Grand News Asia Close

វិភាគអន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តបទឈប់បាញ់ហ្កាហ្សាគាំទ្រដោយអាមេរិក តើនឹងមានអ្វីកើតឡើងបន្ទាប់?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 873
វិភាគអន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តបទឈប់បាញ់ហ្កាហ្សាគាំទ្រដោយអាមេរិក តើនឹងមានអ្វីកើតឡើងបន្ទាប់? វិភាគអន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តបទឈប់បាញ់ហ្កាហ្សាគាំទ្រដោយអាមេរិក តើនឹងមានអ្វីកើតឡើងបន្ទាប់?

(ញូវយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា (ម៉ោងនៅញូវយ៉ក) បានបោះឆ្នោតអនុម័តលើសំណើមួយគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់នេះ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម អូសបន្លាយពេលជាង៨ខែមកនេះ។

ផែនការបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកខាងលើត្រូវបានបោះឆ្នោតឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ ១៤ ទល់នឹង០សំឡេង ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ ទាំង១៥ប្រទេស ខណៈរុស្ស៉ីតែម្នាក់ឯងគត់បានអនុបវាទ។ ការអនុម័តផែនការបទឈប់បាញ់នេះក៏ជាសញ្ញាមួយបញ្ជាក់ដែរពីការកើនឡើងការអស់ភាពអត់ធ្មត់នៅក្នុងចំណោម ប្រទេសជាមហាអំណាចធំៗ និងចង់នាំសង្រ្គាមទៅរកទីបញ្ចប់។ ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បាននិយាយថាអ៉ីស្រាអែលបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងដែលមានចែងនៅក្នុងដំណោះស្រាយ ហើយបានជំរុញឱ្យក្រុមហាម៉ាសធ្វើដូចគ្នានេះដែរ។ ប៉ុន្តែ អ៉ីស្រាអែលមកទល់នឹងពេលនេះ មិនបានប្រកាសទទួលយកបទឈប់បាញ់ជាសាធារណៈនោះទេ។

«ឥលូវ ក្រុមហាម៉ាសអាចឃើញយ៉ាងច្បាស់ថាសហគមន៍អន្តរជាតិកំពុងរួបរួមគ្នាគាំទ្រកិច្ចព្រមព្រៀងមួយដែលនឹងជួយសង្រ្គោះជីវិតមនុស្ស ក៏ដូចជាជួយដល់ជនស៊ីវិល ក្នុងតំបន់ ហ្កាហ្សា ចាប់ផ្ដើមការកសាង និងផ្សះរបួសឡើងវិញ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រី Thomas-Greenfield។ ការបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ១៤ ទល់នឹង ០សំឡេង ក៏ប្រហែលជាអាចផ្ដល់អំណាចបន្ថែមដែរដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាជាលើកទី៨ កាលពីថៃ្ងចន្ទដើមសប្ដាហ៍នេះ ដើម្បីសាកល្បងជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសទទួលយកបទឈប់បាញ់។

ក៏ប៉ុន្តែ ជាសញ្ញាមួយបង្ហាញថាលោក Blinken និងក្រុមអ្នកសម្របសម្រួលបទឈប់បាញ់ នឹងនៅតែត្រូវប្រឈមមុខនឹងឧបសគ្គក្នុងការសម្រេចឱ្យបាននូវបទឈប់បាញ់ តំណាងអ៉ីស្រាអែលប្រចាំ UN លោកស្រី Reut Shapir Ben-Naftaly មិនបាននិយាយថាតើអ៉ីស្រាអែលនឹងយល់ព្រមទទួលយកលក្ខខណ្ឌក្រោមផែនការបទឈប់បាញ់ ឬក៏អត់នោះទេ។ លោកស្រីនិយាយថាគោលដៅរបស់ប្រទេសលោកស្រីក្នុងសង្រ្គាមហ្កាហ្សា គឺនឹងមិនផ្លាស់ប្ដូរឡើយ ហើយថាអ៉ីស្រាអែលនឹងប្រើប្រាស់ប្រតិបត្តិការយោធាដើម្បី រំដោះចំណាប់ខ្មាំង ដូចដែលខ្លួនបានធ្វើកាលពី ២ថ្ងៃមុននេះ។ អ្នកតំណាងអ៉ីស្រាអែលរូបនេះបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ដូច្នេះថា «យើងនឹងបន្តរហូតទាល់តែ ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ហើយសមត្ថភាពយោធារបស់ក្រុមហាម៉ាស ត្រូវបានកម្ទេច»។ លោកស្រី Shapir Ben-Naftaly បន្ថែមថាប្រសិនបើ មេដឹកនាំហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ និងព្រមចុះចាញ់ នោះគេនឹងមិនឮសូរស្នូរគ្រាប់កាំភ្លើងទៀតទេ។

ចំណែកនៅម្ខាងទៀតវិញ ក្រុមហាម៉ាសបាននិយាយថាខ្លួនស្វាគមន៍ផែនការបទឈប់បាញ់នៅក្រោមដំណោះស្រាយដែលត្រូវបានអនុម័ត ប៉ុន្តែក៏មិនបានយល់ព្រមទទួលផែនការ បទឈប់បាញ់នេះទាំងមូលនោះដែរ។ ហាម៉ាសបានសង្កត់ធ្ងន់ថាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធ្វើកិច្ចសហការជាមួយក្រុមអ្នកសម្របសម្រួលស្វែងរកបទឈប់បាញ់ នៅក្នុងកិច្ចចរចាដោយប្រយោល។ ឧបសគ្គមិនមែនមានត្រឹមតែប៉ុណ្ណឹងទេ ការប្រែប្រួលស្ថានការណ៍ក្នុងនយោបាយអ៉ីស្រាអែលកាលពីចុងសប្ដាហ៍កន្លងទៅ ក៏អាចនឹងធ្វើឱ្យ គោលជំហររបស់អ៉ីស្រាអែលនៅឯតុចរចាស្វែងរកបទឈប់បាញ់មានភាពស្មុគស្មាញផងដែរ។ លោក Blinken បានជួបនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក្នុងពេលដែលរដ្ឋាភិបាលក្នុងគ្រាមានសង្រ្គាមរបស់លោក Netanyahu កំពុងរង្គោះរង្គើរ ក្រោយមេដឹកនាំគណបក្សកណ្ដាលនិយម National Unity party និងមេដឹកនាំរបស់ គណបក្សនេះគឺលោក Benny Gantz ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ។

មិនតែប៉ុណ្ណោះ ការដកខ្លួនរបស់លោក Benny Gantz និងគណបក្សរបស់លោកនេះដែរ កាន់តែកំពុងលើកទឹកចិត្តដល់ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុល ក្នុងរដ្ឋាភិបាលចម្រុះរបស់ លោក Netanyahu ដែលប្រឆាំងនឹងបទឈប់បាញ់។ ឧបសគ្គមួយទៀត នោះគឺការកំណត់ពេលវេលាជាក់លាក់ និងដំណើរការនៃបទឈប់បាញ់។ លោក Netanyahu ធ្លាប់បាននិយាយជាសាធារណៈថាសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សានឹងត្រូវបន្តធ្វើឡើង រហូតទាល់តែសមត្ថភាពយោធា និងដឹកនាំរបស់ក្រុមហាម៉ាសត្រូវបានកម្ទេច។ តែផ្ទុយទៅវិញ ក្រុមហាម៉ាសបែរជាមានភាពរីកចម្រើនទៅមុខក្នុងការកំណត់លក្ខខណ្ឌកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលចងភ្ជាប់ជាមួយការប្ដេជា្ញចិត្តរបស់អ៉ីស្រាអែល ចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សា។

សេចក្ដីថ្លែងការណ៍មួយរបស់បេសកកម្មអាមេរិកប្រចាំ UN កាលពីថ្ងៃទី៩ ខែមិថុនា បានលើកឡើងពីអនាគតតំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ជាមួយការសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង បទឈប់បាញ់ នឹងនាំទៅរកផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមរួមគ្នា និងផែនការកសាងតំបន់ហ្កាហ្សាឡើងវិញក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះ មិនបានបញ្ជាក់លម្អិត ឬក៏ពន្យល់ថាតើលោក Blinken នឹងបញ្ចុះបញ្ចូលអ៉ីស្រាអែល និងភាគីដទៃទៀតក្នុងតំបន់ ឱ្យទទួលយកផែនការបទឈប់បាញ់ដោយរបៀបណានោះទេ អំឡុង ទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក ក្នុងតំបន់មជ្ឈិមបូព៌ា។ ការសម្រេចឱ្យបាននូវដំណោះស្រាយនយោបាយដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ទាំងក្នុងចំណោម ភាគីសង្រ្គាម និងនៅឯអង្គការសហប្រជាជាតិ គឺជារឿងស្មុគស្មាញជាទីបំផុត។

គួរបញ្ជាក់ថា ផែនការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទ គឺជាផែនការបទឈប់បាញ់មួយចែកចេញជា ៣ដំណាក់កាលដែលត្រូវបានប្រកាសដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីចុងឧសភាកន្លងទៅ។ ដំណាក់កាលទី១ គឺតម្រូវឱ្យមានបទឈប់បាញ់ដំបូងរយៈពេល ៦សប្ដាហ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង អ៉ីស្រាអែល និងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ ដំណាក់កាលទី២ ក្នុងនោះរួមបញ្ចូលទាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ និងការដោះលែង ចំណាប់ខ្មាំងនៅសេសស់។ រីឯដំណាក់កាលទី៣ គឺការកសាងតំបន់ហ្កាហ្សាឡើងវិញ៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង