Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 351

CNV:

ឌីជីថល យូរៗទៅ វាលែងចង់ស្ដាប់បញ្ជា។ ប្រហែលជាចូលដល់កម្រិតឆ្អឹងដែកស្បែកស្ពាន់។ អាទិត្យមុនដូចជាមានតែមួយល្ងាចគត់ដែលបានសម្រាក។ អាទិត្យនេះគឺចាប់ផ្ដើមពីដើមអាទិត្យ រហូតមកដល់ពេលនេះទាំងព្រឹកទាំងល្ងាច អមដោយឯកសារពេលព្រឹក ពេលល្ងាច ពេលយប់។ ស្អែកនៅសល់មួយព្រឹកទៀត។ អម្បាញ់​មិញ មុនចេញមកកម្មវិធី សួរថានៅសល់អីទៀត ថាថ្ងៃស្អែកអត់មានអី។ ប្រហែលពីនេះដល់ល្ងាចស្អែក មានអ្នកសុំជ្រែកកម្មវិធីទៀតក៏មានដែរ។ នេះជាកម្មផលរបស់យើងដែលទេព្ដាចារទុកថា(នេះជាបន្ទុក)ឲ្យអ្នកឯងមកធ្វើត្រង់នឹង។ អញ្ចឹងយើងមិនអាច គេហៅថាប្រឆាំងនឹងព្រហ្មលិខិតដែលតម្រូវឲ្យយើងមកនៅកន្លែងនឹងទេ។

សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតី!
ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាតជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ  ។

ជាដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន សមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២២ កន្លងមកនេះ ។

សមិទ្ធផលដែលក្រសួងមហាផ្ទៃខិតខំសម្រេចបានរួម មានការចូលរួមថែរក្សាសុខសន្តិភាព   ស្ថិរភាពនយោបាយ ការការពារ បូរណភាពទឹកដី អធិបតេយ្យជាតិ និងខិតខំថែរក្សាការពារសន្តិសុខ     សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមបានយ៉ាងល្អ ប្រសើរ ។ ក្រសួងមហាផ្ទៃបានសហការជាមួយគណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា រួមគ្នាធានាឱ្យដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ប្រព្រឹត្តទៅប្រកប-ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតនេះបាន យ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា ឬ ការគំរាមកំហែង  ។

កងកម្លាំងនគរបាលជាតិ និងកងកម្លាំងមានសមត្ថកិច្ច នានាបានសហការគ្នាថែរក្សាសន្តិសុខ  សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ក៏ដូចថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច និង ប្រតិភូជាន់ខ្ពស់នៃប្រទេស ដែលបានមកចូលរួមក្នុងកិច្ចប្រជុំនេះ បានយ៉ាងល្អ ធ្វើឱ្យកម្ពុជាយើងសម្រេចបានជោគជ័យយ៉ាង ត្រចះត្រចង់ ក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានទទួល បានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការលើកកម្ពស់ ថែមទៀត នូវកិត្យានុភាពរបស់កម្ពុជាយើងលើឆាកអន្តរជាតិ ។

ជាមួយនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក៏បានសហការគ្នាបង្កើននូវប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ការស្រាវជ្រាវករណី លាងសម្អាតប្រាក់ ព្រមទាំងការជំរុញបំផុសចលនាឱ្យមានការ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ។

ចំពោះការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃក៏បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ  បានខិតខំពុះពារសម្រេចនូវសមិទ្ធផលនានាជាច្រើន ។ ក្នុងនោះ រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបានខិតខំពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការអនុវត្តមុខងារ និងធនធានដែល បានផ្ទេរ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការ អភិវឌ្ឍមូលដ្ឋាន ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង ការដោះស្រាយជីវភាពប្រជាជន ដែលទទួលរងផលប៉ះពាល់ បណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង គ្រោះថ្នាក់នានា ក្នុងសង្គម គ្រួសារក្រីក្រនិងជនងាយរងគ្រោះនានានៅមូលដ្ឋាន ។

ក្រៅពីនេះ ក្រសួងមហាផ្ទៃក៏បានខិតខំពុះពារសម្រេច ក្នុងឆ្នាំ ២០២២ កន្លងទៅ ដូចជាការរៀបចំក្របខណ្ឌគោល- នយោបាយ ក្របខណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ការពង្រឹងស្ថាប័ន និងការ អភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង ពន្ធនាគារ ការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ការចុះបញ្ជី គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កិច្ចសហការដោះស្រាយពាក្យបណ្តឹង និងសំណូមពររបស់ ប្រជាពលរដ្ឋ។

ការអភិវឌ្ឍរបស់កម្ពុជា មួយផ្នែកទទួលរងឥទ្ធិពលពី សភាពការណ៍ ពិភពលោក ដែលបច្ចុប្បន្នកំពុងវិវត្តប្រែប្រួល យ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន បណ្តាលមកពីការប្រកួតប្រជែង ដណ្តើមភូមិសាស្ត្រ   នយោបាយ រវាងប្រទេសមហាអំណាចនានា ការបន្តអូស បន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុដែលបង្ក ឱ្យមានគ្រោះធម្មជាតិនានា ហើយជំងឺឆ្លងរាតត្បាតកូវីដ-១៩ ក៏មិន ទាន់លុបបំបាត់បានទាំងស្រុង ។ វិបត្តិ ទាំងនេះទាមទារការតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍ ក្នុងតំបន់និងសកលលោក ព្រម ទាំងត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុងប្រទេសឱ្យបាន ជាប់ជាប្រចាំ ដើម្បីដាក់ ចេញនូវវិធានការគ្រប់គ្រង ឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈម នានាប្រកបដោយប្រសិទ្ធភាព។

ផ្អែកតាមការវាយតម្លៃសភាពការណ៍នេះ ខ្ញុំសូមផ្តល់នូវគោល ការណ៍ ណែនាំមួយចំនួនបន្ថែមលើទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួង មហាផ្ទៃ ដូចខាងក្រោម៖

ទី១ ត្រូវបន្តពង្រឹង និងថែរក្សា ការពារសន្តិភាព ស្ថិរភាព- នយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះ- មហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំង បន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ។

ទី២ ឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជានឹងមាន ព្រឹត្តិ  ការណ៍ ជាប្រវត្តិសាស្ត្រសំខាន់ៗ រួមមានការរៀបចំការបោះ- ឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ និង ការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ។ ចំពោះការរៀបចំ ការបោះឆ្នោត ក្រសួង ស្ថាប័ន អាជ្ញាធរនិង កងកម្លាំងមានសមត្ថកិច្ច នានា ត្រូវផ្តល់កិច្ចសហការឱ្យបានល្អ ជាមួយ គ.ជ.ប ស្របតាម ច្បាប់ និងនីតិវិធីនៃការបោះឆ្នោត សំដៅរួម  គ្នាធានាឱ្យ ដំណើរ ការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពល្អប្រសើរ ។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នានា ត្រូវខិតខំរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរក្នុងអំឡុងពេល នៃ ការរៀបចំព្រឹត្តិការណ៍ទាំង នេះ រួមទាំងសុវត្ថិភាពចំពោះកីឡាករ និងអ្នកចូលរួមទាំងក្នុង និង ក្រៅប្រទេស ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវជំរុញការរៀបចំ សណ្តាប់ធ្នាប់ចរាចរណ៍ សោភ័ណ្ឌភាព និង អនាម័យឱ្យបានល្អប្រសើរ ។

ទី៣ – កងកម្លាំងនគរបាលជាតិត្រូវខិតខំបន្តអភិវឌ្ឍ សមត្ថភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទ- លើ្មសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទ-ល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។

ទី៤- ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ក្នុងសង្គម  ។  អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំ ដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និង ត្រូវរៀបចំ សណ្តាប់ ធ្នាប់ ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ តាម   ទីក្រុង ទីប្រជុំជនដើម្បី សម្រួលដល់ការធ្វើចរាចរណ៍ ។ អាជ្ញាធរ និងកង កម្លាំង មានសមត្ថកិច្ចត្រូវបង្កើនការអប់រំប្រជាពលរដ្ឋ ឱ្យចូលរួម បង្ការ គ្រោះ ថ្នាក់ក្នុងសង្គម ជាពិសេសត្រូវបង្កើនការ ប្រុងប្រយ័ត្ន ក្នុងការ បង្ការទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្មផលិតកម្ម និងត្រូវបង្កើនការបំផុស អប់រំប្រជាជនឱ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋាន រៀងៗខ្លួន ។

ទី៥- ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ  ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេស បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿនញៀនខុស- ច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូល- ដ្ឋាន ។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលពាក់ព័ន្ធ សមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះ-ស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងការគ្រប់គ្រងឆ្លើយតប ចំពោះគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតនានា នៅតាមមូលដ្ឋាននីមួយៗ ។

ទី៦- ក្នុងរយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះ ការផលិត និងការចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់មានការកើនឡើងគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងពិភពលោក ខ្ញុំសូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ធ្វើការសិក្សាឡើងវិញអំពីក្របខ័ណ្ឌច្បាប់ គោលការណ៍ និង វិធានការក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើ-ប្រាស់គ្រឿងញៀនខុសច្បាប់ និងការស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន ។

ទី៧- ត្រូវបង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ ព្រំដែន ទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀង ខុសច្បាប់ និងតាមច្រកសមុទ្រ ដើរទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង ជនបរទេស ព្រមទាំងពង្រឹងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ច- ហត្ថពល កម្មបរទេស ដោយត្រូវរួមគ្នាសហការអនុវត្តការងារអធិការកិច្ចហត្ថ ពលកម្មបរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំ ផ្សព្វផ្សាយអប់រំ លើកទឹកចិត្តឱ្យមានការគាំទ្រ និងការចូលរួម ពីពលករបរទេស ម្ចាស់រោងចក្រ សហគ្រាស និង មូលដ្ឋានអាជីវកម្ម ។

ទី៨- ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបន្តខិតខំប្រឹងប្រែងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីធានាឱ្យដំណើរការកែទម្រង់នេះសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងនោះត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខណ្ឌច្បាប់ យន្តការ វិធានការ និង លិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញកន្លងមក ដើម្បីកែលម្អឱ្យបានសមស្របជាមួយនឹងវឌ្ឍនភាពនៃការកែទម្រង់នេះ និង ដើម្បីលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។

[សេចក្ដីអធិប្បាយទី ១]

(១) កូវីដ១៩ ជំរុញមួយជំហានទៀត ការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានក្នុងវិស័យសុខាភិបាល

ខ្ញុំសូមអធិប្បាយបន្ថែមទៅលើចំណុចនេះបន្តិច។ អ្វីដែលយើងបានឆ្លងកាត់កន្លងទៅនេះ ជាពិសេសជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាមហន្តរាយដែលបានកើតឡើងនៅតាមមូលដ្ឋាននានា ទាក់ទងដូចជាគ្រោះទឹកជំនន់ជាដើម បានចង្អុលបង្ហាញអំពីជោគជ័យនៃកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនោះឯង។ យើងបានឆ្លងកាត់ពេលវេលាដ៏លំបាកនៅឆ្នាំ២០២០-២០២១។ ប្រសិនពេលនោះ យើងមិនបានផ្តល់អំ​ណាចទៅឲ្យមូលដ្ឋាននោះទេ ប្រហែលជាយើងជួបការលំបាកច្រើនជាងនេះ។ ដោយសារយើងបានដើរមួយជំហាន ក្នុងការបញ្ជូនអំណាចនេះទៅឲ្យមូលដ្ឋាន (ធ្វើអោយ)មូលដ្ឋានមានលទ្ធភាពគ្រប់គ្រងសភាពការណ៍នៅពេលនោះ។ ខ្ញុំក៏នៅចាំបានដែរថា ក្នុងកាលៈទេសៈកូវីដ-១៩ នេះ យើងក៏បានជំរុញមួយជំហានថែមទៀតនូវកំណែទម្រង់ដោយការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានក្នុងវិស័យសុខាភិបាលក៏ដូចជាវិស័យអប់រំ ពិសេសនៅក្នុងវិស័យសុខាភិបាលតែម្តង។

(២) ដំណើរការបែងចែកមុខងារ/អំណាចទៅឲ្យមូលដ្ឋាន រាប់ទាំងហិរញ្ញវត្ថុនិងការរៀបចំចាត់តាំងមន្ត្រី

យើងប្រមើលគិតមើល។ នៅពេលដែលយើងនៅទីក្រុងភ្នំពេញ តើយើងអាចធ្វើសកម្មភាពទាន់ពេលទេនៅរឿងរ៉ាវដែលបានកើតនៅឯមូលដ្ឋាន? គឺមានតែថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ ដែលមានសមត្ថភាពឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងអ្វីដែលបានកើតឡើងនៅឯមូលដ្ឋាន។ គ្រោះទឹកជំនន់ដែលបានកើត កម្លាំងថ្នាក់ជាតិប្រើពេលប៉ុន្មាន ទើបអាចទៅអន្តរាគមន៍ទាន់ពេល។ គឺកម្លាំងមូលដ្ឋានទៅវិញទេដែលបានដើរតួនាទីស្នូលក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ត្រូវជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព។ កម្លាំងនៅឯមូលដ្ឋានធ្វើជាស្នូល ដែលមានអន្តរាគមន៍ជួយដោយកម្លាំងបោះនៅទីនោះ។ កន្លែងដែលមានកងទ័ព គឺកងទ័ពចូលរួម កងទ័ព នគរបាល អាវុធហត្ថ ចូលរួមដោះស្រាយនៅទីនោះតែម្តង។ អញ្ចឹងទេ ចំណុចនេះជាចំណុចដែលខ្ញុំនៅតែជំរុញ លើកទឹកចិត្តឲ្យបន្តការជំរុញដំណើរការបែងចែកមុខងារ/អំណាចទៅឲ្យមូលដ្ឋាន ហើយការផ្ទេរអំណាចនេះ រាប់ទាំងការផ្ទេរអំណាចទាំងបញ្ហាហិរញ្ញវត្ថុនិងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ។

(៣) ការស្នើសុំតែងតាំងស្ត្រីក្នុងមុខតំណែងថ្មីមានចំនួនតិចពេក

និយាយដល់ចំណុចនេះ ខ្ញុំក៏គួរតែនិយាយទាក់ទិនជាមួយនឹងបញ្ហាការតែងតាំងមនុស្សនៅឯមូលដ្ឋានបន្តិច។ ដោយបានឃើញថា ការងារបច្ចុប្បន្ននេះ យើងបានរុញការងារទម្លាក់ទៅឲ្យមូលដ្ឋានកាន់តែច្រើន ថ្នាក់ជាតិបានផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនអាសនៈឲ្យរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង។ នេះគឺសំដៅដើម្បីឲ្យការរ៉ាប់រងការងារកាន់តែច្រើន ដែលផ្ទេរពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានបានទទួល។ ប៉ុន្តែ ខ្ញុំមានការសង្កេតមួយ ដោយនៅក្នុងពេលប្រជុំកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ការស្នើសុំតែងតាំងនៅមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក គឺមានស្ត្រីតិចពេកហើយ។ នេះជាបញ្ហាដែលខ្ញុំសូមរំលឹក យើងពិនិត្យមើលអភិបាលរងខេត្តប៉ុន្មាន ដែលបានតែងតាំងថ្មីៗ ដូចជាមានចំនួនស្ត្រីតិចពេក។ នៅថ្នាក់ខេត្ត ដែលយើងថាត្រូវឲ្យតែងតាំងបន្ថែមអភិបាលរង ៣ នាក់ ២ នាក់ យ៉ាងតិច ប៉ុន្តែយើងឃើញចំនួនស្ត្រីតិចពេក។ ឯនៅថ្នាក់ស្រុកក៏កាន់តែតិចទៅទៀត។

(៤) គ្រូបង្រៀន/សាស្ត្រាចារ្យ ជាប្រភពនៃការជ្រើសរើសស្ត្រីសំរាប់មុខតំណែងអភិបាលរងខេត្តឬស្រុក

កន្លងទៅនេះ ទាំងខ្ញុំក្តី ទាំងសម្តេចក្រឡាហោមក្តី ដែលដឹកនាំក្រសួងមហាផ្ទៃ យើងផ្តល់អំណាចឲ្យមូលដ្ឋានជាអ្នកជ្រើសរើសតាមរយៈគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត។ ក៏ប៉ុន្តែសំណើស្នើពីមូលដ្ឋានមកនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីតម្រូវការនៃបញ្ហាយេនឌ័រនោះទេ។ បើនិយាយពីឯកទេសគឺខ្ញុំជឿឧទាហរណ៍​ថា ត្រូវតែរកគ្រូពេទ្យដើម្បីនឹងតម្រូវមន្ទីរពេទ្យ។ ហ្នឹងយើងពិតជាខ្វះ ប៉ុន្តែមន្ត្រីមូលដ្ឋានមិនត្រូវបានខ្វះទេ។ ម៉េចបានខ្ញុំថាមិនខ្វះ គ្រូបង្រៀន ឬសាស្ត្រាចារ្យ អាចជាប្រភពនៃការជ្រើសរើស ផ្ទេរក្របខណ្ឌដើម្បីឲ្យមកទទួលជាអភិបាលរងខេត្ត ឬក៏ជាអភិបាលរងស្រុក ធ្វើទៅបាន។ ប៉ុន្តែបញ្ហានេះ នៅថ្ងៃប្រជុំ ខ្ញុំនិយាយដល់ថ្នាក់ជាតិផង និងថ្នាក់ក្រោមជាតិផង។ ឥឡូវខ្ញុំសូមនិយាយដល់ថ្នាក់ជាតិ ថ្នាក់ជាតិស្នើទៅមួយគំនរ អស់លោករដ្ឋមន្រ្តី ស្នើទៅខ្ញុំមួយគំនរៗ ខ្ញុំឲ្យអំណាច។ ពិតមែនតែនោះវាជាអំណាចរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំស្គាល់មន្ត្រីតិចជាងអស់លោក។ ឯកឧត្តម លោកជំទាវ ប៉ុន្តែឃើញសំណើស្នើទៅគឺឃើញតែប្រុស អត់ឃើញស្រី មិនដឹងថាយ៉ាងម៉េច។ អញ្ចឹងជួនកាលខ្ញុំក៏រុញមួយទៅៗ អាហ្នឹងជាចំណុចដែលយើងគួរតែរំលឹកដែរ។

(៥) រកវិធីជាក់ស្តែងតែងតាំងស្ត្រីក្នុងមុខតំណែង មិនមែនជាការឃោសនាបោះឆ្នោតទេ

យើងចេះតែនិយាយយេនឌ័រៗ គឺចេះតែនិយាយហើយ ប៉ុន្តែការជាក់ស្តែងវាអត់មាន អត់បានអនុវត្ត។ តើខ្វះពេកឬ យើងអាចនឹងរកវិធីតែងតាំងស្ត្រីឲ្យបានច្រើនជាងនេះ ដោយយើងមិនមែនគ្រាន់តែបញ្ហាធ្វើការឃោសនាបោះឆ្នោតស្អីទេ យើងត្រូវធ្វើឲ្យក្លាយទៅជារឿងជាក់ស្តែង។ ខ្ញុំបានពន្យល់ទៅក្នុង សម្រាប់អស់លោករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់រដ្ឋមន្ត្រី អភិបាលខេត្តរួចហើយ ឧទាហរណ៍ យើងអាចថា នៅក្នុងបណ្តាអនុប្រធាននាយកដ្ឋាន គឺវាមានសមាសភាពតើ ប៉ុន្តែដើម្បីឆ្លើយតបជាមួយនឹងកុំឲ្យមានបញ្ហា ឧទាហរណ៍ថាយើងត្រូវការអនុប្រធាននាយកដ្ឋាន ៥ នាក់ យើងសុំឲ្យស្ត្រីចូលប្រឡង ដើម្បីជាបេក្ខភាព គេហៅថាប្រឡងផ្ទៃក្នុងជ្រើសរើសថ្នាក់អនុប្រធាននាយកដ្ឋាន។ ថ្ងៃក្រោយ បើអនុប្រធាននាយកដ្ឋានហ្នឹងគាត់មានលទ្ធភាព គាត់អាចឡើងធ្វើប្រធាននាយកដ្ឋាន ថ្នាក់អគ្គនាយករង។ ឧទាហរណ៍ថាអត់ទាន់មានស្រីសោះយើងដាក់មួយទៅ ប៉ុន្តែមួយហ្នឹង ប្រមូលនារីៗ ដាក់នាំគ្នាប្រឡងទៅអាហ្នឹងគឺវាបាន។

(៦) វិនិយោគលើស្រ្តី គឺជួយដល់ខ្លួនឯង … ផ្តល់ការតែងតាំង ត្រូវតែផ្តល់ទាំងការងារធ្វើផង

ប៉ុន្តែ បេក្ខភាពទាក់ទងនឹងអភិបាលរងស្រុក ខណ្ឌ ក្រុង ឬអភិបាលរងខេត្ត ប៉ុន្តែខ្ញុំសុំស្នើឲ្យយកក្របខណ្ឌដែលមានស្រាប់ មិនមែនឲ្យយកក្រៅក្របខណ្ឌទេ។ អញ្ចឹងគ្រូបង្រៀន សាស្រ្តាចារ្យតាមវិទ្យាល័យ វិទ្យាល័យនៅឯមូលដា្ឋន ឥឡូវនេះសាស្រ្តាចារ្យនៅតាមមូលដ្ឋានរបស់យើង គឺមានសាស្រ្តាចារ្យដែលមានថ្នាក់បរិញ្ញា និងមានសាស្រ្តាចារ្យគ្រូបង្រៀនដែលមានថ្នាក់ ១២ បូក ២ ដែរ។ អញ្ចឹងពួកគាត់សុទ្ធតែមានលទ្ធភាពហើយសម្រាប់បេក្ខភាពជាស្រ្តីនោះ ដែលសុំស្នើឲ្យមានការយកចិត្តទុកដាក់បន្ថែម។ បើយើងចង់ឲ្យលើកតម្កើងតួនាទីរបស់ស្រ្តីនៅក្នុងគ្រប់កម្រិត យើងកុំមើលរំលង។ ខ្ញុំធ្លាប់និយាយថាវិនិយោគឲ្យស្រ្តី គឺជាការជួយដល់ស្រ្តីជាការជួយដល់ខ្លួនឯង។ នេះជាការដោះស្រាយ ហើយខ្ញុំនៅតែរំលឹកថាបើសិនជាតែងតាំងហើយ ត្រូវតែផ្តល់ការងារឲ្យធ្វើផងទៅ។ ចំណុចនេះជាការសង្កេតរបស់ខ្ញុំ។ ខ្ញុំអ្នកចុះហត្ថលេខាថ្នាក់អនុក្រឹត្យស្អីៗហ្នឹង។ ខ្ញុំអ្នកចុះហត្ថលេខារហូតទៅសុំព្រះរាជក្រឹត្យ។ ក្រៅពីនោះការសុំផ្ទេរក្របខណ្ឌក្រសួងមហាផ្ទៃសម្តេចក្រឡាហោមបញ្ជូនមកឲ្យខ្ញុំ និយ័តភាពពីខាងណេះមក ឃើញនិយ័តភាពពីប្រុស អត់ឃើញនិយ័តភាពពីស្រីផង។

(៧) គ្រប់រចនាសម្ព័ន្ធគប្បីតម្លើងស្ត្រីក្នុងមុខតំណែង ដោយសមាមាត្រនឹងកំណើនមុខតំណែង/ងារ

យើងមានកម្រិតត្រូវធ្វើអនុប្រធាន។ អនុប្រធានស្រុកត្រូវតែក្រមការអីអញ្ចឹង។ អញ្ចឹង ហ្នឹងត្រូវសុំមកនាយករដ្ឋមន្រ្តី។ ដល់មើលទៅមួយគំនរមកអញ្ចឹង មុននឹងហត្ថលេខា ខ្ញុំមើលសិន។ កត់សម្គាល់ទុក។ ប៉ុន្តែ នៅតែចារយល់ព្រមឲ្យ។ ប៉ុន្តែថ្ងៃនេះ មកនិយាយជាមួយគ្នាតែម្តង។ អញ្ចឹងខ្ញុំសុំផ្តាំផ្ញើអញ្ចេះ។ មិនទាន់ហួសពេលទេ។ នៅពេលខាងមុខមានអនុប្រធានស្រុកចូលនិវត្ត ដូចជាអភិបាលរងស្រុកគាត់ហ្នឹងធ្វើដល់ ២ អាណត្តិហើយ។ អញ្ចឹងគប្បីត្រូវតែជ្រើសរើសអ្នកដែលដាក់ជំនួសនោះយកជាស្រ្តីមកដាក់ជំនួស។ កុំស្លាប់ក្រឡា។ កន្លងទៅថាគ្រប់រចនាសម្ព័ន្ធគឺឲ្យមាន(ស្ត្រី)ម្នាក់ គឺម្នាក់គត់តែម្តង។ ដល់ទៅឡើងចំនួនហើយគឺនៅតែម្នាក់ទៀត។ រាប់ទាំងខេត្តដែលមានអភិបាលខេត្តជានារី ក៏មិនព្រមតែងតាំងនារីខ្លួនឯង។ ហ្នឹងខ្ញុំមិនដឹងធ្វើម៉េចទៀត។ សុំឲ្យបង្កើនការយកចិត្តទុកដាក់។

(៨) រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្រោមរាជរដ្ឋាភិបាល មិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃទេ

មួយទៀត ទាក់ទងនឹងការពង្រឹងមូលដ្ឋាន ផ្ទេរអំណាចទៅមូលដ្ឋាន។ សូមបំបាត់ចោលនូវការភាន់ច្រឡំថារដ្ឋបាលខេត្តរាជធានីជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ។ ត្រូវបំបាត់ការភាន់ច្រឡំបែបនេះ។ កន្លងទៅ នៅពេលដែលយើងពង្រឹងរដ្ឋបាលឯកភាពនៅខេត្ត បែរជាមានការភាន់ច្រឡំនិងប្រើពាក្យពេជថា ក្រសួងគឺច្បាមយកអំណាច ទាញអំណាចពីស្ថាប័ននានា។ ទស្សនៈបែបនេះ ជាការខុសឆ្គងធំណាស់។ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតនៅក្រោមរាជរដ្ឋាភិបាល គ្រាន់តែឲ្យមហាផ្ទៃទទួលខុសត្រូវ ប៉ុន្តែមិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃទេ។ ខុសគ្នាជាមួយនឹងក្រសួងកសិកម្ម ខុសគ្នាជាមួយនឹងក្រសួងនានា ដែលមានមន្ទីរនៅតាមរបស់ខ្លួន។ ឯនោះជារដ្ឋបាលមួយ អត់មានតែផ្នែកកិច្ចការបរទេសទេ អត់មានតែក្រសួងការបរទេសទេ។ មានគ្រប់វិស័យទាំងអស់។ នៅក្នុងទីនោះមានយោធា មាននគរបាល មានមន្ទីរនានាដូចរដ្ឋាភិបាលមួយអញ្ចឹង  … នៅវៀតណាមអី គេអនុញ្ញាតិឲ្យមានមន្ទីរកិច្ចការបរទេស។ សម្តេចក្រឡាហោម យើងក៏ត្រូវពិនិត្យមើលដែរ គឺដូចជាយើងគួរតែឲ្យមានមន្ទីរ គេហៅថាមន្ទីរទទួលបន្ទុកគេហៅថាច្រកចេញចូលតែមួយ ព្រោះកិច្ចការបរទេសក៏វាដើរតួនាទីសំខាន់ដែរនៅតាមបណ្តាខេត្តដែលមានអ្នកវិនិយោគិននិងមានកុងស៊ុលនៅទីនោះ។ អញ្ចឹង ខ្ញុំសុំស្នើឲ្យបំបាត់នូវការភាន់ច្រឡំទាំងឡាយណា ដែលគេហៅថារដ្ឋបាលថ្នាក់ក្រោមជាតិជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ …។

(៩) ស្នើគ្រប់ស្ថាប័ននិងបណ្តាខេត្តរាជធានីបង្កើតនិងចូលរួមក្នុង Channel telegram

នៅទីនេះ ខ្ញុំធ្វើការលើកទឹកចិត្តដើម្បីឆ្លើយតបទៅនឹងព័ត៌មាន ព្រោះកន្លងទៅបង្កើត facebook តែ facebook នៅតាមស្ថាប័ន នៅតាមខេត្តនានា ឬតាមស្ថាប័ន ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ណាមួយពីទីសាធារណជនធ្វើការបំភ្លឺទេ។ អញ្ចឹង ខ្ញុំសុំស្នើឲ្យគ្រប់ស្ថាប័ននិងតាមបណ្តាខេត្តរាជធានីបង្កើត Channel មួយទៀត Channel telegram នេះជាការឆ្លើយតបលឿនបំផុតហើយ។ ឧទាហរណ៍ មានព័ត៌មានមួយចេញមក អ្នកដែលអាចបំភ្លឺបានដោយមិនចាំបាច់បង្ហោះ Facebook ដើម្បីឆ្លើយតប គឺប្រព័ន្ធ Channel telegram សំរាប់ខ្ញុំ មកដល់ពេលនេះ ប្រព័ន្ធ telegram channel របស់ខ្ញុំគឺមានចំនួនដូចជាជាង ៤០ ម៉ឺននាក់ ។  ខ្ញុំមានជាង ៤៤ ម៉ឺននាក់។ ខ្ញុំសង្ឃឹមថាចំនួនអ្នកដែលចង់ទទួលព័ត៌មានឆាប់រហ័សនៅក្នុង telegram អាចនឹងមានការកើនឡើងព្រោះប្រទេសរបស់យើងគឺមនុស្សចូលចិត្តប្រើ Telegram។ អ្នកណាក៏អាចភ្ជាប់ជាមួយបានដែរ រាប់ទាំងអ្នកប្រឆាំងអ្នកស្អីចូលមក ព្រោះគេអត់មានត្រូវឆ្លងឆ្លើយអីនៅហ្នឹងទេ គឺគេទទួលព័ត៌មានរហ័ស។

ខ្ញុំចង់ឲ្យបង្កើត Channel telegram  ដើម្បីឲ្យអស់លោកងាយស្រួល។ ពេលដែលបង្កើត Channe telegram ផ្ទាល់ខ្លួន អស់លោកផ្សព្វផ្សាយព័ត៌មានអីមួយមក ខ្ញុំអាចយកព័ត៌មានអស់លោកមកបញ្ចូលក្នុង telegram របស់ខ្ញុំ។ អស់លោកមានត្រឹមថា ៣០០០ ឬ ១០០០ នាក់ ប៉ុន្ដែពេលខ្ញុំយកវាមកបញ្ចូលក្នុង telegram របស់ខ្ញុំគឺវាមានចំនួនកើនឡើងយ៉ាងរហ័ស។ telegram ក៏អាចផ្សាយបន្ដផ្ទាល់ គ្រាន់តែរឿងសំភាសន៍ឬស្អីៗនឹង ខ្ញុំមើលឃើញថាចូលមើលម្ដងៗ មិនតិចជាង ១០ ម៉ឺននាក់ទេ។ ព័ត៌មានមួយនេះទាក់ទិនជាមួយនឹងការរាប់ថយក្រោយ នៅ ៧១ ថ្ងៃ អ្នកចូលមើល ក្នុងហ្នឹងមាន ១៥ ម៉ឺន ៩ ពាន់នាក់។ អញ្ចឹងវារហ័សណាស់ ប្រៀបធៀបជាមួយ ហ្វេសប៊ុក។ វាល្អជាងហ្វេសប៊ុកឆ្ងាយណាស់ គ្រាន់តែអានេះមិនអាចមានសារឆ្លើយឆ្លងនៅហ្នឹង។ ប៉ុន្ដែព័ត៌មានត្រូវបានបំភ្លឺទាន់ពេល។ អញ្ចឹង ខ្ញុំសូមស្នើឲ្យធ្វើកិច្ចការងារនឹងដើម្បីរួមគ្នាទទួលព័ត៌មានបានរហ័ស។ ខ្ញុំនឹងធ្វើទំនាក់ទំនងជាមួយអស់លោកណា ស្ថាប័នណា ឬខេត្តណា បង្កើតChannel telegram រួចហើយគឺបាញ់មកឲ្យខ្ញុំ។ ខ្ញុំចុចបញ្ចូលទៅវាក្លាយជាព័ត៌មានមួយ។ នៅពេលដែលអស់លោកមានការបំភ្លឺ ឬសកម្មភាពអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ ខ្ញុំនឹងទាញមកក្នុង Channel telegram របស់ខ្ញុំ ដើម្បីផ្សព្វផ្សាយទៅមនុស្សច្រើនគ្នាជាងនឹង ដើម្បីចៀសវាងដែលគេហៅថាព័ត៌មានបំភ្លៃការពិត។

(១០) ព័ត៌មានក្លែងក្លាយ មិនមែនជាដំណើរការប្រជាធិបតេយ្យ ឬសិទ្ធិបញ្ចេញមតិទេ

យើងត្រូវរួមគ្នាកំចាត់ចោលនូវព័ត៌មានក្លែងបន្លំ ព្រោះពិភពលោកទាំងមូលកំពុងប្រយុទ្ធជាមួយនឹងវា។ មិនត្រូវទុកឲ្យវារស់នៅលើទឹកដីកម្ពុជាទេ ព្រោះវាអាក្រក់ វាសាហាវ។ វាមិនមែនជាដំណើរការប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិទេ។ បរទេសមួយចំនួនបានជួបខ្ញុំ ខ្ញុំសួរតើវាជាសិទ្ធិបញ្ចេញមតិឬជាព័ត៌មានក្លែងក្លាយដែលពិភពលោកកំពុងស្អប់ខ្ពើមនិងលុបបំបាត់។ ឆ្លើយជាមួយខ្ញុំមិនរួចទេ។ខេត្តខ្លះគេវាយប្រហារទៅលើចៅហ្វាយខេត្តចង់ងាប់ចង់រស់ អ្នកនាំពាក្យក៏បាត់ទៅណាទៅ។ អត់ទេ! ស្រួលខ្លួនឯង។ ចៅហ្វាយខេត្តសរសេរខ្លួនឯងបញ្ចូលក្នុង telegram នឹងទៅ។ ឧទាហរណ៍យើងដាក់ admin ប៉ុន្មាននាក់ ក្នុងនោះមានអភិបាលខេត្ត អភិបាលរងប៉ុន្មាននាក់អញ្ចឹងទៅ ហើយមាន admin ជួយបន្ថែមអញ្ចឹងទៅ។ យើងអាចដោះស្រាយបានបញ្ហាលើបញ្ហាព័ត៌មានក្លែងក្លាយ ហើយយើងអាចចែករំលែកគ្នា។ ក្រសួងស្ថាប័នខ្លះឃើញពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនរុញចូលក្នុង channel របស់ខ្លួន ទាញយកពីគេមកដាក់។ ខ្ញុំខ្វះអីខ្ញុំទាញយកពី Freshnews កោះសន្ដិភាព ភ្នំពេញដេលី កម្ពុជាថ្មី ដើម្បីបញ្ចូលក្នុងអានឹង(ឆាណែលរបស់ខ្ញុំ)ដើម្បីចែករំលែកព័ត៌មានទាក់ទងនឹងសភាពការណ៍ដែលបានកើត។

(១១) វិមជ្ឈការនិងវិសហមជ្ឈការទាំងការចាត់តាំងទាំងហិរញ្ញវត្ថុ

អញ្ចឹង ត្រឡប់មកវិញសុំឲ្យយកចិត្តទុកដាក់រុញ ផ្ទេអំណាចមកឲ្យមូលដ្ឋាន ជោគជ័យរបស់យើងមិនអាចកាត់ផ្ដាច់ពីជោគជ័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានប្រឹងប្រែងធ្វើកន្លងទៅគ្រាន់តែកន្លងទៅយើងធ្វើយឺតឬធ្វើលឿន សូមឲ្យស្មើដៃគ្នាធ្វើការងារនឹង។ សូមកុំគិតថា អញឲ្យអំណាចទៅអស់។ អត់ទេ។ វាត្រូវមានរដ្ឋបាលឯកភាពមួយនៅថ្នាក់ក្រោមជាតិ និងសុំកុំអោបក្រសោបការងារថ្នាក់ស្ថាប័ននៅខាងលើ។ ការធ្វើដូច្នេះ បើនិយាយតាមមួយបែប វាគ្រាន់តែជាការរក្សាទុកនូវអំនាចរបស់រដ្ឋមន្ដ្រីលើការងារចាត់តាំង និងហិរញ្ញវត្ថុ ព្រោះកាលណាតែយើងឲ្យទៅខាងក្រោមត្រូវឲ្យទាំងលុយទាំងមុខងារភារកិច្ច ទើបគេធ្វើបាន។និយាយអញ្ចឹងមិនមែនថាអស់លោក លោកជំទាវទាំងអស់គ្នារក្សាទុកលុយ ទុកអំណាចនៅខាងលើទេ ប៉ុន្ដែយើងត្រូវដឹងថាការងាររបស់យើងមានវិសាលភាពធំ …។

[បញ្ចប់សេចក្ដីអធិប្បាយទី ១]

ទី៩- ក្នុងកិច្ចការគាំពារ ដើម្បីរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទទួលបានលទ្ធផល គួរជាទី មោទនៈ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យ អនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុង ពេល មានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពី គ្រោះទឹកជំនន់ ។ ដូច្នេះ ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បី ធានានូវប្រសិទ្ធភាព សុចរិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមខាងលើ ។

[សេចក្ដីអធិប្បាយទី ២]

(១២) ឧបត្ថម្ភគ្រួសារក្រីក្រក្នុងកាលៈទេសៈកូវីដ១៩ ​ដោយវាយតម្លៃ ៣ ខែម្តង

នេះជាការសខិតខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ប្រទេសយើងដែល(ជា)ប្រទេសក្រីក្រ។ ក៏ប៉ុន្ដែ យើងមិនបណ្ដែតបណ្ដោយប្រជាពលរដ្ឋរបស់យើងដែលក្រហើយនោះ កាន់តែក្របន្ថែម នៅក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺ covid-19 ដែលវាមិនទាន់ឆ្លងផុត បូកនឹងបញ្ហាអតិផរណាកើនឡើង។ យើងបានផ្ដល់សាច់ប្រាក់សម្រាប់ឧបត្ថម្ភអស់ជាប្រមាណ ១០០០ លានដុល្លារទៅហើយ ហើយនៅតែបន្ដការជួយឧបត្ថម្ភដោយ ៣ ខែធ្វើការវាយតម្លៃម្ដង។ ប៉ុន្ដែសូមឲ្យខាងមូលដ្ឋានធ្វើការនេះឲ្យបានម៉ត់ចត់ ត្រឹមត្រូវ ចៀសវាង នូវការបាត់បង់ណាមួយ។ ដូចជាករណីនៅខេត្តកណ្ដាល ដូចជាស្មៀនឃុំម្នាក់នៅតាខ្មៅគ្រាន់តែកិបកេងយកលុយអស់ប៉ុន្មាន ទម្រាំតែរកឃើញមិនចេះតិច។ នេះចេះរកឃើញ។ គ្រួសារក្រីក្រដែលយើងតម្រង់ទៅឲ្យគ្រួសារក្រីក្រតែវាមិនបានដល់គ្រួសារក្រីក្រ វាបានត្រឹមអ្នកពុករលួយ។ ចុះបើរកមិនឃើញអ្នកដែលត្រូវបាន គ្នាវាអត់រហូត។ នឹងហើយជាបញ្ហាត្រូវយកចិត្តទុកដាក់ដោះស្រាយអត់មានលើកលែងទេ។ ចោទប្រកាន់ផ្ដន្ទាទោស អត់មានត្រឹមតែមួយសងលុយ សងលុយហើយជាប់គុកទៀត ត្រូវនិយាយគ្នាឲ្យច្បាស់។ រាជរដ្ឋាភិបាលបានប្រឹងណាស់។ កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជន ហើយយកទៅធ្វើមានបាន។ បំផ្លាញសេចក្ដីសុខរបស់ប្រជាជនដែលត្រូវទទួលផលរាប់សិបគ្រួសារនោះ។

[បញ្ចប់សេចក្ដីអធិប្បាយទី ២]

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល- ជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំពុះពារប្រឹងប្រែងសម្រេច បាននូវសមិទ្ធផលជាច្រើនកាលពីឆ្នាំ ២០២២ កន្លងទៅនេះ ។ ជាទិបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ, ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាត៕

អត្ថបទទាក់ទង