ។ ត្រូវធ្វើម៉េចកុំឲ្យមានក្នុងខេត្តកែប ខេត្តកំពត និងខេត្តអីផ្សេងៗនេះ ត្រូវធ្វើការងារនេះឲ្យជាប់។ មកបន្លំជួលផ្ទះ ជួលអូតែល បើកហ្គេមអនឡាញអី ចាប់ឲ្យអស់។

ខ្ញុំសូមសរសើរការសហការល្អជាមួយនឹងខេត្ត ព្រោះមានអ្នកដែលចង់មកធ្វើ តែយើងចាត់វិធានការទាន់។ អរគុណដល់នគរបាល អាវុធហត្ថ កម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែង ព្រោះបើយើងបាត់អាហ្នឹង បាត់ឈ្មោះថាជាខេត្តសុវត្ថិភាព ខេត្តអនាម័យល្អ កុំថាកែបជាដុំពេជ្រ អត់ទៅរួចទេ គេទៅហួស មកហួសហើយ គេទៅកំពត កំពង់សោម មកធ្វើអី(កែប) បើចូលមកបន្តិចមានបញ្ហា។ អញ្ចឹងដាច់ខាតត្រូវថែរក្សាអានេះឲ្យបាន ហើយត្រូវបន្តជាប្រចាំ។

ខេត្តនេះដូចជាអត់មានកាស៊ីណូទេ ព្រោះមិនមានជាប់ព្រំដែន។ ខ្ញុំក៏បានបញ្ជាក់រួចទៅហើយ កាលពីសម្ពោធ(ផែពហុបំណងនៅកំពត) គឺអត់មានឲ្យ ​license បើកកាស៊ីណូនៅខេត្តកែបទេ។ សុំ license ធ្វើតំបន់សេដ្ឋកិច្ចពិសេស ធ្វើ Eco Tourism អី ខ្ញុំឲ្យ តែបើសុំធ្វើកាស៊ីណូនៅកែប ខ្ញុំមិនឲ្យទេ។ ខ្ញុំបញ្ជាក់ច្បាស់អញ្ចឹងតែម្ដង។ អត់ចាំបាច់ត្រូវការអាហ្នឹងទេ។ ត្រូវវិនិយោគធ្វើផែសម្រាប់កាណូតទំនើបអី អូខេ។ ឲ្យគេចូល Yacht អី។ អញ្ចឹងទប់ឲ្យជាប់លើរឿងនេះ។ ស្នងការខេត្ត ប៉េអឹមខេត្ត ក៏ដូចជាយោធាខេត្ត ដែលគណៈបញ្ជាការ​ឯកភាពហ្នឹង រួមគ្នារឿងសន្តិសុខនេះឲ្យមែនទែន ខេត្តតូចហ្នឹងស្រួលទេ។

ទីបួន គឺផលិតផលទេសចរណ៍សម្បូរបែប។ យើងមានរបស់ហើយ ប៉ុន្តែច្នៃឲ្យបានសម្បូរបែប។ ឧទាហរណ៍ សហគមន៍ស្រែអំបិលអាចបង្កើតជាផលិតផលទេសចរណ៍មួយស្រួល។ កន្លែងនេសាទរបស់យើងក៏ជាផលិត​ផល​ទេសចរណ៍មួយដែរ។ យើងច្នៃ។ ព្រៃកោងកាង ព្រៃលិចទឹករបស់យើង អាចភ្ជាប់បាន។ ច្នៃ Eco Tourism ភ្នំយើង ជាកន្លែងមួយដែលអាចបង្កើតនូវអ្វីដែលអាចទាក់ទាញមនុស្ស។ ច្នៃមើលៗ។ ឧទាហរណ៍ នៅកំពត គេមាន(រូបសំណាក)សេះសមុទ្រអញ្ចឹងទៅ នៅបូកគោ គេមានរូបអីមួយទៅ។ មើលនៅកន្លែងយើង តើមានអីឱ្យ កែបល្បីមួយប្រទេស មនុស្សនាំគ្នាមកទៅមើល។ យើងមានក្ដាមហើយ តែក្ដាមដូចជាមិនទាន់ល្បី។ គេមករកដែរតែរកផ្សារក្ដាម។ អញ្ចឹងផ្សារក្ដាមក៏ជាផលិតផលទេសចរណ៍មួយដែរ។ យើងរកមើលអីទៀតទៅមើល។ ភ្នំវល្លិ៍អីអាចរៀបចំជាអីធំមួយ អាចគិតមើលដើម្បីទាញមនុស្ស ព្រោះផលិតផលមួយមនុស្សរាប់សែនរាប់លាននាក់មកមើល។ នៅអង់គ្លេស Stonehenge ថ្មដែលសល់តាំងពីប៉ុន្មានសតវត្សរ៍ ក្នុង១ឆ្នាំមានមនុស្ស១០លាននាក់ទៅមើល ជិះរាប់ម៉ោងដើម្បីទៅមើល។

រៀបចំឆ្នេរអង្កោលជាឆ្នេរសាធារណៈធម្មជាតិ

បង្កើតផលិតផលផ្សេង អាចគិតគូរមើល ហើយរៀបចំឆ្នេរសមុទ្រ ឆ្នេរអង្កោល ឆ្នេរសាធារណៈ យើងខ្វះឆ្នេរធម្មជាតិដែលអាចមុជទឹកបាន ឥឡូវយើងបង្កើតឆ្នេរធម្មជាតិដោយខ្លួនឯង។ ថ្ងៃមុន ឆ្នេរនៅជិតកន្លែងខ្ញុំទៅសម្ពោធថ្ងៃមុន ធ្វើម៉េចរុញឲ្យចេញ ដើម្បីរៀបចំជាឆ្នេរសាធារណៈនៅទីនោះ។ ឆ្នេរអង្កោលនេះ អាចពិនិត្យមើលរូបភាពអី(បន្ថែម) ឬមួយក៏ទេសភាពមួយចំនួន។ ឥឡូវមានព្រៃកោងកាងអីអាចភ្ជាប់ជាមួយ។ កុំកាប់វា ព្រៃកោងកាងនេះ តិចថា(បាំង)អត់ឃើញសមុទ្រ កុំ(កាប់)អាហ្នឹងជាភាពទាក់ទាញមួយ។ បើគេចង់ឃើញសមុទ្រ គេជិះទៅបន្តិចផុតហើយ។​ គេចង់ឃើញព្រៃខាងនេះ អភិវឌ្ឍខាងនេះភ្ជាប់ជាមួយធនធានអ្វីដែលយើងមាន។ នេះគឺជាផលិតផលដែលត្រូវថែឲ្យបាន។

បង្កើតក្រុមខេត្តមានសក្ដានុពលជាប់គ្នា ដើម្បីសហការបង្កើតផលិត​ផលបន្ថែមចែកគ្នា

ថ្ងៃមុន ខ្ញុំបានឲ្យគោលការណ៍ដើម្បីបង្កើតក្រុមខេត្តដែលមានសក្ដានុពលជាប់គ្នា ដើម្បីសហការគ្នាបង្កើតផលិត​ផលបន្ថែមចែកគ្នា។ នៅក្រុមខេត្តនោះ ខ្ញុំឲ្យបង្កើត ៣ ក្រុមខេត្ត។ ក្រុមខេត្តជាប់សមុទ្រមានខេត្តកំពត កែប កំពង់សោម និងកោះកុង។ ក្រុមខេត្តនៅខាងជើងមានសៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ។ ក្រុមខេត្តទិសឦសានមាន ៤ ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។ គោលដៅនៃការឲ្យបង្កើតក្រុមខេត្តនេះ គឺទាញផលផ្គុំគ្នាជាសហថាមពល បង្កើតកម្មវិធីឲ្យច្រើន ផលិតផលទេសចរណ៍ត្រូវការមានកម្មវិធីឲ្យច្រើន ហើយទេសចរមិនសំដៅតែទេសចរក្រៅប្រទេសទេ ទេសចរក្នុងប្រទេសផង។ ទេសចរក្នុងប្រទេសច្រើនណាស់។ ដូចនៅសៀមរាប ពេល low season បានក្នុងប្រទេសទេដែលទៅជួយបំពេញ។

អញ្ចឹងបង្កើតកម្មវិធីឲ្យច្រើន ហើយកុំចាំតែថ្នាក់កណ្ដាលចុះមកធ្វើ។ ១ឆ្នាំយើងធ្វើបានតែម្ដងទេ បុណ្យសមុទ្រ ហើយ៤ឆ្នាំបានវិលជុំម្ដង ព្រោះ៤ខេត្ត។ អញ្ចឹង ខ្ញុំឲ្យក្រសួងទេសចរណ៍ ខេត្តរបស់យើងនេះប្រជុំគ្នាទៅមើល ខេត្តមួយៗ ដូរវេនគ្នាធ្វើអី ហើយមន្ទីរទេសចរណ៍ ជាមួយវិស័យឯកជន វិស័យទេសចរណ៍យើង ថ្ពក់មក។ ឥឡូវ ៤ខេត្តនេះ យើងមានព្រះសីហនុជាខេត្តគោល ហោះយន្តហោះមកហ្នឹង តែចូលមកកុំឲ្យចូលទៅតែខេត្តព្រះសីហនុ ចែកគ្នាមកកែប មកអីផង ដាក់ទេសចរតាមកាណូត តាមសាឡាងអីមក វិលល្ងាចទៅៗ បង្កើតតំបន់។ ខេត្តសៀមរាប គឺសៀមរាបជាអ្នកទាញ តែធ្វើម៉េចទាញមកដើម្បីចែកទៅខេត្តជុំវិញនោះផង។

អញ្ចឹងបង្កើតកញ្ចប់ទេសចរណ៍ និងកម្មវិធី តែរួមគ្នាធ្វើ។ កម្មវិធីអាហារ ភូមិវប្បធម៌ បើថានៅកែបតូចពេក នៅកំពតមាន។ អញ្ចឹងគេ(អាច)មកលេងនោះមួយថ្ងៃ។ ចែកគ្នាធ្វើ។ ខ្ញុំគិតថា បើចាំរាជរដ្ឋាភិបាលឬក្រសួងទេស​ចរណ៍​រៀបចំ មិនងាយបានច្រើនទេ។ ឆ្នាំទៅ(បុណ្យសមុទ្រ)មកកែប ឆ្នាំនេះនៅកំពត ឆ្នាំក្រោយមិនដឹងថាព្រះសីហនុ ឬកោះកុង។ ៤ឆ្នាំក្រោយទើបវិលមកដល់កែបម្ដងទៀត។ អញ្ចឹងនៅចន្លោះហ្នឹង យើងបង្កើតព្រឹត្តិការណ៍ បង្កើតអីច្រើនជាងហ្នឹង កម្មវិធីប្រកួតកីឡាទឹកអីជាដើម ខេត្តរួមគ្នាធ្វើ។

ខេត្តតែមួយអត់ធនធាន ៤ខេត្តបូកវិស័យឯកជនក្នុងខេត្តយគ្នាធ្វើបាន ដាក់វេនគ្នាធ្វើទៅ។ នេះគឺជាការផលិតនូវផលិតផលទេសចរណ៍។ ទេសចរមកទាល់តែមានផលិតផលទេសចរណ៍។ សួរបងប្អូនទៅលេងឯណា? ទៅនោះ។ ទៅមើលអី? មើល/លេងអានេះ/អានោះ។ បើទៅមិនដឹងផង ទៅមើលតែដើមឈើ(ដដែលៗ) ខ្ញុំមើល ៣ដងហើយ ខ្ញុំលែងមើលហើយ។

ចំណុចទីប្រាំ គឺសេវាកម្ម។ សេវាកម្មគឺជាកត្តាគន្លឹះមួយសំខាន់។ យើងទាញផលិតផលហើយ ផលិតផលមួយៗត្រូវមានការផ្ដល់សេវាកម្មល្អ។ ដូចឯកឧត្ដម សាយ សំអាល់ ចំណាំនិយាយ។ សេវាកម្មគាប់ចិត្ត។ រឿងនេះចន្លោះប្រហោងតែមួយ ធ្វើឲ្យលុប។ គេថា «គុណមួយរយសំពៅ ទោសមួយចូលទៅ រលាយបាត់អស់»។ ខេត្តមានសក្ដានុពលធំណាស់ គ្រាន់តែរឿងបាយឆាមួយចាន អាចលុបកែបបាន។ សេវាល្អណាស់ គ្រប់កន្លែងទាំងអស់ល្អ រឿងតែបាយឆាមួយតាមហ្វេសប៊ុក អាចឲ្យគេមើលឃើញតែបាយឆាតំណាងឲ្យកែប។ អ្វីដែលខ្ញុំចង់និយាយ កុំមើលរំលងរឿងតូចៗ។ អាតូចនេះហើយដែលធ្វើឲ្យអាធំស្ទះ។ រឿងសេវា តែបាយឆាមួយចាន អាចធ្វើឲ្យកែបពេលបុណ្យទានកន្លងទៅ គេទៅកន្លែងផ្សេង មិនមកកែប ដោយសារម្នាក់ៗគិតថា ទៅនោះគេនឹងលក់ថ្លៃ។ ប៉ុន្តែ មិនមែនទេ វាអាចរឿងយល់ច្រឡំគ្នាកម្រិតណាមួយ។ ត្រូវចាត់ការ។ ខេត្តត្រូវគិតគូរដោះស្រាយ។ ដាក់វិធានការ ប្រតិកម្មរហ័សភ្លាម។ រឿងបែបនេះត្រូវបំភ្លឺភ្លាម ព្រោះតែទុកយូរនាំឲ្យគេកាន់តែជឿ។ ហ្នឹងរឿងមែនទែន មិនមែន​លេងសើចទេ។ ខ្ញុំនិយាយទៅ បងប្អូនសើច ប្រហែលជាបងប្អូនបានដឹងរឿងដែរ តែរឿងនេះវាអាចកើតពីការយល់ច្រឡំ អាចកើតមានពិត អាចកើតពីមនុស្សមួយចំនួនតូចដែលធ្វើ តែវាធ្វើឲ្យជះឥទ្ធិពលយល់ច្រឡំ។

អញ្ចឹង ការធានាសេវាកម្មល្អ គឺមិនមែនត្រឹមតែដាក់នូវសេវា ឬផលិតផលទេ តែធំបំផុតគឺការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាផ្សេងៗ។ គេទិញឡាន ក្រុមហ៊ុនល្អមិនល្អ ជួនកាលគេទិញថ្លៃបន្តិច តែដល់ពេលមានរឿង ក្រុមហ៊ុនហ្នឹងជួយជួសជុលឲ្យ។ បើក្រុមហ៊ុនមួយទៀត ទិញបានថោកមែន តែទិញផុតហើយ ទៅដល់គេអត់ជួយជួសជុល ទុកឲ្យខូច រាងចាល។ លែងទិញ។ ហ្នឹងគឺសេវាកម្ម។ ត្រូវតាមដាន និងត្រួតពិនិត្យ។ ខេត្តទេសចរណ៍ ត្រូវតែដាក់ក្រុមប្រតិកម្មរហ័សដោះស្រាយរឿងកង្វល់របស់អ្នកទេសចរ ដោះស្រាយរឿងវិស័យនេះ។ ការផ្ដល់សេវាកម្ម មិនមែនលក់តែផលិតផលទេ។ បើមានរឿងអីចន្លោះប្រហោង ត្រូវ marketing ហើយត្រូវដោះស្រាយឲ្យលឿន កុំចាំទាល់តែរឿងហ្នឹងវាចប់ហើយ កើត៤​-៥ថ្ងៃហើយ បានយើងទៅដោះស្រាយបញ្ហា(ហួសពេល)។ កើតភ្លាម ពន្លត់វាភ្លាម ពន្យល់ភ្លាម ដាក់ចេញដើម្បីជួយគ្នា។ នេះគឺជាការធានានូវសេវាកម្មដែលជាខេត្តទេសចរ ហើយកុំឲ្យរឿងបាយឆាមួយចានកើតឡើងទៀតនៅខេត្តកែប។ រឿងពិតឬមិនពិត ខ្ញុំមិនដឹងទេ តែរឿងនេះបានធ្វើឲ្យខូចរូបភាពមួយផ្នែកទៅដល់ខេត្តកែបដែលជាខេត្តទេសចរណ៍ រួចទៅហើយ។ អញ្ចឹងរួមគ្នា ដើម្បីថែទាំ បងប្អូនទាំងអស់ច្រើនណាស់នៅទីនេះ។ អាជីវករច្រើនណាស់ដែលខិតខំប្រឹងប្រែងលក់  … នេះជារឿងដែលត្រូវ(ចាត់វិធានការ) ជាពិសេសដោះស្រាយឱ្យបានឆាប់។

(៣២) គណៈអភិបាលខេត្ត, អាជ្ញាធរ សមត្ថកិច្ច មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាតួអង្គពិតប្រាកដជួយខេត្តកែប

អ្នកណាជាអ្នកធ្វើកិច្ចការទាំងអស់នេះ? (គឺ)រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍជួយ ប៉ុន្តែធ្វើពិតប្រាកដ គឺអ្នកកែបខ្លួនឯង ហើយ(មាន)តួអង្គ ៣សំខាន់៖ តួអង្គទី១ គឺគណៈអភិបាលខេត្ត ជាពិសេសអភិបាលខេត្តតែម្ដង ដែលជាមេខេត្ត ត្រូវមានចក្ខុវិស័យ គោលការណ៍ច្បាស់លាស់ ហើយតាមដានអនុវត្តច្បាស់លាស់ នេះគឺជាការចាំបាច់។ ចៅ​ហ្វាយ​ខេត្តជាអ្នកទទួលខុសត្រូវ មានសិទ្ធិអំណាចជាងគេ (ក៏)ទទួលខុសត្រូវជាងគេ ត្រូវមានចក្ខុវិស័យ។ ខេត្តយើងជាខេត្តទេសចរ សក្ដានុពលអ្វីខ្លះ យើងមានសិប្បកម្ម យើងមាននេសាទ ប្រែក្លាយយ៉ាងម៉េច ដឹកនាំយ៉ាងម៉េច ដាក់ទិសដៅដឹកនាំ។ អភិបាលខេត្ត គណៈអភិបាលខេត្ត គឺជាតួអង្គដែលដឹកនាំធំបំផុត ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតត្រូវមានចក្ខុវិស័យ មានយន្តការតាមដាន និងការទទួលខុសត្រូវ ក្នុងការដឹកនាំឱ្យបានឆាប់រហ័ស​។

ទី២ គឺអាជ្ញាធរ សមត្ថកិច្ច មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលជាអ្នកអនុវត្តនូវគោលនយោបាយ គោលការណ៍ដែលគណៈអភិបាលរាជធានីខេត្ត ដែលជាអ្នកអនុវត្តដោយស្មោះត្រង់នៅក្នុងកិច្ចការនេះ។ កិច្ចការ គោលនយោបាយល្អឥតខ្ចោះម៉េចក៏ដោយ បើសិនមិនមានប្រតិបត្តិករដែលស្មោះត្រង់ ដែលមានប្រសិទ្ធភាព មិនអាចជោគជ័យនោះទេ។ កន្លងទៅ យើងមាន រហូតទៅដល់ចាត់វិធានការទៅដល់អភិបាលក្រុង ព្រោះឮសូរ រហូតទៅដល់យកលុយពីអ្នកលក់តូចតាច កញ្ច្រែង ល្អី។ ទៅជួយប្រជាពលរដ្ឋ​ កុំទៅជួយធ្វើបាបប្រជាពលរដ្ឋ គឺទាញផលចំណេញពីប្រជាពលរដ្ឋដែលខុសច្បាប់។

សូមអនុវត្តគោលការណ៍ឱ្យបានស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត ដើម្បីបម្រើយើងទាំងអស់។ រួមទាំងមន្រ្តីរាជការផ្ទាល់ផង ដែលខេត្តជាខេត្តល្អ ល្បីទូទាំងពិភពលោក។ អ្នកនៅកែបហ្នឹង ជាពិសេសមន្រ្តីរាជការ អភិបាលខេត្តហ្នឹងហើយ គឺជាអ្នកដែល​រីកមុខធំជាងគេបំផុត ជាមោទនភាពរបស់យើង ព្រោះយើងបានចូលរួមដឹកនាំ និងទទួលខុសត្រូវផ្ទាល់តែម្ដង …។

តួអង្គទី៣ គឺប្រជាពលរដ្ឋ  រួមទាំងវិស័យឯកជនក្នុងខេត្ត គឺត្រូវរួមគ្នា ដើម្បីជួយធ្វើ។ ដូចរឿងបាយឆាមួយចាន ខ្ញុំមិនដឹងរឿងពិត មិនពិត ប៉ុន្តែមានអី(កើតឡើង) ត្រូវសហការ ឯកភាពគ្នា ដើម្បីឱ្យសេវារបស់យើងល្អគាប់ចិត្ត ឯកភាពគ្នា ដើម្បីចែកគ្នារស់។ នេះគឺជាអ្វីដែលជាគោលការណ៍ជារួម។ អ្វីដែលសំខាន់ គឺខេត្តកែបយើងក្លាយទៅជាខេត្តកែបសម្រាប់ប្រជាពលរដ្ឋអ្នកកែបទាំងអស់គ្នា និងជាគ្រាប់ពេជ្រសម្រាប់ប្រជាជនខ្មែរ និងបរទេស ដែលជាភ្ញៀវមកលេងខេត្តកែប គឺផលសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាតែម្ដង។ អញ្ចឹងហើយ ដែលត្រូវការប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តជាមួយនឹងមន្រ្តីរាជការ។

ឯកឧត្តម គួច ចំរើន កាលនៅខេត្តព្រះសីហនុ មួយថ្ងៃៗ ឃើញតែស្រែកតាមអនឡាញពីរឿងគេកាត់ខ្សែភ្លើង។ ដើម្បីស្អាត ត្រូវការភ្លើងបំភ្លឺ ដល់ដាក់ភ្លើងទៅ វាមានបងប្អូនមួយចំនួន គាត់ខ្វះលុយធ្វើអី ផឹក ឬមួយអី កាត់ខ្សែភ្លើងរហូត។ កាត់ហ្នឹង សួរថា ខាតអ្នកណា? ខាតខេត្តព្រះសីហនុ ខេត្តរបស់ប្រជាជននៅខេត្តព្រះសីហនុហ្នឹងឯង មិនអស់តែលុយខ្សែភ្លើង គឺភាពលំបាកនៃទេសចរទៅ។ ខេត្តកែបដូចគ្នា បើធ្វើល្អ ប្រជាពលរដ្ឋយើងល្អ ប្រជាពលរដ្ឋដែល(ផ្ដល់)សេវា ទាំងវិស័យឯកជន រួមគ្នាធ្វើ។

អ្នកដែលទទួលខុសត្រូវខាងអនាម័យ ត្រូវយកចិត្តទុកដាក់ ហើយខិតខំធ្វើឱ្យស្អាត។ អ្នកដែលម៉ៅការផ្សេងធ្វើឱ្យល្អ រួមគ្នា។ បងប្អូនដែលជាអាជីករលក់ដូរ រួមគ្នា ឯកភាពគ្នាធ្វើ ដើម្បីរួមគ្នាថា ឱ្យមានសណ្ដាប់ធ្នាប់ អនាម័យ​ល្អ ដើម្បីកុំឱ្យមានបញ្ហា(ដោយសារ)បាយឆាមួយចាន ទៅជាខេត្តដែលពេលបុណ្យទាន ឧទាហរណ៍ បុណ្យអុំទូកនេះ ឬមួយបុណ្យអីខាងមុខ ពេលចូលឆ្នាំខាងមុខ ក្លាយទៅជាខេត្តមួយដែលថា គេមកហើយ គេចង់មកទៀត។ អត់ដូចរឿងដែលពីប៉ុន្មានខែមុខ … តាមពិតនៅទីនេះ សេវាល្អ។ រឿងមុនប្រហែលជាការយល់ច្រឡំ។ ទោះជាយ៉ាងណា អតីតកាលជាអតីតកាល និងទៅអនាគត ជាពិសេសបច្ចុប្បន្ន ខេត្តកែប បានបង្ហាញខ្លួនថា ជាខេត្តដែលផ្ដល់សេវាដែលជាទីគាប់ចិត្តសម្រាប់យើង។ យើងនឹងនាំគ្នាទៅលេងទៀត ហ្នឹងដែលយើងចង់បាន។ គ្មានអ្វីក្រៅពីប្រជាពលរដ្ឋត្រូវគ្នាជាមួយនឹងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់អភិបាល គណៈអភិបាល ដើម្បីយើងរួមគ្នាកសាងខេត្តកែប និងពង្រឹងសក្ដានុពលខេត្តកែប ដើម្បីជាខេត្តទេសចរណ៍សម្រាប់បានផលដល់បងប្អូនទាំងអស់គ្នា។ អត់មានអ្នកណាធ្វើឱ្យទេ សេវាកម្មអត់អាចអ្នកណាទៅបង្ខំ អញ្ចឹងរួមគ្នានៅទីនេះ។

អញ្ចឹងការកសាងខេត្តរបស់យើង អភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយក្នុងអាណត្តិថ្មីនេះ យើងបានបន្តជំរុញការកសាងបន្ថែម។​ ខ្ញុំក៏បានមកចូលរួម ហើយឃើញសមិទ្ធផលផ្សេងៗ។ ថ្ងៃនេះ ក៏ចូលរួមសមិទ្ធផលផ្លូវជាង ១២គីឡូនេះ ដែលសមិទ្ធផលមួយបន្ថែម មិនទាន់ចប់ទេ នៅមានបន្តទៀតសម្រាប់អ្នកកែបនៅទីនេះ។ ថ្ងៃនេះ ក៏បានជួបបងប្អូនចង់ពាក់កណ្ដាលកែប ដែលមកចូលនៅថ្ងៃនេះ អរគុណណាស់ ដើម្បីអបអរសាទរទាំងអស់គ្នា នូវសមិទ្ធផលសម្រាប់យើងទាំងអស់គ្នា ហើយសូមជូនពរ។ អរគុណណាស់ចំពោះតំណាងរបស់ ADB សាជាថ្មី ដែលបានចូលរួម។ ហើយ ADB ដែលបានចូលរួមក្នុងការកសាងនូវសមិទ្ធផលនៅខេត្តកែប ក៏ដូចជានៅទូទាំងប្រទេសនូវច្រើនវិស័យទាំងអស់។ ហើយសូមបន្តការចូលរួមអភិវឌ្ឍនៅទីនេះ។

[ចប់សេចក្ដីអធិប្បាយ៤]

ទន្ទឹមនឹងការទទួលបានសមិទ្ធផលថ្មី, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាស​នេះផ្តាំផ្ញើ និង ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-​ស្ថាប័ន​អាជ្ញាធរ និង ប្រជាពលរដ្ឋ ដើម្បីជាឧត្តម ប្រយោជន៍ដល់ប្រជាជនខេត្តកែប​ ដូចតទៅ៖

ទី១. សូម ក្រសួងទេសចរណ៍ ក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តកែប បន្តសហការ​ដើម្បីបង្កើន និង បង្កើតផលិតផលសម្គាល់ភូមិសាស្រ្ត​របស់ខេត្តកែប ដែល​មានគុណភាព ដើម្បី​លើក​កម្ពស់ផលិតផលរបស់​ខេត្ត ក៏ដូចជាបង្កើន​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៃខេត្តកែប។ ទន្ទឹមនេះ, ក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តកែប ត្រូវ​បង្កើនការចូលរួមជួយដល់ ផលិតករអំបិលទាំងអស់ ដើម្បីជំរុញផលិតកម្មអំបិលឱ្យបានកាន់​តែច្រើន ប្រកបដោយគុណភាពសម្រាប់​​បំពេញ​​តម្រូវការទីផ្សារ តាមរយៈការខិតខំបង្កើនសមត្ថភាព បច្ចេកទេសថ្មីៗ ផលិតអំបិលមានគុណភាពស្តង់ដារ ដើម្បីជំរុញទីផ្សារក្នុងស្រុកឱ្យបានច្រើន និង ការនាំចេញទៅបរទេស រីឯ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មនានាក្នុងស្រុក សូម​ចូលរួមប្រើប្រាស់អំបិលផលិតក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែល្អប្រសើរ។

ទី២. ខ្ញុំសូមណែនាំដល់ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និង អភិវឌ្ឍផ្លូវស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព, ទាំង គុណភាព និង ប្រសិទ្ធផល ។ ទន្ទឹមនេះ សូម ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ខិតខំ​ប្រឹងប្រែង និង ចូលរួមអនុវត្តឱ្យ​មានប្រសិទ្ធភាពខ្ពស់នូវ «​ផែនការមេអភិវឌ្ឍន៍ទេសចរណ៍​ខេត្តកែបឆ្នាំ២០២៣-២០៣៥»

ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកែប ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការសម្រេចបាននូវសមិទ្ធផលខ្សែផ្លូវដ៏ស្រស់ស្អាតនេះ និង ការរៀបចំពិធីសម្ពោធនេះឡើង ។ ជាមួយគ្នានេះ, ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍​អាស៊ី ដែលបានរួមចំណែកផ្ដល់ការគាំទ្រសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ហើយក៏សូមស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី បន្តផ្ដល់កិច្ចសហប្រតិបត្តិការ និង​ ការគាំទ្របន្ថែមទៀត ដើម្បីបន្តរួមចំណែកដល់ការជំរុញសម្ទុះការអភិវឌ្ឍលើវិស័យអាទិភាពទាំងឡាយ សំដៅលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

មុននឹងបញ្ចប់, ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ, អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលធ្វើឱ្យខូចផ្លូវ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និង បង្កការខូចខាតដល់ផ្លូវ។

ជាទីបញ្ចប់, ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ, អ្នកឧញ៉ា ឧកញ៉ា, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, លោកយាយ លោកតា, អ៊ំពូមីង, លោកគ្រូ អ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋទាំងអស់, ជាពិសេស ជូនដល់ថ្នាក់ដឹកនាំ សហការី និង អ្នកជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា, សូមទទួលបានជោគជ័យ និង វិបុលសុខគ្រប់ប្រការ ព្រមទាំងសូមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។ ខ្ញុំសូមប្រកាសសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការនូវ  វិថីតេជោសន្តិភាពឆ្នេរអង្កោល ចាប់ពីពេលនេះតទៅ !  សូមអរគុណ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

ថ្ងៃនេះផងដែរ មានរៀបចំជូនក្រុមយុវជនកាយរិទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សមាគមសិស្សនិស្សិតក្មេងវត្ត សមាគមនារី សមាគមនិស្សិត អ.វ.ត និងសមាគមរាជសី សរុប ២៩០ នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូក្រុងកែប ចំនួន ៣៦៥នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ ជូនក្មួយសិស្សានុសិស្ស ចំនួន ៣៩៨នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិចមួយដើម និងថវិកា ១ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុនសែន ចំការដូង ថវិកា ២លានរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង់ មណ្ឌលសុខភាពព្រៃធំ សាលាក្រុងកែប មួយអង្គភាពថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំក្នុងកម្មវិធី ៣លានរៀល។ និងក្រុមតន្រ្តីសម័យថវិកា ៥លានរៀល​ផងដែរ។ សូមអរគុណ៕

អត្ថបទទាក់ទង