សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ, ខេត្តត្បូងឃ្មុំ
(១) មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ការខិតខំសម្រាប់សុខភាពប្រជាជននៅទីជនបទ
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលស្ថិតនៅទីកន្លែងអនុស្សាវរីយ៍។ ខ្ញុំនឹងនិយាយនៅថ្ងៃនេះបន្ដិច កាលពី ៥០ឆ្នាំមុន ឬអាចថា ៤៩ឆ្នាំមុន តើកើតឡើងនូវរឿងអ្វីនៅលើទឹកដីក្បែរខាងនេះ? ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការអបអរសាទរជាមួយនឹងសមិទ្ធផលថ្មី ដែលយើងបានទទួលនៅក្នុងទឹកដីនៃស្រុកក្រូចឆ្មារបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា ដែលបានដឹកនាំកសាងនូវមន្ទីរពេទ្យដ៏ធំមួយនេះ។ ដូចដែលឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ វាជាការខិតខំមួយ ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ជីវភាព សុខភាពប្រជាជនរបស់យើងនៅទីជនបទ។
(២) ជំងឺមិនស្លាប់អាចស្លាប់បាន ដោយសារខ្វះមន្ទីរពេទ្យ គ្រូពេទ្យ គ្មានហេដ្ឋារចនាសម្ព័ន្ធ
បើយើងពិនិត្យកាលពីដើមឡើយ ស្រុកក្រូចឆ្មារ គឺជាទីជនបទ។ ពិតមែនហើយ … គេបែងចែកអ្នកទន្លេ ជាអ្នកកំពង់និងអ្នកជនបទថែមទៀត។ យ៉ាងណាក៏ដោយ អ្នកកំពង់ក៏ស្ថិតនៅជាអ្នកជនបទ។ យើងសិ្ថតនៅក្នុងស្ថានភាពដ៏លំបាកលំបិន។ ជំងឺមិនស្លាប់ក៏គង់ស្លាប់បាន ដោយសារយើងខ្វះមន្ទីរពេទ្យ ខ្វះគ្រូពេទ្យ ខ្វះថ្នាំពេទ្យ ហើយវាកាន់តែលំបាកទៅទៀត នៅពេលដែលយើងគ្មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ វាជារឿងដ៏លំបាកសម្រាប់យើងកាលពីអតីតកាល។ ប៉ុន្តែ ឥឡូវនេះ សូម្បីតែ យើងមានលក្ខណៈងាយស្រួលជាង ទាក់ទិនជាមួយនឹងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផ្សេងៗ ដោយសារតែមានការតភ្ជាប់។ ឥឡូវ ការបញ្ជូនអ្នកជំងឺពីទីកន្លែងផ្សេង មកកាន់មន្ទីរពេទ្យបង្អែកនៅស្រុកក្រូចឆ្មាររបស់យើង ក៏មានភាពងាយស្រួល។
(៣) មន្ទីរពេទ្យស្រុកក្រូចឆ្មារមាន៤០០ គ្រែ មានសម្ព័ន្ធមិត្តជាមួយមន្ទីរពេទ្យនានានៅភ្នំពេញ
ខ្ញុំពិតជាមានមោទនភាព ដោយសារយើងមានអគារមន្ទីរពេទ្យមួយ ដែលឯកឧត្តម ម៉ម ប៊ុនហេង ថា នេះ(ជាមន្ទីរពេទ្យ)ខ្នាតធំ។ ខ្នាតធំនៅត្រង់ថា មន្ទីរពេទ្យនៅឯភ្នំពេញដាក់បានតែ ២០០ ទៅ ៣០០គ្រែទេ អានេះឡើងដល់ ៤០០គ្រែ។ អាតូចមកជួយអាធំវិញទេ។ ឃើញរបាយការណ៍ មន្ទីរពេទ្យរបស់យើងនេះ ជាសម្ព័ន្ធមិត្តរបស់មន្ទីរពេទ្យនានានៅក្រុងភ្នំពេញ រាប់ទាំងមន្ទីរពេទ្យខ្មែរសូវៀត។ ប៉ុន្តែមន្ទីរពេទ្យខ្មែរសូវៀត វាមានគ្រែតិចជាអានេះ។ បានសេចក្ដីថា យើងមានមន្ទីរពេទ្យដ៏ធំមួយនៅក្នុងស្រុក មិនមែននៅក្នុងខេត្តទេ។ មន្ទីរពេទ្យនៅឯខេត្តត្បូងឃ្មុំ ឬក៏មន្ទីរពេទ្យនៅឯខេត្តកំពង់ចាម អាចថា សមត្ថភាពទទួលមានកម្រិតតិចជាងមន្ទីរពេទ្យនៅស្រុកក្រូចឆ្មារ។
(៤) មន្ទីរពេទ្យសំរាប់ជំនាន់ក្រោយ មិនមែនសំរាប់តែស្រុកក្រូចឆ្មាទេ
ខ្ញុំពិតជាមានការអរគុណជាមួយនឹងការខិតខំរបស់ឯកឧត្តម ជា សុផារ៉ា។ អរគុណចំពោះសម្បុរជននានា ក៏ដូចជាដៃគូ ដែលថ្ងៃនេះ បានអញ្ជើញមកទីនេះ គឺតំណាងដោយអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ យើងបានខិតខំរួមគ្នា ដើម្បីកសាងនូវមន្ទីរពេទ្យ ដើម្បីសម្រាប់ការពិនិត្យព្យាបាលជំងឺប្រជាជននៅពេលបច្ចុប្បន្ន ហើយក៏សម្រាប់ជំនាន់ក្រោយរបស់យើងផងដែរ។ មិនមែនគ្រាន់តែប្រជាជននៅស្រុកក្រូចឆ្មារទទួលបានផលទេ អ្នកជិតខាងនេះ រាប់ទាំងភូមិកំណើតខ្ញុំនៅខាងណោះ ក៏អាចឆ្លងមកខាងណេះបានដែរ។ ចំណុចនេះ ប្រហែលជាឯកឧត្តមអគ្គរដ្ឋទូត, អម្បាញ់មិញ ដោយសារតែពេលវេលាមានកម្រិត ខ្ញុំមិនបានហោះមើលពីលើផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថា អ្នកបើកយន្តហោះអាចនឹងពិនិត្យអំពីភូមិសាស្រ្តនៃការហោះ ចេញពីទីនេះឆ្លងទៅមើលផ្ទះខ្ញុំបន្ដិច។
(៥) ខេត្តកំពង់ចាមត្រូវបំបែកជាពីរ ដោយសារវិសាលភាពធំ មានចំនួនប្រជាពលរដ្ឋច្រើន
ខ្ញុំគួរតែនិយាយបន្ដិច និយាយត្រង់អ្នកខាងណេះ ពីដើមយើងខេត្តតែមួយទេ គ្រាន់តែបែងចែកស្រុកម្ខាងស្ទឹងត្រង់និងម្ខាងក្រូចឆ្មារ ហើយហូរហែគ្នាអញ្ចឹងទៅ។ ខ្លួនខ្ញុំនេះឯង ដែលជាអ្នកស្នើបំបែកខេត្ត ដើម្បីឱ្យទៅជាខេត្តពីរ ព្រោះវាធំពេក។ ដល់វាធំ ការផ្ដល់សេវាគឺវាលំបាក។ ប្រជាជននៅខេត្តកំពង់ចាមកាលមុននេះ ឡើងជិត ២លាននាក់។ អញ្ចឹងឥឡូវបែកចែកគ្នាហើយ នៅខាងកំពង់ចាមនៅសល់ជាង ១លាននាក់ និងខាងត្បូងឃ្មុំ ៨៧ម៉ឺននាក់។ បើយើងពិនិត្យមើលអំពីចំនួនប្រជាជន … បូកសរុបគ្នាទៅ ឥឡូវមានប្រហែលជាជាង ១លាន ៩សែននាក់។ អញ្ចឹងគិតជាមួយប្រជាជន១៧ លាននាក់បច្ចុប្បន្ននេះ គឺចំនួននេះធំ។ វិសាលភាពនៃការផ្ដល់សេវា គឺជួបការលំបាក។ យើងត្រូវបំបែកជាពីរ ហើយយកដងទន្លេមេគង្គនេះធ្វើជាព្រំប្រទល់តែម្ដង។ ពីអតីតកាល រវាងម្ខាងខាងណោះនិងម្ខាងខាងណេះ យើងឆ្លងទៅឆ្លងមករកគ្នា(ក្នុងភាពជាអ្នកខេត្តតែមួយ)។ បើនិយាយពីទូកងគឺម្ខាងម្នាក់។ ខ្ញុំនេះ កុងជាមួយនឹងទូកងរកាខ្នុរ។ ទូកហ្នឹងឌឺពេក ឈ្មោះ តាំងតោ នៅវត្តរកាខ្នុរ។ ដល់ប្រណាំងចាញ់ទូកតាំងតោ ស្អប់អ្នករកាខ្នុរ ដល់ពេលបានប្រពន្ធ ប្រពន្ធជាអ្នករកាខ្នុរបណ្ដោយ។
(៦) កូវីដ១៩ តម្រូវអោយពង្រឹងការព្យាបាល សង្គ្រោះ និងផ្តល់សេវាសុខភាព
ខ្ញុំបកមកនិយាយអំពីមន្ទីរពេទ្យរបស់យើង។ អ្វីដែលយើងបានឆ្លងកាត់ក្នុងរយៈកាលប៉ុន្មានឆ្នាំឆ្លងទៅនេះ ទាក់ទងនឹងការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បានផ្ដល់មេរៀនឱ្យយើងថា យើងត្រូវពង្រឹងការព្យាបាលមនុស្ស សង្គ្រោះមនុស្ស និងសេវាផ្ដល់សុខភាពឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាព សម្រាប់ប្រជាជនរបស់យើង។ កូរីដ-១៩ វាបានដាស់តឿនយើងឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងសុខភាពសាធារណៈ ដែលវាអាចញាំញីយើងនៅគ្រប់ពេល។
(៧) ការពារសុខភាពប្រជាជនដោយ វិធានការណ៍អប់រំមុននិងពង្រឹងសមត្ថភាពមូលដ្ឋានសម្ភារៈបច្ចេកទេសព្យាបាល
ការប្រែប្រួលអាកាសធាតុ វាបាននាំមកនូវការដាស់ស្មារតីយើង ឱ្យយើងប្រុងប្រយ័ត្នជានិច្ចជាមួយនឹងការការពារសុខភាពរបស់ប្រជាជន ដោយ ម្ខាងមានវិធានការណ៍អប់រំការពារទុកជាមុន ដែលក្រុមគ្រូពេទ្យតែងតែនិយាយថា ការពារប្រសើរជាងព្យាបាល។ នោះគឺវិធានការណ៍ទាំងឡាយ ដែលក្រសួងសុខាភិបាលដាក់ចេញ។ ដូចជាក្នុងរយៈពេលនៃជំងឺកូវីដ-១៩ ៣កុំ ៣ការពារ នោះឯង។ ឯម្ខាងទៀត យើងត្រូវពង្រឹងសមត្ថភាពអំពីមូលដ្ឋានសំភារៈបច្ចេកទេស ដើម្បីបម្រើឱ្យការព្យាបាលជំងឺ។
(៨) មន្ទីរពេទ្យក្រូចឆ្មារ និងមន្ទីរពេទ្យនានា ផលិតអុកស៊ីសែននៅនឹងកន្លែង
ខ្ញុំពិតជាមើលឃើញថា នៅក្នុងរយៈពេលនៃជំងឺកូវីដ-១៩ នេះ យើងបានឆ្លៀតយកឱកាសនោះ ដើម្បីពង្រឹងសមត្ថភាពនៅគ្រង់ទីកន្លែង សម្រាប់ការព្យាបាលជំងឺរបស់ប្រជាជន។ ដូចជានៅមន្ទីរពេទ្យក្រូចឆ្មារនេះ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ យើងអត់ចាំបាច់ទៅដឹកអុកស៊ីសែនពីកន្លែងដទៃ ដើម្បីផ្គត់ផ្គង់មកកន្លែងនេះទេ។ យើងមានកន្លែងផលិតអុកស៊ីសែននៅកន្លែងនេះតែម្ដង។ នេះ គឺបញ្ជាក់បង្ហាញថា យើងបានបង្កើនសមត្ថភាពសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ឱ្យប្រជាជន។ កាលពីមុននោះ អុកស៊ីសែនផ្គត់ផ្គង់នៅតាមទីកន្លែងមួយចំនួន ត្រូវដឹកពីចម្ងាយ ជួនកាលមកតាមផ្លូវមានបញ្ហាទៀត។ អុកស៊ីសែននេះ ជួនកាលវាត្រូវការ(កន្លែងសុវត្ថិភាព) ហើយប្រជាជនយើងនៅជនបទច្រើនជក់បារី។ ទៅក្បែរហ្នឹង ផ្ទុះបណ្ដោយ។ ឥឡូវនេះ កន្លែងផលិតអុកស៊ីសែន មាននៅក្នុងមន្ទីរពេទ្យក្រូចឆ្មារនេះ មាននៅតាមមន្ទីរពេទ្យនានាដែលផលិតអុកស៊ីសែនសម្រាប់ការផ្ដល់ជូនប្រជាជន។
(៩) ក្រសួងសុខាភិបាលរួមទាំងកងទ័ព ជួយបង្កើតទីកន្លែងផលិតអុកស៊ីសែនជំនួយការដកដង្ហើម
តើនៅចាំបានទេ។ ព័ត៌មានទាក់ទងជាមួយនឹងប្រជាជនឥណ្ឌា។ នៅពេលដែលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ប្រទេសឥណ្ឌាផលិតអុកស៊ីសែនមិនទាន់សម្រាប់ឆ្លើយតបនឹង(តម្រូវការ)ប្រជាជនដែលកើតកូវីដ-១៩ កាលពីពេលនោះ។ ត្រូវដឹកអុកស៊ីសែនពីប្រទេសដទៃ មកជួយផ្គត់ផ្គង់ឱ្យប្រទេសឥណ្ឌា។ ឃើញស្ថានភាពបែបនេះ ខ្លួនខ្ញុំផ្ទាល់បានផ្ដល់ការណែនាំឱ្យក្រសួងសុខាភិបាល រួមទាំងកងទ័ព ចុះជួយរៀបចំដើម្បីបង្កើតទីកន្លែងផលិតអុកស៊ីសែននៅតាមទីកន្លែង ចៀសវាងការលំបាក។ តែដល់ពេលមានតម្រូវការ ហើយ អ្នកជំងឺទាមទារនូវការដាក់អុកស៊ីសែនជំនួយការដកដង្ហើម។ ប្រសិនបើគ្មានអុកស៊ីសែន គឺវានឹងរុញច្រានឱ្យអ្នកជំងឺទៅរកមរណភាព ដែលជារឿងគួរឱ្យសោកស្ដាយ។ យើងបានខិតខំពង្រឹងនូវសមត្ថភាពមន្ទីរពេទ្យនានា។
(១០) សង់មន្ទីរពេទ្យ១ ម៉ឺនគ្រែ ត្រៀមលក្ខណៈឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ
សូមបញ្ជាក់ដែរថា អម្បាញ់មិញ ខ្ញុំបាននិយាយអំពីការកសាងនូវមន្ទីរពេទ្យនៅទីនេះ ដែលចំណុះគ្នារហូតដល់ច្រើនជាងមន្ទីរពេទ្យធំៗនៅឯទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ … លើការជាក់ស្ដែង រយៈពេលកន្លងទៅនៅទីក្រុងភ្នំពេញ ចំនួនគ្រែនៃមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុងភ្នំពេញ មានប្រមាណជាង៥ ពាន់គ្រែតែប៉ុណ្ណោះ។ យើងបានកសាងនូវមន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតទៅដល់ ១ម៉ឺនគ្រែ។ នេះជាការត្រៀមរៀបចំលក្ខណៈសម្បត្តិដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្នសុខភាពសាធារណៈ។ យើងមិនចង់ឱ្យកើតមានទេ ក៏ប៉ុន្តែអ្នកណាទាយបានថាវានឹងកើត(ឬមិនកើត)ឡើងនូវបញ្ហាទាំងឡាយ។ វាពិបាកយល់ ពិបាកដឹង។ ប៉ុន្មានថ្ងៃមុននេះ ឃើញព័ត៌មាននៅអាហ្វ្រិកខាងត្បូង មានជំងឺហូរឈាមតាមច្រមុះ អាចទៅជាស្លាប់បាន។ ឥឡូវនេះ តើជំងឺនេះ អាចមកដល់កម្ពុជា ឬអត់? ចំណុចទាំងអស់នេះ ទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន រៀបចំគ្រប់លក្ខខណ្ឌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។
(១១) ជំងឺកើតឡើងមិនថាជាតិសាសន៍ ឬសាសនា ឬពណ៌សម្បុរនយោបាយអ្វីឡើយ
មិនមែនតែប្រជាជន។ ជំងឺនេះ វាអត់រើសអ្នកធំ អ្នកតូច អ្នកមាន អ្នកក្រទេ។ បើកាលណា វាឈឺ ឈឺទាំងអស់គ្នាហ្នឹង។ បើខ្ញុំកើតកូវីដ-១៩ ដែរធ្វើម៉េច។ មនុស្សមួយចំនួនដែលកើតកូវីដ-១៩ យើងកើតកូវីដ-១៩ មិនដល់ ១៤ម៉ឺននាក់ទេ ក្នុងចំណោម ១៤ម៉ឺននាក់នេះ ជាង ១៣ម៉ឺននាក់ជិត ១៤ ម៉ឺននាក់ មានខ្ញុំម្នាក់ដែរ មានកូនខ្ញុំ និងចៅខ្ញុំផងដែរ។ រឿងជំងឺនេះ អត់មានរើសអើងថា ចាំតែអ្នកនេះអ្នកនោះទេ នរណាក៏ដោយតែដល់ពេលវាឈឺ វាឈឺហើយ អញ្ចឹងយើងត្រូវការគ្រូពេទ្យទាំងអស់គ្នា។ ទោះបីឥឡូវនេះ យើងមកទីនេះ មានអ្នកកាន់សាសនាផ្សេងៗគ្នា ព្រះពុទ្ធក៏មាន ឥស្លាមក៏មាន ហើយអាចមានគ្រិស្ដសាសនាទៅទៀត ហើយក៏អាចមានពណ៌សម្បុរនយោបាយខុសគ្នាទៅទៀត ប៉ុន្តែចំណុចរួមដែលយើងត្រូវឃើញ នោះនៅត្រង់ថា យើងមានសេចក្ដីត្រូវការដូចគ្នា ពេលឈឺយើងត្រូវរកពេទ្យដូចគ្នា។ នេះវាជារឿងធម្មតាខ្លាំងណាស់។
(១២) ជាតិសាសន៍ សាសនា និន្នាការនយោបាយខុសគ្នា មានតម្រូវការរួមដូចគ្នា
ថ្ងៃមុន ខ្ញុំបាននិយាយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានោះទេ។ ឥឡូវនៅទីនេះ យើងស្ថិតនៅក្នុងស្ថានភាពមិនដូចគ្នា អ្នកខ្លះអាចនឹងកាន់គណបក្សនយោបាយនេះ អ្នកខ្លះកាន់គណបក្សនយោបាយនោះ យ៉ាងហោចណាស់យើងបានឃើញស្ថានភាព អ្នកកាន់សាសនាឥស្លាម អ្នកកាន់សាសនាព្រះពុទ្ធ ប៉ុន្តែក៏អាចមានអ្នកកាន់សាសនាគ្រិស្ដនៅទីនេះដែរ ប៉ុន្តែយើងត្រូវឃើញថា បើទោះបីមានការខុសគ្នាខាងនយោបាយ ខុសគ្នាជាជាតិសាសន៍និងសាសនា ក៏ប៉ុន្តែយើងមានតម្រូវការរួម។ តម្រូវការរួមរបស់យើងក្នុងហ្នឹងមានតម្រូវការនៃការពិនិត្យព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ រាប់ទាំងបញ្ហាទាំងបញ្ហាដទៃទៀតដែលវាជាតម្រូវការរួម ហើយសន្តិភាពក៏វាជាតម្រូវការរួមរបស់យើងទាំងអស់គ្នាដែរ។
(១៣) កសាងលំបាក ធ្វើឱ្យមាននិរន្តរភាពកាន់តែលំបាក, ពេទ្យត្រូវហ្វឹកហាត់បង្កើនសមត្ថភាព
អំពីមន្ទីរពេទ្យដែលយើងទទួលបាននៅទីនេះ ការកសាងវាលំបាកហើយមិនមែនងាយស្រួលទេ។ ឯកឧត្តម ជា សុផារ៉ា ត្រូវរត់ទៅត្រង់នេះត្រង់នោះ ទៅរកចលនាអ្នកនេះ ចលនាអ្នកនោះ រាប់ទាំងចលនាខាងមិត្តភក្តិជប៉ុនអង្គការ KUSANONE ដែលបានជួយបំពាក់សម្ភារបរិក្ខានៅទីនេះ ធ្វើឱ្យសម្ភារបិក្ខារនៅទីនេះកាន់តែទំនើប។ (ធ្វើអោយ)ទំនើបវាលំបាកហើយ។ ការកសាងវាលំបាកហើយ ប៉ុន្តែអ្វីដែលលំបាកជាងទៀតគឺចាំទុកគឺធ្វើម៉េចឱ្យមន្ទីរពេទ្យនេះមាននិរន្តរភាពទើបជាការលំបាកជាង … អ្នកដឹកនាំគ្រប់គ្រងមន្ទីរពេទ្យនិងសម្រាប់ក្រុមគ្រូពេទ្យនានា ដែលធ្វើការនៅកន្លែងនេះត្រូវចាំចំណុចនេះ។ កុំឱ្យត្រឹមតែប៉ុន្មានខែក្រោយស្រាប់តែ បន្ទប់សម្ពោធ កន្លែងផលិតអុកស៊ី(សែន)ក៏ខូច, កន្លែងស្កេនក៏ខូច, កន្លែងវះកាត់ក៏ខ្ទេចខ្ទាំ រកតែស្អីមិនបាន។ ក្រុមគ្រូពេទ្យត្រូវតែហ្វឹកហាត់ជាប់ជានិច្ច បង្កើនសមត្ថភាពដើម្បីប្រើប្រាស់ឱ្យបានល្អជាមួយនឹងសម្ភារបរិក្ខារដែលត្រូវបានបំពាក់ និងត្រូវយកចិត្តទុកដាក់ជាមួយនឹងការពិត្យព្យាបាលជំងឺចំពោះប្រជាជន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យបម្រើប្រជាជនឱ្យបានហ្មត់ចត់ …។
(១៤) ការពិគ្រោះជំងឺអាចធ្វើតាមមធ្យោបាយទំនាក់ទំនងឌីជីថល
សម័យនេះគឺជាសម័យអនឡាញ សម័យឌីជីថល សម័យបច្ចេកវិទ្យាព័ត៌មាន។ យើងត្រូវរុញបច្ចេកទេសមកកាន់ទីនេះ។ ម៉្យាងទៀត ឥឡូវនេះការពិគ្រោះជំងឺ អាចធ្វើតាមរយៈនៃបណ្ដាញព័ត៌មានវិទ្យា។ គេអាចប្រើ Zoom ពិគ្រោះឬក៏តាមមធ្យោបាយណាមួយ។ គេអាចពិគ្រោះជំងឺពីចំងាយ មិនចាំបាច់ហៅគ្រូពេទ្យពីភ្នំពេញតម្រង់មកនេះទេ។ នៅពេលណាដែលគ្រូពេទ្យនៅកន្លែងនេះមានការលំបាក គេអាចភ្ជាប់ទំនាក់ទំនងទៅគ្រូពេទ្យជំនាញនៅកន្លែងណាមួយ។ ខាងនោះគេអាចផ្ដល់មតិមកយ៉ាងម៉េច។ ដូចជាជំងឺរបស់ខ្ញុំជាដើម គ្រូពេទ្យដែលព្យាបាលឱ្យខ្ញុំ តែងពិគ្រោះជាមួយហ្នឹងគ្រូពេទ្យដទៃ ប៉ុន្តែគេមិនចាំបាច់ឱ្យគ្រូពេទ្យដទៃនោះមកជួបជាមួយខ្ញុំទេ។ សូមឱ្យអ្នកទទួលខុសត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព។
(១៥) មន្ទីរពេទ្យត្រូវធានាបាននិរន្តភាព និងអភិវឌ្ឍនិងបំពាក់សម្ភារបច្ចេកវិទ្យាទាន់សម័យ
ធ្វើយ៉ាងម៉េចឱ្យមន្ទីរពេទ្យរបស់យើងនេះ ក្លាយទៅជាមន្ទីរពេទ្យដែលធានាបាននូវនិរន្តរភាពម្ខាង។ តែម្ខាងទៀតអភិវឌ្ឍបច្ចេកវិជ្ជាទាន់សម័យនិងបំពាក់សម្ភារដែលវាទាន់សម័យមកកាន់មន្ទីរនេះបន្ថែមទៀត … បើសិនជាយើងមិនបណ្ដុះបណ្ដាលធនធានមនុស្សទេ យើងមិនចេះប្រើឧបករណ៍សម្ភារបច្ចេកទេសដែលគេផលិតបានថ្មីៗនោះទេ។ បើយកសម្ភារមក អត់មានការបណ្តុះបណ្តាលបច្ចេកទេស យើងក៏មិនអាចប្រើ សម្ភារបច្ចេកទេសនោះបានដែរ។ អញ្ចឹង ទាមទារឱ្យមន្ទីរពេទ្យរបស់យើងនេះដែលមានដៃគូជាច្រើនជាមួយនឹងមន្ទីរពេទ្យដទៃទៀត យកចិត្តទុកដាក់ជាមួយនឹងឧបករណ៍សម្ភារបច្ចេកទេសណា គឺទាមទារឱ្យមានការហ្វឹកហាត់ ទៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ខ្លួនឬក៏សម្ភារបច្ចេកទេសបានបញ្ជូនមកដល់ គេនឹងត្រូវបញ្ជូនអ្នកជំនាញដើម្បីហ្វឹកហាត់ជាមួយនឹងគ្រូពេទ្យរបស់យើង។
(១៦) ផ្ដល់ប្រាក់បៀវត្សរ៍អាទិភាពខ្ពស់សម្រាប់វិស័យសុខាភិបាលនិង(វិស័យ)អប់រំ
អម្បាញ់មិញបានសួរនៅកន្លែងនេះ គ្រូពេទ្យៗសួរថាប្រាក់ខែប៉ុន្មាន មានម្នាក់នោះប្រហែលជាថ្នាក់ខ្ពស់ជាងគេបន្តិច បាន១ លាន៨ សែន។ នាងៗ២នាក់ទៀតនោះថាបាន១ លាន៥ សែន។ ខ្ញុំបានផ្ដល់អាទិភាពខ្ពស់សម្រាប់វិស័យសុខាភិបាលនិង(វិស័យ)អប់រំ ប្រាក់បៀវត្សរ៍របស់មន្ត្រីសុខាភិបាលនិងមន្ត្រីអប់រំត្រូវបានទទួលខ្ពស់ជាងផ្នែកដទៃ។ សង្ឃឹមថាផ្នែកដទៃ គឺមិនថ្នាំងថ្នាក់ជាមួយនឹងប្រាក់ខែរបស់ខ្លួនទាបជាងក្រុមគ្រូពេទ្យនិងគ្រូបង្រៀននោះទេ ដោយសារក្រុមគ្រូពេទ្យគាត់ត្រូវការព្យាបាលជំងឺ ឯគ្រូបង្រៀនត្រូវការសម្រាប់បង្រៀនកូនចៅរបស់យើង។ សង្ឃឹមថាអ្នកទាំងអស់គ្នាគឺមិនច្រណែនជាមួយហ្នឹងខាងផ្នែកគ្រូពេទ្យនិងគ្រូបង្រៀននោះទេ ព្រោះនេះជាតម្រូវការ។ នេះសុទ្ធតែខាងគ្រូបង្រៀន។
(១៧) សាលាគោរពទង់ជាតិនិងកងទ័ពប្រជុំជួរ គប្បីច្រៀងបទនគររាជដោយផ្ទាល់
អម្បញ់មិញបានច្រៀងបទគោរពនគររាជរបស់យើងបានគ្រប់។ គួរណាស់តែយើងធ្វើកិច្ចការនេះនៅគ្រប់សាលាទាំងអស់ ដោយមិនចាំបាច់ចាក់ភ្លេងជាតិទេ។ យើងនៅកាលពីតូចៗ អ្នកទាំងអស់គ្នាប្រហែលជាកើតមិនទាន់ទេ ពេលដែលយើងគោរពទង់ជាតិ យើងស្រែកច្រៀងនៅក្នុងសាលាហ្នឹងតែម្ដង គ្មានភ្លេងចាក់ដូចឥឡូវទេ។ ខ្ញុំភ័យបំផុត ភ័យត្រង់រឿងពេលគោរពទង់ជាតិហ្នឹងឯង។ រឿងហ្នឹងវាកើតនៅឯណា កើតក្នុងស្រុកក្រូចឆ្មារហ្នឹងឯង នៅឆ្នាំ១៩៨២។ ពេលនោះបងប្រុសរបស់ខ្ញុំគាត់នៅធ្វើចៅហ្វាយស្រុកក្រូចឆ្មារ។ ខ្ញុំមកកាន់ស្រុកក្រូចឆ្មារនេះ។ មកដេកស្រុកក្រូចឆ្មារ។ មុនដំបូងខ្ញុំទៅដេកត្រើយម្ខាងខាងនោះមួយយប់ រួចហើយបានមកដេកខាងនេះសួរសុខទុក្ខប្រជាពលរដ្ឋ។ ដល់ពេលជួបជុំ ពេលគោរពទង់ជាតិចាក់គោរពទង់ជាតិគោរពទង់ជាតិ ស្រាប់តែ(ចេញបទ) ឱស្នេហ៍មាសបង … ខ្ញុំខ្លាចបំផុតរឿងគោរពទង់ជាតិ (ហើយចាក់ចំរៀងខុស) … គ្រប់សាលាទាំងអស់គប្បីឱ្យកូនសិស្សគោរពទង់ជាតិរួច ដោយឱ្យច្រៀងផ្ទាល់តែម្ដង។ ទាហានប្រជុំជួរក៏ត្រូវឱ្យរៀនធ្វើដូចហ្នឹង ដើម្បីជាលំហាត់ឡើងវិញ។ ហ្នឹងគឺជារឿងមួយដែលយើងគួរធ្វើ។
(១៨) ចំរៀងជាតិតែងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានអត្ថន័យខ្លាំងណាស់
ចំរៀងរបស់យើងគឺមានអត្ថន័យខ្លាំងណាស់។ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានតាក់តែង … ខ្ញុំធ្លាប់ទៅប្រទេសមួយ យើងអត់បានប្រាប់គេថាភ្លេងជាតិដែលយើងយកទៅដើម្បីគោរពទង់ជាតិធ្វើពិធីត្រួតពល។ យើងអត់បានប្រាប់គេថាចាក់តែមួយឃ្លាទេ។ គេលេងផ្ទាល់។ គេអត់ចាក់ទេ។ គេលេងផ្ទាល់ដោយកងកិត្តិយស។ ស្រាប់តែលេង៣វគ្គ។ ដល់៣វគ្គ ចង់ទន់ជង្គង់។ ឯណាភ្លេងជាតិរបស់គេ ឯណាភ្លេងជាតិរបស់យើង។ ភ្លេងជាតិរបស់យើងតែ១ វគ្គនេះ គឺស្មើនឹងភ្លេងជាតិរបស់គេ។ ធម្មតាគេគោរពភ្លេងជាតិរបស់យើងមុន រួចហើយបានភ្លេងជាតិរបស់គេចាប់ផ្ដើម … ដែលហៅថាទស្សនកិច្ចផ្លូវការ យើងត្រូវត្រួតពលព្រោះថ្នាក់ប្រមុខរដ្ឋឬថ្នាក់ព្រះមហាក្សត្រ ថ្នាក់នាយករដ្ឋមន្ត្រីគឺជាឋានៈដែលត្រូវត្រួតពល។ គេមកប្រទេសយើងក៏ត្រូវដូចគ្នាដែរថ្នាក់ព្រះមហាក្សត្រឬប្រមុខរដ្ឋ ថ្នាក់នាយករដ្ឋមន្ត្រីយើងក៏ត្រូវត្រួតពល …។
(១៩) សម្ដេចឆ្លើយឆ្លងជាមួយអ្នកគ្រូនៃវិទ្យាល័យនិងសាលាបឋមសិក្សា នៅប៉ើស២
(ករណីទី ១) សុំសម្ភាសអ្នកគ្រូប្រាក់ខែប៉ុន្មាន? (១លាន ៦០ម៉ឺន។) បង្រៀនថ្នាក់ទីប៉ុន្មានសាលាណា? (បង្រៀនវិទ្យាល័យថ្នាក់មធ្យមសិក្សា វិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ើស២។) សាលាហ្នឹងនៅខ្វះអ្វីខ្លះ?(ខ្វះច្រើនប៉ុន្តែសូមលើកជាពិសេសគឺ កុំព្យូទ័រ, អគារសិក្សា, បន្ទប់ស្នាក់នៅលោកគ្រូ/អ្នកគ្រូ។) អគារសិក្សានៅខ្វះអីខ្លះ? សាលាហ្នឹងមានអ្វីខ្លះ? មានកូនសិស្សប៉ុន្មាន? (មានតាំងពីថ្នាក់ទី ៧ ទៅដល់ថ្នាក់ ១២, មាន ១៥ បន្ទប់, មានអគារពីរជាន់ ១ខ្នង, អគារ១ជាន់ មាន៣ខ្នង មានកូនសិស្ស៦០០នាក់ជាង។ )
បើសិនជាសំណូមពរចង់បានអី? មានដីធ្វើឬអត់? (មានអគារចាស់ៗច្រើន សុំឱ្យជួសជុលក៏បានព្រោះដីចង្អៀត ចង់ឱ្យជួសជុលលាបពណ៌អគារថ្នាក់រៀនទាំងអស់នេះសម្ដេច។) ថ្ងៃក្រោយយើងប៉ាន់ព្យាករណ៍ទៅចំនួនសិស្សអាចឡើងដល់ចំនួនប៉ុន្មាន? (អាចថេរចំនួន៦០០នាក់ជាងជារៀងរាល់ឆ្នាំ។ ) រៀនប៉ុន្មានវេន? គ្រូមានប៉ុន្មាននាក់? គ្រូប៉ុន្មាននាក់ដែលនៅកន្លែងហ្នឹងស្រាប់?
(រៀន២វេន ព្រឹកល្ងាច, គ្រូ៣៣នាក់, គាត់មកពីឆ្ងាយគាត់ជួលផ្ទះគេ, គ្រូនៅទីនេះបានបន្តិចដែរ ហើយគ្រូមកពីខេត្តឆ្ងាយមានកំពត, កំពង់ស្ពឺ, តាកែវ…។ ) នៅសល់ដីធំទេ?(ដីចង្អៀត ប៉ុន្តែសម្ដេចជួយបានសង់ទាល់តែច្រើនជាន់។ ) ច្រើនជាន់អ្នកនៅខាងលើមិនឡើងហត់ (អត់អីទេ ឲ្យតែបានសម្តេចព្យាយាមប្រឹងស៊ូ) ឥឡូវអញ្ចេះអគារដែលនៅទាបៗមួយជាន់ៗនេះ យើងអាចវាយចេញចោលអស់បានទេ? (អរគុណធំធេងសម្តេច)។
ឥឡូវអញ្ចេះខ្ញុំផ្តល់ជូន។ ឥឡូវខាងក្រោមយើងគិតថា យើងវាយអគារចេញ ប៉ុន្តែ ៣អគារហ្នឹងគឺវាជាប់គ្នា (ដាច់ពីគ្នា) ហើយបើយើងយកវាចេញ យើងដាក់អគារថ្មី ហើយយើងនៅសល់អគារមួយទៀត ថាអគារវាមាន ៣ អគារ ២ នេះយើងវាយវាចោលទៅ យើងដាក់អគារថ្មី ហើយអគារមួយទៀតយើងធ្វើជាផ្ទះគ្រូបង្រៀនទៅបានទេ? (ចាស ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចពុក) ឥឡូវអញ្ចេះ ដើម្បីពង្រីកសមត្ថភាពនៃកន្លែងនោះ ខ្ញុំសុំឱ្យ ឯកឧត្តម ជា សុផារ៉ា ជួយទៀតទៅ។ ខ្ញុំសុំផ្តល់ឱ្យអញ្ចឹង។ ខ្ញុំឱ្យអគារ(ថ្មី) វាយយកអគារចាស់ចេញ អគារមួយជាន់ហ្នឹងវាយចេញ ហើយយើងធ្វើអគារថ្មី វាមួយខ្នង ៣ជាន់ ៣០បន្ទប់ រួចហើយត្រូវរកកន្លែងធ្វើឱ្យខ្ញុំសម្រាប់កន្លែងសិស្ស កន្លែងគ្រូបង្រៀន គឺចំនួន ២០បន្ទប់ ទៀត ព្រោះអានោះវា ៣ជាន់ អញ្ចឹងយើងអាចធ្វើផ្ទះគ្រូអាចធ្វើ ៣ជាន់ ដែរទៅ។ (សូមអរគុណសម្តេចមហាសេនាបតីតេជោច្រើន)
ហ្នឹងតវ៉ាជាមួយគ្នា។ ស្តាប់សំណូមពរ។ គេថាខ្វះអញ្ចឹងហើយ ម៉េចក៏ដើរចោល។ អត់អីទេ។ ទៅឥឡូវ (ឯកឧត្តម) ជា សុផារ៉ា ចាំជួយទៅមើលផង មើលហើយដើម្បីរៀបចំវាយអាចាស់ចេញ។ ប៉ុន្តែពេលវាយអាចាស់ចេញ ត្រូវរៀបចំកូនសិស្សឱ្យទៅរៀនឯណាសិន នៅអគារមួយទៀត ហើយយើងចាប់ផ្តើមសាងសង់អានោះ ហៅ ខេង សាម៉េត ឱ្យចុះមកធ្វើភ្លាម ដើម្បីនឹងសម្រុកធ្វើតែម្តង។
(ករណីទី២) មានអានេះទៀត។ ថ្ងៃនេះតទល់គ្នាតែម្តង។ មុនចូលឆ្នាំ មើលសាលាណានេះ? (សូមគោរពសម្តេចពុក និងគោរពឯកឧត្តម លោកជំទាវទាំងអស់ នាងខ្ញុំឈ្មោះ សុខ ស្រីលក្ខ បង្រៀននៅសាលាបឋមសិក្សាអំពិល ស្ថិតនៅឃុំប៉ើស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ) ប៉ើស ២ដូចគ្នា។ អូ! អម្បាញមិញវិទ្យាល័យ។ (សាលាបឋមអំពិលមាន ១០ បន្ទប់ មានទីចាត់ការ ១ បន្ទប់ និងបណ្តាល័យមួយបន្ទប់ ហើយបច្ចុប្បន្នអគារថ្មីមានមួយអគារ និងអគារចាស់ទ្រុឌទ្រោមមាន ១ អគារ កំពង់ទ្រុឌទ្រោមដំបូលសាលា សូមមេត្តាសម្តេចជួយជួសជុល)។ ឥឡូវឈប់ចង់ជួសជុលហើយ បានតែជ្រុលធ្វើថ្មីតែម្តង។ កូនសិស្សទាំងអស់ប៉ុន្មាន? (មានទាំងអស់ជាង ៤០០ នាក់)។ (៤០០នាក់) ឥឡូវមានប៉ុន្មានថ្នាក់? (មាន ១៤ ថ្នាក់ មត្តេយ្យ ២ បឋម ១២) មត្តេយ្យ ២ ដីនៅធំទេ? (ដីនៅក្នុងវត្ត មិនធំទេ តែអាចសាងសង់បាន) អាដីក្នុងវត្តហ្នឹងគឺប្រវែងវាប៉ុន្មាន ប្រវែងគិតជាបន្ទប់រៀនដែលយើងកំពុងធ្វើ? (កសាងឲ្យខ្ញុំហ្នឹងគឺមួយអគារមាន ៥ បន្ទប់ ឆ្នាំ ១៩៩៧ ) ហ្នឹងសាលាខ្ញុំឱ្យដែរ?
ឥឡូវវារកមុខម្ចាស់ដើមហើយ អញ្ចឹងអាហ្នឹង ៥បន្ទប់ ឥឡូវអញ្ចេះ បើថា ៥បន្ទប់ អញ្ចឹងខ្ញុំជូនយកបន្ទប់ ចាស់ហ្នឹងតាំងពីឆ្នាំ ១៩៩៧ រហូតមកដល់ឥឡូវប៉ុន្មានឆ្នាំហើយ? វាល្មមដល់អាយុហើយ កាលហ្នឹងពួកសំណង់ក្មេងវត្តចុះមកធ្វើ។ ឥឡូវខ្ញុំឱ្យជំនួសវិញគឺថា ១ខ្នង ៣ជាន់ ១៥បន្ទប់ ជំនួសវិញ ហើយចាត់ចែងធ្វើអីធ្វើទៅ ព្រោះឥឡូវជាក់ស្តែងយើងមានតែ ៥បន្ទប់។ អញ្ចឹងខ្ញុំជំនួសអាហ្នឹង។ ប៉ុណ្ណឹងបានហើយ កុំទាន់អាលឡើងមកទៀត។ ឥឡូវសុំសួរអ្នកគ្រូបន្តិច ឥឡូវប្រាក់ខែប៉ុន្មាន? (ខ្ញុំបាន ១ លាន ៤០ ម៉ឺន ) ១លាន៤០ម៉ឺនរៀល ហើយគេឱ្យប្រាក់ខែ ប្រាក់សម្រាប់គ្រូបង្រៀន សម្រាប់ជួលផ្ទះ ជួលអី ទេ? (អត់មានផងនៅក្នុងហ្នឹងគឺមានតែប្រាក់តួនាទី និងមុខងារ) ១លាន៤សែនរៀល។ អាហ្នឹងគិតទាំងប្រាក់ ( ប្រាប់សរុបទាំងអស់តាមឆ្នាំចេញបង្រៀន លោកគ្រូខ្លះគាត់បង្រៀនបានច្រើនឆ្នាំអញ្ចឹងទៅ គាត់លើសហ្នឹងបន្តិច) អូ! យើងគ្រូថ្មី ចូលបង្រៀនបានប៉ុន្មានឆ្នាំហើយ?
(នាងខ្ញុំចូលបង្រៀនបាន ៥ ឆ្នាំហើយ ទីលំនៅគឺនៅ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ហើយបច្ចុប្បន្នចង់សុំសម្តេចផ្លាស់ទីកន្លែងបម្រើការងារពីស្រុកក្រូចឆ្មារទៅស្រុកត្បូងឃ្មុំវិញ) អូរ! អាហ្នឹងមិនមែនភារកិច្ចរបស់ពូទេ! អាហ្នឹងទៅហួសពីសមត្ថភាពរបស់នាយករដ្ឋមន្ត្រី។ ហ្នឹងសមត្ថភាពមន្ទីរអប់រំ ឬក្រសួងអប់រំទេ មិនមែនសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តីទេ។ (ប៉ុន្តែ ខ្ញុំមកបម្រើការងារនៅទីនេះគឺ ៥ ឆ្នាំហើយ អញ្ចឹងចង់ទៅផ្ទះវិញ) មើលចៅហ្វាយខេត្តនិយាយគ្នាទៅ ជាមួយចៅហ្វាយខេត្ត ដោះស្រាយអីជាមួយគ្នាទៅ។ ហ្នឹងមិនមែនភារកិច្ចរបស់ពូទេ។ បើភារកិច្ចរបស់ពូ ពូដូរចៅហ្វាយខេត្ត ដូរអនុខេត្ត ដូរចៅហ្វាយស្រុក … ដូរគ្រូបង្រៀនវាមិនមែនភារកិច្ចរបស់ពូទេ។ ហ្នឹងដោះស្រាយតាមហ្នឹងទៅ។ (អរគុណសម្តេច អរគុណនូវអំណោយដ៏ធំធេងនូវអគារសិក្សាថ្មី) ឥឡូវឱ្យ សាម៉េត ចុះទៅទៀត។ បានហើយប៉ុណ្ណឹងបានហើយ។
(២០) ដំណើរ ៦ ពាន់គីឡូ សង់អគារសិក្សាប្រមាណ៤០០ លានដុល្លារ ប្រើចត្តាឡីស័កកូវីដ១៩
នេះវាទៅជាមួយគ្នាវិស័យអប់រំ វិស័យសុខាភិបាល ស្អីៗហ្នឹង វាទៅជាមួយគ្នាជាសំណុំ ដែលយើងត្រូវយកចិត្តទុកដាក់។ កន្លងទៅនេះ ពេលដែលយើងមានបញ្ហា កូវីដ-១៩ យើងបានសាលារៀនហ្នឹងដែរ សាលារៀនដែលយើងបានកសាងល្អៗនេះ យើងដាក់អ្នកដែលកើត កូវីដ-១៩ យកទៅធ្វើចត្តាឡីស័កនៅតាមសាលាហ្នឹង ព្រោះពេលនោះខ្ញុំដើរប្រមាណ ៦.០០០គីឡូម៉ែត្រ ដាក់អគារសិក្សា ដែលចំណាយប្រមាណជា ៤០០លានដុល្លារ សម្រាប់ការសាងសង់។ កន្លងទៅ ដោយសារយើងកសាងតាំងពីណាពីណី ដូចជានៅ ប៉ើស ២មិញនេះ សាលាហ្នឹងសាលាខ្ញុំធ្វើតាំងពីឆ្នាំ ១៩៩៧ ជំនាន់ហ្នឹងគឺយើងខិតខំប៉ុន្តែអាយុវាប្រមាណជាង ២០ឆ្នាំហើយ។ ឥឡូវនេះវាអាចអាយុបានលើសពីហ្នឹង ដែលយើងធ្វើចាក់គ្រឹះអីឱ្យបានស្រួលមើលរៀបចំអាកន្លែងហ្នឹង។
(២១) ២៣ កក្កដា ២០២៣ សូមបោះឆ្នោតជូនគណបក្សប្រជាជន ការពារសន្តិភាពនិងការអភិវឌ្ឍ
អរគុណណាស់! ដែលចេះរត់រក។ ប៉ុន្តែខ្ញុំក៏អរគុណផងដែរ។ សុំអរគុណអ្នកខេត្ត ត្បូងឃ្មុំ និយាយដោយឡែក នឹងកាន់តែដោយឡែកទៀតគឺសម្រាប់អ្នកស្រុកក្រូចឆ្មារ និយាយជារួមសម្រាប់ប្រជាជនទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សង្ឃឹមថា ថ្ងៃ ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ មិនភ្លេចនឹងការចូលរួមបោះឆ្នោត ក្នុងបរិយាកាសមួយដែលអព្យាក្រឹត្យ គ្មានការគំរាមគំហែង ហើយក៏សង្ឃឹមថា បងប្អូននឹងមិនភ្លេចគណបក្សប្រជាជនកម្ពុជា។ យើងសង្ឃឹមយ៉ាងដូច្នេះ ដើម្បីឱ្យដំណើរការប្រជាធិបតេយ្យក្នុងប្រទេសរីកលូតលាស់ ហើយសុំបោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបោះឆ្នោតដើម្បីធានាម្ខាងគឺសន្តិភាព ម្ខាងទៀតគឺដំណើរការអភិវឌ្ឍ។
(២២) ការពារសន្តិភាព បម្រើឱ្យការអភិវឌ្ឍ ជាកិច្ចការទាំងអស់គ្នា
ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបាននិយាយឆ្លើយតបជាមួយមនុស្សខ្លះ(ដែលលើកឡើង)ថា “ចាំបាច់និយាយពាក្យរក្សាសន្តិភាពធ្វើអី? បើសន្តិភាពមានរួចហើយ”។ ខ្ញុំបានឆ្លើយតបថា (មាន)សន្តិភាពតាំងពីឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ហេតុអីបានឆ្នាំទៅនេះ ប្រទេសអាល្លឺម៉ង់មានអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់? ហេតុអីបាននៅប្រទេសអាល្លឺម៉ង់ និងប្រទេសក្រិច មានមនុស្សដែលរដ្ឋាភិបាលអាល្លឺម៉ង់ ហៅថាជាជនក្បត់ជាតិ? យើងគិតមើល។ អ្នកណាប៉ាន់ស្មានថា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានសង្គ្រាម បើពេលនោះកម្ពុជាត្រូវបានប្រសិទ្ធិនាមថា «ជាកោះសន្តិភាព» ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ អ្នកណាដែលគិតថា ប្រទេសនេះមានសង្គ្រាម? ផ្ទុយទៅវិញសោកនាដកម្មបានកើតទៅលើទឹកដីកម្ពុជាអស់រយៈពេលមិនតិចទេ។ ទម្រាំយើងរស់រានមានជីវិតបានរហូតដល់សព្វថ្ងៃនេះ យើងលំបាកណាស់។ អ្នកណាប៉ាន់ស្មានថា នៅ អីរ៉ាក់ មានសោកនាដកម្មនៃសង្គ្រាម នៅលីប៊ី នៅស៊ីរី។ ឥឡូវនៅ អ៊ុយក្រែន អ្នកណាប៉ាន់ស្មានថា វាមានសង្គ្រាម? អញ្ចឹងការ ការពារសន្តិភាពសម្រាប់បម្រើឱ្យការអភិវឌ្ឍជាកិច្ចការរបស់យើងទាំងអស់គ្នា។
(២៣) រាជរដ្ឋាភិបាលការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ មិនអត់ឱនឱ្យការចង់បានអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ
សុំទោស ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលខ្ញុំត្រូវនិយាយរឿងនយោបាយនៅចំពោះមុខឯកឧត្តម។ ប៉ុន្តែបើទោះបីអត់មានឯកឧត្តម(ក៏ដោយ) នេះជាការបង្ខំចិត្តដែលត្រូវនិយាយ … ឥឡូវយើងដាក់ជាបញ្ហា អ្នកខ្លះកំពុងតែអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់រដ្ឋាភិបាល អ្នកខ្លះកំពុងតែអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីរាជ្យបល្ល័ង្គ ផ្តួលរំលំ រំលាយចោលរបបរាជានិយម ប្រហែលជាឯកឧត្តម អគ្គរដ្ឋទូត អាចសិក្សាយល់ ប៉ុន្មានខែមុន ហើយប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យមុននេះ មានគេអំពាវនាវឱ្យស្តេចចុះចេញពីតំណែង។ តើក្នុងឋានៈយើងជារដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាមានភារកិច្ចការពារព្រះមហាក្សត្រទេ? មានភារកិច្ចការពាររាជ្យបល្ល័ង្គទេ? មានភារកិច្ចការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេ? យើងមានភារកិច្ចការពារសេចក្តីសុខសាន្តរបស់យើងទេ? បោះឆ្នោតត្រូវតែបោះ ប៉ុន្តែជនណាក៏ដោយដែលក្បត់ជាតិ ឬក៏បំផ្លាញសន្តិភាព មិនត្រូវបានទទួលការអត់ឱនឱ្យចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ ព្រោះអ្នកឯងចង់បានអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។ ខ្ញុំក៏មិនត្រូវអត់ឱនឱ្យអ្នកឯងដែរ ក្នុងពេលដែលខ្ញុំកាន់អំណាច។
(២៤) ប្រទេសដទៃចោទមនុស្សថា ក្បត់ជាតិបាន ហេតុអីកម្ពុជាមិនអាចចោទបាន
យប់មិញឃើញអាខ្មៅមួយនោះ កំពុងតែឡាយចូលមក។ អាខ្មៅនៅអាមេរិក។ ខ្ញុំហៅអាខ្មៅគេដឹងហើយអាខ្មៅមួយណា។ វាថា ហ៊ុន សែន ខ្លាចបាត់បង់អំណាច។ ហ្អែងនិយាយត្រូវអាខ្មៅ។ អញត្រូវតែការពារព្រោះពួកហ្អែងប៉ុនប៉ងតែសម្លាប់អញហ្នឹង។ រឿងអីមិនឱ្យអញការពារ។ ហ្អែងគិតមើលឱ្យច្បាស់ទៅ។ អញគ្រាន់តែការពារអំណាចតើ? ហ្អែងជាអ្នកដណ្តើមអំណាច។ អាណាត្រូវអាណាខុស។ ហ្អែងគិតមើល។ បើហ្អែងមកដណ្តើមអំណាចតាមមធ្យោបាយប្រជាធិបតេយ្យអញមិនថាទេ ប៉ុន្តែហ្អែងមកដណ្តើមអំណាចតាមរយៈកម្លាំង។ ឥឡូវចូលក្នុងបទល្មើសក្បត់ជាតិគ្រប់យ៉ាង។ ចុះម៉េចបានប្រទេសដទៃចោទមនុស្សថា ក្បត់ជាតិបាន តែកម្ពុជាមិនអាចថាក្បត់ជាតិបាន? ដោយសារតែមានជនជាតិអាល្លឺម៉ង់រាយការណ៍ឱ្យរុស្សី អាល្លឺម៉ង់ចាត់ទុកជននោះថាក្បត់ជាតិ។ ចុះនៅកម្ពុជាធ្វើយ៉ាងម៉េច? យើងមិនដឹង?
(២៥) ធ្វើបាតុកម្មដោយមិនចាំបាច់រកស៊ី? ម្តេចគិតតែពីសារព័ត៌មានភាគតិចដែលរំលោភច្បាប់?
នៅស្រុកខ្មែរ ធ្វើបាតុកម្មជាង១ ឆ្នាំ ជិត២ឆ្នាំ នៅមានលុយធ្វើបាតុកម្ម។ តើរឿងហ្នឹងវាស្អី? មនុស្សធ្វើបាតុកម្មតាំងពីជាង ៣០០នាក់ ជិត ៤០០នាក់ ឥឡូវសល់មនុស្សបាតុកម្មត្រឹម ១០០នាក់។ ឥឡូវយើងដាក់ជាសំណួរថា កម្មករម្នាក់ដែលអត់មានការងារធ្វើមានលទ្ធភាពអង្គុយគិតតែពីធ្វើបាតុកម្ម ដោយមិនចាំបាច់រកស៊ី? សូមបរទេសនានាកុំច្រឡំថា ហ៊ុន សែន មិនដឹង។ សុំចាំទុក។ និយាយពីសេរីភាពសារព័ត៌មាន បើសារព័ត៌មានណាអាក្រក់ឲ្យវាទៅៗ។ មនុស្សរាប់ពាន់រាប់ម៉ឺននាក់ កំពុងធ្វើព័ត៌មានរាល់ថ្ងៃនេះ ម៉េចក៏ចាំបាច់គិតអាសារព័ត៌មានដែលវាអាក្រក់តែប៉ុន្មាននាក់? ស្ថាប័នព័ត៌មានមួយចំនួន ដែលវាមិនត្រឹមត្រូវ វារំលោភច្បាប់ នាំគ្នាទៅគិតអាភាគតិច អត់គិតភាគច្រើនទេ។ អញ្ចឹងយើងនិយាយបន្តិចទៅចុះ …។
(២៦) គណបក្សប្រជាជនបន្តគ្រប់គ្រងអំណាច ប្រទេសមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ
បកត្រឡប់មកវិញ ខ្ញុំមិនមែនឃោសនាមុនបោះឆ្នោតទេ តែខ្ញុំមានកាតព្វកិច្ចនឹងនិយាយពន្យល់ប្រាប់ប្រជាពលរដ្ឋថា “បើសិនជាគណបក្សប្រជាជនបន្តគ្រប់គ្រងអំណាច ច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព សន្តិភាពនិងមានការអភិវឌ្ឍ។ សម្រាប់គណបក្សដទៃ អ្នកទាំងអស់គ្នាច្បាស់ហើយឬនៅ ក្រែងលោវារត់ជាន់គ្នានោះ”។ ក្នុងពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច គឺអត់មានរត់ទៅណាទេ។ ប្រាក់ខែបន្តិចមែន តែវាចេះតែឡើងបន្តិចៗ។ អ្នកខ្លះឥឡូវគេដេញថ្លៃហើយ។ អានេះថា២ លានទៅ អានោះថា២ លាន៥ សែន។ ដេញថ្លៃ តែវាអត់លុយ។ ឯយើងបើទោះបីបានតិចបានច្រើនក៏មានលុយ។ ឥឡូវហ្នឹងលុយមួយខែបើក២ដង ហើយអត់ចាំបាច់(បើកពីមនុស្សដូចមុន) ក្រែងមានកាតអីទៅបើកតាម Wing, ALCEDA។ នាំគ្នាទៅបើកទៅ។
ខ្ញុំក៏ជូនតាមអ្វីដែលមកជួបប្រទះអញ្ចឹង។ អម្បាញ់មិញ អស់ប៉ុន្មានហើយ? អាមួយ ៣០ បន្ទប់ អាមួយទៀត ២០ បន្ទប់ សរុប ៥០ បន្ទប់ ហើយនៅ ១៥ បន្ទប់ទៀត ៣ ជាន់ទៀត។ ទេ! អាហ្នឹង យើងត្រូវធ្វើ។ មានទៅមានមក។ អ្នកខ្លះថា អាហ្នឹងភារកិច្ចរបស់រដ្ឋាភិបាល។ ត្រូវ! ប៉ុន្តែមិនចាំបាច់ដល់ធ្វើរាជរដ្ឋាភិបាល ខ្លះមានបានជាមន្រ្តីរបស់រដ្ឋាភិបាលពីអង្កាល់? តែគេមានលទ្ធភាពចូលរួមជួយ។ ដូចជា មន្ទីរពេទ្យនេះអត់មានចាយលុយរដ្ឋាភិបាលមួយសេន សុទ្ធតែសប្បុរសជនចូលរួម ហើយសប្បុរសជនទាំងនោះមិនមែនជាមន្រ្តីរដ្ឋាភិបាលទេ។ គេបានទទួលសេចក្ដីសុខនិងការអភិវឌ្ឍ។ អញ្ចឹងទេ ខ្ញុំសូមអរគុណណាស់ ហើយសង្ឃឹមថា នៅពេលខាងមុខ អ្នកទាំងអស់គ្នាក៏មិនភ្លេចគណបក្សប្រជាជន។
(២៧) ជ្រើសរើស រវាងមនុស្សមួយក្រុមដែលប្រព្រឹត្តខុស និងប្រទេសមួយដែលមានទំនាក់ទំនងផ្លូវទូត
មិត្តភក្ដិបរទេសត្រូវជ្រើសរើស។ តើជ្រើសរើសប្រទេសកម្ពុជា ឬជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស? សូមឲ្យបរទេសធ្វើការជ្រើសរើសទៅ។ បើខ្លូនត្រូវការមនុស្សដែលច្បាប់បានដាក់ទោសខ្លូនធ្វើទៅ ហើយអាចផ្ដាច់ទូតចេញពីកម្ពុជា។ ប៉ុន្តែ ប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលមានទំនាក់ទំនងគ្នាផ្លូវទូត។ ខ្ញុំនិយាយដូច ឯកឧត្ដម Anwar Ibrahim ដែលជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមុន។ គាត់បានប្រកាសថា “ប្រទេសមហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។ ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ។” រឿងប្រទេសរបស់កម្ពុជា រឿងអីលូកដៃមកទាំងបំពាន ហើយមកប្រដៅយើងថា នែ! ត្រូវគោរពច្បាប់។ ត្រូវបែងចែកអំណាច អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ប៉ុន្តែខ្លូនឯងមកជ្រៀតជ្រែកតែអំណាចតុលាការ ហើយមកបង្ខំនាយករដ្ឋមន្រ្តី ឬមន្រ្តីរដ្ឋាភិបាលឲ្យទៅជ្រៀតជ្រែកបញ្ហារបស់តុលាការ។ ម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចេះ ម្ខាងអ្នកឯងមកសង្កត់ខ្ញុំអញ្ចុះ។ ខ្ញុំសុំទោសឯកឧត្ដម។ (ដែល)ខ្ញុំនិយាយទៅ (សូមកុំគិតថាខ្ញុំ)ដាក់ផ្លែឲ្យជប៉ុនណា។ ខ្ញុំអត់ទេ។ កិច្ចការកម្ពុជាគឺកម្ពុជាត្រូវរក្សានូវជំហរឯករាជ្យភាពរបស់ខ្លួននិងទំនាក់ទំនងដៃគូទូលំទូលាយគ្រប់មុខព្រួញទាំងអស់។ កម្ពុជាអត់ធ្វើសត្រូវជាមួយអ្នកណាទេ។ ខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាថា អ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ? អាហ្នឹងត្រូវឲ្យច្បាស់ជាមួយគ្នា។
(២៨) ប្រវត្តិស្នេហាកាលពី ៥០ឆ្នាំមុន
ឥឡូវមុននឹងបញ្ចប់ អនុញ្ញាតឲ្យខ្ញុំបាននិយាយរឿងកាលពី ៥០ឆ្នាំមុនបន្តិច។ ថ្ងៃនេះ នឹងមានការបញ្ចាំងបន្តនូវរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នោះ។ ពិតមែនតែឈ្មោះមេបញ្ជាការ សំរេច ហ្នឹងមិនដឹងជានរណាទេ តែគេទាំងអស់គ្នាថាអាហ្នឹងខ្ញុំហើយ។ កាលពី ២ អាទិត្យមុននោះ បញ្ចាំងតែ ៣ ថ្ងៃទេក្នុងមួយសប្ដាហ៍ តែឥឡូវបញ្ចាំង ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ … ខ្ញុំនឹងបង្ហោះតាម channel Telegram របស់ខ្ញុំក្រោយប៉ុន្មានម៉ោងដើម្បីឲ្យកន្លែងដទៃអាចទទួលបានទស្សនា។
និយាយពីកន្លែងនេះ ៥០ឆ្នាំមុន គឺនៅក្នុងអំឡុងពេលនេះដែរ ការប្រយុទ្ធមួយគឺខ្ញុំសុំបញ្ជាក់នៅបន្ទាយទន្លេបិទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣។ ការប្រយុទ្ធនោះគឺបានផ្ទុះឡើងទ្រង់ទ្រាយធំ។ ពួកខ្ញុំបានវាយចាញ់ ហើយបាក់ទ័ពទៀត។ ទាហានរបស់ខ្ញុំមកសម្រាកពេទ្យនៅក្រូចឆ្មារនេះ។ ពីដើមមិនមែនពេទ្យនៅកន្លែងនេះទេ … អ្នកណាធ្វើរបាយការណ៍ឲ្យខ្ញុំ។ មន្ទីរពេទ្យហ្នឹង បង្កើតនៅឆ្នាំណា? ចៅហ្វាយស្រុកណាអីស្រុកណា? … ក្រោយមក ជំនាន់អាពត ដូចជាកន្លែងហ្នឹងទៅជាមន្ទីរពេទ្យ។ មន្ទីរពេទ្យស្រុកក្រូចឆ្មារកាលនោះនៅភូមិកាតាំង និងនៅភូមិសំរោង។ ឯណាអ្នកភូមិកាតាំងមានមកទេ? អ្នកភូមិកាតាំងគេថាភូមិស្រីស្អាត។
រឿងវាអញ្ចេះ។ មុនព្រឹត្តិការណ៍ហ្នឹង ទាហានរបស់ខ្ញុំមកសម្រាកនៅពេទ្យនេះ។ ដល់ត្រឡប់ទៅវិញ វាមកប្រាប់យើងថា សោផ្ដាំសួរសុខទុក្ខ។ យើងមិនដឹងថាសោហ្នឹងជានរណា? ដល់បន្ទាប់ទៅ ទាហានខ្ញុំមកសម្រាកពេទ្យ ទៅហៅប្រពន្ធខ្ញុំនេះថាសោ។ អញ្ចឹងរឿងនេះកាន់តែរីកធំៗទៅ។ ពេលនោះខ្ញុំត្រូវរបួសភ្លៅ ខ្ញុំអត់មកដេកពេទ្យក្រូចឆ្មារទេណា ព្រោះខ្ញុំខ្លាចជួប រ៉ានី ព្រោះវិន័យកងទ័ពពេលនោះ ហើយម្យ៉ាងមិនដឹងថាអ្នកណាផង។ សម័យថ្ងៃមួយ ខ្ញុំធ្វើដំណើរឆ្លងទៅភូមិកំណើតរបស់ខ្ញុំ។ ខ្ញុំចូលមន្ទីរពេទ្យហ្នឹងបន្តិច ដោយសារមិត្តរបស់ខ្ញុំម្នាក់គាត់ត្រូវរបួសជើងទាំងពីរធ្លាយពីម្ខាងទៅម្ខាង។ ពេលហ្នឹងយកនំអន្សមមកចែកពីរៗម្នាក់ សុទ្ធតែទាហានត្រូវរបួស មិនរើសអើងអង្គភាពទេ។ ទៅសួរសម្លាញ់ខ្ញុំម្នាក់ សម្រាកថ្ងៃត្រង់នៅក្រោមដើមស្វាយ។ គាត់ហៅខ្ញុំថា បូណាល់។ “បូណាល់ រ៉ានីស្អាតណាស់។ បន្តិចទៀតមកលាងមុខរបួសឲ្យអញហើយ។ បើថាឯងមិនត្រូវការទេ ទុកឲ្យអញ”។ ប៉ុន្តែ សម្លាញ់នោះវាមាន reserve របស់វាដែរ។ វាថា “មើលទៅៗ មិនរួចទេ។ អញខ្មៅយ៉ាងនេះ ដូចក្អែកពាំពងមាន់”។ បានជាខ្ញុំនិយាយថា រ៉ានី ជានរណា? រ៉ានី ក្រែងថារបស់ឯងស្រឡាញ់ហ្នឹង? ខ្ញុំថា អាឆ្កួត! លឺគេជិតមកលាងរបួសផង ក៏ចេញប្រុច។ ហ្នឹងក្នុងអំឡុងខែ៤ មួយឆ្នាំមុន បន្ទាប់ពីព្រឹត្តិការណ៍២៣ មីនា ១៩៧៣។
ដល់ទៅពេលមួយទៀត ខែមីនា ឆ្នាំ១៩៧៤ កើតឡើងរឿងអី? ពាក្យចចាមអារាមកាន់តែធំទៅៗ រហូតទៅដល់គេថា ខ្ញុំជាមួយ រ៉ានី បានខ្លួនប្រាណគ្នាទៅទៀត ដែលមនុស្សមិនដែលស្គាល់ឈ្មោះ ស្គាល់មុខផងនោះ។ ខ្ញុំក៏បានឲ្យមេបញ្ជាការរបស់ខ្ញុំ (ជាការសោកស្ដាយដែលគាត់បានមរណភាពពីឆ្នាំទៅ) ជូនខ្ញុំមក។ មកដល់ហ្នឹង គេឲ្យបាយស៊ី … គេលើកម្ហូបមក ចេះតែតាមសម្លឹងថាមួយណា រ៉ានី? ដល់ទៅលួចខ្សិបទៅប្រធានពេទ្យ គាត់ថា រ៉ានី អត់មាននៅហ្នឹងទេ។ ខ្ញុំឃើញសល់ម៉ោង ក៏ឆ្លៀតយកម៉ូតូជិះទៅបងជីដូនមួយខ្ញុំនៅព្រែកចាម។ អ្នកទាំងអស់គ្នាសុទ្ធតែស្គាល់ហើយ ព្រែកចាម ពីដើមកន្លែងជាងអ៊ុតសក់មួយនោះ។ កន្លែងនោះគឺកន្លែងបងជីដូនមួយរបស់ខ្ញុំហើយ។ គាត់របររកស៊ីរបស់គាត់អ៊ុតសក់។ ទៅដល់នោះ បានចេកចៀនប៉ុន្មានទេមកផ្ញើមេបញ្ជាការរបស់ខ្ញុំ។
មកដល់វិញ ក៏យកឥវ៉ាន់ឡើងមកលើផ្ទះ ឃើញនារីម្នាក់កំពុងសរសេរ។ ភ្នែកខ្ញុំវាលឿនដែរ លួចមើលពីក្រោយទៅ សុទ្ធតែសរសេរដូចថាអ្នកណាត្រូវលេបថ្នាំអី ចាក់ថ្នាំអីអញ្ចឹង ពាក្យគេហៅ វេជ្ជបញ្ជា ប៉ុន្តែគាត់មិនមែនវេជ្ជបណ្ឌិតទេ តែគាត់មានភារកិច្ចថាអ្នកជំងឺណាត្រូវប្រើថ្នាំអីៗ … ខ្ញុំក៏សួរគាត់ពីក្រោយ។ ទម្លាប់ខ្ញុំហៅគេបង បង! មីង! អ៊ំ! យាយ! កម្រហៅគេ អូន! ណាស់។ ក្នុងខែ៣ ឆ្នាំ១៩៧៤ ខ្ញុំទើបនឹងអាយុ២២ឆ្នាំទេ។ ខ្ញុំសួរថា “បង! តើមេបញ្ជាការខ្ញុំទៅណាហើយ?”។ គាត់ងាកមុខមកបន្តិច ប៉ុន្តែមិនងាកមករកយើងទេ។ គាត់ថា “ទៅមាត់ទន្លេហើយ”។ ខ្ញុំក៏ដើរបង្ហួសយកឥវ៉ាន់កាំភ្លើងអីយកទៅទុកខាងក្នុង។ ចេញមកវិញ សួរ “បងស្រី! មួយណា រ៉ានី”។ សួរចំឈ្មោះអញ្ចឹងតែម្ដង។ ស្រាប់តែគេថា “រ៉ានី ទៅដងទឹកបាត់ហើយ”។ ដល់ទៅពេលខ្ញុំចុះមកខាងក្រោម មានគ្រូពេទ្យម្នាក់អាយុប្រហែលបងខ្ញុំ១០ឆ្នាំ ឈ្មោះម៉ុង ប្រហែលជាក្នុងចំណោមនេះមានក្រុមគ្រួសាររបស់គាត់។ គាត់ធ្លាប់ទៅព្យាបាលនៅពេទ្យសមរភូមិ។ ខ្ញុំបានសួរថា “បង! មួយណា រ៉ានី?” គ្រូពេទ្យ ម៉ុង ថា “រ៉ានី អ្ហែងសួរមិញហ្នឹងនៅលើផ្ទះហ្នឹង”។ ខ្ញុំថា ក្ដៅអើយក្ដៅ នាងឯង យប់ហ្នឹងបញ្ជីចាស់ បញ្ជីថ្មី អញទូទាត់ទាំងអស់។
ដល់ពេលវេលាត្រូវដោះស្រាយនោះ គេក្រាលកន្ទេលក្រហមនោះពីរ ដាក់ចង្កៀងប្រទីបពីរ។ ខ្ញុំជាមួយនឹងមេបញ្ជាការរបស់ខ្ញុំ អង្គុយជាប់គ្នាម្ខាងទ្វារម្នាក់ ហើយឃើញអ្នកដោះស្រាយនោះ មានប្រធានមន្ទីរពេទ្យ និងខាងស្អីៗហ្នឹងប៉ុន្មាននាក់។ ស្រាប់តែចេញនារីពីរនាក់មក។ យើងបែងចែកអត់បានថាមួយណា រ៉ានី ក្នុងចំណោមពីរនាក់នោះ។ ស្រាប់តែដល់ពេលខាងគ្រូពេទ្យគេបង្ហាញខ្លួនថា មួយនេះហើយជា រ៉ានី នោះ។ ហ្នឹងគេហៅថា ជ័រឆក់ ហ្មង។ ខ្ញុំថា “ស្រេច! បើដឹងថាស្អាតម្ល៉ឹងៗ អត់មកដោះស្រាយទេ។ ដណ្ដឹងធ្វើប្រពន្ធបណ្ដោយហ្នឹង”។ មិនដឹងថាកែសភាពការណ៍របៀបម៉េចទេឥឡូវហ្នឹង។ អញ្ចឹងទេ អ្វីដែលយើងគិតមកពីចម្ងាយ ពិសេសខ្ញុំហ្នឹង គិតថានឹងទូទាត់បញ្ជីជាមួយនាងឯងហើយល្ងាចហ្នឹង បែរជាជំនួសដោយការស្រឡាញ់ទៅវិញ។ យប់ហ្នឹងចាប់ផ្ដើមចេះភូតតែម្ដង។ តាមពិតត្រូវត្រឡប់ទៅវិញទេ។ ទៅបាន ម៉ូតូនោះវាមិនមានរឿងអីទេ តែខ្ញុំប្រាប់មេបញ្ជាការខ្ញុំថា ម៉ូតូយើងម៉ាស៊ីនអត់សូវស្រួលទេ ហើយម្យ៉ាងអាគុយអត់កាន់ទេ។ ម៉ូតូហុងដារបស់ជប៉ុនហ្នឹងណា។ ដល់អញ្ចឹងមេបញ្ជាការខ្ញុំថា អញ្ចឹងសុំគេដេកមួយយប់ទៅ ហើយកំពុងតែរៀបចំឥវ៉ាន់ដោះខោអាវអញ្ចឹងទៅ ស្រាប់តែនារីពេទ្យរ៉ានីហ្នឹង គេកាន់ភួយ ២ យកមក វាគាប់ជួនអី បងមេបញ្ជាការរបស់ខ្ញុំ សុខ សារឿន គាត់ឲ្យភួយ រ៉ានី ហ្នឹងមកខ្ញុំទៅទៀត។ បើសិនជាកុំរៀបការជាមួយគ្នា យើងអត់ដឹងថាចៃដន្យយើងដណ្តប់ភួយរបស់រ៉ានីហ្នឹងទេ ។
ដល់ការហើយបានថាភួយហ្នឹង(ជារបស់ រ៉ានី)។ ខ្ញុំទៅសម្រាកនៅហ្នឹង។ គេមានស្រីតែ ២ នាក់ហ្នឹង។ មិត្តភក្តិរបស់គេហ្នឹង គេយកភួយមកឲ្យយើង។ គេនាំគ្នាដណ្តប់មុងទៅ ហើយវាគាប់ជួបដល់ប៉ុណ្ណឹង។ ក្រោយមក ថ្ងៃទី ១៣ ខែ ៤ ក្រោយប្រហែលជា ២០ ថ្ងៃក្រោយ ព្រោះខ្ញុំមកដោះស្រាយហ្នឹងប្រហែលជាអាទិត្យទី ៣ ខែ ៣ ដល់ថ្ងៃ ទី ១៣ ខែ ៤ ហ្នឹងគឺថ្ងៃចូលឆ្នាំខ្មែរ ខ្ញុំចង់មករករ៉ានី នៅមន្ទីរពេទ្យនៅភូមិកាតាំង។ ទៅហ្នឹងអត់ហ៊ានសួរគេទៀត គិតស្មានថាទៅកន្លែងមន្ទីរពេទ្យហ្នឹងគឺបានជួបគេហើយ។ អត់ជួប។ ក៏បង្ហួសឡើងទៅរកាខ្នុរ ក៏គាប់ជួនជួបគេចេញពីព្យាបាលកន្លែងមួយទៅតាមផ្លូវ បាននិយាយគ្នាប្រហែលជា ៥ នាទី តែប៉ុណ្ណឹង។ ដល់ក្រោយមកត្រូវរបួសស្មា គិតថាចាំមកព្យាបាលមន្ទីរពេទ្យនេះ។ គេអត់ឲ្យមក។ កាលពីត្រូវរបួសភ្លៅនេះ មេបញ្ជាការឲ្យមកមន្ទីរពេទ្យនេះ អត់មកទេ ត្បិតស្អប់រ៉ានី។ ដល់ត្រូវរបួសស្មាថ្ងៃ ១ មករា ឆ្នាំ ១៩៧៥ ចង់មកព្យាបាលពេទ្យនៅក្រូចឆ្មារនេះដើម្បីឲ្យ រ៉ានី ព្យាបាល។ គេថាអត់ទេ ព្យាបាលនៅសមរភូមិបានហើយ។ រឿងវាចៃដន្យដល់ម្លឹង។ នេះជារឿងប្រវត្តិ។ ស្នេហាចាប់ផ្តើមពីស្រុកក្រូចឆ្មារហ្នឹងតែម្តង។ នៅទីកន្លែងដែលមិនឆ្ងាយពីទីកន្លែងហ្នឹងតែប៉ុន្មានទេ អាចជាងបីគីឡូចេញពីត្រង់ហ្នឹង ស្នេហាចាប់ផ្តើមពីត្រង់ហ្នឹង ប៉ុន្តែ រឿងហ្នឹងវាប្រវត្តិតាំងពី ៥០ ឆ្នាំមុន ហើយបើនិយាយឲ្យស្គាល់នាងគឺ ៤៩ ឆ្នាំ ។
ឥឡូវចៅ ២២ ខ្ញុំក៏អាចបំបែកឯតទគ្គកម្មជាមនុស្សដែលមានចៅច្រើនក្នុងចំណោមមេដឹកនាំដែលមានចៅច្រើនតែប្រពន្ធតែមួយ។ ខ្ញុំមិនហ៊ានតទល់ជាមួយនឹងមេដឹកនាំដែលមានប្រពន្ធច្រើន មានចៅច្រើនទេ។ ប៉ុន្តែបើប្រពន្ធមួយដូចគ្នា ខ្ញុំមានចៅ ២២ ពិបាកណាស់មេដឹកនាំលើពិភពលោករកអ្នកមានចៅ ២២ មកប្រកួតជាមួយខ្ញុំពិបាករក។ អញ្ចឹងខ្ញុំដើរមុខ។
បំបែកឯតទគ្គកម្ម ២
នេះគ្រាន់តែនិយាយរំលឹករឿងដើមបន្តិច មកដល់ស្រុកហើយ ដល់កន្លែងនៃការចាប់ផ្តើមអនុស្សាវរីយ៍របស់យើង។ ខ្ញុំក៏សុំអរគុណជាមួយអ្នកស្រុកក្រូចឆ្មាររបស់យើង អ្នកនៅតាមដងទន្លេរបស់យើងដែលកាល នោះបានផ្គត់ផ្គង់ស្បៀង។ បងប្អូនប្រជាពលរដ្ឋរបស់យើងផ្គត់ផ្គង់ស្បៀងដោយវេចបាយអញ្ចឹងទៅ បញ្ជូនទៅសមរភូមិ។ ខ្ញុំក៏មានគ្រោះថ្នាក់រហូតទៅដល់ពិការភ្នែក។ ប៉ុន្តែគ្មានអីទេ ខ្ញុំគ្រាន់តែពិការភ្នែក ប៉ុន្តែខ្ញុំមិនពិការចិត្តទេ។ មកដល់ពេលនេះ ខ្ញុំបានរួមចំណែកគ្រប់គ្រង និងគ្រប់គ្រងទឹកដីនេះរយៈពេលជាង ៤៤ ឆ្នាំហើយ ដូច្នេះវាកម្រមានមេដឹកនាំនៅលើពិភពលោក(ដែលបានធ្វើដូចនេះ)។ ខ្ញុំបាននិយាយថ្ងៃមុនថាខ្ញុំបានបំបែកឯតទគ្គកម្ម២។ ឯកទគ្គកម្មទី ១ ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក អាហ្នឹងឯតទគ្គកម្មទី ១ ឯតទគ្គកម្មទី ២ គឺនាយករដ្ឋមន្រ្តីដែលយូរជាងគេនៅលើពិភពលោក … បើបងប្អូនបោះឆ្នោតឲ្យទៀតគឺបន្តទៅទៀតហើយ។ ហើយក៏មានអ្នកបន្តវេនដែរ។ ហើយកុំមកចោទ។ គេត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជន បន្ទាប់ទៅគឺគណបក្សជ្រើសរើស។ គណបក្សបានជ្រើសរើសរួចហើយ។ ប៉ុន្តែ អ្នកឯងត្រូវឆ្លងកាត់ឲ្យក្លាយទៅជាតំណាងរាស្រ្តសិន បន្ទាប់ទៅព្រះមហាក្សត្រតែតាំង ប៉ុន្តែអ្វីដែលធំគឺឆ្លងកាត់សភាបានឬអត់? អញ្ចឹងដំណើរការប្រជាធិបតេយ្យធម្មតា ខ្ញុំមិនមែនហ្វឹកហាត់កូនខ្ញុំឲ្យធ្វើមេចោរទេ។
ពេលកម្សត់បន្ទាប់ពីចេញពីព្រំដែនមក គឺគេមកកម្សត់តាមនេះ រត់ចូលព្រៃ ប្រហែលជាអ្នកទាំងឡាយមួយចំនួនខាងម្តុំប៉ើសម្តុំអីហ្នឹងសុទ្ធតែបានដឹងហើយ រឿងប្រវត្តិរត់ចូលព្រៃ។ ហ្នឹងគេហៅថាព្រៃងងុយព្រៃអីហ្នឹងនៅក្រោយហ្នឹងមិនមែនជារឿងលេងសើចទេ។ ល្ងាចនេះខ្ញុំត្រឡប់ទៅវិញ ត្រូវជួបអ្នកកីឡាល្ងាចនេះ ថ្ងៃនេះ ព្រឹកនេះ កុំអីត្រូវជួបយាយជី អាចារ្យទេ ប៉ុន្តែបានស្នើសុំលើកយាយជី អាចារ្យទៅថ្ងៃទី ៨ ពីមុនគ្រោងមកថ្ងៃស្អែកទេ ព្រឹកថ្ងៃ ៤ ប៉ុន្តែ បើព្រឹកថ្ងៃ ៤ ខ្ញុំត្រូវចេញពីហ្នឹងទៅ ល្ងាចខ្ញុំត្រូវហោះទៅវៀងចន្ទ។ អញ្ចឹងបានជាសម្រួលជាមួយនឹងឯកឧត្តម ជា សុផារ៉ា ថាយកថ្ងៃហ្នឹងវិញ ហើយប្តូរយាយជី និងអាចារ្យទៅព្រឹកថ្ងៃ ៨ ព្រោះជំពាក់កម្មវិធីជាមួយគាត់ហ្នឹងវាយូរហើយ។ ល្ងាចនេះជួបអ្នកកីឡា ព្រឹកស្អែកម៉ោង ៩ ត្រូវហោះទៅវៀងចន្ទ ដើម្បីថ្ងៃ ៥ ប្រជុំកំពូល គណកម្មាធិការជាតិអន្តរជាតិទន្លេមេគង្គ ហើយត្រឡប់មកវិញហ្នឹងនិយាយពីកម្មវិធីជាប់រដឹកជាមួយគ្នា រហូតដល់ពេលចូលឆ្នាំ ហើយរហូតទៅដល់ស៊ីហ្គេម។ ស៊ីហ្គេមហ្នឹង គឺបានបញ្ឆេះតែភ្លើងស៊ីហ្គេមទេ បន្ទាប់ទៅ ត្រូវហោះទៅហ្សាកាតាដើម្បីប្រជុំអាស៊ាននៅពេលហ្នឹង។
ខួប ៤៥ ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធ
ឆ្នាំហ្នឹងក៏ជាខួប ៤៥ ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីភាពសង្រ្គោះជាតិកម្ពុជាអត់បានទៅធ្វើ។ កាលម្សិលមិញសម្តេចពិជ័យសេនា ទៀ បាញ់ បានទៅបញ្ចុះអាទិធាតុនៅកន្លែងនោះ ៤៩ នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់ទឹកដីកំណើតវិញហើយ ដែលខ្ញុំផ្ញើជាមួយមិត្តវៀតណាម ៤៣ ៤៤ ឆ្នាំ ដែលខ្ញុំផ្ញើ ប្រហែលជាគ្រួសារត្រូវបាត់បង់អស់ហើយ យើងមានអ្នកស្លាប់ច្រើនជាងហ្នឹង ក៏ប៉ុន្តែគ្រួសារគេបានទទួលយកនូវអាទិធាតុ។ យកទៅអស់ ប៉ុន្តែ នៅ ៤៩ នាក់នេះគឺ រកគ្រួសារមិនឃើញ។ អញ្ចឹងបានជាយើងធ្វើចេតិយមួយបញ្ចុះឲ្យគេ ដើម្បីឲ្យគេវិលត្រឡប់មកក្នុងទឹកដីកំណើតរបស់ខ្លួនវិញ។ ពេលនោះគឺមានការលំបាកណាស់ ហើយយើងទាំងអស់គ្នាសុទ្ធតែឆ្លងកាត់ការលំបាក តែឥឡូវការលំបាកវានៅសេសសល់ ក៏ប៉ុន្តែ វាគ្រាន់បើជាងមុន។
ជូនអំណោយ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សិស្សានុសិស្សចំនួន ៤៦៩ នាក់ ក្នុងម្នាក់ៗមានសៀវភៅ ២ ក្បាល ប៉ិច ១ ដើម ថវិកា ១ ម៉ឺនរៀល សម្រាប់កូនសិស្សយើង។ ជូនយុវជនកាយរឹទ្ធ និងយុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា និងគណចលនាស្រុកឥស្លាមសរុបទាំងអស់ ៤០០ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល ។ ជូនលោកគ្រូ អ្នកគ្រូស្រុកក្រូចឆ្មារ ចំនួន ៧៤៨ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៥ ម៉ឺនរៀល ត្រៀមចូលឆ្នាំ ប៉ុន្តែក៏បានចេញអនុក្រឹត្យហើយណា ចេញអនុក្រឹត្យបានទាំងអស់គ្នា ៥ ម៉ឺនរៀលម្នាក់ទៀត សម្រាប់ចូលឆ្នាំហ្នឹងម្នាក់ៗទទួលបានតិចណាស់ ប៉ុន្តែ បើសរុបមួយប្រទេសកន្លះលាននាក់ អញ្ចឹងវាច្រើន។ បុគ្គលិក និងគ្រូពេទ្យនៅស្រុកក្រូចឆ្មារ ២១៦ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល គ្រូ និងពេទ្យកុំច្រណែនគ្នា យើងមកសម្ពោធពេទ្យ មិនមែនមកសម្ពោធសាលាទេ។
ជូនវិទ្យាល័យសម្តេចតេជោហ៊ុនសែន កំពង់ទ្រាស វិទ្យាល័យហ៊ុន សែន ព្រែកអាជី វិទ្យាល័យហ៊ុន សែន ប៉ើស ២ វិទ្យាល័យ ប៊ុន រានី ហ៊ុន សែនអម្ពរវ័ន្តជំនីក វិទ្យាល័យក្រូចឆ្មារឃុំស្វាយឃ្លាំង និងវិទ្យាល័យហ្វីហ្គារីឥស្លាមជំនីក ចំនួន ៦ វិទ្យាល័យ ក្នុងមួយវិទ្យាល័យមួយវិទ្យាល័យចំនួន ២ លានរៀល។ ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៥ នាក់ ក្នុងម្នាក់ៗថវិកា ២០ ម៉ឺនរៀល ជូនមណ្ឌលសុខភាព ឃុំក្រូចឆ្មារថិវកា ២ លានរៀល ជូនមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថវិកា ១០ លានរៀល ជូនសាលាស្រុកក្រូចឆ្មារថវិកា ២ លានរៀល ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ចំនួន ៣ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ មកដល់កន្លែងនេះហើយ ឯណាក្រុមសិល្បៈគេនៅឯណា?
កុំភ្លេចស្ពានសាងស្នេហ៍ណា មកដល់ហ្នឹងត្រូវចាំណា ចម្រៀងហ្នឹងវាដូចគ្នា។ ប៉ុន្តែ មានចម្រៀងមួយសម្រាប់ប្រុសច្រៀងគេហៅស្ពានសាងស្នេហ៍ … ឥឡូវនាំគ្នាច្រៀងមួយបទម្នាក់ទៅ សៀង ហៃបង្ហើរចម្រៀងឲ្យពិរោះបន្តិច ពេជ្រ រដ្ឋាមកដែរ ដឹងអញ្ចឹងហៅច្រៀង សំពោងផ្កាចាមួយបទ កម្លោះលាក់ខ្លួន ពីដើមមានភាសាត្រឹមក្រមុំលាក់ខ្លួនទេ អាមួយនេះហៅតាំងពីកំពតមក មួយទៀតមកពីភ្នំក្រវ៉ាញ ពោធិ៍សាត់ ហើយជំនោរមកពីស្រុកណា? (សម្តេចសំណេះសំណាលជាមួយអ្នកចម្រៀង)។ និយាយលេង និយាយសើចអាហ្នឹងទម្លាប់ខ្ញុំវាតែប៉ុណ្ណឹង ចុះមកមុខក្រញ៉ូវដាក់គ្នា ធ្វើម៉េច?
ប្រើផ្លូវច្បាប់ដើម្បីការពារកិត្តិយស
រួចមកគិតតែប្រទេច ផ្តាសាគ្នា។ ប៉ុន្តែអាពាក្យប្រទេចផ្តាសាគ្នាដូចថយ ព្រោះយើងបានប្រាប់ទៅគេថា សុំឲ្យឃោសនាតែពីទំនិញរបស់អ្នកបានហើយ អ្នកមិនចាំបាច់មកជេរខ្ញុំដើម្បីចំណេញអ្នកទេ។ បើមិនបានជេរពួកខ្ញុំ រន្ទះបាញ់អី? យើងប្រើផ្លូវច្បាប់ដើម្បីការពារកិត្តិយស។ ឥឡូវជម្រើសមានតែ ២ ទេ ទី១ ប្រើផ្លូវច្បាប់ ទី២ ប្រើកម្លាំង អ្នកឯងយកទៅមួយណា? ប្រើផ្លូវច្បាប់ កុំប្រើហឹង្សា យើងទាត់ចោល ហឹង្សា កែផ្លូវច្បាប់ដើម្បីការពារកិត្តិយស មិនមែនឲ្យប្រើផ្លូវច្បាប់គ្រាន់តែប្រើក្នុងប្រទេសទេ ប្រើលើឆាកអន្តរជាតិ សណ្តាប់ធ្នាប់ពិភពលោក ដោយគោរពដោយច្បាប់ មិនមែនសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើកម្លាំងទេ។
ចុងបញ្ចប់ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខ្ញុំសូមជូនពរ ចំពោះឯកឧត្តម លោក លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕
**********
Selected Comments Samdech Techo Hun Sen,
at the inauguration of Krouch Chhmar district referral hospital, Tbong Khmum Province
[Unofficial Translation]
(1) Unfatal sickness can be fatal due to lack of hospitals, doctors and without infrastructure
[…] for the celebration of the new achievements we have received in the territory of Kroch Chhma district, I would like to thank HE Chea Sophara for leading the efforts to build this great hospital. As HE Mam Bunheng made the report just now, it is an effort to create better conditions for the healthier lives of rural people. Originally, Kroch Chhmar (district) was a rural area […] we were in a difficult situation. Unfatal sickness could become fatal due to lack of hospitals, lack of doctors, lack of medicine, and it is even more difficult when we do not have the infrastructure to transport patients to the hospital […] now it is much easier with regard to transporting patients to various hospitals due to improved connectivity. Sending patients from other places to the referral hospital in Krouch Chhmar district is also easy […] this is a large hospital […] with up to 400 beds […] and is an ally of various hospitals in Phnom Penh, including the Khmer-Soviet Friendship hospital […]
(2) Kampong Cham province divided into two because of its large population
Originally, we were only one province, where Stung Trang district is on the other side, and Kroch Chhmar is on this side (of the Mekong River). I myself proposed to separate the province into two provinces because it was too big to provide effective services. The population of Kampong Cham province has risen to nearly 2 million in the past. So now there are more than 1 million people left in Kampong Cham and 870,000 in Tbong Khmum. If we look at the population […] in total, there are now more than 1.9 million people. Covid-19 has taught us a lesson that we need to strengthen human treatment, rescue and health services both in quantity and quality […] always be vigilant with public health […] let us always be vigilant to protect the health of the people, on the one hand is to take preventive education measures that doctors always say that prevention is better than cure and on the other hand, we need to strengthen the capacity of the technical base to serve the treatment […]
(3) Kroch Chhmar Hospital and other hospitals produce oxygen on site
At Kroch Chhmar Hospital, we do not need to transport supply of oxygen from other places. We have oxygen production facilities here […] oxygen production facilities are available in hospitals for supply to the people […] I myself have instructed the Ministry of Health, including the army, to help set up oxygen production facilities to avoid shortage. When needed, patients need oxygen to help them breathe. Without oxygen, it would push patients to death, which is unfortunate […] we have built a hospital with a capacity of up to 10,000 beds, the preparedness qualifications to respond to public health emergencies […]
(4) Different races, religions, and political tendencies have common needs
[…] Racial and religious differences are not an obstacle to Cambodia’s socio-economic development. There is no discrimination about this disease, no matter who you are, when it comes to sickness, everyone is the same. We all need a doctor. We come here from different religions – Buddhism, Islam, and Christianity, and from different political colors, but the common requirement is that when we are sick, we need to find the doctor. Some may belong to this political party and some may belong to that political party […] there may be Muslims, there may be Buddhists, there may be Christians […] despite the political differences, racial and religious differences, we all have common needs […] such as medical treatment in this hospital, including […] peace, which is a common need of all of us […]
(5) Schools and the army should sing the Nokor Reach national anthem
Recently, we have sung the full version of the national anthem – Nokor Reach (the King’s realm) to honor the kingdom. We should do this in all schools without having to replay from tape the national anthem. When we were little, all of you were probably not born yet, we saluted the (Cambodian national) flag, singing (the national anthem in full) in the school, there was no (recorded) music like we do now […] every school should have their students salute the flag by singing live. Soldiers also have to learn to do that. Let us all rehearse. That is something that we should do. Our songs are very meaningful. Samdech Preah Sangha Reach Chuon Nath wrote it […]
(6) The demanding job is protecting peace for the sake of development
… In order for the democratic process in the country to grow, I am asking the people to vote for the CPP, because in doing so it will ensure peace, on the one hand, and development process, on the other, […] I have responded lately to some people (who mentioned) that “why is it necessary to talk about keeping the peace. when peace already exists.” I replied, “while there has been peace since 1945, after World War II, why this year Germany had a coup attempt to overthrow the German government? Why in Germany, there are people whom the German government calls traitors? […] in the case of Ukraine, who could have imagined that there was going to be a war? Protecting peace for the sake of development is our job […]
(7) The Royal Government defends the constitutional monarchy, does not tolerate the desire for power by undemocratic means
[…] Some have been calling for the armed forces to turn their guns at the government. Some are calling for the king to step down from the throne, and to demand overthrow of the monarchy […] a few weeks ago, they called for the king to step down. As the government, the armed forces and the Cambodian people, do we have a duty to protect the King? Defend the throne? Defend the constitutional monarchy? Do we have a duty to protect our peace? elections must be happening, but anyone who betrays the nation or destroys peace is not tolerated in the democratic process because you wanted power by non-democratic means […]
(8) They are bad press, let them go
[…] We should ask the question – can a worker who is unemployed be able to sit and think only about protesting without finding a job to support him/herself? Those foreigners should not think that Hun Sen does not know. Speaking of press freedom, if any press is bad, let it go. Tens of thousands of people are covering the news every day, why bother thinking about those in the bad press, some media outlets that are violating the law. Why think of the minority, do not think of the majority […] I am not campaigning before the election, but I have an obligation to explain to the people, “if the CPP continues to rule, clearly the country is stable, peaceful and developed. For the other party, you all are clear or lest people had to run over each other.” When the CPP is in power, there is no running anywhere […]
(9) A choice between a group of wrongdoers and a country with diplomatic relations
There is a choice for our foreign friends to choose. Either choose Cambodia as a country or choose a group of individuals who made mistake. If you need people who have been punished by law, you may want to leave Cambodia as a country. Maybe you have to think that this is a relationship between countries with diplomatic ties. What I say is no different from what said His Excellency Anwar Ibrahim, the Prime Minister of Malaysia, who visited Cambodia a few days ago. “Great powers should stop interfering in the internal affairs of other countries,” he said. I am very supportive, and happy that I have a good partner in ASEAN” […] the task now is that Cambodia must maintain its independence and comprehensive partnership in all areas. Cambodia is not hostile to anyone. I am just telling you whether to choose a group of wrong people or a country? […]./.