Grand News Asia Close

(វីដេអូ) ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង (បកប្រែក្រៅផ្លូវការដោយ Fresh News)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ English ទំព័រវីដេអូ សម្រង់ប្រសាសន៍ 608

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ច​កម្ពុជា-សាធារណ​រដ្ឋកូរ៉េ ។

ក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំ​ពា​ណិជ្ជ​កម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣​កន្លងមកនេះ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ។

ក្នុងវេទិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់​អ្នកវិនិយោគពីគោលនយោបាយពាក់ព័ន្ធសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា។

ខាងក្រោមនេះ ជាប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដែល​ជាព្រឹត្តការណ៍ដ៏សំខាន់បំផុតមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ​នៅសាធារណរដ្ឋកូរ៉េ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់​ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សភាពា​ណិជ្ជ​កម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។

នៅក្នុងពិភពលោកដែលហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា ដោយភាពតានតឹងផ្នែកភូមិ​សាស្រ្ត​នយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និង​សម្ពាធ​អតិផរណា ការបន្តសហការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់បែបនេះកាន់តែ​មាន​សារៈ​សំខាន់ជាងពេលណាៗទាំងអស់ ដើម្បីឱ្យវិនិយោគិននៃប្រទេសយើងទាំងពីរអាចជួប និងផ្លាស់ប្តូរទស្សនវិស័យទៅមុខ ក៏ដូចជាតម្រង់ទិសក្នុងបរិបទនៃភាព​មិនប្រាកដប្រជា​សកល និងសំខាន់ជាងនេះទៅទៀត ប្រែក្លាយកាលានុវត្តភាពនៃការវិនិយោគទៅ​ជាគម្រោង​វិនិយោគជាក់ស្តែង ដែលរួមចំណែកដល់សុខុមាលភាព និងវិបុលភាពនៃកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្នុងន័យនេះ ចាប់តាំងពីពេលដែលខ្ញុំបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំបាន​កំណត់យកការចូលរួមវេទិកាធុរកិច្ច និងកិច្ចប្រជុំជាមួយវិស័យឯកជន ជាបេសកកម្មចម្បង​មួយរបស់ខ្ញុំ។ កាលពីប្រហែលពីរខែមុន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួល​គណៈប្រតិភូធុរកិច្ចកូរ៉េមួយក្រុមធំ ដែលដឹកនាំដោយ Maekyung Media Group នៅកម្ពុជា មានការចូលរួមពីសំណាក់ក្រុមហ៊ុន Chaebol របស់សាធារណរដ្ឋកូរ៉េ ដូចជា LS Group, CJ Group, Samsung, Hyundai, LG ជាដើម។

ឯកឧត្តម, លោកជំទាវ,លោក, លោកស្រី!

កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយ។ ទោះបីជាទំនាក់​ទំនង​នេះ​ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជាក៏ដោយ ក៏ទំនាក់ទំនង​ការទូតរបស់យើងបានចាប់ផ្តើមពេញលេញឡើងវិញយ៉ាងតាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីដំណើរ​ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​កាន់​​សាធារណរដ្ឋកូរ៉េក្នុងខែកក្កដា ឆ្នាំ១៩៩៦។ ប្រទេសរបស់យើងចែករំលែក​ទំនាក់ទំនង​យ៉ាងស៊ីជម្រៅ និង មានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ច​សហប្រតិ​បត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការជឿទុកចិត្ត និងការគាំទ្រ​គ្នាទៅវិញទៅមក។ យើងចែករំលែកទំនាក់ទំនងយ៉ាងជ្រាលជ្រៅមួយ គឺមរតកនៃការជម្នះ​ឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ប្រទេស​ទាំងពីរបានស៊ូទ្រាំជាមួយនឹងស្លាកស្នាមសង្រ្គាម ប៉ុន្តែបានងើបឡើងវិញ ប្រកបដោយ​ភាព​ធន់ និងតម្រង់ទិសសេដ្ឋកិច្ចទៅរកវិបុលភាព។

ជវភាពនៃទំនាក់ទំនងរបស់យើង ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាង​ប្រជាជាន និងប្រជាជន ប្រជាប្រិយភាព យ៉ាងទូលំទូលាយ នៃរឿងភាគ តន្រ្តី និងអាហារ​កូរ៉េ K-drama, K-pop និង K-food នៅកម្ពុជា ការកើនឡើងនៃចំនួនអាពាហ៍​ពិពាហ៍​ចំណុះជាតិសាសន៍ និងជនបរទេសរស់នៅក្នុងប្រទេសទាំងពីរ ដោយគិតត្រឹមឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណ ៥៩,០០០នាក់ បាននិងកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និង​ប្រជាជនកូរ៉េចំនួន ៧,៨០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។

សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយបានចូលរួម​ពង្រឹង​កម្លាំងពលកម្ម ការកែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឺះ​សម្រាប់កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាព។

ចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការដែលមានសុពលភាព៣ ឆ្នាំ និងអនុញ្ញាតឲ្យមានការចេញចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើក ដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េមកកម្ពុជា។ ជាលទ្ធផល យើងបានឃើញការកើនឡើងនូវវត្តមាន​របស់​គម្រោង​វិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េទាំងធុនតូច និងធំ នៅកម្ពុជា។ ទន្ទឹមនឹងនេះ ពា​ណិ​ជ្ជ​កម្មទ្វេភាគីរបស់យើងបានកើនឡើងលើសពី ១ពាន់លានដុល្លារអាមេរិកក្នុង​ឆ្នាំ​២០២៣ ដោយបានពង្រីកលើវិស័យផ្សេងៗ ដូចជាវាយនភ័ណ្ឌ ផលិតផលធ្វើដំណើរ កង់ និងផ្នែក​បន្លាស់អេឡិចត្រូនិច កសិកម្ម និង ការកែច្នៃផលិតផលកសិកម្ម។ ក្រុមហ៊ុនកូរ៉េ បាននិង​កំពុង​ដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការរួមចំណែករបស់​ពួក​គេ​នៅទូទាំងវិស័យចម្រុះ ដូចជា កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ កសិកម្ម និង​សេវា​កម្មហិរញ្ញវត្ថុ បានជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍឧស្សាហ​កម្មរបស់​កម្ពុជា។

ក្នុងន័យនេះ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគបន្ថែម​ទៀតពីសាធារណ​រដ្ឋ​កូរ៉េ។ កម្ពុជានៅតែមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើន​នៃតម្លៃបន្ថែមក្នុង​វិស័យ​កសិ​កម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដែលជំនាញផ្នែកបច្ចេកវិទ្យារបស់​សាធារ​ណ​រដ្ឋ​កូរ៉េអាចកែប្រែឧស្សាហកម្មរបស់កម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផល់​ប្រយោជន៍​​ទៅវិញទៅមក។

ឯកឧត្តម, លោកជំទាវ,លោក, លោកស្រី!

ប្រទេសកម្ពុជាបានឆ្លងកាត់ការវិវត្តដ៏អស្ចារ្យ ដោយបានប្រែក្លាយពីប្រទេសដែលត្រូវបាន​បំផ្លិច​បំផ្លាញដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព ប្រជាធិបតេយ្យ ឯករាជ្យភាព និងវិបុលភាព។ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមលើសពី៧ភាគរយ មុន​ពេលកូវីដ១៩។ មាគ៌ាកំណើនដ៏គួរឱ្យស្ងប់ស្ងែងនេះ បានជំរុញប្រទេសកម្ពុជាឱ្យក្លាយជា​ប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយផលិតផលក្នុងស្រុកសរុបបានកើន​ឡើង​ប្រហែល ១០ដង ពោលគឺពី៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០០០ ដល់ ៣៩.៩ពាន់​លាន​ដុល្លារក្នុងឆ្នាំ ២០២២។ ខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់​មនុស្សម្នាក់កើន​ឡើង​ប្រហែល ៧ដង ពី ៣១០ ដុល្លារក្នុងមនុស្សម្នាក់ ដល់ ២,៣៤៥ដុល្លារ។

ទោះបីជាមានការធ្លាក់ចុះជាបណ្ដោះអាសន្ននៅឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ជាមួយនឹងការងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២១ និងកំណើន៥ភាគរយ នៅឆ្នាំ២០២៣ និងបានព្យាករណ៍ថា​នឹងកើន​ឡើង៦ភាគរយ នៅឆ្នាំ២០២៤។ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការវិលត្រឡប់​ទៅរកអត្រា​កំណើនមុនវិបត្តិកូវីដ១៩វិញ ពោលគឺ៧ភាគរយ នៅត្រឺមឆ្នាំ២០២៨។

ប្រទេសកម្ពុជាមានចក្ខុវិស័យរីកចម្រើនបន្ថែមទៀត ជាពិសេសតាមរយៈការប្តេជ្ញា​ចិត្តមិន​ផ្លាស់​ប្តូរ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ច្បាប់ថ្មីស្តីពីការវិនិយោគ ជាពិសេសផ្តល់នូវការលើកទឹកចិត្តដ៏សប្បុរស រួមទាំងការលើក​លែង​​ពន្ធរហូតដល់ ១៥ឆ្នាំលើវិស័យអាទិភាពជាច្រើន។ យើងក៏កំពុងរៀបចំផែនការតំបន់​សេដ្ឋកិច្ចពិសេស (SEZ) ឡើងវិញយ៉ាងសកម្ម ដើម្បីបំពេញតម្រូវការពិសេសរបស់​ឧស្សា​ហកម្ម អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មកពីប្រទេសជាក់លាក់ ដូចជាសាធារណរដ្ឋកូរ៉េ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្ត​ព្រះសីហនុ ឆ្នាំ២០២៤ ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តគំរូមួយក្នុងការ​លើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដោយមានការសម្រួលនីតិវិធី និង​ផ្តល់​អត្ថប្រយោជន៍ពិសេស លើសពីច្បាប់ស្ដីពីវិនិយោគសម្រាប់ដល់វិនិយោគិន ទៅតាមប្រភេទ​នៃ​គម្រោង ឬសកម្មភាពរួមមាន៖ ទី១) គម្រោងវិនិយោគដែលពាក់ព័ន្ធនឹងអគារជាប់គាំង; ទី២) គម្រោងវិនិយោគ ដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣) ការពង្រីកគម្រោង​វិនិយោគដែលមានស្រាប់ក្នុងខេត្ត។

យោងតាម Financial Times FDI Intelligence ប្រទេសកម្ពុជា មានសន្ទុះវិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស (FDI) គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ ដោយជាប់លំដាប់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោម​ទិសដៅវិនិយោគកំពូលទាំង៥០ នៅលើពិភពលោក។ នៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែល​លេចធ្លោ (FDI Standouts Watchlist) នៅក្នុងឆ្នាំ ២០២៤ ប្រទេស​កម្ពុជា ផ្តល់ជូននូវ​ភាព​ទាក់​ទាញជាច្រើនសម្រាប់ធុរកិច្ច ដែលកំពុង​ស្វែងរក​ការ​ពង្រីក និងការធ្វើពិពិធកម្ម។ ដោយមាន​មូលដ្ឋានគ្រឹះរឹងមាំ បរិយាកាសអំណោយផល និង​លទ្ធភាពចូលទៅកាន់ទីផ្សារធំទូលំទូលាយ ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់​ការជំរុញភាពជោគជ័យនៃគ្រប់ធុរកិច្ច និងដោយ​មាន​ទីតាំងជាយុទ្ធសាស្ត្រនៅចំចំណុច​ស្នូល​នៃតំបន់អាស៊ាន។

កម្ពុជា អាចតភ្ជាប់វិនិយោគិនទៅកាន់ទីផ្សារដ៏ទូលំទូលាយ ដោយរលូនតាមរយៈ​បណ្តាញ​នៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគី (FTAs) រួមមានតំបន់​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន អាស៊ានបូកមួយ អាសិប (RCEP) ព្រមទាំងកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរីរវាង​កម្ពុជា​-ចិន, កម្ពុជា-កូរ៉េ និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងទាំង​នេះ​រួមជាមួយនឹង​សមាជិក​ភាពរបស់ប្រទេសកម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) អនុញ្ញាតឱ្យមាន​ការចូល​ទៅ​កាន់ទីផ្សារសកល ជាមួយការអនុគ្រោះ និងការផ្ដល់ជូន​កាលានុវត្តភាពដ៏អស្ចារ្យសម្រាប់​ធុរកិច្ច​ដែលមានទិសដៅបម្រើឱ្យការនាំចេញ។ កម្ពុជា ក៏បាន​និងកំពុងវិនិយោគយ៉ាង​សន្ធឹកសន្ធាប់​ក្នុង​ការ​លើកកម្ពស់ការតភ្ជាប់ និងការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន កំពង់ផែទឹក​ជ្រៅ ផ្លូវគោក ផ្លូវទឹក ដូចជាព្រែក​ជីកហ្វូណនតេជោ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌល​ដឹកជញ្ជូនជាដើម។

លើសពីនេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រា​ប់​យុវ​ជន ១.៥ពាន់លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយ​ភាពបត់​បែន នៅក្នុងទីផ្សារការងារ។ ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅដ៏ចម្បង ដែលជំរុញ​ការអភិវឌ្ឍ​ថាមពលប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថល ដើម្បីបើកឱកាសដ៏គួរឱ្យទាក់ទាញ​ដែលមាន​ស្រាប់ ជាពិសេសសម្រាប់ធុរកិច្ចផ្នែកបច្ចេកវិទ្យារបស់កូរ៉េ។ ធនធានកកើតឡើងវិញដ៏សម្បូរបែប​របស់ប្រទេសកម្ពុជា រួមមានថាមពលព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងបច្ចេកវិទ្យាដទៃទៀត និងការជំរុញឆ្ពោះទៅរកឌីជីថលូបនីយកម្ម ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ចម្បង សម្រាប់ធុរកិច្ច​កូរ៉េប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនូវស្វ័យប្រវត្តិកម្មជឿនលឿន មនុស្សយន្ត ការផលិត​ថាម​ពលវៃឆ្លាត និងការស្ដុកថាមពល។

មុននឹងបញ្ចប់ រាជរដ្ឋាភិបាលបានបង្កើតយន្តការប្រកបដោយភាពបុរេសកម្ម ដើម្បីធានាបាននូវ​បរិយា​កាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ចដែលមានស្រាប់ និងធុរកិច្ចថ្មី តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលលើកឡើងដោយ​វិនិយោគិនជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះ​ស្រាយបញ្ហាវិវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម គិតរួម​គ្នា ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែដំបូង បន្ទាប់ពីចូលកាន់​តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំបានដឹកនាំវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បី​ដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរកិច្ច និងវិនិយោគិន។ វិធានការកាត់បន្ថយច្បាស់​លាស់​ជាច្រើនត្រូវបានដាក់ចេញ ដើម្បីពង្រឹងបន្ថែម និងសម្រួលពាណិជ្ជកម្ម និងការសម្រាល​បន្ទុក​ដល់វិស័យឯកជនក្នុងវិស័យអាទិភាពសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម កសិឧស្សាហ​កម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀត។

ឯកឧត្តម លោកជំទាវ លោក លោកស្រី

នៅព្រឹកនេះ ខ្ញុំបានជួបជាមួយលោកប្រធានាធិបតី Yoon។ ក្នុងជំនួបនោះ ការជំរុញពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ គឺជាអាទិភាពចម្បងរបស់យើងហើយវិស័យឯកជនបានដើរតួនាទីយ៉ាង​សំខាន់​។ ក្នុងករណីនេះ ខ្ញុំបានលើកឡើងគំនិតផ្ដួចផ្ដើមពីរដល់លោកប្រធានាធិបតី Yoon ។ គំនិតផ្តួចផ្តើមដំបូង គឺការបង្កើតយន្តការពិគ្រោះយោបល់ ដែលធុរកិច្ចកូរ៉េអាចជួបជាមួយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជារបស់យើងពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យធុរកិច្ចកូរ៉េ​មានឱកាសជួបផ្ទាល់ជាមួយស្ថាប័នរដ្ឋាភិបាលរបស់យើង ដែលទទួលខុសត្រូវលើការវិនិយោគ ចំនួនពីរដងក្នុងមួយឆ្នាំ។

យើងបានធ្វើវាជាមួយប្រទេសជប៉ុន ហើយយើងបានបង្កើតសហគមន៍ពាណិជ្ជកម្មនេះនៅអាមេរិក និងអឺរ៉ុប។ ឥឡូវនេះ យើងកំពុងបង្កើតនូវសហគមន៍ធុរកិច្ច និងការវិនិយោគរបស់កូរ៉េនៅក្នុង​ប្រទេស​​កម្ពុជា ដើម្បីធានាថាបញ្ហារបស់អ្នកត្រូវបានយកចិត្តទុកដាក់ និងរួមគ្នាស្វែងរកដំណោះ​ស្រាយទាន់ពេលវេលា ព្រោះយើងយកចិត្តទុកដាក់លើអាជីវកម្មដែលមានស្រាប់នៅកម្ពុជា។ គំរូ​របស់យើង គឺការពារអ្វីដែលមានស្រាប់ ខណៈពេលដែលទាក់ទាញអ្វីថ្មី។ ប្រសិនបើយើងមិន​អាច​ការ​ពារអាជីវកម្មដែលមានរួចហើយនៅក្នុងប្រទេសកម្ពុជា និងបង្កើតបរិយាកាសឱ្យពួក​គេរីក​ចម្រើន​នោះ យើងមិនរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីនោះទេ។ នេះគឺជាការពិត។ ដូច្នេះ នេះជាអាទិភាពរបស់រដ្ឋាភិបាល។

គំនិតផ្តួចផ្តើមទីពីរដែលយើងបានស្នើទៅលោកប្រធានាធិបតី Yoon នៅព្រឹកនេះ គឺបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។ នេះគឺជាគោលបំណងដើម្បីបង្កើតបរិយាកាស​មួយដែល​ធុរកិច្ចកូរ៉េអាចបង្កើតប្រព័ន្ធអេកូឡូស៊ី ឬគំរូខ្សែសង្វាក់ផ្គត់ផ្គង់ ដែលរដ្ឋាភិបាលកម្ពុជា​អាចជាដៃគូក្នុងការផ្តល់នូវដំណោះស្រាយដែលបង្កើតឡើងតាមតម្រូវការទាន់ពេលវេលាដល់សហគមន៍ធុរកិច្ចកូរ៉េ។ ដូច្នេះយើងសង្ឃឹមថាក្រុមការងាររវាងកូរ៉េ និងកម្ពុជាអាចត្រូវបានបង្កើត​ឡើងក្នុង​ពេលឆាប់ៗនេះ។ ដូច្នេះយើងអាចពិភាក្សាលើគោលគំនិតនៃការឈានទៅមុខ។ នេះនឹងផ្តល់​នូវ​វេទិកាដ៏ល្អមួយដើម្បីភ្ជាប់ប្រទេសកម្ពុជា និងកូរ៉េតាមរយៈវិស័យឯកជន ហើយយើងសង្ឃឹម​ថានឹង​លើកកម្ពស់យុទ្ធសាស្រ្តកូរ៉េបូកមួយ។ យើងមានអាជីវកម្មនៅប្រទេសកូរ៉េ។ បើអ្នកចង់មាន​ច្រវាក់ផ្គត់ផ្គង់​ផលិតកម្មនៅបរទេស សូមចាត់ទុកប្រទេសកម្ពុជាជាទិសដៅមួយ។

ហើយតាមរយៈគំនិតផ្តួចផ្តើមទាំងពីរនេះ យើងសង្ឃឹមថា យើងស្វែងរកវិធីប្រកបដោយភា​ពច្នៃ​ប្រឌិត និងឆ្លើយតបកាន់តែច្រើន ដើម្បីដោះស្រាយកង្វល់របស់អាជីវកម្មដែលមានស្រាប់ ខណៈ​ពេលដែលផ្តល់ឱកាស និងគំរូក្នុងការបំពេញតម្រូវការអាជីវកម្មពីប្រទេសកូរ៉េនាពេល​ខាងមុខ​នេះ។ នេះជាអ្វីដែលជាការលើកទឹកចិត្ត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង ក្នុង​ការព្យាយាមកែលម្អភាពទាក់ទាញ និងសមស្របទៅនឹងតម្រូវការរបស់អ្នកនៅក្នុងប្រទេសកម្ពុជា​សម្រាប់ធុរកិច្ចកូរ៉េ ហើយយើងសង្ឃឹមថាអ្នកឆ្លៀតយកឱកាសដើម្បីស្វែងយល់ពីគំនិត​ផ្តួចផ្តើមថ្មី​នេះ។ ដូច្នេះត្រូវចាត់ទុកខ្លួនឯងជាស្ពានភ្ជាប់រវាងកម្ពុជានិងកូរ៉េ។ វិស័យឯកជនដើរតួនាទីយ៉ាង​សំខាន់ ហើយយើងសង្ឃឹមថាអាជីវកម្មកាន់តែច្រើន និងវិស័យឯកជនកាន់តែច្រើនពីប្រទេសកូរ៉េ ស្វែងរកប្រទេសកម្ពុជាជាដៃគូដ៏ល្អសម្រាប់ដំណើររបស់អ្នកនេះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី

ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់អ្នកនៅគ្រប់ដំណាក់កាល ដោយផ្តល់ការណែនាំ និងបង្ហាញផ្លូវឆ្ពោះទៅរកការ​បណ្តាក់​ទុនរួមគ្នាប្រកបដោយជោគជ័យ។

កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានសមត្ថភាពជំរុញនវានុវត្តន៍ បង្កើតចំណងពាណិជ្ជកម្ម​ប្រកប​ដោយ​ជវភាព និងបង្កើតអនាគតកាន់តែរីកចម្រើនសម្រាប់ប្រជាជាតិយើងទាំងពីរ។ ជាចុងក្រោយ ខ្ញុំសូមជូនពរវេទិកានេះទទួលបានជោគជ័យ និងសូមជូនពរ ឯកឧត្តម លោកជំទាវ មានសុខភាព​ល្អ និងជោគជ័យគ្រប់ភារកិច្ច។ ពេលនេះខ្ញុំសូមប្រកាសបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។
សូមអរគុណ៕

(បកប្រែក្រៅផ្លូវការដោយ Fresh News)

អត្ថបទទាក់ទង