Grand News Asia Close

ឯកអគ្គរដ្ឋទូតចិន៖ «ខ្ញុំមានកិត្តិយសបំផុតក្នុងជីវិត ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា»

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 616
ឯកអគ្គរដ្ឋទូតចិន៖ «ខ្ញុំមានកិត្តិយសបំផុតក្នុងជីវិត ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា» ឯកអគ្គរដ្ឋទូតចិន៖ «ខ្ញុំមានកិត្តិយសបំផុតក្នុងជីវិត ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា»

ការបង្ហាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Wang Wentian ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលា។ ជំនួបនេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក Wang Wentian បានបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប ហើយលោកមានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់ឱកាសឲ្យចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។

លោក Wang Wentian មានការពេញចិត្តបំផុត ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំ របស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាព ជូនប្រជាជនកម្ពុជា។

ទន្ទឹមគ្នានេះ លោក Wang Wentian ក៏បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូន ដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ដែលបានជាប់ឆ្នោត ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោកមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខាមុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោកចាត់ទុកថា ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការ ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឲ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយ ដែលបានជួបឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។

សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលលោកកាន់តំណែង ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជិត៦ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងស្និតរមួតជាមួយលោក ក្នុងការខិតខំទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងនេះ៕

អត្ថបទទាក់ទង