Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 341

 


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

សូមស្វាគមន៍ ហើយអរគុណ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកផ្សេងៗ មានពីស្រុកកែវសីមា សែនមនោរម្យ អូរាំង ចំពោះការចូលរួមអបអរសា​ទរនៅថ្ងៃនេះ។ សូម្បីតែទេវតាក៏សប្បាយចិត្តជាមួយយើងដែរ។ ឮសូរប៉ុន្មានថ្ងៃមុន មានភ្លៀង (តែថ្ងៃនេះបើកថ្ងៃ ) អបអរសាទរសមិទ្ធផលថ្មីទាំងបីរបស់ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋយើង។

[ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់​សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តដោយក្រសួងធនធានទឹក និង ឧតុនិយម ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ប្រពៃទាំងនេះ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋយើងក្នុងខេត្តមណ្ឌលគិរី និង ដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។

ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាថ្នាក់ ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និង ឧតុនិយមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ ជាពិសេស ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានទឹក និងឧតុនិយមយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព។

ខេត្តមណ្ឌលគិរីជាខេត្តមួយដ៏មានសក្តានុពល ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលសម្បូរណ៍ទៅដោ​យតំបន់ទេសចរណ៍ធម្មជាតិដូចជា ទឹកជ្រោះ ព្រៃឈើ សត្វព្រៃ និង ភ្នំតូចធំជាច្រើន។

កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមហែកហួរ និង ធ្លាប់ជាវាលពិឃាតក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជាតំបន់អសន្តិសុខ និង ជាចម្ការមីន ដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះប្រទេសយើងបានប្រែមុខមាត់ថ្មី មានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយសប្បាយរីករាយ និង អាចធ្វើដំណើរបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យព្រួយបារម្ភឡើយ។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និង ឯកភាពជាតិ តាមរយៈ នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រ ចតុកោណទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ, ទាំងវិស័យនយោបាយ សង្គម-សេដ្ឋកិច្ច និង វប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនភាព, ទាំងនៅក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ធ្វើអោយសន្តិភាពស្ថិតស្ថេរ សមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ និងកាត់បន្ថយភាពក្រីក្រ

ដូចខ្ញុំបានលើក(មកហើយ) ខេត្តមណ្ឌលគិរីមានធនធានធម្មជាតិប្រកបដោយសក្ដានុពលច្រើន ប៉ុន្តែមិនអាចធ្វើអីបានទេ បើគ្មានលទ្ធភាព(ទាញមកប្រើប្រាស់)។ បានន័យថាគ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។ កត្តាអំ​ណោយផលនោះស្អីខ្លះ? ក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម ប្រទេសយើងបានរួចផុតពីការបែកបាក់ទឹកដីក្នុងរយៈពេល ៥០០ឆ្នាំ មាបឯកភាពជាតិពេញលេញនៅឆ្នាំ ១៩៩៨ ដែលជាឱកាសសម្រាប់យុទ្ធសាស្ត្រអភិ​វឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលយើងអាចធ្វើទៅបាន​​ គឺត្រូវធានានូវសុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។

ក្រោយពីការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនៅពេលនោះ ត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការ៣ធំ។ ទីមួយ៖ គឺការពង្រឹងភាពទុកចិត្តដើម្បីឱ្យសន្តិភាពរបស់យើងបានឋិតថេរ។ កុំឱ្យចូលមកបាន១ ឆ្នាំឬ២ ឆ្នាំ​​ មានការបែកបាក់ងាកចេញទៅវាយគ្នាតទៅទៀតតាមតំបន់នានា។ ទី២៖ គឺសមាហរណកម្មខ្លួនយើងទៅលើឆាកអន្តរជាតិ និងទី៣ គឺការដាក់ចេញគោលនយោបាយអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ ដែលហៅថាយុទ្ធសាស្ត្រត្រីកោណនៅឆ្នាំ១៩៩៨ ដែលដាក់ចេញ៥ ឆ្នាំ។ ចំណុចទី៣ នេះគឺជាចំណុចសំខាន់។

(២) ចេញពីសង្គ្រាម ទោះបីមានធនធានធម្មជាតិខេត្តភាគឦសានមានប្រជាជនតិច និងខ្វះហេដ្ឋារចនាសម្ព័ន្ធ

ការថែរក្សាសុខសន្តិភាព គឺជាគន្លឹះនិងការទុកចិត្តគ្នា កុំឱ្យយើងបែកបាក់ទៅវិញ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍។ អភិវឌ្ឍកន្លែងណា? មិនមែនអភិវឌ្ឍតែនៅភ្នំពេញ​ និងខេត្តព្រះសីហនុដែលមានសក្ដានុពលស្រាប់(នោះទេ) គឺអភិវឌ្ឍទូទាំងប្រទេស រួមទាំងភាគឦសានរបស់យើងដែលកន្លងទៅមានភាពដាច់(ដោយដុំៗ) បើប្រៀបធៀបជាមួយនឹងខេត្តផ្សេងៗ តំបន់ផ្សេងៗនៅទូទាំងប្រទេស។ យើងនៅមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។ យើងមានធនធានធម្មជាតិ ប៉ុន្តែនៅពេលដែលចេញពីសង្គ្រាម ខេត្ត​ភូមិភាគឦសានមានកត្តាកំណត់ច្រើន៖ ទីមួយ ប្រជាជនតិច។ ឥឡូវមានប្រជាជនច្រើនជាងពីឆ្នាំ១៩៩៨។ ទីពីរ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅលំបាក។ ម្សិលមិញមើលតាមហ្វេស​ប៊ុក ខ្ញុំឃើញអ៊ំស្រីម្នាក់ថាឆ្នាំ១៩៩០ គាត់ធ្លាប់មកមណ្ឌលគិរីដែរ ប៉ុន្តែពេលនោះត្រូវដេកផ្លូវ ជួនកាលពីរថ្ងៃអីបានដល់។ មិនអាចមកហើយ (ទៅវិញ)វិលល្ងាចដូចឥឡូវទេ។ ឥឡូវចេញពីព្រលឹមមកដល់ ចប់កម្មវិធីទៅវិញបាន។​ ផ្លូវកៅស៊ូឆ្លងកាត់មកដល់នេះ។ យើងបានដាក់ទិសដៅធ្វើផ្លូវទៅដល់កន្ទុយនាគបន្ថែមទៀត។ ថ្ងៃក្រោយយើងប្រទាក់ក្រឡាកាន់តែខ្លាំង។

(៣) អ្នកនយោបាយប្រឆាំងខ្លះបន្តបកស្រាយកេងចំណេញពីក្របខណ្ឌកិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ

តើរាជរដ្ឋាភិបាលពេលនោះត្រូវធ្វើយ៉ាងម៉េច? នេះខ្ញុំសូមរំលឹកឡើងវិញអំពីរឿងដែលគេនៅតែយកទៅធ្វើអាជីវកម្ម គឺការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍទូទាំងប្រទេស ការមានយន្តការខុសៗគ្នា និងការបង្កើតប៉ូលសេដ្ឋ​កិច្ចផ្សេងៗ។ នៅភូមិភាគឦសាននេះ ដោយសារស្ថានភាពពេលនោះ ទាំងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធលំបាក ហើយយើងត្រូវការអភិវឌ្ឍទូទាំងប្រទេស ក៏មានការរៀបចំនូវយន្តការច្នៃប្រឌិតផ្សេងៗ ដែលនៅឆ្នាំ១៩៩៩​ សម្ដេចតេជោក៏បានចូលរួមបង្កើតក្របខណ្ឌកិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ។ ដោយនៅមានអ្នកនយោបាយមួយចំនួន(បន្តបកស្រាយ)កេងងចំណេញ(ពីដំណើរការនេះ) ខ្ញុំសូមយកពេលលើកបន្តិចពីរឿងនេះ។ (យើងពិនិត្យ)ឃើញ(ថាមាន)អ្នកនយោបាយអតីតគណបក្សប្រឆាំង កំពុងតែត្រៀមទៅ​កូរ៉េ(ក្នុងបំណង)ដឹកនាំប្រ​ជាពលរដ្ឋ និងពលករនៅទីនោះ ដោយបញ្ចេញព័ត៌មានមិនពិត ដើម្បីបន្ត​រុញរឿងនេះ។

(៤) ការអភិវឌ្ឍប្រទេសត្រូវផ្គុំគ្នារេវាងធនធានក្នុងប្រទេស និងជំនួយពីដៃគូអន្តរជាតិ

តើមូលហេតុអី ដែលយើងបានដាក់ចេញនូវគោលនយោបាយជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសាន? សម្ដេចតេជោធ្លាប់មានប្រសាសន៍ ម្ដងមកហើយបង្ហាញពីគោលគំនិតដើមនៃការរៀបចំ(អភិវឌ្ឍ)ខេត្តភូមិភាគឦសាន។ ខេត្តទាំងនេះនៅដាច់ស្រយាល។ ការផ្គុំគ្នារវាងខេត្តទិសឦសាន ទៅដល់ភ្នំពេញឆ្ងាយ។ ពេលនោះហេដ្ឋារចនាសម្ព័ន្ធលំបាក។ អញ្ចឹងការអភិវឌ្ឍប្រទេសត្រូវប្រើធនធាន២ គឺទី១៖ ធនធានក្នុងប្រទេស ឬធនធានជាតិរបស់យើង។ ទី២ ត្រូវរកដៃគូអន្តរជាតិដើម្បីជួយ។ នៅគ្រប់កន្លែងទាំងអស់តែងតែប្រើ(ធនធានទាំងពីរនេះ)។ ក្នុងការកសាងទំបន់​​ប្រព័ន្ធធារាសាស្ត្រ ដែលឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងអម្បាញ់មិញ យើងធ្វើនៅច្រើន(កន្លែង) ហើយនៅ​កន្លែងនេះគឺថវិកាជាតិ។ កន្លែងខ្លះ យើងសង់ដោយជំនួយពីបណ្ដាប្រទេសដៃគូ ពីធនាគារពិភពលោក ​បណ្ដា​អង្គការអន្តរជាតិ។ ដើម្បីអី? បើយើងប្រើប្រាស់ធនធានជាតិដែលយើងសន្សំបាន ដំណើរការអាចយឺត ដោយ​សារធនធានជាតិត្រូវចែកទូទាំងប្រទេសនិងទៅគ្រប់វិស័យ។ យើងត្រូវពឹងទៅលើការសហការជាមួយដៃគូមួយចំនួន ដើម្បីធ្វើឱ្យបានលឿន។ មិនអាចធ្វើនៅភ្នំពេញហើយ ចាំ២០ឆ្នាំក្រោយ បានធ្វើនៅខេត្ត បានចុះមកធ្វើនៅទីនេះនោះទេ។ យើងត្រូវធ្វើបន្តជាប្រចាំ។

(៥) ២៥ឆ្នាំនៃសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ មា​នការជួយឧបត្ថម្ភទ្វេ និងពហុភាគី

ឈរលើហេតុផលទាំងនេះហើយ ទើបបានជាមានការដាក់(កម្ពុជា)នៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ​នោះ។ មិនមែនដាក់ដើម្បីបាត់ដី មិនមែនដាក់ដើម្បីឱ្យយើងបាត់អធិបតេយ្យភាព មិនមែនដាក់ដើម្បីឱ្យខេត្តទាំង ៤នេះ ក្លាយទៅជាខេត្តដែលមិនអភិវឌ្ឍនោះទេ។ ផ្ទុយទៅវិញ គោលការណ៍នេះគឺដាក់ដើម្បីជំរុញខេត្តឦសានឱ្យមានការរីកចម្រើនច្រើន។ នៅក្នុងរយៈពេល ២៥ឆ្នាំ នៃការដំណើរការសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ ពីឆ្នាំ ១៩៩៩មកនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនក្នុងខេត្តទាំង៤ ប៉ុន្តែក៏មា​នការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្តដូចជា ជប៉ុន អាល្លឺម៉ង់ ប្រទេសដៃគូ ធនាគារអភិវឌ្ឍ ធនាគារអន្តរជាតិជាច្រើន ដែលចូលអភិវឌ្ឍនៅក្នុងក្របខណ្ឌនេះ។ ប្រទេសនីមួយៗ (នៃក្រុមប្រទេស)ទាំង ៣ កម្ពុជា វៀតណាម​ ឡាវ បាន(ការជួយឧបត្ថម្ភទាំងនោះ)ទៅអភិវឌ្ឍក្នុងតំបន់របស់ខ្លួនរៀងៗខ្លួននៅ ប៉ុន្តែនៅក្នុងក្របខណ្ឌដែលអាចជួយលើកកម្ពស់ និងបង្កើនល្បឿននៃការអភិវឌ្ឍខេត្តទៅវិញទៅមក។

បងប្អូននៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែងនេះ ប្រហែលជាអាចឃើញហើយ ពីការវិវត្តជាក់ស្តែង ២៥ឆ្នាំមកនេះ។ អម្បាញ់មិញ ខ្ញុំជួបជាមួយអ៊ំស្រីម្នាក់។ គាត់ថាបានរស់់នៅខេត្តហ្នឹងមួយជីវិតហើយ កើតនៅហ្នឹងអីនៅហ្នឹង។ អ៊ំខ្លះគាត់អញ្ជើញមកពីព្រៃវែងមកពីអី។ ប៉ុន្តែ ក្នុងដំណាក់កាលនៃការអភិវឌ្ឍនេះ ឃើញថាខេត្តយើង ២៥ឆ្នាំនេះ កាន់តែរីកចម្រើនទៅមុខ កាន់តែតភ្ជាប់នៅក្នុងប្រទេស កាន់តែមានប្រជាជនច្រើន កាន់​តែធ្វើឱ្យខេត្តយើងមានលំនឹង។ មិនមែនហានិភ័យនៃការបាត់បង់(ដែលបានលើកឡើងមក)នោះ ជាគោលដៅធំនៃការអភិវឌ្ឍទេ។ នេះគឺជាអ្វីដែលយើងបានធ្វើនៅក្នុងរយៈពេល ២៥ឆ្នាំ ហើយយើងនឹងបន្តធ្វើតទៅទៀត។

(៦) ទំនប់ធំៗ ក្រុងបាលុងនិងក្រុងសែនមនោរម្យរីកចម្រើន មានផ្លូវតភ្ជាប់ គឺជាថ្វីគំនិតប្រមុខរាជរដ្ឋាភិបាល

ទោះបីជាពេលនេះ យើងបានបញ្ចប់ការចូលរួមរបស់កម្ពុជា(ហើយក្តី) ក៏ការដែលបានធ្វើកន្លងទៅក្នុងក្របខណ្ឌ CLV-DTA មិនមែនដោយសារយើងមានផែនការបំផ្លាញ ឬកាត់ប្រទេស កាត់ខេត្ត ឱ្យអ្នកណាទេ។ ដូចខ្ញុំបាននិ​យាយ គោលដៅសំខាន់គឺពន្លឿនការអភិវឌ្ឍ។ យើងអង្គុយនៅទីនេះ ក្នុងឆ្នាំ ២០២៤ ជាពេលដែលមានទំនប់ធំៗ ពេលដែលក្រុងបាលុង ឬមួយក្រុងសែនមនោរម្យរីកចម្រើន ពេលដែលមានផ្លូវតភ្ជាប់ងាយស្រួល។ តែបើយើងមើលត្រឡប់ទៅឆ្នាំ១៩៩៨ វិញ គឺជាពេលដែលមកខេត្តរតនគិរី មណ្ឌលគិរីម្តងៗ ត្រូវឆ្លងកាត់ការដេកផ្លូវ មិនសូវមានមនុស្ស(ទៅមកនិងរស់នៅ)នោះ ទើបបានយើងយល់ដឹងពីគោលគំនិតនៃថ្នាក់ដឹកនាំ គឺសម្តេចតេជោ និងរាជរដ្ឋាភិបាលគ្រានោះ ហើយរួមគ្នាការពារប្រទេស តាមរយៈការអភិវឌ្ឍ ជំរុញល្បឿននៃការអភិវឌ្ឍឱ្យខេត្តឦសាន ដើម្បីកាត់បន្ថយគម្លាតជាមួយខេត្តផ្សេងៗនៅក្នុងប្រទេស។ នេះគឺជាគោលដៅធំ ហើយយើងបានធ្វើជោគជ័យមកដល់ពេលនេះ។ ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកបញ្ជាក់ឡើងវិញថា ក្នុង ២៥ឆ្នាំ នៃការអនុវត្តកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬ(អនុញ្ញាតឱ្យ)ប្រទេសណាយកច្បាប់របស់(ខ្លួន)​មកអនុ​វត្តនៅខេត្តមណ្ឌលគិរីទេ គឺមានតែអ្នកមកពីប្រទេសផ្សេងចូលខេត្តមណ្ឌលគិរី (តាម)ច្រកព្រំដែន ហើយត្រូវ(គោរព)ច្បាប់អន្តោប្រវេសន៍របស់យើង គយរបស់យើង … (រួមទាំង)ការទំនិញដឹកទៅវិញមក ការគោរពគ្នាទៅវិញទៅមក …។

(៧) កម្ពុជាមិនបានបន្តសហប្រតិបត្តិការក្នុងក្របខណ្ឌអភិវឌ្ឍត្រីកោណអ្វីទៀតឡើយ

អ្វីដែលជាការគួរឱ្យអស់សំណើចនោះគឺ ទោះបីជាយើងបានបញ្ជាក់ ដូចដែលបងប្អូនក៏បានដឹងថា រាជរដ្ឋាភិបាលបានបញ្ឈប់ការចូលរួម(ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណហើយក្តី) ក៏នៅមានអ្នកនយោបាយមួយចំនួនបន្ត(ឃោសនាភូទកុហកថា) រដ្ឋាភិបាលមិនបានដកខ្លួនចេញពី CLV-DTA! រដ្ឋាភិបាលភូត។ មិនដូចការឃោសនានោះទេ។ មិនមានការបន្តសហប្រតិបត្តិការក្នុងក្របខណ្ឌអភិវឌ្ឍត្រីកោណអ្វីទៀតឡើយ។ តាមពិត កម្ពុជាត្រូវធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំប្រទេសទាំង៣ ជាក្របខណ្ឌអភិវឌ្ឍតំបន់ត្រីកោណនៅខែធ្នូ ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ … ប៉ុន្តែដោយកម្ពុជាបានសម្រេចបញ្ឈប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំបែបនេះ ឬកិច្ចសហប្រតិបត្តិការ ឬក្របខណ្ឌនេះនឹងមិនមានទេ។ នោះគឺជា(កិច្ចប្រជុំដែលនឹងជំរុញ)កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ឦសានរបស់យើង ជាមួយនឹងខេត្តប៉ុន្មានរបស់វៀតណាម និងឡាវ ដើម្បីការអភិវឌ្ឍ …។

(៨) បញ្ឈប់ការចូលរួមក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ បញ្ចប់ការបំភ័យប្រជាជនអំពីការបាត់បង់ទឹកដី

អ្វីដែលសំខាន់គឺការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ឈប់(ការចូលរួមក្នុងក្របខណ្ឌសហប្រតិបត្តិការមួយនេះ) ដើម្បីកុំឱ្យមានការហ្មងសៅក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេស តាមរយៈការ(ឃោសនា)ដុតបន្ថែម ដោយក្រុមណាមួយ ពិសេសមជ្ឈដ្ឋានជ្រុលនិយមមួយចំនួន ក្នុងគោលដៅបំភ័យប្រជាពលរដ្ឋអោយមានការបារម្ភពីការបាត់(បង់ទឹកដី)។ តាមពិត អ្នកដែលខ្លាចបាត់ខេត្តមណ្ឌល​គិរី មិនមែនអ្នកមណ្ឌលគិរីទេ តែគឺអ្នកដែលនៅឆ្ងាយឯណោះ។ អ្នកមណ្ឌលគិរី មើលឃើញខេត្តរបស់ខ្លួន មើលឃើញការគ្រប់គ្រង។ អ្នកដែលនៅឆ្ងាយទេ ដែលភ័យខ្លាំង ដោយសារអត់បានឃើញ ហើយលឺគេបំផុសបំផុល។ អញ្ចឹង ដើម្បីកុំឱ្យមានបញ្ហាក្នុងការសាមគ្គីឯកភាពជាតិ និងការមន្ទិលសង្ស័យអីផ្សេងៗ (ដែលនាំអោយ)ពិបាក (រាជរដ្ឋាភិបាលបានដកខ្លួនចេញសហប្រតិបត្តិការក្នុងក្របខណ្ឌអភិវឌ្ឍត្រីកោណ)។ អញ្ចឹង កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអភិវឌ្ឍត្រីកោណ ដែលមានមក ២៥ឆ្នាំនោះ ត្រូវបាន(បញ្ចប់)។ ប៉ុន្តែ អ្នកនយោបាយខ្លះនៅបន្តអុចអាល ឈានដល់បបួលបងប្អូនយើងនៅក្រៅប្រទេសអោយបន្តធ្វើបាតុកម្ម។

(៩) តើជាសុចរិតភាពអ្នកនយោបាយ​ចាស់វស្សាឬ ដែលជំរុញក្មេងឲ្យធ្វើសកម្មភាពដូចថ្ងៃ ១៨សីហា

អ្វីដែលខ្ញុំគួរឱ្យអស់សំណើចនោះ អ្នកដែលដឹកនាំគេ បំផុសគេហ្នឹង ខ្លួនឯងធ្លាប់អង្គុយនៅក្នុងសភា ដែល(កាលនោះ)មានអតីតគណបក្សស​មរង្ស៊ី(មួយដែរ) និងក្រោយមក មានគណបក្សសង្គ្រោះជាតិ ដែលខ្លួន(មានអាសនៈ)នៅក្នុងសភា ពេលដែលអនុវត្តកិច្ចព្រមព្រៀងនេះ។ ហេតុអីក៏មិនចោទប្រកាន់ មិនសើរើនៅពេលនោះ។ កាលនោះ មានទាំងតំណាងរបស់ខ្លួនចូលប្រជុំរឿង CLV ហ្នឹងទៀត តែអត់និយាយអីទាំងអស់។ ឥឡូវក៏តាំងមកថា រឿងហ្នឹងខុស មិនល្អ។ ពេលខ្លួនឯងនៅក្នុងសភា ពេលមានអំណាចនៅក្នុងស្ថាប័ននីតិបញ្ញតិ្ត ហេតុអីក៏មិនមាត់?​ … សូមបងប្អូនយុវជនយើងមួយចំនួននៅក្រៅប្រទេស ដែលត្រូវបានអ្នកនយោបាយចាស់វស្សាទាំងអស់នេះបបួល សួរទៅពួកគាត់តែម្តងថា ហេតុអីបានជាពេលកាលនៅក្នុងសភាមិនមាត់មួយម៉ាត់រឿងហ្នឹង? តើមានអ្វីជាអាថ៌កំបាំង ទើបបានជាមក(ប្រកូកប្រកាស)ពេលនេះ?

ដោយបានបំផុស(អោយប្រឆាំងរឿងនេះ)មិនឈប់ តើចង់អោយប្រជាពលរដ្ឋខ្មែរ(គិត)បែបណា(ជាមួយ)រឿងនេះ? សួរគាត់តែម្ដងថា កាលពីលោកជំទាវនៅជា​សមាជិកសភាពីគណបក្សសង្គ្រោះជាតិ ហេតុអ្វីមិនលើករឿងហ្នឹង មិនសុំលុបតែម្ដងទៅ? ពេលដែលឯកឧត្តមនៅជាសមាជិកសភា ជាប្រធានគណបក្សមួយនៅក្នុងសភា​ ហេតុ​អ្វីក៏មិនលើក ហើយថែម​ទាំងឲ្យសមាជិករបស់ខ្លួនចូលទៅប្រជុំ ហើយធ្វើមិនដឹងទៅវិញ។ ប្រហែលជាកិច្ចព្រមព្រៀងហ្នឹងគ្មានអី្វ(បំរើអោយប្រយោជន៍នៃការប្រឆាំងគ្រានោះ)។ ដល់ឥឡូវឃើញមានការយល់ច្រលំ (ដូចនេះ)លើក(គុណសម្បត្តិ)ខ្លួនឯង ហើយចាក់សាំងដុតបន្ថែម។ សួរថា (តើវាជា)សុចរិតភាពក្នុងនាមជាអ្នកនយោបាយ​ចាស់វស្សា(ឬទេ) ដែលមកបបួលក្មេងៗ ឲ្យធ្វើសកម្មភាព ដូចជាថ្ងៃ ១៨សីហា និងប្រុងរហូតដល់ទៅ​ដុតប្រទេស ដោយផ្អែកទៅលើ(ហេតុផល)ដែលមិនពិត។

(១០) អ្នកនយោបាយប្រឆាំងខ្លះចង់ឲ្យមានការយល់ថា “រាជរដ្ឋាភិបាលត្រូវបញ្ចប់ទំនាក់ទំនងជាមួយវៀតណាម និងឡាវ លើគ្រប់វិស័យ”

អ្វីដែលខ្ញុំលើកព្រឹកនេះ បញ្ជាក់ពីគោលការណ៍នៃការអភិវឌ្ឍ CLV-DTA កិច្ចសហប្រតិបត្ដិការត្រីកោណ ឬ៣ ប្រទេស … ដែលក្នុងកិច្ចសហប្រតិបត្ដិការនេះ មិនមានអ្វីដែលទាក់ទងនឹងការបាត់អធិបតេយ្យភាព បាត់ទឹកដី ឬមួយអ្វីនោះទេ។ ផ្ទុយទៅវិញ វាជាកិច្ចសហប្រតិបត្តិការ​ជំរុញការអភិវឌ្ឍសំរាប់កម្ពុជា។ យើងសុខចិត្ត(ដកខ្លួនចេញ ដើម្បី)កុំឲ្យប្រជាពលរដ្ឋមានការខ្វែងគំនិតគ្នាតទៅទៀត។ ឯកភាពជាតិសំខាន់។ កិច្ចសហប្រតិបត្ដិការកម្ពុជា វៀតណាម ឡាវ ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ACMECS CLMV ជាក្របខណ្ឌមិនខុសពី​ប្រទេស​ផ្សេងៗ ដែលគេធ្វើជាមួយគ្នាទេ។ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ សិង្ហបុរីអី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ​គ្នា។ គ្មានអី(ជាផលរមាស់)ទេ។ សំរាប់យើង គេយកកិច្ចសហប្រតិបត្ដិការទៅឃោសនា៖ ទី១ ថារាជរដ្ឋាភិបាលចេញពី CLV-DTA ជាការបោកប្រាស់។

ត្រូវញែកឲ្យច្បាស់រវាងក្របខណ្ឌកិច្ចសហប្រតិបត្ដិការអភិវឌ្ឍត្រីកោណ CLV-DTA ជាមួយកិច្ចសហប្រតិបត្ដិការច្រើនវិស័យ ជាមួយប្រទេសទាំង ៣, ប្រទេសទាំង ៤ (និង)ប្រទេសទ្វេភាគី ដែលជាប្រទេសជិតខាង។ ខេត្តនិងខេត្តធ្វើការជាមួយគ្នា។ មណ្ឌលគិរីធ្វើការជាមួយខេត្តជាប់ហ្នឹង។ ប្រជាពលរដ្ឋត្រូវឆ្លងកាត់ទៅវិញទៅមក មិនអាចធ្វើរបងបិទនោះទេ។ រាប់សិបឆ្នាំ រាប់សតវត្សរ៍មកហើយ។ ប្រទេសទាំងអស់មិនអាចបិទទ្វារបានទេ ប៉ុន្ដែស្ថិតក្នុងក្របខណ្ឌគោរពគ្នាទៅវិញទៅមក គោរពអធិប​តេយ្យភាពគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យជាមួយគ្នា។ អ្នកនយោបាយទាំងនោះចង់ធ្វើយ៉ាងម៉េចឲ្យមានការយល់ច្រឡំថា ទាល់តែរាជរដ្ឋាភិបាលបញ្ចប់ទំនាក់ទំនងជាមួយវៀតណាម និងឡាវ លើគ្រប់វិស័យតែម្ដង។ ពាក្យ CLV សំដៅលើ Cambodia, Loas, Vietnam ដែលទំនាក់ទំនងប្រទេសបីនេះ មានគ្រប់វិស័យពីយូរមកហើយ។

(១១) ធ្វើទំនាក់ទំនងក្នុងស្មារតីគោរពអធិបតេយ្យភាព ឯករាជ្យភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក

សូមបងប្អូនប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលមិនដែលមានគំនិតធ្វើឲ្យបាត់បង់ទឹកដី អធិបតេយ្យភាព ឬធ្វើឲ្យ​ខេ​ត្តរបស់យើងក្លាយជារណបរបស់អ្នកណាទេ។ ផ្ទុយទៅវិញ មានតែធ្វើឲ្យយើងខ្លាំង ពង្រឹងអធិបតេយ្យភាព ទឹកដី ពង្រឹងប្រជាពលរដ្ឋ​ តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាព ស្ថិរភាព កុំឲ្យការបែកបាក់គ្នា ជំរុញការអភិវឌ្ឍនៅក្នុងតំបន់ឲ្យកាន់តែច្រើន ពង្រឹងច្បាប់របស់យើង ដើម្បីមានការគោរពគ្នាទៅវិញទៅមកជាមួយប្រទេសជិត​ខាង​។ យើងបានធ្វើ និងបន្ដធ្វើបន្ដទៅទៀត។ សូមបងប្អូនជឿទុកចិត្តចុះ។ មិនថាជាមួយវៀតណាម ឡាវ ថៃ សិង្ហបុរី អាមេរិក ចិន ជាមួយមហាអំណាច ឬប្រទេសតូច កម្ពុជាធ្វើ(ទំនាក់ទំនង)នៅក្នុងស្មារតីគោរពអធិបតេយ្យភាព ឯករាជ្យភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះជាគោលនយោបាយ​ការបរ​ទេសយើង។ យើងនឹងបន្ដអនុវត្ដដើម្បីខ្មែរយើងកាន់តែរឹងមាំ។

(១២) កំណើនប្រជាសាស្ត្រ និងការអភិវឌ្ឍសេដ្ឋកិច្ច ជាគោលបំណងរបស់រាជរដ្ឋាភិបាល ៤០ឆ្នាំកន្លងមកនេះ

កម្ពុជាមិនធ្វើ(ទំនាក់ទំនង)ជាមួយអ្នកណា ដើម្បី(អោយប្រទេសនៅ)ក្រោមរណបអ្នកណាទេ។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ។ ចេញពី(របប) ប៉ុល ពត យើងសល់ប្រជាជនតែ ៥លាន ឥឡូវមាន ១៧លាននាក់ ហើយប្រ​ហែលជា ១០ ឆ្នាំទៀត អាចឡើង ២០ លាននាក់ជាង។ វានឹងជាការប្រសើណាស់ ប្រសិនបើអ្នកមណ្ឌលគិរីមានកូនកាន់តែច្រើន ដែលចំនួនប្រជាជនអាចកើនថែមទៀត។ ដីខ្មែរ ប្រជាជនខ្មែររស់នៅ បង្កើតកូនឲ្យច្រើន កសាងសេដ្ឋកិច្ច កសាងលក្ខខណ្ឌអំណោយទានឲ្យប្រជាពលរដ្ឋកាន់តែរីកចំរើន នឹងហើយជាគោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុង ៤០ ឆ្នាំ។ ក្នុងអាណត្ដិទី ៧ នេះ យើងនៅបន្ដ(អនុវត្ដ)ធ្វើយ៉ាងម៉េចឲ្យប្រជាជនខ្មែររបស់យើងនៅគ្រប់ទីកន្លែង រួមទាំងនៅខេត្តឦសាន កាន់តែរីកចំរើនធំធាត់គ្រប់វិស័យទាំងអស់ មិនថាសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ត្រូវតែរីកចំរើនរឹងមាំ។ វិនិយោគទៅលើសុខាភិបាល អប់រំ នៅតែបន្ដដើម្បីឲ្យកូនខ្មែរកាន់តែខ្លាំង នេះជាគោលដៅនឹងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

(១៣) ដើមឈើសន្តិភាព ដាំនៅឆ្នាំ១៩៩៣ រីកលូតលាស់នៅឆ្នាំ១៩៩៨ មានផ្លែផ្កាជូនប្រជាជន

យើងត្រូវធានាកត្ដាបុរេសកម្មសំរាប់ការអភិវឌ្ឍ គឺកត្ដាសន្ដិ​ភាពនេះ​ឯង។ ការបំផុស(បំផុលអោយមានការយល់ច្រឡំពី)រឿង CLV-DTA ជាផ្នែកមួយអាចធ្វើឲ្យបែកបាក់សាមគ្គីឯកភាពជាតិ ដោយសារតែការមិនទុកចិត្តគ្នា ដែលជាគ្រោះថ្នាក់​ធំ។ ខ្ញុំសូមនិយាយាពីកត្តាសន្ដិភាព និងផែ្លផ្កានៃសន្ដិភាព។ សន្ដិភាព ហាក់ដូចជាដើមឈើ ផ្លែផ្កានៃសន្ដិភាពជាផ្លែផ្កាដែលយើងទទួលបាន។ ៥០០ឆ្នាំហើយដែលបុព្វបុរសយើងខំដាំដើមឈើសន្ដិភាព តែដាំហើយក៏ត្រូវដង្កូវស៊ី មិនបានផ្លែឲ្យប្រជាពលរដ្ឋទេ។ ទើបតែឆ្នាំ ១៩៩៨ទេ ដែលដាំដើម(សន្តិភាព)នេះរស់ មានចីរភាព និងនិរន្តរភាព។ ម្សិលមិញគឺថ្ងៃ ២៣ តុលា ជាជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព​ (២៣ តុលា ១៩៩១) ដែលថ្នាក់ដឹកនាំយើង ទាំងសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ព្រះវរបិតាជាតិ (និង)ថ្នាក់ដឹកនាំរបស់យើងសម្តេចតេជោ គ្រប់ភាគីបានចុះកិច្ចព្រមព្រៀង ដាំដើមឈើសន្តិភាព។ UN ចំណាយជាង ១ពាន់លាននៅឆ្នាំ ១៩៩៣ ដើម្បីបញ្ចប់សង្គ្រាម តែដាំដើមឈើសន្តិភាពមួយនោះដុះមិនបានពេញលេញទេ។ យើងនៅវាយគ្នា។ រហូតដល់ឆ្នាំ ១៩៩៨ ទើបដើមឈើនោះចាប់ផ្តើមផ្តល់នូវផ្លែផ្កាខ្លះសម្រាប់ប្រជាជន។

ដូចជាខេត្តនៅទិស​ឦសាននេះ ដោយសារការឈប់បាញ់ ឈប់វាយគ្នា ប្រទាក់ក្រឡាគ្នាឡើងវិញ យើងអាចអភិវឌ្ឍ ២៥ ឆ្នាំនេះ មានការរីកចម្រើនខ្លាំង។ យើងហៅថា ផ្លែផ្កានៃសន្តិភាពដែលយើងទទួលបាន។ ថ្នាក់ដឹកនាំខិតខំពុះពារ យោធិន នាយទាហាន ពលទាហាន កងកម្លាំងយើងពលីច្រើនណាស់នៅលើសមរភូមិ ដើម្បីដាំនូវដើមសន្តិភាពមួយនេះ។ អញ្ចឹងឥឡូវអ្នកណាដែលទទួលផ្លែផ្កានៃសន្តិភាពនេះ គឺយើងជំនាន់អ្នកដែលកំពុងរស់បច្ចុប្បន្ន បូកជាមួយកូនចៅយើងរាប់រយឆ្នាំតទៅទៀត។ អញ្ចឹង ត្រូវរួមគ្នាធ្វើម៉េច កុំឲ្យដង្កូវស៊ីសំលាប់ដើមសន្តិភាពនេះបាន។ ត្រូវរួមគ្នាថែរក្សាដើមនេះឲ្យបាន។ សុំទ​ប់អ្នកចង់ទៅដុត អ្នកចង់ទៅកាប់មែកកុំឲ្យធ្វើ។ ដើម្បីដើមនេះដុះបាន ទាល់តែខ្មែរយើងឯកភាពគ្នា សាមគ្គីគ្នា រួមគ្នាថែរក្សា ទើបបានផ្លែផ្កាមកដល់។ បើកន្លែងនេះវាយគ្នា គ្មានមកធ្វើទំនប់កន្លែងនេះបានទេ។

(១៤) ទំនប់ទឹកនឹងអភិវឌ្ឍជាទីដៅទេសចរណ៍ពហុបំណង កន្លែងធ្វើការសហគមន៍ កីឡា និងទឹកស្អាត

ដើរមក ខ្ញុំសង្កេតឃើញមានសក្តានុពលធំណាស់។ ដោយសារមានទំនប់នេះ ក៏មាន resort មួយចំនួនចាប់ផ្តើម ហើយកន្លែងនេះ មានទឹកល្បាក់ ២០ម៉ែត្រ អាចធ្វើជាកន្លែងទេសចរណ៍សហគមន៍។ កន្លែងនេះអាចក្លាយជាកន្លែងភ្ជាប់និស្ស័យយុវជនយើងថ្ងៃក្រោយ។ ការរៀបចំនេះមិនមែនធម្មតាទេ គឺរៀបចំសម្រាប់ទំនប់ទប់ទឹកមែន ប្រើប្រាស់មែន ប៉ុន្តែក៏រៀបចំចាក់បេតុងអីជាតំបន់ទេសចរណ៍ពហុបំណង រៀបចំកន្លែងសហគមន៍ មានអគារសហគមន៍អាចធ្វើការជាមួយគ្នា ហើយប្រជាពលរដ្ឋនៅទីនេះ សហគមន៍នៅទីនេះ អាចទាញផលពីការរីកចម្រើននៅទីនេះ។ ទីនេះក៏អាចជាមួយផ្នែកជាសួនច្បារសាធារណៈ ដែលប្រជាពលរដ្ឋអាចមកលំហែ។ ចេញពីក្រុងមកប្រហែល ១០គីឡូ ក៏មកដល់។ រត់កីឡាតាមហ្នឹង។ ដើរតែមួយជុំ ៣គីឡូ ៣ជុំ ១០គីឡបាត់។ ទៅមុខទៀតមានការរីកចម្រើន ហើយថែមភ្លើង ថែមសូឡាអីជុំវិញហ្នឹងទៀត។ ខ្ញុំនិយាយថាជាកន្លែងភ្ជាប់និស្ស័យ។ អញ្ចឹង​ជាផ្លែផ្កាដែលយើងបន្ត។ ទឹកនេះ គឺសម្រាប់ប្រើប្រាស់។ គេថាប្រព័ន្ធស្រោចស្រពកសិកម្ម ប៉ុន្តែក៏ទឹកសម្រាប់ប្រើប្រាស់ប្រជាពលរដ្ឋ។ ខាងក្រសួងឧស្សាហកម្មក៏រៀបចំដំដាក់ស្ថានីយ៍នៅនេះ ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ដល់អ្នកមណ្ឌលគិរី។

(១៥) ស្ថេរភាព សន្តិភាព និងគោលនយោ​បាយត្រឹមត្រូវ ធ្វើអោយខេត្តមណ្ឌលគីរីជាគ្រាប់ពេជ្រ

កន្លែងនេះ អាចរីកជាក្រុងមួយបាន។ យើងមិនខ្លាចឲ្យរីកឲ្យច្រើនទេ។ បង្កើតឲ្យច្រើន ឲ្យមណ្ឌលគីរីមានប្រជាជនឲ្យកាន់តែច្រើន។ កាន់តែរីកចម្រើនជាតំបន់ទេសចរណ៍ ដែលអាចទទួលផលបាន។ ទេវតាបង្កើតមកកន្លែងហ្នឹងមានសក្តានុពលខាងទេសចរណ៍ច្រើន ប៉ុន្តែបើគ្មានលក្ខខណ្ឌអំណោយផល មិនអាចបញ្ចប់សង្គ្រាមបាន មិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធបែបនេះបាន នៅតែព្រៃ​ នៅតែជាកន្លែងមីន។ នៅពេលដែលសង្គ្រាមបានចប់ ប្រ​ជា​ពលរដ្ឋអាចផ្សព្វផ្សាយបាន សក្តានុពលអាចកសាងហេដ្ឋារចនាសម្ព័ន្ធបាន កន្លែងនេះទៅជាគ្រាប់ពេជ្រមួយសម្រាប់ជាតិ និងសម្រាប់ខេត្តមណ្ឌលគីរីបន្ថែមទៀត។ អញ្ចឹង កត្តាសំខាន់គឺស្ថេរភាព សន្តិភាព និងគោលនយោ​បាយត្រឹមត្រូវ។ នេះគឺជាអ្វីដែលកិច្ចការសំខាន់។ មិនថាអំណោយផលយ៉ាងណាទេ បើគ្មានកត្តាទាំងអស់នោះ (យើងមិនអាចសំរេចសមិទ្ធផលនិងចក្ខុវិស័យទាំងនេះបានទេ)។

(១៦) វិនិយោគលើការអប់រំ និងសុខភាពប្រជាពលរដ្ឋ និងផ្លូវ និងទំនប់ប្រឡាយស្រាយបញ្ហាទឹក

ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រទេសជាតិ ជាគោលនយោបាយ ដូចខ្ញុំនិយាយពីរឿងក្របខណ្ឌ CLV-DTA ដែលយើងអភិវឌ្ឍធនធានជាតិ បូកជាមួយដៃគូផ្សេងៗ ចូលរួម។ ឥឡូវ និយាយពីការវិវត្តជាតិក្នុងក្របខណ្ឌប្រទេសយើង រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់។ អាណត្តិទី ៧ នេះ ក៏បន្តយុទ្ធសាស្ត្របញ្ចកោណ ដើម្បីអភិវឌ្ឍន៍រួមនៅទូទាំងប្រទេស រួមទាំងយើងដាក់គោលដៅអាទិភាពសំរាប់ខេត្តទិសឦសាននេះ​។ ដូច (រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម)ឯកឧត្តម ថោ ជេដ្ឋា បានលើក គោលដៅអាទិភាព ៥ មានមនុស្សជាចម្បង។ (ទី១) ត្រូវវិនិយោគឲ្យកាន់តែច្រើនទៅលើការអប់រំ និងសុខភាពប្រជាពលរដ្ឋ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា មកទេ? ឯកឧត្តម ឆាយ ឫទ្ធិសែន ខាងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម ហែម វណ្ណឌី សុទ្ធតែ(អ្នកទទួលខុសត្រូវអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដោយ)ផ្តោត​ទៅលើប្រជាពលរដ្ឋ៖ ទី១ ចំណេះដឹង/សមត្ថភាព។ យើងបង្កើតសាលាបន្ថែម។ ទី២ សុខភាព។ មិនមែនសំដៅតែការព្យាបាលទេ។ ការការពារសុខភាពតាមរយៈការផ្គត់ផ្គង់ទឹកស្អាត ការរៀបចំអនាម័យស្អីៗ គឺសុទ្ធតែចូលទៅក្នុ្នងការថែរក្សា(សុខភាពមនុស្ស)។

ទី២ គឺផ្លូវ។ មនុស្ស ផ្លូវ ទឹក ភ្លើង ហើយចុងក្រោយបច្ចេកវិទ្យា។ ដែលអ៊ំខ្លះគាត់ថា មកពី ៩០ ដេកផ្លូវ ២ថ្ងៃ … កាលពីឆ្នាំ ១៩៩០ ជាងគឺភក់កប់។ ភ្លៀងអញ្ចេះផងគឺពិបាក(ធ្វើដំណើរ)។ ឥឡូវយើងមានផ្លូវក្រវ៉ាត់ព្រំដែន។ ឥឡូវធ្វើផ្លូវឆ្អឹងត្រីបន្ថែមទៀត។ យើងបន្តភ្ជាប់តំបន់ជាច្រើននៅក្នុងទីនេះ។ ផ្លូវរបស់តភ្ជាប់ពីខេត្តក្រចេះ ទៅដល់រាជធានីភ្នំពេញ ហើយពីខេត្តមណ្ឌលគិរី ទៅដល់រតនគិរី ស្ទឹងត្រែង ទៅដល់ព្រះវិហារ តភ្ជាប់នេះជាកត្តាសំខាន់។ នៅក្នុងភូមិ ក្នុងស្រុកនីមួយៗ ក៏សំខាន់។ បើយើងគ្មានផ្លូវតភ្ជាប់ យើងដាច់ស្រយាល ពិបាកទាំងធ្វើសេដ្ឋកិច្ច ពិបាកទាំងរឿងសុខាភិបាល ឆ្លងទន្លេទៅណា? ផ្លូវនេះសំដៅរួមទាំងស្ពាន រួមទាំងផ្លូវគោក។ បន្ទាប់មកទឹក។ ធនធានទឹកនេះសំខាន់ណាស់។ គោលនយោបាយទឹក ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងហើយ ការធ្វើកសាងទំនប់ប្រឡាយដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ ដែលយើងបានជំរុញធ្វើច្រើន ហើយយើងនឹងបន្តធ្វើតទៅទៀតនៅក្នុងកិច្ចការដែលសំខាន់របស់យើង។

(១៧) ប្រព័ន្ធធារាសាស្ត្រ ស្រាយប្រព័ន្ធស្រោចស្រពដីកសិកម្ម ទឹកជំនន់ និងផ្គត់ផ្គង់ទឹកស្អាត

ទិន្នន័យត្រួសៗ ក្នុងឆ្នាំ ១៩៩៤ ដល់ ២០០៤ នេះ យើងកសាងបានច្រើនប្រឡាយ/ប្រព័ន្ធធារាសាស្រ្ត។ ទំនប់ទឹកគម្រោងដែលសាងសង់រួច យើងមានអាងស្តុកទឹកជាង ១១៣៧ កន្លែង ខ្នាតធំ(មាន) ៨។ ប្រព័ន្ធធារាសាស្រ្តចំនួន ២៣៦៦ ប្រព័ន្ធ លទ្ធភាពស្រោចស្រពជាង ១ លាន ៩ សែនហិកតា ថវិកាយើងចំណាយជាង ១៨០០ លានដុល្លារ។ ការចំណាយនេះ ធានាប្រព័ន្ធធារាសាស្រ្ត គឺដោះស្រាយបញ្ហាច្រើន ទី១ ធានាប្រព័ន្ធស្រោចស្រពដីកសិកម្មជូនប្រ​ជា​ពលរដ្ឋយើងនៅទូទាំងប្រទេស។ ទី២ ដោះស្រាយទឹកជំនន់។ កន្លែងខ្លះគឺប្រព័ន្ធប្រឡាយនេះបានរំដោះទឹកចេញដើម្បីកុំឲ្យវាលិច។ ទី៣ គឺផ្គត់ផ្គង់ទឹកស្អាត។ ទំនប់លើ ទំនប់ក្រោម ទំនប់ដែលយើងសម្ពោធនៅថ្ងៃនេះ មានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ និងទំនប់អូរតេធិបតីនេះ ជាពិសេសទំនប់ ២នៅក្នុងក្រុង ធានាទឹកដើម្បីដោះស្រាយប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ។

(១៨) គ្រប់គ្រងទឹកមិនអោយខ្វះនៅរដូវប្រាំង មិនអោយលិចនៅរដូវវស្សា សំរាប់់ប្រើប្រាស់និងបង្កបង្កើនផល

ប្រជាពលរដ្ឋកាន់តែច្រើន ត្រូវការ(ទឹកស្អាត)កាន់តែច្រើន។ យើងបន្តអនុវត្តគោលនយោបាយទឹកដែលយើងកំពុងធ្វើ ហើយនៅទំនប់ធំមួយចំនួនទៀត ហៅថាទំនប់ដូនទ្រីនៅខេត្តបាត់ដំបង ដែលអាចស្តុកទឹក ១៦៣លានម៉ែត្រគូប ចំណាយថវិកាជាង ៨៥លានដុល្លារ។ ទំនប់ដងកាំបិត ជាទំនប់ធំនៅកំពង់ធំ ចំណាយជាង ១៦៦លានដុល្លារ។ ២នេះអាចធានាផ្ទៃដីស្រោចស្រព ១៦៥០០០ ហិកតា។ យើងធ្វើទាំងអស់នេះដើម្បីធានាជួយដល់កសិករជួយធានាទឹកដល់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវប្រាំង រដូវវស្សាកុំឲ្យលិច។ ទឹកមានប៉ុន្តែកុំឲ្យវាច្រើនហួសពេក តែរដូវប្រាំងកុំឲ្យទឹកវាទៅអស់ ត្រូវធ្វើទំនប់ដើម្បីស្តុក អោយប្រជាពលរដ្ឋយើងប្រើប្រាស់ និងបង្កបង្កើនផល។ នេះគឺជាគោលនយោបាយទឹកដ៏សំខាន់របស់យើង ដែលយើងបានធ្វើ និងបន្តធ្វើតទៅទៀត។

(១៩) ភាពជោគជ័យគឺលទ្ធផលជាក់ស្តែងនៅលើដី

(សមិទ្ធផល)ថ្ងៃនេះ ជាការចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង តាមរយៈនយោបាយទឹក។ នេះជាការអបអរសាទរសមិទ្ធផលជាក់ស្តែង។ ខ្ញុំនិយាយពីដើមទីរួចមកហើយ តាំងពីដើមអាណត្តិ គោលនយោបាយល្អឥតខ្ចោះវា(មិនទាន់ហុចជាផល)ទេ វាល្អបានត្រឹមថា ៤០ ៥០ ភាគរយចុះ … ប៉ុន្តែអ្វីដែលជាកត្តាកំណត់ភាពជោគជ័យគឺលទ្ធផលជាក់ស្តែងនៅលើដី។ លទ្ធផលដែលធ្វើត្រូវ​ ហើយផ្តល់ផលប្រយោជន៍ជាក់ស្តែងឲ្យប្រជាពលរដ្ឋបានដូចយើងសម្ពោធថ្ងៃនេះដែរ។ មិនមែនយករូបថតឲ្យខ្ញុំ មិនមែនយើងបង្ហោះរូប បង្កើតឡើងដោយ computer បង្ហោះនៅលើ facebook ថាយើងនឹងធ្វើនោះទេ។ ថ្ងៃនេះយើងមកសម្ពោធអ្វីដែលយើងបានធ្វើ ហើយជាផលពិតដែលប្រជាជនបានទទួលផលនៅទីនេះ។ នេះជាលទ្ធផលដែលយើងត្រូវជំរុញបន្តទៅទៀត គឺលទ្ធផលលើដីឲ្យប្រជាពលរដ្ឋរបស់យើង(ឃើញជាក់ស្ដែង)។ ដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ មិនមែន ១វិស័យនោះទេ ហើយក៏មិនអាចដោះស្រាយ (ដោយ)ជប់មួយថ្ងៃចេញទាំងអស់នោះដែ។ យើងត្រូវធ្វើការជាជំហាន។

(២០) មួយឆ្នាំនៃអាណត្តិថ្មី តិចឬច្រើន រដ្ឋាភិបាលបង្កើតបានសមិទ្ធផលជូនប្រជាពលរដ្ឋគ្រប់វិស័យ

អ្វីដែលខ្ញុំលើកឆ្នាំ ១៩៩៩ មក ២០២៤ នេះរយៈពេល ២៥ ឆ្នាំនេះ មួយភាគបួននៃទសវត្សរ៍នេះគឺជារយៈពេលដែលយើងដើរទៅមុខជានិច្ច។ ក្រោយពីយើងចប់សង្រ្គាម (យើងបានអភិវឌ្ឍប្រទេស)តាំងពីអត់សូវមានមនុស្សមកមានមនុស្ស តាំងពីអត់សូវមានផ្លូវតភ្ជាប់ មកមានផ្លូវតភ្ជាប់ តាំងពីអត់មានសាលាកម្រិតឧត្តមសិក្សា មកមានឧត្តមសិក្សា។ តាំងពីសាលាមតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាមានតិច ឥឡូវយើងពង្រាយនៅតាមឃុំ។ តាំងពីមណ្ឌលសុខភាពនៅមានតិច ថ្នាំ(ព្យាបាល)ពិបាក(រក) ការលំបាក ផ្លូវពិបាក ពីមិនសូវមាន ambulance ឥឡូវមានច្រើន។ សួរថាគ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ យើងនៅបន្តធ្វើទៅទៀត។ ប៉ុន្តែយើងត្រូវទទួលស្គាល់នូវការវិវត្ត។ ការអភិវឌ្ឍទៅមុខក្នុងរយៈពេល ២៥ ឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំ យើងបង្កើនសមិទ្ធផលបន្ថែមទៀត ហើយក្នុងមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិថ្មីនេះ យើងក៏បានបង្កើតនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ពិតណាស់មិនអាចដោះស្រាយគ្រប់តម្រូវការ ប៉ុន្តែយើងមិនបាននៅស្ងៀមនោះទេ។ យើងបានដោះស្រាយគ្រប់វិស័យទាំងអស់ជូនប្រជាពលរដ្ឋ។ បានតិចបានច្រើនយើងរួមគ្នាធ្វើ។ ខ្ញុំសូមអរគុណណាស់ទៅដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានដែលរួមគ្នា កងកម្លាំងប្រដាប់អាវុធដែលរួមគ្នាក្នុងការថែរក្សាស្ថេរភាព សន្តិសុខ និងរួមគ្នាអភិវឌ្ឍសមិទ្ធផលដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងរយៈពេលជាងមួយឆ្នាំនេះ។ យើងនៅបន្តតទៅទៀតដើម្បីបង្កើតសមិទ្ធផលជាក់ស្ដែងបន្ថែមទៀតជូនប្រជាពលរដ្ឋ។

(២១) ធ្វើឲ្យក្ដីស្រមៃប្រែខេត្តភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៥ ក្លាយជាការពិត

(យើងបាននិងកំពុង)ធ្វើឲ្យក្ដីសង្ឃឹម ក្ដីស្រមៃ ក្លាយជាការពិត ជាពិសេសនៅខេត្តមណ្ឌលគិរី ខេត្តនៅទិសឦសានដែលជាប៉ូលសេដ្ឋកិច្ចទី៥។ ឆ្នាំក្រោយ យើងនឹងដាក់ចេញនូវគោលនយោបាយជំរុញអភិវឌ្ឍន៍វិនិយោគនៅខាងទិសឦសាន។ ឥឡូវឃើញមានបងប្អូនជាច្រើនមកលេង ទេសចរបានមក មានក្រសួង/ស្ថាប័នបានមកលេងនៅទីនេះ។ រាល់ថ្ងៃសៅរ៍ និងអាទិត្យ យើងបានរៀបចំដំណើរទស្សនកិច្ចទិសឦសានជូនប្រជាពលរដ្ឋ។ ឯកឧត្ដម នេត្រ ភក្រ្តា ឯកឧត្ដម ប៉ែន បូណា ឯកឧត្ដម ឡាំ ជា សហការគ្នាចុះមករាល់ចុងសប្ដាហ៍។ ត្រូវទេ? ហត់បន្តិចចុះ។ រាល់សប្ដាហ៍ គាត់បានជូនប្រជាពលរដ្ឋមកលេង។ ហត់មែនតែសប្បាយចិត្ត។ (បានជាង ៣ពាន់នាក់ហើយ) ជាពិសេស បានច្បាប់គ្រួសារឲ្យមករាល់សប្ដាហ៍។ ប្រជាពលរដ្ឋយើង អ៊ំៗខ្លះនៅភ្នំពេញ នៅខេត្តសៀមរាប គាត់អត់ដែលមក។ គាត់ថា ឮតែគេថា។ ម៉េចៗ គិតថាប្រជាពលរដ្ឋយើងនៅទីនេះប្រហែលជាដាច់ស្រយាលខ្លាំងហើយ។ ខ្ញុំចាំ ប៉ុន្មានឆ្នាំមុន មកសម្ពោធសាលាមួយជាមួយឯកឧត្ដម ថង សាវ៉ុន ជាអភិបាលនៅខេត្តរតនគិរីនៅឡើយ។

(២២) ជំរុញការតភ្ជាប់ខេត្តនិងខេត្ត ប្រជាជននិងប្រជាជន ជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ដើម្បីភាគឦសានប្រើប្រាស់បានសក្ដានុពល

មានអ៊ំៗ ជាខ្មែរមកពីអាមេរិក ចូលរួមសម្ពោធ។ ដល់ចប់ ទៅបាយថ្ងៃត្រង់ គាត់សួរថា “លោកក្មួយ! អ៊ំមកខេត្តរតនគិរី មកសម្ពោធហ្នឹង ឃើញរីកចម្រើនល្អ។ តែសូមសួរមួយថា បងប្អូនជនជាតិ(ភាគតិច)យើងទៅណាអស់ហើយ?” គាត់គិតថា ប្រជាពលរដ្ឋយើងនៅស្លៀកប៉ឹងទើបបានជាជនជាតិ។ ខ្ញុំថាតំបន់ហ្នឹង កូនសិស្សទាំងហ្នឹងហើយដែលជាកូនជនជាតិ។ ទោះបីជាយើងការពារវប្បធម៌ គោរពសិទ្ធិបងប្អូនជនជាតិ ប៉ុន្តែពួកគាត់បានចូលរួមអភិវឌ្ឍដូចគ្នា។ អញ្ចឹងបានថា អ្នកខ្លះអត់ដឹង ក៏គិតថាខេត្តទិសឦសានសុទ្ធតែដំរី ខ្លា មិនមានឡានអីទេ។ ការជំរុញការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍនៅទីនេះ ដើម្បីឲ្យខ្មែរយើងបានមកឃើញផ្ទាល់។ សូម្បីប្រជាពលរដ្ឋយើងនៅក្នុងប្រទេស អ្នកខ្លះក៏មិនស្គាល់ខេត្តយើងអស់ផង។ យើងត្រូវជំរុញការតភ្ជាប់ខេត្តទាំងនេះឲ្យបានច្រើន តភ្ជាប់ប្រជាជននិងប្រជាជន ជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ដើម្បីឲ្យប្រជាពលរដ្ឋនៅទិសឦសាន តំបន់ទាញបាននូវសក្ដានុពល ហើយមានប្រជាពលរដ្ឋមកកាន់តែច្រើន។

(២៣) ស្រឡាញ់ជាតិពិត សូមគាំទ្រការអភិវឌ្ឍ ស្វែងយល់លក្ខណៈពិសេស និងសក្ដានុពលនៃតំបន់/ខេត្តនានា

ខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋយើងឯទៀត ដែលមិនធ្លាប់មកលេងនៅតំបន់ឦសាន ក៏ដូចជាតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស គួរស្វែងយល់ពីការតភ្ជាប់។ ឥឡូវការតភ្ជាប់របស់យើងមានហើយ។ សូមស្វែងយល់ពីសក្ដានុពលនៃប្រទេសរបស់យើង។ បើស្រឡាញ់ប្រទេសជាតិពិតប្រាកដ គាំទ្រការអភិវឌ្ឍប្រទេស យ៉ាងហោចណាស់ស្វែងយល់ពីអ្វីទៅដែលជាលក្ខណៈពិសេសរបស់តំបន់ផ្សេងៗ នៃខេត្តនានារបស់ប្រទេសយើង។ ការបារម្ភពីប្រទេសជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងអស់ ប៉ុន្តែការស្វែងយល់ឲ្យដឹងច្បាស់លាស់ គឺជាកត្តាកំណត់មួយដើម្បីកុំឲ្យមានការញុះញង់ ឬបំភ័យប្រជាពលរដ្ឋយើង ដែលនាំអោយអាចសម្រេចចិត្តខុស។ ការសម្ពោធនៅទីនេះ (រួមចំណែក)ជំរុញដាក់ចេញការអនុវត្តគោលនយោបាយ គោលការណ៍លើកទឹកចិត្តវិនិយោគឆ្នាំក្រោយ និងឆ្នាំក្រោយៗទៀត។ ខ្ញុំសង្ឃឹមថា ខេត្តមណ្ឌលគិរីក្ដី រតនគិរីក្ដី ក្រចេះ ស្ទឹងត្រែង និងខេត្តនៃទិសឦសាន នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដែលមានសក្ដានុពលកាន់តែខ្លាំង កាន់តែរឹងមាំ ហើយបានផ្សព្វផ្សាយកាន់តែច្រើននៅថ្ងៃអនាគត។ នេះគឺជាអ្វីដែលយើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយរីករាយ។ យើងនឹងបន្តរួមគ្នា(សំរេចគោលដៅនេះ)។

[ចប់សេចក្ដីអធិប្បាយ២]

ជាការពិត, ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ប៉ុន្តែធនធានទាំងនេះកាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយ សារសកម្មភាពអវិជ្ជមានមួយចំនួនរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និង បន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។

ក្នុងន័យនេះ, ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា តែងតែទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និង ផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ដូចខ្ញុំបានលើកពីមុននេះ សមិទ្ធផលទំនប់អាងទឹកថ្មី នឹងជួយផ្គត់ផ្គង់សម្រាប់បម្រើសេចក្ដីត្រូវការក្នុងខេត្តរតនគិរី និងចូលរួមដើម្បីជំរុញការអភិវឌ្ឍខេត្តនេះ តំបន់នេះ ឲ្យកាន់តែកៀកជិតជាមួយតំបន់ផ្សេងៗក្នុងប្រទេស។

[ចប់សេចក្ដីអធិប្បាយ៣]

កម្ពុជា ក៏ដូចបណ្ដាប្រទេសនានានៅលើពិភលោក បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយៗនេះ ការចូលរួមនៅក្នុងការអភិវឌ្ឍធនធានទឹកនេះមិនមែនត្រឹមតែសម្រាប់ដោះស្រាយនៅក្នុងផ្ទៃក្នុងប្រទេសរបស់យើងទេ ប៉ុន្តែក៏ចូលរួមនៅក្នុងយន្តការពិភពលោក ដើម្បីថែរក្សានូវលំនឹង និងទប់ស្កាត់នូវការធ្វើឲ្យប៉ះពាល់ និងប្រែប្រួលអាកាសធាតុ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៤]

ជាការពិត ការងារធនធានទឹក និងឧតុនិយមដែលត្រូវអនុវត្តបន្តនៅមានច្រើន។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែលយើងសម្រេចបាននាពេលកន្លងមក មេរៀន បទពិសោធ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំង ការចូលរួម និងកិច្ចសហការពីអ្នកពាក់ព័ន្ធ យើងនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅធានាឱ្យបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យគ្រប់វិស័យ ក៏ដូចជាការចូលរួមទប់ស្កាត់ និង ការកាត់បន្ថយនូវគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែឆាប់រហ័សថែមទៀត។ បន្ថែមលើសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាងប្រព័ន្ធធន​ធាន​ទឹក (Hard Infrastructure), ក្រសួងធនធានទឹក និង ឧតុនិយម ក៏ត្រូវបង្កើន​​ការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងជំនាញទន់ (Soft Skills) លើការកសាងសមត្ថភាព ក្នុងការព្យាករអាកាសធាតុ ប្រមូលចងក្រងឯកសារ ទិន្នន័យឧតុនិយម និង ជលសាស្ត្រ បម្រើដល់វិស័យនានា ឱ្យកាន់តែមានភាពសុក្រឹតបន្ថែមទៀត។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន, ខ្ញុំសូមអំពាវនាវផងដែរ ដល់រដ្ឋបាលខេត្តមណ្ឌល​គិរី មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត មន្ទីរពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ សូមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានប្រើប្រាស់យូរអង្វែង ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង ធានាសុខដុមនីយកម្មជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរ ដើម្បីសម្រេច​បានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសការដោះស្រាយទុក្ខលំបាក និង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និង ឧតុនិយមដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះជូនជាតិ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ជាកម្លាំងរួមដ៏រឹងមាំ ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានទឹកប្រកបដោយចីរភាព។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗ​ខ្លួន, ព្រម​ទាំង​សូមប្រកបដោយពុទ្ធពរនិងពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។

ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ» ក្នុងខេត្តមណ្ឌលគិរី ចាប់ពីពេលនេះតទៅ!

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

ថ្ងៃនេះដែរក៏មានជូនក្រុមយុវជនកាយាឫទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្រឡា្ញញ់សន្តិភាព ៣៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនអ្នក/លោកគ្រូ ៣០៣នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយសិស្សានុសិស្ស ៧៤៧នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា ១ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ថវិកា២លានរៀល ជូនវិទ្យាល័យអូររាំង ២លានរៀល មណ្ឌលសុខភាពអូររាំង ២លានរៀល សាលាស្រុកអូរាំង ២លានរៀល ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥លានរៀលផង។ ថ្ងៃនេះ មានសិល្បករមកច្រើនផង។ (សម្ដេចអានឈ្មោះសិល្បករ) ហើយក៏មានក្រុមសិល្បករ តន្រ្តីពីអង្គភាពប្រឆាំងភេរវកម្មមកច្រើនផងដែរ។ សូមអរគុណដែលបានចូលរួមអបអរសាទរនៅថ្ងៃនេះ។ ជូនពរទាំងអស់គ្នា។

(២៤) កសាងស្ពានបាឡេ ជូនប្រជាជនឃុំជ័យមង្គលនិងសិរីឧត្តម ស្រុកលំផាត់

ថ្ងៃមុន ខ្ញុំឃើញបង្ហោះតាមហ្វេសប៊ុក នៅស្រុកលំផាត់ ខេត្តរតនគិរី មានប្រជាពលរដ្ឋដូចប្រមាណពីរឃុំ ប្រជាពលរដ្ឋជិត ១ម៉ឺននាក់ ត្រូវឆ្លងទឹក (ខ្លាច)មានការគ្រោះថ្នាក់។ អញ្ចឹងខ្ញុំឱ្យឯកឧត្តម ខេង សាម៉េត និងឯកឧត្តម ឆាយ ឫទ្ធិសែន ចុះទៅសិក្សា។ គ្មានអ្នកស្រុកលំផាត់មកទេ។ អញ្ចឹងផ្ដាំតាមមេក្រូ។ (ខ្ញុំ)ឱ្យសិក្សាមើល អាចដោះស្រាយចំពោះមុខ គឺធ្វើស្ពានបាឡេជូន​ ដើម្បីឱ្យបងប្អូនប្រើប្រាស់។ សិស្សត្រូវឆ្លងទឹក ហើយខែនេះផង។ អញ្ចឹងជួយរៀបចំស្ពានបាឡេជូន នៅកន្លែងហ្នឹង នៅជាប់ឃុំ តពីឃុំជ័យឧត្តម ឃុំសិរីមង្គល ដែលបានចុះទៅសិក្សា (មានប្រជាពលរដ្ឋ)ជិត ១ម៉ឺននាក់នៅទីនោះ ហើយ(មាន)សិស្សត្រូវឆ្លង។ បេតុងធ្វើមិនកើតទេ។ ដាក់មិនទាន់។ ធ្វើស្ពានបាឡេលឿន។ អញ្ចឹងសូមឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សិក្សា ដើម្បីដោះស្រាយបញ្ហានេះជូន។

(២៥) ផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋអត់ដីពិតប្រាកដ

មួយទៀត និយាយៗ ធ្លាក់ខ្យល់។ មានមេខ្យល់(កុហកបោកប្រាស់ប្រជាពលរដ្ឋ រឿងដីសម្បបទាន)។ ឥឡូវអញ្ចេះ រាជរដ្ឋាភិបាលបានប្រកាស។ រឿងដីសម្បទានសង្គមកិច្ច យើងធ្វើបន្ត។ កម្មវិធីយើងមាន។ ឥឡូវក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្ដើមពីដើមឆ្នាំក្រោយ។ ខ្ញុំមើលហ្វេសប៊ុកល្ងាចមិញនេះ មានមេខ្យល់ដើរបំផុសប្រជាពលរដ្ឋ មិនដឹងថាបង់លុយទៅគាត់(ឬទេ) ដើម្បីចុះឈ្មោះយកដីសម្បបទាន។ ខ្ញុំសូមបញ្ជាក់ អត់(ករណីដូចនេះ)ទេ។ (ខ្ញុំ)គ្មាន(បញ្ជូន)មេខ្យល់ណា ទៅបំផុសដើម្បីមកយកដីសម្បបទាននោះទេ។ បើចុះឈ្មោះ ត្រូវតាមយន្តការរដ្ឋ។ កន្លងទៅ យើងមានយន្តការដីសម្បទានចុះតាមអាជ្ញាធរឃុំ។ បន្តិចទៀត នៅពេលគណៈកម្មការបង្កើត គឺយើងមានការផ្សព្វផ្សាយច្បាស់លាស់ ចូល(រួមចុះឈ្មោះ)ច្បាស់លាស់។

អញ្ចឹង សូមឱ្យបងប្អូន កុំជឿលើមេខ្យល់ដែលកំពុងបំផុស ដើរយកលុយ ថាចុះឈ្មោះដើម្បីយកដី។ សូមឱ្យអាជ្ញាធរ​ សមត្ថកិច្ច មើលមេខ្យល់ហ្នឹងដើម្បីអនុវត្តច្បាប់។ បើមិនអញ្ចឹង ដើរបោកប្រជាពលរដ្ឋ។ តែមេខ្យល់អញ្ចេះ ធ្លាក់រហើយ។ មេខ្យល់នោះ ខ្យល់ក្ដៅ។ បោកប្រជាជន (ប្រជាជន)អស់លុយហើយ មានរឿងទៀត។ មិនស្រួលទៅកាប់ដី កាប់អីកន្លែងណា ជាប់ទោសបាត់។ អញ្ចឹងខ្ញុំសូមប្រាប់ បើខ្យល់នេះ ខ្យល់រហើយ ផាសុខភាព តែមេខ្យល់ចាប់ដីនេះ អត់ទេ គឺកុំធ្វើ។ បើសិនជាធ្វើ ត្រូវប្រឈមនឹងការអនុវត្តច្បាប់។ ប្រជាពលរដ្ឋ សូមកុំចាញ់បោក ខ្ញុំសូមប្រកាស។ នៅស្រុកពេជ្រាដា មានអាជ្ញាធរខេត្ត។ ឆែកមើលឱ្យច្បាស់។ មានអ្នក(កុហកបោកប្រាស់ប្រជាពលរដ្ឋ)។ មានគេបាញ់ឱ្យខ្ញុំ។ ខ្ញុំឃើញចុះផ្សព្វផ្សាយ។ ឥឡូវសូមឱ្យច្បាស់។ ដល់ពេលយើងរៀបចំយន្តការ (ផ្ដល់ដល់)ប្រជាពលរដ្ឋអត់មានដីពិតមែន។ សូមកុំជឿមេខ្យល់។ ខ្ញុំសូមប្រកាសចុងក្រោយទៅចុះ។ ខ្យល់ធ្លាក់មក ចេះនឹកឃើញរឿងហ្នឹង។ រំលឹកបន្តិចទៅចុះ ដើម្បីឱ្យប្រជាជនបានដឹង។ អាជ្ញាធរយើងបានដឹង។ សូមជួយទប់ស្កាត់ ព្រោះមានអ្នកឆ្លៀតឱកាស។

(២៦) សូមមានការប្រុងប្រយ័ត្នចំពោះការឆបោកគ្រប់ទម្រង់

សូម្បីតែខ្ញុំបង្កើតមូលនិធិដើម្បីទទួលថវិកាប្រជាពលរដ្ឋចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវព្រំដែន ឱ្យប្រជាពល​រដ្ឋចូលតាម QR code ផ្សព្វផ្សាយប៉ុណ្ណឹង មានអ្នកទៅលួចបង្កើត ABA ដើម្បីឱ្យ(លួចបន្លំឱ្យ)ប្រជាពលរដ្ឋចូល។ ទាល់តែចាប់។ បើមិនអញ្ចឹង ប្រជាពលរដ្ឋចាញ់បោកគាត់បាត់។ សម័យឥឡូវលឿន ផ្សព្វផ្សាយតាម Telegram តាម(បណ្ដាញសង្គម)អីនេះ ចូលមកខ្ញុំញយ។ តាម Telegram បបួលទិញនេះទិញនោះ។ អ្នកខ្លះ ចូលមកប្រើឈ្មោះមិត្តភក្ដិរបស់ខ្ញុំទៀត។ ថ្ងៃមុន ឈ្មោះ Telegram មិត្តភក្ដិរបស់ខ្ញុំ។ សុំខ្ចីលុយ ៥០០ដុល្លារ ថាគេជាប់នៅអ៊ីតាលី ទៅលេងនៅហ្នឹង។ ចោរលួយការបូបហើយ។ អញ្ចឹងសូមផ្ញើលុយ ៥០០ដុល្លារឱ្យមក បាញ់តាមនេះមក។ សួរទៅមិត្តភក្ដិរបស់ខ្ញុំថា​ ម៉េចបានទៅជាប់នៅអ៊ីតាលី? ថា “ខ្ញុំមានទៅឯណា ខ្ញុំនៅស្រុកខ្មែរតើ”។ សូមប្រយ័ត្នប្រយែងមែនទែន។ បច្ចេកវិទ្យានេះ(មានការបន្លំបោកប្រាស់ច្រើន)។ សមត្ថកិច្ចយើងបានធ្វើការងារច្រើន ទាំងក្រសួងមហាផ្ទៃ ទាំងក្រសួងប្រៃសណីយ៍ ទាំងក្រសួងជំនាញ ប្រយ័ត្នប្រយែងមែនទែន។

ដែលគ្រោះថ្នាក់ធំជាងគេម្ដងនោះ គឺយកឈ្មោះខ្ញុំ profile របស់ខ្ញុំទៅញ៉ែគេ។ ញ៉ែប៉ះចំកូនទាហានខ្ញុំ។ ដំបូងគេគោរពមេ ចុះឡើង ដល់ពេលដាក់សារចុងក្រោយ គ្នាដូចមិនច្បាស់។ គាត់ថា “មេមិនដែលនិយាយពាក្យហ្នឹង” តាម Whatapps។ គេដាក់រូប profile ខ្ញុំ។ ដល់ចុងក្រោយ គាត់បាញ់មក ខ្ញុំថាអត់ទេ “មេមិនមានទៅអីណាសុំលេខ សុំណាត់ទៅជួបនៅនេះ។ អត់ទេ!”។ បច្ចេកវិទ្យានេះពិបាក។ ការប្រើប្រាស់សូមឱ្យប្រុងប្រយ័ត្ន។ សូមឱ្យសមត្ថកិច្ចរបស់យើង ជាពិសេសខាងជំនាញទប់ ព្រោះមានការបោកតាមអនឡាញច្រើន ដែលយើងត្រូវប្រយ័ត្នប្រយែង។ ត្រូវពន្យល់ប្រជាពលរដ្ឋទៅ។ រឿងធំបំផុត ការចាប់ដីចាប់អី ឬមួយក៏ទិញស្អីនេះ។ (បង់លុយ)ចុះឈ្មោះយកដីនេះ សូមឱ្យប្រយ័ត្នប្រយែង ជាពិសេសនៅមណ្ឌលគិរី ស្រុកពេជ្រាដា។ មេខ្យល់ មិនដឹងនៅណាទេ ប៉ុន្តែគេថាមកចាប់យកនៅស្រុកពេជ្រាដា។ សូមប្រយ័ត្នប្រយែងលើកិច្ចការហ្នឹង ហើយសហការគ្នា …។ ខ្ញុំសូមអរគុណសាជាថ្មីដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ។ បងប្អូនដែលអញ្ជើញតាំងពីព្រឹកដើម្បីអបអរសាទរនូវសមិទ្ធផលទាំងបីរបស់ខេត្តមណ្ឌលគិរីនេះ សូមទទួលបានសេចក្ដីសុខ ជោគជ័យគ្រប់ភារកិច្ច ហើយសុវត្ថិភាពពេលធ្វើដំណើរត្រឡប់ទៅវិញ។ ខ្ញុំសូមអរគុណ៕

អត្ថបទទាក់ទង