Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន លើកយោបល់ទៅកាន់រាជរដ្ឋាភិបាលថា ប្រសិនបើអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ កម្ពុជាកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 143
សម្ដេចតេជោ ហ៊ុន សែន លើកយោបល់ទៅកាន់រាជរដ្ឋាភិបាលថា ប្រសិនបើអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ កម្ពុជាកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែល សម្ដេចតេជោ ហ៊ុន សែន លើកយោបល់ទៅកាន់រាជរដ្ឋាភិបាលថា ប្រសិនបើអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ កម្ពុជាកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែល

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងនូវយោបល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ រាជរដ្ឋាភិបាលកម្ពុជាគួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពីអ៉ីស្រាអែលពេលណានោះ កម្ពុជាក៏មិនរុញរាក្នុងការជួលយន្តហោះពិសេសចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។

ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឡើងក្នុងពិធីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។

គួរជម្រាបថា និស្សិតកម្ពុជាប្រមាណជាង៤០០នាក់កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល។ នៅថ្ងៃទី៧ ខែតុលា ថ្មីៗនេះ តំបន់ហ្កាហ្សាដែលនៅជាប់ដែនដីអ៉ីស្រាអែលត្រូវបានវាយប្រហារដោយគ្រាប់មីស៉ីលពីក្រុមហាម៉ាស ក្នុងនោះបានសម្លាប់មនុស្សអស់ខ្ទង់រយនាក់ មានទាំងនិស្សិតកម្ពុជាមួយរូបដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។ សង្គ្រាមរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាសនេះនៅតែបន្តផ្ទុះឡើង និងកាន់តែរីកធំឡើងៗ។

ជុំវិញព្រឹត្តិការណ៍ដ៏ព្រួយបារម្ភនេះ ប្រទេសមួយចំនួនបានត្រៀមយន្តហោះទៅដឹកជញ្ជូននិស្សិតនិងពលកររបស់ខ្លួនចេញពីប្រទេសអ៉ីស្រាអែល ប៉ុន្តែសម្រាប់កម្ពុជាគឺមិនមានជំហរបែបនោះឡើយ។ យ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមន្ត្រីរាជការពាក់ព័ន្ធបានតាមដានពីស្ថានការណ៍ និងសុវត្ថិភាពរបស់និស្សិតកម្ពុជាជាង៤០០នាក់យ៉ាងយកចិត្តទុកដាក់ ទាំងថ្ងៃ ទាំងយប់។

សម្ដេចតេជោ ហ៊ុន សែន ​បានថ្លែងថា ឥឡូវនេះ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតកំពុងតាមដានជាប់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានៅប្រទេសអ៉ីស្រាអែល ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលពុំមានការឱ្យជម្លៀសជនបរទេសចេញពីប្រទេសរបស់ខ្លួនទេ ពលរដ្ឋកម្ពុជាក៏កុំចាកចេញចោលប្រជាជនអ៉ីស្រាអែល។

សម្ដេចតេជោបានរំឭកនូវព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣-២០១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលកាលណោះរងការគំរាមកំហែងផ្លោងគ្រាប់មីស៉ីល ពីសំណាក់កូរ៉េខាងជើង ខណៈដែលពលករនិងនិស្សិតកម្ពុជារាប់ម៉ឺននាក់កំពុងស្នាក់នៅកូរ៉េខាងត្បូង ប៉ុន្តែសម្ដេចតេជោក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលនោះ ពុំមានជំហរឱ្យប្រជាពលរដ្ឋកម្ពុជាចាកចោលប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះឡើយ។ ដូចគ្នាដែរ នៅពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩ដំបូងៗនៅប្រទេសចិន នាដើមឆ្នាំ២០២០ ប្រទេសមួយចំនួនបានយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែសម្រាប់សម្ដេចតេជោ ហ៊ុន សែន វិញ គឺបានទៅដល់ប្រទេសចិន ដើម្បីជូនសារអំពីសាមគ្គីភាពជាមួយប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានជូនសារទៅនិស្សិតកម្ពុជា សូមឱ្យបន្តនៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈដ៏លំបាក។

ចំពោះព្រឹត្តិការណ៍នៅប្រទេសអ៉ីស្រាអែលនាពេលថ្មីៗនេះ សម្ដេចតេជោអតីនាយករដ្ឋមន្ត្រី បានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា «ក្នុងករណីដែលរដ្ឋាភិបាលអ៉ីស្រាអែល ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយពេលប្រាក់កាក់ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង៤០០នាក់ចេញពីប្រទេសអ៉ីស្រាអែល ប៉ុន្តែខ្ញុំមិនជឿថា អ៉ីស្រាអែលនឹងមានសំណូមពរបែបនេះចំពោះកម្ពុជាយើងនោះទេ»។

ទោះជាយ៉ាងណា ភាគីកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ និងស្វែងរកផ្លូវដោះស្រាយតាមរយៈការសន្ទនាគ្នា ស្រុះស្រួលគ្នា រកសន្តិភាពឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះក្រុមហាម៉ាស់សូមដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់ ក្នុងនោះក៏មានពលរដ្ឋថៃជាង១០នាក់ផងដែរ ព្រោះវាមិនមានផលប្រយោជន៍សម្រាប់ពួកគេនោះទេ ប្រសិនបើពួកគេចាប់ជំរិតចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើទុក្ខបុកម្នេញ៕

អត្ថបទទាក់ទង