Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 522
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

CMF:

អរគុណសន្តិភាព! កីឡារស់នៅក្នុងសន្តិភាព!

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអធិបតី ជាពិសេស បងប្អូនកីឡាករ/ការិនី អត្តពលិកជាតិ អង្គពិធីទាំងមូល និងបងប្អូនយុវជន ក្មួយៗទាំងអស់ដែលចូលរួមកម្មវិធីថ្ងៃនេះ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមក្នុង «ពិធីបើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២» នាពេលនេះ។

[ផ្ដើមសេចក្ដីអធិប្បាយ]

ថ្ងៃនេះ សូម្បីតែទេវតាក៏អបអរសាទរជាមួយយើងដែរ។​ ត្រជាក់ត្រជុំ ជោគជាំ។ អរគុណចំពោះការរៀបចំដែលយើងបានធ្វើថ្ងៃនេះ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារបស់យើង។ កម្ពុជារួមគ្នាក្នុងសម័យសន្តិភាព។ នេះជាលើកទីពីរហើយដែលខ្ញុំបានចូលរួមនៅក្នុងកម្មវិធីរៀបចំឡើងផ្ទាល់ ដែលមានទ្រង់ទ្រាយធំក្រោយពីកីឡាស៊ីហ្គេមលើកទី៣២។ សូមអរគុណទៅដល់បងប្អូនសិល្បករ/ការិនី ដែលបានចូលរួមក្នុងកម្មវិធីសម្ដែងបើកថ្ងៃនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ]

ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ នៅក្នុងការលើកកម្ពស់វិស័យកីឡាជាតិ នាពេលបច្ចុប្បន្ននេះ ឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ទិសទី ព្រមទាំងបានបង្ហាញនូវមោទនភាពជាតិយើងលើឆាកជាតិ និងអន្តរជាតិទៀតផងដែរ។

ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តការកែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស ការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ។

ការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការ​ត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេម-លើកទី៦ នៅឆ្នាំ២០២៩ខាងមុខ។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់​សង្គម​​ដូចជា ​នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ​ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់​កម្ពុជា​យើង​មួយជំហានទៀត ​ក្នុងការបង្ហាញ​ឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំង​សេដ្ឋកិច្ច​កម្ពុជា។ ជាការពិត វិស័យកីឡា បានចូលរួមយ៉ាង​សំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងតំបន់ និងអន្តរជាតិ។​ […]​

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង​កីឡា តាមរយៈការបន្តការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែ​ទម្រង់​ការប្រកួតកីឡា ជាដើម។

សមិទ្ធផលជាក់ស្តែងនៅឆ្នាំ២០២៣ កន្លងទៅ ខណៈដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់​ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបានមេដាយពីការប្រកួតសរុប​ ២៨២ គ្រឿង ដោយឈរលេខរៀងទី៤ ក្នុងចំនួន១១ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានមេដាយសរុប ៧៣គ្រឿង ដោយឈរលេខរៀងទី៨ ក្នុងចំនួន១១ប្រទេស​ក្នុងតំបន់អាស៊ាន។ […]

កាលពីពេលថ្មីៗនេះ ការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” ក៏បានរៀបចំឡើង ក្នុងគោលបំណងបន្តគាស់រំលេចនូវក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ទីកន្លែង សម្រាប់ផ្ដល់នូវឱកាសបន្ថែមទៀតដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ឲ្យកាន់តែច្បាស់ពីប្រវត្តិនៃក្បាច់គុនបុព្វបុរសខ្លួន។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើតគណៈ​កម្មការស្រាវជ្រាវ​គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដើម្បីគាស់រំលេចដួងព្រលឹងក្បាច់គុន​បុរាណខ្មែរឱ្យងើប​ឡើងវិញ និងចងក្រងទុកជាឯកសារសម្រាប់មនុស្ស​ជំនាន់ក្រោយបានស្វែងយល់។ […]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩។ ការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និង​គ្រប់គ្រាន់​ សម្រាប់​រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះ ឱ្យបានល្អ និងរលូនប្រកបដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា​យុវជនអាស៊ី ឆ្នាំ២០២៩ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ​ ដើម្បី​ទទួលបានបទ​ពិសោធល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជាយើង។ […]

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ ទាំងការរៀបចំកម្មវិធីរត់ភ្លើងគប់អបអរសារទរការជីកព្រែក ហ្វូណនតេជោ ស្របតាមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” និងការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នេះ បានយ៉ាងអធិកអធម។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗទាំងអស់ សូមប្រកបនូវពុទ្ធពរទាំ​ង​​៤ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង