Grand News Asia Close

ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 213
ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា

នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។ លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីន​របស់​ចិន​ បាន​ធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លេីកមកហេីយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដេីម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូបការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស ៕

អត្ថបទទាក់ទង