Grand News Asia Close

វិភាគអន្តរជាតិ៖ តើការតែងតាំង Yahya Sinwar ជាមេថ្មីរបស់ហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 752
វិភាគអន្តរជាតិ៖ តើការតែងតាំង Yahya Sinwar ជាមេថ្មីរបស់ហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា? វិភាគអន្តរជាតិ៖ តើការតែងតាំង Yahya Sinwar ជាមេថ្មីរបស់ហាម៉ាស មានន័យយ៉ាងណាចំពោះសង្រ្គាមហ្កាហ្សា?

(ដូហា កាតា)៖ ក្រុមហាម៉ាស កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅនេះ បានតែងតាំងលោក Yahya Sinwar ដែលត្រូវបានចោទប្រកាន់ថាជាមេគំនិតនៅពីក្រោយការវាយប្រហារលើ ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាមេដឹកនាំនយោបាយថ្មីរបស់ចលនាតស៊ូអ៉ីស្លាមនៅក្នុងតំបន់ហ្កាហ្សាមួយនេះ បន្ទាប់ពីមេដឹកនាំមុន លោក Ismail Haniyeh ត្រូវបានសម្លាប់។

លោក Haniyeh ដែលរស់នៅនិរទេសខ្លួនក្នុងប្រទេសកាតា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើនិវេសនដ្ឋានរបស់លោក នៅឯទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា។ លោក Haniyeh ជាមេដឹកនាំដ៏សំខាន់ម្នាក់ដឹកនាំកិច្ចការការទូតរបស់ក្រុមហាម៉ាសនៅលើឆាកអន្តរជាតិ ក្នុងនោះរួមមានទាំងកិច្ចចរចាស្ដីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង។ លោកក៏ជាមនុស្សម្នាក់ត្រូវបានគេមើលឃើញថាស្រួលនិយាយគ្នាជាងមេដឹកនាំហាម៉ាសដទៃទៀត ផងដែរ។

អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh តែអ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនបានបដិសេធអ្វីដែរ។ ផ្ទុយពីលោក Haniyeh លោក Sinwar ជាមនុស្សប្រកាន់ជំហរតឹងរ៉ឹង និងប្រកាន់ភ្ជាប់ថាយោធាជាមធ្យោបាយដ៏ល្អបំផុតដើម្បីនិយាយគ្នាជាមួយអ៉ីស្រាអែល។ លោក Sinwar មិនបានបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើងអស់រយៈពេលជាង១០ខែមកនេះ។ លោក Sinwar ត្រូវបានរាយការណ៍ថាជាអ្នកសម្រេចចិត្តធំបំផុតរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ដូច្នេះតើ ការតែងតាំងលោក Sinwar មានន័យយ៉ាងណាចំពោះក្រុមហាម៉ាស និងសង្រ្គាមហ្កាហ្សា?

​*​ហេតុអ្វីហាម៉ាសជ្រើសរើសយកលោក Sinwar?

លោក Yahya Sinwar ធ្លាប់ជាប់ពន្ធនាគាររាប់សិបឆ្នាំ ពីបទសម្លាប់ទាហានអ៉ីស្រាអែល២នាក់។ លោកត្រូវបានដោះលែងចេញពីពន្ធនាគារអ៉ីស្រាអែលក្នុងឆ្នាំ២០១១។ លោក Sinwar បានក្លាយជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ ក្នុងជួរកងពលតូច Ezzedine al-Qassam របស់ក្រុមហាម៉ាស មុននឹងឡើងកាន់តំណែងជាមេដឹកនាំម្នាក់របស់ហាម៉ាស ក្នុងតំបន់ហ្កាហ្សា នៅឆ្នាំ២០១៧។ លោក James Dorsey ជាអ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ា បានចាត់ទុកការតែងតាំងលោក Sinwar ជាការបញ្ជាក់ពីការតាំងចិត្តរបស់ហាម៉ាស ក្នុងការរក្សា អំណាចគ្រប់គ្រងនៅហា្កហ្សា បើទោះជាអ៉ីស្រាអែលដាក់គោលដៅកម្ទេចក្រុមហាម៉ាសក៏ដោយ។ ម្យ៉ាង មន្ត្រីហាម៉ាសជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការតែងតាំង លោក Sinwar គឺជាសារមួយបញ្ជាក់ថា «ក្រុមហាម៉ាសនឹងនៅតែបន្តដើរតាមជំហានតស៊ូរបស់ខ្លួន»។

អ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ាម្នាក់ទៀត លោក Hugh Lovatt មកពីវិទ្យាស្ថាន European Council on Foreign Relations បាននិយាយថាការសម្លាប់លោក Haniyeh ដែល ជាមេដឹកនាំហាម៉ាសម្នាក់មិនសូវរឹងរូស អាចជះឥទ្ធិពលលើ «តុល្យភាពអំណាចផ្ទៃក្នុង» របស់ក្រុមហាម៉ាស។ ពីព្រោះថាលោក Haniyeh មានទំនោរងាកទៅរកបណ្ដារដ្ឋអារ៉ាប់ រីឯលោក Sinwar មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។ លោក Lovatt បា​នបន្ថែមថាការតែងតាំងលោក Sinwar ក៏បាននាំឱ្យមានការចោទសួរផងដែរថាតើអ៉ីរ៉ង់ និងក្រុមហេសបូឡា មានឥទ្ធិពល កម្រិតណា នៅពីក្រោយឆាក។ ដោយឡែក លោកស្រី Tahani Mustafa វិញ ជាអ្នកវិភាគម្នាក់មកពីអង្គការ International Crisis Group យល់ថាការជ្រើសរើសលោក Sinwar ជាចេតនាបញ្ជូនមួយរបស់ក្រុមហាម៉ាសទៅកាន់អ៉ីស្រាអែលថា «ប្រសិនបើអ៉ីស្រាអែល ប្រកាន់យកជំហររឹងរូស និងសម្លាប់មេដឹកនាំមិនសូវរឹងរូសរបស់ពួកគេ នោះពួកគេក៏អាច ប្រកាន់ជំហររឹងរូស និងមិនសម្រុះសម្រួលដូចគ្នាដែរ»។

* តើលោក Sinwar នឹងផ្លាល់ប្ដូរកិច្ចចរចាបទឈប់បាញ់ ឬ?

លោក Haniyeh បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាដៃគូសន្ទនារបស់ក្រុមហាម៉ាស ជាមួយក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា នៅឯកិច្ចចរចាស្វែងរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង នាពេលកន្លងមក។ កាតាបានអនុញ្ញាតឱ្យលោក Haniyeh រស់នៅ និងឱ្យក្រុមហាម៉ាសបើកការិយាល័យនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១២មក ក្រោមការយល់ព្រមពីសហរដ្ឋអាមេរិក។ លោក Osama Hamdan ជាមន្ត្រីហាម៉ាសម្នាក់ប្រាប់សារព័ត៌មាន Al Jazeera ថាលោក Sinwar តែងតែតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចចរចា និងទទួលបានព័ត៌មានលម្អិតពីកិច្ចចរចាជានិច្ច។ ដូច្នេះនៅបន្ទាប់ពីការតែងតាំងរូបលោក នីតិវិធីកិច្ចចរចានឹងនៅតែបន្តដំណើរការ។

ក៏ប៉ុន្តែ លោក Dorsey បានពន្យល់ថាមុនការស្លាប់របស់លោក Haniyeh គឺលោក Haniyeh ជាអ្នកដឹកនាំកិច្ចចរចា រីឯលោក Sinwar ជាអ្នកសម្រេចចិត្តថាតើត្រូវដោះលែងចំណាប់ខ្មាំង ឬក៏អត់ ហើយថាតើចំណាប់ខ្មាំងណាខ្លះដែលត្រូវដោះលែង? តែបច្ចុប្បន្ន កិច្ចការទាំង២នេះបានធ្លាក់ទៅលើមនុស្សតែម្នាក់។ «តែយ៉ាងណាក៏ដោយ ខ្ញុំមិនគិតទេថាក្រុមហាម៉ាសមិនចង់ បានបទឈប់បាញ់»។ នេះជាការលើកឡើងរបស់លោក Dorsey។ ស្រដៀងគ្នានឹងលោក Dorsey លោក Lovatt បាននិយាយថាការយល់ព្រមរបស់ក្រុមហាម៉ាសដោយទទួលយក បទឈប់បាញ់រយៈពេលមួយសប្ដាហ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រហែលជាមិនអាចកើតឡើងឡើយ ប្រសិនបើគ្មានការយល់ព្រមពីលោក Sinwar។

លោក Lovatt បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតទេថាលោក​ Sinwar ជាមនុស្សប្រឆាំងដាច់ខាតនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែល ប៉ុន្តែអ្វីដែលច្បាស់គឺថាក្រោម ការដឹកនាំរបស់លោក កិច្ចចរចាអាចនឹងកាន់តែពិបាក»។ ចំណែក លោកស្រី Mustafa បាននិយាយថាក្រុមហាម៉ាសនៅតែចង់បានបទឈប់បាញ់ តែវាមិនមែនជាកិច្ចព្រមព្រៀងមួយ ដែលសម្លាប់ចលនារបស់ពួកគេនោះទេ ហើយក៏មិនមែនជាកិច្ចព្រមព្រៀងធ្វើតាមលក្ខខណ្ឌរបស់ភាគីតែម្ខាង និងមិនមានការទាមទារណាមួយរបស់ពួកគេនោះដែរ។

* តើលោក Sinwar មានន័យយ៉ាងណាចំពោះអនាគតរបស់ហាម៉ាស?

តាមលោក Osama Hamdan ការតែងតាំងលោក Sinwar បានបង្ហាញថាក្រុមហាម៉ាសយល់ដឹងយ៉ាងច្បាស់ពីសមរភូមិសង្រ្គាម ហើយចង់បញ្ជាក់ថាគោលនយោបាយធ្វើឃាតរបស់ សត្រូវប្រឆាំងមេដឹកនាំហាម៉ាស នឹងមិនទទួលបានជោគជ័យទេ។ លោក Lovatt យល់ថាការធ្វើឃាតលោក Haniyeh អាចធ្វើឱ្យរចនាសម្ព័ន្ធនយោបាយរបស់ក្រុមហាម៉ាស មានភាពវឹកវរ រយៈពេលខ្លី ព្រោះត្រូវសម្របតាមមេដឹកនាំថ្មី ហើយដែលនេះជាពេលវេលាមួយផ្ដល់ផលប្រយោជន៍ដល់អ្នកប្រកាន់ជំហររឹងរូសនៅក្នុងក្រុមហាម៉ាស។

គួរបញ្ជាក់ថា តាមលោក Lovatt អ្នកប្រកាន់ជំហរមិនសូវរឹងរូស នៅក្នុងក្រុមហាម៉ាសបានចុះខ្សោយរួចទៅហើយ ដូច្នេះការសម្លាប់លោក Haniyeh អាចនឹងធ្វើឱ្យពួកគេកាន់តែទន់ខ្សោយ ថែមទៀតក៏ថាបាន។ អ្នកវិភាគរូបនេះបន្តទៀតថានៅក្រោមការដឹកនាំរបស់លោក Sinwar ក្រុមហាម៉ាសនឹងបន្តផ្តោតជាអាទិភាពលើការតស៊ូប្រដាប់អាវុធ ជាយុទ្ធសាស្ត្រចម្បង ដើម្បី ឆ្ពោះទៅមុខ យ៉ាងហោចនៅក្នុងរយៈពេលខ្លីមួយ ដែលនឹងធ្វើឱ្យមានភាពមិនច្បាស់លាស់លើខ្សែបន្ទាត់ខណ្ឌចែករវាងមេដឹកនាំយោធា និងមេដឹកនាំនយោបាយ រួមទាំងការងាកកាន់តែស្និទ្ធទៅរកអ៉ីរ៉ង់៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង