Grand News Asia Close

វិភាគអន្តរជាតិ៖ សន្ធិសញ្ញាស្ទីល NATO រវាងរុស្ស៉ី និងកូរ៉េខាងជើង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 313
វិភាគអន្តរជាតិ៖ សន្ធិសញ្ញាស្ទីល NATO រវាងរុស្ស៉ី និងកូរ៉េខាងជើង វិភាគអន្តរជាតិ៖ សន្ធិសញ្ញាស្ទីល NATO រវាងរុស្ស៉ី និងកូរ៉េខាងជើង

(សេអ៊ូល)៖ ទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅ «ភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ» ថាជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយ ប៉ុន្តែថាតើវាមានអត្ថន័យអ្វីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំង២ គឺនៅតែមិនមានភាពច្បាស់លាស់នោះទេ។ ភាពជាដៃគូយុទ្ធសាស្ត្រថ្មី អមជាមួយការចុះ «សន្ធិសញ្ញាស្ទីល NATO» ការពារគ្នាទៅវិញទៅមក បានតម្រូវឱ្យប្រទេសទំាង២ ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្ដល់ជំនួយយោធាភា្លមៗ ក្នុងករណីភាគីម្ខាងណា រងការឈ្លានពានពីសត្រូវ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ ខណៈសន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ទី១៩ ខែមិថុនា នៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងព្យុងយ៉ាង អាចជាសន្ធិសញ្ញាដ៏ធំបំផុតមួយដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំង២ នៅក្រោយសង្រ្គាមត្រជាក់ វានៅតែមានមតិផ្សេងៗគ្នា ជុំវិញថាតើរុស្ស៉ី និងកូរ៉េខាងជើង មានការប្ដេជា្ញចិត្តរឹងមាំកម្រិតណា ដើម្បីការពារគ្នាទៅវិញទៅមក?

តួយ៉ាង លោក គីម ជុងអ៊ុន អះអាងថាសន្ធិសញ្ញានេះបានដំឡើងទំនាក់ទំនងទ្វេភាគី ដល់កម្រិតសម្ព័ន្ធមិត្ត។ តែលោក ពូទីន វិញមិនបានហៅសន្ធិសញ្ញានេះថាជាកម្រិតសម្ព័ន្ធមិត្ត នោះឡើយ។ មួយវិញទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយអត្ថបទទាំងស្រុងនៃសន្ធិសញ្ញា ដែលក្នុងនោះរួមមានបញ្ចូលទាំងកិច្ចសហប្រតិបត្តិការយោធា ទូលំទូលាយ គោលនយោបាយការបរទេស និងពាណិជ្ជកម្ម។ រីឯរុស្ស៉ីវិញ មិនបានចេញផ្សាយជាសាធារណ​ៈនូវអត្ថបទរបស់ខ្លួនទេ។ ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងពេលរុស្ស៉ីកាន់តែមើលមុខគ្នាមិនចំជាមួយលោកខាងលិចជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ ផលវិបាក ដំបូងគេកើតចេញពីសន្ធិសញ្ញានេះ នោះគឺកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមិថុនា បានប្រកាសថាខ្លួននឹងពិចារណាឡើងវិញ លើការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។ កូរ៉េខាងត្បូង ដែលជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយផងនោះ ក្នុងពេលបច្ចុប្បន្នបានផ្ដល់ត្រឹមជំនួយមនុស្សធម៌ប៉ុណ្ណោះដល់អ៊ុយក្រែន ដោយមិនទាន់ផ្ដល់អាវុធឱ្យទីក្រុងកៀវ នោះទេ។

នៅក្នុងសន្ធិសញ្ញាដែលលោក ពូទីន និងលោក គីម ជុងអ៊ុនបានចុះហត្ថលេខា ចំណុចគួរឱ្យចាប់អារម្មណ៍ជាងគេ គឺត្រង់ខសន្យាថានឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមាន ភាគីម្ខាងណា រងការឈ្លានពាន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ជំពូកនៃខសន្យានេះបានចែងថាប្រសិនបើភាគីម្ខាងណា ក្នុងចំណោមប្រទេសទាំង២ រងការឈ្លានពានពីសត្រូវ និងត្រូវបានជំរុញឱ្យធ្លាក់ចូលក្នុងស្ថានភាពនៃសង្រ្គាម ភាគីម្ខាងទៀតត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមានភ្លាមៗ ដោយមិនត្រូវបង្អែបង្អង់ ឡើយ ដើម្បីផ្ដល់ជំនួយយោធា និងជំនួយដទៃទៀត។ ប៉ុន្តែ ខសន្យានេះក៏បានកំណត់ដែរថារាល់សកម្មភាពទាំងឡាយ ត្រូវតែធ្វើឡើងអនុលោមតាមច្បាប់នៃប្រទេសទាំង២ និងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទទួលស្គាល់សិទ្ធិស្​វ័យការពារខ្លួនរបស់រដ្ឋជាសមាជិកនីមួយៗ។ សម្រាប់អ្នកវិភាគមួយចំនួន ដូចជាលោក Cheong Seong Chang មកពីវិទ្យាស្ថាន Sejong Institute ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសន្ធិសញ្ញារុស្ស៉ី-កូរ៉េខាងជើង គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសន្ធិសញ្ញាដែល កូរ៉េខាងជើង ធ្លាប់បានចុះជាមួយអតីតសហភាពសូវៀត ក្នុងឆ្នាំ១៩៦១ និងដែលត្រូវបានបំភេ្លចចោលក្រោយសហភាពសូវៀតរលំរលាយ។ លោក Cheong យល់ថា កូរ៉េខាងជើង និងរុស្ស៉ីគ្រាន់តែបានស្ដារនូវសម្ព័ន្ធភាពយោធារបស់ប្រទេសទាំង២ ក្នុងសម័យសង្រ្គាមត្រជាក់ឡើងវិញតែប៉ុណ្ណោះ។

ដោយឡែក លោក Du Hyeogn Cha ជាអ្នកវិភាគម្នាក់ពីវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ (Asan Institute for Policy Studies) មានមូលដ្ឋានក្នុង ទីក្រុងសេអ៊ូល បានកត់សម្គាល់ឃើញថាពាក្យពេចន៍សរសេរ នៅក្នុងសន្ធិសញ្ញារុស្ស៉ី-កូរ៉េខាងជើង ហាក់មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដើម្បីបញ្ចៀសការបង្កប់នូវអត្ថន័យ «ធ្វើអន្តរាគមន៍យោធាដោយស្វ័យប្រវត្តិ» ហើយថែមទាំងកំណត់យ៉ាងតឹងរ៉ឹងលើកាលៈទេសៈដែលតម្រូវឱ្យភាគីម្ខាងណា ត្រូវធ្វើអន្តរាគមន៍ទៀតផង។ អ្នកវិភាគរូបនេះបន្ថែមថា ជាការពិតណាស់ វាជារឿងកម្រដែលសន្ធិសញ្ញាយោធាមួយបញ្ជាក់ច្បាស់ៗថាប្រទេសមួយត្រូវតម្រូវឱ្យធ្វើអន្តរាគមន៍ដោយស្វ័យប្រវត្តិដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ពីការវាយប្រហារ។ តែទោះជាបែបនេះក្ដី ការប្ដេជ្ញាចិត្តយ៉ាងរឹងមាំអាចត្រូវបានបង្ហាញ ឬបញ្ជូនសញ្ញាតាមមធ្យោបាយផ្សេងទៀត ជាឧទាហរណ៍ដូចជាវិធីដែលសហរដ្ឋអាមេរិក បញ្ជាក់ពីការប្ដេជ្ញាចិត្តជាមួយការដាក់ពង្រាយកងទ័ពនៅលើទឹកដីប្រទេសជាសម្ព័ន្ធមិត្តតួយ៉ាងកូរ៉េខាងត្បូង ហើយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត លើការបណ្ដុះបណ្ដាល និងប្រព័ន្ធអាវុធ។ ក៏ប៉ុន្តែ រុស្ស៉ីវិញមិនមានវត្តមានកងទ័ពនៅលើទឹកដីកូរ៉េខាងជើងនោះទេ ហើយក៏សឹងតែមិនដែលធ្វើសមយុទ្ធយោធារួមគ្នាអ្វីនោះដែរ។ ប្រភព៖ Fresh News

អត្ថបទទាក់ទង