Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋអាជ្ញា ICC ស្នើដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1179
វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋអាជ្ញា ICC ស្នើដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស?  វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋអាជ្ញា ICC ស្នើដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស? 

(ឡាអេ)៖ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោក Karim Khan​ បានអះអាងថាលោកបានស្នើសុំដីកាចាប់ខ្លួនទាំងមេដឹកនាំអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ ការចោទប្រកាន់មានចាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន និងសង្រ្គាមសងសឹករបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ គោលដៅរបស់ លោក Khan រួមមានលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ដែលនេះធ្វើឱ្យលោកក្លាយជារដ្ឋអាជ្ញា ICC ដំបូងគេដែលថ្លើមធំហ៊ានតាមប្រមាញ់មេដឹកនាំនៃប្រទេសមួយគាំទ្រដោយលោកខាងលិច។

លោក Khan ក៏បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំហាម៉ាសផងដែរ មានដូចជាលោក Ismail Haniyeh ជាមេដឹកនាំនយោបាយរបស់ហាម៉ាស, លោក Yahya Sinwar ជាប្រមុខក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងអគ្គមេបញ្ជាការក្រុមហាម៉ាស លោក Mohammed Deif។ «វាមានហេតុផលគ្រប់គ្រាន់ដែលអាចជឿជាក់បានថាអ្នកទាំង៥នាក់នេះ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ នេះការបញ្ជាក់របស់លោករដ្ឋអាជ្ញា ICC។

* តើអ្វីទៅជាការចោទប្រកាន់ធ្វើឡើងដោយរដ្ឋអាជ្ញា ICC?
លោក Benjamin Netanyahu និងលោក Yoav Gallant ត្រូវបានរដ្ឋអាជ្ញា ICC លោក Karim Khan ចោទប្រកាន់ពីបទឧក្រិដ្ឋ រួមមានការប្រើប្រាស់គ្រោះទុរភិក្សជាអាវុធប្រឆាំងនឹង ជនស៊ីវិល មានចេតនាសម្លាប់ និងវាយប្រហារដោយផ្ទាល់ប្រឆាំងប្រជាជនស៊ីវិល។ មេដឹកនាំអ៉ីស្រាអែលទាំង២ ក៏រងការចោទប្រកាន់ដែរថាបានប្រព្រឹត្តការសម្លាប់រង្គាល ឬមនុស្សឃាត ក្នុងនោះមានទាំងនៅក្នុងបរិបទនៃគ្រោះទុរភិក្ស។ តាមលោក Khan សកម្មភាពរបស់អ៉ីស្រាអែលអំឡុងការបិទខ្ទប់ និងការវាយលុក ក្នុងតំបន់ហ្កាហ្សា ជាង៧ខែមកនេះ ត្រូវបានប្រព្រឹត្ត ឡើងជាផ្នែកមួយនៃការវាយប្រហារទ្រង់ទ្រាយធំ និងជាលក្ខខណៈប្រព័ន្ធប្រឆាំងប្រជាជនស៊ីវិលប៉ាឡេស្ទីន។

រដ្ឋអាជ្ញារូបនេះបាននិយាយថាដូចគ្នាទៅនឹងប្រទេសផ្សេងទៀតដែរ អ៉ីស្រាអែលមានសិទ្ធិការពារប្រជាជនរបស់ខ្លួន ប៉ុន្តែវាមិនមែនមានន័យថាអ៉ីស្រាអែលរួចផុត ឬត្រូវបានលើកលែងពី កាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិនោះទេ។ លោក Khan បន្ថែមថាមិនថាគោលដៅយោធារបស់អ៉ីស្រាអែលជាអ្វីក៏ដោយ តែការបង្កឱ្យមានមនុស្សស្លាប់ដោយចេតនា គ្រោះទុរភិក្ស ការឈឺចាប់ និងការរងរបួសធ្ងន់ដល់ជនស៊ីវិល គឺសុទ្ធសឹងជាបទឧក្រិដ្ឋ។ ដោយឡែក ការចោទប្រកាន់ប្រឆាំងមេដឹកនាំហាម៉ាសវិញ រួមមានការសម្លាប់រង្គាល មនុស្សឃាត ការធ្វើទារុណកម្ម រំលោភ និងការបៀតបៀនផ្លូវភេទ។ ពួកគេក៏ត្រូវបានចោទប្រកាន់ផងដែរជុំវិញការចាប់ខ្លួនជនជាតិអ៉ីស្រាអែល និងជនបរទេសជាង២៥០នាក់ជាចំណាប់ខ្មាំង អំឡុង ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ បទឧក្រិដ្ឋទាំងនេះត្រូវបានលោក Khan សរសេរក្នុងរបាយការណ៍របស់លោកថាជា «ផ្នែកមួយនៃការវាយប្រហារ ទ្រង់ទ្រាយធំ និងជាលក្ខណៈប្រព័ន្ធ» ប្រឆាំងនឹងជនស៊ីវិលអ៉ីស្រាអែល។ ទាំងរដ្ឋាភិបាលអ៉ីស្រាអែល និងហាម៉ាស បានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋអាជ្ញា ICC ដោយលោក Netanyahu ហៅថាជារឿងផ្ដេសផ្ដាស ខណៈហាម៉ាសថាគ្មានមូលដ្ឋាន​ច្បាប់ និងបំពានអនុសញ្ញា រួមទាំងដំណោះស្រាយអន្តរជាតិដែលផ្ដល់សិទ្ធិឱ្យអ្នករស់នៅក្រោមអាណានិគម ឬការគាបសង្កត់ មានសិទ្ធិតស៊ូប្រឆាំងអណានិគមគ្រប់ទម្រង់ទាំងអស់។

* អ្វីទៅជាសិទ្ធិអំណាចរបស់ ICC?
តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅកាត់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានភារកិច្ចស៊ើបអង្កេតលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ។ លក្ខន្តិកៈទីក្រុងរ៉ូម ដែលមូលដ្ឋានគ្រឹះនៃតុលាការអន្តរជាតិនេះមានប្រទេសចំនួន ១២៤ជាសមាជិក ក្នុងនោះរួមមានទាំងប៉ាឡេស្ទីន។ ប៉ុន្តែ មហាអំណាចធំៗមួយចំនួនរបស់ ពិភពលោកមិនបានចូលរួមជាសមាជិកនោះទេ ដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា រុស្ស៉ី និងអ៉ីស្រាអែល ហើយកាតាជាទីដែលមេដឹកនាំហាម៉ាសដូចជាលោក Haniyeh កំពុងរស់នៅ ក៏មិនមែនជាសមាជិកដែរ។

* ហេតុ ICC អះអាងពីសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងសំណុំរឿងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស?
តាមពិតទៅ ICC បានអះអាងពីសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងសំណុំរឿងអ៉ីស្រាអែល-ប៉ាឡេស្ទីន ក្នុងឆ្នាំ២០១៥ នៅពេលដែលអាជ្ញាធរប៉ាឡេស្ទីនទទួលស្គាល់សិទ្ធិអំណាចរបស់តុលាការ អន្តរជាតិមួយនេះ។ អតីតរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda ធ្លាប់បានត្រួតពិនិត្យការចោទប្រកាន់ជុំវិញការប្រព្រឹត្តបទឧក្រិដ្ឋនានា នៅក្នុងដែនដីប៉ាឡេស្ទីន។ នៅឆ្នាំ២០១៩ លោកស្រី Bensouda បានប្រកាសថាលោកស្រីមានបំណងបើកការស៊ើបអង្កេតពេញលេញមួយ ហើយលោកស្រីបានស្នើសុំទៅកាន់ចៅក្រមនៃអង្គបុរេជំនុំជម្រះធ្វើសេចក្ដីសម្រេចថាតើ ICC​ មានយុត្តាធិការឬក៏អត់? នៅខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមបានសម្រេចថាតុលាការមានយុត្តាធិការលើបទល្មើសដែលត្រូវចោទប្រកាន់ថាបានកើតឡើងក្នុងតំបន់ហ្កាហ្សា និង West Bank រួមទាំងទីក្រុង East Jerusalem។ លោកស្រី Bensouda បានបើកការស៊ើបអង្កេតមួយនៅប៉ុន្មានខែក្រោយមក ហើយនៅខែមិថុនា ឆ្នាំដដែលនោះដែរ លោក Khan បានឡើង កាន់តំណែងបន្តពីលោកស្រី។ ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមសងសឹករបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា បច្ចុប្បន្នបានក្លាយជាចំណុចកណ្ដាលនៃការស៊ើបអង្កេត ជាយូរណាស់មកនេះ។ រដ្ឋអាជ្ញា ICC​ បានអះអាងពីយុត្តាធិការលើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តឡើងដោយមន្ត្រីហាម៉ាស បើទោះជាបទឧក្រិដ្ឋនោះកើតឡើងក្នុងទឹកដី អ៉ីស្រាអែលក៏ដោយ។ បើតាមក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ICC មានសិទ្ធិអំណាចតាមផ្លូវច្បាប់ធ្វើបែបនេះ គឺដោយសារតែមន្ត្រីហាម៉ាសជាជនជាតិប៉ាឡេស្ទីន។ មានន័យថាពួកគេ ស្ថិតនៅក្រោមរង្វង់សមត្ថកិច្ចរបស់តុលាការ ពីព្រោះតែអាជ្ញាធរប៉ាឡេស្ទីនយល់ព្រមទទួលយកយុត្តាធិការរបស់ ICC ទោះបីជាអ៉ីស្រាអែលមិនទទួលស្គាល់ក៏ដោយ។

* តើដីកាចាប់ខ្លួនអាចនឹងត្រូវបានអនុម័តដែរឬទេ ហើយនឹងត្រូវអនុវត្តដូចម្ដេច?
ចៅក្រម ICC នឹងធ្វើការសម្រេចចិត្តថាតើត្រូវអនុម័តការចេញដីកាចាប់ខ្លួនដែរឬអត់ ឬក៏ត្រូវចេញដីកាកោះហៅឱ្យបង្ហាញខ្លួនជំនួសវិញ ប្រសិនបើពួកគេគិតថាមានហេតុផលគ្រប់គ្រាន់ ដើម្បីនាំជនសង្ស័យបង្ហាញខ្លួនក្នុងសវនាការ។ ជាទូទៅ ការស្នើសុំដីកាចាប់ខ្លួនកម្រនឹងត្រូវបានបដិសេធណាស់ ហើយប្រសិនបើដីកាចាប់ខ្លួនពិតជាត្រូវបានអនុម័តមែន នោះរដ្ឋ ជាសមាជិក ICC ទាំងអស់មានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួន ក្នុងករណីជននៅក្រោមដីកានេះស្ថិតនៅលើទឹកដីរបស់ពួកគេ។ រយៈពេលដែលតុលាការ ICC អាចនឹងចេញដីកាចាប់ខ្លួន ក្រោយទទួលបានសំណើ គឺអាចច្រើនសប្ដាហ៍ ឬច្រើនខែ។ ជាឧទាហរណ៍៖ ដីកាចាប់ខ្លួនលើកទី១ ប្រឆាំងអតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ត្រូវបានអនុម័តដោយ ចំណាយពេលជាង ៧ខែ បន្ទាប់ពីទទួលបានសំណើពីរដ្ឋអាជ្ញានៅខែកក្កដា ឆ្នាំ២០១៨។ រីឯដីកាទី២ ត្រូវបានស្នើក្នុងខែកក្កដា ឆ្នាំ២០១៩ និងចំណាយពេលជាង១ឆ្នាំ ដើម្បីចេញដីកា ចាប់ខ្លួន។

ករណីថ្មីចុងក្រោយគេបំផុត គឺការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការចោទប្រកាន់ថាបណ្ដេញកុមារដោយខុសច្បាប់ចេញពីប្រទេសអ៊ុយក្រែន។ ដីកាចាប់ខ្លួន លោក ពូទីន ត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២៣ ពោលមិនដល់៤សប្ដាហ៍ទេ ក្រោយរដ្ឋអាជ្ញាស្នើសុំដីកាចាប់ខ្លួន។

គួរបញ្ជាក់ថា តុលាការ ICC បានទទួលរងការរិះគន់ជាច្រើនមកហើយថាកាត់ទោសបានតែឧក្រិដ្ឋជនក្នុងជម្លោះនៅតំបន់អាហ្វ្រិកប៉ុណ្ណោះ។ តាមគេហទំព័ររបស់ខ្លួន ICC បានចេញដីកាចាប់ ខ្លួនចំនួន៤៦ និងដីកាកោះចំនួន៩។ ខណៈមនុស្ស២១នាក់ត្រូវបាននាំខ្លួនឡើងតុលាការ ១៧នាក់ផ្សេងទៀតបន្តស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ។ ICC បានទម្លាក់ចោល ការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យ ៧នាក់ ដោយសារតែពួកគេបានស្លាប់។ តុលាការអន្តរជាតិមួយនេះបានផ្ដន្ទាទោសជនជាប់ចោទ ១០នាក់ និងសម្រេចឱ្យរួចទោស ៤នាក់ ហើយ ភាគច្រើននៃការផ្តន្ទាទោសមានជាប់ពាក់ព័ន្ធនឹងជម្លោះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងមានជនជាប់ចោទម្នាក់ដែលត្រូវបានកាត់ទោសពាក់ព័ន្ធនឹងជម្លោះនៅម៉ាលី ដែលជា ករណីដំបូងបំផុតដោយជនជាប់ចោទ បានសារភាពទទួលស្គាល់ទោសកំហុស៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង