Grand News Asia Close

 វិចារណកថា៖ មេសា ១៩៧៥ និងមេសា ២០២៣ ខុសគ្នាប្រៀបដូចនរកអវីចី និងឋានសួគ៌ នៃដំណើរជាតិកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 230
 វិចារណកថា៖ មេសា ១៩៧៥ និងមេសា ២០២៣ ខុសគ្នាប្រៀបដូចនរកអវីចី និងឋានសួគ៌ នៃដំណើរជាតិកម្ពុជា  វិចារណកថា៖ មេសា ១៩៧៥ និងមេសា ២០២៣ ខុសគ្នាប្រៀបដូចនរកអវីចី និងឋានសួគ៌ នៃដំណើរជាតិកម្ពុជា

 

 

(ភ្នំពេញ)៖ ខែមេសា ឆ្នាំ១៩៧៥ គឺជាចំណារដ៏ជូរចត់ក្នុងក្រាំងប្រវត្តិរបស់កម្ពុជា។ ព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥ មកដល់ពេលបច្ចុប្បន្ន មានរយៈ៤៨ឆ្នាំហើយ តែ​ស្លាក​ស្លាមប្រវត្តិសាស្ត្រជាច្រើននៅក្នុងខែនេះ មិនត្រូវបានគូសលុប ឬរលុបចេញ​ពីក្រាំងនៃការចងចាំរបស់រាស្ត្រខ្មែរ ដែលបានឆ្លងកាត់នោះឡើយ។

ខែមេសា ឆ្នាំ១៩៧៥ មានព្រឹត្តិការណ៍ធំៗចំនួនពីរត្រូវបានគេកត់ចំណាំ រួមមាន ការដួលរលំនៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលមានសហរដ្ឋ​អា​មេរិកជាបង្អែក និងការដណ្តើមបានជ័យជម្នះរបស់ក្រុមមេដឹកនាំខ្មែរក្រហម​នាថ្ងៃទី​១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីធ្វើសង្គ្រាមនឹងគ្នាអស់រយៈពេល៥ឆ្នាំ។

ថ្ងៃទី១៧ ខែមេសា កាលពី ៤៨ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាកន្លែងភាសខ្លួន​របស់​ប្រជាពលរដ្ឋខ្មែរ ព្រោះតែសង្គ្រាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពលោក លន់ នល់ ត្រូវបានចូលកាន់កាប់ដោយកងទ័ពខ្មែរក្រហមហ៊ុមព័ទ្ធ​ដោយផ្សែងគ្រាប់​ផ្លោង និងស្នូរគ្រាប់ភ្លើង។ ប្រជាពលរដ្ឋ នាពេលព្រឹកព្រលឹមបង្ហាញស្នាមញញឹម និងសាទរចំពោះការវាយចូលរបស់កងទ័ពខ្មែរក្រហម ព្រោះរំពឹងថាសង្គ្រាមរ៉ាំរ៉ៃ​ប្រមាណ ៥ឆ្នាំកន្លងទៅត្រូវបានបញ្ចប់។ តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ នៅពេលរសៀល ក៏ត្រូវប្រែជាស្រពាប់ស្រពោនបង្កប់ដោយក្តីទុក្ខព្រួយទៅវិញ បន្ទាប់​ពីកងទ័ពខ្មែរក្រហមប្រកាសឱ្យពួកគេចាកចេញពីរាជធានីភ្នំពេញ ដោយមិនមាន​ភ្ជាប់​ទៅជាមួយនូវ​ទ្រព្យសម្បត្តិ និងស្បៀងអាហារអ្វីទាំងអស់។ ចាប់ពីរសៀលថ្ងៃ​ទី១៧ ខែមេសា ១៩៧៥ រាជធានីភ្នំពេញ ក៏ចាប់ផ្តើមប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ មិនមែនជាទីក្រុងភ្លើងពណ៌ ប្រកបដោយភាពសប្បាយក្អាកក្អាយទៀតនោះឡើយ។

តាមដងផ្លូវជាតិនានាត្រូវបានកកកុញដោយមនុស្សម្នាជាមួយទឹកមុខដ៏ក្រៀមក្រោះជាទីបំផុត ដ្បិតពួកគេត្រូវបានក្រុមទាហានខ្មែរក្រហមចាប់បង្ខំឱ្យចាក​ចេញពីផ្ទះ​សម្បែង ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជួបគ្រោះអត់ឃ្លាន គ្មានទីជម្រកជាដើម។ ផ្តើមពីពេលនោះហើយ ដែលជីវិតរបស់ប្រជាពលរដ្ឋខ្មែរប្រៀបដូចរស់នៅក្នុងអន្លង់​នរក​​អវីចី។ ប្រជាពលរដ្ឋត្រូវបានបំបិទសិទ្ធិសេរីគ្រប់​បែប​យ៉ាង បង្ខំឱ្យធ្វើការយ៉ាង​ទារុណហូបមិនបានគ្រប់គ្រាន់ ប្រជាពលរដ្ឋខ្មែរត្រូវ​បានកាប់សម្លាប់គ្មានត្រា​ប្រណី​។ រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបដ៏យង់ខ្នង​នោះ ជីវិតពលរដ្ឋខ្មែរត្រូវរស់​ហែល​ឆ្លងក្នុងសមុទ្រឈាម និងទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។

ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាតិ​កម្ពុជា ត្រូវបានស្រោចស្រង់ ស្ថាបនា និងកសាងឱ្យអភិវឌ្ឍន៍រីកចម្រើនជាបន្ត​បន្ទាប់​។ ប្រជាពលរដ្ឋទទួលបានសិទ្ធិសេរី រស់ក្នុងសុខសិរី ប្រកបដោយសេចក្តីថ្លៃ​ថ្នូរ ពោរ​ពេញដោយសុខសុភមង្គល និងសេចក្តីរីករាយ។

ជាក់ស្តែងក្នុងព្រឹត្តិការណ៍នៃការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបនឹងបិទ​បញ្ចប់​​​ទៅថ្មីៗនេះ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ក៏ដូចជា​ព្រឹត្តិ​ការណ៍សង្ក្រាន្តនៅតាមបណ្តាខេត្តដទៃទៀត ត្រូវបានគេសង្កេតឃើញថា ប្រជាពល​រដ្ឋខ្មែរបានជួបក្រុមគ្រួសារ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយជាទីបំផុត។

ក្នុងនោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ តាមផ្លូវជាតិធំៗចូលក្នុងរាជធានី​ភ្នំពេញ ត្រូវបានកកកុញដោយយានយន្ត ប្រជាពលរដ្ឋខ្មែរកំពុងសម្រុកចូល​រាជធានី​ភ្នំពេញវិញ ដើម្បីបន្តប្រក្រតីភាពនៃការប្រកបការងារ ធ្វើអាជីវកម្មចិញ្ចឹមជីវិត សិក្សា​រៀន​សូត្រ​ជាដើម បន្ទាប់ពីជួបជុំញាតិមិត្ត និងដើរកម្សាន្តយ៉ាងរីករាយក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ រយៈពេល ៣ថ្ងៃកន្លងទៅ។

បើទោះបីថា កម្ពុជារងនូវឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកខ្លះយ៉ាងណាក្តី រយៈ​ពេល​​៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានសង្កេតឃើញថា នៅតែមានល​ទ្ធ​ភាពបង្កបរិយាកាសភាពសប្បាយរីករាយក្នុងក្រុមគ្រួសារ តាមលទ្ធភាពនៃក្រុម​គ្រួសារ​នីមួយ។ លទ្ធភាពនៃភាពសប្បាយរីករាយដ៏ក្អាក់ក្អាយរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដោយសារតែរក្សាបាននូវម្លប់​សុខ​​សន្តិភាព, ការអភិវឌ្ឍតភ្ជាប់ហេដ្ឋរចនា​សម្ព័ន្ធ​ផ្លូវ និងស្ពានយ៉ាងខ្វាត់ខ្វែង, ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម, ការមានមធ្យោបាយ និងថវិកាទ្រទ្រង់ដល់ដំណើរកម្សាន្ត និងការជួបជុំ។ ជាពិសេសការប្រយុទ្ធប្រឆាំងដោយជោគជ័យ និងទប់ស្កាត់មិនឱ្យវិលត្រឡប់មកវិញ នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ ខែមេសា ៤៨ឆ្នាំមុន និង ១៧ មេសា ឆ្នាំ២០២៣ បានឆ្លុះបង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងដាច់ស្រឡះនៃសង្គមកម្ពុជា ពោលគឺប្រៀបដូចជាឋាននរកអវីចី និងឋានសួគ៌នៃជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

ទិដ្ឋភាពតាំងនេះ ជាកញ្ចក់បង្ហាញឱ្យឃើញពីនយោបាយដឹកនាំរបស់អ្នក​នយោ​បាយ​​​ខ្មែរជំនាន់មុន និងអ្នកនយោបាយខ្មែរពេលបច្ចុប្បន្ន។

មហន្តរាយជាតិ ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរ កាលពី ៤៨ឆ្នាំមុន ដោយសារតែ​នយោបាយ​ដ៏ខុសឆ្គងរបស់ក្រុមមេដឹកនាំខ្មែរក្រហម បានធ្វើឱ្យសង្គមកម្ពុជាត្រូវ​ខ្ទេច​ខ្ទាំ និងស្ទើរតែរលាយសូន្យសុង។ តែ៤៨ឆ្នាំក្រោយ ក្រោមគោលនយោបាយ និង​មាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងធ្វើឱ្យសង្គមមានការរីកចម្រើន ជីវភាព​របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងពោរពេញដោយភាពសប្បាយ​រីក​រាយ​ផងដែរ បើទោះបីក្នុងបរិបទពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាម​រវាងរុស្ស៉ី និងអ៊ុយក្រែនយ៉ាងណាក្តី។

នេះជាការស្តែងឱ្យឃើញច្បាស់ និងឥតមានមន្ទិលសង្ស័យនោះឡើយ ចំពោះការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំ​មួយ​ប្រកបដោយភក្តីភាពចំពោះជាតិ និងប្រជាជន ជាការដឹកនាំតម្កល់​នូវប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ភក្តីភាព និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បងនេះហើយ ដែលជាបុព្វហេតុធ្វើឱ្យសង្គមមួយនេះ ទទួលបាននូវ​ការចម្រើនលូតលាស់ ប្រជាពលរដ្ឋត្រូវរស់នៅដោយភាពសុខដុម និងសប្បាយរីករាយ។ សូមបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវមួយនេះ ដើម្បីរក្សាបាននូវសុខសន្តិភាព បន្តរក្សាបាននូវការចម្រើនលូតលាស់ បន្តរក្សានូវស្នាមញញឹម និងភាពរីករាយរបស់ប្រជាជាតិខ្មែរទាំងមូល៕

ដោយ៖ វ៉ាន់ សារាយ

 

 

អត្ថបទទាក់ទង