Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 361

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
គណៈធិបតី ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំ​ សាស្រ្តាចារ្យ បុគ្គលិកសិក្សា ​
និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនិងនិស្សិតជាលាភីទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៥៦១ នាក់ (នារី ៣៣៣ នាក់ ឬស្មើនឹង​ ៥៩%) នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកា​រខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, លោកគ្រូ អ្នកគ្រូ, សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំ​ក៏សូម​ចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា និងអាណាព្យាបាល ចំពោះមោទនភាព និងសមិទ្ធផលថ្មី សម្រាប់​គ្រួសារ និងសង្គម។

ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ​ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែល​បានរៀបរាប់​អំពីកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ នៅក្នុងការរៀប​ចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីជំរុញ និងគាំទ្រ​ដល់​កិច្ចការងារស្រាវជ្រាវ, ចីរភាពនៃ​ការ​ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា, ការពង្រឹងយន្តការត្រួតពិនិត្យគុណភាពបណ្តុះបណ្តាល ក៏ដូចជាការបង្កលក្ខណៈឱ្យ​និស្សិត ទទួលបាននូវការបណ្តុះបណ្តាលផ្នែកទ្រឹស្តី ដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង។ ខ្ញុំ​ពិតជាមានសេចក្តីរីករាយ នៅពេលដែលបានដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីចំនួន ៥៦១ នាក់ អ្នកមានការងារធ្វើរហូតដល់​ ៥៥៥ នាក់ ស្មើនឹង ៩៩% រួចទៅហើយ ។ នេះគឺជា​ការចូលរួមចំណែក​ដ៏សំខាន់របស់ស្ថាប័នឧត្តមសិក្សា ដែលមិនត្រឹមតែជួយបង្កើត​ និងបណ្តុះបណ្តាល​ធនធាន​មនុស្សប្រកបដោយ ​គុណភាពប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបាន​ជួយផ្សារភ្ជាប់ធនធានមនុស្ស ជាមួយ​នឹងទីផ្សារ​ការងារជាក់ស្តែងថែមទៀត​។​ ខ្ញុំ​ជឿជាក់ថា និស្សិតជ័យលាភី ពិតជាមានមោទនភាព នៅពេលដែលយើង​បាន​បញ្ចប់ការសិក្សាដោយ​ជោគជ័យ ព្រម​ទាំង​​មាន​ការងារធ្វើ​ និងទទួលបានចំណូលសមរម្យ​សម្រាប់គាំទ្រ​ និងបង្កើន​សេដ្ឋកិច្ចគ្រួសារ។ នេះគឺជាសេចក្តីរំភើបរីករាយរបស់យើង​គ្រប់​គ្នា​ ពេលដែល​យើងបាន​ចាប់​ផ្តើម​​ចូលប្រឡូកក្នុងសង្គមការងារ ហើយបាន​ប្រែក្លាយខ្លួនពីអ្នក​ទទួល​ផល​ពីសង្គម​​ទៅជាតួអង្គ​ឯករាជ្យ​មួយ ដែល​អាច​រួមចំណែកបង្កើត​ផលប្រយោជន៍ដល់​ការអភិវឌ្ឍសង្គមជាតិយើងវិញ​ […]

រាជរដ្ឋាភិបាល​នីតិកាលទី ៧ នៃរដ្ឋសភា បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត ចំពោះកត្តា«មនុស្ស» នៅ​ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាម​​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០​។ ជាមួយនឹងបាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដែល​សុទ្ធតែផ្តោតសំខាន់​ទៅលើ​កត្តា «មនុស្ស» ជាក់ស្តែង​ដូចជា ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល; ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជន ចំនួនប្រមាណជាង ១,៥លាននាក់; ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់; ការដាក់ចេញ និងការជំរុញ​អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ; ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់​ៗ; និង​ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។​

«មនុស្ស» គឺជាកត្តាស្នូល​នៃគោលនយោបាយរបស់យើង ដូច្នេះ​ហើយ​ការអប់រំ និងការ​បណ្តុះបណ្តាល​មូលធនមនុស្ស គឺជា​យុទ្ធសាស្ត្រ​វិនិយោគវែងឆ្ងាយរបស់​រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន​សង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែល​ផ្តោត​លើ​ជំនាញ និងចំណេះដឹង, និងដើម្បីធានា​ថា កម្ពុជា​នឹង​មិន​ធ្លាក់ចូលក្នុង​អន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏​វែងឆ្ងាយរបស់យើង​ ឈាន​ឆ្ពោះទៅឋានៈ​ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០​​។​ ខ្ញុំដឹងថា ​ក្នុងចំណោម​ជ័យលាភី មាននិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៤០៣ នាក់ (នារី ២៧៥ នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំនួន ១៥៨ នាក់ (នារី ៥៨នាក់)។

ខ្ញុំសូមគូសបញ្ជាក់ថា ក្នុងចំណោមវិស័យសំខាន់ៗនានា, ​វិស័យសុខាភិបាល គឺជាវិស័យអាទិភាពសំខាន់បំផុតមួយ​របស់រាជរដ្ឋាភិបាល នៅក្នុងការធានា​បាន​នូវសុខុមាលភាពរបស់ប្រជាជន និងភាពធន់នៃសង្គម។​ កាលពីខែឧសភាកន្លងទៅនេះ, ខ្ញុំ​បាន​ប្រកាសដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤–២០៣៥»។ ការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់ ព្រមទាំងបាន និងកំពុងនាំមកនូវភាពសំខាន់និងលទ្ធផល និងវឌ្ឍនជាច្រើនគួរជាទីមោទនៈ។ ជាក់ស្តែង, ចំណាយសរុបលើវិស័យសុខាភិបាល​នៅកម្ពុជា ក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ចំនួនប្រមាណ ២ ២៩​៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៧៣ លានដុល្លារអាមេរិក, មានកំណើនជិត ៣ ដង បើធៀបនឹងឆ្នាំ ២០១៣, ដែលមានត្រឹមចំនួន ៩០៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២២៦ លានដុល្លារអាមេរិក តែប៉ុណ្ណោះ។

តាមរយៈការវិនិយោគលើវិស័យសុខាភិបាលនាពេលកន្លងទៅ, សូចនាករមួយចំនួនបានឆ្លុះបញ្ចាំងច្បាស់អំពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល រួមមាន ៖ (១). ការកើនឡើងកម្រិតសន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត, ពី ២៤% ក្នុងឆ្នាំ២០០០, រហូតដល់ ៥៨% ក្នុងឆ្នាំ២០២១; (២). ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី ៥៩ ឆ្នាំ ក្នុងឆ្នាំ២០០០, រហូតដល់ ៧៦ ឆ្នាំ ក្នុងឆ្នាំ២០២១; (៣). ការថយចុះនៃទំហំចំណាយពីហោប៉ៅរបស់ប្រជាពលរដ្ឋ លើការថែទាំសុខភាព, ពីប្រមាណ ៧០% ក្នុងឆ្នាំ២០០០, មកនៅត្រឹមប្រមាណ ៦០% ក្នុងឆ្នាំ២០២០; និង(៤). ការថយចុះនៃអត្រាមរណភាពមាតា និងទារក ដែលក្នុងនោះ, មរណភាពមាតា បានធ្លាក់ចុះពី ៤៣៧ នាក់ ក្នុងឆ្នាំ២០០០, មកនៅត្រឹម ១៥៤ នាក់ ក្នុងឆ្នាំ២០២២, ក្នុងចំណោមទារក ១០ ម៉ឺន កំណើតរស់; និងមរណភាពទារកដែលទើបនឹងកើត បានធ្លាក់ចុះពី ៣៧ នាក់ ក្នុងឆ្នាំ២០០០, មកនៅត្រឹម ៨ នាក់ ក្នុងឆ្នាំ២០២២, ក្នុងចំណោម ១ ០០០ កំណើតរស់។

ទន្ទឹមនេះ, សមាសធាតុនៃប្រព័ន្ធគាំពារសុខភាពសង្គម ដែលរួមមាន មូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពទូទាំងប្រទេស ជាបន្តបន្ទាប់។ គិតត្រឹមខែមីនា ឆ្នាំ២០២៤, មូលនិធិសមធម៌សុខាភិបាលដែលយើងហៅថាបណ្ណក្រីក្រសម្រាប់ប្រជាពលរដ្ឋ គ្របដណ្តប់លើពលរដ្ឋគោលដៅ ប្រមាណ ៤,៧ លាននាក់, ស្មើនឹង ២៧% នៃប្រជាជនសរុប។ បានន័យថា ៤,៧លាននាក់ បានត្រូវរដ្ឋជួយយកអាសាតាមរយៈការផ្ដល់នូវបណ្ណមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ដោយឡែក, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព កំពុងគ្របដណ្តប់លើពលរដ្ឋគោលដៅប្រមាណ ២,១ លាននាក់ ឬស្មើនឹង ១២% នៃពលរដ្ឋសរុប។ ជារួម, បច្ចុប្បន្ន, ពលរដ្ឋចំនួនប្រមាណ ៧ លាននាក់ ឬស្មើនឹង ៤១% នៃពលរដ្ឋសរុប ត្រូវបានគ្របដណ្តប់ ដោយប្រព័ន្ធគាំពារសុខភាពសង្គមតាមរយៈ បសស ឬបណ្ណសមធម៌សុខាភិបាលដែលយើងនិយាយដោយខ្លីពាក្យសាមញ្ញ។ យើងកំពុងតែដាក់ចេញនូវគោលដៅទៅថ្ងៃអនាគតក្នុងផែនការ២០៣៥ ដែលប្រជាពល​រដ្ឋយើងទាំងអស់មិនមាននរណាម្នាក់ដែលហ្នឹងត្រូវបោះបង់ចោលមិនអាចមានលទ្ធភាពទៅព្យាបាលតាម… មានការគ្របដណ្ដប់នៅគោលនយោបាយសុខាភិបាលកម្រិតណាមួយនោះទេ។

ចំពោះ​​​វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ​ទ្យា និងនវានុវត្តន៍, រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក​វិស័យនេះជាកម្លាំងចលករ​ដ៏សំខាន់​មួយ ក្នុង​ការ​ជំរុញដល់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, បង្កើតតម្លៃ​បន្ថែម, បង្កើតប្រាក់ចំណូលជូនប្រជាជន, និងការជំរុញ​ពិពិធកម្មមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសជាតិ ។ ក្នុងឱកាសបិទសន្និបាតរបស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ខ្ញុំបានណែនាំ​ក្រសួង​សិក្សារៀបចំក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្សផ្នែកបច្ចេកវិទ្យា ​សម្រាប់រយៈពេលមធ្យម និងវែង, ព្រមទាំងលើកកម្ពស់ការចងក្រង និងការទាក់ទាញប្រមូលមូលធនមនុស្សផ្នែកបច្ចេកវិទ្យា, ទាំងក្នុងស្រុកនិងក្រៅស្រុក។

ទន្ទឹមនេះ, ខ្ញុំក៏បាន​ជំរុញឱ្យ​មាន​ការរៀបចំគោលនយោបាយ សម្រាប់បង្កើតបរិស្ថានអំណោយផល និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅកម្ពុជា, ព្រមទាំងតម្រង់ទិសចំពោះការអនុវត្ត ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ, ហើយបន្តជំរុញការរៀបចំសួនវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI Park), សារមន្ទីរវិទ្យាសាស្ត្រ (Science Museum), ក៏ដូចជា ការរៀបចំ និងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន (ASEAN Technology Transfer Hub)។

ក្នុងចំណោម «បច្ចេកវិទ្យា», រាជរដ្ឋាភិបាល បាន ​និង​កំពុងយកចិត្តទុកដាក់ខ្ពស់លើបច្ចេកវិទ្យា ឌីជីថល និង​​បានខិតខំជំរុញ​ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយ​បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥», និង«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣- ២០២៨» ។ សម្រាប់​កម្ពុជា, ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿជាក់ និងទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ​អត្តសញ្ញាណ និងវប្បធម៌ជាតិ។

ក្នុងការជំរុញការអនុវត្ត​គោលនយោបាយ​ដែលខ្ញុំ​បាន​គូសបញ្ជាក់រំលេច​ខាងលើ, រាជរដ្ឋាភិបាល ​តែងតែ​ចាត់ទុក​ស្ថាប័ន​ឧត្តម​សិក្សាជាដៃគូសហការដ៏ជិតស្និទ្ធ និងមិន​អាចខ្វះបាន នៅក្នុង​ការតម្រង់ទិស​អនាគតមូលធនមនុស្សឱ្យចំគោលដៅ ដោយ​ផ្អែក​​លើ​ចក្ខុវិស័យរួមប្រកប​ដោយ​មហិច្ឆតារបស់កម្ពុជា។ ស្ថាប័នឧត្តមសិក្សា គឺជាតួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងការ​ធានា​ថា យុវជនជំនាន់ក្រោយរបស់​កម្ពុជា​ មានជំនាញសម្រាប់​អនាគត, មាន​ភាពធន់ និងសមត្ថភាព​សម្របខ្លួន បានឆាប់រហ័ស​ តាមទាន់​ការវិវឌ្ឍ​ជឿនលឿននៃបរិការណ៍សង្គម និងបច្ចេកវិទ្យា។ ក្នុងស្មារតីនេះ, ខ្ញុំចង់​​លើកទឹកចិត្តឱ្យ​​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ក៏ដូចជាស្ថាប័នឧត្តម​សិក្សាដទៃទៀត បន្តពង្រឹងការអភិវឌ្ឍ ​ស្ថាប័ន​ ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនទំនុកចិត្ត ​ឧត្តមភាព និងភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ខ្ញុំ​ក៏ចង់លើកទឹកចិត្ត​ឱ្យ​ស្ថាប័នឧត្តមសិក្សា​ ចូលរួម​ប្រើប្រាស់ឱ្យ​អស់លទ្ធភាព​នូវយន្តការ​ និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ​ដល់​សហគ្រិនភាព​ ដែល​រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីចូលរួម​ចំណែក​បង្កើតការងារ​ និងពង្រីកមូលដ្ឋាន​សេដ្ឋកិច្ចក្នុងប្រទេស ឱ្យ​កាន់តែទូលំទូលាយ។

ដូចគ្នានេះដែរ, ចំពោះក្មួយៗដែលទើបបញ្ចប់ការសិក្សា, ខ្ញុំ​ចង់​លើកទឹកចិត្ត​ក្មួយៗ ឱ្យខិតខំបន្ត​អភិវឌ្ឍខ្លួន ស្រាវ​ជ្រាវបន្ថែមជានិច្ចនិរន្តរ៍, ពីព្រោះថា ទាំងវិទ្យាសាស្ត្រសុខាភិបាលក្តី ទាំងបច្ចេកវិទ្យាក្តី គឺមាន​ការអភិវឌ្ឍ និងការវិវឌ្ឍលឿនខ្លាំងណាស់ ដែលតម្រូវឱ្យ​យើងខិតខំ​តាមដាន​បច្ចុប្បន្នភាពជាប្រចាំ​។ ពិតណាស់នៅពេលដែលក្មួយៗ ចាប់ផ្តើម ប្រឡូកនឹង​ការងារ,​ ក្មួយៗអាច​នឹង​ជួបប្រទះនូវបញ្ហាផ្សេងៗ,​​ ប៉ុន្តែ ខ្ញុំ​ចង់ឱ្យ​យើង​ទាំងអស់គ្នា ក្លាយជា​តួអង្គដែល​ចូលរួម​គិត ចូលរួម​ធ្វើ ចូលរួមដោះ​ស្រាយ និងជំរុញ​ការអភិវឌ្ឍស្ថាប័នជារួម ឱ្យ​ស្របតាម​គោលនយោបាយ​ដែលរាជរដ្ឋាភិបាល​បាន​ខិតខំជំរុញអនុវត្ត។ ខ្ញុំ​ពិតជាចង់ឃើញ​ក្មួយៗ ក្លាយជា​សមាសធាតុ​សង្គម ប្រកប​ដោយ​​ការទទួលខុសត្រូវ ដែល​អាច​ដើរតួនាទីជា «អ្នកផ្តល់» ជាជាង «អ្នកទទួល​» ពីសង្គម។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ព្រែកជីកហ្វូណនតេជោ ជានិមិត្តរូបនៃការរួមគ្នាជាតិខ្មែរ

សូមយកឱកាសនេះធ្វើការថ្លែងអំណរគុណជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស​ ដែលបានគាំទ្រទៅដល់ការរៀបចំកសាងនូវព្រែកជីកហ្វូណនតេជោ ដែលយើងបើកការដ្ឋានម្សិលមិញនេះ។ ខ្ញុំឃើញស្មារតីរួមគ្នាដ៏រឹងមាំ។ យើងគិតថាព្រែកជីកមួយនេះ គ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ ប៉ុន្តែដោយសារស្មារតីរួមគ្នានេះហើយ ដែលបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកនេះ វាមិនមែនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធម្មតា ប៉ុន្តែគឺជានិមិត្តរូបនៃការរួបរួមគ្នារបស់ជាតិខ្មែរយើង។ នេះជាក្ដីសង្ឃឹម និងភាពមុតមាំ បង្ហាញពីការកសាងសក្ដានុពល ដើម្បីពង្រឹងនូវឯករាជ្យភាព កិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រជាជន ហើយខ្ញុំសូមអរគុណណាស់។

ម្សិលមិញមានការទូងស្គរ វាយគង នៅគ្រប់កន្លែងតាមស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ នៅតាមកន្លែងឯកជន សាលារៀន វត្តអារាម។ មានករណីពិសេសមួយដែលប្រពន្ធខ្ញុំបានបញ្ជូនសារមក គឺមានលោកតាម្នាក់ដឹកប្រពន្ធពីបាត់ដំបង … តាំងពីម៉ោង៣ រសៀល ដោយម៉ូតូ … មកសម្រាកនៅកន្លែង(ក្បែរពិធីបើកការដ្ឋាន)ហ្នឹងមួយយប់។ ព្រឹកឡើង គេបាញ់កាំជ្រួចហើយគាត់ជិះទៅវិញ។ (គាត់មកពីឆ្ងាយ)ដោយសារទឹកចិត្ត។ អម្បាញ់មិញ ជិះឡានមក ឃើញមានការបញ្ជូន(សារមកថា) មានអ៊ំស្រីអ៊ំប្រុសនៅអង់គ្លេស ប្រ​ហែលជា(ធ្លាប់)មកលេងស្រុកខ្មែរ ចូលរួមអបអរសាទរដោយបានយកគងមកវាយ។ នេះបញ្ជាក់អំពីស្មារតីនៃការរួមគ្នា។

(២) កសាងហេដ្ឋានរចនាសម្ព័ន្ធ និងធនធានមនុស្ស គឺដើម្បីខ្មែរខ្លាំង

សមិទ្ធផលចែកសញ្ញាបត្រនៅថ្ងៃនេះ ក៏នៅក្នុងន័យជាមួយគ្នា។ ការកសាងហេដ្ឋានរចនាសម្ព័ន្ធ ឬកសាងធនធានមនុស្ស គ្មានអ្វីក្រៅពីបុព្វហេតុធ្វើឱ្យខ្មែរខ្លាំង ខ្មែររួមគ្នានោះទេ។ ការធានាបានកិត្យានុភាព និងសាមគ្គីឯកភាពជាតិ ជាមូលដ្ឋានក្នុងការលើកតម្កើងឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាខ្លួនឯងត្រូវតែធ្វើ គ្មានពឹងអ្នកណាធ្វើឱ្យយើងទេ។ យើងកសាងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង ហេដ្ឋានរចនាសម្ព័ន្ធទន់ ធនធានមនុស្ស និងគោលនយោបាយ ដែលខ្ញុំអានអម្បាញ់មិញនេះ តាំងពីគោលនយោបាយសុខាភិបាល គោលនយោ​បាយអប់រំ បច្ចេកវិទ្យា នវានុវត្តន៍ គឺដើម្បីឱ្យខ្មែរខ្លាំង។ យើងនឹងបន្តធ្វើ (កិច្ចការដែលបានធ្វើមក)៤០ឆ្នាំជាង (ក្រោយការដួលរលំ)របបប្រល័យពូជសាសន៍។ នេះជា(ប្រឹងប្រែងដើម្បី)កសាងសមត្ថភាព។

(៣) ព្រែកជីកហ្វូណនតេជោ លើកឯករាជ្យភាពក្នុងវិស័យដឹកជញ្ជូន ការគ្រប់គ្រងអធិបតេយ្យភាព និងធ្វើឱ្យទិសនិរតីកាន់តែរីកចម្រើន

ម្សិលមិញ ខ្ញុំក៏បានលើកពីចំណុចមួយ។ ពិតណាស់ នៅមានការបារម្ភអំពីការបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាពរបស់កម្ពុជា ពីការកសាង(ព្រែកជីកហ្វូណនតេជោ)នេះ រហូតដល់អ្នកខ្លះគិតថា ត្រូវតែកុំធ្វើគម្រោងនេះ។ បងប្អូនភាគតិច ឬភាគច្រើន ដែលគាំទ្រ ឬមិនគាំទ្រ នៅតែជាខ្មែរ មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន កង្វល់ និងការមន្ទិលសង្ស័យ … (សូមអះអាងថា) រាជរដ្ឋាភិបាល​ធ្វើអ្វីមួយ គឺតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយយើងបន្តធ្វើនូវគម្រោងនេះឱ្យលេចជារូបរាង ដើម្បីឱ្យផលប្រយោជន៍ជាតិ ប្រជាជន ទាំងអ្នកដែលគាំទ្រ ទាំងអ្នកនៅស្រពេចស្រពិល ឱ្យបានឃើញជាក់ស្ដែងថា គម្រោងនេះគ្មានអ្វីក្រៅពីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ការគ្រប់គ្រងអធិបតេយ្យភាពឱ្យកាន់តែរឹងមាំ និងធ្វើឱ្យទិសនិរតីកាន់តែរីកចម្រើន ទាក់ថ្ពក់ជាមួយភាគនានានៃប្រទេសនោះទេ។

(៤) ការគិតនិងធ្វើសកម្មភាព ដែលផ្អែកលើសមិទ្ធកម្ម/ភាពឡូស៊ីក និងដែលផ្អែកតាមអារម្មណ៍

អញ្ចឹង (យើងត្រូវតែសម្រេចគម្រោងឱ្យបាន)ដើម្បីឱ្យឃើញជាក់ស្ដែង កុំឱ្យមានមន្ទិលសង្ស័យ។ នៅម៉ោងនេះ យើងអាចនិយាយបាន … ការគិតនិងធ្វើសកម្មភាពផ្អែកទៅលើពីរចំណុច។ ទី១ ការគិតតាមរយៈការប្រើខួរក្បាលដោយផ្អែកទៅលើសមិទ្ធកម្ម និងភាគ logic(ឡូស៊ីក)។ មួយទៀត គឺផ្អែកទៅលើអារម្មណ៍ មនោសញ្ចេតនា។ អា​រម្មណ៍ក្នុងការការពារជាតិ អារម្មណ៍នៅក្នុងការខ្លាចបាត់បង់ផលប្រយោជន៍ជាតិ ត្រូវតែមានសម្រាប់កូនខ្មែរគ្រប់ៗគ្នា​ ប៉ុន្តែដើម្បីធានាថាយើងកុំអង្គុយតែព្រួយបារម្ភខ្លាចបាត់ យើងត្រូវតែគិតគូរដើម្បីពង្រឹងខ្លួនឯង នេះគឺជាកិច្ចការសំខាន់(ដែលចាំបាច់ត្រូវតែធ្វើ)។ យើងត្រូវដាក់ចេញនូវគោលនយោបាយពង្រឹងខ្លួនឯងគ្រប់វិស័យ ទាំងអប់រំ ទាំងសុខភាព ទាំងសមត្ថភាព ម្ចាស់ការខ្លួនឯងនៅក្នុងការធ្វើអង្កេតការណ៍។ ការកសាងនិងអភិវឌ្ឍគ្រប់ខេត្តក្រុងគឺកូនខ្មែរជាអ្នកធ្វើ។ ការលើកកម្ពស់វិស័យទាំងឡាយ តាមរយៈការជំរុញការអភិវឌ្ឍ SMEs គឺជាអ្វីដែលយើងត្រូវធ្វើ។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តការងារពីអាណត្តិមុនៗ ដាក់គោលនយោបាយផ្អែកលើសមិទ្ធកម្ម(ដែលមានជាក់ស្តែង)នៅលើដី។ បើជជែកគ្នាពីអនាគត យើងមិនអាចទាយបានទេ … ខ្ញុំធ្លាប់ហើយ​។ កាលពីកូនទី២ ចង់បានកូនទី៣ ប្រពន្ធគាត់ទៅបន់ច្រើន។ ចុងក្រោយ យកគ្រូទាយពីរនាក់មក … ខ្ញុំអត់សូវជឿទេ … គាត់ទាយឆុត ឬមិនឆុត ខ្ញុំមិនដឹងទេ តែស្ដាប់ទៅ … ប្អូនប្រពន្ធខ្ញុំបាននាំគ្រូទាយពូកែៗពីរនាក់​ សុទ្ធតែគ្រូមហាហុងស៊ុយ។ គេថា គ្រូទាយឆុតណាស់ តែគ្រូទាំងពីរនាក់ហ្នឹង ឱ្យចម្លើយខុសគ្នាទាំងពីរ។ តើជឿអ្នកណា? គ្រូមួយប្រាប់ថា អស់ហើយ ត្រឹម(កូន)ពីរនាក់ហ្នឹង។ គ្រូមួយទៀតប្រាប់ថា ឃើញ (មានកូនទី)៣ … អ្វីដែលខ្ញុំចង់និយាយ គឺគ្រូទាយឆុតយ៉ាងណា ក៏មិនអាចព្យាករអនាគតបានដែរ ទាល់តែឃើញតែម្ដងបានអាចថាអ្នកណាខុស ឬត្រូវ។

(៥) បើបែរជាមិនធ្វើ អាចស្រាយកង្វល់ តែមិនអាចស្រាយមន្ទិល

ព្រែកជីកដូចគ្នា។ បើសិនជា ដោយសារការថប់បារម្ភថា បងប្អូនមួយចំនួនកុំធ្វើ (ហើយបើយើងមិនធ្វើ) យើង(បានត្រឹមតែ)អាចដោះកង្វល់ តែ(យើងនឹង)ទុកចោលនូវមន្ទិលសង្ស័យ។ ឥឡូវ រាជរដ្ឋាភិបាលធ្វើហើយ ដើម្បីផលប្រយោជន៍ជាតិ។ ឥឡូវក្រុមហ៊ុនខ្មែរជាអ្នកធ្វើ​ មិនមែនក្រុមហ៊ុនបរទេស ១០០%ទេ​។ មានពីរកំណាត់។ មួយកំណាត់ដែលសម្ពោធម្សិលមិញ គឺធ្វើដោយក្រុមហ៊ុនខ្មែរ ១០០%។ មួយកំណាត់ទៀតមានខ្មែរ ៥១%។ យើងកំ​ពុងគិត បើថាក្រុមហ៊ុនបរទេសដកខ្លួនចេញ ខ្មែរយក ១០០% ក៏បាន អត់បញ្ហា។ ប៉ុន្តែ រឿងសំខាន់គឺការគិតថា ដែលក្រុម​ហ៊ុនធ្វើតាមរបៀប BOT នឹងមកយកអធិបតេយ្យភាពរបស់យើងនោះ គឺមិនមែនជាការពិតទេ។

ចំណុចនេះ បើសិនជា(ដោយក្តីកង្វល់នោះ)យើងមិនធ្វើ ប្រជាពលរដ្ឋដែលចង់បានគឺខកចិត្ត ឯអ្នកដែលមិនចង់ធ្វើ អាចសប្បាយចិត្ត។ ប៉ុន្តែ ទាំងអ្នកចង់បាន អ្នកមិនចង់បាន ចាប់ផ្ដើមមានការសង្ស័យថាម៉េចបានជាមិនធ្វើវិញ ហើយសង្ស័យថាមានអីបង្កប់ពីក្រោយនោះ។ នៅពេលដែលខ្មែរសង្ស័យគ្នានេះហើយជាគ្រោះថា្នក់ធំ។ អត់មានរឿងសោះ បង្កើតរឿងធ្វើឱ្យ​សង្ស័យ បែកបាក់សាមគ្គីក្នុងអារម្មណ៍។ អញ្ចឹង យកល្អកុំឱ្យខ្មែរមានការសង្ស័យគ្នា។ យើងត្រូវតែធ្វើ។ រាជរដ្ឋាភិបាលហ៊ានឈរធ្វើគម្រោងនេះ មិនមែនសម្រាប់ ១០០ឆ្នាំទើបចប់ទេ។ យើងធ្វើតែប៉ុន្មានឆ្នាំឱ្យចប់ ហើយឱ្យបងប្អូនវិនិច្ឆ័យ។ យើងត្រូវតែធ្វើឱ្យបានសម្រេច ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងច្បាស់ក្នុងចិត្តថា អ្វីដែលយើងធ្វើគឺដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ។

(៦) សូមឈប់មានការសង្ស័យលើការគ្រប់គ្រងអនាគតជាតិ

សូមអ្នកសិក្សាទាំងឡាយយកសមិទ្ធកម្មទៅពិនិត្យមើល តើយើងបាត់អធិបតេយ្យភាព ការគ្រប់គ្រងទឹក ឬមួយក៏បាត់ដីនៅភាគខាងត្បូងនោះ ដូចអ្នកខ្លះ(និយាយឬទេ)។ ខ្ញុំឃើញមានអ្នកប្រឆាំងមួយចំនួន តាំងខ្លួនជាអ្នកសិក្សា ហើយតែងតែគិតថា(មានការប្រឈម)អញ្ចឹង … អ្នកណាចង់អីចង់ទៅ។ ខ្ញុំមិនឱ្យ។ របស់ខ្ញុំ​។ ធ្វើស្អីខ្ញុំ។ ខ្ញុំទុកឱ្យកូនខ្មែរ។ អ្នកឯងចង់អីចង់ទៅ រឿងរបស់អ្នកឯង តែខ្ញុំរក្សាទុកឱ្យកូនចៅខ្ញុំ។ តាមួយនៅក្រៅប្រទេស (លើកមតិមកថាប្រទេស)ជិតខាងឆ្លាតណាស់។ រួចចុះខ្មែរហ្នឹងវាយ៉ាងម៉េច? តើខ្មែរហ្នឹងល្ងង់ឬម៉េចបានឱ្យអ្នកឯងយកទឹកដីបានងាយៗ។ មិនដូចនោះទេ។ ខ្មែរម្ចាស់ការខ្លួនឯង។ ខ្មែរក៏ឆ្លាតដែរ ខ្មែរធ្វើអង្គរបាន ខ្មែរកសាងសមិទ្ធផលច្រើនណាស់ក្នុងប្រទេស។ ឥឡូវអគារធំៗ ជា​ច្រើនកូនខ្មែរធ្វើ។

សមត្ថភាពបងប្អូនចេញពីទីនេះក៏មិនធម្មតាដែរ។ មិនមែនស្អីក៏ពឹងគេគ្រប់តែគ្នាទេ​។ សូមកុំមានការសង្ស័យលើជាតិខ្លួន ក្នុងការគ្រប់គ្រងអនាគតជាតិខ្លួនឯង។ ប្រទេសណាគេចង់បានអីជារឿងរបស់គេ តែខ្មែរត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំ។ ជាង ៤០ឆ្នាំនេះ តាំងពីយើងបាតដៃទទេ (យើងបានធ្វើឱ្យប្រ​ទេសប្រែប្រួល)រហូតមានធនធានមនុស្ស ចែកសញ្ញាបត្រ ការងារនៅគ្រប់ស្ថាប័ន។ ពី១៩៧៩ យើងមិនមានទេធន​ធាន​មនុស្ស … ពីឆ្នាំ១៩៩០ជាង យើងពឹងមន្រ្តីជំនាញពី IMF ពីបារាំង មកជួយធ្វើផែនការតាមក្រសួង/ស្ថាប័នរបស់យើង។ ឥឡូវកូនខ្មែរយើងធ្វើបាន។ ធនាគារបរទេសក៏ដោយ មកបើកនៅស្រុកខ្មែរ ពីដើមទី គេយក(អ្នក)ជំនាញរបស់គេមកខ្លះ (ដូចជា)អ្នកគ្រប់គ្រង។ ឥឡូវកូនខ្មែរយើងធ្វើច្រើននៅតាមសាខា។

(៧) ធ្វើផែនការអភិវឌ្ឍដើម្បីគ្រប់តំបន់រីកចម្រើនស្មើគ្នា

បងប្អូនអ្នកសិក្សា បញ្ញវន្ត និស្សិត ដែលមានអារម្មណ៍ខ្លាចបាត់អធិបតេយ្យភាព បាត់ជាតិ គប្បីធ្វើ​ការវាយតម្លៃផ្អែកទៅលើសមិទ្ធកម្មជាក់ស្ដែងថា តើការកសាងព្រែកជីក ឬមួយការអភិវឌ្ឍទិសឦសានរបស់យើង ឬការអភិវឌ្ឍកន្លែងណាក៏ដោយ មានសមិទ្ធកម្មលើដី(ជាក់ស្តែងឯណាដែល)បញ្ជាក់ថា ខ្មែរកាន់តែខ្សោយ ត្រៀមឱ្យទឹកដីទៅបរទេសទេ? ឬមួយកម្ពុជាកាន់តែខ្លាំង និងរឹងមាំទៅវិញ? នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ជាពិសេសក្រោយសង្រ្គាម ដែលបានបញ្ចប់នៅឆ្នាំ១៩៩៨នេះ គ្រប់កន្លែងទាំងអស់នៅកម្ពុជាមានការរីកចម្រើន និងកាន់​តែខ្លាំង។ ពិតណាស់ តំបន់ខ្លះនៅមិនទាន់ស្មើនឹងតំបន់ផ្សេង ឧទាហរណ៍ទិសឦសានមិនទាន់ស្មើនឹងរាជធានីភ្នំ​ពេញទេ។ ខេត្តខ្លះខ្ពស់ជាងខេត្តខ្លះទៀត។ តែយើងដាក់ផែនការក្នុងប្រទេស ធ្វើការអភិវឌ្ឍដើម្បីឱ្យគ្រប់តំបន់ទាំងអស់រីកចម្រើនដូចគ្នាស្មើគ្នា …។

(៨) រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំនៅកន្លែងដែលភ័យព្រួយបាត់​បង់ទឹកដី ឬអធិបតេយ្យភាព

ទោះបីជាទិសឦសានមិនទាន់រីកចម្រើនស្មើរាជធានីភ្នំពេញ ឬក្រុងព្រះសីហនុ ឬខាងទិសផ្សេងទៀត ប៉ុន្តែបើប្រៀបធៀបពីក្រោយបញ្ចប់សង្រ្គាម ១៩៩៨ មកដល់ពេលនេះ តំបន់នោះក៏មានមនុស្សកើន មានហេដ្ឋារចនាសម្ព័ន្ធកើន … ខ្ញុំទៅចែកសញ្ញាបត្រនៅក្រចេះ មានមហាវិទ្យាល័យនៅមណ្ឌលគិរី និងរតនគិរី កសាងធនធានមនុស្សនៅទីនោះ … នេះជាសមិទ្ធកម្មលើដី … សួរថា តើយើងគប្បីធ្វើដូចម៉េច ដើម្បីកុំឱ្យ(កើត)ការបាត់​បង់ទឹកដី ឬអធិបតេយ្យភាព (ដូចការព្រួយបារម្ភ)? គឺយើងត្រូវរួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំនៅកន្លែងដែលយើងភ័យព្រួយនោះ។ ព្រែកជីកនេះបង្កើននូវអធិបតេយ្យភាព ឯករាជ្យភាពដឹកជញ្ជូន ដែលយើងប្រើពាក្យថា «ដកដង្ហើមតាមច្រមុះខ្លួនឯង»។ ពាក្យនេះ មានអត្ថន័យថាការថែរក្សាបូរណភាព និងឯករាជ្យភាពរបស់ជាតិ …។

(៩) មាសសុទ្ធមិនខ្លាចភ្លើង … ព្រែកជីកហ្វូណន កើតពីស្មារតីរួមគ្នារបស់ប្រជាជាតិខ្មែរទាំងមូល

និយាយរួម អ្នកទាំងនោះក្អេងក្អាងថាមានតែខ្លួនទេដែលស្នេហាជាតិ។ យើងប្រើពាក្យថា «មាសសុទ្ធមិនខ្លាចភ្លើង​»។ ចាំបាច់ទៅខ្លាចអី ព្រោះគោលនយោបាយបានដាក់ចេញហើយដើម្បីកសាង ពង្រឹង និងអភិវឌ្ឍ។ អញ្ចឹងសម្រាប់ព្រែកជីកមួយនេះ យើងត្រូវធ្វើឱ្យកើតជាក់ស្តែង ឱ្យឃើញច្បាស់។ ច្បាស់ណាស់ថា អ្វីដែលយើងធ្វើបាននឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ មិនឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពនោះទេ។ បងប្អូននឹងអាចទៅបញ្ជាក់បាននៅពេលដែលព្រែកជីកនេះធ្វើរួច។ ព្រែកនេះមិនមែនធ្វើសម្រាប់(ប្រើប្រាស់)តែ ៤-៥ឆ្នាំទេ គឺរាប់រយ​ឆ្នាំទៅទៀត។ មិនត្រឹមតែបងប្អូនទេ កូនចៅបងប្អូនក៏អាចបញ្ជាក់ការពិតបានដែរ។ ប្រការនេះហើយ ដែលយើងត្រូវតែកសាងមិនថយក្រោយ …។

បងប្អូនអាចនៅបារម្ភចុះ ប៉ុន្តែបើសិនជាយើងមិនធ្វើ បងប្អូននឹងនៅគិតថា ដែលមិនធ្វើ ក៏បាត់បារម្ភ តែនៅមន្ទិលថា រដ្ឋាភិបាលមានគម្រោងឱ្យគេមែនបានជា(ដោយសារតែការមតិតវ៉ា ប្រែទៅ)មិនទាន់ធ្វើ(វិញ)។ ដូចខ្ញុំនិយាយពីគ្រូទាយអញ្ចឹង នៅពេលដែល … កូនទី៣ខ្ញុំកើត ទើបបញ្ជាក់ថាគ្រូទាយមួយត្រូវ។ ព្រែកជីកក៏ដូចគ្នា បើកូននេះមិនទាន់កើត នៅតែគិតថាកើតទៅខូចប្រយោជន៍ជាតិ។ មិនដូចនោះទេ។ កូនមួយនេះ កើតពីស្មារតីរួមគ្នារបស់ខ្មែរ ជាកូនរួមគ្នារបស់ប្រជាជាតិទាំងមូល ដើម្បីផលប្រយោជន៍ និងសក្ដានុពលជាតិ អធិបតេយ្យ បូរណភាពទឹកដីរបស់យើង …។

(១០) ព្រែកជីកហ្វូណនតេជោ រត់តាមលម្អានព្រែកធម្មជាតិដើម្បីបញ្ចៀសការប៉ះពាល់បរិស្ថាន​ និងលំនៅដ្ឋានប្រជាពលរដ្ឋ

ល្ងាចមិញ អ្នកពូកែវិភាគ តាមមិនទាន់ បានវាយប្រហារយើងថាគេមិនទុកចិត្ត តែដល់ទីបំផុតយើងធ្វើ ក៏ចេញមកបង្កើតរឿងមួយទៀត។ គេវិភាគថា គម្រោងហ្នឹងធ្វើ តែគម្រោងហ្នឹងពុករលួយ។ វាមិនដែលស្រុកណាគេធ្វើព្រែកជីកក្ងិកក្ងក់ គេធ្វើកាត់ត្រង់។ គេថាស្រុកខ្មែរធ្វើក្ងិកក្ងក់ហ្នឹង ដើម្បីយកលុយឱ្យច្រើន។ (និយាយក្នុងពេល)​ដែលខ្លួនមិនបានចុះមកសិក្សាថាមូលហេតុអីបានជាយើងធ្វើក្ងិកក្ងក់។ យើងយកការទទួលខុសត្រូវ ទី១ ទាក់ទងនឹងបរិស្ថាន​ និងទី២ កុំឱ្យប៉ះពាល់ប្រជាពលរដ្ឋ។ យើងដើរតាមលំនាំព្រែកជីកធម្មជាតិ។ យើងជីកថ្មីតែ ៧គីឡូម៉ែត្រគត់ ក្នុងចំណោម ១៨០គីឡូម៉ែត្រ។ បើសិនជាយើងយកត្រង់ វានឹងប៉ះបូរី ប៉ះផ្ទះ ប៉ះក្រុងច្រើន។ តើឱ្យយើងដោះស្រាយយ៉ាងម៉េច? ក្នុង ១៨០គីឡូម៉ែត្រនេះ យើងសុខចិត្តដើរតាមព្រែកធម្មជាតិពីដូនតា … យើងធ្វើមិនឱ្យប៉ះពាល់ប្រជាពលរដ្ឋទេ សូម្បីលំហូរទឹកក៏តាមធម្មជាតិដែរ។ បើយើងធ្វើត្រង់ ក៏វាមិនប្រាកដថាចំណេញលុយនោះទេ ព្រោះត្បិតថាខ្លី តែដាក់ខ្សែត្រង់មក ក៏ប៉ះក្រុង ប៉ះស្រុក … បើធ្វើ ១០០-២០០ឆ្នាំមុនមិនអីទេ តែឥឡូវបងប្អូនអាចដឹងហើយ ពីទន្លេបាសាក់ដល់សមុទ្រ ដាក់ខ្សែត្រង់ណាមួយសាកមើល ក៏ប៉ះភូមិ/ស្រុក/ក្រុង/បូរី។ អញ្ចឹងមានតែយើងធ្វើតាមសណ្ដលំនាំព្រែកដែលមានស្រាប់ គ្រាន់តែយើងពង្រីកវា។ បងប្អូនខ្លះប្រហែលជាបានឃើញហើយអ្នកខ្លះវិភាគដែលថា “ធ្វើព្រែកក្ងិកក្ងក់ហ្នឹង ព្រោះពុករលួយ”។

ជាបញ្ញវន្ត ជានិស្សិត ពេលដែលនិយាយសូមពិចារណាថា មូលហេតុអ្វីបានជាដូច្នឹង។ អ្នកណាត្រូវ អ្នកណាខុស? នេះដែលខ្ញុំថាសកម្មភាពផ្អែកទៅលើអារម្មណ៍ បេះដូង និងការគិតរបស់យើង។សមិទ្ធផលដែលយើងនឹងធ្វើបាននេះ នឹងបញ្ចប់មន្ទិលសង្ស័យ។ តែគេក៏នឹងបង្កើតរឿងអីផ្សេង។ ខ្ញុំសូមសរសើរអ្នកដែលច្នៃ(ប្រឌិតរឿង)។ ពេលដាក់គោលនយោបាយ គេជេរ គេវាយប្រហារ គេថា ដាក់គោលនយោបាយពាក់ក្រវាត់ក។ ពេលខ្ញុំចុះទៅ Pub Street ថាខ្ញុំចុះទៅសម្ដែង។ ពេលខ្ញុំចុះទៅព្រំដែន ថាជិះឡានម៉ាស៊ីនត្រជាក់ទៅមើល។ សម័យឥឡូវតើនរណា​ជិះរទេះសេះទៅមើល? សូម្បីតែបងប្អូនធ្វើដំណើរទៅក្រចេះ ក៏ជិះឡានវីរៈប៊ុនថាំ Hiace ដូចខ្ញុំជិះដែរហ្នឹង។ ទៅសៀមរាប មានតម្លៃត្រឹមតែ ៧ដុល្លារ ជិះទៅ ម៉ាស៊ីនត្រជាក់ដូចគ្នា … ផ្លូវនេះមិនមែនទើបនឹងខ្ញុំឱ្យធ្វើឯណា។ យើងធ្វើតាំងពី២០១៥។ ខាងវិស្វកម្មបានបញ្ជូនរូបភាពឱ្យខ្ញុំតាំងពីខ្ញុំនៅរងជើងគោក … ខ្ញុំដើរតាមព្រំដែនមើលកងវិស្វកម្ម។ តស៊ូណាស់។ ទុកចិត្តកងទ័ពរបស់យើង ទុកចិត្តប៉ូលីសរបស់យើងដែលឈរនៅព្រំដែន ទុកចិត្តប្រ​ជាពលរដ្ឋយើងដែលតស៊ូ។ ឥឡូវបង្កបង្កើនផលនៅព្រំដែន … ទុកចិត្តពួកគាត់រួមគ្នា។

(១១) ចរចា កំណត់ និងបោះបង្គោលព្រំដែនប្រទេសនិងប្រទេស ដើម្បីជំនាន់ក្រោយដឹងព្រំប្រទល់ជាមួយប្រទេសជិតខាង

សួរថា ហេតុអ្វីពួកគាត់ខំទៅដោះមីន … កន្លែងធ្វើផ្លូវហ្នឹងមានមីនច្រើន តាំងពីជំនាន់វាយគ្នា។ សង្គ្រាមវៀតណាមទម្លាក់ច្រើនណាស់នៅហ្នឹង ទិសខាងកើត ខាងឦសាន ទម្លាក់គ្រាប់បែកច្រើនណាស់នៅទីនោះ។ កងវិស្វកម្មទៅប្រឈមជាមួយនឹងគ្រោះថ្នាក់។ កន្លែងខ្លះ យើងធ្វើផ្លូវតែ ២០ម៉ែត្រ ៣០ម៉ែត្រ និងកន្លែងខ្លះកៀកនឹងបង្គោលព្រំដែន ក្រោយពីយើងបោះហើយ។ បងប្អូន! ព្រំដែនជំនាន់បារាំងបោះតែពីខេត្តកំពតទៅខេត្តកំពង់ចាមទេ រវាងកម្ពុជានិងកូសាំងស៊ីន ពីខេត្តកំពង់ចាមទៅដល់កន្ទុយនាគ អត់មានបោះ(បង្គោល)ព្រំដែនទេ … គ្រាន់តែមានជាផែនទីរដ្ឋបាលប៉ុណ្ណោះ។ យើងចរចាកំណត់ព្រំដែនរវាងប្រទេសនិងប្រទេស និងបោះបង្គោលព្រំដែន ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយដឹងថាកន្លែងណាដីកម្ពុជា និងព្រំជាមួយប្រទេសជិតខាង។ បើយើងមានចេតនាអាក្រក់ មិនការពារទឹកដី តើយើងចាប់បាច់គូសវាសតឹកតាងលើដីធ្វើអី? យើងទុកវាចោលទៅ … មិនដូចនោះទេ។ ត្រូវដោះស្រាយ។ កុំឱ្យកូនខ្មែរជំនាន់ក្រោយពិបាក។ រឿងជម្លោះព្រំដែននេះច្រើនប្រទេសណាស់មានបញ្ហាជាមួយគ្នា។

(១២) មានប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន

រាជរដ្ឋាភិបាលសម្តេចតេជោ ដាក់គោលនយោបាយដោយទទួលខុសត្រូវ និងក្នុងបំណងកុំឱ្យកូនចៅតជំនាន់នៅប៉ះទង្គិចគ្នាទៀត។ ឃើញបងប្អូនព្រួយបារ​ម្ភ។ ថ្ងៃមុនខ្ញុំថា បើព្រួយបារម្ភនាំគ្នាទៅលេង។ បងប្អូនថាអត់លុយទៅលេង។ អ្នកណាមានលទ្ធភាពទៅសិនទៅ។ ចំណុចដែលខ្ញុំចង់បញ្ជាក់គឺ រាជរដ្ឋាភិបាលគ្មានអីលាក់លៀមទេ។ ពេលខ្លះបងប្អូនបារម្ភដោយសារឮតគ្នា ឮអ្នកវិភាគបែកផ្សែង ប៉ុន្តែយកល្អទៅមើលតែម្តង។ បងប្អូនជាច្រើនចង់ធ្វើរបង។ គេស្រែកថាចង់ធ្វើរបង។ ខ្ញុំសូមឱ្យបងប្អូនចុះទៅសួរប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ដែលគាត់ធ្វើការជាប្រចាំ គាត់មើលបង្គោលជាប្រចាំ ថាតើចាំបាច់ឬទេ? រាល់ថ្ងៃ គាត់ឆ្លងទៅវិញទៅមកយ៉ាងម៉េច? ឬមួយក៏ត្រូវការគ្រប់គ្រងយ៉ាងម៉េច? បើមិនមានរបងតើប្រជាពលរដ្ឋអាចការពារព្រំដែនបានទេ? សូមទៅសួរគាត់ កុំសួរអ្នកវិភាគដែលនៅ ១០០០គីឡូ។ ទៅសួរបងប្អូន(នៅព្រំដែន)។ យើងមានប្រជាពលរដ្ឋរស់នៅតាមព្រំដែនច្រើនណាស់។​ យើងលែងឱ្យដីសម្បទានសេដ្ឋកិច្ច តាំងពីឆ្នាំ២០១២។ ចម្ការនៅនោះភាគច្រើន សុទ្ធតែជាចម្ការលក្ខណៈគ្រួសារ ហើយគ្រប់គ្រងដោយគ្រួសារខ្មែរ។

ខ្ញុំបានឃើញបងប្អូនដាំស្វាយចន្ទី។ កន្លែងខ្លះគាត់ដាក់ដំឡូង ដាក់កៅស៊ូ ក្រោមកៅស៊ូ មានដំឡូង។ ជិះទៅឃើញច្រើននាក់ចុះបង់ត្រី។ ខ្ញុំចុះសួរម្នាក់ថា ក្រៅពីបង់ត្រីតើធ្វើអីទៀត? គាត់មិនមែនអ្នកបង់ត្រីសុទ្ធទេ។ គាត់ជាថៅកែ (មានដី) ២ហិកតា ដែល ១ហិកតា ដាំកៅស៊ូ ចៀរជ័របាន ៣ឆ្នាំ។ គាត់សប្បាយចិត្តដែលឆ្នាំនេះឡើងបាន ២០០០(រៀល)។ ឆ្នាំទៅ ១៧០០(រៀល)។ កៅស៊ូប៉ុន្មានឆ្នាំមុនធ្លាក់ចុះនៅសល់ក្រោម ១០០០(រៀល) … គាត់ដាំស្វាយចន្ទី។ គាត់ចេះធ្វើពិពិធកម្មសេដ្ឋកិច្ច។ កាលមុនថាបើដាំស្វាយចន្ទី ស្វាយចន្ទីធ្លាក់ថ្លៃ កាប់ស្វាយចន្ទីដាំកៅ​ស៊ូ។ ឥឡូវគាត់ដាំទាំង២តែម្តង។ នេះគ្រាន់តែមួយចំណែក។ មានអ្នកមានកៅស៊ូធំជាងហ្នឹងទៀត។ អ្នកខ្លះ ៥ហិក​តា ឬ១០ហិកតានៅទីនោះ។ អារម្មណ៍យើងចង់ការពារ ប៉ុន្តែដើម្បីពិចារណា និងសម្រេចថាត្រូវធ្វើអីជាក់ស្តែងដើម្បីការពារចូរយើងទៅមើល និងសួរប្រជាពលរដ្ឋជាក់ស្តែង​ សួរកងទ័ពយើង សួរវិស្វកម្មយើង ដែលឥឡូវកំ​ពុងតែដាក់ទិសដៅធ្វើផ្លូវឱ្យដល់តំបន់កន្ទុយនាគ ដើម្បីឱ្យបងប្អូនដែលចង់ទៅមើល អាចទៅដល់។

ខ្ញុំសួរប្រជាពលរដ្ឋនៅភូមិមួយនៅក្រចេះ។ កាលពីមុនយើងធ្វើផ្លូវតាមក្រវាត់ព្រំដែនពីឆ្នាំ២០១៥ គាត់នៅកន្លែងមួយហ្នឹង ហើយបើចង់មកភូមិជិតនោះ អត់មានផ្លូវមកទេ។ គាត់ត្រូវឆ្លងទៅខាងវៀតណាម​​ ទើបជិះឆ្លងមកវិញ។ ឥឡូវ មានផ្លូវក្រវាត់ព្រំដែន គាត់ថាមិនបាច់ធ្វើដូចមុនទេ។ យើងចេញចូលផ្លូវយើងខ្លួនឯង។ តផ្លូវមកដល់ផ្លូវជាតិទៀត។​ សួរថា តើសមិទ្ធកម្មលើដីបែបនេះ មានបងប្អូនប៉ុន្មាននាក់ ដែលព្រួយបារម្ភពីរឿងបាត់ខេត្តទាំងនោះ ឬមួយព្រំដែនបានឃើញ? ប្រហែលមិនទាំងអស់គ្នាទេ។ ដោយហេតុនេះហើយបានជាកាលពីថ្ងៃ២ សីហា ខ្ញុំជូនសារសូមឱ្យបងប្អូនទៅលេងឱ្យបានឃើញជាក់ស្តែង។ ជាអ្នកសិក្សាយើងត្រូវយកព័ត៌មាន យកទិន្នន័យពិតប្រា​កដ កុំស្តាប់តាមគេ។ អ្នកសិក្សា និស្សិតបញ្ញាវន្ត ទៅសិក្សា ទៅជួបប្រជាពលរដ្ឋ កុំថារាជរដ្ឋាភិបាលចេះតែធ្វើ។

(១៣) រាជរដ្ឋាភិបាលនឹងចេញគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការទន្ទ្រានដី និងដោះស្រាយបញ្ហាពលរដ្ឋត្រូវការដីធ្លី

យើងបន្តជំរុញការអភិវឌ្ឍ។ នៅក្នុងពេលខ្លីខាងមុខ រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដែលប្រជាជនជាធាតុសំខាន់ក្នុងការការពារដីធ្លី ជាពិសេសការទប់ស្កាត់ការទន្ទ្រានដីធ្លី។ ក្នុងនោះ យើងដៅយកភូមិភាគឦសាន ក៏ដូចជាទិសសំខាន់មួយចំនួនជាទិសដៅ។ យើងបានរៀបចំផែនការហើយ។ កិច្ចការនេះនឹងផ្សព្វ​ផ្សាយដើម្បីពន្លត់និងដោះស្រាយការកាប់ទន្ទ្រានដីធ្លី ក៏ដូចជាបញ្ហាប្រជាពលរដ្ឋអត់ដី។ ការដាក់គោលនយោបាយនេះ គឺដើម្បីព្រួញមួយ បាញ់បានសត្វ២ … គោលនយោបាយនេះនឹងជួយពន្លត់ការបាត់ដីទៀត។ ពេលដែលយើងរៀបចំផែនការនិងផែនការសកម្មភាព និងយុទ្ធសាស្ត្រហើយ យើងនឹងប្រកាស។ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធានា ព្រោះខ្ញុំមិនមានគោលការណ៍ស្ពាយប្រពន្ធកូនខ្ញុំទៅណាទេ …។

(១៤) ប្តូរទីតាំងមន្ទីរសុខាភិបាលរតនគិរីពីបឹងកន្សែង ដើម្បីរៀបចំគោលដៅផលិតផលទេសចរណ៍

ខ្ញុំទើបស៊ីញ៉េឱ្យធ្វើ … (ព្រោះថា)មន្ទីរសុខាភិបាលខេត្តនៅលើបឹងកន្សែងហ្នឹងយូរមកហើយ … ខ្ញុំបានជជែកជាមួយ ឯកឧត្តមអភិបាលខេត្តថា បឹងកន្សែងហ្នឹងគប្បីថែរក្សារៀបចំជាសម្បត្តិសាធារណៈ … ខ្ញុំបានឯកភាពឱ្យឯកឧត្តមអភិបាលខេត្តរកដីជាង ១ហិកតា នៅម្តុំសាលាខេត្តថ្មី និងបានសម្រេចផ្តល់ជាង ៣លានដុល្លារធ្វើមន្ទីរសុខាភិបាលខេត្ត ដោយយកចេញពីបឹងកន្សែងទៅដាក់នៅកន្លែងផ្សេង។ ទីតាំងចាស់ ត្រូវកែជាកន្លែងទេសចរណ៍។ ឯកឧត្តមអភិបាលខេត្តបានធ្វើច្រើន។ ឯកឧត្តមអភិ​បាលខេត្តរតនគិរីដាក់គោលការណ៍កែប្រែកន្លែងហ្នឹងជាកន្លែងផាសុកភាពដើម្បីឱ្យទាក់ទាញទេសចរចូលខេត្តរបស់គាត់។ សួរថា បើយើងគង់តែឱ្យគេដដែល តើចាំបាច់នឹងធ្វើៗអី។ អស់តែលុយ? បងប្អូនខ្លះព្រួយបារម្ភថាយកទៅដាក់វិនិយោគរួមគ្នា។ កិច្ចសហប្រតិបត្តិការរួមគ្នា មិនមែនយកទៅដាក់ហ៊ុនរកស៊ីជាមួយគ្នាទេ។

(១៥) ជំនួយផែនការអភិវឌ្ឍ CLV-DTA ភាគច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម័្ពន្ធ រីសេដ្ឋកិច្ចខ្មែរធ្វើខ្លួនឯង

ក្នុងផែនការមេអភិវឌ្ឍប្រទេសជាតិ ដែលមានប៉ូលសេដ្ឋកិច្ច៥ សម្រាប់រយៈពេល ២៥ឆ្នាំ សូមមើលចុះថា ផែន​ការ CLV មានជប៉ុនជួយ មានអាល្លឺម៉ង់ជួយ មាន ADB ជួយ តែភាគច្រើនជួយសំណង់ហេដ្ឋារចនាសម័្ពន្ធ រីឯសេដ្ឋកិច្ចគឺខ្មែរ រួមទាំងវិស័យឯកជន ធ្វើខ្លួនឯងនៅខេត្តទាំង៤។ យើងបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅខេត្តទាំងនោះ ដើម្បីឱ្យកូនខ្មែរនៅទីនោះរៀន ឱ្យកូនខ្មែរកាន់តែខ្លាំង​។ គឺខ្មែរធ្វើទាំងអស់។ គ្មានយកទៅដាក់បញ្ចូលជាមួយអ្នកណាទេ។ អ្នកវិភាគគប្បីមើលសមិទ្ធកម្មនៅលើដី។ បងប្អូនព្រួយបារម្ភជាការត្រូវ ប៉ុន្តែកុំ(បានតែ)ព្រួយបារម្ភ។ (ត្រូវគិតថា) តើគួរមានព្រួយបារម្ភយ៉ាងដូចម្តច? សូមបងប្អូនមានលក្ខណៈវិនិច្ឆ័យជាក់ស្តែង។ ក្នុងរូបភាពជានិស្សិត យើងក៏គួរតែយកសមិទ្ធកម្មជាក់ស្តែងជាមូលដ្ឋានសន្និដ្ឋាន។ យើងមិនអាចសរសេរនិក្ខេបបទដោយផ្អែកទៅលើអ្វីដែលបានឮគេប្រាប់ទេ។ យើងប្រាកដជាត្រូវស្រាវជ្រាវខ្លួនឯង។ ក្រសួងពាណិជ្ជកម្មបានបញ្ចេញឯកសារពាក់ព័ន្ធទាំងអស់ហើយ។ បងប្អូនមើលទៅ។ វាមានស្អីដែលពាក់ព័ន្ធថាមានការបាត់បង់ឬទេ? ទៅមើលកងវិស្វកម្មធ្វើផ្លូវ។ ជិះមើលទៅ។ ពីមុនយើងអត់បង្គោលព្រំដែន ឥឡូវយើងបោះបង្គោលព្រំដែន ដើម្បីកុំឱ្យបង្គោលព្រំដែនវាដើរ។ យើងធ្វើផ្លូវដាក់មួយនៅហ្នឹងទៀត ដាក់ផ្លូវ មិនមែនទុក(គ្រាន់តែ)ឱ្យទ័ពជិះល្បាតទេ។

(១៦) ធ្វើផ្លូវ ២ខ្សែតាមព្រំដែន មួយខ្សែគឺផ្លូវសេដ្ឋកិច្ច និងមួយខ្សែទៀតជាផ្លូវក្រវាត់ព្រំដែន

កងទ័ពក៏ជិះល្បាត ប៉ុន្តែក៏ឱ្យប្រជាពលរដ្ឋប្រើ មើលឃើញរាល់ថ្ងៃ រួមទាំងអ្នកដែលព្រួយបារម្ភទៅមើល។ បើអត់ទាន់មានលុយ កុំអាលទៅ។ អ្នកណាមានថវិកា ទៅៗ ដើម្បីជួយទេសចរណ៍នៅនោះផង។ ចូលឆ្នាំ ភ្ជុំបិណ្ឌ ទៅលេងទៅ។ ជិះតាមព្រំដែន។ ផ្លូវខ្វាត់ខ្វែងតាំងពីខេត្តកំពត ខេត្តតាកែវឡើងទៅដល់នោះ។ កន្លែងខ្លះមិនទាន់តភ្ជាប់ យើងនឹងត … នៅតំបន់កន្ទុយនាគខ្ពស់ … តែខ្ញុំថាត្រូវធ្វើយ៉ាងណាឱ្យបានផ្លូវនៅក្នុងដីយើងចូលទៅដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែរបានទៅដល់កន្លែងនោះ។ ខ្ញុំក៏ចង់ទៅដែរ ដើម្បីឱ្យស្គាល់។ កន្លែងខ្លះ តាំងពីសង្គម​រាស្រ្តនិយម យើងអត់មានលទ្ធភាពទៅទេ ព្រោះអត់ផ្លូវ … តាមព្រំដែន យើងធ្វើផ្លូវ ២ខ្សែ។ មួយខ្សែគឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង អាច ១គីឡូ, ២គីឡូ, ៣គីឡូ, ៤គីឡូ(ពីព្រំដែន)។ ឧទាហរណ៍ ទិសព្រំដែនថៃ យើងធ្វើមួយខ្សែពីកូនដំរី ចាក់ទៅប៉ៃលិនហ្នឹង ហៅថាផ្លូវសេដ្ឋកិច្ច។

ប៉ុន្តែ តាមព្រំដែន មានផ្លូវមួយទៀតគឺផ្លូវព្រំដែន ឬក្រវាត់ព្រំដែន។ ផ្លូវហ្នឹងកៀកមែនទែននៅព្រំដែន … ប្រទេសជិតខាងដាក់ទ័ពមកទប់ យើងប្តឹងទាស់ យើងធ្វើការ ព្រោះវាកៀកព្រំដែនពេក។ ផ្លូវព្រំដែនយើងធ្វើ២។ បងប្អូនខ្លះប្រហែលជាអត់ដឹង។ យើងចំណាយលុយធ្វើផ្លូវ២ … មួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង ដូចខេត្តប៉ុន្មានហ្នឹង យើងមានផ្លូវជាតិលេខ ៧៦ ផ្លូវជាតិបន្តទៀត ផ្លូវក្នុងប៉ុន្តែយើងធ្វើមួយទៀតក្រវាត់ព្រំដែន ដែលផ្លូវនេះបម្រើគោលដៅការពារបូរណភាពទឹកដី។ បងប្អូនទៅមើល ហើយសួរសំនួរនេះទៅខាងវិស្វកម្ម ហេតុអ្វីយើងត្រូវចំណាយលុយធ្វើផ្លូវ ២ខ្សែ? ផ្លូវព្រំដែននោះ មិនសូវមានផលសម្រាប់សេដ្ឋកិច្ចជាតិទេ។ ពាណិជ្ជកម្មធំនៅខាងក្នុង​។ តែយើងធ្វើនៅព្រំដែនឱ្យកៀក … ដើម្បីប៉ូលីស ទាហានយើងល្បាតផង ប្រជាពលរដ្ឋយើង(ប្រើផង)។ តែរុញផ្លូវទៅដល់ហ្នឹង បានន័យថាប្រជាពលរដ្ឋធ្វើស្រែចម្ការទៅដល់កៀកផ្លូវហ្នឹងហើយ។

យើងធ្វើកៀកទៅនោះ ប្រជាពលរដ្ឋធ្វើស្រែចំការ។ ហ្នឹងយុទ្ធសាស្រ្តព្រំដែនសម្តេចតេជោលើកឡើង តាំងពីទសវត្សរ៍ឆ្នាំ ៩០ ជាង ថា ការពារព្រំដែន មិនមែនប្រែក្លាយព្រំដែនឱ្យក្លាយជាកន្លែងទាហានទាំងអស់ទេ គឺប្រែក្លាយព្រំដែនទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការ។ ដកកងទ័ពចេញ បើកច្រកអន្តរជាតិឱ្យប្រជាជនទៅកសាងភូមិ ឃុំ បង្កើតក្រុងនៅហ្នឹងទៅ។ យើងបានធ្វើជាប្រចាំ។ យើងកំពុងបន្តបោះបង្គោលព្រំដែន បើកច្រកអន្តរជាតិដើម្បីរុញវិនិយោគទៅទីនោះ។

(១៧) ក្រៅពីវិនិយោគបរទេស ចង់ឱ្យក្រុមហ៊ុនខ្មែរទៅវិនិយោគច្រើន ស្របនឹងមានការតភ្ជាប់

មានវិនិយោគពីប្រទេសអូស្រ្តាលីទៅធ្វើរ៉ែនៅមណ្ឌលគិរី វិនិយោគពីប្រទេសជប៉ុន ពីប្រទេសចិន ទៅវិនិយោគនៅទីនោះ។ ធំបំផុតខ្ញុំចង់ឱ្យមានការវិនិយោគពីក្រុមហ៊ុនខ្មែរនៅក្នុងស្រុកឱ្យច្រើននៅទីនោះ។ ឥឡូវយើងឃើញការបើក resort បើកអីដោយខ្មែរយើង។ យើងចង់ឱ្យធ្វើច្រើនថែមទៀត ឱ្យអ្នកនៅមូលដ្ឋានមានលទ្ធភាពបើកអាជីវកម្ម សមនឹងការដែលយើងខំតភ្ជាប់។ បងប្អូនស្រាវជ្រាវទៅ។ វាមិនមែនមានតែនៅយើងទេ។ បងប្អូនសាកវាយនៅក្នុង google ដាក់ពាក្យ IMT GT គឺកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណរវាងភាគខាងត្បូងថៃជាមួយឥណ្ឌូនេស៊ី ជាមួយនឹងម៉ាឡេស៊ី ដែលចាប់ផ្តើមពីឆ្នាំ១៩៩៣។ គេធ្វើដូចគ្នាអញ្ចឹង។ គេយកខេត្តមួយចំនួននៃភាគខាងត្បូងថៃ ដែលប្រជាជនថៃតែងតែព្រួយបារម្ភខ្លាចបាត់ទៅម៉ាឡេស៊ីនោះ ដាក់ធ្វើការអភិវឌ្ឍរួមគ្នាជាមួយនឹងឥណ្ឌូនេស៊ី ជាមួយនឹងម៉ាឡេស៊ី។ ជាង៣០ ឆ្នាំ តំបន់នោះអភិវឌ្ឍ តែគ្មានបាត់បង់អធិបតេយ្យភាពរបស់ប្រទេសណាទេ។ ប្រជាជនចេញចូលនៅតែប្រើ visa តាមច្បាប់រៀងៗខ្លួន​។ វាយមួយទៀត BIP BIMP-EAGA ហ្នឹងរវាង ៤ ប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ដោយសារប្រទេសនោះវាវែង អញ្ចឹងប្រទេសមួយៗ មានតំបន់ខេត្តមួយចំនួននៅដាច់គ្នាពេក។ អញ្ចឹងគេដាក់ ៤ តំបន់នៅជិតគ្នាហ្នឹង ដើម្បីអភិវឌ្ឍរួមគ្នា។

បងប្អូនអាចធ្វើសមិទ្ធកម្មសិក្សាទៅ ថាតើមានការបាត់បង់ឬទេ? អ្នកខ្លះថា នៅពិភពលោកគេមិនដែលធ្វើអញ្ចឹង។ មិនដូចនោះទេ។ សិក្សាមើលទៅ។ នៅច្រើនទៀតលើពិភពលោក។ សូម្បីតែក្របខ័ណ្ឌអាស៊ាន គេយកប្រ​ទេសទាំងមូលដាក់ ១០ ប្រទេស មានបាត់អី។ ក្របខ័ណ្ឌទ្វេភាគី គេធ្វើទាំងមូល។ ពាក្យថា CLV ថាម៉េច? គឺ Cambodia, Vietnam, Laos។ យើងធ្លាប់មានប្រទេសមេគង្គឡាងឆាង ប្រទេសមេគង្គទាំង៥ បូកជាមួយនឹងចិន ដាក់កិច្ចសហប្រតិបត្តិការហ្នឹង។ តើប្រទេសមួយៗបាត់ដីឬអធិបតេយ្យទេ? ចិនស្រូបទេ។ សូមបងប្អូនជាបញ្ញវន្ត និស្សិត សិក្សាបែបនេះ។ ពេលដែលយើងសិក្សា យើងនឹងឃើញនូវទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស ហើយអារម្មណ៍ភ័យខ្លាចនឹងធូរស្រាល។ ពេលខ្លះអារម្មណ៍ភ័យខ្លាចនេះហើយធ្វើឱ្យខ្មែរបែកបាក់ … ធ្វើឱ្យយើងមិនទុកចិត្តគ្នា ហើយយើងចេះតែឈ្លោះគ្នា។ ខ្ញុំប្រាប់ថា បើសិនជាខ្ញុំមិនធ្វើព្រែកជីកហ្វូណនឱ្យចប់ទេ មន្ទិលសង្ស័យនេះនឹងធំ។ វានឹងធ្វើឱ្យបែកបាក់ជាតិ។ គេថាខ្មោចមិនខ្លាចទេ ខ្លាចជាងគេគឺអារម្មណ៍ខ្លាចខ្មោច … ទោះបីមិនដែលឃើញខ្មោចលងក៏ដោយមែនទេ? … ​ខ្ញុំធ្លាប់ម្តង កាលរៀននៅក្រៅ។ apartment មួយហ្នឹង ខ្ញុំនៅរាប់ឆ្នាំអត់មានអីទេ។ ថ្ងៃមួយមិត្តភក្តិទៅដេក។ មិនដឹងអារម្មណ៍យ៉ាងម៉េច វាថាមានខ្មោចលង។ ថ្ងៃក្រោយខ្ញុំទៅដេកគ្រាន់​​តែឮទឹកហូរ ខ្ញុំគិតថាខ្មោចមែន …។

(១៨) គ្មានអ្នកណាព្រួយបារម្ភពីខ្មែរជាងខ្មែរ​ខ្លួនឯងទេ ហើយរដ្ឋាភិបាល មន្ដ្រី ប្រជាជនខ្មែរ មានសមត្ថភាពយល់បានថាអ្វីល្អអ្វីមិនល្អ

សូមមើលសមិទ្ធកម្ម។ បើព្រួយបារម្ភពីការអភិវឌ្ឍត្រីកោណ មើលផែនការ ២៥ ឆ្នាំនេះ។ តើ ២៥ ឆ្នាំនេះ គេត្រៀមលក្ខណៈឱ្យខ្មែរកាន់តែខ្សោយដើម្បីឱ្យគេកាត់យក ឬមានមនុស្សនៅពាសពេញ? …ខ្ញុំថាទៅលេងទៅ ជួយសេដ្ឋកិច្ចផង ទៅមើលផង។ យើងមិនអាចបង្កើតកូន បង្កើតចៅនៅខេត្តនោះឱ្យបាន ៧លាននាក់(ទេ) … ប៉ុន្តែ បន្តិចម្តងៗ យើងរឹងមាំ។ សំខាន់គឺស្មារតីម្ចាស់ការរបស់យើង ច្បាប់របស់យើង រដ្ឋធម្មនុញ្ញរបស់យើង បូកជាមួយនឹងស្មារតីជាតិនិយមរបស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់យើង ប្រជាពលរដ្ឋរបស់យើងទូទាំងប្រ​ទេស ដែលធ្វើឱ្យការព្រួយបារម្ភនេះអាចរំងាប់ទៅវិញបាន … មានប្រទេសខ្លះមកប្រាប់ខ្ញុំថា ឱ្យប្រទេសខ្លះ មកវិនិយោគខ្លាំងនៅកំពង់សោម បន្ដិចទៀតខ្មែរបាត់អធិបតេយ្យភាព។ ខ្ញុំប្រាប់ទៅវិញថា សូមអរគុណ! ប្រទេស​ណាមានមហិច្ឆតាអីជារឿងរបស់គេ។ តែខ្ញុំបានប្រាប់គាត់វិញថា ទី១៖ គ្មានអ្នកណាព្រួយបារម្ភជាងខ្មែរ​ខ្លួនឯងទេ។ ខ្ញុំសូមអរគុណដែលឯកឧត្តមបានមកប្រាប់ខ្ញុំ។ ទី២៖ ប្រទេសណាចង់អីចង់ចុះ ប៉ុន្ដែរដ្ឋាភិបាលខ្មែរ មន្ដ្រីរបស់ខ្មែរ ប្រជាជនខ្មែរ នៅមើលនៅហ្នឹង។ ប្រជាជនខ្មែរមិនល្ងង់ទេ។ យើងក៏មានសមត្ថភាពមើលដែរថាស្អីល្អស្អីអាក្រក់​។ ប្រទេសមួ​យដែលមកប្រាប់ខ្ញុំថា កុំឱ្យទុកចិត្តប្រទេសមួយទៀតនោះ ព្រោះគេចង់បានកន្លែងហ្នឹង តាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។ ឥឡូវមកដល់ម៉ោងនេះ កំពង់សោមបាត់អធិបតេយ្យភាពទេ? បងប្អូនទៅកំ​ពង់សោម មានសុំ visa (ពីគេ)ទេ? ថាអត់ទេ។

(១៩) នឹងប្រកាសគោលនយោបាយអភិវឌ្ឍខេត្តជាប់សមុទ្រជាគ្រាប់ពេជ្ររបស់កម្ពុជា

បន្ដិចទៀត យើងនឹងប្រកាសគោលនយោបាយ។ យើងបានធ្វើ ៥ឆ្នាំហើយដើម្បីពង្រឹងខេត្តជាប់សមុទ្ររបស់យើងជាសក្ដានុពល ជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជាគ្រាប់ពេជ្រ​របស់អ្នកណាគេទេ។ យើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង យើងខំបង្កើនធនធានមនុស្សនៅទីនេះ ដើម្បីចេញទៅធ្វើការគ្រប់កន្លែង។ អាចមានអ្នកខ្លះ​មក​ពីស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី។ សុំលើកដៃបន្ដិចមើល? មានខ្លះដែរ។ ត្រឡប់ទៅវិញអត់? … អត់​ទៅទេ។ ប្រុងយកប្រពន្ធនៅភ្នំពេញតែម្ដង? ស្រុកកំណើតយើងនៅហ្នឹង។ ជឿចុះ។ គ្មានអ្នកណាយកទេ។ គ្មានអ្នកណាមកយកខេត្តយើងនោះទេ … យើងរួមគ្នាធ្វើបន្ដទៅទៀត ហើយគ្មានអ្វីត្រូវលាក់លៀមទេ។ គ្រាន់តែយើងយកពេល​ទៅបញ្ជាក់លើសមិទ្ធកម្មតែប៉ុណ្ណឹងថា តើខេត្តទាំងបួននៃការចាប់ផ្ដើមនៃកិច្ចព្រមព្រៀងកិច្ចសហ​ប្រតិបត្ដិការនេះ (ធ្វើ)ឱ្យប្រជាពលរដ្ឋថយទេ? ការតភ្ជាប់ថយទេ? សេដ្ឋកិច្ចប្រៀបធៀបពី ១៩៩៩ ថយទេ ពីខេត្ត៤ហ្នឹង? តើទៅមុខទៀតយ៉ាងណា? ខ្ញុំសូមឱ្យបងប្អូនមានភាពជឿជាក់។ កុំឱ្យមានការមិនទុកចិត្តគ្នាជាគ្រោះថ្នាក់​នៃការបែកបាក់ជាតិ។ ការធ្វើពិតនឹងបង្ហាញនូវភាពជាក់ស្ដែង ជាសមិទ្ធកម្មជាក់ស្ដែង ២៥ឆ្នាំ នឹងបន្ដទៅមុខទៀត។ ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសមិនខុសពីបងប្អូនទេ​។ យើង​មើលតែខ្លួនឯងទៅបានហើយ។ ម្នាក់ៗតែងមានទំនាក់ទំនងអ្នកជិតខាង។ ប្រទេសខ្លះថាឱ្យគេវិនិយោគនៅកំពង់សោមច្រើនគេមិនត្រង់ជាមួយយើង។

យើងមិនអាចនៅតែម្នាក់​ឯងទេ។​ សូម្បីតែតាបសចេញទៅសមាធិក្នុងព្រៃ ពេលខ្លះក៏គាត់ចូលមកក្នុងភូមិដើម្បីទិញរបស់ដែរ។ តាបសភ្នំគូលែន សម័យឥឡូវគាត់ប្រើប្រាស់អី? សណ្ដែកអីឯណា? គាត់ចេញមកទិញគោជល់អីដូចតែគ្នាហ្នឹង។ សម័យនេះ មិនអាចរស់នៅ​ដាច់ដោយឡែកទេ។ បងប្អូនតែងមានទំនាក់ទំនងជាមួយមិត្តភក្ដិត្រូវទេ? តែងមានទំនាក់ទំនងជាមួយអ្នកជិតខាង មានទំនាក់ទំនងជាមួយបងប្អូនបង្កើត។ សួរថាអ្នកទាំងអស់ហ្នឹងស្មោះជាមួយយើងទេ? យើងសង្ឃឹម តែមិនប្រាកដទេ។ ត្រូវទេ? រឿងសំខាន់យើងមិនអាចទៅ control គ្រប់គ្នានោះទេ។ គេស្រឡាញ់ឬស្អប់យើងជាចិត្តរបស់គេ។ ថ្ងៃនេះគេសប្បាយចិត្តជាមួយយើង ស្អែកគេមិនសប្បាយចិត្តជាមួយយើង។ ប៉ុន្ដែសួរថា ​យើងត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិបងប្អូនឬទេ? សូម្បីបងប្អូនបង្កើតអ្នកខ្លះក៏មានជម្លោះដែរ។ វាមិនសំខាន់ទៅលើគេសុទ្ធទេ។ លើយើងខ្លួនឯង។

គេមានរឿងអីជារឿងរបស់គេ។ យើងនៅតែយើង។ មិនមែនគ្រាន់តែគេខឹង យើងដាច់បាយទេ។ យើងត្រូវពង្រឹងខ្លួនឯង។ ម្ចាស់ការខ្លួនឯង។ រឿងទំនាក់ទំនងត្រូវតែមាន ប៉ុន្ដែមិនអាចពឹងផ្អែកលើគេទាំងស្រុងនោះទេ។ ប្រទេសដូចគ្នា។ គេចង់បានអីជារឿងរបស់គេ។ ប្រទេសគេៗគិតផលប្រយោជន៍គេ។ គ្មានអីខុសទេ។ គ្មានថ្នាក់ដឹកនាំប្រទេសណាមួយដែលឡើងមកនិយាយនៅទូទាំងពិភពលោកថា ខ្ញុំមិនធ្វើដើម្បីផលប្រយោជន៍ប្រទេសខ្ញុំ ជាតិខ្ញុំនោះទេ។ គឺធ្វើដើម្បីផលប្រយោជន៍ជាតិខ្លួនឯងទាំងអស់។ កម្ពុជាក៏ដូចគ្នាដែរ។ គ្រាន់តែផលប្រយោជន៍ខ្លះវាអាចស៊ីសង្វាក់ជាមួយគ្នាដើម្បីរីកចម្រើន ប្រទាក់ក្រឡាមិត្តភក្ដិទៅជប់លៀងជាមួយគ្នា សប្បាយទាំងអស់គ្នា។ រឿងតែប៉ុណ្ណឹង។ បង្កើនមនោសញ្ចេតនា។ មកវិញ ខ្លួនយើងនិងគ្រួសារយើងត្រូវ​តែទទួលខុសត្រូវខ្លួនយើង។​

(២០) ការអភិវឌ្ឍខេត្តទាំងបួនជាផែនការខេត្តរបស់កម្ពុជា និងប្រើថវិកាជាតិ

សូមបងប្អូនដែលព្រួយបារម្ភពីកិច្ចសហប្រតិបត្ដិការត្រីកោណ មើលលុយដែលវិនិយោគក្នុង ២៥ឆ្នាំនេះ ក្នុងខេត្ត​ទាំង ៤ គឺលុយជាតិរបស់យើង មិនមែនតាមកិច្ចសហប្រតិបត្ដិការនោះទេ។ ក្នុងកិច្ចសហប្រតិបត្ដិការមាន​ដាក់ថាប្រទេសមួយៗចេញលុយធ្វើខ្លួនឯង។ ដាក់រួមមានជប៉ុនជួយ ដូចជាជួយមិនច្រើនផង ដូចមានប្រទេស​អាល្លឺម៉ង់ តាមកម្មវិធី​អីខ្លះទៀត ដែល​ដាក់ក្នុងក្របខ័ណ្ឌហ្នឹង(ប៉ុន្ដែ)មិនច្រើនផង។ លុយរបស់យើង ការអភិវឌ្ឍរបស់យើង ម្ចាស់ការរបស់យើង ផែនការរបស់យើង មិនមានករណីដែលខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវការអភិវឌ្ឍខេត្ត ត្រូវឆ្លងគណៈកម្មការ​សហប្រតិបត្ដិការនេះទេ។ ខេត្ដធ្វើផែនការខេត្តខ្លួនឯង។ បើចង់ដឹងទៅសួរខេត្ត​។ ផ្លូវហ្នឹងអ្នកណាធ្វើ? ផែនការភូមិឃុំអ្នកណាអ្នកធ្វើ? មិនមែនឆ្លងគណៈកម្មការប្រទេសបីហ្នឹងទេ គឺយើងធ្វើខ្លួនឯង។ អញ្ចឹង ២៥ ឆ្នាំ នេះ អនុវត្ដតាមលំនាំនេះ ហើយទៅមុខទៀតក៏នៅតែលំនាំនេះដដែល។ យើងត្រូវបង្កើនសមត្ថភាពនិងលទ្ធភាពរបស់ឃុំ/សង្កាត់ ស្រុក ខេត្ត ដើម្បីកសាងពង្រឹងមូលដ្ឋានរបស់ខ្លួនកាន់តែរឹងមាំ។ មិនមែនយើងដក(ខេត្ត)ហ្នឹងទៅដាក់ចូលហ៊ុន ហើយអស់សិទ្ធិនោះទេ។ យើងនៅតែមានការទទួលខុសត្រូវដដែល​។ មិត្តភក្ដិយើងជួបគ្នា ជួយគ្នាធ្វើការអីមួយ …។

ឥឡូវឯកសារចេញអស់ហើយ។ ទៅមើលចុះ។ ឯកសារនេះ មិនមែនចេញត្រឹមតែឯកសារដើមភាសាអង់គ្លេសទេ។ ឱ្យបកជាភាសាខ្មែរឱ្យ​បងប្អូនមើលទៀត។ ឱ្យបង្ហោះទាំងពីរតែម្ដង។ បើបង្ហោះតែអង់គ្លេស កុំឱ្យថា “ឃើញទេ បោក។ អាងប្រជាជនអត់ចេះអង់គ្លេស”។ ឥឡូវឱ្យបកជាភាសាខ្មែរ។ បើបញ្ចេញតែភាសាខ្មែរ បងប្អូនថាអាដើមនៅឯណា? ឥឡូវកុំឱ្យសង្ស័យបញ្ចេញទាំងអាដើមទាំងបកខ្មែរ។ បើបងប្អូនចេះអង់គ្លេសមើលទៅ តើបកត្រូវឬអត់។ បើបក​ខុសប្រាប់ចុះ។ បកផ្អែកទៅលើអី? ខ្ញុំសួរលោកជំទាវ ចម និម្មល ថា ម៉េចក៏យូរម្ល៉េះ? មិនប្រញាប់ចេញ។ គាត់ថា “សម្ដេច! សុំ(ពេលវេលា) ព្រោះជំនាញរបស់យើងប្រយ័ត្នណាស់។ បកយ៉ាងម៉េចឱ្យ​ចំខ្លឹមសារ កុំឱ្យខុសន័យមួយពាក្យៗ ព្រោះពាក្យខ្លះមានន័យខុសគ្នាជាភាសាអង់គ្លេស យើងបកឱ្យត្រូវន័យតែម្ដង​ ដើម្បីកុំឱ្យបងប្អូន(មើលហើយយល់ច្រឡំ)” … យើងគ្មានលាក់លៀមទេ​ បងប្អូន។

(២១) រដ្ឋាភិបាលធ្វើផ្លូវ ចេញគោលនយោបាយសម្រួលសេដ្ឋកិច្ច អ្នកបានទទួលផលគឺប្រជាពលរដ្ឋ

​ដោយហេតុនេះ គ្រោះថ្នាក់បំផុតគឺអារម្មណ៍ការខ្លាចដែលធ្វើឱ្យយើងសង្ស័យគ្នា។ ទីបំផុតខ្មែរវាយតែគ្នា។ ខ្មែរសង្ស័យតែគ្នាឯង ខ្មែរធ្វើឱ្យបែកបាក់តែគ្នា​ឯងហ្នឹង។ រាប់រយឆ្នាំមកហើយ។ យើងយកទឡ្ហីករណ៍អ្នកនេះ ប្រ​ទេសនេះប្រទេសនោះ ទីបំផុតអ្នកណាវាយគ្នា គឺតែខ្មែរគ្នាឯង។ កុំឱ្យកើតមានរឿងហ្នឹងតទៅទៀត។ សូមកុំឱ្យកើតមានការ​មន្ទិលសង្ស័យ។ ខ្ញុំចង់ឱ្យបងប្អូនចូលរួមផ្ទាល់។ ប្រទេសនេះជាប្រទេសរបស់យើង។ ២៥ រាជធានីខេត្តមិនមែនតែខេត្តទិសឦសានទេ ​​គឺជាខេត្តរបស់យើងដែលយើងរួមគ្នាអភិវឌ្ឍ។ យើងមានសិទ្ធគ្រប់គ្រាន់។ រដ្ឋាភិបាលបានត្រឹមតែធ្វើផ្លូវក្រវាត់ព្រំដែន ធ្វើផ្លូវតភ្ជាប់ ដាក់ចេញគោលនយោបាយសម្រួលសេដ្ឋកិច្ច ប៉ុន្តែអ្នកដែលមានសិទ្ធិធ្វើ អ្នកប្រតិបត្តិគឺប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាអ្នកមានសិទ្ធិជិះទៅមើលទៅលេង។ ប្រជាពលរដ្ឋមានសិទ្ធិទៅធ្វើដំណាំដាំដុះ ទៅរស់ស្របច្បាប់ក្នុងខេត្តរបស់យើង ទៅធ្វើការទៅរៀនសូត្រ ទៅយកប្រពន្ធ។ បើចង់ឱ្យខេត្ត(មានប្រជាជន)ច្រើន ទាល់តែជួយបង្កើនប្រជាពលរដ្ឋ។ ទៅជួយជាសិទ្ធិរបស់ប្រជាពលរដ្ឋ។

(២២) ការពារជាតិគឺជាកាតព្វកិច្ចទាំងអស់គ្នា រាជរដ្ឋាភិបាលបម្រើសំណូមពរប្រជាពលរដ្ឋ

ខ្ញុំគិតថា ការពារជាតិគឺជាកាតព្វកិច្ចទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាល ឬរបស់ប្រជាជននោះទេ។ រាជរដ្ឋាភិបាលធ្វើការបម្រើជូនប្រជាពលរដ្ឋ​។ យើងដាក់ចេញគោលនយោបាយទាំងប៉ុន្មាន គឺសុទ្ធតែដើម្បីឆ្លើយតបសំណូមពរប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ចង់បានអី? ចង់បានពេលឈឺថ្កាត់ បើអត់ថវិកាអាចមានគម្រោងស្អីខ្លះដែលរដ្ឋជួយ។ បណ្ណសមធម៌ឬមួ​​យក៏ឥឡូវយើងមានស្វយ័តភាព មាន បសស។ ចង់បង្កើនចំណេះដឹង រដ្ឋជួយរុញសាលាទៅឱ្យ។ ចង់បានការងារ រដ្ឋខំបង្កើតវិស័យឯកជនឱ្យដើរតួគ្រប់វិស័យ ធនាគារ IT ឬអ្វីៗផ្សេងៗ … រោងចក្រ​។ ចង់បានផ្លូវតភ្ជាប់ រដ្ឋធ្វើឱ្យ។ ចង់បានកម្មសិទ្ធិដីធ្លី វាស់វែងដីឱ្យកម្មសិទ្ធិស្របច្បាប់។ យើងចេញប្លង់ឱ្យនៅកន្លែងមួយគគោក។ ឥឡូវយើងធ្វើបាន ៥លានហើយ នៅសល់ ៣លានកន្លះបណ្ណដីទៀត។ យើងនឹងបន្តធ្វើ។ មន្ត្រីសុរិយាដីកន្លែងខ្លះ ចុះធ្វើទាំងយប់ ចេញបណ្ណដីឱ្យទៀត ព្រោះប្រជាជនចង់បាន។

(២៣) មេដឹកនាំធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ គឺធ្វើអត្តឃាតនយោបាយផង អត្តឃាតសេរីភាពខ្លួនផង

រដ្ឋាភិបាលសូម(ឱ្យ)បងប្អូនជឿជាក់។ មិនមែនធ្វើអ្វីដើម្បីលាក់បាំងប្រជាពលរដ្ឋទេ។ រដ្ឋាភិបាលនៅអាស្រ័យលើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបោះឆ្នោត ៥ឆ្នាំម្ដង។ យើងដឹងច្បាស់ណាស់។ មិនអាចធ្វើអត្តឃាតនយោបាយតាមរយៈការធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិទេ។ បើធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ មិនត្រឹមតែធ្វើអត្តឃាតនយោបាយទេ ប៉ុន្តែថែមទាំងអត្តឃាតសេរីភាពរបស់ខ្លួន គឺប្រជាពលរដ្ឋមិនលើកលែងទេ តត្រកូល តពូជ តចៅ។ ជឿចុះ គ្មានអ្នកណាចង់បំផ្លាញ ចង់ធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពទេ។ ការគិតគូរ ការសង្ស័យ ការបញ្ចេញមតិ បងប្អូនបញ្ចេញចុះ ប៉ុន្តែខ្ញុំបញ្ជាក់ប៉ុននេះដដែលដើម្បីឱ្យឃើញជាក់ស្ដែង។

(២៤) រួមគ្នាកសាងនិងអភិវឌ្ឍប្រទេស ថែរក្សាឯករាជ្យភាព អធិបតេយ្យភាព ដើម្បីផលប្រយោជន៍ជាតិ

សូមបងប្អូនមើលសមិទ្ធកម្មជាក់ស្ដែង កិច្ចព្រមព្រៀងជាក់ស្ដែង មើល ២៥ឆ្នាំមកនេះ ហើយទៅមុខទៀតនឹងបន្តឃើញទៀតពេលដែលការវិវឌ្ឍទៅមុខ។ ថ្ងៃនេះ​ចែកសញ្ញាបត្រ មានការពាក់ព័ន្ធនឹងប្អូនរៀនធ្វើអី? បើប្រទេសយើងគង់តែបាត់ដដែល។ រៀនធ្វើអីបើគង់តែគេមកត្រួតយើងដដែល។ វាពាក់ព័ន្ធនឹងក្ដីសង្ឃឹមរបស់យើងដែរ។ ពាក់ព័ន្ធជាមួយអ្នកស្ទឹងត្រែង​ រៀនធ្វើអីបើថ្ងៃក្រោយទៅខេត្ត យើងត្រូវសុំ Visa។ វាពាក់ព័ន្ធនឹងកង្វល់រួម។ ខ្ញុំត្រូវលើកបែបនេះ ដើម្បីកុំឱ្យមានការសង្ស័យផ្ទៃក្នុង មន្ទិលខ្លួនឯង។ ខ្មែររួមគ្នាកសាងអភិវឌ្ឍប្រទេស បង្កើនថែរក្សាឯករាជ្យភាព អធិបតេយ្យភាព រួមគ្នាកសាងប្រទេសបន្ថែមទៀត គ្រប់កន្លែងទាំងអស់មិនថាទិសឦសាន ដើម្បីផលប្រយោជន៍ជាតិកូនចៅខ្មែរ នេះគឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្តធ្វើតទៅទៀត​។

ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង … ឥឡូវម៉ោង ៩កន្លះ។ ចែកសញ្ញាបត្រ ចប់ប្រហែលម៉ោង ១១ល្មម។ កក់ហាងនៅក្បែរហ្នឹង​។ ត្រូវទេ? ប៉ុន្មាននាក់មានផែនការជាមួយមិត្តភក្តិ? ខ្ញុំធ្លាប់ទទួលសញ្ញាបត្រដែរ។ ជួបជាមួយគ្រួសារចប់គឺណាត់គ្នាហើយ។ ពួកម៉ាករៀនជាមួយគ្នា បន្តិចទៀតបែកគ្នា ចេញធ្វើការរៀងខ្លួន។ មួយថ្នាក់ ២០ទៅ ៣០នាក់។ ៤ឆ្នាំជាមួយគ្នា។ កាលពីខ្ញុំនៅរៀន ដល់ពេលចេញទៅ បែកគ្នា អ្នកខ្លះទៅអង្គភាពនេះ/នោះ ប៉ុន្តែយើងនៅទីនេះជិតគ្នាស្រួលទេ។ សំខាន់បំផុតធូរទ្រូង លែងមានកិច្ចការផ្ទះទៀតហើយ។ ត្រូវបន្តការពង្រឹងសមត្ថភាពរបស់ខ្លួន។ ប្រទេសយើងពឹងលើក្មួយៗ និមិត្តរូបនៃជំនាន់ក្រោយ។ ខ្ញុំគេហៅថាយុវជ្រេទៅហើយ។ មានយុវជន យុវជ្រេ យុវ​ចាស់។ យើងដល់ ៤០ជាងឆ្នាំ, ៥០ឆ្នាំជាងទៅហើយ សក់តែមិនលាបសស្គុះ។ ម៉ាក់ក្មេកគាត់ទៅសមាធិ១១ថ្ងៃ។ ត្រឡប់មកវិញគាត់ប្រាប់គ្រួសារខ្ញុំថា ខានឃើញ ១១ថ្ងៃដូចចាស់ម្លេះ។

យើងកសាងនិងពង្រឹងធនធានមនុស្សបន្ថែមទៀតដើម្បីអនាគតជាតិ។ បងប្អូននៅទីនេះពង្រឹងខ្លួនឯង ពង្រឹងជាតិយើង រួមជាមួយរដ្ឋាភិបាល ទាញផលប្រយោជន៍ដែលយើងផ្ដល់ឱ្យនៅក្នុងសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដើម្បីជួយជំរុញខ្លួនឯង គ្រួសារ និងសេដ្ឋកិច្ចជាតិ។ ឱ្យជាតិយើងរឹងមាំ ខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គឺអត់មានអ្នកមកធ្វើអីយើងបានទេ។ គេចង់អីចង់ទៅ។ រឿងរបស់គេ។ តែយើងចង់ការពារ ចង់លើកតម្កើង ចង់ពង្រឹងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ ពង្រីកសក្ដានុពលរបស់យើងលើឆាកអន្តរជាតិ។

មិនត្រឹមតែធ្វើខ្លួនឯងទេ។ ម្សិលមិញជួបជាមួយ foundation វិទ្យាស្ថានរបស់យើងមួយអំពីការរៀបចំបណ្ដុះបណ្ដាលអវៈយវៈ។ ឥឡូវទៅជាកន្លែងបណ្ដុះបណ្ដាលកម្រិតតំបន់។ ប្រទេសផ្សេងទៀតគេបញ្ជូនមនុស្សមករៀននៅស្រុកយើង។ ​​​ពីមុនយើងទៅរៀនពីស្រុកគេ ឥឡូវគេរៀនពីស្រុកយើងវិញ។ កម្លាំងដោះមីនរបស់យើងទៅបង្រៀនគេក្រៅប្រទេស។ ក្រុមហ៊ុនខ្មែរយើងមួយចំនួន មិនត្រឹមតែវិនិយោគក្នុងប្រទេសទេ ចេញទៅវិនិយោគក្រៅប្រទេសទៀត។ មិនត្រឹមតែពង្រឹងខ្លួនឯងទេ ពង្រីកសក្តានុពលលើឆាកអន្តរជាតិទៀត។ នេះគឺដោយសារធនធានមនុស្សរបស់យើង និងលទ្ធភាពដែលយើងមាន។ សូមជូនពរបងប្អូនឱ្យកាន់តែជោគជ័យ ចូលរួមលើកកម្ពស់កិត្យានុភាពជាតិរបស់យើង។

ខ្ញុំសូមអរគុណ សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសក្មួយៗនិស្សិតជ័យលាភីនៅថ្ងៃនេះ ក៏ដូចជាក្រុមគ្រួសារដែលបានចូលរួមអបអរសាទរ នូវជោគជ័យរបស់ក្មួយៗ សូមជូនពរនិងប្រសិទ្ធពរឱ្យបានទទួលនូវជោគជ័យគ្រប់ភារកិច្ច ទទួលនូវពុទ្ធពរនិងពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សម្រាប់និស្សិតជ័យលាភី ៥៦១នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល, ​សាស្ត្រាចារ្យ បុគ្គលិក​សិក្សាចំនួន ៤៧៧នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល, សាកលវិទ្យាល័យពុទ្ធិសាស្ត្រថវិកា ១០លានរៀល, ក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។ លោកគ្រូនិងសិស្សបូកបញ្ជូលគ្នាអាចក្រែលដែរ ជប់លៀងបានមួយត្រើយខាងកើត៕

អត្ថបទទាក់ទង