Grand News Asia Close

វិភាគអន្តរជាតិ៖ តើការដកខ្លួនរបស់លោក ចូ បៃដិន មានន័យយ៉ាងណា ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1334
វិភាគអន្តរជាតិ៖ តើការដកខ្លួនរបស់លោក ចូ បៃដិន មានន័យយ៉ាងណា ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក? វិភាគអន្តរជាតិ៖ តើការដកខ្លួនរបស់លោក ចូ បៃដិន មានន័យយ៉ាងណា ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក?

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីរងសម្ពាធអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ នៅទីបំផុតទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន​ កាលពីថ្ងៃទី២១ ខែកក្កដា បានសម្រេចចិត្ត ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមលោក បៃដិន មានវ័យ៨១ឆ្នាំ ការដកខ្លួនរបស់លោកជាផលប្រយោជន៍ដ៏ល្អសម្រាប់គណបក្ស និងប្រទេសជាតិ។ ទន្ទឹមគ្នានឹងការសម្រេចចិត្តនេះ លោក បៃដិន បានប្រកាសគាំទ្រឱ្យអនុប្រធានាធិបតីរបស់ លោក គឺលោកស្រី កាម៉ាឡា ហារីស​ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យជំនួសរូបលោក ហើយលោកស្រី ហារីសផ្ទាល់ក៏បានប្រកាសជាផ្លូវការដែរថា នឹងស្វែងរកការតែងតាំងពីគណបក្សសម្រាប់តំណែងជាបេក្ខជនប្រធានាធិបតី។

ជាការពិតណាស់ ការប្រកាសគាំទ្ររបស់លោក ចូ បៃដិន មិនមែនមានន័យថាលោកស្រី ហារីសនឹងក្លាយជាបេក្ខជនប្រធានាធិបតីដោយស្វ័យប្រវត្តិនោះទេ។ ក៏ប៉ុន្តែ ការគាំទ្រ របស់លោក បៃដិន អាចនឹងធ្វើឱ្យលោកស្រីមានប្រៀបជាងបេក្ខជនមានសក្ដានុពលដទៃទៀត តួយ៉ាងដូចជាអភិបាលរដ្ឋ California លោក Gavin Newsom ជាដើម។ នៅមុន ដកខ្លួនពីការប្រកួត លោក បៃដិន ត្រូវបានគេសន្មត់ថាជាបេក្ខជនប្រធានាធិបតីរួចទៅហើយ ក្រោយទទួលបានការគំាទ្រដល់ទៅ ៩៩ភាគរយក្នុងការបោះឆ្នោតបឋមរបស់ បក្សប្រជាធិបតេយ្យចាប់ពីខែមករា ដល់ខែមិថុនាកន្លងទៅ ពីក្រុមប្រតិភូដែលបានសន្យាថានឹងបោះឆ្នោតគាំទ្ររូបលោកនៅឯសមាជជាតិរបស់បក្សប្រជាធិបតេយ្យ។ យ៉ាងនេះក្ដី លោកនៅមិនទាន់ក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការនោះទេ រហូតទាល់តែក្រុមប្រតិភូបោះឆ្នោតជ្រើសតាំងលោកជាផ្លូវការ។ ដូច្នេះចាប់ពីឥលូវទៅ បេក្ខជនមកពី គណបក្សប្រជាធិបតេយ្យនឹងត្រូវប្រកួតប្រជែងគ្នាដើម្បប្រមូលការគាំទ្រ ពីប្រតិភូជិត ៣៨០០នាក់។ ព្រមពេលជាមួយគ្នា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងគណបក្សប្រជាធិបតេយ្យ អាចនឹងព្យាយាមស្វែងរកឱ្យបាននូវបេក្ខជនដែលទទួលបានការគាំទ្រកង់សង់ស៊ីស ឬជិតស្មើនឹងកង់សងស៊ីស មិនថាជាលោកស្រី ហារីស ឬបេក្ខជនណាម្នាក់ផ្សេង ឱ្យបានមុនសមាជជាតិរបស់បក្សនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago។

ក្នុងករណីនេះបើពួកគេអាចរកបានបេក្ខជនប្រធានាធិបតីជាក់ស្ដែង នៅមុនសមាជបក្ស នោះវានឹងផ្ដល់ភាពងាយស្រួលដល់នីតិវិធីតែងតាំង ហើយក៏អាចផ្ដល់ពេលវេលាឱ្យ បេក្ខជនថ្មីរៃអង្គាសប្រាក់បន្ថែមសម្រាប់ឃោសនាបោះឆ្នោត ព្រមទាំងមានពេលវេលាគិតគូជ្រើសរើសដៃគូឈរឈ្មោះ (បេក្ខជនអនុប្រធានាធិបតី) ផងដែរ។ តែបើមិនអាចរក បានបេក្ខជនប្រធានាធិបតីជាក់ស្ដែងទេ នោះការចរចាខាងនយោបាយ និងការបញ្ចុះបញ្ចូលអាចនឹងកើតឡើងនៅថ្ងៃសមាជបក្ស ដែលអាចធ្វើឱ្យការបោះឆ្នោតជ្រើសរើស បេក្ខជន​ប្រធានាធិបតី ឆ្លងកាត់ច្រើនដំណាក់កាលក៏ថាបាន។

* ​ហេតុអ្វីលោកស្រី ហារីស ជាបេក្ខជនទំនងជាងគេ?
ចំពោះសំណួរនេះ រឿងមួយដែលងាយស្រួលនិយាយជាងគេ នោះដោយសារតែលោកស្រី ហារីសជាដៃគូឈរឈ្មោះរបស់លោក ចូ បៃដិន។ រីឯម្យ៉ាងទៀត គឺដោយសារតែលុយ ត្រូវបានរៃអង្គាសរួចទៅហើយនោះ មានរួចជាស្រេចសម្រាប់លោកស្រី និងបេក្ខជនអនុប្រធានាធិបតីថ្មីណាម្នាក់យកទៅប្រើប្រាស់។ នៅក្នុងការធ្វើយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីនាពេលបច្ចុប្បន្ន ត្រូវចំណាយលុយរាប់រយលានដុល្លារ។ ជាឧទាហរណ៍ ក្រុមការងារយុទ្ធនាការឃោនាបោះឆ្នោតរបស់លោក បៃដិន និងគណបក្សប្រជាធិបតេយ្យបានចំណាយលុយអស់រាប់រយលានដុល្លារទៅហើយ ក្នុងការឃោសនា ឱ្យលោក បៃដិន និងលោកស្រី ហារីស។ គិតត្រឹមខែកក្កដានេះ ក្រុមការងារយុទ្ធនាការឃោនាបោះឆ្នោតរបស់លោក បៃដិន និងបក្សប្រជាធិបតេយ្យសល់លុយ នៅក្នុងដៃ ២៤០លានដុល្លារ ធៀបទៅនឹងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ មាន ២៨៥លានដុល្លារ។ ម្លោះហើយ ការជ្រើសរើសបេក្ខជនក្រៅពីលោកស្រី ហារីស អាចនឹងតម្រូវឱ្យចាយលុយកាន់តែច្រើន ដើម្បីឃោសនា រកសំឡេងឆ្នោត និងណែនាំបេក្ខជនថ្មីឱ្យប្រជាជនអាមេរិកបានស្គាល់។ ក្នុងបក្សប្រជាធិបតេយ្យ មានបេក្ខជនជាច្រើននាក់ដែលត្រូវបានគេរំពឹងថាអាចជំនួសលោក បៃដិន ក្នុងនោះរួមមានអភិបាលរដ្ឋ California លោក Gavin Newsom, អភិបាលរដ្ឋ Illinois លោក J.B. Pritzker និងអភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer។ អ្នកទាំងនេះមិនមានបទពិសោធន៍ដឹកនាំ កិច្ចការប្រទេសជាតិធំៗដូច លោកស្រីហារីសនោះទេ។ តែរឿងសំខាន់មួយទៀត ភ្លាមៗ ឥសរ្សជននយោបាយកំពូលៗរបស់ បក្សប្រជាធិបតេយ្យដូចជា អតីតប្រធានាធិបតី លោក Barak Obama អតីតប្រធានរដ្ឋសភា លោកស្រី Nancy Pelosi នូវមិនទាន់បង្ហាញការគាំទ្រចំពោះលោកស្រី ហារីសនៅឡើយទេ។

​* តើអាចនឹងមានការប្រែប្រួលចំពោះគោលនយោបាយការបរទេស ឬ?
និយាយអំពីគោលនយោបាយការបរទេស វាមានភាគរយខ្ពស់ណាស់ថាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ មិនថាជាលោកស្រី ហារីស ឬអ្នកផ្សេង នឹងនៅតែរក្សាទុកគោលនយោបាយមួយផ្នែកធំរបស់លោក ចូ បៃដិន។ គណបក្សប្រជាធិបតេយ្យ បានបង្ហាញការគំាទ្រយ៉ាងខ្លាំងដល់ជម្រើសរបស់លោក បៃដិន លើ ការដោះស្រាយបញ្ហាគោលនយោបាយការបរទេសភាគច្រើន។ ក្នុងនោះការប្រកាន់គោលនយោបាយតឹងរ៉ឹងជាមួយចិន និងការដាក់ចេញវិធានការរឹតត្បិតប្រឆាំងចិន ខាងបច្ចេកវិទ្យា រួមទាំងការដំឡើងពន្ធ សុទ្ធសឹងតែជាគោលនយោបាយមានប្រជាប្រិយភាពនៅក្នុងសហរដ្ឋអាមេរិក ក៏ព្រោះតែការមើលឃើញថាការកើនឡើងឥទ្ធិពល របស់ចិន គំរាមកំហែងដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អាមេរិក។ បានន័យថាគោលនយោបាយទាំងអស់នេះនឹងមិនមានការផ្លាស់ប្ដូរទេ។ ដូចគ្នាដែរ ការរួមដៃគ្នា ជាមួយសម្ព័ន្ធមិត្ត NATO និងសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីគាំទ្រអ៊ុយក្រែនក៏នឹងមិនមានអ្វីប្រែប្រួលនោះដែរ។ មួយវិញទៀត បញ្ហាគោលនយោបាយការបរទេសដែលកំពុង ត្រូវបានជជែកយ៉ាងផុលផុស នៅក្នុងគណបក្សប្រជាធិបតេយ្យដែរ នោះគឺថាតើសហរដ្ឋអាមេរិកគួរតែផ្ដល់ការគាំទ្រ និងបន្តផ្ដល់អាវុធទៅឱ្យអ៉ីស្រាអែលក្នុងកម្រិតណា?

គួរបញ្ជាក់ថា បាតុកម្មពីសំណាក់អ្នកគាំទ្រប៉ាឡេស្ទីន អ្នកគាំទ្រអ៉ីស្រាអែល និងអ្នកប្រឆាំងបាតុកម្មតវ៉ានៅតាមសាកលវិទ្យាល័យកាលពីដើមឆ្នាំ២០២៤ បានដាក់សម្ពាធ នយោបាយលើលោក ចូ បៃដិន ខណៈរូបលោកបង្ហាញជំហរគាំទ្រឥតងាករេដល់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងអ៉ីរ៉ង់។ យ៉ាងណាក៏ដោយ នៅក្រោមហេតុផល ភូមិសាស្ត្រនយោបាយ និងការគាំទ្រភាគច្រើននៅក្នុងចំណោមប្រជាជនអាមេរិកឱ្យរដ្ឋាភិបាលរបស់ពួកគេផ្ដល់ការគាំទ្រសម្រាប់អ៉ីស្រាអែល មិនថាបេក្ខជនប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យជានរណាទេ ក៏ទំនាក់ទំនងជាមួយអ៉ីស្រាអែលនឹងមិនមានអ្វីប្រែប្រួលធំដុំអ្វី ឬក៏ការកាត់បន្ថយការផ្ដល់ជំនួយយោធាសម្រាប់អ៉ីស្រាអែលនោះទេ ខណៈកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ក៏នឹងមិនប្រែប្រួលដែរ។ ដ្បិតការជួយឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែលគឺជាកិច្ចការ មួយដ៏សំខាន់ដើម្បីប្រឆាំងអ៉ីរ៉ង់ ហើយទុកពេលឱ្យសហរដ្ឋអាមេរិកអាចផ្តោតលើការប្រជែងឥទ្ធិពលជាមួយចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែដើម្បីអាចអនុវត្តគោលនយោបាយទាំងអស់នេះ បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យមិនថាជាលោកស្រី ហារីស ឬអ្នកផ្សេងទេ នៅត្រូវឆ្លងកាត់ការប្រកួតប្រជែងជាមួយបេក្ខជនប្រធានាធិបតីអាមេរិកកំពុងឡើងកូដនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំជាមុនសិន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង